ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!
ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!
‹លោកយេស៊ូបានប្រគល់ខ្លួនដើម្បីរំដោះយើងឲ្យរួចពីការប្រឆាំងច្បាប់គ្រប់យ៉ាង ហើយសម្អាតយើងដើម្បីឲ្យធ្វើជារាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ›។—ទីត. ២:១៤
១. តើមានអ្វីកើតឡើងពេលលោកយេស៊ូមកដល់បរិវេណវិហារនៅថ្ងៃទី១០ ខែណែសាន ឆ្នាំ៣៣ គ.ស.?
ថ្ងៃទី១០ខែណែសាន ឆ្នាំ៣៣ គ.ស. គឺជាថ្ងៃដែលជិតដល់ពេលធ្វើបុណ្យរំលង។ អ្នកគោរពប្រណិប័តន៍ព្រះជាច្រើននាក់ក្នុងបរិវេណវិហារនៅក្រុងយេរូសាឡិមកំពុងទន្ទឹងចាំពិធីបុណ្យនោះ។ តើនឹងមានអ្វីកើតឡើងពេលលោកយេស៊ូមកដល់វិហារ? អ្នកសរសេរសៀវភៅដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកាទាំងបីនាក់បញ្ជាក់ប្រាប់ថា លោកយេស៊ូបណ្ដេញអ្នកលក់និងអ្នកទិញចេញពីវិហារជាលើកទី២។ លោកក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាបផងដែរ។ (ម៉ាថ. ២១:១២; ម៉ាក. ១១:១៥; លូក. ១៩:៤៥) លោកយេស៊ូក៏បានធ្វើដូចនេះបីឆ្នាំមុនដែរ។ ដូច្នេះ នេះបង្ហាញថាលោកនៅតែមានចិត្តខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់ព្រះ។—យ៉ូន. ២:១៣-១៧
២, ៣. តើយើងដឹងយ៉ាងដូចម្ដេចថា លោកយេស៊ូមិនគ្រាន់តែខ្នះខ្នែងចំពោះការសម្អាតឲ្យអស់ពួកលក់ដូរក្នុងវិហារប៉ុណ្ណោះ?
២ កំណត់ហេតុរបស់ម៉ាថាយបង្ហាញថា នៅពេលនោះលោកយេស៊ូម៉ាថ. ២១:១៤) កំណត់ហេតុរបស់លូការៀបរាប់អំពីកិច្ចការឯទៀតដែលលោកយេស៊ូបានសម្រេច ពោលគឺ«លោក[យេស៊ូ]បានបង្រៀនរៀងរាល់ថ្ងៃក្នុងវិហារ»។ (លូក. ១៩:៤៧; ២០:១) យ៉ាងនេះ ចិត្តខ្នះខ្នែងរបស់លោកយេស៊ូក៏បានត្រូវសឲ្យឃើញយ៉ាងច្បាស់ក្នុងកិច្ចបម្រើផ្សាយ។
មិនគ្រាន់តែខ្នះខ្នែងចំពោះការសម្អាតឲ្យអស់ពួកលក់ដូរក្នុងវិហារប៉ុណ្ណោះឡើយ តែលោកក៏បានធ្វើឲ្យមនុស្សងងឹតភ្នែក និងមនុស្សខ្វិនជាសះស្បើយដែរ។ (៣ ក្រោយមក សាវ័កប៉ូលបានសរសេរទៅទីតុសដោយពន្យល់ថា លោកយេស៊ូ«បានប្រគល់ខ្លួនដើម្បីរំដោះយើងឲ្យរួចពីការប្រឆាំងច្បាប់គ្រប់យ៉ាង ហើយសម្អាតយើងដើម្បីឲ្យធ្វើជារាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។ (ទីត. ២:១៤) សព្វថ្ងៃ តើយើងអាច«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»តាមវិធីណាខ្លះ? ហើយតើគំរូរបស់ស្តេចល្អៗនៃរាជាណាចក្រយូដាលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
ខ្នះខ្នែងផ្សាយនិងបង្រៀន
៤, ៥. តើស្តេចទាំងបួននៃស្រុកយូដាខ្នះខ្នែងធ្វើការដ៏ប្រសើរតាមវិធីណាខ្លះ?
៤ ទាំងអេសា យេហូសាផាត ហេសេគា និងយ៉ូសៀស បានចាត់វិធានការដើម្បីជម្រះការគោរពបូជារូបព្រះចេញពីស្រុកយូដា។ អេសាបាន«បំបាត់អស់ទាំងអាសនាដទៃ នឹងទីខ្ពស់ទាំងប៉ុន្មានឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះបង់»។ (២រប. ១៤:៣) ចិត្តខ្នះខ្នែងរបស់យេហូសាផាតចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ានាំឲ្យគាត់«បំបាត់អស់ទាំងទីខ្ពស់ នឹងរូបព្រះចេញពីស្រុកយូដា»ដោយក្លាហាន។—២រប. ១៧:៦; ១៩:៣ *
៥ ក្រោយពីធ្វើបុណ្យរំលង៧ថ្ងៃដ៏សំខាន់ដែលហេសេគាបានរៀបចំក្នុងក្រុងយេរូសាឡិម នោះ«ពួកអ៊ីស្រាអែលដែលមកប្រជុំគ្នា ក៏ចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់ នឹងអាសនាទាំងប៉ុន្មាននៅពេញក្នុងស្រុកយូដា ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេដែរ ដរាបដល់បានលាញចេញទាំងអស់ទៅ»។ (២រប. ៣១:១) យ៉ូសៀសចាប់ផ្ដើមគ្រប់គ្រងពេលមានអាយុតែ៨ឆ្នាំប៉ុណ្ណោះ។ បទគម្ពីរចែងថា៖ «នៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌជាឰយុកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្ដើមជំរះសំអាតស្រុកយូដា នឹងក្រុងយេរូសាឡិមឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ នឹងរូបសិតទាំងប៉ុន្មានចេញ»។ (២រប. ៣៤:៣) ដូច្នេះ ស្តេចទាំងបួននោះបានខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ។
៦. ហេតុអ្វីយើងអាចប្រៀបធៀបកិច្ចបម្រើផ្សាយទៅនឹងអ្វីដែលស្តេចស្មោះត្រង់នៅស្រុកយូដាបានធ្វើ?
៦ ស្រដៀងគ្នាដែរ សព្វថ្ងៃយើងចូលរួមក្នុងការសហប្រតិបត្ដិការដើម្បីជួយមនុស្សដោះខ្លួនចេញពីសេចក្ដីបង្រៀនរបស់សាសនាមិនពិត រួមទាំងការគោរពបូជារូបព្រះ។ កិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយជួយយើងឲ្យជួបមនុស្សគ្រប់ប្រភេទ។ (១ធី. ២:៤) ក្មេងស្រីជនជាតិអាស៊ីម្នាក់ចាំនូវរបៀបដែលម្ដាយធ្វើពិធីផ្សេងៗនៅមុខរូបព្រះមួយចំនួនក្នុងផ្ទះ។ ក្មេងស្រីនោះបានគិតវែកញែកថារូបព្រះទាំងអស់មិនអាចតំណាងព្រះពិតបានទេ ដូច្នេះជាញឹកញយគាត់អធិដ្ឋានសុំឲ្យស្គាល់ព្រះពិត។ ពេលមានគេគោះទ្វារ ហើយគាត់ទៅបើក នោះគាត់បានជួបសាក្សីព្រះយេហូវ៉ាពីរនាក់ដែលប្រុងប្រៀបជួយគាត់ឲ្យរៀនអំពីនាមដ៏វិសេសវិសាលរបស់ព្រះ គឺយេហូវ៉ា។ គាត់ពិតជាអបអរមែន! ដែលបានរៀនសេចក្ដីពិតអំពីរូបព្រះ។ គាត់គួរឲ្យសរសើរមែន ពីព្រោះឥឡូវគាត់បង្ហាញចិត្តខ្នះខ្នែងដោយឧស្សាហ៍ចូលរួមក្នុងកិច្ចបម្រើផ្សាយ ហើយបង្រៀនអ្នកដទៃអំពីព្រះយេហូវ៉ានិងបំណងប្រាថ្នារបស់លោក។—ទំនុក. ៨៣:១៨; ១១៥:៤-៨; ១យ៉ូន. ៥:២១
៧. តើយើងអាចធ្វើអ្វីដើម្បីយកតម្រាប់តាមអ្នកបង្រៀនដែលបានទៅទូទាំងស្រុកនៅសម័យយេហូសាផាត?
៧ ពេលយើងចូលរួមកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ តើយើងព្យាយាមផ្សព្វផ្សាយដល់មនុស្សទាំងអស់ទេ? គួរឲ្យចាប់អារម្មណ៍ណាស់ថា នៅឆ្នាំទី៣នៃការគ្រប់គ្រងរបស់យេហូសាផាត គាត់បានចាត់ពួកអ្នកដែលជាប្រធាន៥នាក់ ពួកលេវី៩នាក់ ពួកសង្ឃ២នាក់ឲ្យទៅបង្ហាត់បង្រៀនច្បាប់របស់ព្រះក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា។ ពួកគេបានធ្វើកិច្ចការនេះដោយមានប្រសិទ្ធភាពដល់ម្ល៉េះ ដែលមនុស្សនៅប្រទេសជុំវិញចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា។ (សូមអាន របាក្សត្រទី២ ១៧:៩, ១០) ដោយទៅផ្សាយនៅពេលវេលានិងថ្ងៃផ្សេង យើងអាចជួបសមាជិកឯទៀតក្នុងក្រុមគ្រួសារនីមួយៗ។
៨. តើយើងអាចផ្សព្វផ្សាយដល់មនុស្សឲ្យបានច្រើនជាងយ៉ាងណា?
៨ នៅសម័យទំនើបនេះ រាស្ត្ររបស់ព្រះជាច្រើនបានស្ម័គ្រចិត្តផ្លាស់ទីលំនៅរបស់ខ្លួន ទៅនៅកន្លែងដែលត្រូវការសាក្សីច្រើនជាងដែលមានចិត្តខ្នះខ្នែង។ តើអ្នកអាចធ្វើដូច្នេះបានទេ? បងប្អូនខ្លះដែលមិនអាចផ្លាស់ទីលំនៅ ប្រហែលជាអាចផ្សព្វផ្សាយដល់មនុស្សដែលរស់នៅក្នុងតំបន់ផ្សាយយើង តែនិយាយភាសាផ្សេង។ បងប្រុសរ៉ុនមានអាយុ៨១ឆ្នាំ ហើយដោយសារគាត់ជួបជនជាតិផ្សេងៗជាច្រើនក្នុងតំបន់ផ្សាយ នោះគាត់បានរៀនពាក្យជម្រាបសួរក្នុង៣២ភាសា! នៅពេលថ្មីៗ គាត់បានជួបគូស្វាមីភរិយាជនជាតិអាហ្វ្រិកតាមផ្លូវ ហើយជម្រាបសួរពួកគេក្នុងភាសាយ៉ូរូបា ដែលជាភាសារបស់ពួកគេ។ គូស្វាមីភរិយានោះសួរបងរ៉ុនបើគាត់ធ្លាប់ទៅលេងទ្វីបអាហ្វ្រិក។ ពេលបងរ៉ុនឆ្លើយថា មិនដែលទៅទេ នោះពួកគាត់ចង់ដឹងពីមូលហេតុដែលគាត់ចេះនិយាយភាសានោះ។ នេះបើកឱកាសឲ្យបងរ៉ុនផ្សព្វផ្សាយដល់ពួកគាត់ ហើយគូស្វាមីភរិយានោះព្រមទទួលទស្សនាវដ្ដីខ្លះ ព្រមទាំងពេញចិត្តឲ្យអាសយដ្ឋានដល់បងរ៉ុន។ ក្រោយមក បងរ៉ុនបានរាយការណ៍ព័ត៌មាននេះដល់បងប្អូនក្នុងក្រុមជំនុំដែលផ្សាយនៅតំបន់គូស្វាមីភរិយានោះរស់នៅ ដើម្បីឲ្យពួកគាត់អាចរៀនគម្ពីរបាន។
៩. តើការអានពីគម្ពីរក្នុងកិច្ចបម្រើផ្សាយគឺសំខាន់ប៉ុណ្ណា? សូមរៀបរាប់បទពិសោធន៍មួយ។
៩ ពួកអ្នកបង្រៀនដែលទៅទូទាំងស្រុកតាមបង្គាប់របស់យេហូសាផាត បានយក«គម្ពីរក្រិត្យវិន័យនៃព្រះយេហូវ៉ា»ទៅតាម។ ទូទាំងពិភពលោកយើងព្យាយាមបង្រៀនមនុស្សពីគម្ពីរ ដោយព្រោះគម្ពីរជាបណ្ដាំរបស់ព្រះ។ យើងបង្ហាញថាគម្ពីរមានសារៈសំខាន់ក្នុងកិច្ចបម្រើផ្សាយយើង គឺដោយខំប្រឹងអានពីគម្ពីរដើម្បីអ្នកឯទៀតអាចឃើញពាក្យដែលមានក្នុងគម្ពីរនោះ។ ម្ចាស់ផ្ទះម្នាក់ពន្យល់ទៅបងស្រីយើងឈ្មោះលីនដាថា ប្ដីរបស់គាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយគាត់ត្រូវមើលថែទាំប្ដី។ ម្ចាស់ផ្ទះនោះនិយាយដោយសោកសៅថា៖ «ខ្ញុំមិនដឹងថាខ្ញុំធ្វើខុសអ្វីបានជាព្រះឲ្យរឿងនេះកើតឡើងចំពោះខ្ញុំ»។ បងស្រីលីនដាឆ្លើយតបថា៖ «តើខ្ញុំអាចបង្ហាញអ្វីមួយឲ្យបងបានទេ?»។ បន្ទាប់មកបងលីនដាអានយ៉ាកុប ១:១៣ ហើយនិយាយបន្ថែមថា៖ «អ្វីទាំងអស់ដែលយើងនិងបងប្អូនញាតិមិត្តរបស់យើងរងទុក្ខគឺមិនមែនជាទណ្ឌកម្មពីព្រះទេ»។ ខណៈនោះ ម្ចាស់ផ្ទះឱបលីនដាក្នុងបំណងបង្ហាញការអបអរចំពោះអ្វីដែលបងលីនដាបានប្រាប់។ បងស្រីលីនដាបានយល់ថា៖ «ខ្ញុំបានសម្រាលទុក្ខគាត់ដោយប្រើគម្ពីរ។ ជួនកាល ម្ចាស់ផ្ទះមិនធ្លាប់ឮខដែលយើងអានពីគម្ពីរទេ»។ ជាលទ្ធផល បងលីនដាចាប់ផ្ដើមសិក្សាគម្ពីរយ៉ាងទៀងទាត់ជាមួយម្ចាស់ផ្ទះ។
ការខ្នះខ្នែងរបស់ប្អូនៗយុវវ័យ
១០. តើយ៉ូសៀសជាគំរូល្អសម្រាប់ប្អូនៗយុវវ័យដែលជាគ្រិស្តសាសនិកយ៉ាងដូចម្ដេច?
១០ ប្រសិនបើគិតអំពីគំរូរបស់យ៉ូសៀសម្ដងទៀត យើងកត់សម្គាល់ថា គាត់បានស្វែងរកព្រះពិតពេលនៅជាយុវជន ហើយពេលមានអាយុប្រហែលជា២០ឆ្នាំ គាត់ចាប់ផ្ដើមកិច្ចការបំបាត់ចោលការគោរពបូជារូបព្រះនៅទូទាំងស្រុក។ (សូមអាន របាក្សត្រទី២ ៣៤:១-៣) សព្វថ្ងៃ មានមនុស្សវ័យក្មេងច្រើនឥតគណនាដែលបង្ហាញចិត្តខ្នះខ្នែងស្រដៀងគ្នានេះដែរក្នុងកិច្ចបម្រើផ្សាយ។
១១-១៣. តើយើងអាចទាញយកមេរៀនអ្វីពីយុវវ័យនៅសម័យនេះដែលបម្រើព្រះយេហូវ៉ាដោយខ្នះខ្នែង?
១១ ហាណារស់នៅប្រទេសអង់គ្លេស ហើយពេលមានអាយុ១៣ឆ្នាំ គាត់រៀនភាសាបារាំងនៅឯសាលា។ នៅពេលនោះគាត់ឮថាមានក្រុមភាសាបារាំងបានត្រូវបង្កើតឡើងនៅភូមិមួយនៅជិតផ្ទះគាត់។ ឪពុកហាណាព្រមទៅកិច្ចប្រជុំនៅ
ភូមិនោះជាមួយគាត់។ ឥឡូវហាណាមានអាយុ១៨ឆ្នាំ ហើយខ្នះខ្នែងផ្សព្វផ្សាយក្នុងភាសាបារាំងជាអ្នកត្រួសត្រាយពេញពេល។ តើប្អូនអាចរៀនភាសាបរទេសហើយជួយមនុស្សឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ាបានទេ?១២ រ៉ាជែលចូលចិត្តមើលកាស្សែតវីដេអូជាភាសាអង់គ្លេសដែលមានចំណងជើងថាចូរជ្រើសរើសគោលដៅដែលផ្ដល់កិត្ដិយសថ្វាយព្រះ។ គាត់ប្រាប់អំពីគំនិតរបស់គាត់ពេលចាប់ផ្ដើមបម្រើព្រះនៅឆ្នាំ១៩៩៥ ដោយថា៖ «ខ្ញុំគិតថាខ្ញុំធ្វើតាមសេចក្ដីពិតបានយ៉ាងល្អហើយ។ ក្រោយពីបានមើលឈុតសម្ដែងនោះ ឥឡូវខ្ញុំឃើញថា ខ្ញុំមិនបានធ្វើតាមសេចក្ដីពិតអស់ពីចិត្តទេ។ ខ្ញុំត្រូវតស៊ូដើម្បីធ្វើតាមសេចក្ដីពិត ហើយយកចិត្តទុកដាក់និងខំប្រឹងប្រែងក្នុងកិច្ចបម្រើផ្សាយនិងក្នុងការសិក្សាគម្ពីរដោយខ្លួនឯង»។ ឥឡូវរ៉ាជែលមានអារម្មណ៍ថាខ្លួនកំពុងបម្រើព្រះយេហូវ៉ាដោយមានចិត្តខ្នះខ្នែងច្រើនជាងមុន។ ដោយធ្វើដូចនេះ តើគាត់ទទួលលទ្ធផលអ្វី? គាត់ពន្យល់ថា៖ «ខ្ញុំមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាជិតស្និទ្ធជាងមុន។ សេចក្ដីអធិដ្ឋានរបស់ខ្ញុំមានន័យខ្លឹមសារជាង ខ្ញុំសិក្សាស៊ីជម្រៅជាង ហើយនោះធ្វើឲ្យខ្ញុំស្កប់ចិត្តជាង។ ម្យ៉ាងទៀត កំណត់ហេតុក្នុងគម្ពីរជាអ្វីដែលពិតប្រាកដចំពោះខ្ញុំជាងមុន។ ជាលទ្ធផល ខ្ញុំសប្បាយក្នុងកិច្ចបម្រើផ្សាយណាស់ ហើយពិតជាមានចិត្តស្កប់ស្កល់កាលដែលខ្ញុំឃើញបណ្ដាំរបស់ព្រះយេហូវ៉ាសម្រាលទុក្ខមនុស្សឯទៀត»។
១៣ លូកាជាយុវជនដែលបានត្រូវលើកទឹកចិត្តដោយកាស្សែតវីដេអូជាភាសាអង់គ្លេសដែលមានចំណងជើងថាពួកយុវជនសួរថា៖ តើខ្ញុំមានបំណងអ្វីចំពោះជីវិតរបស់ខ្ញុំ? ក្រោយពីបានមើលវីដេអូនេះ លូកាសរសេរថា៖ «វីដេអូនេះបានជំរុញទឹកចិត្តខ្ញុំឲ្យគិតអំពីជីវិតខ្លួនឯង»។ គាត់សារភាពថា៖ «កន្លងមក គេបានបង្ខំខ្ញុំឲ្យចាត់ទុកការអប់រំជាន់ខ្ពស់ជាអ្វីដែលសំខាន់ជាងគេដើម្បីអាចប្រមូលលុយបានច្រើន ហើយក្រោយមកអាចគិតអំពីគោលដៅដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះវិញ។ ការបង្ខិតបង្ខំដូចនេះមិនអាចជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ាបានទេ ប៉ុន្តែនាំឲ្យយើងឃ្លាតកាន់តែឆ្ងាយពីលោកវិញ»។ ប្អូនៗយុវវ័យអើយ! សូមប្រើអ្វីដែលប្អូនរៀននៅសាលាដើម្បីអាចផ្សាយដល់មនុស្សជាច្រើនទៀតដូចហាណាបានធ្វើ។ សូមយកតម្រាប់តាមរ៉ាជែលដោយខ្នះខ្នែងសម្រេចគោលដៅដែលពិតជាផ្ដល់កិត្ដិយសដល់ព្រះ។ សូមធ្វើតាមគំរូរបស់លូកាដោយជៀសចេញពីអ្វីដែលជាអន្ទាក់សម្រាប់យុវវ័យជាច្រើន។
ខ្នះខ្នែងធ្វើតាមការព្រមាន
១៤. តើព្រះយេហូវ៉ាពេញចិត្តនឹងការគោរពប្រណិប័តន៍បែបណា? ហើយហេតុអ្វីបានជាសព្វថ្ងៃពិបាករក្សាការគោរពប្រណិប័តន៍នេះ?
១៤ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវមានភាពស្អាតស្អំទើបព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍របស់ពួកគាត់។ អេសាយព្រមានថា៖ «ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ[គឺបាប៊ីឡូនដ៏ខ្លាំងក្លា] កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ! ចូរញែកខ្លួនចេញជាស្អាតចុះ»។ (អេ. ៥២:១១) ច្រើនឆ្នាំមុនអេសាយសរសេរពាក្យទាំងនោះ ស្តេចអេសាដែលជាស្តេចល្អបានចាត់វិធានការយ៉ាងស្វាហាប់ដើម្បីជម្រះអំពើប្រាសចាកសីលធម៌ចេញពីស្រុកយូដា។ (សូមអាន ពង្សាវតារក្សត្រទី១ ១៥:១១-១៣) រាប់រយឆ្នាំក្រោយមក សាវ័កប៉ូលបានប្រាប់ទីតុសថា លោកយេស៊ូបានប្រគល់ខ្លួនដើម្បីសម្អាតអ្នកកាន់តាមលោកឲ្យធ្វើជា«រាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។ (ទីត. ២:១៤) ក្នុងសង្គមសព្វថ្ងៃដែលពោរពេញទៅដោយអំពើអបាយមុខ គឺមិនងាយស្រួលឲ្យយើងរក្សាភាពស្អាតស្អំខាងសីលធម៌ទេ ជាពិសេសសម្រាប់ប្អូនៗយុវវ័យ។ ជាឧទាហរណ៍ អ្នកបម្រើព្រះទាំងឡាយ ទោះជាក្មេងឬចាស់ក្ដី ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីកុំឲ្យគំនិតបំពុលដោយការមើលរូបអាសអាភាសដែលមានតាមផ្ទាំងផ្សាយពាណិជ្ជកម្ម កញ្ចក់ទូរទស្សន៍ ភាពយន្ត ហើយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត។
១៥. តើអ្វីអាចជួយយើងបណ្ដុះឲ្យមានការស្អប់ខ្ពើមចំពោះអ្វីដែលអាក្រក់?
១៥ ការខ្នះខ្នែងធ្វើតាមការព្រមានរបស់ព្រះអាចជួយយើងបណ្ដុះឲ្យមានចិត្តស្អប់ខ្ពើមចំពោះអ្វីដែលអាក្រក់។ (ទំនុក. ៩៧:១០; រ៉ូម ១២:៩) ដូចជាគ្រិស្តសាសនិកម្នាក់បាននិយាយថា យើងត្រូវស្អប់ខ្ពើមរូបអាសអាភាសទាំងនោះដើម្បី«ដោះខ្លួនចេញពីការទាក់ទាញដ៏ខ្លាំងរបស់វា ដែលប្រៀបដូចជាដែកឆក់»។ បើយើងចង់គាស់ដែកឆក់ចេញពីគ្នា យើងត្រូវប្រើអ្វីដែលមានកម្លាំងខ្លាំងជាងទំនាញរបស់ដែកឆក់។ ស្រដៀងគ្នាដែរ យើងត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីមិនចាញ់កម្លាំងទាក់ទាញនៃរូបអាសអាភាស។ ប៉ុន្តែ ដោយដឹងថារូបអាសអាភាសអាចនាំឲ្យមានលទ្ធផលអាក្រក់ប៉ុណ្ណា នោះក៏នឹងជួយយើងបណ្ដុះឲ្យមានការស្អប់ខ្ពើមចំពោះរូបទាំងនោះ។ បងប្រុសម្នាក់បានខំប្រឹងយ៉ាងខ្លាំងដើម្បីបោះបង់ចោលទម្លាប់មើលរូបអាសអាភាសតាមគេហទំព័រនៅប្រព័ន្ធអ៊ីនធឺណិត។ គាត់បានរើកុំព្យូទ័រទៅដាក់នៅកន្លែងមួយក្នុងផ្ទះដែលសមាជិកទាំងអស់អាចមើលបាន។ ជាមួយគ្នា នេះដែរ គាត់បានប្ដេជ្ញាចិត្តកាន់តែខ្លាំងដើម្បីសម្អាតខ្លួនពីទង្វើនេះ ហើយដើម្បីខ្នះខ្នែងធ្វើការដ៏ប្រសើរ។ គាត់ក៏បានធ្វើអ្វីមួយទៀតដើម្បីបោះបង់ចោលទម្លាប់នេះ។ ដោយសារគាត់ត្រូវប្រើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ការងារ គាត់បានសម្រេចចិត្តប្រើអ៊ីនធឺណិតពេលភរិយារបស់គាត់អង្គុយជិតគាត់តែប៉ុណ្ណោះ។
សារៈសំខាន់នៃការប្រព្រឹត្តល្អ
១៦, ១៧. តើការប្រព្រឹត្តល្អជាគ្រិស្តសាសនិកអាចមានឥទ្ធិពលអ្វីដល់អ្នកដែលសង្កេតមើលយើង? សូមលើកឧទាហរណ៍។
១៦ យុវជននិងយុវតីដែលបម្រើព្រះយេហូវ៉ាមានចិត្តគំនិតល្អមែន ហើយនេះពិតជានាំឲ្យអ្នកដទៃកោតស្ងើចណាស់! (សូមអាន ពេត្រុសទី១ ២:១២) ជាងម្នាក់ដែលបានចំណាយពេលមួយថ្ងៃជួសជុលម៉ាស៊ីនបោះពុម្ពនៅបេតអែលនាទីក្រុងឡុងដ៍ បានផ្លាស់ប្ដូរទស្សនៈរបស់គាត់ទាំងស្រុងចំពោះសាក្សីព្រះយេហូវ៉ា។ ភរិយារបស់គាត់ដែលកំពុងសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា បានកត់សម្គាល់ថាស្វាមីផ្លាស់ប្ដូរចិត្តគំនិត។ ពីមុន បុរសនោះមិនចង់ឲ្យសាក្សីព្រះយេហូវ៉ាមកលេងផ្ទះគាត់ទេ ប៉ុន្តែពេលគាត់មកពីជួសជុលនៅបេតអែលវិញ គាត់និយាយល្អៗអំពីរបៀបដែលបងប្អូនយើងបានប្រព្រឹត្តចំពោះគាត់។ គាត់និយាយថាគ្មាននរណាជេរប្រមាថគ្នាសោះ ពួកគេទាំងអស់មានចិត្តអត់ធ្មត់ ហើយនៅទីនោះមានបរិយាកាសល្អ។ ជាពិសេសគាត់កោតស្ងើចចំពោះប្អូនប្រុសប្អូនស្រីដែលធ្វើការខ្នះខ្នែងដោយមិនទទួលប្រាក់ខែ ហើយស្ម័គ្រចិត្តប្រើពេលវេលានិងកម្លាំងរបស់ខ្លួនដើម្បីជួយបោះពុម្ពសៀវភៅដែលរៀបរាប់ពីដំណឹងល្អ។
១៧ ស្រដៀងគ្នាដែរ បងប្អូនដែលធ្វើការរកស៊ីដើម្បីចិញ្ចឹមក្រុមគ្រួសារ ជាអ្នកដែលខំធ្វើការអស់ពីចិត្ត។ (កូឡ. ៣:២៣, ២៤) ជាញឹកញយ នេះជួយពួកគាត់មិនឲ្យបាត់បង់ការងារធ្វើ ពីព្រោះនិយោជកឲ្យតម្លៃចំពោះចិត្តគំនិតដែលចេះយកចិត្តទុកដាក់ ហើយចង់ឲ្យពួកគេធ្វើការនៅកន្លែងនោះរហូត។
១៨. តើយើងអាច«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»យ៉ាងដូចម្ដេច?
១៨ វិធីខ្លះដែលយើងបង្ហាញការខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់ព្រះយេហូវ៉ាគឺដោយទុកចិត្តលោក ស្ដាប់បង្គាប់តាមការណែនាំរបស់លោក និងដោយថែទាំកន្លែងប្រជុំរបស់យើង។ បន្ថែមទៅទៀត យើងចង់ចូលរួមឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ មិនថាយើងក្មេងឬចាស់ក្ដី បើយើងខំអស់ពីសមត្ថភាពដើម្បីរក្សាខ្នាតតម្រាដ៏ស្អាតស្អំដែលជាប់ពាក់ព័ន្ធនឹងការគោរពប្រណិប័តន៍របស់យើង នោះយើងនឹងទទួលប្រយោជន៍ជាច្រើន។ ណាមួយទៀត គេនៅតែស្គាល់យើងជាមនុស្ស«ដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។—ទីត. ២:១៤
[កំណត់សម្គាល់]
^ វគ្គ 4 អេសាប្រហែលជាបានបំបាត់ទីខ្ពស់ឬទីបូជាទាំងប៉ុន្មានដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះមិនពិត ប៉ុន្តែគាត់មិនបានបំបាត់កន្លែងដែលមនុស្សគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ ឬក៏ប្រហែលជាទីបូជាទាំងនោះបានត្រូវគេសង់ឡើងវិញនៅចុងការគ្រប់គ្រងរបស់អេសា ហើយគឺទីបូជាទាំងនោះដែលយេហូសាផាតជាបុត្ររបស់អេសាបានបំបាត់ចោល។—១ព. ១៥:១៤; ២រប. ១៥:១៧
តាមគំរូដែលមានក្នុងគម្ពីរនិងសម័យនេះ តើអ្នកបានរៀនអ្វីស្តីអំពី
• របៀបបង្ហាញចិត្តខ្នះខ្នែងដោយផ្សាយនិងបង្រៀន?
• វិធីដែលប្អូនៗយុវវ័យគ្រិស្តសាសនិកអាច«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»?
• វិធីដែលយើងអាចបោះបង់ចោលទម្លាប់ដែលបង្ខូចចិត្តគំនិតយើង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៦]
តើអ្នកប្រើគម្ពីរជាទៀងទាត់ក្នុងកិច្ចបម្រើផ្សាយទេ?
[រូបភាពនៅទំព័រ១៨]
ការរៀនភាសាផ្សេងពេលនៅសាលាអាចជួយអ្នកឲ្យផ្សព្វផ្សាយដល់មនុស្សបានច្រើនជាង