លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូនៗយុវវ័យអើយ! ចូរបង្ហាញថាប្អូនជឿនទៅមុខ

ប្អូនៗយុវវ័យអើយ! ចូរបង្ហាញថាប្អូនជឿនទៅមុខ

ប្អូន​ៗ​យុវវ័យ​អើយ! ចូរ​បង្ហាញ​ថា​ប្អូន​ជឿន​ទៅ​មុខ​

​«​ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​»។—១ធី. ៤:១៥

១​. តើ​ព្រះ​ចង់​ឲ្យ​ប្អូន​ៗ​យុវវ័យ​មាន​ជីវិត​បែប​ណា?

នា​សម័យ​បុរាណ ស្តេច​សាឡូម៉ូន​ដែល​ជា​ស្តេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​ហើយ​ជា​អ្នក​ប្រាជ្ញ បាន​សរសេរ​ថា​៖ ​«​ឱ​មនុស្ស​កំឡោះ​អើយ! ចូរ​ឲ្យ​មាន​ចិត្ត​រីករាយ​ក្នុង​វ័យ​កំឡោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង​»។ (​សាស្ដ. ១១:៩​) ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដាំផ្ញើ​ប្រសាសន៍​នោះ ពិត​ជា​ចង់​ឲ្យ​ប្អូន​ៗ​យុវវ័យ​មាន​សុភមង្គល​រហូត​ដល់​ពេល​ប្អូន​មាន​វ័យ​ចាស់ មិន​គ្រាន់តែ​ក្នុង​អំឡុង​គ្រា​វ័យ​ក្មេង​ប៉ុណ្ណោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​អំឡុង​គ្រា​វ័យ​ក្មេង ប្អូន​ៗ​យុវវ័យ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ជា​ញឹក​ញយ ហើយ​ការ​សម្រេច​ចិត្ត​នោះ​អាច​មាន​ឥទ្ធិពល​លើ​សុភមង្គល​របស់​ពួក​គេ​នៅ​អនាគត។ សូម្បី​តែ​យ៉ូប​ក៏​សោកស្ដាយ​ដោយ​សារ​ផល​វិបាក​ដែល​មក​ពី​«​បាប​ដែល​[​គាត់​]​បាន​ធ្វើ​ពី​កាល​នៅ​ក្មេង​មក​»។ (​យ៉ូប ១៣:២៦​) ក្នុង​អំឡុង​គ្រា​ជា​ក្មេង​ជំទង់​និង​ជា​មនុស្ស​ទើប​តែ​ពេញ​វ័យ នោះ​ប្អូន​ៗ​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ។ ការ​សម្រេច​ចិត្ត​មិន​ល្អ​អាច​នាំ​ឲ្យ​មាន​ស្លាកស្នាម​ផ្លូវ​ចិត្ត ហើយ​បង្កើត​បញ្ហា​ដែល​មាន​ផល​ប៉ះពាល់​ដល់​ប្អូន​អស់​មួយ​ជីវិត។—សាស្ដ. ១១:១០

២​. តើ​ប្អូន​ៗ​យុវវ័យ​អាច​ជៀស​ចេញ​ពី​ការ​ធ្វើ​ខុស​ធ្ងន់ធ្ងរ​ដោយ​អនុវត្ត​តាម​ដំបូន្មាន​មួយ​ណា​ក្នុង​គម្ពីរ?

ប្អូន​ៗ​យុវវ័យ​ត្រូវ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ សូម​ពិចារណា​ការ​ណែនាំ​ដែល​សាវ័ក​ប៉ូល​បាន​ផ្ដល់​ឲ្យ​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​កូរិនថូស។ គាត់​បាន​សរសេរ​ថា​៖ ​«​កុំ​ទៅ​ជា​អ្នក​ដែល​មាន​សមត្ថភាព​យល់​ដឹង​ដូច​កូន​ក្មេង . . . [​តែ​]​ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​វិញ​»។ (​១កូ. ១៤:២០​) ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​ឲ្យ​មាន​សមត្ថភាព​គិត​គូរ​និង​វែក​ញែក​ជា​មនុស្ស​ពេញ​វ័យ នោះ​នឹង​ជួយ​ប្អូន​ៗ​យុវវ័យ​ឲ្យ​ជៀស​ចេញ​ពី​ការ​ធ្វើ​ខុស​ធ្ងន់ធ្ងរ។

៣​. តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ភាព​ចាស់​ទុំ?

ប្រសិនបើ​ប្អូន​ជា​យុវជន​យុវតី​ម្នាក់ សូម​ចង​ចាំ​ថា​ប្អូន​ត្រូវ​ព្យាយាម​ទើប​អាច​មាន​ភាព​ចាស់​ទុំ។ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ដោយ​សារ​អ្នក​នៅ​ក្មេង​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ស្មោះ​ត្រង់។ ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ការ​បំផុស​ទឹក​ចិត្ត និង​ការ​បង្រៀន។ . . . ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​»។ (​១ធី. ៤:១២​-​១៥​) គ្រិស្ត​សាសនិក​ដែល​ជា​យុវជន​យុវតី​ត្រូវ​ជឿន​ទៅ​មុខ ហើយ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​មាន​ជំនឿន។

តើ​ជំនឿន​ជា​អ្វី?

៤​. តើ​ការ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​អ្វី?

ជំនឿន​ជា​«​ការ​ជឿន​ទៅ​មុខ និង​ជា​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​»។ ប៉ូល​បាន​បំផុស​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជឿន​ទៅ​មុខ​ក្នុង​ការ​និយាយ ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ ព្រម​ទាំង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ម្យ៉ាង​ទៀត ធីម៉ូថេ​ត្រូវ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​របៀប​រស់​នៅ​ផង​ដែរ។ យ៉ាង​នេះ ធីម៉ូថេ​ត្រូវ​បន្ត​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក។

៥, ៦​. (​ក​) តើ​ធីម៉ូថេ​ចាប់​ផ្ដើម​បង្ហាញ​ការ​ជឿន​ទៅ​មុខ​របស់​ខ្លួន​តាំង​ពី​ពេល​ណា​មក? (​ខ​) ស្តី​អំពី​ការ​ជឿន​ទៅ​មុខ តើ​ប្អូន​ៗ​យុវជន​យុវតី​សព្វ​ថ្ងៃ​អាច​យក​តម្រាប់​តាម​ធីម៉ូថេ​យ៉ាង​ដូច​ម្ដេច?

ពេល​ប៉ូល​បាន​សរសេរ​សំបុត្រ​នោះ​ទៅ​ធីម៉ូថេ​រវាង​ឆ្នាំ​៦១​និង​៦៤ គ.ស. នោះ​ធីម៉ូថេ​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​រួច​ទៅ​ហើយ។ គាត់​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​នៅ​ពេល​នោះ​ទេ។ នៅ​ឆ្នាំ​៤៩​ឬ​៥០ គ.ស. ពេល​ដែល​ធីម៉ូថេ​មាន​អាយុ​ប្រហែលជា​២៥​ឆ្នាំ នោះ​«​បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា​និង​ក្រុង​អ៊ីកូនាម​»​ដែល​បាន​ឃើញ​ធីម៉ូថេ​ជឿន​ទៅ​មុខ ​«​តែង​និយាយ​ល្អ​»​អំពី​គាត់។ (​សកម្ម. ១៦:១​-​៥​) នៅ​ពេល​នោះ ប៉ូល​បាន​នាំ​ធីម៉ូថេ​ទៅ​ជា​មួយ​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​សាសន​ទូត។ ប៉ូល​បាន​សង្កេត​មើល​ការ​ជឿន​ទៅ​មុខ​របស់​ធីម៉ូថេ​អស់​រយៈ​ពេល​ច្រើន​ខែ ហើយ​បន្ទាប់​មក​គាត់​បាន​បញ្ជូន​ធីម៉ូថេ​ទៅ​ទី​ក្រុង​ថែស្សាឡូនិច​ដើម្បី​ជួយ​សម្រាល​ទុក្ខ និង​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ទី​ក្រុង​នោះ។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ៣:១​-​៣, ​) គឺ​ច្បាស់​ណាស់ តាំង​ពី​ពេល​ធីម៉ូថេ​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​ជឿន​ទៅ​មុខ។

ប្អូន​ៗ​យុវជន​យុវតី​ក្នុង​ក្រុម​ជំនុំ​អើយ! ចូរ​ខំ​ប្រឹង​ពី​ឥឡូវ​ឲ្យ​បណ្ដុះ​គុណ​សម្បត្ដិ​ដែល​ចាំ​បាច់ ដើម្បី​បង្ហាញ​ច្បាស់​ថា​ប្អូន​មាន​ការ​ជឿន​ទៅ​មុខ​ក្នុង​ជីវិត​រស់​នៅ​ជា​គ្រិស្ត​សាសនិក និង​ក្នុង​សមត្ថភាព​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ។ តាំង​ពី​អាយុ​១២​ឆ្នាំ​មក កុមារ​យេស៊ូ​«​ប្រកប​ដោយ​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើង​ៗ​»។ (​លូក. ២:៥២​) ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ប្អូន​អាច​បង្ហាញ​ឲ្យ​ឃើញ​ការ​ជឿន​ទៅ​មុខ​ក្នុង​ទិដ្ឋភាព​បី​យ៉ាង​នៃ​ជីវិត: (​១​) ពេល​ប្អូន​ប្រឈម​មុខ​ទុក្ខ​លំបាក (​២​) កាល​ដែល​ប្អូន​ត្រៀម​ខ្លួន​ដើម្បី​រៀប​ការ ហើយ​(​៣​) កាល​ដែល​ប្អូន​ខំ​ធ្វើ​ជា​‹អ្នក​បម្រើ​ដ៏​ល្អ​ប្រសើរ›។—១ធី. ៤:៦

ចូរ​ចេះ​«​ដឹង​ខុស​ត្រូវ​»​ពេល​ប្រឈម​មុខ​ទុក្ខ​លំបាក

៧​. តើ​ទុក្ខ​លំបាក​អាច​មាន​ឥទ្ធិពល​លើ​ប្អូន​ៗ​យុវជន​យុវតី​យ៉ាង​ដូច​ម្ដេច?

គ្រិស្ត​សាសនិក​ម្នាក់​អាយុ​១៧​ឆ្នាំ​ឈ្មោះ​សុជាតា​បាន​និយាយ​ថា​៖ ​«​ជួនកាល ខ្ញុំ​ល្វើយ​ហើយ​អស់​កម្លាំង​ខាង​ផ្លូវ​ចិត្ត​និង​ខួរ​ក្បាល​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​មិន​ចង់​ក្រោក​នៅ​ពេល​ព្រឹក​»។ * ហេតុ​អ្វី​បាន​ជា​ប្អូន​សុជាតា​ព្រួយ​ខ្លាំង​ម្ល៉េះ? ពេល​គាត់​អាយុ​១០​ឆ្នាំ មាតាបិតា​បាន​លែង​លះ​គ្នា ហើយ​គាត់​ត្រូវ​រស់​នៅ​ជា​មួយ​ម្ដាយ​ដែល​មិន​គោរព​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ។ ដូច​ប្អូន​សុជាតា ប្អូន​ៗ​ប្រហែលជា​កំពុង​ប្រឈម​មុខ​ស្ថានការណ៍​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​ខ្លាំង ហើយ​ដែល​ប្អូន​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន​ឡើយ។

៨​. តើ​ធីម៉ូថេ​បាន​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណាខ្លះ?

កាល​ដែល​ធីម៉ូថេ​កំពុង​ជឿន​ទៅ​មុខ នោះ​គាត់​ក៏​បាន​ទ្រាំ​នឹង​បញ្ហា​ដែរ។ ជា​ឧទាហរណ៍ គាត់​មាន​«​ជំងឺ . . . ជា​ញឹក​ញយ​»​ដោយ​សារ​ក្រពះ។ (​១ធី. ៥:២៣​) កាល​ដែល​ប៉ូល​បាន​បញ្ជូន​គាត់​ទៅ​ទី​ក្រុង​កូរិនថូស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​បង្កើត​ដោយ​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​អំណាច​របស់​ពួក​សាវ័ក នោះ​ប៉ូល​បាន​ដាស់​តឿន​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​សហការ​ជា​មួយ​ធីម៉ូថេ​ដើម្បី​មិន​ឲ្យ​គាត់​«​ភ័យ​ខ្លាច​»។ (​១កូ. ៤:១៧; ១៦:១០, ១១​) តាម​មើល​ទៅ ធីម៉ូថេ​ជា​មនុស្ស​ដែល​អៀន​ខ្មាស។

៩​. តើ​ការ​ដឹង​ខុស​ត្រូវ​ជា​អ្វី? ហើយ​តើ​នេះ​ខុស​គ្នា​ពី​ចិត្ត​កំសាក​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ជួយ​ធីម៉ូថេ ក្រោយ​មក​ប៉ូល​បាន​រំលឹក​គាត់​ថា​៖​«​សកម្មពល​បរិសុទ្ធ ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង មិន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កំសាក​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​ខុស​ត្រូវ​»។ (​២ធី. ១:៧​) ​«​ការ​ដឹង​ខុស​ត្រូវ​»​ទាក់​ទង​នឹង​ការ​ចេះ​គិត​និង​វែក​ញែក​ត្រឹម​ត្រូវ ហើយ​រួម​បញ្ចូល​សមត្ថភាព​ស៊ូ​ទ្រាំ​ទោះ​ជា​មាន​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ។ ប្អូន​ៗ​យុវវ័យ​ខ្លះ​ដែល​គ្មាន​ភាព​ចាស់​ទុំ​ជា​មនុស្ស​កំសាក ហើយ​ចង់​គេច​ពី​ស្ថានការណ៍​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​នោះ​ដោយ​គេង​ច្រើន​ហួស​ហេតុ​ពេក​ឬ​មើល​ទូរទស្សន៍​ច្រើន​ជ្រុល ផឹក​ស្រា​ហួស​ប្រមាណ ប្រើ​គ្រឿង​ញៀន គិតតែ​ជប់​លៀង ឬ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ពួក​គ្រិស្ត​សាសនិក​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​«​បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ រួច​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​មាន​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​ក្នុង​របៀប​របប​ពិភព​លោក​នេះ​»។—ទីត. ២:១២

១០, ១១​. តើ​ការ​ដឹង​ខុស​ត្រូវ​ជួយ​យើង​ពឹង​ទៅ​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ​យ៉ាង​ដូច​ម្ដេច?

១០ គម្ពីរ​បំផុស​ទឹក​ចិត្ត​«​បុរស​វ័យ​ក្មេង​ឲ្យ​ដឹង​ខុស​ត្រូវ​»។ (​ទីត. ២:៦​) ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​នេះ​បាន​សេចក្ដី​ថា ប្អូន​នឹង​អធិដ្ឋាន​ដល់​ព្រះ ហើយ​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ពេល​កំពុង​ប្រឈម​មុខ​បញ្ហា។ (​សូម​អាន ពេត្រុស​ទី​១ ៤:៧​) យ៉ាង​នេះ ប្អូន​នឹង​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​«​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ​»។—១ពេ. ៤:១១

១១ ការ​ដឹង​ខុស​ត្រូវ​និង​ការ​អធិដ្ឋាន​ពិត​ជា​បាន​ជួយ​សុជាតា​មែន។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ថា​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ជីវិត​រស់​នៅ​របស់​ម្ដាយ​ខ្ញុំ​ដែល​ប្រាសចាក​សីលធម៌ ហើយ​នោះ​ជា​អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ។ ប៉ុន្តែ សេចក្ដី​អធិដ្ឋាន​ពិត​ជា​បាន​ជួយ​ខ្ញុំ​មែន។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជួយ​គាំទ្រ​ខ្ញុំ ដូច្នេះ​ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​»។ សូម​ចាំ​មិន​ភ្លេច​ថា ទុក្ខ​លំបាក​អាច​ជួយ​ប្អូន​ឲ្យ​មាន​ចិត្ត​រឹង​ប៊ឹង ហើយ​ធ្វើ​ឲ្យ​ប្អូន​ក្លាយ​ទៅ​ជា​មនុស្ស​ប្រសើរ​ជាង​មុន។ (​ទំនុក. ១០៥:​១៧​-​១៩; បរិ. ៣:២៧​) មិន​ថា​ប្អូន​ប្រឈម​មុខ​ទុក្ខ​លំបាក​ណា​ក៏​ដោយ ព្រះ​មិន​លះ​បង់​ចោល​ប្អូន​ឡើយ។ ព្រះ​ពិត​ជា​«​នឹង​ជួយ​[​ប្អូន​]​»​មែន។—អេ. ៤១:១០

ត្រៀម​ខ្លួន​ដើម្បី​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍

១២​. ហេតុ​អ្វី​បាន​ជា​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​ចង់​រៀប​ការ​ធ្វើ​តាម​គោល​ការណ៍​ដែល​មាន​នៅ​សៀវភៅ​សុភាសិត ២០:២៥?

១២ មនុស្ស​ខ្លះ​ដែល​ទើប​តែ​ពេញ​វ័យ​ឆាប់​រៀប​ការ ដោយ​ជឿ​ថា​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​នៅ​ឯ​ផ្ទះ ការ​ខ្វះ​សុភមង្គល ភាព​ឯកោ និង​ការ​អផ្សុក។ ក៏​ប៉ុន្តែ ការ​ពោល​ពាក្យ​សច្ចា​ពេល​រៀប​ការ​ជា​រឿង​សំខាន់​ណាស់។ នៅ​សម័យ​គម្ពីរ មាន​មនុស្ស​ខ្លះ​បាន​សច្ចា​ចំពោះ​ព្រះ តែ​មិន​បាន​គិត​យ៉ាង​ហ្មត់​ចត់​ពី​អ្វី​ដែល​ពាក្យ​សច្ចា​នោះ​រួម​បញ្ចូល។ សុភាសិត ២០:២៥​ចែង​ថា​៖ ​«​ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​»​ រួច​កាល​ណា​បាន​សច្ចា​ចំពោះ​ព្រះ​ហើយ ​«​ទើប​ស៊ើបសួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​»។ ជួនកាល​មនុស្ស​ដែល​ទើប​តែ​ពេញ​វ័យ​មិន​បាន​គិត​យ៉ាង​ហ្មត់​ចត់​អំពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក្រោយ​ពី​បាន​រៀប​ការ​ទេ។ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​យល់​ថា​ជីវិត​អាពាហ៍ពិពាហ៍​ជាប់​ទាក់​ទង​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​នឹក​ស្មាន។

១៣​. មុន​រើស​គូ​ជីវិត តើ​ប្អូន​ៗ​គួរ​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ? ហើយ​តើ​មាន​ការ​ណែនាំ​អ្វី​ដែល​អាច​ជួយ​ប្អូន​ៗ​បាន?

១៣ ដូច្នេះ​មុន​រើស​គូ​ជីវិត សូម​សួរ​ខ្លួន​ថា ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​រៀប​ការ? តើ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជីវិត​គ្រួសារ​បែប​ណា? តើ​បុគ្គល​នេះ​សាក​សម​នឹង​ខ្ញុំ​ទេ? តើ​ខ្ញុំ​ពិត​ជា​អាច​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​ជា​ស្វាមី​ឬ​ភរិយា​បាន​ទេ?›។ ដើម្បី​ជួយ​ប្អូន​ៗ​ឲ្យ​ពិចារណា​អំពី​ខ្លួន​ឯង​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​បោះពុម្ព​អត្ថបទ​ដែល​រៀប​រាប់​យ៉ាង​ចំ​ៗ​អំពី​រឿង​នេះ។ * (​ម៉ាថ. ២៤:៤៥​-​៤៧​) សូម​ចាត់​ទុក​អត្ថបទ​បែប​នេះ​ជា​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ប្អូន។ សូម​ពិនិត្យ​មើល​ព័ត៌មាន​ដែល​មាន​ក្នុង​អត្ថបទ​បែប​នេះ ហើយ​អនុវត្ត​តាម​ចុះ។ សូម​កុំ​ឲ្យ​ខ្លួន​ធ្វើ​«​ដូច​ជា​សេះ​ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា​»​ទាល់​តែ​សោះ។ (​ទំនុក. ៣២:៨, ៩​) ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ក្នុង​ការ​យល់​ដឹង​អំពី​ភារកិច្ច​ដែល​ប្អូន​មាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ ប្រសិនបើ​ប្អូន​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ដើម្បី​រើស​គូ​ជីវិត​ហើយ នោះ​សូម​«​ធ្វើ​ជា​គំរូ​ល្អ​»​ជា​និច្ច​ស្តី​អំពី​«​សេចក្ដី​បរិសុទ្ធ​»។—១ធី. ៤:១២

១៤​. ប្រសិនបើ​ប្អូន​សម្រេច​ចិត្ត​រៀប​ការ តើ​ការ​ព្យាយាម​បណ្ដុះ​បុគ្គលិក​លក្ខណៈ​ដូច​គ្រិស្ត​អាច​ជួយ​ប្អូន​យ៉ាង​ដូច​ម្ដេច?

១៤ ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ក៏​នាំ​ឲ្យ​មាន​សុភមង្គល​ក្រោយ​ពី​បាន​រៀប​ការ​ដែរ។ គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ព្យាយាម​ឲ្យ​មាន​លក្ខណៈ​«​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត​»។ (​អេភ. ៤:១១​-​១៤​) គាត់​ខំ​ប្រឹង​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្រិស្ត។ ក្នុង​នាម​ជា​អ្នក​ដែល​ទុក​គំរូ​ឲ្យ​យើង នោះ​«​គ្រិស្ត​មិន​បាន​រក​បំពេញ​ចិត្ត​ខ្លួន​លោក​»​ទេ។ (​រ៉ូម ១៥:៣​) ដូច្នេះ កាល​ណា​គូ​ស្វាមីភរិយា​បន្ត​ស្វែងរក​ប្រយោជន៍​របស់​គូ​ខ្លួន មិន​មែន​ប្រយោជន៍​ខ្លួន​ឯង នោះ​ក្រុម​គ្រួសារ​នឹង​រស់​នៅ​ដោយ​សុខដុមរមនា។ (​១កូ. ១០:២៤​) ស្វាមី​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​ភរិយា​នឹង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ចុះ​ចូល​ចំពោះ​ស្វាមី ដូច​លោក​យេស៊ូ​ចុះ​ចូល​ចំពោះ​ប្រមុខ​របស់​លោក​ដែរ។—១កូ. ១១:​៣; អេភ. ៥:២៥

«​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​»​

១៥, ១៦​. តើ​ប្អូន​អាច​បង្ហាញ​ពី​ការ​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ណា?

១៥ ប៉ូល​បាន​លើក​ពី​ភារកិច្ច​សំខាន់​របស់​ធីម៉ូថេ​ដោយ​សរសេរ​ថា​៖ ​«​នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ . . . ខ្ញុំ​សុំ​បង្គាប់​អ្នក​ជា​ផ្លូវ​ការ​ឲ្យ ប្រកាស​បណ្ដាំ​របស់​ព្រះ ចូរ​ប្រកាស​ជា​បន្ទាន់​»។ គាត់​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​[​ចូរ​]​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​»។ (​២ធី. ៤:១, ២,​) ដើម្បី​បំពេញ​ភារកិច្ច​នេះ នោះ​ធីម៉ូថេ​ត្រូវ​«​បំប៉ន​ដោយ​ពាក្យ​នៃ​ជំនឿ​»។—សូម​អាន ធីម៉ូថេទី១ ៤:៦

១៦ តើ​ប្អូន​អាច​«​បំប៉ន​ដោយ​ពាក្យ​នៃ​ជំនឿ​»​យ៉ាង​ដូច​ម្ដេច​បាន? ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ការ​បំផុស​ទឹក​ចិត្ត និង​ការ​បង្រៀន។ . . . ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ​»។ (​១ធី. ៤:១៣, ១៥​) ការ​ជឿន​ទៅ​មុខ​តម្រូវ​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​សិក្សា​ដោយ​ខ្លួន​ឯង។ តើ​ទម្លាប់​របស់​ប្អូន​ក្នុង​ការ​សិក្សា​យ៉ាង​ណា​ដែរ? តើ​ប្អូន​បាន​ជក់​ចិត្ត​គំនិត​ក្នុង​«​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ទេ? (​១កូ. ២:១០​) ឬ​ក៏​តើ​ប្អូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា? ការ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ប្អូន​សិក្សា នោះ​នឹង​ជំរុញ​ទឹក​ចិត្ត​ប្អូន។—សូម​អាន សុភាសិត ២:១​-​៥

១៧, ១៨​. (​ក​) តើ​ប្អូន​គួរ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​អ្វី​ខ្លះ? (​ខ​) តើ​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​ធីម៉ូថេ​នឹង​ជួយ​ប្អូន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ណា?

១៧ អ្នក​ត្រួស​ត្រាយ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​មី​សែ​ល​បាន​និយាយ​ថា​៖ ​«​ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ខ្ញុំ​មាន​កាល​វិភាគ​ល្អ​សម្រាប់​ការ​សិក្សា​ដោយ​ខ្លួន​ឯង ហើយ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់។ ជា​លទ្ធផល ខ្ញុំ​តែង​តែ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​»។ ប្រាកដ​ហើយ ការ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​នឹង​ជួយ​ប្អូន​បង្កើន​សមត្ថភាព​ប្រើ​គម្ពីរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ជួយ​ប្អូន​ឲ្យ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​ផង។ ចូរ​ព្យាយាម​អាន​ឲ្យ​បាន​ល្អ ហើយ​ឲ្យ​ចម្លើយ​ដែល​មាន​ន័យ​នៅ​ឯ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ ណា​មួយ​ទៀត ដើម្បី​បង្ហាញ​ការ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត នោះ​គប្បី​ឲ្យ​ប្អូន​រៀប​ចំ​សុន្ទរកថា​ដែល​ផ្ដល់​ប្រយោជន៍​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ ហើយ​មិន​ថ្លែង​លើស​ពី​ព័ត៌មាន​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​សុន្ទរកថា​នីមួយ​ៗ។

១៨ ការ​«​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»​មាន​ន័យ​ថា ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​ប្អូន​មាន​ប្រសិទ្ធភាព​ច្រើន​ជាង ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។ នេះ​តម្រូវ​ឲ្យ​ប្អូន​មាន​«​ការ​ប៉ិនប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន​»។ (​២ធី. ៤:២​) ដោយ​រៀប​ចំ​ទៅ​ផ្សាយ​ជា​មួយ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ក្នុង​កិច្ចការ​ផ្សាយ នោះ​ប្អូន​នឹង​អាច​រៀន​ពី​វិធី​បង្រៀន​ផ្សេង​ៗ ដូច​ធីម៉ូថេ​បាន​រៀន​ពី​ប៉ូល។ (​១កូ. ៤:១៧​) ដោយ​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​គាត់​បាន​ជួយ នោះ​ប៉ូល​បាន​រៀប​រាប់​ថា​គាត់​មិន​គ្រាន់​តែ​បាន​ជូន​ដំណឹង​ល្អ​ឲ្យ​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​បាន​ផ្ដល់​‹ជីវិត​ខ្លួន› ឬ​ប្រើ​ជីវិត​ខ្លួន​ដើម្បី​ជួយ​ពួក​គេ ពីព្រោះ​ពួក​គេ​ជា​ទី​ស្រឡាញ់​របស់​ប៉ូល។ (​១ថែ. ២:៨​) ដើម្បី​ធ្វើ​តាម​គំរូ​របស់​ប៉ូល​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​ដូច​ធីម៉ូថេ ដែល​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​ខំ​ប្រឹង​ដូច​ជា​«​ខ្ញុំ​បម្រើ​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​»។ (​សូម​អាន ភីលីព ២:១៩​-​២៣​) តើ​ប្អូន​បង្ហាញ​ស្មារតី​លះ​បង់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ?

ជំនឿន​នាំ​ឲ្យ​មាន​អំណរ​ដ៏​ពិត

១៩, ២០​. ហេតុ​អ្វី​បាន​ជា​ការ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​នាំ​ឲ្យ​មាន​អំណរ?

១៩ ការ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​ត្រូវ​ការ​ការ​ព្យាយាម។ យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​ប្អូន​មាន​ចិត្ត​អត់​ធ្មត់​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន នោះ​មិន​យូរ​មិន​ឆាប់​ប្អូន​នឹង​មាន​ឯកសិទ្ធិ​«​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន​»​ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ប្អូន​មាន​«​អំណរ​ឬ​មកុដ​នៃ​មោទនភាព​»។ (​២កូ. ៦:១០; ១ថែ. ២:១៩​) ប្អូន​ហ្វ្រេត ដែល​ជា​អ្នក​ផ្សាយ​ពេញ​ពេល​បាន​ពន្យល់​ថា​៖ ​«​ច្រើន​ជាង​មុន​ទៅ​ទៀត ខ្ញុំ​ចំណាយ​ពេល​វេលា​ដែល​ខ្ញុំ​មាន​ដើម្បី​ជួយ​អ្នក​ដទៃ។ ជា​ការ​ពិត​ណាស់​ដែល​ថា​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។

២០ អ្នក​ត្រួស​ត្រាយ​វ័យ​ក្មេង​ឈ្មោះ​ដាហ្វានី​បាន​រៀប​រាប់​អំពី​អំណរ និង​ក្ដី​ស្កប់​ស្កល់​ចិត្ត​ដែល​ប្អូន​ទទួល​ពី​ការ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក ដោយ​និយាយ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​បាន​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​លោក។ កាល​ណា​យើង​ខំ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា នោះ​យើង​មាន​អារម្មណ៍​ល្អ ហើយ​នេះ​ពិត​ជា​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​មែន​»។ ទោះ​ជា​មនុស្ស​មិន​តែង​តែ​ឃើញ​ការ​ជឿន​ទៅ​មុខ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ក៏​ដោយ តែ​ព្រះ​យេហូវ៉ា​ឃើញ​ហើយ​ឲ្យ​តម្លៃ​ជា​និច្ច! (​ហេ. ៤:១៣​) ប្រាកដ​ហើយ! ប្អូន​ៗ​គ្រិស្ត​សាសនិក​អាច​នាំ​ឲ្យ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​សិរី​រុង​រឿង​និង​ការ​សរសើរ។ សូម​បន្ត​ធ្វើ​ឲ្យ​ព្រះ​រីករាយ កាល​ដែល​ប្អូន​បង្ហាញ​យ៉ាង​ស្មោះ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា ប្អូន​ជឿន​ទៅ​មុខ។—សុភ. ២៧:១១

[កំណត់​សម្គាល់]

^ វគ្គ 7 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

^ វគ្គ 13 ​«​ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​»​ មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០១។

តើ​អ្នក​បាន​រៀន​អ្វី?

តើ​ការ​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​អ្វី​ខ្លះ?

តើ​ប្អូន​អាច​បង្ហាញ​ការ​ជឿន​ទៅ​មុខ​យ៉ាង​ដូច​ម្ដេច . . .

ពេល​ប្រឈម​មុខ​ទុក្ខ​លំបាក?

ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​រៀប​ការ?

ក្នុង​កិច្ច​បម្រើ​ផ្សាយ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

សេចក្ដី​អធិដ្ឋាន​អាច​ជួយ​ប្អូន​ឲ្យ​តស៊ូ​នឹង​ទុក្ខ​លំបាក​បាន

[រូបភាព​នៅ​ទំព័រ​២០]

តើ​ប្អូន​ៗ​យុវវ័យ​ជា​អ្នក​ផ្សាយ​អាច​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​ប្អូន​មាន​ប្រសិទ្ធភាព​យ៉ាង​ណា?