លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងអាចរៀនពីម្ដាយរបស់លោកយេស៊ូ

យើងអាចរៀនពីម្ដាយរបស់លោកយេស៊ូ

យើង​អាច​រៀន​ពី​ម្ដាយ​របស់​លោក​យេស៊ូ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​បញ្ហា​ឬ​ភារកិច្ច​ដែល​អ្នក​គិត​ស្មាន​មិន​ដល់​បាន​សង្គ្រុប​ចិត្ត​របស់​អ្នក​ទាំង​ស្រុង​ទេ? តើ​អ្នក​អស់​កម្លាំង​ដោយ​ខំ​រក​ស៊ី​ចិញ្ចឹម​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឬ​ទេ? ប្រហែល​ជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​អារម្មណ៍​សុញសាញ ព្រម​ទាំង​ភ័យ​ស្លន់ស្លោ​ដោយ​សារ​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត​ជា​ជន​ភៀស​ខ្លួន។ ណា​មួយ​ទៀត ពេល​បង​ប្អូន​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ទៅ យើង​ខ្ញុំ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​និង​អារម្មណ៍​ថា​គ្មាន​ខ្លឹមសារ​ក្នុង​ជីវិត មែន​ទេ?

តើ​អ្នក​ដឹង​ថា​នាង​ម៉ារៀ ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ​ជួប​ប្រទះ​បញ្ហា​ទាំង​អស់​ដូច​បាន​រៀប​រាប់​ខាង​លើ​ទេ? នាង​មិន​គ្រាន់តែ​ជួប​ប្រទះ​បញ្ហា​ទាំង​នោះ​ទេ តែ​ក៏​បាន​យក​ឈ្នះ​លើ​បញ្ហា​ទាំង​នោះ​ដែរ! តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​នាង​ម៉ារៀ?

មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​ស្គាល់​នាង​ម៉ារៀ។ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ! ដោយ​ព្រោះ​នាង​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ។ ម្យ៉ាង​ទៀត មនុស្ស​រាប់​លាន​នាក់​ធ្វើ​សក្ការៈ​ចំពោះ​នាង​ម៉ារៀ។ សាសនា​កាតូលិក​គោរព​ប្រណិប័តន៍​នាង​ជា​ម្ដាយ​ដែល​ជា​ទី​ស្រឡាញ់ ហើយ​ជា​គំរូ​ស្តី​អំពី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្ដា​ករុណា។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្រៀន​ថា​នាង​ម៉ារៀ​ជា​អ្នក​សម្រុះ​សម្រួល​ម្នាក់ ហើយ​អាច​សុំ​អធ្យាស្រ័យ​ពី​ព្រះ​ជំនួស​មនុស្ស​ជាតិ។

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ម្ដាយ​របស់​លោក​យេស៊ូ? ហើយ​សំខាន់​ជាង​ទៀត តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ដូច​ម្ដេច​ចំពោះ​នាង?

ភារកិច្ច​ដ៏​ល្អ​ឯក

នាង​ម៉ារៀ ដែល​ជា​កូន​ស្រី​របស់​ហេ​លី គឺ​មក​ពី​កុលសម្ព័ន្ធ​យូដា​នៃ​សាសន៍​អ៊ីស្រាអែល។ គម្ពីរ​បាន​រៀប​រាប់​អំពី​នាង​ជា​លើក​ដំបូង​ពេល​ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ។ ទេវតា​មួយ​រូប​បាន​ទៅ​ជួប​នាង​ហើយ​ពោល​ពាក្យ​ថា​៖ «សួស្តី អ្នក​សំណព្វ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​នាង»។ ប៉ុន្តែ​ពេល​ដែល​ឮ​ដូច្នេះ នាង​ក៏​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​«តាំង​រិះ​គិត​ថា​តើ​សម្ដី​នោះ​បង្កប់​អត្ថន័យ​អ្វី»។ ដូច្នេះ ទេវតា​នោះ​ប្រាប់​នាង​ថា នាង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​ភារកិច្ច​ដ៏​ល្អ​អស្ចារ្យ​ហើយ​ធ្ងន់ធ្ងរ​ផង ពោល​គឺ​ភារកិច្ច​ឲ្យ​មាន​ផ្ទៃ​ពោះ សម្រាល និង​ចិញ្ចឹម​បុត្រ​របស់​ព្រះ។—លូកា ១:២៦​-​៣៣

នាង​ម៉ារៀ​មិន​ទាន់​រៀប​ការ​ទេ ដូច្នេះ នេះ​ពិត​ជា​ភារកិច្ច​ដ៏​សំខាន់​របស់​នាង​មែន! តើ​នាង​មាន​ប្រតិកម្ម​យ៉ាង​ណា? នាង​ម៉ារៀ​ទំនង​ជា​គិត​ថា​តើ​នរណា​នឹង​ជឿ​នាង​មាន​គភ៌​ដោយ​សកម្ម​ពល​របស់​ព្រះ? តើ​ការ​មាន​គភ៌​អាច​នាំ​ឲ្យ​នាង​បាត់បង់​សេចក្ដី​ស្រឡាញ់​ពី​យ៉ូសែប​ដែល​ជា​គូ​ដណ្ដឹង​របស់​នាង ឬ​នាំ​ឲ្យ​នាង​អាម៉ាស់​ខ្មាស​ទេ? (ចោទិយកថា ២២:២០​-​២៤) នាង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ព្រម​ទទួល​ភារកិច្ច​ដ៏​សំខាន់​នេះ​ទេ។

ជំនឿ​ដ៏​រឹង​មាំ​របស់​នាង​ម៉ារៀ​ជួយ​នាង​ឲ្យ​ចុះ​ចូល​តាម​បំណង​ប្រាថ្នា​នៃ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​របស់​នាង។ នាង​ជឿ​ជាក់​ថា​លោក​នឹង​ថែ​រក្សា​នាង។ យ៉ាង​នោះ​នាង​ឧទាន​ថា​៖ «មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា! សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ តាម​សេចក្ដី​ប្រកាស​របស់​អ្នក​ចុះ»។ នាង​ម៉ារៀ​ស្ម័គ្រ​ចិត្ត​ប្រឈម​មុខ​ទុក្ខ​លំបាក​ដែល​នឹង​មាន ដោយ​សារ​នាង​កត់​សម្គាល់​ថា​ភារកិច្ច​នេះ​ជា​វិធី​ពិសេស​មួយ​ដែល​នាង​អាច​លើក​កិត្ដិយស​ព្រះ។—លូកា ១:៣៨

ពេល​នាង​ម៉ារៀ​ប្រាប់​យ៉ូសែប​ថា​នាង​មាន​ផ្ទៃ​ពោះ នោះ​យ៉ូសែប​បម្រុង​នឹង​លែង​លះ​នាង។ នេះ​ពិត​ជា​គ្រា​លំបាក​ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ​ទាំង​ពីរ​នាក់។ គម្ពីរ​មិន​បាន​រៀប​រាប់​ថា​ពួក​គេ​បាន​ឆ្លង​កាត់​ការ​លំបាក​អស់​រយៈ​ពេល​ប៉ុន្មាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ទាំង​ម៉ារៀ​ទាំង​យ៉ូសែប​ពិត​ជា​ធូរ​អារម្មណ៍​មែន​ពេល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប​ឃើញ។ អ្នក​នាំ​សារ​ពី​ព្រះ​នោះ បាន​ពន្យល់​យ៉ាង​ច្បាស់​ថា​នាង​ម៉ារៀ​មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ ហើយ​ពន្យល់​ឲ្យ​យ៉ូសែប​ដឹង​ពី​មូលហេតុ​ដ៏​អស្ចារ្យ​ស្តី​អំពី​ការ​មាន​គភ៌​របស់​នាង ព្រម​ទាំង​ណែនាំ​ឲ្យ​គាត់​យក​នាង​ម៉ារៀ​ទៅ​ផ្ទះ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។—ម៉ាថាយ ១:​១៩​-​២៤

គ្រា​លំបាក​ក្នុង​ជីវិត​របស់​នាង​ម៉ារៀ

សព្វ​ថ្ងៃ ស្ត្រី​ជា​ច្រើន​នាក់​ដែល​មាន​ផ្ទៃ​ពោះ ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​រៀប​ចំ​ពេល​សម្រាល​កូន​ព្រម​ទាំង​យក​កូន​មក​ផ្ទះ​វិញ ហើយ​នាង​ម៉ារៀ​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដែរ។ នេះ​ជា​កូន​ទី​១​របស់​នាង។ ប៉ុន្តែ មាន​ព្រឹត្ដិការណ៍​ដែល​នឹក​ស្មាន​មិន​ដល់ បាន​កើត​ឡើង​ដែល​នាំ​ឲ្យ​នាង​ពិបាក​ធ្វើ​តាម​គម្រោង​របស់​នាង។ អធិរាជ​សេ​សារ​អូគូស​បាន​ចេញ​ក្រឹត្យ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ឯ​ក្រុង​រៀងៗ​ខ្លួន​ដើម្បី​ចុះ​បញ្ជី។ ដូច្នេះ យ៉ូសែប​ធ្វើ​ដំណើរ​១៥០​គីឡូម៉ែត្រ​ជា​មួយ​នាង​ម៉ារៀ​ទៅ​ក្រុង​របស់​ខ្លួន ហើយ​នៅ​ពេល​នោះ​នាង​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ ព្រម​ទាំង​ប្រហែល​ជា​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​សត្វ​លា​ផង! ក្រុង​បេថ្លេហិម​មាន​មនុស្ស​កក​កុញ​ដែល​មក​ចុះ​បញ្ជី ហើយ​នាង​ម៉ារៀ​ត្រូវ​ការ​កន្លែង​ស្ងាត់​ដាច់​ពី​គេ​ដើម្បី​សម្រាល​កូន ប៉ុន្តែ​ផ្ទះ​សម្នាក់​អស់​បន្ទប់​ហើយ លើក​លែង​តែ​ក្រោល។ ការ​សម្រាល​កូន​នៅ​ក្នុង​ក្រោល​ពិត​ជា​ពិបាក​សម្រាប់​នាង​ម៉ារៀ​មែន។ នាង​ទំនង​ជា​ខ្មាស​គេ​ផង​និង​ភ័យ​ខ្លាច​ផង​ដែរ។

ក្នុង​គ្រា​លំបាក​ដែល​នាង​ជួប​ប្រទះ​ក្នុង​ជីវិត នាង​ម៉ារៀ​ពិត​ជា​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​កង្វល់​របស់​នាង​ដោយ​អស់ពី​ចិត្ត​អស់ពី​ថ្លើម ហើយ​ទុក​ចិត្ត​ថា​លោក​នឹង​ថែ​រក្សា​នាង​និង​កូន​របស់​នាង​ផង។ ក្រោយ​មក ពួក​គង្វាល​ខ្លះ​បាន​មក​ដល់​ក្រោល​នោះ ហើយ​ចង់​ឃើញ​កូន​ខ្ចី​នោះ​ណាស់។ ពួក​គេ​បាន​ប្រាប់​ថា​ទេវតា​បាន​ហៅ​កូន​នោះ​ជា​«អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា គឺ​គ្រិស្ត​ដ៏​ជា​ម្ចាស់»។ បន្ទាប់​មក​យើង​អាន​ថា​៖ «ម៉ារៀ​បាន​ចំណាំ​ទុក​ពាក្យ​ទាំង​នេះ ក៏​បាន​រិះ​គិត​ក្នុង​ចិត្ត​អំពី​អត្ថន័យ»។ នាង​បាន​រំពឹង​គិត​ហើយ​បាន​ពង្រឹង​កម្លាំង​ចិត្ត​កម្លាំង​កាយ​ពី​ពាក្យ​ទាំង​នោះ។—លូកា ២:១១, ១៦​-​១៩

ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? យើង​ប្រហែល​ជា​រង​ទុក្ខ​ការ​ឈឺ​ចាប់​ក្នុង​ជីវិត។ ម្យ៉ាង​ទៀត គម្ពីរ​បាន​បង្ហាញ​ថា​យើង​ម្នាក់ៗ​អាច​មាន​ទុក្ខ​វេទនា​និង​ការ​ពិបាក​សព្វ​បែប​យ៉ាង​ដោយ​សារ​«ពេល​វេលា​នឹង​ឱកាស​វិញ»។ (សាស្ដា ៩:១១) ប្រសិនបើ​មាន​អ្វី​ដូច​នេះ​កើត​ឡើង តើ​យើង​ខឹង​ហើយ​ដាក់​ទោស​ទៅ​លើ​ព្រះ​ឬ​ទេ? យក​ល្អ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​នាង​ម៉ារៀ ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ព្រម​ទាំង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​រៀន មែន​ទេ? ដោយ​ធ្វើ​ដូច្នេះ នោះ​ប្រាកដ​ជា​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ជា​មិន​ខាន។

ក្រ​ខ្សត់ ហើយ​ជា​ជន​ភៀស​ខ្លួន

នាង​ម៉ារៀ​ក៏​ជួប​ប្រទះ​ទុក្ខ​លំបាក​ឯ​ទៀត​ដែរ ដែល​រួម​បញ្ចូល​ទាំង​ភាព​ក្រី​ក្រ និង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត​ថែម​ទៀត។ តើ​អ្នក​ធ្លាប់​ជួប​ប្រទះ​ទុក្ខ​លំបាក​បែប​នេះ​ទេ? យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​មួយ «ពាក់​កណ្ដាល​ចំនួន​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក ពោល​គឺ​ជិត​បី​ពាន់​លាន​នាក់ កំពុង​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​មិន​ដល់​ពីរ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ» ហើយ​មនុស្ស​រាប់​លាន​នាក់​ទៀត​ពិបាក​រក​ស៊ី​ចិញ្ចឹម​ខ្លួន​សូម្បី​តែ​រស់​នៅ​ក្នុង​ប្រទេស​ដែល​មើល​ទៅ​ជា​ប្រទេស​ស្តុកស្តម្ភ​ក៏​ដោយ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​រូប​អ្នក? តើ​ការ​ខំ​ប្រឹង​ផ្ដល់​អាហារ សម្លៀក​បំពាក់ និង​ទី​ជម្រក​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​ល្វើយ សូម្បី​តែ​សង្គ្រុប​ចិត្ត​របស់​អ្នក​ទាំង​ស្រុង​ម្ដង​ម្កាល​ទេ?

គម្ពីរ​បង្ហាញ​ប្រាប់​ថា​យ៉ូសែប​និង​ម៉ារៀ​ជា​អ្នក​ក្រ។ តើ​យើង​ដឹង​ថា​ពួក​គេ​ជា​អ្នក​ក្រ​យ៉ាង​ដូច​ម្ដេច? សៀវភៅ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​សរសេរ​ដោយ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន​បាន​បញ្ជាក់​ព័ត៌មាន​យ៉ាង​តិច​តួច​អំពី​គូ​ស្វាមី​ភរិយា​នេះ។ ប៉ុន្តែ ក្នុង​ចំណោម​ព័ត៌មាន​បន្ដិច​បន្តួច​នោះ សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​ថា​៤០​ថ្ងៃ​ក្រោយ​ពី​សម្រាល​កូន នោះ​ម៉ារៀ​និង​យ៉ូសែប​ទៅ​ឯ​វិហារ​ដើម្បី​ផ្ដល់​តង្វាយ​គ្រឿង​បូជា​តាម​ច្បាប់ ពោល​គឺ​«សត្វ​លលក​មួយ​គូ ឬ​សត្វ​ព្រាប​ស្ទាវ​ពីរ​ក្បាល»។ * (លូកា ២:២២​-​២៤) មាន​តែ​អ្នក​ក្រី​ក្រ​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​គ្រឿង​បូជា​បែប​នេះ​បាន ដោយ​មិន​មាន​លទ្ធភាព​បូជា​សត្វ​ចៀម​ឈ្មោល។ យ៉ាង​នេះ ការ​ចិញ្ចឹម​ខ្លួន​ទំនង​ជា​ពិបាក​សម្រាប់​យ៉ូសែប​និង​ម៉ារៀ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ពូក​គេ​មាន​ជោគជ័យ​ក្នុង​ការ​បង្កើត​បរិយាកាស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ។ ពួក​គេ​មុខ​ជា​ចាត់​ទុក​រឿង​ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​ឲ្យ​មាន​អាទិភាព​ក្នុង​ជីវិត។—ចោទិយកថា ៦:៦, ៧

មិន​យូរ​ប៉ុន្មាន​ក្រោយ​កុមារ​យេស៊ូ​បាន​កើត​មក នោះ​ជីវិត​របស់​នាង​ម៉ារៀ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ម្ដង​ទៀត។ ទេវតា​មួយ​រូប​បាន​ប្រាប់​យ៉ូសែប​ឲ្យ​យក​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ស្រុក​អេស៊ីប។ (ម៉ាថាយ ២:១៣​-​១៥) នេះ​ជា​លើក​ទី​២​ដែល​ម៉ារៀ​ត្រូវ​ចាក​ចេញ​ពី​កន្លែង​ដែល​នាង​ស្គាល់ តែ​លើក​នេះ​នាង​ត្រូវ​ទៅ​ប្រទេស​ផ្សេង។ នៅ​ស្រុក​អេស៊ីប មាន​សហគមន៍​ជន​ជាតិ​យូដា​យ៉ាង​ធំ​មួយ ដូច្នេះ​ម៉ារៀ​និង​យ៉ូសែប​ប្រហែល​ជា​រស់​នៅ​ក្នុង​សហគមន៍​នោះ។ យ៉ាង​ណា​ក៏​ដោយ ការ​រស់​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​មិន​ស្គាល់​អាច​នាំ​ឲ្យ​មាន​ការ​ពិបាក ព្រម​ទាំង​មិន​ងាយ​ស្រួល​ក្នុង​ការ​ទម្លាប់​ខ្លួន​ទៅ​នឹង​របៀប​របប​រស់​នៅ​ទី​នោះ។ តើ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត ប្រហែល​ជា​ដើម្បី​ប្រយោជន៍​កូន​ឬ​ដើម្បី​រត់​ចេញ​ពី​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឬ​ទេ? ប្រសិន​បើ​ដូច្នោះ​មែន អ្នក​អាច​យល់​អំពី​ទុក្ខ​លំបាក​ខ្លះៗ​ដែល​ម៉ារៀ​ប្រហែល​ជា​ជួប​ប្រទះ​ក្នុង​ស្រុក​អេស៊ីប។

នាង​ម៉ារៀ​ស្រឡាញ់​ស្វាមី​និង​កូន​ណាស់

ក្រៅ​ពី​កំណត់​ហេតុ​អំពី​កំណើត​និង​ទារកភាព​នៃ​កុមារ​យេស៊ូ សៀវភៅ​ដំណឹង​ល្អ​មិន​បាន​រៀប​រាប់​អំពី​នាង​ម៉ារៀ​ជា​ច្រើន​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ថា​យ៉ាង​ហោច​ណាស់​ម៉ារៀ​និង​យ៉ូសែប​មាន​កូន​៦​នាក់​ទៀត។ ប្រហែល​ព័ត៌មាន​នេះ​នាំ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល។ ប៉ុន្តែ សូម​ពិចារណា​អំពី​អ្វី​ដែល​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់។

យ៉ូសែប​គោរព​នាង​ម៉ារៀ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កិត្ដិយស​ពិសេស​ដែល​នាង​មាន​ក្នុង​ការ​សម្រាល​បុត្រ​របស់​ព្រះ។ ម្ល៉ោះ​ហើយ គាត់​បាន​ទប់​ខ្លួន​មិន​រួម​ដំណេក​ជា​មួយ​នាង​មុន​ពេល​ដែល​នាង​សម្រាល​កុមារ​យេស៊ូ​ឡើយ។ សៀវភៅ​ម៉ាថាយ ១:២៥ បាន​ចែង​ថា​យ៉ូសែប​«មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​ម៉ារៀ​ឡើយ រហូត​ដល់​នាង​បាន​បង្កើត​បុត្រ​ហើយ»។ ពាក្យ​ក្នុង​ខ​នេះ​ដែល​ថា​«រហូត​ដល់»​បញ្ជាក់​ថា​ក្រោយ​ពី​កុមារ​យេស៊ូ​កើត​មក នោះ​យ៉ូសែប​និង​ម៉ារៀ​រួម​ភេទ​ជា​គូ​ស្វាមី​ភរិយា​ជា​ធម្មតា។ ជា​លទ្ធផល កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​បាន​ចែង​ថា ម៉ារៀ​មាន​កូន​ឯ​ទៀត​ជា​មួយ​យ៉ូសែប ទាំង​កូន​ប្រុស​និង​កូន​ស្រី​ផង។ យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស គឺជា​ប្អូន​ប្រុសៗ​របស់​លោក​យេស៊ូ។ យ៉ាង​ហោច​ណាស់​នាង​ម៉ារៀ​មាន​កូន​ស្រី​ពីរ​នាក់។ (ម៉ាថាយ ១៣:៥៥, ៥៦) ក៏​ប៉ុន្តែ ចំពោះ​កូន​ទាំង​នេះ នាង​ម៉ារៀ​មាន​គភ៌​តាម​របៀប​ធម្មតា។ *

នាង​ម៉ារៀ​ចាត់​ទុក​ចំណង​មេត្រី​ភាព​របស់​ខ្លួន​ជា​មួយ​ព្រះ​ថា​មាន​តម្លៃ។ ទោះ​បើ​ច្បាប់​មិន​តម្រូវ​ឲ្យ​ស្ត្រី​ទៅ​បុណ្យ​រំលង​ក៏​ពិត​មែន តែ​ម៉ារៀ​មាន​ទម្លាប់​ធ្វើ​ដំណើរ​ជា​មួយ​យ៉ូសែប​ទៅ​ទី​ក្រុង​យេរូសាឡិម​រាល់​ឆ្នាំ។ (លូកា ២:៤១) នេះ​បាន​សេចក្ដី​ថា ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​ជិត​ដល់​៣០០​គីឡូម៉ែត្រ​រៀង​រាល់​ឆ្នាំ​ជា​មួយ​កូនៗ​ផង! ប៉ុន្តែ ការ​ធ្វើ​ដំណើរ​នេះ​ច្បាស់​ជា​ពេល​វេលា​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​សប្បាយ​រីករាយ​មែន។

សព្វ​ថ្ងៃ​ស្ត្រី​ជា​ច្រើន​នាក់​យក​តម្រាប់​តាម​នាង​ម៉ារៀ។ ពួក​គេ​ខំ​ប្រឹង​ហើយ​ខំ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​បំពេញ​កាតព្វកិច្ច​ដែល​មាន​មូលដ្ឋាន​លើ​គោលការណ៍​គម្ពីរ។ ជា​ញឹក​ញយ​ភរិយា​ដែល​ស្រឡាញ់​ស្វាមី​ស្រឡាញ់​កូន​ទាំង​នេះ​បង្ហាញ​ចិត្ត​អត់​ធ្មត់ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​រាប​ទាប! ការ​ជញ្ជឹង​គិត​អំពី​ចិត្ត​គំនិត​របស់​នាង​ម៉ារៀ​ជួយ​ពួក​គេ​ឲ្យ​ចាត់​ទុក​រឿង​ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ ព្រម​ទាំង​ចំណង​មេត្រី​ភាព​ជា​មួយ​លោក ទៅ​ជា​សំខាន់​ជាង​ភាព​ស្រណុក​សុខ​ស្រួល​និង​ការ​កម្សាន្ត​សម្រាប់​ខ្លួន។ ដូច​ម៉ារៀ ពួក​គេ​ដឹង​ថា​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​ស្វាមី​ព្រម​ទាំង​កូន​ពង្រឹង​និង​បង្រួប​បង្រួម​ចំណង​ក្រុម​គ្រួសារ​ផង។

នៅ​ពេល​មួយ ពេល​ដែល​ម៉ារៀ​និង​យ៉ូសែប​កំពុង​ត្រឡប់​មក​វិញ​ពី​ពិធី​បុណ្យ​នៅ​ទី​ក្រុង​យេរូសាឡិម ហើយ​នៅ​ពេល​នោះ​ប្រហែល​ជា​មាន​កូន​ច្រើន​ជា​មួយ​គ្នា​ដែរ នោះ​ពួក​គេ​បាន​ភ្ញាក់​ថា​កុមារ​យេស៊ូ​ដែល​មាន​អាយុ​១២​ឆ្នាំ​មិន​នៅ​ក្នុង​ចំណោម​ពួក​គេ​ទេ។ តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​អារម្មណ៍​ទុក្ខ​ព្រួយ​ដែល​ម៉ារៀ​មាន​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​ដែល​ខំ​រក​កូន​យ៉ាង​វក់វី​ឬ​ទេ? នៅ​ចុង​បំផុត​នោះ ពេល​នាង​និង​យ៉ូសែប​រក​ឃើញ​កូន​នៅ​ឯ​វិហារ នោះ​កុមារ​យេស៊ូ​បាន​ពោល​ថា​៖ «តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​កន្លែង​គោរព​បូជា​របស់​បិតា​កូន​ទេ​ឬ?»។ ម្ដង​ទៀត កំណត់​ហេតុ​បាន​រៀប​រាប់​ថា​ម៉ារៀ​«បាន​រក្សា​ទុក​ពាក្យ​ទាំង​អស់​នេះ​នៅ​ក្នុង​ចិត្ត​នាង»។ នេះ​បង្ហាញ​ពី​របៀប​ដែល​នាង​វាយ​តម្លៃ​យ៉ាង​ខ្ពស់​លើ​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ផ្សេងៗ។ នាង​បាន​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ស្តី​អំពី​កុមារ​យេស៊ូ។ យូរ​ឆ្នាំ​ក្រោយ​មក នាង​ទំនង​ជា​ប្រាប់​រឿង​ទាំង​នេះ និង​ព្រឹត្ដិការណ៍​ឯ​ទៀត​ស្តី​អំពី​ជីវិត​របស់​កុមារ​យេស៊ូ​ដល់​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ។—លូកា ២:​៤១​-​៥២

នាង​ស៊ូ​ទ្រាំ​ពេល​ប្រឈម​មុខ​ការ​រង​ទុក្ខ និង​ការ​បាត់បង់

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម​របស់​លោក​យេស៊ូ? ក្រោយ​ពី​បាន​រៀប​រាប់​យ៉ាង​សង្ខេប​ក្នុង​រឿង​មួយ​ដែល​កើត​ឡើង​ពេល​យេស៊ូ​នៅ​ក្មេង​នៅ​ឡើយ នោះ​សៀវភៅ​ដំណឹង​ល្អ​លែង​រៀប​រាប់​អំពី​យ៉ូសែប​ត​ទៅ​ទៀត។ អ្នក​ខ្លះ​យល់​ថា​ការ​លែង​រៀប​រាប់​អំពី​យ៉ូសែប​សោះ​ដូច​នេះ បញ្ជាក់​ថា​យ៉ូសែប​បាន​ស្លាប់​យូរ​ឆ្នាំ​មុន​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក។ * មិន​ថា​មាន​អ្វី​កើត​ឡើង​ដល់​យ៉ូសែប​ក៏​ដោយ តាម​មើល​ទៅ​ម៉ារៀ​ជា​ស្ត្រី​មេម៉ាយ​លុះ​ចុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ។ មុន​លោក​យេស៊ូ​ផុត​ដង្ហើម លោក​បាន​ប្រគល់​ដល់​សាវ័ក​យ៉ូហាន​ឲ្យ​មើល​ថែ​រក្សា​ម្ដាយ​របស់​លោក។ (យ៉ូហាន ១៩:២៦, ២៧) លោក​យេស៊ូ​មុខ​ជា​មិន​ធ្វើ​ដូច្នោះ​ទេ​បើ​យ៉ូសែប​នៅ​រស់​នៅ​ឡើយ។

ម៉ារៀ​និង​យ៉ូសែប​បាន​ឆ្លង​កាត់​អ្វីៗ​ជា​ច្រើន​ជា​មួយ​គ្នា! ពួក​គាត់​ជួប​ទេវតា រត់​គេច​ពី​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ម្នាក់ រើ​ទី​លំនៅ​ពីរ​បី​ដង ហើយ​ចិញ្ចឹម​អប់រំ​កូន​ជា​ច្រើន​ផង។ ពួក​គាត់​មុខ​ជា​និយាយ​គ្នា​ច្រើន​ដង​នៅ​ពេល​ល្ងាច​អំពី​កុមារ​យេស៊ូ ហើយ​ឆ្ងល់​អំពី​អ្វី​ដែល​កូន​ត្រូវ​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត ព្រម​ទាំង​ខ្វល់ខ្វាយ​ថា តើ​ពួក​គាត់​បាន​អប់រំ​និង​ត្រៀម​កូន​តាម​វិធី​ត្រឹម​ត្រូវ​ឬ​ក៏​មិន​ត្រឹម​ត្រូវ? ស្រាប់​តែ​ឥឡូវ​ម៉ារៀ​នៅ​ម្នាក់​ឯង។

តើ​គូ​របស់​អ្នក​បាន​បាត់បង់​ជីវិត​ឬ? តើ​អ្នក​នៅ​តែ​មាន​ការ​ឈឺ​ចាប់​និង​អារម្មណ៍​ថា​គ្មាន​ខ្លឹម​សារ​ក្នុង​ជីវិត សូម្បី​តែ​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ឬ​ទេ? យើង​អាច​ប្រាកដ​ថា ជំនឿ​និង​ចំណេះ​របស់​ម៉ារៀ​អំពី​ដំណើរ​រស់​ឡើង​វិញ បាន​សម្រាល​ទុក្ខ​នាង​មែន។ * (យ៉ូហាន ៥:២៨, ២៩) យ៉ាង​ណា​ក៏​ដោយ នេះ​មិន​បាន​ធ្វើ​ឲ្យ​ម៉ារៀ​លែង​មាន​បញ្ហា​ទៀត​ទេ។ ដូច​ស្ត្រី​ជា​ច្រើន​នាក់​សព្វ​ថ្ងៃ​ដែល​ជា​ម្ដាយ​តែ​គ្មាន​គូ នាង​ជួប​ប្រទះ​ទុក្ខ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន​ដោយ​គ្មាន​ជំនួយ​ពី​ស្វាមី។

ពេល​យ៉ូសែប​ស្លាប់​ទៅ គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា​លោក​យេស៊ូ​ក្លាយ​ទៅ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ​ទាំង​មូល។ ខណៈ​ដែល​ប្អូនៗ​របស់​លោក​យេស៊ូ​ធំ​ឡើង នោះ​ពួក​គេ​ក៏​អាច​ជួយ​រក​ស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ​ផង​ដែរ។ លុះ​លោក​យេស៊ូ​«មាន​អាយុ​ប្រហែល​សាមសិប​ឆ្នាំ» លោក​បាន​បែក​ផ្ទះ​ហើយ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក។ (លូកា ៣:២៣) ពេល​កូន​បែក​ផ្ទះ មាតាបិតា​ភាគ​ច្រើន​មាន​មោទនភាព​ចំពោះ​កូន តែ​ក៏​មាន​ចិត្ត​សោកសៅ​ដែរ។ មាតាបិតា​បាន​ចំណាយ​ពេល​វេលា ព្យាយាម និង​មនោសញ្ចេតនា​យ៉ាង​ច្រើន​អនេក​ចំពោះ​កូន តែ​ពេល​កូន​បែក​ផ្ទះ នេះ​នាំ​ឲ្យ​មាតាបិតា​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​វិញ។ តើ​អ្នក​មាន​កូន​ដែល​បាន​បែក​ផ្ទះ​ដើម្បី​ទៅ​សម្រេច​គោល​បំណង​របស់​ពួក​គេ​ទេ? តើ​អ្នក​មាន​មោទនភាព​ចំពោះ​កូន តែ​ដំណាល​គ្នា​ដែរ តើ​អ្នក​មាន​ចិត្ត​ចង់​ឲ្យ​កូន​រស់​នៅ​ជិតៗ​ជាង​អ្នក​ឬ​ទេ? ប្រសិន​បើ​ដូច្នេះ​មែន នោះ​អ្នក​អាច​យល់​អារម្មណ៍​របស់​ម៉ារៀ​ពេល​លោក​យេស៊ូ​បែក​ផ្ទះ។

ទុក្ខ​លំបាក​ដែល​នឹក​ស្មាន​មិន​ដល់

ទុក្ខ​លំបាក​មួយ​ទៀត​ដែល​ម៉ារៀ​ជួប​ប្រទះ​គឺ​ទុក្ខ​លំបាក​ដែល​នាង​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់។ កាល​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ មាន​មនុស្ស​ជា​ច្រើន​នាក់​កាន់​តាម​លោក តែ​ប្អូន​ប្រុសៗ​របស់​លោក​មិន​កាន់​តាម​ទេ។ បទ​គម្ពីរ​ចែង​ថា​៖ «តាម​ពិត ប្អូន​ប្រុសៗ​របស់​លោក​មិន​ជឿ​លើ​លោក​ឡើយ»។ (យ៉ូហាន ៧:៥) ម៉ារៀ​ទំនង​ជា​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ទេវតា​បាន​ប្រាប់​នាង ពោល​គឺ​លោក​យេស៊ូ​ជា​«បុត្រ​របស់​ព្រះ»។ (លូកា ១:៣៥) យ៉ាង​ណា​ក៏​ដោយ ចំពោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស លោក​យេស៊ូ​គ្រាន់តែ​ជា​បង​ប្រុស​របស់​ពួក​គាត់​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ម៉ារៀ​មាន​ជំនឿ​ខុសៗ​ពី​គ្នា។

តើ​ម៉ារៀ​មាន​ចិត្ត​ក្រៀម​ក្រំ​ហើយ​លែង​ខំ​ប្រឹង​ប្ដូរ​ចិត្ត​គំនិត​របស់​កូន​ទេ? ពិត​ជា​មិន​មែន​ទេ! នៅ​ឱកាស​មួយ​ពេល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​កាលីឡេ លោក​ចូល​ផ្ទះ​មួយ​ដើម្បី​បរិភោគ​អាហារ ហើយ​មាន​មនុស្ស​មួយ​ក្រុម​មក​រួម​គ្នា​ស្ដាប់​លោក។ តើ​នរណា​នៅ​ខាង​ក្រៅ​ផ្ទះ​ខំ​រក​លោក? គឺ​ម៉ារៀ​និង​ប្អូន​ប្រុសៗ​របស់​លោក។ ដូច្នេះ ពេល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​ជិត​ផ្ទះ​ក្រុម​គ្រួសារ​របស់​លោក នោះ​នាង​ដើរ​តាម​លោក ហើយ​តាម​មើល​ទៅ​ក៏​យក​កូន​ឯ​ទៀត​ទៅ​ជា​មួយ​នាង​ផង ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ចំពោះ​លោក​យេស៊ូ។—ម៉ាថាយ ១២:៤៦, ៤៧

ស្រ​ដៀង​គ្នា​ដែរ អ្នក​ប្រហែល​ជា​កំពុង​ជួប​ប្រទះ​បញ្ហា​ក្នុង​ការ​ខំ​ប្រឹង​កាន់​តាម​លោក​យេស៊ូ ខណៈ​ដែល​សមាជិក​ក្រុម​គ្រួសារ​ឯ​ទៀត​មិន​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នោះ។ កុំ​ធ្លាក់​ទឹក​ចិត្ត ហើយ​កុំ​រសាយ​ព្យាយាម​ឲ្យ​សោះ! ដូច​ម៉ារៀ បង​ប្អូន​គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​អស់​ច្រើន​ឆ្នាំ មុន​ដែល​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ចិត្ត​គំនិត​របស់​សមាជិក​នោះ។ ការ​ស៊ូ​ទ្រាំ​បែប​នេះ​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ ថ្វី​បើ​មនុស្ស​ឯ​ទៀត​ធ្វើ​តាម​ឬ​មិន​ធ្វើ​តាម​ក៏​ដោយ។—ពេត្រុសទី១ ៣:១, ២

ទុក្ខ​ដ៏​ធំ​បំផុត

ដូច​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ ទុក្ខ​លំបាក​ចុង​បំផុត​របស់​ម៉ារៀ ប្រហែល​ជា​នាំ​ឲ្យ​នាង​មាន​សេចក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ច្រើន​ជាង​អ្វី​ដែល​នាង​ធ្លាប់​ពិសោធ​ខាង​គំនិត​និង​ខាង​ផ្លូវ​ចិត្ត។ នាង​បាន​ឃើញ​កូន​ជា​ទី​ស្រឡាញ់​របស់​នាង​ស្លាប់​ដោយ​រង​ការ​ឈឺ​ចាប់ ក្រោយ​ពី​បណ្ដា​ជន​បាន​បោះបង់​ចោល​កូន។ ការ​បាត់បង់​កូន​ដោយ​សេចក្ដី​ស្លាប់​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​«ការ​បាត់​បង់​ដ៏​ធំ​បំផុត» និង​«សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​មាន​ការ​សោក​សង្រេង​បំផុត» មិន​ថា​កូន​នៅ​ក្មេង​នៅ​ឡើយ ឬ​ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ។ ដូច​បាន​ទាយ​ជា​ច្រើន​ឆ្នាំ​មុន ម៉ារៀ​មាន​អារម្មណ៍​ដូច​គេ​យក​ដាវ​វែង​មួយ​មក​ចាក់​ទំ​លុះ​នាង!—លូកា ២:៣៤, ៣៥

តើ​ម៉ារៀ​អនុញ្ញាត​ឲ្យ​ការ​ល្បង​ល​ចុង​ក្រោយ​នេះ​បំផ្លាញ​នាង​ខាង​ផ្លូវ​ចិត្ត ឬ​នាំ​ឲ្យ​ជំនឿ​របស់​នាង​លើ​ព្រះ​យេហូវ៉ា​ខ្សោយ​ទេ? មិន​មែន​ទេ។ ពេល​គម្ពីរ​រៀប​រាប់​អំពី​ម៉ារៀ​ម្ដង​ទៀត នោះ​យើង​អាន​ថា​នាង​នៅ​ជា​មួយ​អ្នក​កាន់​តាម​លោក​គ្រិស្ត ហើយ​«ព្យាយាម​ក្នុង​ការ​អធិដ្ឋាន»​ជា​មួយ​ពួក​គេ។ ណា​មួយ​ទៀត នាង​មិន​នៅ​កន្លែង​នោះ​ម្នាក់​ឯង​ទេ។ កូន​ប្រុសៗ​ឯ​ទៀត​របស់​នាង ដែល​មក​ដល់​ពេល​នេះ​ទើប​បាន​ចាប់​ផ្ដើម​មាន​ជំនឿ​ទៅ​លើ​បង​ប្រុស​របស់​ពួក​គេ ក៏​នៅ​ជា​មួយ​នាង​ដែរ។ នេះ​ពិត​ជា​សម្រាល​ទុក្ខ​ម៉ារៀ​យ៉ាង​ណា​ទៅ​ហ្ន៎! *សកម្មភាព ១:១៤

ម៉ារៀ​មាន​ជីវភាព​រស់​នៅ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ខ្លឹម​សារ​ហើយ​នាំ​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់​ជា​ភរិយា​និង​ម្ដាយ ហើយ​ជា​ស្ត្រី​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ផង។ នាង​មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ។ នាង​បាន​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង​និង​ទុក្ខ​លំបាក​ផ្សេងៗ។ កាល​ណា​យើង​ឆ្លង​កាត់​បញ្ហា​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ឬ​ពេល​ព្រួយ​បារម្ភ​អំពី​បញ្ហា​ក្នុង​ក្រុម​គ្រួសារ យើង​ពិត​ជា​អាច​រៀន​ពី​នាង​ម៉ារៀ ដែល​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។—ហេប្រឺ ១០:៣៦

ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​នាង​ម៉ារៀ​ជា​បុគ្គល​ពិសេស​មួយ​ក្នុង​សាសនា? តើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​តួនាទី​ដ៏​ល្អ​ឯក​របស់​នាង​ម៉ារៀ ផ្ដល់​ហេតុ​ឲ្យ​មនុស្ស​គោរព​ប្រណិប័តន៍​នាង​ឬ​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 17 សត្វ​ស្លាប​មួយ​ត្រូវ​ផ្ដល់​ជា​តង្វាយ​លោះ​បាប។ (លេវីវិន័យ ១២:៦,) ដូច​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឯ​ទៀត​ដែរ ពេល​នាង​ម៉ារៀ​ផ្ដល់​គ្រឿង​បូជា​នេះ នាង​ទទួល​ស្គាល់​ថា​នាង​បាន​ទទួល​លទ្ធផល​អាក្រក់​ពី​អំពើ​ខុស​ឆ្គង​របស់​អ័ដាម​ជា​មត៌ក ដែល​ជា​មនុស្ស​ដំបូង។—រ៉ូម ៥:១២

^ វគ្គ 21 សូម​មើល​ប្រអប់ «តើ​លោក​យេស៊ូ​មាន​ប្អូន​ប្រុស​ប្អូន​ស្រី​ឬ​ទេ?» នៅ​ទំព័រ​៦។

^ វគ្គ 26 ការ​លែង​រៀប​រាប់​អំពី​យ៉ូសែប​គឺ​ទី​សំ​អាង​មួយ​ដែល​បញ្ជាក់​ថា​យ៉ូសែប​បាន​ស្លាប់​ទៅ​ហើយ ដោយ​ព្រោះ​សមាជិក​ឯ​ទៀត​របស់​លោក​យេស៊ូ​ត្រូវ​បាន​រៀប​រាប់ ដូច​ជា​ម្ដាយ ប្អូន​ប្រុស និង​ប្អូន​ស្រី​របស់​លោក​ជា​ដើម។ ជា​ឧទាហរណ៍ នៅ​ឯ​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា កំណត់​ហេតុ​ក្នុង​គម្ពីរ​បាន​រៀប​រាប់​ថា​ម៉ារៀ​ចូល​រួម ព្រម​ទាំង​ផ្ដើម​គំនិត​ឲ្យ​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​នៅ​ពិធី​នោះ​ផង។ ប៉ុន្តែ មិន​បាន​រៀប​រាប់​អំពី​យ៉ូសែប​សោះ។ (យ៉ូហាន ២:១​-​១១) ក្នុង​ករណី​ផ្សេង​ទៀត ប្រជាជន​នៅ​ភូមិ​ដែល​លោក​គ្រិស្ត​បាន​ធំ​ឡើង បាន​ហៅ​លោក​យេស៊ូ​ជា​«កូន​របស់​ម៉ារៀ» មិន​មែន​ជា​កូន​របស់​យ៉ូសែប​ឡើយ។—ម៉ាកុស ៦:៣

^ វគ្គ 28 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​គម្ពីរ​ចំពោះ​ដំណើរ​រស់​ឡើង​វិញ សូម​មើល​ជំពូក​ទី​៧ នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 36 សូម​មើល​ប្រអប់​«នាង​ម៉ារៀ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្ដូរ​សាសនា» នៅ​ទំព័រ​៧។

[ប្រអប់​នៅ​ទំព័រ​៦]

តើ​លោក​យេស៊ូ​មាន ប្អូន​ប្រុស​ប្អូន​ស្រី​ឬ​ទេ?

លោក​ពិត​ជា​មាន​មែន។ សាសនវិទូ​ខ្លះ​បាន​ខំ​ជំទាស់​នឹង​ការ​ពិត​នេះ សូម្បី​តែ​សៀវភៅ​ដំណឹង​ល្អ​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​ពីរ​បី​ដង​ក៏​ដោយ។ (ម៉ាថាយ ១២:៤៦, ៤៧; ១៣:៥៤​-​៥៦; ម៉ាកុស ៦:៣) យ៉ាង​ណា​ក៏​ដោយ បណ្ឌិត​ខាង​គម្ពីរ​បាន​កត់​សម្គាល់​ចំណុច​ពីរ​យ៉ាង​ចំពោះ​ទ្រឹស្តី​ដែល​ថា​នាង​ម៉ារៀ​មិន​បាន​បង្កើត​កូន​ឯ​ទៀត។ ទី​១ មាន​មូលហេតុ​ឲ្យ​សាសនវិទូ​ខ្លះ​តម្កើង​ទ្រឹស្តី​នេះ ដោយ​ព្រោះ​គេ​ចង់​គាំទ្រ​សេចក្ដី​បង្រៀន​របស់​សាសនា ដែល​ថា​នាង​ម៉ារៀ​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​អស់​មួយ​ជីវិត ហើយ​នេះ​ជា​លទ្ធិ​មួយ​ដែល​គេ​បង្កើត​រាប់​រយ​ឆ្នាំ​ក្រោយ​នាង​បាន​ស្លាប់​ទៅ។ ទី​២ ពេល​ពិនិត្យ​ទ្រឹស្តី​នេះ​យ៉ាង​ហ្មត់​ចត់ នោះ​បញ្ជាក់​ថា​គ្មាន​ភាព​ត្រឹម​ត្រូវ ព្រម​ទាំង​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ។

ជា​ឧទាហរណ៍ មាន​ទ្រឹស្តី​មួយ​ដែល​បង្ហើប​ថា​«ប្អូន​ប្រុសៗ»​របស់​លោក​យេស៊ូ គឺ​តាម​ពិត​ជា​កូន​ប្រពន្ធ​មុន​របស់​យ៉ូសែប។ យោបល់​នេះ​គឺ​មិន​ពិត​ទេ ដោយ​ព្រោះ​តាម​យោបល់​នេះ លោក​យេស៊ូ​មិន​មែន​ជា​កូន​ច្បង ហើយ​បើ​ដូច្នោះ​លោក​គ្មាន​សិទ្ធិ​ពេញ​ច្បាប់​ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ដូច​ព្រះ​បាន​សន្យា​ដល់​ដាវីឌ​ឡើយ។—សាំយូអែលទី២ ៧:១២, ១៣

ទ្រឹស្តី​មួយ​ទៀត​គឺថា​ប្អូន​ប្រុសៗ​ទាំង​នេះ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​យេស៊ូ ទោះ​បី​បទ​គម្ពីរ​ភាសា​ក្រិច​ប្រើ​ពាក្យ​ផ្សេងៗ​សម្រាប់​«ប្អូន​ប្រុស» «បង​ប្អូន​ជីដូន​មួយ» និង​«ញាតិ​សន្ដាន»​ក៏​ដោយ។ យ៉ាង​នេះ បណ្ឌិត​មួយ​រូប (ឈ្មោះ Frank E. Gaebelein) បាន​ហៅ​ទ្រឹស្តី​ខាង​សាសន​វិទ្យា​ថា​«ពិបាក​ជឿ»។ គាត់​បាន​សន្និដ្ឋាន​ថា​៖ «វិធី​ដ៏​សម​ហេតុ​សម​ផល​បំផុត​ដើម្បី​យល់​ពាក្យ‹ប្អូន​ប្រុស› . . . គឺថា​ពាក្យ​នេះ​សំដៅ​ទៅ​លើ​កូន​ប្រុសៗ​របស់​ម៉ារៀ​និង​យ៉ូសែប ហើយ​ដូច្នេះ​ជា​ប្អូន​ប្រុសៗ​របស់​លោក​យេស៊ូ​ដោយ​មាន​ម្ដាយ​ជា​មួយ​គ្នា»។

[ប្រអប់​នៅ​ទំព័រ​៧]

នាង​ម៉ារៀ​មាន​ចិត្ត​ក្លាហាន ដើម្បី​ប្ដូរ​សាសនា

នាង​ម៉ារៀ​បាន​កើត​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​ជន​ជាតិ​យូដា ហើយ​ពេល​ធំ​ឡើង​នាង​កាន់​តាម​សាសនា​យូដា។ នាង​បាន​ចូល​រួម​នៅ​សាលា​ប្រជុំ ដែល​ជា​កន្លែង​ថ្វាយ​បង្គំ​របស់​ពួក​យូដា ហើយ​នាង​ទៅ​លេង​វិហារ​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម​ផង។ ក៏​ប៉ុន្តែ ខណៈ​ដែល​នាង​ម៉ារៀ​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ស្តី​អំពី​គោល​បំណង​របស់​ព្រះ នោះ​នាង​បាន​ចាប់​ផ្ដើម​ឃើញ​ថា​ព្រះ​លែង​ពេញ​ចិត្ត​នឹង​ប្រពៃណី​នៃ​បុព្វបុរស​របស់​នាង​ត​ទៅ​ទៀត​ហើយ។ អ្នក​នាំ​មុខ​សាសនា​យូដា​បាន​ឲ្យ​គេ​សម្លាប់​កូន​របស់​នាង។ មុន​គេ​សម្លាប់​លោក​យេស៊ូ លោក​បាន​ប្រកាស​ប្រាប់​ឲ្យ​គេ​ដឹង​ថា​៖ «មើល! វិហារ​នេះ នឹង​ត្រូវ​បោះបង់​ចោល ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាថាយ ២៣:៣៨) ព្រះ​លែង​ផ្ដល់​ពរ​ទៅ​លើ​សាសនា​ដែល​នាង​ម៉ារៀ​បាន​កាន់​តាម​តាំង​ពី​ក្មេង​មក។—កាឡាទី ២:១៥, ១៦

ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ត្រូវ​បាន​រៀប​ចំ នាង​ម៉ារៀ​មាន​អាយុ​ប្រហែល​ជា​៥០​ឆ្នាំ។ តើ​នាង​នឹង​ធ្វើ​អ្វី​ចំពោះ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ថ្មី​នោះ? តើ​នាង​គិត​ថា នាង​បាន​កាន់​តាម​សាសនា​យូដា​តាំង​ពី​កំណើត​មក ហើយ​ចង់​រក្សា​ភក្ដីភាព​ចំពោះ​ប្រពៃណី​របស់​បុព្វបុរស​របស់​នាង​ទេ? តើ​នាង​និយាយ​ថា​នាង​មាន​អាយុ​ច្រើន​ពេក​ដើម្បី​ប្ដូរ​សាសនា​ឬ? មិន​មែន​ទាល់​តែ​សោះ! នាង​ម៉ារៀ​បាន​យល់​ឃើញ​ថា ព្រះ​ផ្ដល់​ពរ​ទៅ​លើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ហេតុ​នេះ​ហើយ​បាន​ជា​នាង​មាន​ជំនឿ ព្រម​ទាំង​ចិត្ត​ក្លាហាន​ដើម្បី​ប្ដូរ​សាសនា។

[រូបភាព​នៅ​ទំព័រ​៥]

ការ​រត់​ចេញ​ទៅ​ស្រុក​អេស៊ីប​ជា​ជន​ភៀស​ខ្លួន

[រូបភាព​នៅ​ទំព័រ​៨]

បទ​ពិសោធន៍​ដ៏​ខ្លោច​ផ្សា​បំផុត​ដែល​ម្ដាយ​អាច​មាន