លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកមនុស្សសុចរិតនឹងសរសើរព្រះរហូត

ពួកមនុស្សសុចរិតនឹងសរសើរព្រះរហូត

ពួក​មនុស្ស​សុចរិត​នឹង​សរសើរ​ព្រះ​រហូត

«គេ . . . នឹង​ចេះ​តែ​មាន​សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត . . . សេចក្ដី​សុចរិត​របស់​គេ​គង់នៅ​ជា​ដរាប»។—ទំនុក. ១១២:៦,

១​. (ក) តើ​មនុស្ស​ដែល​ព្រះ​ចាត់​ទុក​ជា​សុចរិត​អាច​មាន​អនាគត​ដ៏​រីករាយ​យ៉ាង​ណា? (ខ) តើ​នេះ​នាំ​ឲ្យ​យើង​សួរ​សំណួរ​អ្វី?

មនុស្ស​ដែល​ព្រះ​ចាត់​ទុក​ជា​សុចរិត ពិត​ជា​អាច​មាន​អនាគត​ដ៏​អស្ចារ្យ​មែន! ជា​រៀង​រហូត ពួក​គេ​នឹង​ត្រេក​អរ​ក្នុង​ការ​រៀន​ច្រើន​ថែម​ទៀត​អំពី​គុណ​សម្បត្ដិ​ដ៏​ល្អ​បំព្រង​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង កាល​ដែល​រៀន​ច្រើន​ទៅ​ទៀត​អំពី​ស្នា​ដៃ​របស់​ព្រះ។ លក្ខណៈ​សំខាន់​មួយ​ដើម្បី​ទទួល​អនាគត​ដ៏​រុងរឿង​បែប​នេះ​គឺ​«សេចក្ដី​សុចរិត» ដែល​បាន​ដៅ​បញ្ជាក់​ក្នុង​ទំនុកដំកើង​១១២។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​សុចរិត អាច​ចាត់​ទុក​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​ជា​សុចរិត​បាន​យ៉ាង​ដូច​ម្ដេច? មិន​ថា​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ដើម្បី​ធ្វើ​អ្វីៗ​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ យើង​រមែង​ធ្វើ​ខុស ហើយ​ជួនកាល​ជា​កំហុស​ធ្ងន់ធ្ងរ​ផង។—រ៉ូម ៣:២៣; យ៉ា. ៣:២

២​. តើ​អព្ភូតហេតុ​ពីរ​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់?

ដោយ​សេចក្ដី​ស្រឡាញ់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​វិធី​មួយ​ដែល​លោក​អាច​ចាត់​ទុក​មនុស្ស​ជា​សុចរិត​បាន។ តើ​លោក​បាន​ផ្ដល់​វិធី​យ៉ាង​ដូច​ម្ដេច? មុន​ដំបូង គឺ​ដោយ​ធ្វើ​អព្ភូតហេតុ​ក្នុង​ការ​ផ្ទេរ​ជីវិត​របស់​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌ ទៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ក្រមុំ​ម្នាក់​ដើម្បី​អាច​កើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ (លូក. ១:៣០​-​៣៥) ក្រោយ​ពី​សត្រូវ​បាន​សម្លាប់​លោក​យេស៊ូ នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​ទៀត។ ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ​ដ៏​រុងរឿង​មួយ​រូប។—១ពេ. ៣:១៨

៣​. ហេតុ​អ្វី​បាន​ជា​ព្រះ​ពេញ​ចិត្ត​ផ្ដល់​រង្វាន់​ដែល​ជា​ជីវិត​នៅ​លើ​ស្ថាន​សួគ៌​ឲ្យ​បុត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​មួយ​ជា​រង្វាន់​ដល់​លោក​យេស៊ូ​ដែល​លោក​មិន​មាន​មុន​កើត​ជា​មនុស្ស​ទេ ពោល​គឺ​ជីវិត​ដែល​មិន​អាច​ត្រូវ​បំផ្លាញ​បាន​ឡើយ។ (ហេ. ៧:១៥​-​១៧, ២៨) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ផ្ដល់​រង្វាន់​នេះ​ឲ្យ​លោក​យេស៊ូ​ដោយ​សារ​លោក​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ក្រោម​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ ដោយ​ហេតុ​នេះ លោក​យេស៊ូ​ផ្ដល់​ចម្លើយ​ដ៏​ល្អ​និង​ខ្លាំង​បំផុត​ឲ្យ​បិតា​របស់​លោក ចំពោះ​ពាក្យ​កុហក​របស់​សាថាន​ដែល​ថា មនុស្ស​បម្រើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន មិន​មែន​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ស្ថិតស្ថេរ​រហូត​ឡើយ។—សុ. ២៧:១១

៤​. (ក) ពេល​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ តើ​លោក​បាន​ធ្វើ​អ្វី​ដើម្បី​យើង? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី? (ខ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​អ្នក?

នៅ​ឯ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ធ្វើ​កិច្ចការ​ច្រើន​ទៀត។ លោក​បាន​«បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ផ្ទាល់​ដើម្បី​យើង»​ដោយ​យក​តម្លៃ​នៃ​«ឈាម​របស់​លោក​ផ្ទាល់»។ បិតា​ដ៏​ជា​ទី​ស្រឡាញ់​នៅ​ឯ​ស្ថាន​សួគ៌​របស់​យើង​បាន​ទទួល​គ្រឿង​បូជា​ដ៏​មាន​តម្លៃ​របស់​លោក​យេស៊ូ​ដោយ​សេចក្ដី​សប្បុរស ធ្វើ​ជា​«គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ ហើយ​លោះ​យើង​ពី​ការ​ខុស​ឆ្គង»។ ហេតុ​នេះ​ហើយ ដោយ​បាន​‹ជម្រះ​សមត្ថភាព​វិនិច្ឆ័យ​ឲ្យ​ស្អាត› យើង​អាច​បំពេញ​«កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»។ នេះ​ជា​មូលហេតុ​ឲ្យ​យើង​ឯកភាព​ជា​មួយ​នឹង​ពាក្យ​ផ្ដើម​នៃ​ទំនុកដំកើង​១១២​ដែល​ថា​៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា»!ហេ. ៩:១២​-​១៤, ២៤; ១យ៉ូន. ២:២

៥​. (ក) ដើម្បី​ឲ្យ​ព្រះ​នៅ​តែ​ចាត់​ទុក​យើង​ជា​សុចរិត តើ​យើង​ត្រូវ​ធ្វើ​អ្វី? (ខ) តើ​ទំនុក​១១១​និង​ទំនុក​១១២​ត្រូវ​បាន​រៀប​ចំ​តាម​របៀប​ណា?

ដើម្បី​ឲ្យ​ព្រះ​នៅ​តែ​ចាត់​ទុក​យើង​ជា​សុចរិត នោះ​យើង​ត្រូវ​រក្សា​ជំនឿ​លើ​ឈាម​របស់​លោក​យេស៊ូ​ដែល​បាន​បង្ហូរ​ចេញ​មក។ យើង​គួរ​ថ្លែង​អំណរ​អរគុណ​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​លោក​ស្រឡាញ់​យើង​ច្រើន​ណាស់។ (យ៉ូន. ៣:១៦) ណា​មួយ​ទៀត យើង​ក៏​ត្រូវ​សិក្សា​បណ្ដាំ​របស់​ព្រះ ព្រម​ទាំង​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​សារ​ដែល​មាន​ក្នុង​បណ្ដាំ​នោះ​ដែរ។ ទំនុកដំកើង​១១២ មាន​យោបល់​ល្អៗ​សម្រាប់​អស់​អ្នក​ដែល​ចង់​រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដ៏​ស្អាត​ចំពោះ​ព្រះ។ ទំនុក​នេះ​ជាប់​ទាក់​ទង​នឹង​ទំនុកដំកើង​១១១។ ទំនុក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ដោយ​ពាក្យ​ឧទាន​ដែល​ថា​«ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា!» ឬ​«ហាលេលូយ៉ា!»។ ណា​មួយ​ទៀត ក្នុង​ភាសា​ដើម បន្ទាប់​ពី​ពាក្យ​ផ្ដើម​ក្នុង​ទំនុក​ទាំង​ពីរ​នេះ មាន​២២​ជួរ ហើយ​ជួរ​នីមួយៗ​នោះ​ត្រូវ​បាន​រៀប​ចំ​តាម​លំដាប់​អក្សរ​នៃ​ភាសា​ហេប្រឺ​ដែល​មាន​២២​តួ​អក្សរ។ *

មូលដ្ឋាន​ដើម្បី​មាន​សុភមង្គល

៦​. តើ​«អ្នក»​ដែល​កោត​ខ្លាច​ព្រះ​ដែល​បាន​រៀប​រាប់​ក្នុង​ទំនុកដំកើង​១១២​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច?

«មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់។ ពូជ​ពង្ស​របស់​អ្នក​នោះ នឹង​បាន​ពូកែ​នៅ​ផែនដី ឯ​ដំណ​មនុស្ស​ទៀង​ត្រង់​គេ​នឹង​បាន​ពរ»។ (ទំនុក. ១១២:១, ២) សូម​កត់​សម្គាល់​ថា​មុន​ដំបូង​អ្នក​តែង​បទ​ទំនុកដំកើង​ប្រើ​ពាក្យ​ឯកវចនៈ​ដែល​ថា​«អ្នក»​ដើម្បី​រៀប​រាប់​អំពី​បុគ្គល​ម្នាក់ ហើយ​ក្រោយ​មក​នៅ​ចុង​ខ​២ គាត់​បាន​ផ្លាស់​ប្ដូរ​ដោយ​ប្រើ​ពាក្យ​ពហុវចនៈ​ដែល​ថា​«មនុស្ស​ទៀង​ត្រង់​គេ»។ នេះ​បង្ហើប​ថា​ទំនុក​១១២​អាច​សំដៅ​ទៅ​លើ​ក្រុម​ដែល​មាន​មនុស្ស​ជា​ច្រើន។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាវ័ក​ប៉ុល​ប្រើ​ទំនុកដំកើង ១១២:៩ ដើម្បី​សំដៅ​ទៅ​លើ​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ (សូម​អាន កូរិនថូសទី២ ៩:៨, ៩) ទំនុក​នេះ​ពិត​ជា​ពិពណ៌នា​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​អាច​មាន​សុភមង្គល!

៧​. ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បម្រើ​ព្រះ​ត្រូវ​មាន​ការ​កោត​ខ្លាច​ព្រះ? ហើយ​តើ​គប្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​សេចក្ដី​បង្គាប់​របស់​ព្រះ?

ដូច​បាន​បញ្ជាក់​ក្នុង​ទំនុកដំកើង ១១២:១ ពួក​គ្រិស្ត​សាសនិក​ពិត​ទាំង​នេះ​មាន​សុភមង្គល​ដ៏​ក្រៃ​លែង ខណៈ​ដែល​ពួក​គេ​រស់​នៅ​ដោយ​«កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»។ ការ​ខ្លាច​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខុស​ពី​ចិត្ត​ព្រះ​ជួយ​ពួក​គេ​ក្នុង​ការ​ទប់​ទល់​នឹង​ចិត្ត​គំនិត​នៃ​មនុស្ស​ក្នុង​ពិភព​លោក​របស់​សាថាន។ ពួក​គេ​«មាន​សេចក្ដី​អំណរ​ជា​ខ្លាំង»​ក្នុង​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ និង​ស្ដាប់​តាម​បង្គាប់​របស់​លោក​ផង។ នេះ​រួម​បញ្ចូល​សេចក្ដី​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ទូ​ទាំង​ផែនដី។ ពួក​គេ​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម ខណៈ​ដែល​ពួក​គេ​ព្រមាន​មនុស្ស​អាក្រក់​អំពី​ថ្ងៃ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​ដែល​ជិត​មក​ដល់​ហើយ។—អេសេ. ៣:១៧, ១៨; ម៉ាថ. ២៨:១៩, ២០

៨​. (ក) ដោយ​ព្រោះ​រាស្ត្រ​របស់​ព្រះ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​កិច្ចការ​របស់​លោក តើ​ពួក​គេ​បាន​ទទួល​រង្វាន់​យ៉ាង​ដូច​ម្ដេច? (ខ) នៅ​ថ្ងៃ​អនាគត តើ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​នឹង​ទទួល​ពរ​អ្វី​ទៀត?

ដោយ​ព្រោះ​ពួក​អ្នក​បម្រើ​ព្រះ​នៅ​លើ​ផែនដី​បាន​ស្ដាប់​តាម​បង្គាប់​ដូច​បាន​រៀប​រាប់​នៅ​វគ្គ​មុន នោះ​សព្វ​ថ្ងៃ​ពួក​គេ​មាន​ចំនួន​ប្រាំពីរ​លាន​នាក់។ គ្មាន​មនុស្ស​ណា​ដែល​អាច​បដិសេធ​ថា រាស្ត្រ​របស់​ព្រះ​បាន​ទៅ​ជា​«ពូកែ​នៅ​ផែនដី» មែន​ទេ? (យ៉ូន. ១០:១៦; បប. ៧:៩, ១៤) ណា​មួយ​ទៀត ពួក​គេ​នឹង​ពិត​ជា​«បាន​ពរ»​កាល​ដែល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក! ជា​ក្រុម អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី នឹង​រួច​រស់​ជីវិត​ពី​«គ្រា​ទុក្ខវេទនា​ជា​ខ្លាំង»​ដែល​ជិត​មក​ដល់ ដើម្បី​បង្កើត​«ផែនដី​ថ្មី»​ដែល​«សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប»។ បន្ដិច​ម្ដងៗ អស់​អ្នក​ដែល​រួច​រស់​ជីវិត​ពី​សង្គ្រាម​ហា​ម៉ា​គេ​ដូន​«នឹង​បាន​ពរ»​កាន់​តែ​ច្រើន​ទៅ​ទៀត។ ពួក​គេ​នឹង​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ស្វាគមន៍​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នេះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន! នៅ​ទី​បំផុត អស់​អ្នក​ដែល​«មាន​សេចក្ដី​អំណរ​ជា​ខ្លាំង»​ក្នុង​បណ្ដាំ​របស់​ព្រះ​នឹង​ទទួល​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​រីករាយ​ជា​និរន្តរ៍​នឹង​«សេរីភាព​រុងរឿង​ជា​កូន​ព្រះ»។—២ពេ. ៣:១៣; រ៉ូម ៨:២១

ប្រើប្រាស់​ទ្រព្យ​សម្បត្ដិ​ដោយ​ប្រាជ្ញា

៩, ១០​. តើ​ពួក​គ្រិស្ត​សាសនិក​ពិត​បាន​យក​ប្រាជ្ញា និង​ចំណេះ​អំពី​ព្រះ​ដើម្បី​ជា​ប្រយោជន៍​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សេចក្ដី​សុចរិត​របស់​ពួក​គេ​នឹង​គង់នៅ​ជា​ដរាប​យ៉ាង​ដូច​ម្ដេច?

«ចំណែក​ធនធាន នឹង​ទ្រព្យ​សម្បត្ដិ រមែង​មាន​នៅ​ក្នុង​ផ្ទះ​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ​ក៏​គង់នៅ​ជា​ដរាប។ មាន​ពន្លឺ​ភ្លឺ​ឡើង ក្នុង​ទី​ងងឹត សំ​រាប់​មនុស្ស​ទៀង​ត្រង់ គេ​ជា​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​មេត្ដា​ករុណា អាណិត​អាសូរ ហើយ​សុចរិត»។ (ទំនុក. ១១២:៣, ៤) នៅ​សម័យ​គម្ពីរ អ្នក​បម្រើ​ព្រះ​ខ្លះ​មាន​ឈ្មោះ​ជា​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ។ ក្នុង​ន័យ​ម្យ៉ាង​ទៀត អស់​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត ក្លាយ​ទៅ​ជា​អ្នក​មាន​ដ៏​ពិត​ប្រាកដ ទោះ​ជា​មិន​មែន​ខាង​ទ្រព្យ​សម្បត្ដិ​ក៏​ដោយ។ តាម​ការ​ពិត មនុស្ស​ភាគ​ច្រើន​ដែល​សម្រេច​ចិត្ត​បន្ទាប​ខ្លួន​ចំពោះ​ព្រះ ទំនង​ជា​អ្នក​ក្រី​ក្រ​និង​អ្នក​ដែល​គេ​មើល​ងាយ ដូច​ធ្លាប់​មាន​នៅ​សម័យ​លោក​យេស៊ូ​ដែរ។ (លូក​. ៤:១៨; ៧:​២២; យ៉ូន. ៧:៤៩) ក៏​ប៉ុន្តែ​មិន​ថា​យើង​មាន​ទ្រព្យ​សម្បត្ដិ​តិច​ឬ​ច្រើន​ក៏​ដោយ យើង​អាច​ទៅ​ជា​អ្នក​មាន​ក្នុង​ន័យ​ធៀប ពោល​គឺ​ជា​អ្នក​មាន​ខាង​ប្រាជ្ញា​និង​ចំណេះ​អំពី​ព្រះ។—ម៉ាថ. ៦:​២០; ១ធី. ៦:១៨, ១៩; សូម​អាន យ៉ាកុប ២:៥

១០ ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ រួម​ជា​មួយ​គូ​កន​របស់​ពួក​គេ មិន​ទុក​ប្រាជ្ញា​និង​ចំណេះ​អំពី​ព្រះ​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​លេច​ជា​«ពន្លឺ»​ក្នុង​ពិភព​លោក​ដ៏​ងងឹត​របស់​សាថាន​ដើម្បី​«ភ្លឺ​ឡើង . . . សំរាប់​មនុស្ស​ទៀង​ត្រង់»។ ពូក​គេ​ធ្វើ​ដូច្នេះ​ដោយ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​និង​ចំណេះ​អំពី​ព្រះ​ដែល​មាន​តម្លៃ។ អ្នក​ប្រឆាំង​បាន​ខំ​ប្រឹង​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ តែ​ពួក​គេ​បាន​ទទួល​បរាជ័យ។ ផ្ទុយ​ទៅ​វិញ ផល​ពី​កិច្ចការ​ដ៏​សុចរិត​នេះ​នឹង‹គង់​ជា​ដរាប›។ ដោយ​រក្សា​ភាព​សុចរិត​ក្រោម​ការ​ល្បង​ល នោះ​អ្នក​បម្រើ​របស់​ព្រះ​អាច​មាន​ទំនុក​ចិត្ត​ថា​នឹង​«គង់នៅ​ជា​ដរាប» ពោល​គឺ​មាន​ជីវិត​រស់​នៅ​ដែល​គ្មាន​ទី​បញ្ចប់។

១១, ១២​. តើ​រាស្ត្រ​របស់​ព្រះ​បាន​ប្រើប្រាស់​ទ្រព្យ​សម្បត្ដិ​ដែល​ពួក​គេ​មាន​តាម​វិធី​ណាខ្លះ?

១១ រាស្ត្រ​របស់​ព្រះ រួម​ទាំង​ក្រុម​នៃ​ខ្ញុំ​បម្រើ​និង​ពួក​អ្នក​ដែល​ជា​សមាជិក​នៃ​«មនុស្ស​មួយ​ក្រុម​ធំ» បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​មាន​ចិត្ត​ទូលាយ​ចំពោះ​ទ្រព្យ​សម្បត្ដិ។ ទំនុកដំកើង ១១២:៩​ចែង​ថា​៖ «គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់»។ ជា​ញឹក​ញយ គ្រិស្ត​សាសនិក​ពិត​សព្វ​ថ្ងៃ​ជូន​ទ្រព្យ​សម្បត្ដិ​ដល់​បង​ប្អូន​រួម​ជំនឿ ព្រម​ទាំង​អ្នក​ជិត​ខាង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ផង។ ពួក​គេ​ក៏​ប្រើ​ទ្រព្យ​សម្បត្ដិ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​ស្ថិត​នៅ​កន្លែង​ដែល​រង​គ្រោះ​មហន្តរាយ។ ដូច​លោក​យេស៊ូ​បាន​បញ្ជាក់ កិច្ចការ​បែប​នេះ​ក៏​ជា​ប្រភព​នៃ​សុភមង្គល​ដែរ។—សូម​អាន សកម្មភាព ២០:​៣៥; កូរិនថូសទី២ ៩:៧

១២ បន្ថែម​ទៅ​ទៀត សូម​គិត​អំពី​ចំនួន​ប្រាក់​ដែល​ត្រូវ​ចំណាយ​ដើម្បី​បោះពុម្ព​ទស្សនាវដ្ដី​នេះ​ក្នុង​១៧២​ភាសា ហើយ​ភាគ​ច្រើន​មនុស្ស​ដែល​និយាយ​ភាសា​ប៉ុន្មាន​នោះ​គឺជា​មនុស្ស​ក្រី​ក្រ។ សូម​គិត​ដែរ​ថា ទស្សនាវដ្ដី​នេះ​ត្រូវ​បាន​បោះពុម្ព​ក្នុង​ភាសា​គ​សម្រាប់​មនុស្ស​ថ្លង់ ព្រម​ទាំង​ជា​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក​ផង។

ចិត្ត​ទូលាយ​និង​យុត្ដិធម៌

១៣​. តើ​នរណា​តាំង​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​ដោយ​ចិត្ត​ទូលាយ? តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៣«អ្នក​ណា​ដែល​មាន​ចិត្ត​មេត្ដា​[ឬ​«ចិត្ត​ទូលាយ»] ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ»។ (ទំនុក. ១១២:៥; ទន. ១១២:៥, ខ.ស.) អ្នក​ប្រហែលជា​បាន​សង្កេត​ឃើញ​ថា​មនុស្ស​ដែល​ផ្ដល់​ជំនួយ​ដល់​អ្នក​ដទៃ​មិន​តែង​តែ​ប្រព្រឹត្ត​យ៉ាង​គួរ​សម​ទេ។ អ្នក​ខ្លះ​ផ្ដល់​ដើម្បី​បង្ហាញ​ថា​ខ្លួន​មាន​អ្វី​ច្រើន​ជាង​អ្នក​ឯ​ទៀត ឬ​ដោយ​ចិត្ត​ទើស​ទាល់។ យើង​ពិត​ជា​មិន​រីករាយ​ទេ​បើ​ទទួល​ជំនួយ​ពី​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​ថោក​ទាប ឬ​ថា​យើង​កំពុង​រំខាន ឬ​ជា​បន្ទុក​ចំពោះ​ពួក​គេ។ ផ្ទុយ​ទៅ​វិញ ការ​ទទួល​ជំនួយ​ពី​បុគ្គល​ណា​ដែល​មាន​ចិត្ត​ទូលាយ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​មែន។ ព្រះ​យេហូវ៉ា​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ជា​អ្នក​ដែល​ផ្ដល់​ដោយ​មាន​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បាយ។ (១ធី. ១:១១; យ៉ា. ១:៥, ១៧) លោក​យេស៊ូ​គ្រិស្ត​មាន​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បាយ​ដូច​បិតា​លោក​បេះបិទ។ (ម៉ាក. ១:៤០​-​៤២) យ៉ាង​នេះ ដើម្បី​ឲ្យ​ព្រះ​ចាត់​ទុក​យើង​ជា​សុចរិត យើង​ត្រូវ​ផ្ដល់​ដោយ​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បាយ ជា​ពិសេស​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ពេល​យើង​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ​យេហូវ៉ា។

១៤​. តើ​តាម​វិធី​ណាខ្លះ​ដែល​យើង​អាច‹រក្សា​ទុក​នូវ​កិច្ចការ​របស់​យើង​តាម​សេចក្ដី​យុត្ដិធម៌›?

១៤«អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ចការ​ខ្លួន តាម​សេចក្ដី​យុត្ដិធម៌»។ (ទំនុក. ១១២:៥) ដូច​បាន​ទាយ​ទុក ក្រុម​នៃ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ម្ចាស់ ដោយ​សម​ស្រប​តាម​សេចក្ដី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ (សូម​អាន លូកា ១២:​៤២​-​៤៤) សេចក្ដី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ក៏​ត្រូវ​បាន​ឃើញ​តាម​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ក្រុម​នៃ​ខ្ញុំ​បម្រើ​ជូន​ដល់​ពួក​អ្នក​ចាស់​ទុំ ដែល​ជួនកាល​ត្រូវ​តែ​ជួយ​សមាជិក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ។ របៀប​ដែល​ក្រុម​នៃ​ខ្ញុំ​បម្រើ​សម្រេច​កិច្ចការ​ប្រកប​ដោយ​យុត្ដិធម៌ ក៏​ស​ឲ្យ​ឃើញ​តាម​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ពួក​គាត់​ផ្ដល់​ឲ្យ​ស្តី​អំពី​ដំណើរ​ការ​ដែល​ក្រុម​ជំនុំ ផ្ទះ​សាសនទូត និង​បេតអែល​ទាំង​ឡាយ​គួរ​មាន។ មិន​ត្រឹម​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បង្ហាញ​ភាព​យុត្ដិធម៌ តែ​គ្រិស្ត​សាសនិក​ឯ​ទៀត​ក៏​ត្រូវ​បង្ហាញ​ដែរ ក្នុង​ទំនាក់​ទំនង​ជា​មួយ​គ្នា និង​អ្នក​ដែល​មិន​រួម​ជំនឿ រួម​ទាំង​ក្នុង​ការ​រក​ស៊ី​ផង​ដែរ។—សូម​អាន មីកា ៦:៨, ១១

ពរ​សម្រាប់​មនុស្ស​សុចរិត

១៥, ១៦​. (ក) តើ​ព័ត៌មាន​អាក្រក់​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​លើ​មនុស្ស​សុចរិត​យ៉ាង​ណា? (ខ) តើ​ពួក​អ្នក​បម្រើ​របស់​ព្រះ​បាន​តាំង​ចិត្ត​បន្ត​ធ្វើ​អ្វី?

១៥«ដ្បិត​គេ​មិន​ត្រូវ​រង្គើ​ឡើយ នឹង​ចេះ​តែ​មាន​សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នៅ​ជា​រៀង​រាប​ដរាប។ អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ។ ចិត្ត​គេ​បាន​មាំ​មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា។ ចិត្ត​គេ​បាន​តាំង​ខ្ជាប់ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន»។ (ទំនុក. ១១២:៦​-​៨) ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ យើង​មិន​ធ្លាប់​មាន​ព័ត៌មាន​អាក្រក់ ដូច​ជា​សង្គ្រាម ភេរវកម្ម ជំងឺ​ថ្មីៗ​និង​ជំងឺ​ចាស់ៗ​ដែល​នៅ​តែ​មាន ឧក្រិដ្ឋកម្ម ភាព​ក្រី​ក្រ និង​ការ​ធ្វើ​ឲ្យ​កខ្វក់​ដែល​បង្ខូច​ផែនដី​ជា​ដើម។ អស់​អ្នក​ដែល​ព្រះ​ចាត់​ទុក​ជា​សុចរិត​មិន​អាច​គេច​ផុត​ឥទ្ធិពល​នៃ​ព័ត៌មាន​អាក្រក់​នេះ​បាន​ឡើយ តែ​ពួក​គេ​មិន​ភ័យ​ស្លុត​ស្លន់​ពេល​ឮ​ព័ត៌មាន​បែប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ចិត្ត​របស់​ពួក​គេ​បាន​«មាំ​មួន»​និង​«ខ្ជាប់ខ្ជួន» ខណៈ​ដែល​ពួក​គេ​ទន្ទឹង​ចាំ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត​ថា​ពិភព​លោក​ដ៏​សុចរិត​របស់​ព្រះ​គឺ​ជិត​ណាស់​ហើយ។ ប្រសិនបើ​មាន​មហន្តរាយ ពួក​គេ​អាច​តស៊ូ​យ៉ាង​ល្អ​ជាង​ដោយ​ព្រោះ​ពួក​គេ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ លោក​មិន​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​សុចរិត​របស់​លោក​«រង្គើ»​ឡើយ តែ​លោក​ផ្ដល់​ជំនួយ​និង​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​បាន។—ភី. ៤:១៣

១៦ អ្នក​សុចរិត​របស់​ព្រះ​ក៏​ត្រូវ​តែ​ទ្រាំ​នឹង​សម្អប់ និង​ពាក្យ​កុហក​ដែល​អ្នក​ប្រឆាំង​ផ្សាយ ប៉ុន្តែ​នេះ​មិន​បាន​បញ្ឈប់​គ្រិស្ត​សាសនិក​ពិត​ឡើយ ហើយ​ការ​ផ្សាយ​របស់​អ្នក​ប្រឆាំង​ក៏​នឹង​ទទួល​បរាជ័យ​រហូត។ ផ្ទុយ​ទៅ​វិញ ដោយ​កាន់​ខ្ជាប់ខ្ជួន​និង​រឹង​មាំ នោះ​អ្នក​បម្រើ​របស់​ព្រះ​បន្ត​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ពួក​គេ ពោល​គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ ហើយ​បញ្ចុះ​បញ្ចូល​អ្នក​ដែល​ស្ដាប់​តាម​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស។ យើង​ពិត​ជា​ដឹង​ថា​មនុស្ស​សុចរិត​នឹង​ទទួល​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​កាល​ដែល​ទី​បញ្ចប់​ជិត​មក​ដល់។ សេចក្ដី​ស្អប់​បែប​នេះ​នឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ពេល​នោះ​សាថាន​ដែល​ជា​មេកំណាច​នឹង​ពាធា​យើង ក្នុង​ឋានៈ​ជា​កុក​នៃ​ម៉ា​កុក។ នៅ​ទី​បំផុត​យើង​នឹង‹ឃើញ​ពួក​សត្រូវ​របស់​យើង› កាល​ដែល​ពួក​គេ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​មុខ។ ពេល​យើង​ឃើញ​នាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​វិញ នោះ​ពិត​ជា​ពេល​ដ៏​រីករាយ​មែន!—អេសេ. ៣៨:១៨, ២២, ២៣

‹លើក​មុខ​ឲ្យ​មាន​កិត្ដិសព្ទ›

១៧​. តើ​អ្នក​សុចរិត​នឹង​ត្រូវ​បាន​«លើក​មុខ . . . ឲ្យ​មាន​កិត្ដិសព្ទ»​យ៉ាង​ដូច​ម្ដេច?

១៧ ពេល​យើង​អាច​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ការ​ប្រឆាំង​ពី​មេកំណាច​និង​ពិភព​លោក​របស់​វា យើង​ពិត​ជា​មាន​ចិត្ត​ដ៏​សែន​សប្បាយ​មែន! អស់​អ្នក​ដែល​រក្សា​ឲ្យ​ព្រះ​ចាត់​ទុក​ជា​មនុស្ស​សុចរិត​នឹង​រីករាយ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ ពួក​គេ​នឹង​មិន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​មុខ​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​ក៏​សន្យា​ថា​«មុខ»​នៃ​អ្នក​សុចរិត​របស់​លោក​«នឹង​[ត្រូវ​បាន]​លើក . . . ឲ្យ​មាន​កិត្ដិសព្ទ»។ (ទំនុក. ១១២:៩) អ្នក​សុចរិត​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រេក​អរ​ណាស់ ពេល​ឃើញ​សត្រូវ​ទាំង​អស់​ដែល​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ទទួល​បរាជ័យ។

១៨​. តើ​ពាក្យ​បញ្ចប់​នៃ​ទំនុកដំកើង​១១២​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៨«ពួក​មនុស្ស​អាក្រក់​នឹង​មើល​ឃើញ ហើយ​នឹង​មាន​ចិត្ត​ក្នាញ់។ គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ។ បំណង​ចិត្ត​នៃ​មនុស្ស​អាក្រក់​នោះ នឹង​វិនាស​សូន្យ​ទៅ​វិញ»។ (ទំនុក. ១១២:១០) មិន​យូរ​ប៉ុន្មាន​ទៀត អស់​អ្នក​ដែល​មាន​ចិត្ត​ឈ្នានីស​និង​ចិត្ត​ស្អប់ ដែល​បន្ត​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​នឹង​«រលាយ​បាត់​ទៅ»។ ពួក​គេ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​ដែល​ចង់​បញ្ឈប់​កិច្ចការ​របស់​យើង នឹង​វិនាស​សាប​សូន្យ​ទៅ​ជា​មួយ​គ្នា ក្នុង​អំឡុង​«គ្រា​ទុក្ខវេទនា​ជា​ខ្លាំង»​ដែល​ជិត​មក​ដល់។—ម៉ាថ. ២៤:២១

១៩​. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​លើ​អ្វី?

១៩ តើ​អ្នក​នឹង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ចិត្ត​សប្បាយ​ដែល​រួច​រស់​ជីវិត​ដោយ​សារ​ជ័យ​ជម្នះ​ដ៏​ធំ​នោះ​ទេ? ឬ​ក៏​ប្រសិន​បើ​អ្នក​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ឬ​ភាព​ចាស់​ជរា​មុន​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន តើ​អ្នក​នឹង​ស្ថិត​ក្នុង​ចំណោម​«មនុស្ស​សុចរិត»​ដែល​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ? (សកម្ម​. ២៤:១៥) អ្នក​អាច​ឆ្លើយ​ថា មែន! ចំពោះ​សំណួរ​ទាំង​ពីរ​នេះ​ប្រសិន​បើ​អ្នក​បន្ត​មាន​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ ហើយ​បន្ត​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ដូច​អស់​អ្នក​ដែល​ត្រូវ​បាន​តំណាង​ដោយ​«អ្នក»​សុចរិត​ដែល​បាន​ពណ៌​នា​ក្នុង​ទំនុកដំកើង​១១២។ (សូម​អាន អេភេសូរ ៥:១, ២) ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​ឲ្យ​«សេចក្ដី​នឹក​ចាំ»​ពី​មនុស្ស​បែប​នេះ ព្រម​ទាំង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​គេ​នឹង​មិន​ត្រូវ​បំភ្លេច​បាន​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ចង​ចាំ​ហើយ​ស្រឡាញ់​ពួក​គេ​ជា​រៀង​រហូត។—ទំនុក. ១១២:៣, ៦,

[កំណត់​សម្គាល់]

^ វគ្គ 5 ទំនុក​ទាំង​ពីរ​នេះ​បង្គ្រប់​គ្នា។ នេះ​គឺ​ស​ឲ្យ​ឃើញ​តាម​របៀប​ដែល​ឃ្លា​នីមួយៗ​ត្រូវ​បាន​រៀប​ចំ ព្រម​ទាំង​ព័ត៌មាន​ក្នុង​ឃ្លា​ផង។ គុណ​សម្បត្ដិ​របស់​ព្រះ​ដែល​ត្រូវ​បាន​សរសើរ​ក្នុង​ទំនុកដំកើង​១១១ នោះ​ក៏​បាន​យក​តម្រាប់​តាម​ដែរ​ដោយ​«អ្នក»​កោត​ខ្លាច​ព្រះ​នៅ​ក្នុង​ទំនុកដំកើង​១១២ ដូច​បាន​ឃើញ​ដោយ​ប្រៀប​ធៀប​ទំនុកដំកើង ១១១:៣, ៤ ជា​មួយ​នឹង​ទំនុកដំកើង ១១២:៣, ៤

សំណួរ​ដើម្បី​រំពឹង​គិត

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​ពោល​ពាក្យ​«ហាលេលូយ៉ា»?

តើ​មាន​ការ​លូត​លាស់​អ្វី​នៅ​សម័យ​នេះ​ដែល​ធ្វើ​ឲ្យ​ពួក​គ្រិស្ត​សាសនិក​ពិត​សប្បាយ​ដល់​ម្ល៉េះ?

តើ​អ្នក​ឲ្យ​បែប​ណា​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៩]

ដើម្បី​ឲ្យ​ព្រះ​នៅ​តែ​ចាត់​ទុក​យើង​ជា​សុចរិត នោះ​យើង​ត្រូវ​រក្សា​ជំនឿ​លើ​ឈាម​របស់​លោក​យេស៊ូ​ដែល​បាន​បង្ហូរ​ចេញ​មក

[រូបភាព​នៅ​ទំព័រ​៣១]

ការ​ធ្វើ​វិភាគ​ទាន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​អាច​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ និង​ក្នុង​ការ​ចែក​ចាយ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ