នាងមានចិត្ដចង់ជួយ
ចូរបង្រៀនកូនរបស់អ្នក
នាងមានចិត្តចង់ជួយ
តើអ្នកធ្លាប់ស្គាល់នរណាម្នាក់ដែលឈឺធ្ងន់ទេ?— តើអ្នកចង់ធ្វើអ្វីមួយដើម្បីជួយគាត់ទេ?— ចុះបើគាត់មកពីប្រទេសផ្សេងឬកាន់សាសនាផ្សេង? តើអ្នកនៅតែចង់ជួយគាត់ឲ្យបានជាសះស្បើយទេ?— ក្មេងស្រីម្នាក់ដែលបានរស់នៅស្រុកអ៊ីស្រាអែលតាំងពីជិត៣.០០០ឆ្នាំមុន មានចិត្តចង់ជួយមនុស្សម្នាក់ឲ្យបានធូរស្បើយ។ សូមមើលអ្វីដែលបានកើតឡើងនៅពេលនោះ។
ក្មេងស្រីតូចនោះរស់នៅស្រុកអ៊ីស្រាអែលនៅសម័យបុរាណ។ ជាញឹកញយមានចម្បាំងរវាងស្រុកអ៊ីស្រាអែលនិងស្រុកស៊ីរីដែលជាស្រុកជិតខាង។ (ពង្សាវតារក្សត្រទី១ ២២:១) មានថ្ងៃមួយកងទ័ពស៊ីរីចូលមកស្រុកអ៊ីស្រាអែល ហើយក៏ចាប់ក្មេងស្រីតូចនោះយកទៅ។ ពួកគេយកនាងតូចទៅស្រុកស៊ីរី ទៅធ្វើជាអ្នកបម្រើរបស់ប្រពន្ធលោកណាម៉ាន់ដែលជាមេទ័ពសាសន៍ស៊ីរី។ លោកណាម៉ាន់មានជំងឺដ៏អាក្រក់ម្យ៉ាងហៅថាជំងឺឃ្លង់ ដែលអាចបណ្ដាលឲ្យសាច់មនុស្សរលេះរលួយទៅ។
ក្មេងស្រីនោះជម្រាបប្រពន្ធលោកណាម៉ាន់ពីរបៀបដែលប្ដីរបស់គាត់អាចជាស្អាតឡើងវិញ។ នាងនិយាយថា៖ ‹ប្រសិនបើលោកណាម៉ាន់នៅស្រុកសាម៉ារី អេលីសេដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាអាចមើលរោគឃ្លង់នេះឲ្យជាបាន›។ របៀបដែលនាងនិយាយអំពីអេលីសេបានធ្វើឲ្យណាម៉ាន់ជឿជាក់ថា អ្នកប្រកាសទំនាយប្រាកដជាអាចមើលគាត់ឲ្យជា។ ដូច្នេះ ដោយមានការអនុញ្ញាតពីបេនហាដាឌ់ស្តេចស្រុកស៊ីរី ណាម៉ាន់និងអ្នកបម្រើខ្លះបានធ្វើដំណើរឆ្ងាយ ចម្ងាយប្រហែលជា១៥០គីឡូម៉ែត្រ ដើម្បីទៅជួបអេលីសេ។
ពួកគាត់ទៅជួបយ៉ូរ៉ាម ស្តេចអ៊ីស្រាអែលជាមុនសិន ហើយប្រគល់សំបុត្រមួយច្បាប់ពីស្តេចបេនហាដាឌ់។ ក្នុងសំបុត្រនោះស្តេចបេនហាដាឌ់សុំឲ្យពួកគាត់ជួយណាម៉ាន់។ ក៏ប៉ុន្តែ យ៉ូរ៉ាមគ្មានជំនឿទៅលើព្រះយេហូវ៉ាឬអ្នកប្រកាសទំនាយអេលីសេទេ។ យ៉ូរ៉ាមគិតថាស្តេចបេនហាដាឌ់រករឿងលោកទៅវិញ។ ពេលអេលីសេឮដំណឹងនេះ គាត់ជម្រាបស្តេចយ៉ូរ៉ាមថា៖ «សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ»។ អេលីសេចង់បង្ហាញថាព្រះមានអំណាចអាចព្យាបាលណាម៉ាន់ឲ្យជាពីរោគឃ្លង់។—ពង្សាវតារក្សត្រទី២ ៥:១-៨
នៅពេលដែលណាម៉ាន់មកដល់ផ្ទះអេលីសេមានទាំងសេះនិងរទេះផង នោះអេលីសេឲ្យអ្នកបម្រើម្នាក់ចេញមកជម្រាបលោកថា៖ ‹លោកត្រូវទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ ទើបសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ›។ លោកណាម៉ាន់ខឹងណាស់។ ព្រោះលោករំពឹងថាអេលីសេនឹងចេញមកទទួលគាត់ ហើយរាដៃពីលើដំបៅរបស់គាត់ ដើម្បីឲ្យគាត់បានជាពីរោគឃ្លង់។ ផ្ទុយស្រឡះ លោកណាម៉ាន់បានជួបអ្នកបម្រើទៅវិញ! ដូច្នេះហើយ ណាម៉ាន់ខឹងខ្លាំងណាស់ រួចក៏ចេញពីទីនោះហើយចង់ត្រឡប់ទៅផ្ទះវិញ។—ពង្សាវតារក្សត្រទី២ ៥:៩-១២
បើអ្នកជាអ្នកបម្រើម្នាក់របស់ណាម៉ាន់ តើអ្នកធ្វើអ្វី?— អ្នកបម្រើសួរគាត់ថា៖ ‹បើសិនជាអេលីសេប្រាប់ឲ្យលោកធ្វើការអ្វីដែលពិបាកស្មុគស្មាញ លោកនឹងធ្វើតាម មែនទេ? ដូច្នេះ សូមធ្វើការដ៏ងាយនេះទៅ គ្រាន់តែមុជទឹកហើយបានជាស្អាតនោះ›។ ណាម៉ាន់ស្ដាប់តាមអ្នកបម្រើ។ «លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង . . . នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេងៗ»។
ណាម៉ាន់ក៏វិលទៅឯអេលីសេរួចមានប្រសាសន៍ថា៖ «ឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ»។ ណាម៉ាន់សន្យាអេលីសេថាពីនេះទៅមុខ«នឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ»។—ពង្សាវតារក្សត្រទី២ ៥:១៣-១៧
តើអ្នកចង់ជួយនរណាម្នាក់ឲ្យរៀនអំពីព្រះយេហូវ៉ា និងអំពីអ្វីដែលលោកអាចសម្រេចបាន ដូចក្មេងស្រីតូចនោះបានធ្វើទេ?— ពេលលោកយេស៊ូរស់នៅផែនដី មានបុរសម្នាក់ដែលកើតជំងឺឃ្លង់ជឿលោក ហើយនិយាយថា៖ ‹លោកម្ចាស់ បើលោកចង់ជួយឲ្យខ្ញុំជាស្អាត នោះលោកអាចធ្វើបាន›។ តើអ្នកដឹងថាលោកយេស៊ូឆ្លើយតបយ៉ាងដូចម្ដេចទេ?— «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ លោកយេស៊ូបានធ្វើឲ្យគាត់ជាស្អាតមែន ដូចដែលព្រះយេហូវ៉ាបានធ្វើឲ្យណាម៉ាន់បានជាស្អាតដែរ។—ម៉ាថាយ ៨:២, ៣
តើអ្នកដឹងទេថា ព្រះយេហូវ៉ានឹងធ្វើពិភពលោកថ្មីដែលនៅទីនោះមនុស្សទាំងអស់នឹងមានសុខភាពល្អ ហើយអាចរស់ជារៀងរហូត?— (ពេត្រុសទី២ ៣:១៣; ការបើកបង្ហាញ ២១:៣, ៤) អ្នកប្រាកដជាចង់ប្រាប់អ្នកដទៃអំពីរឿងអស្ចារ្យទាំងនេះ មែនទេ?
សំណួរ:
○ តើក្មេងស្រីតូចដែលកងទ័ពរបស់លោកណាម៉ាន់បានចាប់នោះ បានជួយលោកណាម៉ាន់យ៉ាងដូចម្ដេច?
○ ហេតុអ្វីបានជាដំបូងឡើយណាម៉ាន់មិនចង់ធ្វើតាមបង្គាប់របស់អេលីសេ? ក៏ប៉ុន្តែ តើអ្វីដែលបានជំរុញឲ្យគាត់ប្ដូរគំនិត?
○ ដើម្បីធ្វើតាមគំរូក្មេងស្រីតូចនោះ តើអ្នកត្រូវតែមានចិត្តចង់ធ្វើអ្វី?
○ តើលោកយេស៊ូចង់ធ្វើអ្វី? ហើយហេតុអ្វីបានជាជីវិតនឹងមានសភាពដ៏ល្អអស្ចារ្យក្នុងពិភពលោកថ្មី?