យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
«សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។—យ៉ូប ១:២១
១. តើអ្នកណាទំនងជាសរសេរសៀវភៅយ៉ូប? ហើយនៅពេលណា?
ម៉ូសេទំនងជាមានអាយុ៤០ឆ្នាំពេលគាត់រត់ចេញពីស្រុកអេស៊ីបដើម្បីគេចពីផារ៉ូដែលខឹងគាត់យ៉ាងខ្លាំង ហើយចាប់ផ្ដើមរស់នៅស្រុកម៉ាឌាន។ (សកម្ម. ៧:២៣) ក្នុងអំឡុងពេលរស់នៅក្នុងស្រុកនោះ គាត់ប្រហែលជាបានឮអំពីទុក្ខលំបាករបស់យ៉ូប ដែលរស់នៅមិនឆ្ងាយពីគាត់នៅស្រុកអ៊ូស។ ច្រើនឆ្នាំកន្លងមក ពេលជិតផុតកំណត់នៃការធ្វើដំណើរក្នុងតំបន់ស្ងាត់ជ្រងំ ម៉ូសេនិងបណ្ដាជនអ៊ីស្រាអែលស្ថិតនៅជិតស្រុកអ៊ូស ហើយនៅទីនោះម៉ូសេប្រហែលជាបានដឹងអំពីជីវិតចុងក្រោយរបស់យ៉ូប។ យោងទៅតាមប្រពៃណីជនជាតិយូដា ម៉ូសេបានសរសេរសៀវភៅយ៉ូបក្រោយពេលយ៉ូបបានស្លាប់ទៅ។
២. តើសៀវភៅយ៉ូបពង្រឹងជំនឿនៃអ្នកបម្រើរបស់ព្រះយេហូវ៉ានៅសម័យនេះតាមរបៀបណាខ្លះ?
២ សៀវភៅយ៉ូបពង្រឹងជំនឿនៃអ្នកបម្រើរបស់ព្រះនៅសម័យនេះ។ តើពង្រឹងជំនឿតាមរបៀបណាខ្លះ? កំណត់ហេតុនោះជួយយើងឲ្យយល់អំពីព្រឹត្ដិការណ៍ដែលសំខាន់ណាស់ ដែលបានកើតឡើងនៅលើស្ថានសួគ៌ ហើយរំលឹកយើងអំពីរឿងសំខាន់បំផុតដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះលើសកលលោកទាំងមូល។ ណាមួយទៀត កំណត់ហេតុស្តីអំពីយ៉ូបក៏នាំឲ្យយើងយល់កាន់តែច្បាស់ថាការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈរួមបញ្ចូលអ្វី ហើយជួយយើងយល់ពីមូលហេតុដែលព្រះយេហូវ៉ាជួនកាលអនុញ្ញាតឲ្យអ្នកបម្រើលោករងទុក្ខវេទនា។ ម្យ៉ាងទៀត សៀវភៅយ៉ូបបញ្ជាក់ថាមេកំណាចសាថានជាមេសត្រូវរបស់ព្រះយេហូវ៉ា និងជាសត្រូវរបស់មនុស្សជាតិដែរ។ សៀវភៅនោះក៏បង្ហាញថា មនុស្សជាតិដែលមានភាពមិនល្អឥតខ្ចោះដូចយ៉ូប អាចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាបាន ទោះបើមានការសាកល្បងដ៏ខ្លាំងក៏ដោយ។ សូមឲ្យយើងពិនិត្យមើលព្រឹត្ដិការណ៍ខ្លះៗដែលត្រូវបានពិពណ៌នាក្នុងសៀវភៅយ៉ូប។
សាថានសាកល្បងយ៉ូប
៣. តើយើងដឹងអ្វីខ្លះអំពីយ៉ូប? ហេតុអ្វីបានជាសាថានតាំងចិត្តព្យាបាទយ៉ូប?
៣ យ៉ូបជាអ្នកមានម្នាក់ ហើយមនុស្សទាំងឡាយគោរពរាប់អានគាត់។ គាត់ជាមេគ្រួសារដែលមានសីលធម៌ល្អប្រសើរ។ តាមមើលទៅ យ៉ូបជាអ្នកជូនឱវាទម្នាក់ដែលគេគោរព ហើយគាត់ផ្ដល់ជំនួយដល់មនុស្សដែលមានការខ្វះខាត។ សំខាន់បំផុត យ៉ូបគោរពកោតខ្លាចព្រះ។ យ៉ូបត្រូវបានពិពណ៌នាជាបុរស«គ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់»។ សាថានដែលជាមេកំណាចបានតាំងចិត្តព្យាបាទយ៉ូប ដោយសារគាត់មានភក្ដីភាពចំពោះព្រះ មិនមែនដោយសារគាត់ជាអ្នកមានឬដោយសារមនុស្សគោរពរាប់អានគាត់ឡើយ។—យ៉ូប ១:១; ២៩:៧-១៦; ៣១:១
៤. តើចិត្តស្មោះគ្រប់លក្ខណៈជាអ្វី?
៤ កំណត់ហេតុនៅដើមសៀវភៅយ៉ូបពិពណ៌នាថា មានការប្រជុំនៅស្ថានសួគ៌ ហើយនៅពេលនោះបណ្ដាទេវតាបានទៅជួបជុំនៅចំពោះមុខព្រះយេហូវ៉ា។ សាថានក៏នៅក្នុងចំណោមបណ្ដាទេវតាទាំងនោះដែរ ហើយនៅទីនោះវាបានចោទប្រកាន់យ៉ូប។ (សូមអាន យ៉ូប ១:៦-១១) ទោះបើសាថានបានរៀបរាប់អំពីទ្រព្យសម្បត្ដិរបស់យ៉ូបក៏ពិតមែន តែវាបានផ្ចង់អារម្មណ៍ទៅលើការធ្វើឲ្យមានការសង្ស័យលើចិត្តស្មោះគ្រប់លក្ខណៈរបស់យ៉ូបវិញ។ ពាក្យ«ចិត្តស្មោះគ្រប់លក្ខណៈ»បង្កប់អត្ថន័យថា ទៀងត្រង់ ឥតកន្លែងបន្ទោស សុចរិត និងគ្មានកំហុស។ ក្នុងគម្ពីរ ចិត្តស្មោះគ្រប់លក្ខណៈបញ្ជាក់ពីភក្ដីភាពអស់ពីចិត្តចំពោះព្រះយេហូវ៉ា។
៥. តើសាថានអះអាងថាយ៉ូបបម្រើព្រះដោយសារអ្វី?
៥ សាថានបានអះអាងថា យ៉ូបគោរពប្រណិប័តន៍ព្រះដោយព្រោះគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមែនដោយចិត្តស្មោះគ្រប់លក្ខណៈទេ។ សាថានបានចោទថា យ៉ូបនឹងស្មោះត្រង់ចំពោះព្រះយេហូវ៉ាឲ្យតែព្រះបន្តផ្ដល់រង្វាន់និងការពារគាត់។ ដើម្បីផ្ដល់ចម្លើយដល់ការចោទប្រកាន់របស់សាថាន ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានពាធាបុរសដ៏ស្មោះត្រង់នោះ។ ជាលទ្ធផល ក្នុងអំឡុងតែមួយថ្ងៃ យ៉ូបបានទទួលព័ត៌មានថាហ្វូងសត្វរបស់គាត់បានងាប់ឬមានគេលួច ពួកបាវព្រាវរបស់គាត់ត្រូវបានគេសម្លាប់ និងកូនទាំង១០បានបាត់បង់ជីវិតផង។ (យ៉ូប ១:១៣-១៩) តើការពាធារបស់សាថាននាំឲ្យយ៉ូបបាត់បង់ចិត្តស្មោះ គ្រប់លក្ខណៈទេ? កំណត់ហេតុក្នុងគម្ពីររៀបរាប់អំពីទស្សនៈរបស់យ៉ូបចំពោះគ្រោះកាចដែលគាត់ជួបថា៖ «ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ។ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។—យ៉ូប ១:២១
៦. (ក) ក្នុងកិច្ចប្រជុំមួយទៀតនៅស្ថានសួគ៌ តើមានអ្វីកើតឡើង? (ខ) ពេលសាថានចោទអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់យ៉ូបចំពោះព្រះយេហូវ៉ា តើវាចង់សំដៅទៅលើនរណា?
៦ ក្រោយមក មានកិច្ចប្រជុំមួយទៀតនៅស្ថានសួគ៌។ ម្ដងទៀត សាថានចោទប្រកាន់យ៉ូបថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ។ ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង នឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។ សូមកត់សម្គាល់ថា សាថានបានរួមបញ្ចូលអ្នកឯទៀតក្នុងការចោទប្រកាន់របស់វា។ ដោយពោលថា «មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោលដើម្បីឲ្យបានជីវិតគង់នៅ» នោះមេកំណាចធ្វើឲ្យមានការសង្ស័យទៅលើចិត្តស្មោះគ្រប់លក្ខណៈរបស់«មនុស្ស»ណាដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា មិនគ្រាន់តែយ៉ូបប៉ុណ្ណោះឡើយ។ បន្ទាប់មក ព្រះអនុញ្ញាតឲ្យសាថានទៅវាយយ៉ូបឲ្យកើតដំបៅដ៏អាក្រក់។ (យ៉ូប ២:១-៨, កំណែជាអក្សរទ្រេត) ប៉ុន្តែ នេះមិនមែនជាទីបញ្ចប់នៃទុក្ខលំបាករបស់យ៉ូបទេ។
តើយើងអាចរៀនអ្វីពីចិត្តគំនិតរបស់យ៉ូប?
៧. តើប្រពន្ធនិងមិត្តសំឡាញ់របស់យ៉ូបបានបង្ខិតបង្ខំឲ្យគាត់លែងមានចិត្តស្មោះគ្រប់លក្ខណៈតាមរបៀបណា?
៧ នៅដើមដំបូង យ៉ូបនិងប្រពន្ធរបស់គាត់មានការឈឺចាប់ដូចគ្នា។ ប្រពន្ធរបស់យ៉ូបច្បាស់ជាក្រៀមក្រំចិត្តមែន ពេលបាត់បង់កូននិងទ្រព្យសម្បត្ដិរបស់ក្រុមគ្រួសារ។ នាងពិតជាឈឺចិត្តមែន ពេលឃើញប្ដីមានជំងឺដែលធ្វើឲ្យឈឺចាប់។ នាងបានឧទានថា៖ «អ្នកនៅតែរក្សាលក្ខណៈខ្លួនទៀតឬ ចូរប្រមាថដល់ព្រះហើយស្លាប់ទៅចុះ!»។ ក្រោយមក បុរសបីនាក់ឈ្មោះអេលីផាស ប៊ីលដាឌ និងសូផារមកលេងយ៉ូបដើម្បីជួយសម្រាលទុក្ខគាត់។ ក៏ប៉ុន្តែ ជាជាងសម្រាលទុក្ខ ពួកគេវែកញែកមិនត្រឹមត្រូវ ហើយទៅជា«អ្នកកំសាន្តចិត្តដែលនាំឲ្យល្វើយវិញ»។ ជាឧទាហរណ៍ ប៊ីលដាឌបានបង្ហើបថាកូនរបស់យ៉ូបប្រព្រឹត្តអំពើខុសទំនងហើយសមនឹងទទួលសេចក្ដីស្លាប់។ អេលីផាសពោលបញ្ឆិតបញ្ឆៀងថាការរងទុក្ខរបស់យ៉ូបគឺជាទណ្ឌកម្មពីអំពើខុសឆ្គងដែលគាត់បានប្រព្រឹត្តពីមុន។ អេលីផាសក៏បានសង្ស័យថាមនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈគ្មានតម្លៃចំពោះព្រះទេ! (យ៉ូប ២:៩, ១១; ៤:៨; ៨:៤; ១៦:២; ២២:២, ៣) ទោះបើមានការបង្ខិតបង្ខំយ៉ាងខ្លាំងក៏ដោយ យ៉ូបនៅតែមានចិត្តស្មោះគ្រប់លក្ខណៈ។ ពិតមែន គាត់មានគំនិតខុសពេលគាត់ពោល«ថាខ្លួន[ខ្ញុំ]សុចរិតជាងព្រះ»។ (យ៉ូប ៣២:២, ខ.ស.) ក៏ប៉ុន្តែ គាត់រក្សាភាពស្មោះត្រង់រហូត។
៨. តើអេលីហ៊ូវបានផ្ដល់គំរូល្អយ៉ាងណាសម្រាប់អ្នកជូនឱវាទសព្វថ្ងៃ?
៨ បន្ទាប់មក កំណត់ហេតុរៀបរាប់ថា អេលីហ៊ូវក៏បានមកលេងយ៉ូបដែរ។ មុនដំបូង អេលីហ៊ូវស្ដាប់អំណះអំណាងដែលយ៉ូបនិងមិត្តសំឡាញ់បីនាក់បានលើកឡើង។ ទោះបើគាត់ក្មេងជាងបុរសទាំងបួននាក់នោះក៏ពិតមែន តែអេលីហ៊ូវបានបង្ហាញថាគាត់មានប្រាជ្ញាជាងគេ។ គាត់បាននិយាយទៅកាន់យ៉ូបដោយក្ដីគោរព។ អេលីហ៊ូវបានសរសើរយ៉ូបដោយព្រោះគន្លងជីវិតរបស់គាត់គឺល្អទៀងត្រង់។ ប៉ុន្តែ អេលីហ៊ូវក៏បានពោលថា យ៉ូបប្រមូលអារម្មណ៍ហួសហេតុពេកទៅលើការបង្ហាញថាខ្លួនគ្មានកំហុស។ ក្រោយមក អេលីហ៊ូវបង្កើនទំនុកចិត្តយ៉ូបថា ការបម្រើព្រះដោយស្មោះត្រង់តែងតែមានប្រយោជន៍។ (សូមអាន យ៉ូប ៣៦:១, ១១) នេះពិតជាគំរូល្អមែន! សម្រាប់អស់អ្នក ដែលផ្ដល់ដំបូន្មានសព្វថ្ងៃ។ អេលីហ៊ូវបង្ហាញចិត្តអត់ធ្មត់ ស្ដាប់ដោយយកចិត្តទុកដាក់ សរសើរពេលអាចធ្វើបាន ព្រមទាំងផ្ដល់ដំបូន្មានដែលពង្រឹងកម្លាំងចិត្ត។—យ៉ូប ៣២:៦
៩. តើព្រះយេហូវ៉ាបានជួយយ៉ូបយ៉ាងដូចម្ដេច?
៩ នៅចុងបំផុតនោះ យ៉ូបមានបទពិសោធន៍ដែលគួរឲ្យស្ញប់ស្ញែងពេលព្រះយេហូវ៉ាមានប្រសាសន៍ទៅរកគាត់! កំណត់ហេតុរៀបរាប់ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូប»។ ព្រះយេហូវ៉ាបានសួរសំណួរមួយចំនួនដើម្បីជួយយ៉ូបដោយសេចក្ដីសប្បុរសក្នុងការកែតម្រង់គំនិតរបស់គាត់។ យ៉ូបស្ម័គ្រចិត្តទទួលដំបូន្មាននោះ ហើយសារភាពថា៖ «ទូលបង្គំថោកទាបណាស់ . . . [ខ្ញុំ]ក៏ប្រែចិត្តដោយក្រាបនៅក្នុងធូលីដីហើយនឹងផេះ»។ ក្រោយពីព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូប ព្រះយេហូវ៉ាបានប្រដៅតម្រង់មិត្តសំឡាញ់បីនាក់ដោយព្រោះពួកគេមិនបាននិយាយ«សេចក្ដីដែលត្រឹមត្រូវ»។ យ៉ូបត្រូវអធិដ្ឋានឲ្យពួកគេ។ ក្រោយមក«កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង»។—យ៉ូប ៣៨:១; ៤០:៤; ៤២:៦-១០
តើយើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងប៉ុណ្ណា?
១០. ព្រះយេហូវ៉ាអាចសម្រេចចិត្តធ្វើមិនអើពើឬកម្ទេចចោលសាថាន តែហេតុអ្វីបានជាលោកមិនធ្វើដូច្នោះ?
១០ ព្រះយេហូវ៉ាជាអ្នកបង្កើត និងជាមហាក្សត្រនៃអ្វីៗទាំងអស់ដែលត្រូវបានបង្កើតមក។ ព្រះអាចសម្រេចចិត្តធ្វើមិនអើពើនឹងការចោទប្រកាន់របស់សាថាន។ ហេតុអ្វីបានជាលោកមិនធ្វើដូច្នោះ? ព្រះជ្រាបថាការធ្វើមិនអើពើនឹងសាថានឬការកម្ទេចវាចោល នោះនឹងមិនដោះស្រាយការចោទប្រកាន់ដែលវាបានលើកឡើងឡើយ។ មេកំណាចបានអះអាងថាយ៉ូប ដែលជាអ្នកបម្រើដ៏ល្អម្នាក់របស់ព្រះយេហូវ៉ា នឹងមិនរក្សាភក្ដីភាពទេបើគាត់លែងមានទ្រព្យសម្បត្ដិ។ យ៉ូបរក្សាភក្ដីភាព ទោះបើគ្មានទ្រព្យសម្បត្ដិក៏ដោយ។ សាថានអះអាងថា ប្រសិនបើមនុស្សណារងទុក្ខខាងផ្លូវកាយ នោះគាត់នឹងបោះបង់ចោលព្រះតែម្ដង។ យ៉ូបរងទុក្ខព្រមទាំងឈឺចាប់ តែគាត់នៅតែមានចិត្តស្មោះគ្រប់លក្ខណៈ។ អាស្រ័យហេតុនេះ ក្នុងករណីរបស់បុរសស្មោះត្រង់ដែលមិនល្អឥតខ្ចោះនោះ សាថានត្រូវបានបង្ហាញថាជាអ្នកភូតភរ។ ចុះយ៉ាងណាវិញចំពោះអ្នកឯទៀតដែលគោរពប្រណិប័តន៍ព្រះ?
១១. តើលោកយេស៊ូបានបង្ហាញថាសាថានជាអ្នកភូតភរយ៉ាងដូចម្ដេច?
១១ បើនិយាយឲ្យចំទៅ ទោះបើសាថានពាធាដោយវិធីណាក៏ដោយ អ្នកបម្រើព្រះម្នាក់ៗដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈអាចបង្ហាញថាក្នុងករណីរបស់ខ្លួន ការចោទប្រកាន់របស់សត្រូវដែលគ្មានមេត្ដានោះ គឺមិនពិតឡើយ។ លោកយេស៊ូបានចុះមកផែនដី ហើយផ្ដល់ចម្លើយមួយដងជាការស្រេចចំពោះការចោទរបស់សាថាន។ លោកយេស៊ូជាបុរសល្អឥតខ្ចោះ ដូចអាដាមដែលជាបិតាដំបូងរបស់យើងដែរ។ ដោយព្រោះលោកយេស៊ូមានចិត្តស្មោះត្រង់រហូតដល់ទីមរណៈ នេះបានបង្ហាញយ៉ាងប្រាកដប្រជាថាសាថានជាអ្នកភូតភរ និងការចោទរបស់វាគឺមិនពិតទេ។—បប. ១២:១០
១២. តើអ្នកបម្រើព្រះយេហូវ៉ាម្នាក់ៗមានឱកាសនិងភារកិច្ចអ្វី?
១២ យ៉ាងណាក្ដី សាថាននៅតែសាកល្បងអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងម្នាក់ៗមានឱកាសនិងភារកិច្ចដើម្បីបង្ហាញដោយចិត្តស្មោះគ្រប់លក្ខណៈរបស់យើងថា យើងបម្រើព្រះយេហូវ៉ាដោយសារយើងស្រឡាញ់លោក មិនមែនដោយសារគិតពីប្រយោជន៍ខ្លួនឡើយ។ តើយើងមានទស្សនៈយ៉ាងដូចម្ដេចចំពោះភារកិច្ចនោះ? យើងចាត់ទុកភារកិច្ចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាជាកិត្ដិយសពិសេសមួយ។ ណាមួយទៀត ព្រះយេហូវ៉ាផ្ដល់កម្លាំងចិត្តកម្លាំងកាយដើម្បីឲ្យយើងអាចស៊ូទ្រាំបាន ហើយដូចបានឃើញក្នុងករណីរបស់យ៉ូប ព្រះមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ទុក្ខលំបាកដែលហួសពីសមត្ថភាពរបស់យើងទេ។ ដូច្នេះ ការដឹងអំពីនេះ ច្បាស់ជាសម្រាលទុក្ខយើងមែន!—១កូ. ១០:១៣
សាថានជាសត្រូវកោងកាចនិងជាអ្នកក្បត់ជំនឿ
១៣. តើសៀវភៅយ៉ូបបង្ហាញអ្វីអំពីសាថាន?
១៣ បទគម្ពីរភាសាហេប្រឺផ្ដល់ព័ត៌មានយ៉ាងល្អិតល្អន់អំពីអំពើដ៏គួរឲ្យអាម៉ាស់ខ្មាសរបស់សាថាន ក្នុងការប្រឆាំងព្រះយេហូវ៉ានិងការនាំមនុស្សឲ្យវង្វេង។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច យើងទទួលព័ត៌មានច្រើនទៀតស្តីអំពីការប្រឆាំងរបស់សាថានចំពោះព្រះយេហូវ៉ា។ ក្នុងសៀវភៅការបើកបង្ហាញ យើងយល់ថា មិនយូរប៉ុន្មានទៀតនឹងមានការបង្ហាញពីភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះ ហើយមានការបំផ្លាញចោលសាថានឲ្យវិនាសសាបសូន្យ។ សៀវភៅយ៉ូបជួយឲ្យយើងយល់ថែមទៀតអំពីការបះបោរប្រឆាំងរបស់សាថាន។ ពេលសាថាននៅក្នុងចំណោមបណ្ដាទេវតាដែលបានប្រជុំនៅឯស្ថានសួគ៌ វាមិនបានចូលរួមដោយមានបំណងចង់សរសើរព្រះយេហូវ៉ាទេ។ មេកំណាចមានចិត្តគំនិតកាចសាហាវ និងបំណងអាក្រក់។ ក្រោយពីវាចោទប្រកាន់ទោសយ៉ូប ហើយទទួលការអនុញ្ញាតឲ្យល្បងលគាត់ នោះ«សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ា»។—យ៉ូប ១:១២; ២:៧
១៤. តើសាថានមានចិត្តគំនិតយ៉ាងណាចំពោះយ៉ូប?
យ៉ូប ១:៦ និងកិច្ចប្រជុំដែលបានរៀបរាប់ក្នុងយ៉ូប ២:១ យើងមិនដឹងថាមានរយៈពេលយូរប៉ុណ្ណាទេ។ ក្នុងអំឡុងពេលនោះ យ៉ូបត្រូវបានសាថានសាកល្បងដោយឥតមានការត្រាប្រណី។ ចិត្តស្មោះត្រង់របស់យ៉ូបអាចនាំឲ្យព្រះយេហូវ៉ាពោលទៅសាថានថា៖ «ទោះបើឯងបណ្ដាលឲ្យអញទាស់នឹង[យ៉ូប] ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែ[យ៉ូប]នៅរក្សាលក្ខណៈខ្លួនដដែល»។ ប៉ុន្តែ សាថានមិនព្រមសារភាពថាការចោទប្រកាន់របស់វាចំពោះយ៉ូបគឺខុសឡើយ។ ផ្ទុយទៅវិញ វាទាមទារឲ្យយ៉ូបមានការសាកល្បងដ៏ខ្លាំងមួយទៀត។ យ៉ាងនេះ មេកំណាចបានសាកល្បងយ៉ូបពេលគាត់មានភាពចម្រុងចម្រើន និងពេលគាត់ទ័លក្រផង។ យ៉ាងច្បាស់ណាស់ សាថានគ្មានសេចក្ដីអាណិតអាសូរចំពោះមនុស្សក្រីក្រឬជនរងគ្រោះដោយទុក្ខលំបាកឡើយ។ វាស្អប់មនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ (យ៉ូប ២:៣-៥) យ៉ាងណាក្ដី ដោយសារយ៉ូបរក្សាភាពស្មោះត្រង់ នោះបង្ហាញថាសាថានជាអ្នកភូតភរ។
១៤ អាស្រ័យហេតុនេះ សៀវភៅយ៉ូបបានសម្គាល់សាថានជាសត្រូវដ៏ឃោរឃៅរបស់មនុស្សជាតិ។ នៅចន្លោះកិច្ចប្រជុំឯស្ថានសួគ៌ដែលបានរៀបរាប់នៅ១៥. តើអ្នកក្បត់ជំនឿនៅសម័យនេះនិងសាថានមានភាពស្រដៀងគ្នាយ៉ាងណា?
១៥ សាថានជាបុគ្គលដំបូងដែលក្លាយទៅជាអ្នកក្បត់ជំនឿ។ អ្នកក្បត់ជំនឿនៅសម័យនេះបង្ហាញលក្ខណៈស្រដៀងនឹងលក្ខណៈរបស់មេកំណាច។ ពួកអ្នកក្បត់ជំនឿមានចិត្តគំនិតរិះគន់ដល់បងប្អូនក្នុងក្រុមជំនុំ អ្នកចាស់ទុំគ្រិស្តសាសនិក ឬគណៈអភិបាល ហើយគំនិតនោះគឺដូចជាជាតិពិសពុលដែលពង្វក់ស្មារតីរបស់ពួកគេ។ អ្នកក្បត់ជំនឿខ្លះប្រឆាំងនឹងការប្រើនាមរបស់ព្រះយេហូវ៉ា។ ពួកគេមិនចាប់អារម្មណ៍ចង់ដឹងអំពីព្រះយេហូវ៉ា ឬបម្រើលោកទេ។ ដូចសាថាន ដែលជាឪពុករបស់ពួកគេ អ្នកក្បត់ជំនឿតាំងចិត្តព្យាបាទមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈ។ (យ៉ូន. ៨:៤៤) ពុំមែនជាការចម្លែកអ្វីឡើយ! ដែលអ្នកបម្រើព្រះយេហូវ៉ាជៀសចេញមិនទាក់ទងជាមួយពួកគេជាដាច់ខាត!—២យ៉ូន. ១០, ១១
យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
១៦. តើយ៉ូបបង្ហាញចិត្តគំនិតបែបណាចំពោះព្រះយេហូវ៉ា?
១៦ យ៉ូបបានប្រើហើយសរសើរនាមរបស់ព្រះយេហូវ៉ា។ ទោះជាយ៉ូបបានឈឺចាប់ខ្លោចផ្សាដោយឮព័ត៌មានអំពីកូនបាត់បង់ជីវិតក្ដី តែគាត់មិនបានប្រកាន់ទោសព្រះឡើយ។ ទោះបើយ៉ូបបានគិតខុសថាព្រះជាអ្នកដែលបណ្ដាលឲ្យគាត់បាត់បង់អ្វីៗទាំងអស់ក៏ពិតមែន យ៉ាងណាក្ដី គាត់បានសរសើរតម្កើងនាមព្រះយេហូវ៉ា។ ក្រោយមក យ៉ូបបានពោលថា៖ «មើល! សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់»។—យ៉ូប ២៨:២៨
១៧. តើអ្វីដែលបានជួយយ៉ូបឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់គាត់?
១៧ តើអ្វីដែលបានជួយយ៉ូបឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ? យ៉ាងច្បាស់ណាស់ មុនពេលដែលមានទុក្ខលំបាក គាត់បានបណ្ដុះឲ្យមានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ារួចទៅហើយ។ យើងមិនមានទីសំអាងដែលបញ្ជាក់ថាយ៉ូបដឹងអំពីរឿងដែលសាថានបានចោទចំពោះព្រះយេហូវ៉ាទេ តែយ៉ូបបានតាំងចិត្តរក្សាភក្ដីភាពរហូត។ យ៉ូបបាននិយាយថា៖ «រហូតដល់ស្លាប់ ខ្ញុំមិនព្រមលះចោលចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្ញុំឡើយ»។ (យ៉ូប ២៧:៥, ព.ថ.) តើយ៉ូបបាន បណ្ដុះឲ្យមានចំណងមេត្រីភាពដ៏ជិតស្និទ្ធយ៉ាងដូចម្ដេច? គាត់ពិតជាឲ្យតម្លៃទៅលើអ្វីដែលគាត់បានឮអំពីការប្រព្រឹត្តរបស់ព្រះជាមួយញាតិសន្ដានរបស់គាត់ ដូចជាអាប្រាហាំ អ៊ីសាក និងយ៉ាកុបជាដើម។ ណាមួយទៀត ដោយសង្កេតមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត នោះយ៉ូបអាចយល់ពីលក្ខណៈសម្បត្ដិជាច្រើនរបស់លោក។—សូមអាន យ៉ូប ១២:៧-៩, ១៣, ១៦
១៨. (ក) តើយ៉ូបបង្ហាញភក្ដីភាពរបស់គាត់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើយើងប្រព្រឹត្តតាមគំរូដ៏ល្អរបស់យ៉ូបតាមរបៀបណាខ្លះ?
១៨ អ្វីៗដែលយ៉ូបបានរៀនជួយគាត់ឲ្យមានចិត្តចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ យ៉ូបបានជូនគ្រឿងបូជាជារឿយៗ ក្រែងលោសមាជិកគ្រួសាររបស់គាត់បានប្រព្រឹត្តអ្វីមួយដែលធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត ឬបាន‹ប្រមាថព្រះក្នុងចិត្តរបស់ខ្លួន›។ (យ៉ូប ១:៥) សូម្បីតែពេលសាថានកំពុងសាកល្បងគាត់យ៉ាងខ្លាំងក៏ដោយ យ៉ូបនៅតែនិយាយល្អអំពីព្រះយេហូវ៉ា។ (យ៉ូប ១០:១២) នេះពិតជាគំរូដ៏ល្អប្រសើរមែន! យើងក៏ត្រូវក្រេបជញ្ជក់យកចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ា និងគោលបំណងរបស់លោកយ៉ាងទៀងទាត់ដែរ។ យើងមានទម្លាប់ល្អដែលអាចពង្រឹងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា ដូចជាការសិក្សា ការទៅកិច្ចប្រជុំ ការអធិដ្ឋាន និងការផ្សព្វផ្សាយដំណឹងល្អ។ ម្យ៉ាងទៀត យើងខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យគេស្គាល់នាមរបស់ព្រះយេហូវ៉ា។ ដូចជាចិត្តស្មោះគ្រប់លក្ខណៈរបស់យ៉ូបបានផ្គាប់ចិត្តព្រះយេហូវ៉ា នោះចិត្តស្មោះគ្រប់លក្ខណៈនៃអ្នកបម្រើរបស់ព្រះសព្វថ្ងៃក៏ធ្វើឲ្យព្រះយេហូវ៉ារីករាយដែរ។ យើងនឹងពិចារណារឿងនេះនៅអត្ថបទបន្ទាប់។
តើអ្នកនៅចាំទេ?
• ហេតុអ្វីបានជាសាថានចាប់អារម្មណ៍នឹងយ៉ូប?
• តើយ៉ូបបានស៊ូទ្រាំនឹងការសាកល្បងអ្វីខ្លះ? តើគាត់បានប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះការសាកល្បងនោះ?
• ដូចយ៉ូប តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ?
• ពីសៀវភៅយ៉ូប តើយើងបានរៀនអ្វីខ្លះស្តីអំពីសាថាន?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១០]
កំណត់ហេតុស្តីអំពីយ៉ូបជួយយើងឲ្យយល់អំពីរឿងដ៏សំខាន់បំផុត ពោលគឺព្រះមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូល
[រូបភាពនៅទំព័រ១២]
តើចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នកអាចត្រូវសាកល្បងក្រោមកាលៈទេសៈណាខ្លះ?