ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?
ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?
ពេលលោកយេស៊ូរៀបរាប់អំពីការជ្រមុជក្នុងសកម្មពលបរិសុទ្ធ ហេតុអ្វីបានជាលោកប្រើពាក្យ«កើត . . . ពីសកម្មពលរបស់ព្រះ»? (យ៉ូហាន ៣:៥) ពេលប្រើពាក្យ«កើត»ក្នុងន័យធៀប នេះមានន័យថា «ការចាប់ផ្ដើម» ដូចជាឃ្លាដែលថា «ប្រទេសបានកកើត»។ អាស្រ័យហេតុនេះ ពាក្យ‹ការកើតជាថ្មី›បញ្ជាក់ពី«ការចាប់ផ្ដើមជាថ្មី»។ ហេតុនេះហើយបានជាពាក្យ«កើត»និង«កើតជាថ្មី»ក្នុងន័យធៀប បញ្ជាក់ពីការចាប់ផ្ដើមថ្មីក្នុងទំនាក់ទំនងរវាងព្រះនិងអស់អ្នកដែលបានត្រូវជ្រមុជក្នុងសកម្មពលរបស់ព្រះ។ តើទំនាក់ទំនងនេះទៅជាយ៉ាងណាដែរ?
សាវ័កប៉ូលបានប្រើរឿងប្រៀបប្រដូចមួយពីជីវិតគ្រួសារដើម្បីពន្យល់របៀបដែលព្រះរៀបចំមនុស្សឲ្យគ្រប់គ្រងនៅស្ថានសួគ៌។ គាត់បានសរសេរទៅកាន់គ្រិស្តសាសនិកនៅសម័យនោះថាព្រះនឹង‹ទទួលពួកគេជាកូន› ហេតុនេះហើយបានជាព្រះអាចប្រព្រឹត្តនឹងពួកគេ«ដូចកូន»។ (កាឡាទី ៤:៥; ហេប្រឺ ១២:៧) ឧទាហរណ៍នោះស្តីអំពីការយកកូនមកចិញ្ចឹមជួយយើងឲ្យយល់ការផ្លាស់ប្ដូរដែលកើតឡើងពេលមនុស្សទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ។ ដើម្បីដឹង សូមឲ្យយើងពិចារណាម្ដងទៀតអំពីក្មេងជំទង់ដែលចង់ចុះឈ្មោះក្នុងសាលាសម្រាប់ជនជាតិភាគតិច។
បានក្លាយជាកូនចិញ្ចឹម
ក្នុងរឿងប្រៀបប្រដូច ក្មេងជំទង់នោះមិនអាចចុះឈ្មោះចូលសាលាដោយសារគាត់មិនមែនជាជនជាតិភាគតិច។ ឥឡូវ សូមគិតថាមានការផ្លាស់ប្ដូរដ៏ធំមួយកើតឡើង។ បិតាមួយរូបដែលជាជនជាតិភាគតិច យកក្មេងនោះមកធ្វើជាកូនចិញ្ចឹមសមស្របតាមច្បាប់។ តើទង្វើនេះមានឥទ្ធិពលលើក្មេងនោះយ៉ាងណា? ដោយសារជាកូនចិញ្ចឹម ឥឡូវគាត់អាចមានសិទ្ធិដូចក្មេងជនជាតិភាគតិចឯទៀត រួមទាំងមានសិទ្ធិចុះឈ្មោះក្នុងសាលានោះដែរ។ ការយកក្មេងនោះមកចិញ្ចឹមជាកូននាំឲ្យគាត់មានសិទ្ធិផ្សេងៗទៀតដែលគាត់មិនធ្លាប់មានពីមុន នេះជាការផ្លាស់ប្ដូរដ៏ធំសម្រាប់ក្មេងនោះ។
នេះជួយឲ្យយើងយល់ពីការផ្លាស់ប្ដូរដ៏ធំជាងដែលកើតឡើងពេលដែលមនុស្សកើតជាថ្មី។ សូមគិតអំពីភាពស្រដៀងគ្នាខ្លះៗ។ ក្មេងប្រុសនោះអាចចុះឈ្មោះរៀននៅសាលានោះបាន លុះត្រាតែក្មេងប្រុសនោះបំពេញតាមតម្រូវការរបស់សាលា ទើបអាចចុះឈ្មោះរៀននៅសាលានោះបាន ពោលគឺគាត់ត្រូវជាសមាជិកជនជាតិភាគតិច។ ប៉ុន្តែ គាត់មិនអាចបំពេញតាមតម្រូវការនោះដោយខ្លួនឯងបានទេ។ ស្រដៀងគ្នាដែរ មនុស្សខ្លះនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ បើពួកគេមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចចូលបានប៉ុណ្ណោះ ពោលគឺត្រូវ«កើតម្ដងទៀត»។ ក៏ប៉ុន្តែ ពួកគេមិនអាចបំពេញតាមតម្រូវការនោះដោយខ្លួនឯងបានទេ ពីព្រោះការកើតម្ដងទៀតគឺស្រេចទៅលើព្រះ។
តើអ្វីបានផ្លាស់ប្ដូរសភាពរបស់ក្មេងប្រុសនោះ? គឺការយកគាត់មកចិញ្ចឹមជាកូនតាមច្បាប់។ ពិតមែនហើយ នេះមិនបានផ្លាស់ប្ដូរលក្ខណៈ
របស់ក្មេងប្រុសនោះឡើយ។ ក្រោយពីគេយកមកធ្វើជាកូនចិញ្ចឹម នោះគាត់នៅតែមានលក្ខណៈដូចពីមុន។ យ៉ាងណាក៏ដោយ ក្រោយពីបានយកមកធ្វើជាកូនចិញ្ចឹមសមស្របតាមច្បាប់ ក្មេងប្រុសនោះមានអត្តសញ្ញាណថ្មី។ ពិតមែន គាត់មានការចាប់ផ្ដើមជាថ្មី នេះហាក់ដូចជាគាត់កើតជាថ្មី។ ពេលគាត់ក្លាយទៅជាកូនជនជាតិភាគតិច នេះមានន័យថាគាត់មានសិទ្ធិទៅសាលា ហើយមានសិទ្ធិធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ឪពុកចិញ្ចឹម។ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានផ្លាស់ប្ដូរសភាពនៃមនុស្សមិនល្អឥតខ្ចោះមួយក្រុមដោយទទួលពួកគាត់ជាកូនចិញ្ចឹមស្របតាមច្បាប់។ សាវ័កប៉ូលដែលរួមចំណែកក្នុងក្រុមនោះ បានសរសេរទៅអ្នករួមជំនឿថា៖ «ដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›។ សកម្មពលរបស់ព្រះធ្វើជាសាក្សី ដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ»។ (រ៉ូម ៨:១៥, ១៦) ត្រូវហើយ តាមរយៈការទទួលជាកូន ពួកគ្រិស្តសាសនិកនោះបានក្លាយទៅជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះ ឬ«កូនព្រះ»។—យ៉ូហានទី១ ៣:១; កូរិនថូសទី២ ៦:១៨
ពិតមែនហើយ ដោយព្រះទទួលជាកូន នោះមិនបានកែប្រែលក្ខណៈរបស់កូនចិញ្ចឹមឡើយ ពីព្រោះពួកគេនៅតែមានភាពមិនល្អឥតខ្ចោះ។ (យ៉ូហានទី១ ១:៨) យ៉ាងណាក្ដី ដូចប៉ូលបានពន្យល់ ក្រោយពីបានទទួលជាកូនសមស្របតាមច្បាប់ នោះពួកគេទទួលអត្តសញ្ញាណថ្មី។ ដំណាលគ្នានេះដែរ សកម្មពលបរិសុទ្ធរបស់ព្រះបានធ្វើឲ្យពួកគេជឿស៊ប់ថាពួកគេនឹងរស់នៅជាមួយគ្រិស្តនៅស្ថានសួគ៌។ (យ៉ូហានទី១ ៣:២) ការជឿជាក់ដែលបណ្ដាលមកពីសកម្មពលបរិសុទ្ធរបស់ព្រះ នាំឲ្យពួកគេមានទស្សនៈថ្មីចំពោះជីវិត។ (កូរិនថូសទី២ ១:២១, ២២) ត្រូវមែន ពួកគេមានការចាប់ផ្ដើមថ្មី ហាក់ដូចជាកើតជាថ្មី។
គម្ពីរបានរៀបរាប់អំពីមនុស្សដែលព្រះបានទទួលជាកូនថា៖ «ពួកគេនឹងធ្វើជាសង្ឃរបស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកអស់មួយពាន់ឆ្នាំ»។ (ការបើកបង្ហាញ ២០:៦) មនុស្សដែលព្រះទទួលជាកូននឹងធ្វើជាស្តេចជាមួយគ្រិស្តក្នុងរាជាណាចក្ររបស់ព្រះ ឬរដ្ឋាភិបាលនៅស្ថានសួគ៌របស់ព្រះ។ សាវ័កពេត្រុសបានប្រាប់អ្នករួមជំនឿថា ពួកគេនឹងទទួល«មត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍» ពោលគឺមត៌កដែលបានត្រូវ«បម្រុងទុកនៅស្ថានសួគ៌»សម្រាប់ពួកគាត់។ (ពេត្រុសទី១ ១:៣, ៤) នេះពិតជាមត៌កដែលមានតម្លៃមែន!
យ៉ាងណាក៏ដោយ ការគ្រប់គ្រងពីស្ថានសួគ៌នាំឲ្យយើងសួរសំណួរមួយទៀត។ ប្រសិនបើអស់អ្នកដែលបានកើតម្ដងទៀតនឹងគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌ តើពួកគេនឹងគ្រប់គ្រងលើអ្នកណា? សំណួរនេះនឹងពិចារណានៅអត្ថបទបន្ទាប់។
[រូបភាពនៅទំព័រ១០]
តើប៉ូលបានរៀបរាប់អ្វីស្តីអំពីការទទួលមនុស្សមួយចំនួនជាកូន?