លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកគ្រប់គ្រងតិច អ្នកទទួលប្រយោជន៍ច្រើន

អ្នកគ្រប់គ្រងតិច អ្នកទទួលប្រយោជន៍ច្រើន

អ្នក​គ្រប់​គ្រង​តិច អ្នក​ទទួល​ប្រយោជន៍​ច្រើន

តាំង​ពី​សម័យ​ពួក​សាវ័ក​មក ព្រះ​បាន​ជ្រើស​រើស​ពួក​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​ពី​ចំណោម​មនុស្ស​ជាតិ ហើយ​ទទួល​យក​ពួក​គេ​ជា​កូន។ កូន​ដែល​ព្រះ​ទទួល​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ដល់​ម្ល៉េះ ដែល​បណ្ដាំ​របស់​ព្រះ​រៀប​រាប់​ការ​ផ្លាស់​ប្ដូរ​នោះ​ដូច​ជា​ការ​កើត​ជា​ថ្មី។ បំណង​នៃ​ការ​កើត​ជា​ថ្មី​គឺ​ដើម្បី​រៀប​ចំ​អ្នក​បម្រើ​របស់​ព្រះ​ដែល​បាន​កើត​ម្ដង​ទៀត​ឲ្យ​ទៅ​ជា​អ្នក​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ (​ធីម៉ូថេ​ទី​២ ២:១២​) ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង នោះ​ព្រះ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ពេល​ស្លាប់​ទៅ។ (​រ៉ូម ៦:៣​-​៥​) នៅ​ស្ថាន​សួគ៌ ​«​ពួក​គេ​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»​ជា​មួយ​គ្រិស្ត។—ការ​បើក​បង្ហាញ ៥:១០; ១១:១៥

យ៉ាង​ណា​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​ក៏​បាន​រៀប​រាប់​ថា ក្រៅ​ពី​អស់​អ្នក​ដែល​បាន​កើត​ម្ដង​ទៀត នៅ​មាន​អ្នក​ឯ​ទៀត​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ គម្ពីរ​ទាំង​មូល(​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី​)​បាន​រៀប​រាប់​ថា ព្រះ​មាន​បំណង​សង្គ្រោះ​មនុស្ស​ពីរ​ក្រុម គឺ​ក្រុម​តូច​ដែល​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌ ហើយ​ក្រុម​ធំ​ដែល​រស់​នៅ​ផែនដី។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​ទៅ​កាន់​អ្នក​រួម​ជំនឿ​ដែល​បាន​កើត​ម្ដង​ទៀត។ គាត់​បាន​សរសេរ​ស្តី​អំពី​លោក​យេស៊ូ​ថា​៖ ​«​លោក​បាន​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ ហើយ​លោះ​យើង​ពី​ការ​ខុស​ឆ្គង មិន​គ្រាន់តែ​ការ​ខុស​ឆ្គង​របស់​យើង​[​ក្រុម​តូច​]​ប៉ុណ្ណោះ​ទេ តែ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ​[​ក្រុម​ធំ​]​»។—យ៉ូហានទី១ ២:២

ស្រ​ដៀង​គ្នា​ដែរ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​[​ក្រុម​ធំ​]​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប​នូវ​គ្រា​ដែល​កូន​ព្រះ​[​ក្រុម​តូច​]​នឹង​ត្រូវ​សម្ដែង​»។ (​រ៉ូម ៨:១៩​-​២១​) តើ​ពាក្យ​ទាំង​នេះ​របស់​សាវ័ក​យ៉ូហាន​និង​ប៉ូល​មាន​ន័យ​យ៉ាង​ណា? យើង​យល់​ថា អស់​អ្នក​ដែល​បាន​កើត​ម្ដង​ទៀត​នឹង​ទៅ​ជា​សមាជិក​នៃ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។ តើ​ពួក​គេ​នឹង​សម្រេច​បំណង​អ្វី​នៅ​ស្ថាន​សួគ៌? ពួក​គេ​នឹង​ផ្ដល់​ប្រយោជន៍​ដែល​គ្មាន​ទី​បញ្ចប់​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅ​ផែនដី​ជា​រាស្ត្រ​របស់​រដ្ឋាភិបាល​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។—ម៉ាថាយ ៦:១០

ម្យ៉ាង​ទៀត បទ​គម្ពីរ​ភាសា​ហេប្រឺ​ក៏​រៀប​រាប់​ថា​មនុស្ស​ពីរ​ក្រុម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ប្រាប់​អាប្រាហាំ​ដែល​ជា​បុព្វបុរស​របស់​លោក​យេស៊ូ​ថា​៖ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​[​ក្រុម​ធំ​]​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង​[​ក្រុម​តូច​]​»។ (​លោកុប្បត្តិ ២២:១៨​) ត្រូវ​មែន គ្រប់​ទាំង​សាសន៍​ត្រូវ​ទទួល​ពរ​តាម​រយៈ​«​ពូជ​»​របស់​អាប្រាហាំ។

តើ​«​ពូជ​»​នោះ​ជា​នរណា? ពូជ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត​និង​ពួក​អ្នក​ដែល​បាន​កើត​ជា​ថ្មី​ដែល​ព្រះ​ទទួល​ជា​កូន។ សាវ័ក​ប៉ូល​ពន្យល់​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត អ្នក​រាល់​គ្នា​ពិត​ជា​ពូជ​អាប្រាហាំ​»។ (​កាឡាទី ៣:១៦, ២៩​) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពរ​ដែល​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​ទទួល​តាម​រយៈ​«​ពូជ​»​នោះ? ពរ​នោះ​គឺ​ឯកសិទ្ធិ​ដែល​ថា​ព្រះ​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ប្រកាស​ទំនាយ​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុក​តម្កើង ៣៧:​២៩; អេសាយ ៤៥:១៨; ការ​បើក​បង្ហាញ ២១:១​-​៥

ប្រាកដ​ហើយ ការ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​ទុក​បម្រុង​ឲ្យ​មនុស្ស​តិច ប៉ុន្តែ មនុស្ស​ច្រើន​អាច​ទទួល​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី និង​ពរ​ទាំង​អស់​ឯ​ទៀត​ផង​ដែរ។ សូម​ឲ្យ​រូប​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​នឹង​ទទួល​ពរ​ដែល​គ្មាន​ទី​បញ្ចប់ ដែល​រាជាណាចក្រ​របស់​ព្រះ​ផ្ដល់​ឲ្យ។

[រូបភាព​នៅ​ទំព័រ​១២]

មនុស្ស​រាប់​លាន​នាក់​នឹង​ទទួល​ពរ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី តើ​អ្នក​នឹង​ស្ថិត​ក្នុង​ចំណោម​ពួក​គេ​ទេ?