លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានសុភមង្គល

សេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានសុភមង្គល

សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​នាំ​ឲ្យ​មាន​សុភមង្គល

​«[លោក​យេស៊ូ]​ឡើង​លើ​ភ្នំ . . . រួច​អ្នក​កាន់​តាម​បាន​មក​ឯ​លោក​នៅ​ទី​នោះ បន្ទាប់​មក លោក​ចាប់​ផ្ដើម . . . បង្រៀន​ពួក​គេ»។ —ម៉ាថ. ៥:១, ២

១, ២​. (ក) តើ​លោក​យេស៊ូ​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ ក្រោម​ស្ថានភាព​យ៉ាង​ណា? (ខ) តើ​លោក​យេស៊ូ​ចាប់​ផ្ដើម​សុន្ទរកថា​របស់​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ស្រុក​កាលីឡេ​មួយ​រយៈ ដើម្បី​ធ្វើ​បុណ្យ​រំលង​នៅ​ទី​ក្រុង​យេរូសាឡិម​នា​ឆ្នាំ​៣១ គ.ស.។ (យ៉ូន. ៥:១) ពេល​លោក​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ លោក​បាន​អធិដ្ឋាន​ពេញ​មួយ​យប់​ដើម្បី​សុំ​ឲ្យ​ព្រះ​ណែនាំ​លោក​ក្នុង​ការ​ជ្រើស​រើស​សាវ័ក​១២​នាក់។ ថ្ងៃ​ស្អែក​ឡើង មាន​មនុស្ស​មួយ​ក្រុម​ធំ​បាន​ជួប​ជុំ​គ្នា ខណៈ​ដែល​លោក​យេស៊ូ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឲ្យ​ជា​សះ​ស្បើយ។ ដោយ​មាន​អ្នក​កាន់​តាម​លោក​និង​អ្នក​ឯ​ទៀត​នៅ​ទី​នោះ លោក​អង្គុយ​លើ​ភ្នំ​ហើយ​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។—ម៉ាថ.​៤:​២៣​–​​៥:​២; លូក​. ៦:១២​-​១៩

សុន្ទរកថា​របស់​លោក​យេស៊ូ​គឺ​ត្រូវ​បាន​ហៅ​ថា​ធម្មទាន​នៅ​លើ​ភ្នំ។ លោក​ចាប់​ផ្ដើម​ថ្លែង​ដោយ​បង្ហាញ​ថា សុភមង្គល​គឺ​មក​ពី​ការ​មាន​ចំណង​មេត្រី​ភាព​ល្អ​ជា​មួយ​ព្រះ។ (សូម​អាន ម៉ាថាយ ៥:១​-​១២) ពាក្យ​សុភមង្គល​ត្រូវ​បាន​បក​ស្រាយ​តាម​វចនានុក្រម​មួយ​ថា «អ្វី​ដែល​ល្អ ប្រពៃ គួរ​ចាប់​ចិត្ត ហេតុ​ដែល​នាំ​ឲ្យ​កើត​សេចក្ដី​សុខ​ចម្រើន ឬ​សម្រេច​ប្រយោជន៍​គ្រប់​យ៉ាង»។ លោក​យេស៊ូ​បាន​ថ្លែង​អំពី​លក្ខណៈ​៩​យ៉ាង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល ហើយ​លក្ខណៈ​ទាំង​នោះ​បញ្ជាក់​អំពី​មូលហេតុ​ដែល​គ្រិស្ត​សាសនិក​មាន​ចិត្ត​សប្បាយ។ ណា​មួយ​ទៀត សេចក្ដី​បង្រៀន​របស់​លោក​នៅ​តែ​មាន​ប្រយោជន៍​សព្វ​ថ្ងៃ ដូច​គ្នា​នឹង​ជិត​២.០០០​ឆ្នាំ​មុន​ដែរ។ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​សេចក្ដី​បង្រៀន​ទាំង​នេះ​ម្ដង​មួយៗ។

«អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ»

៣​. តើ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​មាន​ន័យ​អ្វី?

«អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ»។ (ម៉ាថ. ៥:៣) «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ»​កត់​សម្គាល់​ថា​ពួក​គេ​ខ្វះ​ចំណេះ​ដឹង​អំពី​ព្រះ ព្រម​ទាំង​ត្រូវ​ការ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​ផង។

៤, ៥​. (ក) ហេតុ​អ្វី​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​មាន​សុភមង្គល? (ខ) តើ​អាច​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​យើង​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​មាន​សុភមង្គល​«ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ»។ ការ​ទទួល​លោក​យេស៊ូ​ជា​មេស្ស៊ី បាន​បើក​ផ្លូវ​ឲ្យ​អ្នក​កាន់​តាម​ដំបូង​របស់​លោក គ្រប់​គ្រង​ជា​មួយ​លោក​នៅ​រាជាណាចក្រ​របស់​ព្រះ​នៅ​ឯ​ស្ថាន​សួគ៌។ (លូក​. ២២:២៨​-​៣០) មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​ទទួល​មត៌ក​រួម​ជា​មួយ​លោក​គ្រិស្ត​នៅ​ស្ថាន​សួគ៌ ឬ​ជីវិត​រស់​នៅ​ជា​រៀង​រហូត​នៅ​សួន​ឧទ្យាន​លើ​ផែនដី​ក្រោម​ការ​គ្រប់​គ្រង​រាជាណាចក្រ​របស់​ព្រះ​ក៏​ដោយ នោះ​យើង​អាច​មាន​សុភមង្គល​បើ​យើង​ពិត​ជា​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​មែន ព្រម​ទាំង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ព្រះ​ក្នុង​ជីវិត​របស់​យើង​ផង។

មិន​មែន​មនុស្ស​ទាំង​អស់​មាន​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​ទេ។ នេះ​គឺ​ដោយ​សារ​មនុស្ស​ជា​ច្រើន​នាក់​ខ្វះ​ជំនឿ ហើយ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ។ (២ថែ. ៣:១, ២; ហេ. ១២:​១៦) វិធី​ខ្លះ​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​រួម​បញ្ចូល​ការ​ខំ​ប្រឹង​សិក្សា​គម្ពីរ ខ្នះខ្នែង​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស ព្រម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​យ៉ាង​ទៀង​ទាត់។—ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៣​-​២៥

អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​«មាន​សុភមង្គល»

៦​. តើ​«អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ»​ជា​នរណា? ហើយ​ហេតុ​អ្វី​ពួក​គេ​«មាន​សុភមង្គល»?

«អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ»។ (ម៉ាថ. ៥:៤) «អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ» គឺ​ដូច​ជា​មនុស្ស​«ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ»​ដែរ។ ពួក​គេ​មាន​ទុក្ខ​ព្រួយ​ដោយ​សារ​ការ​សោកសៅ​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​របស់​ខ្លួន និង​ស្ថានភាព​ដែល​មាន​ដោយ​ព្រោះ​មនុស្ស​ជាតិ​មិន​ល្អ​ឥត​ខ្ចោះ។ ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​បែប​នេះ​«មាន​សុភមង្គល»? ពីព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​និង​គ្រិស្ត ហើយ​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​មាន​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។—យ៉ូន. ៣:៣៦

៧​. ចំពោះ​ពិភព​លោក​របស់​សាថាន តើ​គប្បី​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា?

តើ​យើង​ម្នាក់ៗ​មាន​ទុក្ខ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ដែល​មាន​ពេញ​ពិភព​លោក​របស់​សាថាន​ទេ? តើ​យើង​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ក្នុង​ពិភព​លោក​នេះ? សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «អ្វីៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ»។ (១យ៉ូន. ២:១៦) ចុះ​យ៉ាង​ណា​វិញ បើ​យើង​មាន​អារម្មណ៍​ថា ឥទ្ធិពល​អាក្រក់​ដែល​មាន​អានុភាព​លើ​អស់​អ្នក​ដែល​ផ្ដាច់​ខ្លួន​ពី​ព្រះ ពោល​គឺ​«ចិត្ត​គំនិត​របស់​ពិភព​លោក» មាន​ឥទ្ធិពល​បន្ដិច​ម្ដងៗ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា? បើ​ដូច្នេះ ចូរ​ឲ្យ​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​«បាន​ក្សាន្ត​ចិត្ត» មិន​ថា​មាន​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ​ក៏​ដោយ។—១កូ. ២:១២; ទំនុក. ១១៩:​៥២; យ៉ា. ៥:១៤, ១៥

«អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត» មាន​សុភមង្គល​មែន​ហើយ!

៨, ៩​. តើ​ការ​មាន​ចិត្ត​ស្លូតបូត​មាន​ន័យ​អ្វី? ហេតុ​អ្វី​មនុស្ស​ដែល​មាន​ចិត្ត​ស្លូត​បូ​ត​មាន​សុភមង្គល?

«អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក»។ (ម៉ាថ. ៥:​៥) «ចិត្ត​ស្លូតបូត»​មិន​បង្ហើប​ថា​នេះ​ជា​លក្ខណៈ​សម្បត្ដិ​ខ្សោយ ឬ​ជា​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​ដែល​លាក់​ពុត​ឡើយ។ (១ធី. ៦:១១) ប្រសិនបើ​យើង​មាន​ចិត្ត​ស្លូតបូត យើង​នឹង​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា និង​ទទួល​យក​ការ​ណែនាំ​របស់​លោក​ផង។ ណា​មួយ​ទៀត ចិត្ត​ស្លូតបូត​ក៏​នឹង​ស​ឲ្យ​ឃើញ​នូវ​របៀប​ដែល​យើង​ប្រព្រឹត្ត​ដល់​បង​ប្អូន​រួម​ជំនឿ​និង​អ្នក​ដទៃ​ដែរ។ ចិត្ត​រាប​ទាប​បែប​នេះ​គឺ​សម​ស្រប​នឹង​ដំបូន្មាន​របស់​សាវ័ក​ប៉ុល។—សូម​អាន រ៉ូម ១២:​១៧​-​១៩

ហេតុ​អ្វី​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត​មាន​សុភមង្គល? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក»។ លោក​ជា​អ្នក​សំខាន់​ចម្បង​ដែល​គ្រង​ផែនដី​ជា​មត៌ក។ (ទំនុក. ២:៨; ម៉ាថ. ១១:២៩; ហេ. ២:៨, ៩) យ៉ាង​ណា​ក៏​ដោយ «អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត»​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត​ក៏​គ្រង​ផែនដី​ជា​មត៌ក​ដែរ។ (រ៉ូម ៨:១៦, ១៧) មនុស្ស​ឯ​ទៀត​ដែល​មាន​ចិត្ត​រាប​ទាប​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ឯ​ផែនដី ក្រោម​ការ​ណែនាំ​នៃ​រាជាណាចក្រ​របស់​លោក​យេស៊ូ។—ទំនុក. ៣៧:១០, ១១

១០​. តើ​ការ​មិន​បង្ហាញ​ចិត្ត​ស្លូតបូត​មាន​ឥទ្ធិពល​លើ​ភារកិច្ច​របស់​យើង​ក្នុង​ក្រុម​ជំនុំ និង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១០ យើង​គួរ​មាន​ចិត្ត​ស្លូតបូត​ដូច​លោក​យេស៊ូ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​មាន​ឈ្មោះ​ជា​អ្នក​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក? ចិត្ត​គំនិត​ដ៏​ឆេវឆាវ​និង​ប្រឆាំង​បែប​នេះ អាច​នាំ​ឲ្យ​មនុស្ស​ជៀស​ចេញ​ពី​យើង។ ប្រសិនបើ​យើង​ជា​បង​ប្រុសៗ​ដែល​មាន​ចិត្ត​ចង់​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ តែ​យើង​ចូល​ចិត្ត​ឈ្លោះ​ប្រកែក នោះ​យើង​គ្មាន​សិទ្ធិ​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឡើយ។ (១ធី. ៣:១, ៣) ប៉ុល​បាន​ប្រាប់​ទីតុស​ឲ្យ​ខំ​រំលឹក​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​កោះ​ក្រេត​ឲ្យ​«មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក តែ​ត្រូវ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល ហើយ​បង្ហាញ​ចិត្ត​ស្លូតបូត​យ៉ាង​ពេញ​លេញ​ចំពោះ​មនុស្ស​ទាំង​អស់»។ (ទីត. ៣:១, ២) ការ​បង្ហាញ​ចិត្ត​ស្លូតបូត​បែប​នេះ​ពិត​ជា​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ពរ​មែន!

ពួក​គេ​ស្រេក​ឃ្លាន​ចំពោះ​«សេចក្ដី​សុចរិត»

១១​-​១៣​. (ក) តើ​ការ​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​មាន​ន័យ​អ្វី? (ខ) តើ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​«បាន​ឆ្អែត​ស្កប់​ស្កល់»​យ៉ាង​ដូច​ម្ដេច?

១១«អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់»។ (ម៉ាថ. ៥:៦) «សេចក្ដី​សុចរិត»​ដែល​លោក​យេស៊ូ​ចង់​សំដៅ​ទៅ​លើ គឺ​ការ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​ស្រប​តាម​បំណង​ប្រាថ្នា​និង​សេចក្ដី​បង្គាប់​របស់​ព្រះ។ អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​ពោល​ថា​ចិត្ត​របស់​គាត់​«សង្រេង​ដោយ​នឹក​រឭក»​ដល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ។ (ទំនុក. ១១៩:២០) តើ​យើង​ចាត់​ទុក​ថា​សេចក្ដី​សុចរិត​មាន​តម្លៃ​ដល់​ម្ល៉េះ ដែល​យើង​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​ទេ?

១២ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នឹង​មាន​សុភមង្គល​ដោយ​សារ​ពួក​គេ​នឹង​«បាន​ឆ្អែត​ស្កប់​ស្កល់»។ ពួក​គេ​«បាន​ឆ្អែត​ស្កប់​ស្កល់»​ក្រោយ​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ដោយ​សារ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​ចាប់​ផ្ដើម​«ផ្ដល់​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ដល់​ពិភព​លោក . . . ស្តី​អំពី​សេចក្ដី​សុចរិត»។ (យ៉ូន. ១៦:​៨) តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​ចង​ក្រង​បទ​គម្ពីរ​ភាសា​ក្រិច​របស់​ពួក​គ្រិស្ត​សាសនិក ដែល​មាន​ប្រយោជន៍​ច្រើន​ណាស់​ដើម្បី​«ប្រដៅ​ក្នុង​ផ្លូវ​សុចរិត»។ (២ធី. ៣:១៦) សកម្ម​ពល​របស់​ព្រះ​ក៏​ជួយ​យើង​ក្នុង​ការ​«ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត»។ (អេភ. ៤:២៤) អស់​អ្នក​ដែល​ប្រែ​ចិត្ត​និង​សុំ​ព្រះ​ឲ្យ​អត់​ឱន​ទោស​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ដោយ​ផ្អែក​លើ​យញ្ញ​បូជា​លោះ​របស់​លោក​យេស៊ូ នោះ​ព្រះ​អាច​ប្រកាស​ថា​ពួក​គេ​គឺជា​មនុស្ស​សុចរិត។ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង មែន​ទេ?—សូម​អាន រ៉ូម ៣:​២៣, ២៤

១៣ រីឯ​យើង​ភាគ​ច្រើន ការ​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់ ពេល​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ស្ថិត​ក្រោម​ស្ថានភាព​ដ៏​សុចរិត​លើ​ផែនដី។ ទំ​រាំ​ពេល​នោះ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន»។ (ម៉ាថ. ៦:៣៣) ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ ព្រម​ទាំង​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ផង។—១កូ. ១៥:៥៨

មូលហេតុ​«អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា» មាន​សុភមង្គល​ហើយ

១៤, ១៥​. តើ​អ្នក​អាច​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​បាន​ជា​«អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា»​មាន​សុភមង្គល?

១៤«អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ»។ (ម៉ាថ. ៥:៧) «អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា»​ត្រូវ​បាន​ជំរុញ​ដោយ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ឯ​ទៀត។ មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​សម្រាល​ទុក្ខ​មនុស្ស​ទាំង​ប៉ុន្មាន គឺ​ដោយ​សារ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ។ (ម៉ាថ. ១៤:១៤) ម្យ៉ាង​ទៀត ចិត្ត​មេត្ដា​ករុណា​ត្រូវ​បាន​បង្ហាញ​ពេល​យើង​អត់​ឱន​ទោស​អ្នក​ដែល​ធ្វើ​ខុស​នឹង​ខ្លួន ដូច​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ដោយ​មេត្ដា​ករុណា​អ្នក​ដែល​ប្រែ​ចិត្ត។ (និក្ខ. ៣៤:៦, ៧; ទំនុក. ១០៣:១០) យើង​អាច​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​តាម​វិធី​នេះ ព្រម​ទាំង​តាម​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​ដែល​នាំ​ឲ្យ​អ្នក​ដែល​កើត​ទុក្ខ​ទទួល​ការ​សម្រាល​ទុក្ខ។ វិធី​ល្អ​ក្នុង​ការ​បង្ហាញ​មេត្ដា​ករុណា​គឺ​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ ដោយ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​មនុស្ស​មួយ​ក្រុម​ធំ នោះ​លោក​យេស៊ូ​«ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វីៗ​ជា​ច្រើន»។—ម៉ាក. ៦:៣៤

១៥ យើង​មាន​ហេតុ​ដើម្បី​យល់​ស្រប​នឹង​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ «អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ»។ ប្រសិនបើ​យើង​ប្រព្រឹត្ត​ដោយ​មេត្ដា​ចំពោះ​អ្នក​ដទៃ ពួក​គេ​ក៏​ប្រព្រឹត្ត​ដោយ​មេត្ដា​ចំពោះ​យើង​ដែរ។ ពេល​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​យើង លោក​ទំនង​ជា​អនុគ្រោះ​យើង បើ​យើង​បង្ហាញ​មេត្ដា​ករុណា​ដល់​អ្នក​ឯ​ទៀត។ (យ៉ា. ២:១៣) ការ​អត់​ឱន​ទោស​អំពើ​ខុស​ឆ្គង​និង​ជីវិត​រស់​ជា​រៀង​រហូត គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា​ប៉ុណ្ណោះ។—ម៉ាថ. ៦:១៥

មូលហេតុ​«អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ» មាន​សុភមង្គល

១៦​. តើ​ការ​«មាន​ចិត្ត​បរិសុទ្ធ»​មាន​ន័យ​អ្វី? តើ​អស់​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្ដិ​នេះ​«ឃើញ​ព្រះ»​យ៉ាង​ដូច​ម្ដេច?

១៦«អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ»។ (ម៉ាថ. ៥:៨) ប្រសិនបើ​យើង​«មាន​ចិត្ត​បរិសុទ្ធ» នោះ​មនោសញ្ចេតនា សេចក្ដី​ប៉ង​ប្រាថ្នា ហើយ​បំណង​ចិត្ត​របស់​យើង​នឹង​ស​ឲ្យ​ឃើញ​ភាព​ស្អាត​ស្អំ។ យើង​នឹង​បង្ហាញ​«សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ»។ (១ធី. ១:៥) ដោយ​សារ​ចិត្ត​របស់​យើង​ស្អាត​ស្អំ នោះ​យើង​នឹង​«ឃើញ​ព្រះ»។ នេះ​មិន​បាន​សេចក្ដី​ថា យើង​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា​មែនទែន​នោះ​ទេ «ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​[ព្រះ] ហើយ​រស់​នៅ​មិន​បាន​ទេ»។ (និក្ខ. ៣៣:២០) លោក​យេស៊ូ​មាន​លក្ខណៈ​សម្បត្ដិ​ដូច​បិតា​បេះបិទ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អាច​និយាយ​ថា​៖ «អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ»។ (យ៉ូន. ១៤:៧​-​៩) ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ផែនដី យើង​អាច​«ឃើញ​ព្រះ»​ដោយ​សង្កេត​មើល​លោក​សម្រេច​ការ​ដើម្បី​ជួយ​យើង។ (យ៉ូប ៤២:៥) ចំពោះ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ការ​ឃើញ​ព្រះ​នឹង​មាន​កម្រិត​ខ្ពស់​បំផុត​ពេល​ពួក​គាត់​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ ហើយ​ឃើញ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​របស់​ពួក​គាត់។—១យ៉ូន. ៣:២

១៧​. ដោយ​សារ​យើង​មាន​ចិត្ត​បរិសុទ្ធ តើ​នេះ​នឹង​មាន​ឥទ្ធិពល​អ្វី​មក​លើ​យើង?

១៧ ដោយ​សារ​មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ​ស្អាត​ស្អំ​ខាង​សីលធម៌ ព្រម​ទាំង​ព្យាយាម​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ នោះ​គាត់​នឹង​មិន​រំពឹង​គិត​លើ​អ្វីៗ​ដែល​ទ្រង់​ចាត់​ទុក​ជា​ស្មោកគ្រោក​ឡើយ។ (១របា. ២៨:៩; អេសា. ៥២:១១) ប្រសិនបើ​យើង​មាន​ចិត្ត​បរិសុទ្ធ នោះ​អ្វី​ដែល​យើង​និយាយ​ហើយ​ប្រព្រឹត្ត​នឹង​ពិត​ជា​ស្អាត​ស្អំ។ ណា​មួយ​ទៀត កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​គ្មាន​ការ​លាក់​ពុត​ឡើយ។

«អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព» ក្លាយ​ទៅ​ជា​កូន​ព្រះ

១៨, ១៩​. តើ​«អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព»​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច?

១៨«អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​មនុស្ស​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា‹កូន​ព្រះ›»។ (ម៉ាថ. ៥:៩) «អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព»​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ជា​ពិសេស​អ្វី​ដែល​ពួក​គាត់​នឹង​ធ្វើ​ឬ​ក៏​មិន​ធ្វើ។ ប្រសិនបើ​យើង​ជា​មនុស្ស​ដែល​លោក​យេស៊ូ​ពោល​អំពី នោះ​យើង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព ហើយ​មិន‹ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​អាក្រក់›ឡើយ។ ផ្ទុយ​ទៅ​វិញ​យើង‹រក​វិធី​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត​ជា​និច្ច›។—១ថែ. ៥:១៥

១៩ ដើម្បី​មាន​ឈ្មោះ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព យើង​ត្រូវ​មាន​សកម្មភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព។ អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​មិន​ប្រព្រឹត្ត​អ្វី​ណា​មួយ​ដែល​នឹង​«នាំ​ឲ្យ​ទាំង​មិត្ត​សម្លាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់បែក​គ្នា​ដែរ»។ (សុ. ១៦:២៨) ក្នុង​នាម​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព នោះ​យើង​ចាត់​វិធានការ​ដើម្បី​«ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់»។—ហេ. ១២:១៤

២០​. តើ​អ្នក​ណា​ជា​«កូន​ព្រះ»​ឥឡូវ? ហើយ​នៅ​ទី​បំផុត តើ​អ្នក​ណា​ទៀត​នឹង​ក្លាយ​ទៅ​ជា​កូន​របស់​ព្រះ​ដែរ?

២០ អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព មាន​សុភមង្គល​ពីព្រោះ​គេ​«នឹង​ហៅ​អ្នក​ទាំង​នោះ​ថា​‹កូន​ព្រះ›»។ ព្រះ​យេហូវ៉ា​បាន​ទទួល​ពួក​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ចាត់​ទុក​ពួក​គាត់​ជា​«កូន​ព្រះ»។ ពួក​គាត់​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​រួច​ទៅ​ហើយ​ជា​កូន​របស់​ទ្រង់ ដោយ​ព្រោះ​ពួក​គាត់​មាន​ជំនឿ​ទៅ​លើ​គ្រិស្ត ព្រម​ទាំង​គោរព​ប្រណិប័តន៍​«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សន្ដិភាព»​អស់ពី​ដួង​ចិត្ត​ផង។ (២កូ. ១៣:​១១; យ៉ូន. ១:១២) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​«ចៀម​ឯ​ទៀត»​របស់​លោក​យេស៊ូ​ដែល​ចេះ​ធ្វើ​ឲ្យ​មាន​សន្ដិភាព? ក្នុង​អំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ លោក​នឹង​ធ្វើ​ជា​«បិតា​ដ៏​គង់នៅ​អស់​កល្ប»​របស់​ពួក​គាត់។ ប៉ុន្តែ​ក្រោយ​ពី​ការ​សោយរាជ្យ​មួយ​ពាន់​ឆ្នាំ នោះ​លោក​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ពួក​ចៀម​ឯ​ទៀត​នឹង​ក្លាយ​ទៅ​ជា​កូន​របស់​ព្រះ។—យ៉ូន. ១០:១៦; អេសា. ៩:៦; រ៉ូម ៨:២១; ១កូ. ១៥:២៧, ២៨

២១​. ប្រសិនបើ​យើង​«កំពុង​រស់​នៅ​ស្រប​តាម​ការ​ដឹក​នាំ​នៃ​សកម្ម​ពល​របស់​ព្រះ» តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច?

២១ ប្រសិនបើ​យើង​«កំពុង​រស់​នៅ​ស្រប​តាម​ការ​ដឹក​នាំ​នៃ​សកម្ម​ពល​របស់​ព្រះ» នោះ​អ្នក​ដទៃ​នឹង​ឃើញ​ថា​សេចក្ដី​សុខសាន្ត​ជា​លក្ខណៈ​សម្បត្ដិ​មួយ​ដែល​យើង​មាន។ យើង​នឹង​មិន​«បង្កើត​ឲ្យ​មាន​ការ​ប្រកួតប្រជែង​គ្នា»​ឡើយ។ (កាឡ. ៥:២២​-​២៦) ផ្ទុយ​ទៅ​វិញ យើង​នឹង​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​«ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់»។—រ៉ូម ១២:១៨

មាន​សុភមង្គល​ហើយ​ទោះ​គេ​បៀតបៀន​ក្ដី!

២២​-​២៤​. (ក) តើ​ពួក​ដែល​ត្រូវ​បាន​គេ​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត មាន​សុភមង្គល​ដោយ​មូលហេតុ​អ្វី? (ខ) ក្នុង​អត្ថបទ​ពីរ​ជា​បន្ត​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

២២«អស់​អ្នក​ដែល​មនុស្ស​បាន​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌ ជា​របស់​អ្នក​ទាំង​នោះ»។ (ម៉ាថ. ៥:១០) លោក​យេស៊ូ​និយាយ​បន្ថែម​ទៀត​ដោយ​លើក​អំពី​លក្ខណៈ​ទី​៩​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ថា​៖ «នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀតបៀន និង និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ! ពីព្រោះ​គេ​ធ្លាប់​បៀតបៀន​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​បាន​រស់​នៅ​មុន​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ។ ហេតុ​នេះ​ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពីព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌»។ម៉ាថ. ៥:១១, ១២

២៣ ដូច​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ពី​បុរាណ ពួក​គ្រិស្ត​សាសនិក​ដឹង​ថា​អ្នក​ដទៃ​នឹង​តិះ​ដៀល បៀតបៀន និង​និយាយ​ភូតភរ​ចំពោះ​ពួក​គាត់​ដោយ​សារ​«សេចក្ដី​សុចរិត»។ ក៏​ប៉ុន្តែ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​ការ​ល្បង​ល​បែប​នេះ នោះ​យើង​មាន​សេចក្ដី​ស្កប់​ស្កល់​ដោយ​ដឹង​ថា​យើង​ផ្គាប់​ចិត្ត​និង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ (១ពេ. ២:​១៩​-​២១) ការ​ឈឺ​ចាប់​មិន​អាច​បង្អន់​សេចក្ដី​រីករាយ​របស់​យើង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឥឡូវ​ឬ​នៅ​អនាគត​ផង​ទេ។ ណា​មួយ​ទៀត ការ​ឈឺ​ចាប់​ក៏​មិន​អាច​បន្ថយ​សុភមង្គល​ក្នុង​ការ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​លើ​ស្ថាន​សួគ៌ ឬ​អំណរ​ពី​ការ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ​នៅ​ផែនដី។ ពរ​បែប​នេះ​ជា​ទី​សំអាង​ដែល​បញ្ជាក់​ពី​សុជនភាព និង​សេចក្ដី​សប្បុរស​របស់​ព្រះ ហើយ​ថា​ទ្រង់​ពេញ​ចិត្ត​នឹង​យើង។

២៤ យើង​អាច​រៀន​អ្វី​ជា​ច្រើន​ទៀត​ពី​ធម្មទាន​នៅ​លើ​ភ្នំ។ ក្នុង​អត្ថបទ​ពីរ​ជា​បន្ត​បន្ទាប់ យើង​នឹង​ពិចារណា​មេរៀន​ផ្សេងៗ​ទៀត។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​«អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ»​មាន​សុភមង្គល?

តើ​«អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត» មាន​សុភមង្គល​ដោយ​មូលហេតុ​អ្វី?

ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សាសនិក​មាន​សុភមង្គល ទោះ​បើ​មាន​ការ​បៀតបៀន​ក៏​ដោយ?

ក្នុង​ចំណោម​លក្ខណៈ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ដែល​លោក​យេស៊ូ​បាន​ថ្លែង តើ​អ្នក​ស្ងើច​ចិត្ត​នឹង​លក្ខណៈ​មួយ​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១២]

លក្ខណៈ​៩​យ៉ាង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង មាន​ប្រយោជន៍​សព្វ​ថ្ងៃ​ដូច​គ្នា​នឹង​ជិត​២.០០០​ឆ្នាំ​មុន​ដែរ

[រូបភាព​នៅ​ទំព័រ​១៣]

វិធី​ល្អ​ដែល​យើង​អាច​បង្ហាញ​ចិត្ត​មេត្ដា​ករុណា គឺ​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត