លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតជាថ្មី តើកើតឡើងយ៉ាងដូចម្ដេច?

ការកើតជាថ្មី តើកើតឡើងយ៉ាងដូចម្ដេច?

ការ​កើត​ជា​ថ្មី តើ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​មិន​គ្រាន់តែ​បាន​និយាយ​ជា​មួយ​នីកូដេម​អំពី​សារៈ​សំខាន់ បំណង ហើយ​ការ​ពិត​ថា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​កើត​ជា​ថ្មី​ប៉ុណ្ណោះ​ឡើយ តែ​ក៏​បាន​ប្រាប់​អំពី​របៀប​ដែល​មនុស្ស​អាច​កើត​ជា​ថ្មី។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក​និង​ពី​សកម្ម​ពល​របស់​ព្រះ​»។ (​យ៉ូហាន ៣:៥​) ដូច្នេះ មនុស្ស​កើត​ជា​ថ្មី​តាម​រយៈ​ទឹក​និង​សកម្ម​ពល​របស់​ព្រះ។ ប៉ុន្តែ តើ​‹ទឹក​និង​សកម្ម​ពល​របស់​ព្រះ›​សំដៅ​ទៅ​លើ​អ្វី?

តើ‹ទឹក​និង​សកម្ម​ពល​របស់​ព្រះ›ជា​អ្វី?

លោក​នីកូដេម​ជា​អ្នក​ប្រាជ្ញ​ខាង​សាសនា ដូច្នេះ គាត់​ពិត​ជា​ដឹង​ពី​របៀប​ដែល​បទ​គម្ពីរ​ភាសា​ហេប្រឺ​ប្រើ​ពាក្យ​«​វិញ្ញាណ​[​ឬ​សកម្ម​ពល​]​របស់​ព្រះ​»​ ថា​ជា​ថាមពល​ដែល​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ។ (​លោកុប្បត្តិ ៤១:៣៨; និក្ខមនំ ៣១:៣; សាំយូអែល​ទី​១ ១០:៦​) ដូច្នេះ ពេល​លោក​យេស៊ូ​ប្រើ​ពាក្យ​«​សកម្ម​ពល​របស់​ព្រះ​»​ នោះ​នីកូដេម​ពិត​ជា​យល់​ច្បាស់​ថា​នេះ​សំដៅ​ទៅ​លើ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។

ចុះ​យ៉ាង​ណា​ចំពោះ​ទឹក​ដែល​លោក​យេស៊ូ​ចង់​ដៅ​បញ្ជាក់? សូម​ពិចារណា​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កត់​ទុក​មុន​និង​ក្រោយ​ការ​សន្ទនា​ជា​មួយ​នីកូដេម។ ព្រឹត្ដិការណ៍​ទាំង​នេះ​បង្ហាញ​ថា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក និង​អ្នក​កាន់​តាម​លោក​យេស៊ូ​កំពុង​ជ្រមុជ​មនុស្ស​ក្នុង​ទឹក។ (​យ៉ូហាន ១:១៩, ៣១; ៣:២២; ៤:១​-​៣​) ការ​ជ្រមុជ​មនុស្ស​ក្នុង​ទឹក​ជា​ពិធី​មួយ​ដែល​មនុស្ស​ស្គាល់​ជា​ទូទៅ​ក្នុង​ក្រុង​យេរូសាឡិម។ ដូច្នេះ​ហើយ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ទឹក នោះ​នីកូដេម​ពិត​ជា​យល់​ថា​លោក​សំដៅ​ទៅ​លើ​ការ​ជ្រមុជ​មនុស្ស​ក្នុង​ទឹក មិន​មែន​សំដៅ​ទៅ​លើ​ទឹក​ដែល​មាន​ជា​ទូទៅ​នោះ​ឡើយ។

ការ​ជ្រមុជ​«​ក្នុង​សកម្ម​ពល​បរិសុទ្ធ​»​របស់​ព្រះ

ប្រសិនបើ​ការ​«​កើត​ពី​ទឹក​»​ទាក់​ទង​នឹង​ការ​ជ្រមុជ​ក្នុង​ទឹក តើ​ការ​«​កើត​ពី . . . សកម្ម​ពល​របស់​ព្រះ​»​មាន​ន័យ​អ្វី? មុន​ការ​សន្ទនា​រវាង​លោក​យេស៊ូ​និង​នីកូដេម យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ប្រកាស​ប្រាប់​ថា មនុស្ស​អាច​ទទួល​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​របស់​ព្រះ​ដែរ មិន​គ្រាន់តែ​ក្នុង​ទឹក​ប៉ុណ្ណោះ​ទេ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​[​យេស៊ូ​]​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​សកម្ម​ពល​បរិសុទ្ធ​»។ (​ម៉ាកុស ១:៧, ៨​) ម៉ាកុស​ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ រៀប​រាប់​អំពី​លើក​ដំបូង​ដែល​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​របស់​ព្រះ​កើត​ឡើង។ គាត់​សរសេរ​ថា​៖ ​«​នៅ​គ្រា​នោះ លោក​យេស៊ូ​បាន​មក​ពី​ក្រុង​ណាសារ៉ែត​នៅ​ស្រុក​កាលីឡេ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​ក្នុង​ទន្លេ​យ៉ូដាន់។ ក្រោយ​ពី​ងើប​ឡើង​ពី​ទឹក​មក​ភ្លាម លោក​ក៏​ឃើញ​មេឃ​បើក​ចំហ ហើយ​ឃើញ​សកម្ម​ពល​របស់​ព្រះ​ដូច​ជា​សត្វ​ព្រាប ចុះ​មក​សណ្ឋិត​លើ​លោក​»។ (​ម៉ាកុស ១:៩, ១០​) កាល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ក្នុង​ទន្លេ​យ៉ូដាន់ នោះ​លោក​បាន​ត្រូវ​ជ្រមុជ​ក្នុង​ទឹក។ នៅ​ពេល​ដែល​លោក​បាន​ទទួល​សកម្ម​ពល​ពី​ស្ថាន​សួគ៌ នោះ​លោក​បាន​ត្រូវ​ជ្រមុជ​ក្នុង​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។

ប្រហែលជា​បី​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក នោះ​លោក​បាន​ធានា​អ្នក​កាន់​តាម​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»។ (​សកម្មភាព ១:៥​) តើ​នេះ​កើត​ឡើង​នៅ​ពេល​ណា?

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. មាន​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែលជា​១២០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​មួយ​ក្នុង​ក្រុង​យេរូសាឡិម។ ​«​ស្រាប់​តែ​មាន​សូរ​សំឡេង​ពី​លើ​មេឃ ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង ឮ​ពេញ​ផ្ទះ​ដែល​ពួក​គាត់​អង្គុយ។ រួច​ពួក​គាត់​ឃើញ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​ជា​ច្រើន​លេច​មក . . . រួច​ពួក​គាត់​គ្រប់​គ្នា​ក៏​បាន​ពេញ​ទៅ​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​»។ (​សកម្មភាព ២:១​-​៤​) នៅ​ថ្ងៃ​ដដែល​នោះ មនុស្ស​ឯ​ទៀត​ក្នុង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ សាវ័ក​ពេត្រុស​បាន​ប្រាប់​មនុស្ស​មួយ​ក្រុម​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​អភ័យទោស​ឲ្យ រួច​អ្នក​រាល់​គ្នា​នឹង​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​ជា​អំណោយ​ទាន​»។ តើ​ពួក​គេ​បាន​ធ្វើ​អ្វី? ​«​អស់​អ្នក​ដែល​បាន​ជឿ​ពាក្យ​របស់​គាត់​យ៉ាង​អស់ពី​ចិត្ត​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ​ប្រហែល​បី​ពាន់​នាក់ បាន​ត្រូវ​បន្ថែម​»។—សកម្មភាព ២:៣៨, ៤១

ដំណាក់​កាល​ពីរ

តើ​ការ​ជ្រមុជ​ទាំង​ពីរ​នេះ​បង្ហាញ​អ្វី​ស្តី​អំពី​ការ​កើត​ជា​ថ្មី? គឺ​បង្ហាញ​ថា​ការ​កើត​ជា​ថ្មី​កើត​ឡើង​តាម​រយៈ​ដំណាក់​កាល​ពីរ។ សូម​កត់​សម្គាល់​ថា មុន​ដំបូង​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ក្នុង​ទឹក។ បន្ទាប់​មក លោក​បាន​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។ ស្រ​ដៀង​គ្នា​ដែរ អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ក្នុង​ទឹក​ជា​មុន (​ខ្លះ​បាន​ត្រូវ​ជ្រមុជ​ក្នុង​ទឹក​ដោយ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​) ហើយ​ក្រោយ​មក​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។ (​យ៉ូហាន ១:២៦​​-​ ៣៦​) ដូច​គ្នា​ដែរ អ្នក​កាន់​តាម​លោក​យេស៊ូ​ថ្មី​ៗ​៣.០០០​នាក់​នោះ បាន​ទទួល​ការ​ជ្រមុជ​ក្នុង​ទឹក​មុន ហើយ​ក្រោយ​មក​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។

ប្រសិនបើ​យើង​ចង​ចាំ​អំពី​ការ​ជ្រមុជ​ទាំង​ពីរ​ដែល​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ចុះ​សព្វ​ថ្ងៃ​នេះ តើ​ការ​កើត​ជា​ថ្មី​គួរ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​កើត​ឡើង​ដល់​ពួក​សាវ័ក​និង​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម។ មុន​ដំបូង បុគ្គល​ម្នាក់​កែប្រែ​ចិត្ត លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ប្រគល់​ជីវិត​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​គោរព​ប្រណិប័តន៍​និង​បម្រើ​លោក ព្រម​ទាំង​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​ប្រគល់​ខ្លួន​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​មក ប្រសិនបើ​ព្រះ​ជ្រើស​រើស​គាត់​ឲ្យ​បម្រើ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​លោក នោះ​គាត់​នឹង​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​បរិសុទ្ធ។ ដំណាក់​កាល​ទី​១​គឺ​ការ​ជ្រមុជ​ក្នុង​ទឹក ហើយ​បុគ្គល​នោះ​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង តែ​ដំណាក់​កាល​ទី​២​គឺ​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​របស់​ព្រះ និង​ព្រះ​ជា​អ្នក​សម្រេច​ចិត្ត។ កាល​ណា​បុគ្គល​ម្នាក់​ទទួល​ការ​ជ្រមុជ​ទាំង​ពីរ​នេះ នោះ​គាត់​បាន​កើត​ម្ដង​ទៀត​ហើយ។

ប៉ុន្តែ ក្នុង​ការ​សន្ទនា​ជា​មួយ​នីកូដេម ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ប្រើ​ពាក្យ​«​កើត​ពី​ទឹក​និង​ពី​សកម្ម​ពល​របស់​ព្រះ​»​? គឺ​ពីព្រោះ​លោក​ចង់​បង្ហាញ​ថា​អស់​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ក្នុង​ទឹក​និង​ក្នុង​សកម្ម​ពល​របស់​ព្រះ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ​មួយ។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ​នេះ​ពេល​កើត​ជា​ថ្មី។

[រូបភាព​នៅ​ទំព័រ​៩]

យ៉ូហាន​ជ្រមុជ​ទឹក​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត