លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សត្វដែលបង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ា

សត្វដែលបង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ា

សត្វ​ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា

​«គុណ​សម្បត្ដិ​របស់​លោក ដែល​មនុស្ស​មើល​មិន​ឃើញ . . . នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់ . . . ពេល​ដែល​ពិចារណា​អ្វីៗ​ដែល​លោក​បាន​បង្កើត»។—រ៉ូម ១:២០

១​. តើ​ប្រាជ្ញា​របស់​ពិភព​លោក​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​មនុស្ស​ជា​ច្រើន?

សព្វ​ថ្ងៃ​មាន​មនុស្ស​ជា​ច្រើន​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រាជ្ញ ទោះ​បើ​មិន​តែង​តែ​មាន​មូលហេតុ​ល្អ​ក៏​ដោយ។ អ្នក​ខ្លះ​ទំនង​ជា​និយាយ​ថា មនុស្ស​ណា​ម្នាក់​មាន​ប្រាជ្ញា​ឲ្យ​តែ​គាត់​មាន​ការ​ចេះ​ដឹង​ច្រើន។ ក៏​ប៉ុន្តែ មនុស្ស​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រាជ្ញ​ក្នុង​ពិភព​លោក​នេះ មិន​ផ្ដល់​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ស្តី​អំពី​ខ្លឹម​សារ​ពិត​នៃ​ជីវិត​ទេ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​បែប​នេះ​មាន​ឥទ្ធិពល​លើ​ខ្លួន នោះ​បែរ​ជា​«មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ ឬ​ត្រូវ​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង»។—អេភ. ៤:១៤

២, ៣​. (ក) ហេតុ​អ្វី​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា «មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា»? (ខ) តើ​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​ខុស​គ្នា​ពី​ប្រាជ្ញា​របស់​ពិភព​លោក​យ៉ាង​ដូច​ម្ដេច?

អស់​អ្នក​ដែល​បាន​ទទួល​ប្រាជ្ញា​ពិត​មិន​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច្នោះ​ទេ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ប្រាជ្ញា​នោះ! គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​«មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា»។ (រ៉ូម ១៦:២៧) លោក​ជ្រាប​ពី​អ្វីៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត របៀប​ដែល​លោក​បាន​បង្កើត​របស់​ទាំង​នោះ ហើយ​ក៏​ជ្រាប​ពី​ប្រវត្ដិ​នៃ​អ្វីៗ​ទាំង​នោះ​ដែរ។ ច្បាប់​ធម្មជាតិ​ដែល​មនុស្ស​ជាតិ​ពឹង​ផ្អែក​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ សុទ្ធតែ​រៀប​ចំ​ដោយ​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​មិន​កោត​ស្ងើច​នឹង​ស្នា​ដៃ​មនុស្ស​ជាតិ​ទេ ហើយ​ក៏​មិន​ចាប់​អារម្មណ៍​នឹង​ទ្រឹស្តី​របស់​មនុស្ស​ដែល​គេ​ចាត់​ថា​ជា​ចំណេះ​ខ្ពង់​ខ្ពស់​ឡើយ។ «ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ជា​អ្វី​ដែល​ផ្ដេសផ្ដាស​ចំពោះ​ព្រះ»។—១កូ. ៣:១៩

គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​«ប្រទាន​ឲ្យ​មាន​ប្រាជ្ញា»​ដល់​អ្នក​បម្រើ​របស់​លោក។ (សុ. ២:៦) ប្រាជ្ញា​ដែល​មក​ពី​ព្រះ​គឺ​ខុស​ប្លែក​ពី​ទ្រឹស្តី​របស់​មនុស្ស​ដែល​ច្រើន​តែ​ស្រពេចស្រពិល។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​ដែល​មក​ពី​ព្រះ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចេះ​វិនិច្ឆ័យ​ល្អ ហើយ​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​និង​ការ​យល់​ដឹង។ (សូម​អាន យ៉ាកុប ៣:១៧) សាវ័ក​ប៉ូល​បាន​ស្ញប់​ស្ញែង​ចំពោះ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ថា​៖ «ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!»។ (រ៉ូម ១១:៣៣) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត យើង​មាន​ទំនុក​ចិត្ត​ថា​ច្បាប់​របស់​លោក​ណែនាំ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ល្អ​បំផុត។ យ៉ាង​ណា​មិញ ព្រះ​យេហូវ៉ា​ជ្រាប​ច្រើន​ជាង​នរណាៗ​ទៅ​ទៀត​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​សុភមង្គល។—សុ. ៣:៥, ៦

លោក​យេស៊ូ​ជា​«មេ​ជាង»

៤​. តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​យល់​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

យើង​អាច​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​គុណ​សម្បត្ដិ​ឯ​ទៀត​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយ​ពិចារណា​អ្វីៗ​ដែល​លោក​បាន​បង្កើត។ (សូម​អាន រ៉ូម ១:២០) ចាប់​តាំង​ពី​របស់​ធំ​រហូត​ដល់​តូច​បំផុត អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ស​ឲ្យ​ឃើញ​គុណ​សម្បត្ដិ​របស់​លោក។ មិន​ថា​នៅ​កន្លែង​ណា​ក៏​ដោយ ទោះ​ជា​លើ​មេឃ​ឬ​នៅ​ដី​ក្ដី យើង​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ពី​អ្នក​បង្កើត​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​អាច​រៀន​ច្រើន​ណាស់​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត ដោយ​ពិចារណា​ពី​អ្វីៗ​ដែល​លោក​បាន​បង្កើត។—ទំនុក. ១៩:១; អេសា. ៤០:២៦

៥, ៦​. (ក) ក្រៅ​ពី​ព្រះ​យេហូវ៉ា តើ​នរណា​ចូល​រួម​ក្នុង​ការ​បង្កើត​អ្វីៗ​ទាំង​អស់? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី? ហើយ​ហេតុ​អ្វី?

ពេល​ព្រះ​យេហូវ៉ា​«បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី» នោះ​លោក​មាន​អ្នក​ជំនួយ​ម្នាក់។ (លោ. ១:១) គម្ពីរ​បញ្ជាក់​ថា​ច្រើន​ឆ្នាំ​មុន​បង្កើត​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​មើល​ឃើញ នោះ​លោក​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ម្នាក់ ហើយ​តាម​រយៈ​បុគ្គល​វិញ្ញាណ​នោះ លោក​បាន​បង្កើត​«អ្វីៗ​ឯ​ទៀត​ទាំង​អស់»។ បុគ្គល​វិញ្ញាណ​នោះ​គឺ​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ «ជា​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត» ដែល​ក្រោយ​មក​រស់​នៅ​ផែនដី​ជា​មនុស្ស​ដែល​គេ​ហៅ​ថា​លោក​យេស៊ូ។ (កូឡ. ១:១៥​-​១៧) លោក​យេស៊ូ​មាន​ប្រាជ្ញា​ដូច​ព្រះ​យេហូវ៉ា។ តាម​ពិត សៀវភៅ​សុភាសិត​ជំពូក​ទី​៨​ប្រដូច​លោក​យេស៊ូ​ទៅ​នឹង​ប្រាជ្ញា។ ជំពូក​នោះ​ក៏​ហៅ​លោក​យេស៊ូ​ថា​«មេ​ជាង»​របស់​ព្រះ។—សុ. ៨:១២, ២២​-​៣១

យ៉ាង​នេះ អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បង្កើត​ដែល​យើង​អាច​មើល​ឃើញ បង្ហាញ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ជា​មេ​ជាង ព្រម​ទាំង​មាន​មេរៀន​សំខាន់ៗ​សម្រាប់​យើង​ផង។ សូម​ឲ្យ​យើង​ពិចារណា​ពី​សត្វ​បួន​ប្រភេទ​ដែល​សុភាសិត ៣០:២៤​-​២៨ បាន​ពិពណ៌នា​ថា​«មាន​ប្រាជ្ញា​ដ៏​លើស​លប់»​ឬ​មាន​ប្រាជ្ញា​តាំង​ពី​កំណើត។

មេរៀន​អំពី​ការ​ឧស្សាហ៍​ខ្នះខ្នែង

៧, ៨​. តើ​អ្នក​ចាប់​អារម្មណ៍​ចំណុច​ណាខ្លះ​ស្តី​អំពី​ស្រមោច?

ពេល​យើង​ពិនិត្យ​មើល​របៀប​ដែល​សត្វ​ត្រូវ​បង្កើត​និង​សកម្ម​ភាព​របស់​វា សូម្បី​តែ​សត្វ​ដែល​អាច​ត្រូវ​ហៅ​ថា​«តូច​ទាប​ណាស់​នៅ​លើ​ផែនដី»​ក៏​ដោយ ក៏​យើង​អាច​ទាញ​យក​មេរៀន​បាន​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រាជ្ញា​ដែល​ស្រមោច​មាន​តាំង​ពី​កំណើត។—សូម​អាន សុភាសិត ៣០:២៤, ២៥

អ្នក​ស្រាវជ្រាវ​ខ្លះ​ជឿ​ថា​ចំនួន​ស្រមោច​មាន​ច្រើន​ជាង​ចំនួន​មនុស្ស​២០០.០០០​ដង ដែល​ទាំង​អស់​កំពុង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នៅ​លើ​និង​នៅ​ក្រោម​ដី។ ស្រមោច​មាន​របៀប​រៀប​ចំ​ជា​ក្រុមៗ ហើយ​ក្នុង​ក្រុម​ភាគ​ច្រើន​មាន​ស្រមោច​បី​ប្រភេទ ពោល​គឺ​កម្មករ ស្រមោច​ឈ្មោល និង​មេ​ស្រមោច។ ពួក​វា​ពួត​ដៃ​គ្នា​យក​ចិត្ត​ទុក​ដាក់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម។ ស្រមោច​ខ្លះ​មាន​ជំនាញ​ខាង​ការ​ថែ​ទាំ​សួន​ច្បារ។ ស្រមោច​នេះ​ចេះ​ដាក់​ជី បណ្ដុះ និង​សំអាត​ដំណាំ​ផ្សិត​ឲ្យ​បាន​ផល​ច្រើន​បំផុត។ អ្នក​ស្រាវជ្រាវ​បាន​យល់​ឃើញ​ថា​ស្រមោច​ដែល​មាន​ជំនាញ​ខាង​ថែ​ទាំ​សួន​ច្បារ​នេះ ចេះ​ប្រែ​ប្រួល​ការ​ឧស្សាហ៍​ខ្នះខ្នែង​តិច​ឬ​ច្រើន​ស្រប​តាម​ចំនួន​ចំណី​ដែល​ក្រុម​ត្រូវ​ការ។

៩, ១០​. តើ​យើង​អាច​ឧស្សាហ៍​ខ្នះខ្នែង​ដូច​ស្រមោច​យ៉ាង​ដូច​ម្ដេច?

យើង​អាច​ទាញ​មេរៀន​ពី​ស្រមោច។ ពួក​វា​បង្រៀន​យើង​ថា ប្រសិនបើ​យើង​ចង់​ទទួល​ផល​ល្អ យើង​ត្រូវ​សង្វាត​ព្យាយាម។ គម្ពីរ​រៀប​រាប់​ថា​៖ «ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ។ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន​ប្រាជ្ញា​ឡើង។ វា​គ្មាន​នាយ គ្មាន​អ្នក​កាន់កាប់​ការ ឬ​អ្នក​គ្រប់​គ្រង​ឡើយ។ គង់តែ​វា​ផ្គត់​ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចំ​រូត​ផង»។ (សុ. ៦:៦​-​៨) ទាំង​ព្រះ​យេហូវ៉ា​ទាំង​លោក​យេស៊ូ​ដែល​ជា​មេ​ជាង ក៏​ឧស្សាហ៍​ខ្នះខ្នែង។ លោក​យេស៊ូ​បាន​ពោល​ថា​៖ «បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ»។—យ៉ូន. ៥:១៧

១០ ក្នុង​នាម​ជា​អ្នក​ដែល​យក​តម្រាប់​តាម​ព្រះ​និង​លោក​យេស៊ូ គប្បី​ឲ្យ​យើង​ឧស្សាហ៍​ខ្នះខ្នែង​ផង​ដែរ។ មិន​ថា​យើង​មាន​ភារកិច្ច​អ្វី​ក៏​ដោយ​ក្នុង​អង្គការ​របស់​ព្រះ យើង​គ្រប់​គ្នា​គួរ​«ជាប់​រវល់​ក្នុង​កិច្ចការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់»។ (១កូ. ១៥:៥៨) ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​សាវ័ក​ប៉ូល ដែល​គាត់​ជូន​ពួក​គ្រិស្ត​សាសនិក​ក្នុង​ក្រុង​រ៉ូម​ដែល​ថា​៖ «កុំ​ខ្ជិល​ក្នុង​កិច្ចការ​របស់​អ្នក​ឡើយ។ ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្ម​ពល​របស់​ព្រះ។ ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា»។ (រ៉ូម ១២:១១) ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​មិន​ទៅ​ជា​អសារ​ឥត​ការ​ឡើយ ពីព្រោះ​គម្ពីរ​ធានា​យើង​ថា​៖ «ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​នោះ​ទេ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក»។—ហេ. ៦:១០

របៀប​ការពារ​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ

១១​. សូម​រៀប​រាប់​ចរិត​លក្ខណៈ​ខ្លះៗ​របស់​ទន្សាយ​ថ្ម។

១១ ទន្សាយ​ថ្ម​ជា​សត្វ​តូច​មួយ​ទៀត​ដែល​អាច​បង្រៀន​យើង​នូវ​មេរៀន​សំខាន់ៗ។ (សូម​អាន សុភាសិត ៣០:២៦) វា​មាន​ត្រចៀក​រាង​មូល​តូច ហើយ​ជើង​ខ្លី។ សត្វ​តូច​នេះ​រស់​នៅ​កន្លែង​ថ្ម។ ទន្សាយ​ថ្ម​មាន​ភ្នែក​វៃ​ហើយ​មុត​ដែល​វា​ប្រើ​ដើម្បី​ការពារ​ខ្លួន ហើយ​អាច​ពួន​ក្នុង​ក្រហែង​ថ្ម​ដែល​ជា​ទី​លំនៅ​របស់​វា​ឲ្យ​រួច​ពី​សត្វ​ដែល​ចង់​ចាប់​វា​ធ្វើ​ជា​ចំណី។ ទន្សាយ​ថ្ម​ត្រូវ​បាន​បង្កើត​ឲ្យ​រស់​រាន​ចម្រើន​ដោយ​រស់​នៅ​ជា​ក្រុម​ដែល​មាន​ភាព​ជិត​ស្និទ្ធ​គ្នា ហើយ​ដោយ​រស់​នៅ​ជា​ក្រុម​បែប​នេះ ពួក​វា​ជួយ​ការពារ​គ្នា និង​ជួយ​គ្នា​ឲ្យ​មាន​ភាព​កក់​ក្ដៅ​នៅ​រដូវ​រងា​ផង។

១២, ១៣​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ទន្សាយ​ថ្ម?

១២ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ទន្សាយ​ថ្ម? ទី​១ សូម​កត់​សម្គាល់​ថា​ទន្សាយ​ថ្ម​មិន​ធ្វើ​ឲ្យ​គេ​ងាយ​ចាប់​វា​ឡើយ។ ផ្ទុយ​ទៅ​វិញ ទន្សាយ​ថ្ម​ប្រើ​ភ្នែក​វៃ​ហើយ​មុត​ដើម្បី​មើល​ពី​ចម្ងាយ​ឃើញ​សត្វ​ដែល​ចង់​ចាប់​វា​ធ្វើ​ជា​ចំណី ហើយ​វា​នៅ​ជិត​ក្រហែង​ថ្ម​ដែល​អាច​ការពារ​ជីវិត។ ស្រ​ដៀង​គ្នា​ដែរ យើង​ត្រូវ​មាន​ភ្នែក​មុត​ដើម្បី​ឃើញ​គ្រោះ​ថ្នាក់​ដែល​មាន​ក្នុង​ពិភព​លោក​របស់​សាថាន។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ថា​៖ «ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ។ មេកំណាច ដែល​ជាស​ត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់»។ (១ពេ. ៥:៨) ពេល​លោក​យេស៊ូ​រស់​នៅ​ផែនដី លោក​បាន​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​សេចក្ដី​ល្បួង​ទាំង​អស់​របស់​សាថាន​ដែល​ខំ​ធ្វើ​ឲ្យ​លោក​លែង​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។ (ម៉ាថ. ៤:១​-​១១) លោក​យេស៊ូ​បន្សល់​ទុក​គំរូ​ល្អ​សម្រាប់​អ្នក​កាន់​តាម​លោក​មែន!

១៣ វិធី​មួយ​ដែល​យើង​អាច​ប្រុង​ប្រយ័ត្ន​គឺ​ដោយ​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​ការពារ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។ យើង​គួរ​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក​ឲ្យ​បាន​ទៀង​ទាត់។ (លូក. ៤:៤; ហេ. ១០:២៤, ២៥) ម្យ៉ាង​ទៀត ដូច​ទន្សាយ​ថ្ម​រស់​រាន​ចម្រើន​ដោយ​រស់​នៅ​ក្នុង​ក្រុម​ដែល​មាន​ភាព​ជិត​ស្និទ្ធ​គ្នា នោះ​យើង​ត្រូវ​រក្សា​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​«លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។ (រ៉ូម ១:១២) ដោយ​ឆ្លៀត​យក​វិធី​ការពារ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ នោះ​យើង​បង្ហាញ​ថា​យើង​យល់​ស្រប​នឹង​ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង ដែល​បាន​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូល​បង្គំ។ គឺជា​ព្រះ​នៃ​ទូល​បង្គំ ជា​ថ្មដា​ដែល​ទូល​បង្គំ​យក​ជា​ទី​ពឹង»។—ទំនុក. ១៨:២

តស៊ូ​ទោះ​បើ​មាន​ការ​ប្រឆាំង

១៤​. ទោះ​បើ​យើង​មិន​ចាប់​អារម្មណ៍​នឹង​កណ្ដូប​តែ​មួយ​ក៏​ដោយ តែ​ចុះ​យ៉ាង​ណា​វិញ​ចំពោះ​កណ្ដូប​មួយ​ហ្វូង​ធំ?

១៤ យើង​ក៏​អាច​រៀន​ពី​សត្វ​កណ្ដូប​ដែរ។ កណ្ដូប​មាន​ប្រវែង​តែ​ប្រាំ​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មើល​ទៅ​មិន​គួរ​ឲ្យ​យើង​ចាប់​អារម្មណ៍​ទេ តែ​បើ​កណ្ដូប​មួយ​ហ្វូង​ធំ​វិញ នោះ​ធ្វើ​ឲ្យ​យើង​កោត​ស្ងើច​ណាស់។ (សូម​អាន សុភាសិត ៣០:២៧) ដោយ​ស៊ី​មិន​ចេះ​ឆ្អែត កណ្ដូប​មួយ​ហ្វូង​ធំ​ដែល​ឥត​ចេះ​បង្អែ​បង្អង់​អាច​ស៊ី​ដំណាំ​មួយ​ចម្ការ​អស់​រលីង​ក្នុង​មួយ​រំពេច។ គម្ពីរ​បាន​ប្រៀប​សំឡេង​នៃ​សត្វ​ល្អិតៗ​មួយ​ហ្វូង​ធំ រួម​ទាំង​សត្វ​កណ្ដូប ទៅ​នឹង​សន្ធឹក​នៃ​រទេះ​ចម្បាំង​និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង។ (យ៉ូល. ២:៣,) មនុស្ស​បាន​បង្កាត់​ភ្នក់​ភ្លើង​ដើម្បី​បញ្ឈប់​កណ្ដូប​មួយ​ហ្វូង​ធំ​កុំ​ឲ្យ​ស៊ី​ដំណាំ តែ​មិន​មាន​ប្រសិទ្ធ​ភាព​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​កណ្ដូប​ដែល​ងាប់ នោះ​ធ្លាក់​ពេញ​លើ​ភ្លើង​ហើយ​ពន្លត់​ភ្លើង​តែ​ម្ដង និង​ក្រោយ​មក​កណ្ដូប​ដែល​នៅ​រស់​បន្ត​ទៅ​មុខ​ដោយ​គ្មាន​ឧបសគ្គ។ សូម្បី​តែ​គ្មាន​ស្តេច​ឬ​គ្មាន​អ្នក​ដឹក​នាំ​ក្ដី កណ្ដូប​មួយ​ហ្វូង​ធំ​មាន​សកម្មភាព​ដូច​ជា​កង​ទ័ព​មួយ​កង​ដែល​មាន​សមត្ថភាព​អាច​ពុះ​ពារ​ស្ទើរតែ​គ្រប់​ឧបសគ្គ​ទាំង​អស់។—យ៉ូល. ២:២៥

១៥, ១៦​. តើ​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ​នៅ​សម័យ​នេះ ប្រៀប​នឹង​កណ្ដូប​មួយ​ហ្វូង​ធំ​យ៉ាង​ដូច​ម្ដេច?

១៥ អ្នក​ប្រកាស​ទំនាយ​យ៉ូអែល​បាន​ប្រៀប​ធៀប​សកម្មភាព​នៃ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទៅ​នឹង​សកម្មភាព​របស់​សត្វ​កណ្ដូប។ គាត់​បាន​សរសេរ​ថា​៖ «គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង។ គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន។ គេ​ទំ​លុះ​ទំ​លាយ​គ្រឿង​សស្ដ្រាវុធ​ឥត​រុញ​រា​ថយ​ក្រោយ​ឡើយ​[ឬ​«ទោះ​ជា​អ្នក​ខ្លះ​ត្រូវ​ព្រួញ​ដួល​ស្លាប់​ក៏​ដោយ អ្នក​ដែល​សល់​មិន​បែកចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ»]»។—យ៉ូល. ២:៧, ៨; ព.ថ.

១៦ ទំនាយ​នេះ​ពិត​ជា​ពិពណ៌នា​យ៉ាង​ល្អ​ពី​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ​នៅ​សម័យ​នេះ! គ្មាន​ការ​ប្រឆាំង​ណា​ដែល​ប្រៀប​ដូច​ជា​«កំផែង»​ដែល​អាច​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​យក​តម្រាប់​តាម​លោក​យេស៊ូ ដែល​បាន​តស៊ូ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ទោះ​បើ​មនុស្ស​ជា​ច្រើន​មើល​ងាយ​លោក​ក៏​ដោយ។ (អេសា. ៥៣:៣) ពិត​មែន ពួក​គ្រិស្ត​សាសនិក​ខ្លះ​បាន​«ត្រូវ​ព្រួញ​ដួល​ស្លាប់» គឺ​បាន​ត្រូវ​ប្រហារ​ជីវិត ដោយ​សារ​ជំនឿ​របស់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ កិច្ច​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​បន្ត​រហូត ហើយ​ចំនួន​នៃ​អ្នក​ផ្សាយ​រាជាណាចក្រ​របស់​ព្រះ​មាន​កាន់​តែ​ច្រើន​ឡើង។ តាម​ពិត ជា​ញឹក​ញយ ការ​បៀតបៀន​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​ធម្មតា​មិន​មាន​ឱកាស​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ឡើយ។ (សកម្ម. ៨:១,) តើ​អ្នក​បាន​តស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​សត្វ​កណ្ដូប​ទេ ទោះ​បើ​គេ​មិន​អើពើ​ឬ​បៀតបៀន​ប្រឆាំង​ក៏​ដោយ?—ហេ. ១០:៣៩

«កាន់​ខ្ជាប់​អ្វីៗ​ដែល​ល្អ»

១៧​. ហេតុ​អ្វី​បាន​ជា​ជីងចក់​អាច​ដើរ​លើ​កន្លែង​រលោងៗ?

១៧ ជីងចក់​ដ៏​តូច​មួយ​មើល​ទៅ​ដូច​ជា​ចេះ​ធ្វើ​អ្វី​មិន​ស្រប​ច្បាប់​ទំនាញ​ផែនដី។ (សូម​អាន សុភាសិត ៣០:២៨) តាម​ពិត ពួក​អ្នក​វិទ្យាសាស្ត្រ​កោត​ស្ងើច​នូវ​របៀប​ដែល​សត្វ​តូច​នេះ​អាច​ឡើង​ជញ្ជាំង​និង​រត់​កាត់​ពិតាន​រលោង​យ៉ាង​ប្រញាប់ប្រញាល់​ដោយ​មិន​ធ្លាក់​ចុះ។ តើ​សត្វ​ជីងចក់​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ដូច​ម្ដេច? វា​មិន​មាន​ជ័រ​ស្អិត​ម្យ៉ាង​ទេ តែ​មាន​អ្វី​ដែល​ដូច​ជា​រោម​តូចៗ​រាប់​ពាន់​ដែល​លៀន​ចេញ​ពី​ម្រាម​ជើង​នីមួយៗ​របស់​វា។ រោម​នីមួយៗ​ដែល​លៀន​ចេញ​នោះ បែក​ជា​សរសៃ​រាប់​រយ​ដែល​ខាង​ចុង​មាន​រាង​មូល​ដូច​ថាស។ ទំនាញ​រវាង​សរសៃ​ទាំង​នេះ និង​អ្វី​ដែល​វា​ឡើង នោះ​អាច​ទ្រ​ទម្ងន់​វា​យ៉ាង​ស្រួល សូម្បី​តែ​ពេល​តោង​ពី​ក្រោម​កញ្ចក់​ក៏​ដោយ! អ្នក​ស្រាវជ្រាវ​ចាប់​អារម្មណ៍​នឹង​សមត្ថភាព​របស់​ជីងចក់​ណាស់ ហើយ​ពួក​គេ​បាន​ពោល​ថា​របស់​ផ្សេងៗ​ដែល​បាន​ផលិត ដែល​មាន​លក្ខណៈ​ដូច​ម្រាម​ជើង​ជីងចក់​អាច​ប្រើ​ជា​គ្រឿង​ភ្ជាប់​យ៉ាង​មាំ​បាន។

១៨​. តើ​យើង​អាច​ប្រាកដ​ថា​យើង​«កាន់​ខ្ជាប់​អ្វីៗ​ដែល​ល្អ»​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

១៨ តើ​យើង​អាច​រៀន​អ្វី​ពី​សត្វ​ជីងចក់? គម្ពីរ​ដាស់​តឿន​យើង​ថា​៖ «ចូរ​ស្អប់ខ្ពើម​អ្វីៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វីៗ​ដែល​ល្អ»។ (រ៉ូម ១២:​៩) ឥទ្ធិពល​អាក្រក់​ដែល​មាន​ពេញ​ពិភព​លោក​របស់​សាថាន​អាច​ធ្វើ​ឲ្យ​យើង​លែង​កាន់​ខ្ជាប់​តាម​គោលការណ៍​របស់​ព្រះ។ ជា​ឧទាហរណ៍ ការ​សេពគប់​ជា​មួយ​អស់​អ្នក​ដែល​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ មិន​ថា​នៅ​សាលា​រៀន កន្លែង​ធ្វើ​ការ ឬ​តាម​រយៈ​ការ​កម្សាន្ត​ណា​ដែល​ព្រះ​មិន​ពេញ​ចិត្ត​ក៏​ដោយ អាច​មាន​ឥទ្ធិពល​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​កុំ​ឲ្យ​នេះ​កើត​ឡើង​ដល់​រូប​អ្នក! បណ្ដាំ​របស់​ព្រះ​ព្រមាន​ថា​៖ «កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ»។ (សុ. ៣:៧) ផ្ទុយ​ទៅ​វិញ សូម​ធ្វើ​តាម​ដំបូន្មាន​ដ៏​ត្រឹម​ត្រូវ​ដែល​ម៉ូសេ​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​ព្រះ​នា​សម័យ​បុរាណ។ ដំបូន្មាន​នោះ​ថា​៖ «ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់»។ (ចោទិ. ១០:​២០) ដោយ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​យក​តម្រាប់​តាម​លោក​យេស៊ូ ដែល​គេ​បាន​សរសេរ​អំពី​លោក​ថា​៖ «អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់»។—ហេ. ១:៩

មេរៀន​ពី​អ្វី​ដែល​ព្រះ​បង្កើត

១៩​. (ក) តើ​គុណ​សម្បត្ដិ​មួយ​ណា​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​ឃើញ​ក្នុង​អ្វី​ដែល​លោក​បាន​បង្កើត? (ខ) តើ​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​ផ្ដល់​ប្រយោជន៍​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

១៩ ដូច​យើង​បាន​រៀន​រួច​ទៅ​ហើយ គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រូវ​ឃើញ​ច្បាស់​តាម​អ្វី​ដែល​លោក​បាន​បង្កើត ហើយ​អ្វីៗ​ដែល​លោក​បាន​បង្កើត​ក៏​ផ្ដល់​មេរៀន​ដែល​មាន​តម្លៃ​ចំពោះ​យើង​ដែរ។ ពេល​យើង​ពិនិត្យពិច័យ​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ឡើង នោះ​យើង​នឹង​ស្ញប់​ស្ញែង​ចំពោះ​ប្រាជ្ញា​របស់​លោក​កាន់​តែ​ខ្លាំង​ដែរ។ ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ នោះ​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ច្រើន​ជាង​ឥឡូវ ព្រម​ទាំង​ទទួល​ការ​ការពារ​នា​អនាគត​ផង។ (សាស. ៧:​១២) ត្រូវ​ហើយ យើង​នឹង​ឃើញ​ថា​ពាក្យ​ដែល​មាន​ក្នុង​សុភាសិត ៣:​១៣, ១៨ ជា​ពាក្យ​ពិត ដែល​ថា​៖ «សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ»។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​យើង​បាន​ទាញ​មេរៀន​អ្វី​ពី . . .

ស្រមោច?

ទន្សាយ​ថ្ម?

កណ្ដូប?

ជីងចក់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

តើ​អ្នក​ឧស្សាហ៍​ខ្នះខ្នែង​ដូច​ស្រមោច​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​២០]

ដោយ​រស់​នៅ​ជា​ក្រុម​ដែល​មាន​ភាព​ជិត​ស្និទ្ធ ទន្សាយ​ថ្ម​មាន​សុវត្ថិភាព តើ​អ្នក​ធ្វើ​ដូច​ទន្សាយ​ថ្ម​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​២១]

ដូច​កណ្ដូប អ្នក​បម្រើ​គ្រិស្ត​សាសនិក​មាន​ចិត្ត​តស៊ូ

[រូបភាព​នៅ​ទំព័រ​២៣]

ដូច​ជីងចក់​តោង​ជាប់​លើ​អ្វី​ដែល​វា​ឡើង នោះ​ពួក​គ្រិស្ត​សាសនិក​កាន់​ខ្ជាប់​នឹង​អ្វីៗ​ដែល​ល្អ

[អ្នក​ផ្ដល់​សិទ្ធិ]

Stockbyte/Getty Images