លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះយកចិត្ដទុកដាក់នឹងខ្ញុំទេ?

តើព្រះយកចិត្ដទុកដាក់នឹងខ្ញុំទេ?

តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ទេ?

គេ​និយម​ឆ្លើយ​ថា:

«ព្រះ​ធំ​ពេក​ដើម្បី​ខ្វល់​ពី​ខ្ញុំ»។

«ខ្ញុំ​គិត​ថា​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ទេ»។

តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​អ្វី?

«គេ​លក់​ចាប​ពូក​ប្រាំ​ក្បាល​ថ្លៃ​ពីរ​សេន មែន​ទេ? ប៉ុន្តែ​ព្រះ​មិន​ភ្លេច​ចាប​ទាំង​នោះ​ឡើយ សូម្បី​តែ​ចាប​មួយ​ក៏​ដោយ។ ប៉ុន្តែ​សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត»។ (លូកា ១២:៦, ៧) យ៉ាង​ប្រាកដ​ណាស់ លោក​យេស៊ូ​បាន​បង្រៀន​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​យើង។

«កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​ក៏‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?›។ ព្រោះ​របស់​ទាំង​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែង​រក។ បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ»។ (ម៉ាថាយ ៦:៣១, ៣២) លោក​យេស៊ូ​បាន​ជឿ​ជាក់​ថា​ព្រះ​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង។

គម្ពីរ​រៀប​រាប់​ថា​ព្រះ​រមែង​គិត​អំពី​យើង​ជា​ពិត​ប្រាកដ។ (ទំនុកដំកើង ៥៥:២២; ពេត្រុសទី១ ៥:៧) បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​រង​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ​សព្វ​ថ្ងៃ? ប្រសិន​បើ​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​មាន​គ្រប់​អំណាច ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​ទុក្ខ​វេទនា​សាប​សូន្យ​ទៅ?

ចម្លើយ​ចំពោះ​សំណួរ​នេះ​ទាក់​ទង​នឹង​ការ​ពិត​មួយ​ដែល​មនុស្ស​ជា​ច្រើន​មិន​ដឹង គឺថា​មេ​កំណាច​សាថាន​ជា​អ្នក​គ្រប់​គ្រង​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ពេល​ដែល​សាថាន​ខំ​ល្បួង​លោក​យេស៊ូ នោះ​សាថាន​បាន​ស្នើ​ផ្ដល់​រាជាណាចក្រ​ទាំង​អស់​ឲ្យ​លោក​ដោយ​និយាយ​ថា​៖ «ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អំណាច​លើ​រាជាណាចក្រ​ទាំង​អស់​នេះ និង​ភាព​រុងរឿង​របស់​រាជាណាចក្រ​ទាំង​នេះ ពីព្រោះ​អ្វីៗ​ទាំង​នោះ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​អាច​ឲ្យ​អ្នក​ណា​ក៏​ដោយ​ស្រេច​នឹង​ចិត្ត​ខ្ញុំ»។—លូកា ៤:៥​-​៧

តើ​នរណា​បាន​តាំង​សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក? ពេល​អ័ដាម​និង​អេវ៉ា​ដែល​ជា​មាតា​បិតា​ដំបូង​របស់​យើង បាន​ស្ដាប់​តាម​សាថាន​ហើយ​បោះ​ចោល​ព្រះ នោះ​តាម​ពិត​ពួក​គេ​បាន​ជ្រើស​រើស​សាថាន​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ តាំង​ពី​ពេល​នោះ​មក ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​ដោយ​ទុក​ពេល ដើម្បី​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​សាថាន​ទទួល​បរាជ័យ​ទាំង​ស្រុង។ ព្រះ​យេហូវ៉ា​មិន​បាន​បង្ខំ​មនុស្ស​ឲ្យ​បម្រើ​លោក​ទេ ប៉ុន្តែ​លោក​បាន​បើក​ឱកាស​ឲ្យ​យើង​ត្រឡប់​មក​លោក​វិញ។—រ៉ូម ៥:១០

ដោយ​សារ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង លោក​បាន​រៀប​ចំ​ឲ្យ​លោក​យេស៊ូ​រំដោះ​យើង​ពី​ការ​គ្រប់​គ្រង​របស់​សាថាន។ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ លោក​យេស៊ូ​នឹង​«បំផ្លាញ​ចោល​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់ ពោល​គឺ​មេកំណាច»។ (ហេប្រឺ ២:១៤) ដោយ​ធ្វើ​ដូច្នេះ នោះ​លោក​នឹង​«បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច»​ផង។—យ៉ូហានទី១ ៣:៨

ផែនដី​យើង​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត។ នៅ​ពេល​នោះ ព្រះ​«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់[មនុស្ស] ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​[នឹង]​បាន​កន្លង​បាត់​អស់​ហើយ»។—ការបើកបង្ហាញ ២១:៤, ៥ *

[កំណត់​សម្គាល់]

^ វគ្គ 12 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​មូលហេតុ​ដែល​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា សូម​មើល​ជំពូក​ទី​១១​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៧]

ផែនដី​យើង​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត