លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតជាថ្មី តើស្រេចទៅលើយើងទេ?

ការកើតជាថ្មី តើស្រេចទៅលើយើងទេ?

ការ​កើត​ជា​ថ្មី តើ​ស្រេច​ទៅ​លើ​យើង​ទេ?

តើ​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​កើត​ជា​ថ្មី? ពេល​អ្នក​ផ្សាយ​សាសនា​ខ្លះ​ដាស់​តឿន​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​កើត​ម្ដង​ទៀត នោះ​ជា​ញយ​ដង ពួក​គេ​ដក​ស្រង់​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​»។ (​យ៉ូហាន ៣:៧​) អ្នក​ផ្សាយ​នោះ​យក​ពាក្យ​ទាំង​នេះ​ធ្វើ​ជា​ការ​បញ្ជា​មួយ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​ពោល​ថា ​«​ចូរ​កើត​ម្ដង​ទៀត​ចុះ!​»។ យ៉ាង​នេះ ពួក​គេ​ផ្សាយ​ថា ការ​ស្ដាប់​តាម​លោក​យេស៊ូ​ហើយ​កើត​ជា​ថ្មី​គឺ​ស្រេច​ទៅ​លើ​គ្រិស្ត​សាសនិក​ម្នាក់​ៗ។ យោង​ទៅ​តាម​ការ​វែក​ញែក​បែប​នេះ ការ​កើត​ជា​ថ្មី​គឺ​ស្រេច​ទៅ​លើ​ចិត្ត​យើង​ម្នាក់​ៗ។ ប៉ុន្តែ តើ​ទស្សនៈ​នេះ​សម​ស្រប​នឹង​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់​នីកូដេម​ឬ​ទេ?

ពេល​យើង​អាន​ពាក្យ​របស់​លោក​យេស៊ូ​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​បញ្ជាក់​ថា​លោក​មិន​បង្រៀន​ថា​ការ​កើត​ជា​ថ្មី​អាស្រ័យ​ទៅ​លើ​ចិត្ត​យើង​ម្នាក់​ៗ​ទេ។ ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ដូច​នេះ? ពាក្យ​ភាសា​ក្រិច​ដែល​បាន​បក​ប្រែ​ថា ​«​កើត​ម្ដង​ទៀត​»​ ក៏​អាច​បក​ប្រែ​ថា​ ​«​គួរ​កើត​ពី​ស្ថាន​លើ​»។ * យោង​ទៅ​តាម​ការ​បក​ប្រែ​នេះ ការ​កើត​ជា​ថ្មី​គឺ​មក​«​ពី​ស្ថាន​លើ​»​ ពោល​គឺ​«​ពី​ស្ថាន​សួគ៌​»​ឬ​«​ពី​បិតា​»​នៅ​ស្ថាន​សួគ៌។ (​យ៉ូហាន ១៩:១១; យ៉ាកុប ១:១៧​) ត្រូវ​ហើយ ការ​កើត​ជា​ថ្មី​គឺ​មក​ពី​ព្រះ។—យ៉ូហានទី១ ៣:៩

ដូច្នេះ បើ​យើង​ចាំ​ថា​ក្នុង​ភាសា​ដើម​ពាក្យ​កើត​ម្ដង​ទៀត​អាច​ត្រូវ​បក​ប្រែ​ថា ​«​ពី​ស្ថាន​លើ​»​ នោះ​មិន​ពិបាក​ឲ្យ​យើង​យល់​ថា មនុស្ស​មិន​អាច​ផ្ដល់​កំណើត​ឲ្យ​ខ្លួន​ឯង​បាន​ឡើយ។ សូម​គិត​អំពី​កំណើត​របស់​ខ្លួន តើ​អ្នក​កើត​មក​ដោយ​សារបាន​សម្រេច​ចិត្ត​ខ្លួន​ឯង​ថា​ចង់​កើត​ទេ? មិន​មែន​ទេ! អ្នក​កើត​មក​ដោយ​សារ​មាតាបិតា​ផ្ដល់​កំណើត​ឲ្យ​អ្នក។ ស្រ​ដៀង​គ្នា​ដែរ លុះ​ត្រា​តែ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី ទើប​យើង​អាច​កើត​ជា​ថ្មី​បាន។ (​យ៉ូហាន ១:១៣​) យ៉ាង​នេះ សាវ័ក​ប៉ូល​និយាយ​ត្រឹម​ត្រូវ​ថា​៖ ​«​សូម​សរសើរ​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ព្រោះ​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក លោក​បាន​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី​»។—ពេត្រុសទី១ ១:៣

តើ​ការ​កើត​ម្ដង​ទៀត​គឺជា​បញ្ជា​ឬ?

មនុស្ស​ខ្លះ​ប្រហែលជា​ឆ្ងល់​ថា ‹បើ​ការ​កើត​ជា​ថ្មី​មិន​ស្រេច​ទៅ​លើ​យើង ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​បញ្ជា​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​»​?›។ នេះ​ជា​សំណួរ​ល្អ។ យ៉ាង​ណា​មិញ ប្រសិនបើ​ពាក្យ​របស់​លោក​យេស៊ូ​គឺជា​បញ្ជា​មែន លោក​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​យើង​មិន​អាច​ធ្វើ​បាន។ នេះ​មិន​សម​ហេតុ​សម​ផល​ទេ។ បើ​ដូច្នេះ តើ​យើង​គួរ​យល់​យ៉ាង​ណា​ចំពោះ​ពាក្យ​ដែល​ថា អ្នក​ត្រូវ​«​កើត​ម្ដង​ទៀត​»​?

ការ​ពិនិត្យ​មើល​ពាក្យ​នេះ​ក្នុង​ភាសា​ដើម​បង្ហាញ​ថា នេះ​មិន​មែន​ជា​បញ្ជា​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​នេះ​ជា​ឃ្លា​ធម្មតា។ ដូច្នេះ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា អ្នក​ត្រូវ​«​កើត​ម្ដង​ទៀត​»​ នោះ​លោក​ប្រាប់​ពី​ការ​ពិត​មួយ មិន​មែន​ជា​បញ្ជា​ទេ។ ស្តី​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ សេចក្ដី​បក​ប្រែ​មួយ​ទៀត​ចែង​ថា​៖ ​«​គឺ​ចាំ​បាច់​ឲ្យ​អ្នក​កើត​ពី​ស្ថាន​លើ​»។—យ៉ូហាន ៣:៧, Modern Young’s Literal Translation 

ដើម្បី​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ឃ្លា​បញ្ជា​និង​ឃ្លា​ធម្មតា សូម​គិត​អំពី​ការ​ប្រៀប​ធៀប​មួយ​ដូច​ត​ទៅ​នេះ: សូម​គិត​អំពី​ទី​ក្រុង​ដែល​មាន​សាលា​រៀន​មួយ​ចំនួន។ ក្នុង​ចំណោម​សាលា​ទាំង​នោះ មាន​តែ​សាលា​រៀន​មួយ​សម្រាប់​ក្មេង​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​ឆ្ងាយ​ពី​ទី​ក្រុង។ ថ្ងៃ​មួយ ក្មេង​ជំទង់​ម្នាក់​ដែល​មិន​មែន​ជា​ជន​ជាតិ​ភាគ​តិច ប្រាប់​នាយក​សាលា​ថា​៖ ​«​ខ្ញុំ​ចង់​ចុះ​ឈ្មោះ​នៅ​សាលា​នេះ​»។ នាយក​សាលា​ប្រាប់​ក្មេង​នោះ​ថា​៖ ​«​ដើម្បី​ចុះ​ឈ្មោះ​បាន ប្អូន​ត្រូវ​ជា​ជន​ជាតិ​ភាគ​តិច​»។ ពាក្យ​របស់​នាយក​សាលា​មិន​មែន​ជា​បញ្ជា​ទេ។ គាត់​មិន​បង្គាប់​ក្មេង​ជំទង់​នោះ​ថា​ ​«​ឯង​ត្រូវ​តែ​ជា​ជន​ជាតិ​ភាគ​តិច!​»។ ផ្ទុយ​ទៅ​វិញ នាយក​សាលា​ចង់​និយាយ​ថា​៖ ​«​ដើម្បី​ចុះ​ឈ្មោះ​បាន គឺ​ចាំ​បាច់​ឲ្យ​ប្អូន​ជា​ជន​ជាតិ​ភាគ​តិច​»។ នាយក​សាលា​គ្រាន់តែ​ប្រាប់​ពី​ការ​ពិត​មួយ ពោល​គឺ​តម្រូវ​ការ​ដើម្បី​ចូល​រៀន​នៅ​សាលា​នោះ។ ស្រ​ដៀង​គ្នា​ដែរ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​»​ នោះ​លោក​គ្រាន់តែ​ប្រាប់​ពី​ការ​ពិត គឺ​តម្រូវ​ការ​ដើម្បី​«​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។

ប៉ុន្តែ រាជាណាចក្រ​របស់​ព្រះ​ជាប់​ពាក់​ព័ន្ធ​នឹង​ចំណុច​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​កើត​ជា​ថ្មី។ ចំណុច​នេះ​ទាក់​ទង​នឹង​សំណួរ​ដែល​ថា តើ​កើត​ម្ដង​ទៀត​គឺ​ក្នុង​បំណង​អ្វី? ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​យល់​យ៉ាង​ត្រឹម​ត្រូវ​នូវ​អត្ថន័យ​នៃ​ការ​កើត​ម្ដង​ទៀត។

[កំណត់​សម្គាល់]

^ វគ្គ 3 សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ចំនួន​ក៏​បាន​បក​ប្រែ​យ៉ូហាន ៣:៣ ដូច​នេះ​ដែរ។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​គម្ពីរ​តាម​ន័យ​ត្រង់ បក​ប្រែ​ខ​នេះ​ថា​៖ ​«​ប្រសិនបើ​មនុស្ស​មិន​ទទួល​កំណើត​ពី​ស្ថាន​លើ នោះ​គាត់​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ​»។

[រូបភាព​នៅ​ទំព័រ​៦]

ពេល​មាតាបិតា​ផ្ដល់​កំណើត​ឲ្យ​យើង និង​ពេល​កើត​ជា​ថ្មី​ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ តើ​ទាំង​ពីរ​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា​យ៉ាង​ណា?