លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញចិត្ដអបអរចំពោះលោកយេស៊ូដែលឧត្ដមជាងដាវីឌនិងសាឡូម៉ូន

ចូរបង្ហាញចិត្ដអបអរចំពោះលោកយេស៊ូដែលឧត្ដមជាងដាវីឌនិងសាឡូម៉ូន

ចូរ​បង្ហាញ​ចិត្ត​អបអរ​ចំពោះ​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ដាវីឌ​និង​សាឡូម៉ូន

​«មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​គឺ​នៅ​ទី​នេះ​ហើយ»។—ម៉ាថ. ១២:៤២

១, ២​. បើ​គិត​តាម​គំនិត​របស់​មនុស្ស ហេតុ​អ្វី​បាន​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​សាំយូអែល​ត្រូវ​បាន​ណែនាំ​ឲ្យ​រើស​តាំង​ដាវីឌ​ជា​ស្តេច?

ដាវីឌ​មិន​មាន​អាការ​ក្រៅ​ដូច​ស្តេច​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ប្រកាស​ទំនាយ​សាំយូអែល​គិត​ថា​ដាវីឌ​គ្រាន់តែ​ជា​ក្មេង​គង្វាល​ម្នាក់​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ក្រុង​បេថ្លេហិម​ដែល​ជា​ស្រុក​កំណើត​របស់​ដាវីឌ មិន​មែន​ជា​ក្រុង​សំខាន់​ឡើយ។ ក្រុង​នោះ​ត្រូវ​បាន​ពិពណ៌នា​ជា​ក្រុង​ដែល​«តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ»។ (មីកា ៥:​១) យ៉ាង​ណា​ក្ដី យុវជន​នេះ​ដែល​មើល​ទៅ​ដូច​ជា​មិន​សូវ​សំខាន់​ដែល​មក​ពី​ក្រុង​តូច ហៀបនឹង​ត្រូវ​បាន​រើស​តាំង​ដោយ​អ្នក​ប្រកាស​ទំនាយ​សាំយូអែល ដើម្បី​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល​ដែល​នឹង​គ្រប់​គ្រង​នៅ​ពេល​អនាគត។

ដាវីឌ​ជា​កូន​ពៅ​របស់​អ៊ីសាយ​ដែល​មាន​កូន​ប្រុស​ទាំង​អស់​៨​នាក់។ អ៊ីសាយ​មិន​បាន​នាំ​ដាវីឌ​ឲ្យ​សាំយូអែល​ឃើញ​មុន​គេ​នោះ​ទេ។ ពេល​សាំយូអែល​មក​ផ្ទះ​អ៊ីសាយ​ដើម្បី​រើស​តាំង​កូន​ប្រុស​ម្នាក់​របស់​បុរស​ដ៏​ស្មោះ​ត្រង់​នោះ​ឲ្យ​ធ្វើ​ជា​ស្តេច នោះ​ដាវីឌ​មិន​នៅ​ផ្ទះ​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ ហើយ​នេះ​ពិត​ជា​សំខាន់​ជាង​ការ​ជ្រើស​រើស​របស់​មនុស្ស។—១សាំ. ១៦:១​-​១០

៣​. (ក) ពេល​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​មនុស្ស​ណា​ម្នាក់ តើ​លោក​ចាត់​ទុក​ថា​អ្វី​គឺ​សំខាន់​ជាង​គេ​បំផុត? (ខ)​ ពេល​កំពុង​រើស​តាំង​ដាវីឌ តើ​អ្វី​បាន​សណ្ឋិត​លើ​គាត់?

ព្រះ​យេហូវ៉ា​បាន​មើល​ឃើញ​អ្វី​ដែល​សាំយូអែល​មិន​អាច​មើល​ឃើញ​នោះ​ទេ។ ព្រះ​ជ្រាប​សន្ដាន​ចិត្ត​របស់​ដាវីឌ ហើយ​លោក​ពេញ​ចិត្ត​នឹង​អ្វី​ដែល​លោក​បាន​ឃើញ។ ចំពោះ​ព្រះ អាការ​ក្រៅ​របស់​មនុស្ស​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ចិត្ត​របស់​មនុស្ស​វិញ។ (សូម​អាន សាំយូអែលទី១ ១៦:៧) ដូច្នេះ ពេល​សាំយូអែល​បាន​យល់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​រើស​កូន​បងៗ​ទាំង​៧​នាក់​របស់​អ៊ីសាយ នោះ​គាត់​សូម​ឲ្យ​គេ​ទៅ​ហៅ​កូន​ពៅ​នៅ​ឯ​វាល​ស្មៅ​មក។ កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ «ដូច្នេះ គាត់[អ៊ីសាយ]ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​[ដាវីឌ]​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ!›។ សាំយូអែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ​ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្ដាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ»។—១សាំ. ១៦:​១២, ១៣

ជីវិត​របស់​ដាវីឌ​បង្ហាញ​ពី​ជីវិត​របស់​គ្រិស្ត

៤, ៥​. (ក) សូម​រៀប​រាប់​ភាព​ស្រ​ដៀង​គ្នា​ខ្លះៗ​រវាង​ដាវីឌ និង​លោក​យេស៊ូ។ (ខ)​ ហេតុ​អ្វី​បាន​ជា​យើង​អាច​ហៅ​លោក​យេស៊ូ​ជា​បុគ្គល​ដែល​ឧត្តម​ជាង​ដាវីឌ?

ដូច​ដាវីឌ លោក​យេស៊ូ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម តែ​ប្រមាណ​១.១០០​ឆ្នាំ​ក្រោយ​ដាវីឌ។ តាម​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន លោក​យេស៊ូ​ក៏​មើល​ទៅ​មិន​ដូច​ជា​ស្តេច​ដែរ ពោល​គឺ​លោក​មិន​មែន​ជា​ស្តេច​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ច្រើន​ចង់​បាន​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​លោក ដូច​នៅ​ករណី​របស់​ដាវីឌ។ ដូច​ដាវីឌ លោក​យេស៊ូ​ក៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែរ។ * (លូក. ៣:២២) ណា​មួយ​ទៀត ក្នុង​ករណី​របស់​លោក​យេស៊ូ ‹សកម្ម​ពល​របស់​ព្រះ​បាន​ចុះ​មក​សណ្ឋិត​លើ​លោក›​ដែរ។

ភាព​ស្រ​ដៀង​គ្នា​រវាង​ដាវីឌ​និង​លោក​យេស៊ូ​មាន​ច្រើន​ទៀត។ ជា​ឧទាហរណ៍ ទី​ប្រឹក្សា​របស់​ដាវីឌ​ឈ្មោះ​អ័ហ៊ីថូផែល​បាន​ក្បត់​គាត់ ហើយ​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​ឈ្មោះ​យូដាស អ៊ីស្ការីយ៉ុត​ក៏​បាន​ក្បត់​លោក​ដែរ។ (ទំនុក. ៤១:៩; យ៉ូន. ១៣:១៨) ទាំង​ដាវីឌ​ទាំង​លោក​យេស៊ូ​មាន​ចិត្ត​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (ទំនុក. ២៧:៤; ៦៩:៩; យ៉ូន. ២:​១៧) លោក​យេស៊ូ​ក៏​ជា​អ្នក​ស្នង​រាជ្យ​ពី​ដាវីឌ។ មុន​លោក​យេស៊ូ​កើត ទេវតា​មួយ​រូប​បាន​ប្រាប់​ម្ដាយ​របស់​លោក​ថា​៖ «ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​បុត្រ​នោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ដែល​ជា​បិតា​របស់​លោក»។ (លូក. ១:​៣២; ម៉ាថ. ១:១) ក៏​ប៉ុន្តែ ដោយ​សារ​សេចក្ដី​សន្យា​ទាំង​អស់​ដែល​ទាក់​ទង​នឹង​មេស្ស៊ី​ត្រូវ​បាន​សម្រេច​ដោយ​លោក​យេស៊ូ នោះ​លោក​ពិត​ជា​សំខាន់​ជាង​ដាវីឌ​ឆ្ងាយ​ណាស់។ លោក​ជា​បុគ្គល​ដែល​ឧត្តម​ជាង​ដាវីឌ ជា​ស្តេច​មេស្ស៊ី​ដែល​មនុស្ស​ទន្ទឹង​ចាំ​យូរ​ឆ្នាំ​មក​ហើយ។—យ៉ូន. ៧:៤២

ចូរ​កាន់​តាម​ស្តេច​របស់​យើង​ដែល​ជា​គង្វាល

៦​. តើ​អ្វី​បង្ហាញ​ថា​ដាវីឌ​ជា​គង្វាល​ល្អ?

លោក​យេស៊ូ​ក៏​ជា​គង្វាល​ដែរ។ តើ​គង្វាល​ល្អ​មាន​ចរិត​លក្ខណៈ​អ្វី​ខ្លះ? គង្វាល​ល្អ​ជា​អ្នក​ដែល​ថែ​ទាំ ទំនុក​បម្រុង និង​ការពារ​ហ្វូង​ចៀម​របស់​ខ្លួន​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អង់អាច។ (ទំនុក. ២៣:២​-​៤) ពេល​នៅ​ក្មេង​ជំទង់​នៅ​ឡើយ ដាវីឌ​ជា​គង្វាល​ម្នាក់ ហើយ​គាត់​មើល​ថែ​ចៀម​របស់​ឪពុក​គាត់​យ៉ាង​ល្អ​ណាស់។ គាត់​មាន​ចិត្ត​ក្លាហាន​ជួយ​ហ្វូង​ចៀម​ពេល​ជួប​គ្រោះ​ថ្នាក់ ហើយ​គាត់​ប្រថុយ​ជីវិត​ដើម្បី​ការពារ​ចៀម​ពី​មាត់​សិង្ហ​ឬ​ខ្លា​ឃ្មុំ។—១សាំ. ១៧:៣៤, ៣៥

៧​. (ក) តើ​អ្វី​បាន​ធ្វើ​ឲ្យ​ដាវីឌ​មាន​គុណ​សម្បត្ដិ​ដើម្បី​ទទួល​ភារកិច្ច​ជា​ស្តេច? (ខ)​ តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​ជា​គង្វាល​ល្អ​យ៉ាង​ដូច​ម្ដេច?

ដាវីឌ​បាន​ថែ​ទាំ​ហ្វូង​ចៀម​នៅ​វាល​ស្មៅ​និង​នៅ​ភ្នំ​តូចៗ​អស់​ច្រើន​ឆ្នាំ ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​កិច្ចការ និង​ភារកិច្ច​ដ៏​ពិបាក​ក្នុង​ការ​ឃ្វាល​បណ្ដា​ជន​អ៊ីស្រាអែល។ * (ទំនុក. ៧៨:៧០, ៧១) លោក​យេស៊ូ​ក៏​បាន​បង្ហាញ​ថា​លោក​ជា​គង្វាល​គំរូ​ដែរ។ លោក​ទទួល​កម្លាំង​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ខណៈ​ដែល​លោក​ឃ្វាល​«ហ្វូង​តូច» និង​«ចៀម​ឯ​ទៀត»។ (លូក. ១២:៣២; យ៉ូន. ១០:​១៦) យ៉ាង​នេះ លោក​យេស៊ូ​ជា​គង្វាល​ល្អ​ប្រសើរ។ លោក​ស្គាល់​ចៀម​របស់​លោក​យ៉ាង​ច្បាស់​ដល់​ម្ល៉េះ​ដែល​លោក​ហៅ​ចៀម​នីមួយៗ​តាម​ឈ្មោះ។ លោក​ស្រឡាញ់​ចៀម​ខ្លាំង​ដល់​ម្ល៉េះ ដែល​ពេល​លោក​នៅ​ផែនដី លោក​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ចៀម​លោក។ (យ៉ូន. ១០:៣, ១១, ១៤, ១៥) ក្នុង​នាម​ជា​គង្វាល​ល្អ​ប្រសើរ លោក​យេស៊ូ​បាន​សម្រេច​អ្វី​មួយ​ដែល​ដាវីឌ​មិន​អាច​បំពេញ​បាន។ គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​ជាតិ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់។ គ្មាន​អ្វី​នឹង​បញ្ឈប់​លោក​ពី​ការ​ឃ្វាល​«ហ្វូង​តូច»​ឲ្យ​ទទួល​ជីវិត​អមតៈ​នៅ​ឯ​ស្ថាន​សួគ៌ និង​«ចៀម​ឯ​ទៀត»​ឲ្យ​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត ដែល​លែង​មាន​បុគ្គល​ដែល​ប្រៀប​ដូច​ជា​សត្វ​ឆ្កែ​ព្រៃ​ដែល​ចង់​ចាប់​ពួក​គេ​ធ្វើ​ជា​ចំណី។—សូម​អាន យ៉ូហាន ១០:២៧​-​២៩

ចូរ​កាន់​តាម​ស្តេច​ដែល​កំពុង​មាន​ជ័យ​ជម្នះ

៨​. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា​ដាវីឌ​ជា​ស្តេច​ដែល​មាន​ជ័យ​ជម្នះ?

ក្នុង​នាម​ជា​ស្តេច ដាវីឌ​ជា​អ្នក​ចម្បាំង​ដែល​ការពារ​ទឹក​ដី​នៃ​រាស្ត្រ​របស់​ព្រះ​យ៉ាង​អង់អាច ហើយ​«ព្រះ​យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​[ដាវីឌ]​យាង​ទៅ»។ ក្រោម​ការ​ដឹក​នាំ​របស់​ដាវីឌ នោះ​ព្រំដែន​របស់​ប្រទេស​ត្រូវ​បាន​វាត​ទី​ពី​ទន្លេ​ស្រុក​អេស៊ីប​ទៅ​ទន្លេ​អឺប្រាត។ (២សាំ. ៨:១​-​១៤) ដោយ​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា ដាវីឌ​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្លាំងក្លា​ម្នាក់។ គម្ពីរ​ចែង​ថា​៖ «កិត្ដិនាម​របស់​ដាវីឌ ក៏​ល្បី​សុសសាយ​ទូទៅ​គ្រប់​ស្រុក ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​បណ្ដាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​[ដាវីឌ]»។—១របា. ១៤:១៧

៩​. សូម​ពន្យល់​នូវ​របៀប​ដែល​លោក​យេស៊ូ​ទទួល​ជ័យ​ជម្នះ​ក្នុង​នាម​ជា​ស្តេច​ដែល​នឹង​គ្រប់​គ្រង​នៅ​អនាគត។

ដូច​ស្តេច​ដាវីឌ លោក​យេស៊ូ​ក៏​មាន​ចិត្ត​មោះ​មុត​ដែរ​ពេល​លោក​នៅ​ផែនដី។ ក្នុង​នាម​ជា​ស្តេច​ដែល​នឹង​គ្រប់​គ្រង​នៅ​អនាគត លោក​បាន​បង្ហាញ​ពី​អំណាច​របស់​លោក​លើ​ពួក​វិញ្ញាណ​កំណាច ដោយ​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​ឥទ្ធិពល​របស់​ពួក​វា។ (ម៉ាក. ៥:២, ៦​-​១៣; លូក. ៤:៣៦) សូម្បី​តែ​មេស​ត្រូវ ដែល​ជា​មេកំណាច​សាថាន គ្មាន​អំណាច​លើ​លោក​ឡើយ។ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បាន​ឈ្នះ​ពិភព​លោក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​សាថាន។—យ៉ូន. ១៤:៣០; ១៦:៣៣; ១យ៉ូន. ៥:១៩

១០, ១១​. ក្នុង​នាម​ជា​ស្តេច​ដែល​ចេះ​ច្បាំង​យ៉ាង​ពូកែ​នៅ​ស្ថាន​សួគ៌ តើ​តួនាទី​របស់​លោក​យេស៊ូ​ជា​អ្វី?

១០ ហុកសិប​ឆ្នាំ​ក្រោយ​ពី​ពេល​លោក​យេស៊ូ​ទទួល​មរណភាព ហើយ​ក្រោយ​ពី​ពេល​លោក​រស់​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ នោះ​សាវ័ក​យ៉ូហាន​បាន​ឃើញ​ទំនាយ​ក្នុង​គំនិត​អំពី​លោក​យេស៊ូ​ក្នុង​ឋានៈ​ជា​ស្តេច​ដែល​ចេះ​ច្បាំង​យ៉ាង​ពូកែ​នៅ​ស្ថាន​សួគ៌។ យ៉ូហាន​សរសេរ​ថា​៖ «មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ស ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ធ្នូ ក៏​ទទួល​មកុដ រួច​អ្នក​នោះ​ចេញ​ទៅ​យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក»។ (បប. ៦:២) អ្នក​ជិះ​សេះ​សម្បុរ​ស​នោះ​គឺ​លោក​យេស៊ូ។ លោក​«ទទួល​មកុដ»​នៅ​ឆ្នាំ​១៩១៤ ពេល​លោក​ទទួល​អំណាច​ជា​ស្តេច​នៅ​ស្ថាន​សួគ៌។ ក្រោយ​មក លោក​«ចេញ​ទៅ​យក​ជ័យ​ជម្នះ»។ ពិត​មែន​ហើយ ដូច​ដាវីឌ លោក​យេស៊ូ​ជា​ស្តេច​ដែល​មាន​ជ័យ​ជម្នះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពេល​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ នោះ​លោក​បាន​ច្បាំង​ឈ្នះ​សាថាន ហើយ​បោះ​ទម្លាក់​វា​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ទៅ​ផែនដី។ (បប. ១២:៧​-​៩) លោក​នឹង​បន្ត​មាន​ជ័យ​ជម្នះ រហូត​ដល់​«បង្ហើយ​ជ័យ​ជម្នះ​របស់​លោក» ដោយ​បំផ្លាញ​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន​ទាំង​ស្រុង។—សូម​អាន ការ​បើក​បង្ហាញ ១៩:១១, ១៩​-​២១

១១ ដូច​ដាវីឌ លោក​យេស៊ូ​ជា​ស្តេច​ដែល​មាន​ចិត្ត​អាណិត​អាសូរ ហើយ​លោក​នឹង​ការពារ​«មនុស្ស​មួយ​ក្រុម​ធំ»​ឲ្យ​រួច​ជីវិត​ពី​សង្គ្រាម​ហា​ម៉ា​គេ​ដូន។ (បប. ៧:៩, ១៤) ម្យ៉ាង​ទៀត ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​និង​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​លោក ពោល​គឺ​១៤៤.០០០​នាក់​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ នោះ​«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»​ដែរ។ (សកម្ម. ២៤:១៥) អស់​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​នឹង​មាន​លទ្ធភាព​រស់​ជា​រៀង​រហូត។ ពួក​គេ​ពិត​ជា​មាន​អនាគត​ដ៏​ល្អ​បំព្រង​ណាស់! សូម​ឲ្យ​យើង​គ្រប់​គ្នា​ប្ដេជ្ញា​ចិត្ត​បន្ត​«ប្រព្រឹត្ត​ការ​ល្អ» ដើម្បី​នៅ​មាន​ជីវិត​រស់​នៅ ពេល​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​រាស្ត្រ​ដែល​សុចរិត​និង​មាន​សុភមង្គល ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ដែល​ឧត្តម​ជាង​ដាវីឌ។—ទំនុក. ៣៧:២៧​-​២៩

សាឡូម៉ូន​ទទួល​ប្រាជ្ញា​សម​ដូច​គាត់​អធិដ្ឋាន

១២​. តើ​សាឡូម៉ូន​បាន​អធិដ្ឋាន​សុំ​អ្វី​ខ្លះ?

១២ ជីវិត​របស់​សាឡូម៉ូន​ដែល​ជា​បុត្រ​របស់​ដាវីឌ ក៏​បាន​បង្ហាញ​ពី​ជីវិត​របស់​លោក​យេស៊ូ​ដែរ។ * ពេល​សាឡូម៉ូន​ឡើង​សោយរាជ្យ ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​សាឡូម៉ូន​តាម​រយៈ​សុបិន ហើយ​មាន​ប្រសាសន៍​ថា​លោក​នឹង​ផ្ដល់​អ្វី​ទាំង​អស់​ដែល​សាឡូម៉ូន​ស្នើ​សុំ។ សាឡូម៉ូន​អាច​ស្នើ​សុំ​ទ្រព្យ​សម្បត្ដិ​និង​អំណាច​ច្រើន​ទៀត ឬ​ក៏​ឲ្យ​មាន​អាយុ​វែង​បាន។ ផ្ទុយ​ទៅ​វិញ ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន សាឡូម៉ូន​សុំ​ព្រះ​យេហូវ៉ា​ថា​៖ «សូម​ប្រោស​ប្រទាន​ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​នឹង​យោបល់ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដា​ជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម្ល៉េះ​នេះ​បាន?»។ (២របា. ១:៧​-​១០) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន។—សូម​អាន របាក្សត្រទី២ ១:​១១, ១២

១៣​. តើ​ប្រាជ្ញា​របស់​សាឡូម៉ូន​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ប្រាជ្ញា​នោះ​មក​ពី​ណា?

១៣ ដរាប​ណា​ដែល​សាឡូម៉ូន​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដរាប​នោះ​គាត់​បាន​ពោល​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​ក្នុង​ចំណោម​មនុស្ស​នៅ​សម័យ​គាត់។ សាឡូម៉ូន​បាន​ថ្លែង​«សុភាសិត​៣​ពាន់»។ (១ពង្ស. ៤:៣០, ៣២, ៣៤) សុភាសិត​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​សរសេរ​ទុក ហើយ​នៅ​តែ​មាន​តម្លៃ​ចំពោះ​អស់​អ្នក​ដែល​ស្វែងរក​ប្រាជ្ញា។ មហាក្សត្រី​ស្រុក​សេ​បា​បាន​ធ្វើ​ដំណើរ​អស់​២.៤០០​គីឡូម៉ែត្រ ដើម្បី​ល្បង​ប្រាជ្ញា​របស់​សាឡូម៉ូន​ដោយ​សួរ​«ប្រស្នា​ដ៏​ជ្រៅ»។ នាង​កោត​ស្ងើច​ពី​អ្វី​ដែល​សាឡូម៉ូន​បាន​ថ្លែង ហើយ​ពី​សេចក្ដី​ចម្រើន​នៃ​រា​ជា​ណា​ចក្រ​របស់​គាត់។ (១ពង្ស. ១០:១​-​៩) គម្ពីរ​សម្គាល់​ប្រភព​នៃ​ប្រាជ្ញា​របស់​សាឡូម៉ូន​ដោយ​ចែង​ថា​៖ «ប្រជា​ជន​ក្នុង​លោក​ទាំង​មូល គេ​រក​ចង់​ចូល​ទៅ​គាល់​ស្តេច​សាឡូម៉ូន ដើម្បី​នឹង​ស្ដាប់​ប្រាជ្ញា​ទ្រង់ ដែល​ព្រះ​បាន​ដាក់​នៅ​ក្នុង​ព្រះ​ទ័យ»។—១ពង្ស. ១០:២៤

ចូរ​កាន់​តាម​ស្តេច​ដែល​មាន​ប្រាជ្ញា

១៤​. តើ​លោក​យេស៊ូ​ជា​«អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន»​ដូច​ម្ដេច​ខ្លះ?

១៤ មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជាក់​ជា​មាន​ប្រាជ្ញា​ច្រើន​ជាង​សាឡូម៉ូន។ មនុស្ស​ម្នាក់​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត ដែល​បាន​ពិពណ៌នា​អំពី​ខ្លួន​ថា​ជា​«អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន»។ (ម៉ាថ. ១២:៤២) លោក​យេស៊ូ​មាន​‹ប្រសាសន៍​ដែល​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់›។ (យ៉ូន. ៦:​៦៨) ជា​ឧទាហរណ៍ សុន្ទរកថា​ដែល​បាន​ត្រូវ​ថ្លែង​លើ​ភ្នំ​បំភ្លឺ​បន្ថែម​ពី​គោលការណ៍​នៃ​សុភាសិត​ខ្លះៗ​របស់​សាឡូម៉ូន។ សាឡូម៉ូន​បាន​ពិពណ៌នា​អំពី​លក្ខណៈ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មាន​សុភមង្គល។ (សុ. ៣:១៣; ៨:​៣២, ៣៣; ១៤:២១; ១៦:២០) លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​ថា​សុភមង្គល​ពិត បាន​មក​ពី​អ្វីៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា និង​ពី​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ។ លោក​មាន​ប្រសាសន៍​ថា​៖ «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ»។ (ម៉ាថ. ៥:៣) អស់​អ្នក​ដែល​ធ្វើ​តាម​គោលការណ៍​ដែល​មាន​ក្នុង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ នោះ​ត្រូវ​បាន​ទាក់​ទាញ​ឲ្យ​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ដែល​ជា ‹ប្រភព​នៃ​ជីវិត›។ (ទំនុក. ៣៦:​៩; សុ. ២២:១១; ម៉ាថ. ៥:៨) «ប្រាជ្ញា​របស់​ព្រះ»​ត្រូវ​តំណាង​ដោយ​គ្រិស្ត។ (១កូ. ១:​២៤, ៣០) ក្នុង​នាម​ជា​ស្តេច​មេស្ស៊ី លោក​យេស៊ូ​គ្រិស្ត​មាន​«វិញ្ញាណ​នៃ​ប្រាជ្ញា»។—អេសា. ១១:២

១៥​. តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​នាម​ជា​អ្នក​កាន់​តាម​បុគ្គល​ដែល​ឧត្តម​ជាង​សាឡូម៉ូន តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច? ដោយ​ព្រោះ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​របស់​លោក នោះ​យើង​ត្រូវ​ខិត​ខំ​សង្វាត​រក​ប្រាជ្ញា​នោះ ដោយ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង ជា​ពិសេស​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ណា​មួយ​ទៀត យើង​ក៏​ត្រូវ​រំពឹង​គិត​ពី​អ្វី​ដែល​យើង​បាន​អាន​ដែរ។ (សុ. ២:១​-​៥) ម្យ៉ាង​ទៀត យើង​ត្រូវ​តស៊ូ​ក្នុង​ការ​សុំ​ប្រាជ្ញា​ពី​ព្រះ។ បណ្ដាំ​របស់​ព្រះ​ធានា​យើង​ថា ប្រសិនបើ​យើង​អធិដ្ឋាន​ស្មោះ​អស់ពី​ចិត្ត​ដើម្បី​សុំ​ជំនួយ នោះ​យើង​នឹង​ទទួល​បាន​ជាក់​ជា​ពុំ​ខាន។ (យ៉ា. ១:៥) ដោយ​មាន​ជំនួយ​ពី​សកម្ម​ពល​បរិសុទ្ធ នោះ​យើង​នឹង​ទទួល​ប្រាជ្ញា​ដែល​មាន​តម្លៃ​បំផុត​ក្នុង​បណ្ដាំ​របស់​ព្រះ ហើយ​ប្រាជ្ញា​នេះ​អាច​ជួយ​យើង​ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ព្រម​ទាំង​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ផង។ (លូក. ១១:១៣) សាឡូម៉ូន​ក៏​ត្រូវ​បាន​ហៅ​ជា​«គ្រូ​ប្រដៅ»​ដែល​«បង្រៀន​ប្រជាជន​ឲ្យ​មាន​ដំ​រិះ​ទៅ​ទៀត»។ (សាស. ១២:៩, ១០) ក្នុង​នាម​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​ពួក​គ្រិស្ត​សាសនិក នោះ​លោក​យេស៊ូ​ក៏​ជា​គ្រូ​ប្រដៅ​នៃ​រាស្ត្រ​លោក​ដែរ។ (យ៉ូន. ១០:១៦; កូឡ. ១:១៨) ហេតុ​នេះ​ហើយ​បាន​ជា​យក​ល្អ​ឲ្យ​យើង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ដែល​ជា​កន្លែង​ដែល​យើង​ទទួល​សេចក្ដី ‹បង្រៀន​ត​ទៅ​ទៀត›។

១៦​. តើ​សាឡូម៉ូន​និង​លោក​យេស៊ូ​មាន​ភាព​ស្រ​ដៀង​គ្នា​អ្វី?

១៦ សាឡូម៉ូន​ជា​ស្តេច​ដែល​ឧស្សាហ៍។ គាត់​បាន​រៀប​ចំ​កិច្ចការ​សាង​សង់​ដែល​មាន​ទូ​ទាំង​ប្រទេស ហើយ​បាន​ត្រួត​ត្រា​លើ​ការ​សាងសង់​វាំង ផ្លូវ​ថ្នល់ ប្រព័ន្ធ​ចែក​ចាយ​ទឹក ទី​ក្រុង​ដែល​មាន​ឃ្លាំង​ផ្ទុក​ទំនិញ ទី​ក្រុង​សម្រាប់​ទុក​រទេះ​ចម្បាំង ហើយ​ទី​ក្រុង​សម្រាប់​ពួក​ពល​សេះ។ (១ពង្ស. ៩:១៧​-​១៩) រាជាណាចក្រ​ទាំង​មូល​ទទួល​ប្រយោជន៍​ពី​កិច្ចការ​សាង​សង់​របស់​សាឡូម៉ូន។ លោក​យេស៊ូ​ក៏​ជា​អ្នក​សាងសង់​ដែរ។ លោក​បាន​សាងសង់​ក្រុម​ជំនុំ​របស់​លោក​លើ​«ផ្ទាំង​ថ្ម»។ (ម៉ាថ. ១៦:១៨) ណា​មួយ​ទៀត លោក​ក៏​នឹង​ត្រួត​ត្រា​លើ​កិច្ចការ​សាងសង់​ដែល​នឹង​មាន​ក្នុង​ពិភព​លោក​ថ្មី។—អេសា. ៦៥:២១, ២២

ចូរ​កាន់​តាម​ស្តេច​នៃ​សន្ដិភាព

១៧​. (ក) ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន តើ​មាន​អ្វី​ដ៏​ល្អ​អស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន? (ខ) តើ​សាឡូម៉ូន​មិន​អាច​សម្រេច​អ្វី​បាន?

១៧ នាម​របស់​សាឡូម៉ូន​គឺ​មក​ពី​ពាក្យ​មួយ​ដែល​មាន​ន័យ​ថា «សន្ដិភាព»។ ស្តេច​សាឡូម៉ូន​បាន​គ្រប់​គ្រង​ពី​ទី​ក្រុង​យេរូសាឡិម ដែល​មាន​ន័យ​ថា​«មាន​សន្ដិភាព​ច្រើន​លើស​លប់»។ រាជ្យ​៤០​ឆ្នាំ​របស់​ស្តេច​សាឡូម៉ូន ត្រូវ​បាន​សម្គាល់​ដោយ​សន្ដិភាព​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ស្រុក​អ៊ីស្រាអែល។ គម្ពីរ​ចែង​ពី​គ្រា​នោះ​ថា​៖ «ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខសាន្តត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ​សេ​បា ដរាប​ដល់​អស់​ព្រះ​ជន្ម​នៃ​សាឡូម៉ូន»។ (១ពង្ស. ៤:២៥) យ៉ាង​ណា​ក៏​ដោយ ទោះ​ជា​សាឡូម៉ូន​មាន​ប្រាជ្ញា​លើស​លប់​ក្ដី តែ​គាត់​មិន​អាច​ជួយ​រាស្ត្រ​ឲ្យ​រួច​ពី​ទាសភាព​នៃ​ជំងឺ ភាព​ខុស​ឆ្គង និង​សេចក្ដី​ស្លាប់​ឡើយ។ ក៏​ប៉ុន្តែ អ្នក​ដែល​ឧត្តម​ជាង​សាឡូម៉ូន នឹង​រំដោះ​រាស្ត្រ​របស់​លោក​ឲ្យ​រួច​ពី​អ្វី​ទាំង​អស់​នោះ​បាន។—សូម​អាន រ៉ូម ៨:​១៩​-​២១

១៨​. ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក តើ​យើង​មាន​ស្ថានភាព​បែប​ណាខ្លះ?

១៨ សូម្បី​តែ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ឥឡូវ យើង​ក៏​មាន​សន្ដិភាព​ដែរ។ ប្រាកដ​ហើយ យើង​មាន​សន្ដិភាព ហាក់​ដូច​យើង​កំពុង​រស់​នៅ​សួន​ឧទ្យាន។ យើង​មាន​សន្ដិភាព​ជា​មួយ​ព្រះ​និង​ជា​មួយ​អ្នក​ដទៃ​ផង។ សូម​កត់​សម្គាល់​អ្វី​ដែល​អេសាយ​បាន​ទាយ​អំពី​ស្ថានភាព​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ ដោយ​ថា​៖ «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើសឹក​សង្គ្រាម​ទៀត​ដែរ»។ (អេសា. ២:៣, ៤) ដោយ​ប្រព្រឹត្ត​ស្រប​តាម​សកម្ម​ពល​របស់​ព្រះ នោះ​យើង​ជួយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​បែប​នេះ។

១៩, ២០​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​អរ​សប្បាយ?

១៩ ក៏​ប៉ុន្តែ នៅ​អនាគត​កាល​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង។ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​នឹង​មាន​សន្ដិភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន ហើយ​បន្ដិច​ម្ដងៗ ពួក​គេ​«នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ»​រហូត​ដល់​បាន​ល្អ​ឥត​ខ្ចោះ។ (រ៉ូម ៨:២១) ក្រោយ​ពី​ពួក​គេ​ឆ្លង​ផុត​ការ​សាក​ល្បង​ចុង​ក្រោយ​នៅ​ចុង​បញ្ចប់​នៃ​ការ​សោយរាជ្យ​មួយ​ពាន់​ឆ្នាំ នោះ​«មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជាម​រដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។ (ទំនុក. ៣៧:១១; បប. ២០:៧​-​១០) ពិត​ណាស់ ការ​សោយរាជ្យ​របស់​គ្រិស្ត​យេស៊ូ​នឹង​ល្អ​ប្រសើរ​ជាង​ការ​សោយរាជ្យ​របស់​សាឡូម៉ូន ដល់​កម្រិត​ដែល​យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ឡើយ!

២០ ដូច​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ហេតុ​ល្អ​ដើម្បី​រីករាយ​ក្រោម​អំណាច​របស់​ម៉ូសេ ដាវីឌ និង​សាឡូម៉ូន នោះ​យើង​នឹង​មាន​ហេតុ​ច្រើន​ជាង​ទៅ​ទៀត​ដើម្បី​អរ​សប្បាយ ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ (១ពង្ស. ៨:៦៦) យើង​ពិត​ជា​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ដោយ​បាន​បញ្ជូន​បុត្រ​តែ​មួយ​របស់​លោក ដែល​ឧត្តម​ជាង​ម៉ូសេ ដាវីឌ និង​សាឡូម៉ូន!

[កំណត់​សម្គាល់]

^ វគ្គ 4 ឈ្មោះ​ដាវីឌ​ទំនង​ជា​មាន​ន័យ​ថា​«ជា​ទី​ស្រឡាញ់»។ នៅ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នៅ​ពេល​លោក​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ នោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ហៅ​លោក​ថា «បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ»។—ម៉ាថ. ៣:​១៧; ១៧:៥

^ វគ្គ 7 ដំណាល​គ្នា​នោះ ដាវីឌ​ក្លាយ​ទៅ​ដូច​ជា​កូន​ចៀម​ដែល​ទុក​ចិត្ត​គង្វាល។ គាត់​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​គង្វាល​ដ៏​ល្អ​បំផុត ដើម្បី​ទទួល​ការ​ការពារ​និង​ការ​ណែនាំ។ គាត់​បាន​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ»។ (ទំនុក. ២៣:១) យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​សម្គាល់​លោក​យេស៊ូ​ជា​«កូន​ចៀម​របស់​ព្រះ»។—យ៉ូន. ១:២៩

^ វគ្គ 12 គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ឈ្មោះ​មួយ​ទៀត​សម្រាប់​សាឡូម៉ូន​គឺ​យេឌីឌីយ៉ា ដែល​មាន​ន័យ​ថា «ជា​ទី​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា»។—២សាំ. ១២:២៤, ២៥

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​លោក​យេស៊ូ​ជា​អ្នក​ដែល​ឧត្តម​ជាង​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

តើ​លោក​យេស៊ូ​ជា​អ្នក​ដែល​ឧត្តម​ជាង​សាឡូម៉ូន​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ដាវីឌ​និង​សាឡូម៉ូន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣១]

ប្រាជ្ញា​ដែល​ព្រះ​ផ្ដល់​ឲ្យ​សាឡូម៉ូន បង្ហាញ​ពី​ប្រាជ្ញា​របស់​អ្នក​ដែល​ឧត្តម​ជាង​សាឡូម៉ូន

[រូបភាព​នៅ​ទំព័រ​៣២]

ការ​សោយរាជ្យ​របស់​លោក​យេស៊ូ នឹង​ល្អ​ប្រសើរ​ជាង​ការ​សោយរាជ្យ​របស់​សាឡូម៉ូន​និង​ដាវីឌ ដល់​កម្រិត​ដែល​យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ឡើយ!