តើព្រះមាននាមទេ?
តើព្រះមាននាមទេ?
គេនិយមឆ្លើយថា:
◼ «នាមព្រះគឺលោកម្ចាស់»។
◼ «ព្រះមិនមាននាមផ្ទាល់ទេ»។
តើលោកយេស៊ូមានប្រសាសន៍ថាអ្វី?
◼ «អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ›»។ (ម៉ាថាយ ៦:៩) លោកយេស៊ូបានជឿថាព្រះមាននាម។
◼ «ខ្ញុំបានសម្ដែងឲ្យពួកគាត់ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត ដើម្បីឲ្យពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដូចសេចក្ដីស្រឡាញ់ដែលលោកមានចំពោះខ្ញុំ ហើយដើម្បីឲ្យខ្ញុំរួបរួមជាមួយនឹងពួកគាត់»។ (យ៉ូហាន ១៧:២៦) លោកយេស៊ូបានសម្ដែងឲ្យមនុស្សស្គាល់នាមរបស់ព្រះ។
◼ «ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងមិនឃើញខ្ញុំឡើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។ (លូកា ១៣:៣៥; ទំនុកដំកើង ១១៨:២៦) លោកយេស៊ូបានប្រើនាមរបស់ព្រះ។
ព្រះប្រាប់យើងពីនាមរបស់លោកតែម្ដង ដោយពោលថា៖ ‹ខ្ញុំជាយេហូវ៉ា នេះហើយជាឈ្មោះរបស់ខ្ញុំ›។ * (អេសាយ ៤២:៨) នាមរបស់ព្រះក្នុងភាសាហេប្រឺត្រូវបានស្គាល់ថាយេហូវ៉ាជាទូទៅក្នុងភាសាខ្មែរ។ អ្នកទំនងជាភ្ញាក់ផ្អើលដោយដឹងថានាមដ៏ល្អឯកជាភាសាហេប្រឺនេះ ត្រូវបានកត់ទុករាប់ពាន់ដងក្នុងឯកសារដើមនៃគម្ពីរពីសម័យបុរាណ។ តាមពិត នាមនេះត្រូវបានកត់ទុកច្រើនជាងនាមឯទៀតដែលមានក្នុងគម្ពីរ។
ចំពោះសំណួរដែលថា«តើនាមរបស់ព្រះជាអ្វី?» អ្នកខ្លះប្រហែលជាឆ្លើយថា«លោកម្ចាស់»។ ក៏ប៉ុន្តែ ចម្លើយបែបនេះមិនជួយឲ្យយើងស្គាល់នាមព្រះទេ តែគឺស្មើនឹងការសួរថា «តើអ្នកណាឈ្នះការបោះឆ្នោត?» ហើយគេឆ្លើយថា«បេក្ខជន»។ ចម្លើយទាំងពីរនេះមិនច្បាស់លាស់ទេ ដោយព្រោះ«លោកម្ចាស់»និង«បេក្ខជន»គឺមិនមែនជានាមឡើយ។
ហេតុអ្វីបានជាព្រះប្រាប់នាមរបស់លោក? លោកប្រាប់យើងដើម្បីឲ្យយើងអាចស្គាល់លោកកាន់តែច្បាស់។ ជាឧទាហរណ៍ ប្រហែលជាគេហៅបុគ្គលម្នាក់ថាលោក ថៅកែ ពុក ឬតាយោងទៅតាមកាលៈទេសៈ។ ឋានន្តរទាំងនេះបង្ហាញពីលក្ខណៈមួយរបស់គាត់។ ប៉ុន្តែ នាមនៃបុគ្គលនោះរំលឹកយើងអំពីអ្វីៗទាំងអស់ដែលយើងដឹងអំពីគាត់។ ដូចគ្នាដែរ ឋានន្តរដូចជាលោកម្ចាស់ ព្រះដែលមានអំណាចខ្លាំងក្លាបំផុត បិតា និងអ្នកបង្កើតជាដើម នាំឲ្យយើងគិតអំពីលក្ខណៈផ្សេងៗនៃការប្រព្រឹត្តរបស់ព្រះ។ ប៉ុន្តែ មានតែនាមផ្ទាល់របស់លោកប៉ុណ្ណោះទេ គឺព្រះយេហូវ៉ា ដែលរំលឹកយើងអំពីអ្វីៗទាំងអស់ដែលយើងដឹងអំពីលោក។ ប្រសិនបើយើងមិនស្គាល់នាមរបស់ព្រះ តើយើងអាចស្គាល់ព្រះយ៉ាងដូចម្ដេចបាន?
មិនគ្រាន់តែសំខាន់ឲ្យយើងស្គាល់នាមរបស់ព្រះប៉ុណ្ណោះទេ តែការប្រើនាមនោះក៏សំខាន់ដែរ។ ហេតុអ្វី? ពីព្រោះគម្ពីរបានរៀបរាប់ឲ្យយើងដឹងថា៖ «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣; យ៉ូអែល ២:៣២
[កំណត់សម្គាល់]
^ វគ្គ 9 ដើម្បីមើលការពន្យល់អំពីអត្ថន័យនៃនាមរបស់ព្រះ ព្រមទាំងមូលហេតុដែលការបកប្រែគម្ពីរខ្លះមិនមាននាមនោះ អ្នកអាចពិនិត្យមើលទំព័រ២២៥-២២៧ នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ៥]
ប្រហែលជាគេហៅបុគ្គលម្នាក់ថា លោក ថៅកែ ពុក ឬតា យោងទៅតាមកាលៈទេសៈ។ ប៉ុន្តែ នាមរបស់គាត់ផ្ទាល់រំលឹកយើងអំពីអ្វីៗទាំងអស់ដែលយើងដឹងអំពីគាត់