ព្រះយេហូវ៉ាសមនឹងទទួលការសរសើរពីយើងគ្រប់គ្នា
ព្រះយេហូវ៉ាសមនឹងទទួលការសរសើរពីយើងគ្រប់គ្នា
«ចូរសរសើរដល់ព្រះយេហូវ៉ា!»។—ទំនុក. ១១១:១
១, ២. តើពាក្យ«ហាលេលូយ៉ា»មានន័យអ្វី? ហើយតើបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចប្រើពាក្យនេះយ៉ាងដូចម្ដេច?
ពាក្យ«ហាលេលូយ៉ា» ជាពាក្យមួយដែលត្រូវបានឧទានជាច្រើនដងនៅឯវិហារនៃពិភពគ្រិស្តសាសនា។ មនុស្សខ្លះប្រើពាក្យនេះជាធម្មតាក្នុងការសន្ទនាប្រចាំថ្ងៃ។ ក៏ប៉ុន្តែ មនុស្សតិចណាស់យល់ដឹងអំពីអត្ថន័យដ៏ពិសិដ្ឋនៃពាក្យនោះ ហើយការរស់នៅនៃមនុស្សជាច្រើនដែលប្រើពាក្យនោះ បង្ខូចឈ្មោះព្រះតែម្ដង។ (ទីត. ១:១៦) វចនានុក្រមមួយបានបកស្រាយពាក្យ«ហាលេលូយ៉ា»ថាជា«ពាក្យដែលត្រូវបានប្រើដោយអ្នកតែងបទទំនុកដំកើងផ្សេងៗ ដើម្បីអញ្ជើញមនុស្សគ្រប់គ្នាឲ្យសរសើរព្រះយេហូវ៉ាជាមួយពួកគាត់»។ តាមពិត បណ្ឌិតគម្ពីរមួយចំនួនបានលើកបញ្ជាក់ថាពាក្យ«ហាលេលូយ៉ា»មានន័យថា«‹ចូរសរសើរដល់យ៉ា› ពោលគឺព្រះយេហូវ៉ា»។
២ ហេតុនេះហើយបានជាសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ បកប្រែពាក្យនេះក្នុងទំនុកដំកើង ១១១:១ «ចូរសរសើរដល់ព្រះយេហូវ៉ា»។ ក្នុងសៀវភៅការបើកបង្ហាញ ១៩:១-៦មានពាក្យនេះជាភាសាក្រិចបួនដងពេលរៀបរាប់អំពីទីបញ្ចប់នៃសាសនាមិនពិត។ ពេលព្រឹត្ដិការណ៍នេះកើតឡើង នោះអ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងមានមូលហេតុដ៏ពិសេសដើម្បីប្រើពាក្យ«ហាលេលូយ៉ា»តាមវិធីដែលបង្ហាញការគោរព។
ស្នាដៃដ៏ធំវិសេសរបស់លោក
៣. តើអ្វីជាគោលបំណងចម្បងនៃការជួបជុំគ្នាជារឿយៗ?
៣ អ្នកតែងទំនុក១១១ផ្ដល់មូលហេតុជាច្រើនដែលព្រះយេហូវ៉ាសមនឹងទទួលការសរសើរពីយើងគ្រប់គ្នា។ ខទី១ចែងថា៖ «ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ាដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន»។ សាក្សីព្រះយេហូវ៉ាមានអារម្មណ៍ដូចនេះសព្វថ្ងៃ។ គោលបំណងចម្បងនៃការជួបជុំគ្នាជារឿយៗនៅឯក្រុមជំនុំនិងមហាសន្និបាតធំៗ គឺដើម្បីសរសើរព្រះយេហូវ៉ា។
៤. តើមនុស្សជាតិអាចស្វែងរកស្នាដៃរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤«អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះបានស្វែងរកតាម»។ (ទំនុក. ១១១:២) សូមកត់សម្គាល់ពាក្យដែលថា«ស្វែងរកតាម»។ ផ្អែកទៅលើឯកសារយោងមួយ ខនេះអាចសំដៅទៅលើមនុស្សដែល«ជាប់រវល់ក្នុងការសិក្សានិងរំពឹងគិតយ៉ាងដិតដល់»អំពីស្នាដៃរបស់ព្រះ។ ការបង្កើតរបស់ព្រះយេហូវ៉ាពោរពេញទៅដោយគោលបំណងដ៏ល្អអស្ចារ្យ។ លោកបានតាំងព្រះអាទិត្យ ផែនដី និងព្រះចន្ទដោយមានចម្ងាយត្រឹមត្រូវពីគ្នា ដើម្បីឲ្យផែនដីយើងមានកម្ដៅនិងពន្លឺ យប់និងថ្ងៃ ព្រមទាំងរដូវនិងជំនោរហើយលំនាចសមុទ្រផង។
៥. តើការយល់ដឹងកាន់តែច្រើនឡើងរបស់មនុស្សជាតិអំពីសកលលោកបានបង្ហាញអ្វី?
៥ ពួកវិទ្យាសាស្ត្របានរកឃើញព័ត៌មានជាច្រើនស្តីអំពីទីតាំងនៃផែនដីក្នុងប្រព័ន្ធព្រះអាទិត្យ ព្រមទាំងដឹងអំពីដំណើរគោចរ ទំហំ និងម៉ាសធំល្មមនៃព្រះចន្ទផង។ ទីតាំងនិងទំនាក់ទំនងចលនានៃភពផ្កាយនានាទាំងនេះ នាំឲ្យមានការផ្លាស់ប្ដូរយ៉ាងទៀងទាត់នូវរដូវកាលដ៏ល្អបំព្រង។ ម្យ៉ាងទៀត ពួកវិទ្យាសាស្ត្របានរៀនអ្វីជាច្រើនអំពីរបៀបរៀបរយនៃថាមពលធម្មជាតិដែលមានក្នុងសកលលោក។ យ៉ាងនេះ ក្នុងអត្ថបទមួយដែលមានចំណងជើង«សកលលោកដែលត្រូវបានរៀបចំដូចបំណងចិត្ត» សាស្ដ្រាចារ្យផ្នែកវិស្វកម្មមួយរូបបានសង្កេតឃើញថា៖ «ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ គឺស្រួល
ឲ្យយើងយល់អំពីមូលហេតុដែលពួកវិទ្យាសាស្ត្រជាច្រើននាក់បានផ្លាស់ប្ដូរគំនិតវិញ។ ពួកគេយល់ស្របថាត្រូវតែមានជំនឿខ្លាំងមែន ដើម្បីជឿជាក់ថាសកលលោកគឺបានមកពីការផ្ទុះឡើងដោយឯកឯង។ ប៉ុន្តែ ពេលយើងយល់កាន់តែច្បាស់អំពីផែនដីដែលត្រូវបានបង្កើតមកប្រកបដោយការយកចិត្តទុកដាក់ នោះយើងមានមូលហេតុច្រើនជាងឲ្យជឿទៅលើអ្នករៀបចំដ៏ឈ្លាសវៃម្នាក់វិញ»។៦. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបៀបដែលព្រះបង្កើតមនុស្សជាតិ?
៦ ស្នាដៃដ៏អស្ចារ្យឯទៀតគឺរបៀបដែលព្រះបានបង្កើតយើង។ (ទំនុក. ១៣៩:១៤) ពេលព្រះបង្កើតមនុស្សជាតិ លោកបានផ្ដល់សតិបញ្ញា រូបកាយដែលមានគ្រប់ទាំងសរីរាង្គ ហើយសមត្ថភាពអាចធ្វើការផង។ ជាឧទាហរណ៍ ការនិយាយនិងការស្ដាប់ ព្រមទាំងការចេះសរសេរនិងអាន ជាសមត្ថភាពដែលព្រះបានផ្ដល់ឲ្យមនុស្សជាតិ ហើយបើគិតទៅគឺដូចជាអព្ភូតហេតុមែន។ មនុស្សជាច្រើនមានសមត្ថភាពទាំងនោះ។ ណាមួយទៀត រូបកាយអ្នកមានគម្រោងឆ្អឹងដែលជួយអ្នកឲ្យឈរត្រង់បាន ដែលប្រៀបដូចជាសំណង់ដ៏ល្អឯកមួយដែរ។ របៀបដែលរូបកាយរបស់យើងត្រូវបានបង្កើតមក សមត្ថភាពដើររត់និងធ្វើកិច្ចការ ហើយរបៀបដែលធាតុគីមីមានប្រតិកម្មក្នុងរូបកាយយើង ពិតជាគួរឲ្យកោតស្ងើចមែន។ បន្ថែមទៀត គ្មានអ្វីសោះដែលពួកវិទ្យាសាស្ត្របានបង្កើត ដែលស្មើនឹងប្រព័ន្ធសរសៃប្រសាទដ៏ល្អប្រពៃដែលនាំឲ្យសតិបញ្ញានិងវិញ្ញាណទាំងប្រាំយ៉ាងរបស់យើងមានដំណើរការ។ តាមពិត មនុស្សជាតិអាចសម្រេចការបាន ដោយព្រោះមានសតិបញ្ញានិងវិញ្ញាណទាំងប្រាំដែលព្រះបានផ្ដល់ឲ្យ។ សូម្បីតែវិស្វករដែលទទួលការអប់រំខ្ពស់ហើយជំនាញបំផុតក៏ដោយ មិនអាចបង្កើតអ្វីដ៏ល្អនិងមានប្រយោជន៍ជាងម្រាម និងមេដៃដែលត្រូវបានបង្កើតតាមរបៀបអស្ចារ្យនោះឡើយ។ សូមសួរខ្លួនថា ‹ប្រសិនបើមិនមានជំនាញក្នុងការប្រើប្រាស់ម្រាមដៃដែលព្រះផ្ដល់ឲ្យមនុស្ស តើអាចមានស្នាដៃសិល្បៈនិងសំណង់ដ៏អស្ចារ្យទេ?›។
ស្នាដៃដ៏ធំវិសេសនិងគុណសម្បត្ដិរបស់លោក
៧. ហេតុអ្វីបានជាយើងគួរមានទស្សនៈថាគម្ពីរជាស្នាដៃដ៏ធំវិសេសរបស់ព្រះ?
៧ ស្នាដៃដ៏ធំវិសេសរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីដ៏ល្អអស្ចារ្យដែលលោកបានធ្វើសម្រាប់មនុស្សជាតិ ដូចបានពិពណ៌នាក្នុងគម្ពីរ។ តាមពិត គម្ពីរជាស្នាដៃដ៏ធំវិសេសរបស់ព្រះយេហូវ៉ាតែម្ដង ហើយសៀវភៅនីមួយៗក្នុងគម្ពីរមានភាពស្របគ្នាយ៉ាងល្អប្រសើរ។ គម្ពីរគឺខុសប្លែកពីសៀវភៅឯទៀត និងពិតជាសៀវភៅដែល«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន»។ (២ធី. ៣:១៦) ជាឧទាហរណ៍ សៀវភៅលោកុប្បត្តិដែលជាសៀវភៅដំបូងនៃគម្ពីរ ពន្យល់នូវរបៀបដែលព្រះបំផ្លាញចោលអំពើអាក្រក់ជួជាតិលើផែនដីនៅសម័យណូអេ។ និក្ខមនំជាសៀវភៅទី២ បង្ហាញពីរបៀបដែលព្រះយេហូវ៉ាបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុតដោយប្រោសសាសន៍អ៊ីស្រាអែលឲ្យរួចពីទាសភាពនៅប្រទេសអេស៊ីប។ អ្នកតែងបទទំនុកដំកើងប្រហែលជាគិតអំពីព្រឹត្ដិការណ៍បែបនេះ ពេលគាត់ត្រូវបានជំរុញទឹកចិត្តឲ្យពោលថា៖ «ឯស្នាដៃនៃ[ព្រះយេហូវ៉ា] នោះល្អប្រពៃ ហើយរុងរឿងឧត្តម សេចក្ដីសុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅជាដរាប ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្ដាករុណា នឹងអាណិតអាសូរ»។ (ទំនុក. ១១១:៣, ៤) សកម្មភាពរបស់ព្រះយេហូវ៉ានៅទូទាំងប្រវត្ដិសាស្ត្រ រួមទាំងក្នុងអំឡុងជីវិតរបស់អ្នកផ្ទាល់ ជាសេចក្ដីនឹកចាំអំពីភាព«ល្អប្រពៃហើយរុងរឿងឧត្តម»របស់លោក មែនទេ?
៨, ៩. (ក) តើស្នាដៃរបស់ព្រះនិងស្នាដៃរបស់មនុស្សមានភាពផ្ទុយគ្នាយ៉ាងណា? (ខ) តើអ្នកអបអរនឹងគុណសម្បត្ដិណាខ្លះរបស់ព្រះ?
៨ សូមកត់សម្គាល់ដែរថាអ្នកតែងបទទំនុកដំកើងបានសង្កត់លើការបើកបង្ហាញ ១១:១៨
គុណសម្បត្ដិដ៏ល្អបំព្រងរបស់ព្រះយេហូវ៉ា ដូចជាសេចក្ដីសុចរិត សេចក្ដីមេត្ដាករុណា និងសេចក្ដីអាណិតអាសូរ។ រូបអ្នកដឹងច្បាស់ថាស្នាដៃរបស់មនុស្សជាតិដែលមានភាពខុសឆ្គង កម្រមានមូលដ្ឋានលើសេចក្ដីសុចរិតណាស់។ ជាញឹកញយ ស្នាដៃនោះនាំឲ្យមានសេចក្ដីលោភ ការឈ្នានីស និងសេចក្ដីក្រអឺត។ នេះបានសឲ្យឃើញតាមអាវុធដ៏សាហាវដែលមនុស្សផលិតដើម្បីញុះញង់ឲ្យមានសង្គ្រាម និងដើម្បីចំណេញខាងប្រាក់ចំណូល។ អ្វីទាំងនេះនាំឲ្យមានទុក្ខវេទនានិងសេចក្ដីរន្ធត់យ៉ាងច្រើនអនេក ដល់ជនរងគ្រោះរាប់លាននាក់ដែលគ្មានទោស។ ម្យ៉ាងទៀត ស្នាដៃជាច្រើននៃមនុស្សបាននាំឲ្យអ្នកក្រីក្រដែលត្រូវគេជិះជាន់ ឲ្យរងទុក្ខការឈឺចាប់។ ឧទាហរណ៍មួយដែលមនុស្សជាច្រើនទំនងជាលើកមកនិយាយ គឺការប្រើខ្ញុំកញ្ជះដើម្បីសាងសង់ពីរ៉ាមីតនៅប្រទេសអេស៊ីបសម័យពីបុរាណ។ ពីរ៉ាមីតទាំងនោះភាគច្រើនទុកជាទីបញ្ចុះសពមគ្គទេសក៍ដ៏ក្រអឺតដែលគេហៅថាផារ៉ោន។ ម្យ៉ាងទៀត ស្នាដៃបច្ចុប្បន្នជាច្រើនរបស់មនុស្សជាតិមិនគ្រាន់តែសង្កត់សង្កិនប៉ុណ្ណោះទេ តែក៏«កំពុងបង្ខូចផែនដី»ដែរ។—សូមអាន៩ ផ្ទុយទៅវិញ ស្នាដៃរបស់ព្រះយេហូវ៉ាគឺខុសពីស្នាដៃរបស់មនុស្ស ពីព្រោះតែងតែមានមូលដ្ឋានលើអ្វីដែលត្រឹមត្រូវ! ស្នាដៃរបស់លោករួមបញ្ចូលការរៀបចំដែលប្រកបដោយសេចក្ដីមេត្ដាដើម្បីសង្គ្រោះមនុស្សជាតិដែលប្រព្រឹត្តអំពើខុសឆ្គង។ ក្នុងការរៀបចំថ្លៃលោះមនុស្សជាតិ ព្រះបាន«បង្ហាញពីភាពសុចរិតរបស់លោក»។ (រ៉ូម ៣:២៥, ២៦) ប្រាកដហើយ «សេចក្ដីសុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅជាដរាប»! រីឯសេចក្ដីមេត្ដាករុណាវិញ ព្រះបានបង្ហាញគុណសម្បត្ដិនេះតាមរបៀបអត់ធ្មត់ដែលលោកប្រព្រឹត្តដល់មនុស្សជាតិដែលមានភាពខុសឆ្គង។ លោកបានប្រព្រឹត្តដោយសេចក្ដីសប្បុរសចំពោះមនុស្សពេលលោកអង្វរឲ្យពួកគេវិលពីផ្លូវអាក្រក់ ហើយធ្វើតាមអ្វីដែលត្រឹមត្រូវវិញ។—សូមអាន អេសេគាល ១៨:២៥
ស្មោះត្រង់នឹងពាក្យសន្យារបស់លោក
១០. ស្តីពីភាពស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងរបស់លោកជាមួយអ័ប្រាហាំ តើព្រះយេហូវ៉ាបានទុកគំរូអ្វី?
១០«ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់ ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ»។ (ទំនុក. ១១១:៥) តាមមើលទៅ នៅខនេះអ្នកតែងបទទំនុកដំកើងសំដៅទៅលើកិច្ចព្រមព្រៀងអ័ប្រាហាំ។ ព្រះយេហូវ៉ាបានសន្យាថា លោកនឹងផ្ដល់ពរដល់ពូជរបស់អ័ប្រាហាំ ហើយពោលថាពូជនោះនឹងគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ។ (លោ. ២២:១៧, ១៨; ទំនុក. ១០៥:៨, ៩) សេចក្ដីសន្យានោះបានសម្រេចជាដំបូង ពេលពូជរបស់អ័ប្រាហាំក្លាយទៅជាសាសន៍អ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលបានជាប់ជាខ្ញុំកញ្ជះយ៉ាងយូរឆ្នាំនៅស្រុកអេស៊ីប ប៉ុន្តែក្រោយមក«ទ្រង់ . . . នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ» ហើយរំដោះពួកគេ។ (និក្ខ. ២:២៤) របៀបដែលព្រះយេហូវ៉ាប្រព្រឹត្តដល់ពួកគេបង្ហាញពីចិត្តសប្បុរសដ៏ធំធេងរបស់លោក។ លោកបានផ្ដល់អាហារឲ្យពួកគេដើម្បីអាចចិញ្ចឹមជីវិតខ្លួនបាន ហើយផ្ដល់ព័ត៌មានដើម្បីជួយពួកគេឲ្យកាន់តាមខ្នាតតម្រារបស់លោកផង។ (ចោទិ. ៦:១-៣; ៨:៤; នេ. ៩:២១) នៅច្រើនសតវត្សរ៍បន្តបន្ទាប់មក ជាញឹកញយសាសន៍អ៊ីស្រាអែលមិនបានស្ដាប់តាមព្រះឡើយ ទោះជាលោកបានបញ្ជូនអ្នកប្រកាសទំនាយមួយចំនួនដើម្បីដាស់តឿនពួកគេឲ្យវិលត្រឡប់មកលោកវិញក៏ដោយ។ ជាង១.៥០០ឆ្នាំក្រោយពីពេលដែលព្រះរំដោះពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប នោះលោកបញ្ជូនបុត្រតែមួយគត់ដែលលោកបង្កើតផ្ទាល់ឲ្យមកផែនដី។ ជនជាតិយូដាភាគច្រើនមិនព្រមទទួលលោកយេស៊ូទេ ហើយអនុញ្ញាតឲ្យគេប្រហារជីវិតលោក។ ក្រោយមក ព្រះយេហូវ៉ាបានបង្កើតសាសន៍ថ្មីដែលជានិមិត្តរូប ហៅថា«សាសន៍អ៊ីស្រាអែលនៃព្រះ»។ ដោយរួមជាមួយគ្រិស្ត សាសន៍ថ្មីនេះតំណាងពូជអ័ប្រាហាំ ដែលព្រះយេហូវ៉ាបានទាយទុកថាលោកនឹងប្រើដើម្បីផ្ដល់ពរទៅមនុស្សជាតិ។—កាឡ. ៣:១៦, ២៩; ៦:១៦
១១. តើព្រះយេហូវ៉ានៅតែ«នឹកចាំពីសេចក្ដីសញ្ញា»ឬកិច្ចព្រមព្រៀងរបស់លោកជាមួយអ័ប្រាហាំយ៉ាងដូចម្ដេច?
១១ ព្រះយេហូវ៉ានៅតែ«នឹកចាំពីសេចក្ដីសញ្ញា»ឬកិច្ចព្រមព្រៀងរបស់លោក និងពរដែលបានសន្យាតាមរយៈកិច្ចព្រមព្រៀងនោះ។ សព្វថ្ងៃ លោកកំពុងផ្ដល់ព័ត៌មានយ៉ាងច្រើនក្រៃលែងដែលប្រៀបដូចជាអាហារក្នុងជាង៤០០ភាសា ដើម្បីជួយមនុស្សឲ្យកាន់តាមខ្នាតតម្រារបស់លោក។ ម្យ៉ាងទៀត លោកបន្តឆ្លើយតបការអធិដ្ឋានរបស់យើងចំពោះសេចក្ដីត្រូវការខាងរូបកាយ ស្របទៅតាមពាក្យលូក. ១១:៣; ទំនុក. ៧២:១៦, ១៧; អេសា. ២៥:៦-៨
ដែលថា៖ «សូមផ្ដល់អាហារឲ្យយើងសម្រាប់ថ្ងៃនេះ តាមសេចក្ដីត្រូវការរបស់យើងនៅថ្ងៃនេះ»។—ឫទ្ធានុភាពដ៏មហិមារបស់ព្រះយេហូវ៉ា
១២. តើសាសន៍អ៊ីស្រាអែលពីបុរាណបានទទួល«មរដកនៃអស់ទាំងសាសន៍»តាមរបៀបណា?
១២«ទ្រង់បានសំដែងព្រះចេស្ដានៃការទ្រង់ឲ្យរាស្ត្រទ្រង់ឃើញ ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍»។ (ទំនុក. ១១១:៦) ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយក្នុងប្រវត្ដិសាស្ត្រអ៊ីស្រាអែល ដែលអ្នកតែងបទទំនុកដំកើងប្រហែលជាគិតអំពីគឺការប្រោសពួកគេឲ្យរួចពីស្រុកអេស៊ីបដោយអព្ភូតហេតុ។ ពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលចូលទៅក្នុងស្រុកសន្យា នោះពួកគេនឹងត្រូវយកឈ្នះលើរាជាណាចក្រនៅខាងកើតនិងខាងលិចនៃទន្លេយ័រដាន់។ (សូមអាន នេហេមា ៩:២២-២៥) ត្រូវហើយ ព្រះយេហូវ៉ាផ្ដល់សាសន៍អ៊ីស្រាអែលឲ្យគេបាន«មរដកនៃអស់ទាំងសាសន៍»។ នេះពិតជាការបង្ហាញឫទ្ធានុភាពដ៏មហិមារបស់ព្រះមែន!
១៣, ១៤. (ក) តើអ្នកតែងបទទំនុកដំកើងប្រហែលជាគិតអំពីការបង្ហាញឫទ្ធានុភាពអ្វីរបស់ព្រះដែលទាក់ទងនឹងសាសន៍បាប៊ីឡូន? (ខ) តើមានការប្រោសឲ្យរួចដ៏អស្ចារ្យណាទៀតដែលព្រះយេហូវ៉ាបានសម្រេច?
១៣ ក៏ប៉ុន្តែ យើងដឹងច្បាស់ថា ទោះបីព្រះយេហូវ៉ាបានជួយពួកគេជាច្រើនដងក៏ដោយ នោះសាសន៍អ៊ីស្រាអែលមិនបានបង្ហាញការគោរពចំពោះលោក ឬបុព្វបុរសរបស់ពួកគេដូចជាអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបទេ។ ពួកគេនៅតែបះបោរប្រឆាំងរហូតដល់ព្រះប្រើសាសន៍បាប៊ីឡូនឲ្យចាប់ពួកគេចេញពីស្រុកខ្លួន ហើយបំបរបង់ចោលឲ្យទៅស្រុកបាប៊ីឡូន។ (២របា. ៣៦:១៥-១៧; នេ. ៩:២៨-៣០) បណ្ឌិតខាងគម្ពីរខ្លះបានបង្ហើបថាអ្នកតែងបទទំនុកដំកើង១១១ បានរស់នៅក្រោយពេលដែលសាសន៍អ៊ីស្រាអែលត្រឡប់មកពីបាប៊ីឡូនវិញ។ ប្រសិនបើនេះជាពិតមែន នោះគាត់មានមូលហេតុថែមទៀតដើម្បីសរសើរព្រះយេហូវ៉ាដោយសារលោកមានភក្ដីភាពនិងឫទ្ធានុភាព។ ព្រះបានបង្ហាញភក្ដីភាពនិងឫទ្ធានុភាពដោយប្រោសជនជាតិយូដាឲ្យរួចពីស្រុកបាប៊ីឡូន ជាចក្រភពមួយដែលគ្មានទម្លាប់ដោះលែងពួកឈ្លើយសោះឡើយ។—អេសា. ១៤:៤, ១៧
១៤ ប្រមាណប្រាំសតវត្សរ៍ក្រោយមក ព្រះយេហូវ៉ាបានប្រើឫទ្ធានុភាពរបស់លោកតាមវិធីដ៏ធំធេងជាងទៀត ដោយប្រោសមនុស្សជាតិដែលកែប្រែចិត្តឲ្យរួចផុតពីស្ថានភាពជាខ្ញុំបម្រើភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) លទ្ធផលមួយពីការប្រោសឲ្យរួចនោះ គឺមនុស្ស១៤៤.០០០នាក់មានឱកាសក្លាយទៅជាអ្នកកាន់តាមគ្រិស្តដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ។ ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាប្រើឫទ្ធានុភាពដើម្បីប្រោសគ្រិស្តសាសនិកដែលបានរើសតាំងដែលនៅសេសសល់ឲ្យរួចពីទាសភាពនៃសាសនាមិនពិត។ កិច្ចការដែលពួកគេបានបំពេញក្នុងអំឡុងគ្រាចុងបញ្ចប់នេះ គឺដោយសារឫទ្ធានុភាពរបស់ព្រះតែប៉ុណ្ណោះ។ ពេលស្មោះត្រង់រហូតដល់ស្លាប់ នោះពួកគេនឹងគ្រប់គ្រងជាមួយគ្រិស្តពីស្ថានសួគ៌មកលើផែនដីដើម្បីជាប្រយោជន៍ដល់មនុស្សជាតិដែលបានកែប្រែចិត្ត។ (បប. ២:២៦, ២៧; ៥:៩, ១០) ពួកគេនឹងទទួលផែនដីជាមត៌កដែលមានទំហំដ៏ធំអស្ចារ្យជាងសាសន៍អ៊ីស្រាអែលពីសម័យបុរាណទៅទៀត។—ម៉ាថ. ៥:៥
គោលការណ៍ដ៏ស្ថិតស្ថេរដែលអាចទុកចិត្តបាន
១៥, ១៦. (ក) ក្នុងចំណោមស្នាដៃនៃព្រះ តើរួមបញ្ចូលអ្វីខ្លះ? (ខ) តើព្រះបានផ្ដល់ច្បាប់អ្វីឲ្យសាសន៍អ៊ីស្រាអែលពីសម័យបុរាណ?
១៥«អស់ទាំងស្នាដៃនៃព្រះហស្តទ្រង់សុទ្ធតែពិតត្រង់ហើយសុចរិត បញ្ញត្តទាំងប៉ុន្មាននៃទ្រង់សុទ្ធតែម៉ត់ចត់។ ក៏បានតាំងឲ្យនៅអស់កល្បជានិច្ច ហើយបានសំរេចដោយសេចក្ដីពិត នឹងសេចក្ដីទៀងត្រង់»។ (ទំនុក. ១១១:៧, ៨) ក្នុងចំណោម«ស្នាដៃនៃព្រះហស្ត»ព្រះយេហូវ៉ានោះគឺបន្ទះថ្ម២ផ្ទាំង ដែលត្រូវបានឆ្លាក់ច្បាប់១០ប្រការដ៏សំខាន់ៗសម្រាប់សាសន៍អ៊ីស្រាអែល។ (និក្ខ. ៣១:១៨) ច្បាប់ទាំងនេះ រួមជាមួយសេចក្ដីបង្គាប់ឯទៀតដែលជាផ្នែកនៃកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យម៉ូសេ មានមូលដ្ឋានលើគោលការណ៍ដ៏ស្ថិតស្ថេរដែលអាចទុកចិត្តបាន។
១៦ ជាឧទាហរណ៍ ច្បាប់មួយដែលត្រូវបានឆ្លាក់លើបន្ទះថ្មនោះចែងថា៖ «អញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រច័ណ្ឌ»។ ច្បាប់នោះបន្តថាព្រះយេហូវ៉ា«ផ្ដល់សេចក្ដីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់[លោក] ហើយកាន់តាមបញ្ញត្តរបស់[លោក]ទាំងប៉ុន្មានវិញ»។ បន្ទះថ្មពីរផ្ទាំងនោះក៏មានគោលការណ៍ដែលមានប្រយោជន៍នៅគ្រប់កាលៈទេសៈនិងគ្រប់សម័យ ដូចជា«ចូរឲ្យគោរពប្រតិបត្ដិដល់ឪពុកម្ដាយ» ហើយ«កុំឲ្យលួចប្លន់ឲ្យសោះ» ព្រមទាំងច្បាប់ដែលបង្ហាញពីការយល់ធ្លុះជ្រៅដែលហាមការលោភចង់បានអ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកដទៃ។—និក្ខ. ២០:៥, ៦, ១២, ១៥, ១៧
អ្នកលោះដ៏បរិសុទ្ធរបស់យើងដែលគួរគោរព
១៧. តើបណ្ដាជនអ៊ីស្រាអែលមានមូលហេតុអ្វីឲ្យចាត់ទុកនាមរបស់ព្រះជាបរិសុទ្ធ?
១៧«ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព»។ (ទំនុក. ១១១:៩) ម្ដងទៀត អ្នកតែងបទទំនុកដំកើងប្រហែលជាគិតអំពីភក្ដីភាពរបស់ព្រះយេហូវ៉ាចំពោះកិច្ចព្រមព្រៀងជាមួយអ័ប្រាហាំ។ ជាលទ្ធផល ព្រះយេហូវ៉ាមិនបានបោះបង់ចោលរាស្ត្ររបស់លោកទេ ទី១ពេលពួកគេជាខ្ញុំកញ្ជះក្នុងស្រុកអេស៊ីបពីបុរាណ ហើយក្រោយមកជាពួកឈ្លើយក្នុងស្រុកបាប៊ីឡូន។ ក្នុងករណីទាំងពីរនេះ ព្រះបានប្រោសលោះរាស្ត្ររបស់លោក។ ប្រសិនបើគ្រាន់តែមានមូលហេតុទាំងពីរនេះប៉ុណ្ណោះ នោះសាសន៍អ៊ីស្រាអែលគួរតែចាត់ទុកនាមរបស់ព្រះជាបរិសុទ្ធ។—សូមអាន និក្ខមនំ ២០:៧; រ៉ូម ២:២៣, ២៤
១៨. ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាការតំណាងនាមរបស់ព្រះជាឯកសិទ្ធិ?
១៨ នេះក៏ដូចគ្នាដែរចំពោះពួកគ្រិស្តសាសនិកសព្វថ្ងៃនេះ ដែលបានប្រោសឲ្យរួចផុតពីស្ថានភាពដែលគ្មានសេចក្ដីសង្ឃឹមជាខ្ញុំបម្រើភាពខុសឆ្គងនិងសេចក្ដីស្លាប់។ គប្បីឲ្យយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីរស់នៅសមស្របតាមសំណូមពរទី១ដែលមានក្នុងសេចក្ដីអធិដ្ឋានដែលបានថ្លែងទុកជាគំរូដែលថា៖ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថ. ៦:៩) ការរំពឹងគិតអំពីនាមដ៏រុងរឿងនោះគួរនាំឲ្យយើងកោតខ្លាចព្រះ។ អ្នកតែងបទទំនុកដំកើង១១១មានទស្សនៈត្រឹមត្រូវអំពីសេចក្ដីកោតខ្លាចព្រះដោយពោលថា៖ «ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម [ធ្វើតាមបង្គាប់របស់លោក] នោះមានយោបល់ល្អ»។—ទំនុក. ១១១:១០
១៩. តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទបន្ទាប់?
១៩ ការកោតខ្លាចព្រះនឹងជួយយើងឲ្យស្អប់អ្វីៗដែលអាក្រក់។ ណាមួយទៀត ក៏នឹងជួយយើងឲ្យយកតម្រាប់តាមលក្ខណៈដ៏ល្អរបស់ព្រះដូចបានកត់ទុកនៅក្នុងទំនុកទី១១២ ដែលយើងនឹងពិចារណានៅអត្ថបទបន្ទាប់។ ទំនុកនោះបង្ហាញពីរបៀបដែលយើងអាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ដែលនឹងរីករាយក្នុងការសរសើរព្រះជានិរន្តរ៍។ ព្រះយេហូវ៉ាពិតជាសមនឹងទទួលការសរសើរបែបនេះ។ «សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច»។—ទំនុក. ១១១:១០
សំណួរដើម្បីរំពឹងគិត
• ហេតុអ្វីបានជាព្រះយេហូវ៉ាសមនឹងទទួលការសរសើរពីយើងគ្រប់គ្នា?
• តើស្នាដៃរបស់ព្រះយេហូវ៉ាបានបញ្ជាក់គុណសម្បត្ដិអ្វីខ្លះរបស់លោក?
• ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាការតំណាងនាមរបស់ព្រះជាឯកសិទ្ធិ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៣]
គោលបំណងជាចម្បងក្នុងការជួបជុំគ្នា គឺដើម្បីសរសើរព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៥]
គ្រប់ទាំងច្បាប់របស់ព្រះយេហូវ៉ា គឺមានមូលដ្ឋានលើគោលការណ៍ដ៏ស្ថិតស្ថេរដែលអាចទុកចិត្តបាន