និយាយសេចក្ដីពិតទៅអ្នកជិតខាង
និយាយសេចក្ដីពិតទៅអ្នកជិតខាង
«ដោយសារអ្នករាល់គ្នាបានបោះបង់ចោលពាក្យមិនពិតហើយ ចូរម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន»។—អេភ. ៤:២៥
១, ២. តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះសេចក្ដីពិត?
សេចក្ដីពិតជារឿងដែលគេបានលើកយកមកជជែកតវ៉ាអស់ច្រើនឆ្នាំមកហើយ។ នៅសតវត្សរ៍ទី៦ មុនគ.ស. អ្នកតែងកំណាព្យជនជាតិក្រិចម្នាក់បានចែងថា៖ «សេចក្ដីពិតគឺមានក្នុងស្រា»។ (Alcaeus) ពាក្យនោះបង្ហើបឲ្យដឹងថា លុះត្រាតែបុគ្គលម្នាក់ពិសាស្រាហួសប្រមាណ ហើយប្រហែលជានិយាយច្រើនជាងធម្មតា ទើបប្រាប់សេចក្ដីពិត។ ប៉ុនទាសពីឡាតដែលជាអភិបាលស្រុកជនជាតិរ៉ូមនៅសតវត្សរ៍ទី១ សង្ស័យថាគ្មានសេចក្ដីពិតទេពេលសួរលោកយេស៊ូថា៖ «តើសេចក្ដីពិតជាអ្វី?»។—យ៉ូន. ១៨:៣៨
២ នៅសម័យយើង មានមតិខុសៗគ្នាជាច្រើនអំពីសេចក្ដីពិត។ មនុស្សជាច្រើនយល់ថាពាក្យ«សេចក្ដីពិត»មានអត្ថន័យផ្សេងៗ ឬថាសេចក្ដីពិតគឺខុសគ្នាអាស្រ័យលើមនុស្សម្នាក់ៗ។ អ្នកឯទៀតប្រព្រឹត្តដោយទៀងត្រង់ពេលទទួលប្រយោជន៍សម្រាប់ខ្លួន ឬពេលចង់ដោះស្រាយបញ្ហាឆាប់ៗតែប៉ុណ្ណោះ។ សៀវភៅដែលមានចំណងជើងសារៈសំខាន់នៃការភូតភរ (The Importance of Lying ) ចែងថា៖ «ការទៀងត្រង់ប្រហែលជាលក្ខណៈល្អ ប៉ុន្តែលក្ខណៈនេះមិនជួយយើងឲ្យរស់រានមានជីវិតយូរអង្វែងនិងមានសន្ដិសុខឡើយ។ មនុស្សមានជម្រើសតិចតួចណាស់ចំពោះរឿងនេះ គាត់ត្រូវតែភូតភរដើម្បីរស់»។
៣. ហេតុអ្វីបានជាលោកយេស៊ូជាគំរូល្អក្នុងការនិយាយសេចក្ដីពិត?
៣ ប៉ុន្តែ ទស្សនៈរបស់អ្នកកាន់តាមលោកយេស៊ូខុសគ្នាពីគំនិតនេះឆ្ងាយណាស់! ទស្សនៈរបស់លោកយេស៊ូចំពោះសេចក្ដីពិតមិនមានមូលដ្ឋានលើទ្រឹស្តីនេះឡើយ។ លោកតែងតែនិយាយសេចក្ដីពិត ហើយសូម្បីតែពួកសត្រូវរបស់លោកក៏បានទទួលស្គាល់ថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍ជាសេចក្ដីពិត ហើយបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ»។ (ម៉ាថ. ២២:១៦) សព្វថ្ងៃនេះក៏ដូចគ្នាដែរ ពួកគ្រិស្តសាសនិកដ៏ពិតយកតម្រាប់តាមលោកយេស៊ូ ដោយមិនស្ទាក់ស្ទើរនិយាយសេចក្ដីពិតឡើយ។ ពួកគេយល់ស្របអស់ពីដួងចិត្តនឹងសាវ័កប៉ូល ដែលបានដាស់តឿនអ្នករួមជំនឿថា៖ «ដោយសារអ្នករាល់គ្នាបានបោះបង់ចោលពាក្យមិនពិតហើយ ចូរម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន»។ (អេភ. ៤:២៥) សូមឲ្យយើងពិចារណាទិដ្ឋភាពបីយ៉ាងនៃពាក្យរបស់ប៉ូល។ ទី១ តើអ្នកជិតខាងយើងជានរណា? ទី២ តើការនិយាយសេចក្ដីពិតមានន័យអ្វី? ហើយទី៣ តើយើងអាចអនុវត្តតាមឱវាទនេះក្នុងជីវិតយ៉ាងដូចម្ដេច?
តើអ្នកជិតខាងយើងជានរណា?
៤. ដោយមិនគិតដូចអ្នកដឹកនាំជនជាតិយូដានៅសតវត្សរ៍ទី១ តើលោកយេស៊ូមានទស្សនៈដូចព្រះយេហូវ៉ាយ៉ាងណាស្តីអំពីនរណាជាអ្នកជិតខាងយើង?
៤ នៅសតវត្សរ៍ទី១ គ.ស. អ្នកដឹកនាំជនជាតិយូដាខ្លះបង្រៀនថា មានតែជនជាតិយូដាគ្នាឯងឬមិត្តសម្លាញ់របស់ខ្លួនប៉ុណ្ណោះ ដែលសមហៅជា«អ្នកជិតខាង»។ ប៉ុន្តែ លោកយេស៊ូមានបុគ្គលិកលក្ខណៈនិងគំនិតដូចបិតានៅស្ថានសួគ៌បេះបិទ។ (យ៉ូន. ១៤:៩) លោកក៏បានបង្ហាញឲ្យអ្នកកាន់តាមលោកដឹងថា ព្រះមិនលំអៀងទៅរកសាសន៍ឬជនជាតិណាមួយឡើយ។ (យ៉ូន. ៤:៥-២៦) ម្យ៉ាងទៀត សកម្មពលបរិសុទ្ធរបស់ព្រះបានបញ្ជាក់ឲ្យសាវ័កពេត្រុសដឹងថា «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។ (សកម្ម. ១០:២៨, ៣៤, ៣៥) ហេតុនេះហើយបានជាគប្បីឲ្យយើងចាត់ទុកមនុស្សទាំងអស់ជាអ្នកជិតខាង ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ សូម្បីតែពួកគេប្រព្រឹត្តមកលើយើងដូចជាសត្រូវក៏ដោយ។—ម៉ាថ. ៥:៤៣-៤៥
៥. តើការនិយាយសេចក្ដីពិតទៅអ្នកជិតខាងមានន័យអ្វី?
៥ ប៉ុន្តែ តើពាក្យរបស់ប៉ូលបង្កប់អត្ថន័យអ្វីពេលរៀបរាប់ថាយើងគួរនិយាយសេចក្ដីពិតទៅអ្នកជិតខាង? ការនិយាយសេចក្ដីពិតរួមបញ្ចូលការប្រាប់ការពិតដោយមិនបញ្ឆោតគេ។ ពួកគ្រិស្តសាសនិកដ៏ពិតមិនកាឡៃការពិត ឬពន្យល់ការពិតតាមរបៀបឲ្យអ្នកឯទៀតយល់ខុស។ ពួកគេ«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។ (រ៉ូម ១២:៩) ក្នុងការយកតម្រាប់តាម«ព្រះនៃសេចក្ដីពិត» គប្បីឲ្យយើងខំប្រឹងប្រព្រឹត្តដោយទៀងត្រង់ និងនិយាយពិតត្រង់ក្នុង គ្រប់ការទាំងអស់។ (ទំនុក. ១៥:១, ២; ៣១:៥) ទោះជាមានរឿងពិបាកឬរឿងដែលអាចនាំឲ្យអាម៉ាស់មុខក្ដី បើយើងគិតមុននិយាយ នោះយើងអាចដោះស្រាយបញ្ហាតាមសម្រួលបានដោយមិនភូតភរ។—សូមអាន កូឡុស ៣:៩, ១០
៦, ៧. (ក) តើការនិយាយសេចក្ដីពិតមានន័យថា យើងត្រូវប្រាប់ឲ្យអស់រឿងដល់អស់អ្នកដែលសួរអំពីរឿងផ្ទាល់ខ្លួនរបស់យើងទេ? សូមពន្យល់។ (ខ) តើនរណាមានសិទ្ធិដឹងរឿងទាំងអស់?
៦ តើការនិយាយសេចក្ដីពិតទៅអ្នកឯទៀតមានន័យថា យើងត្រូវប្រាប់ឲ្យអស់រឿងដល់នរណាក៏ដោយដែលសួរយើងទេ? មិនមែនគ្រប់ករណីទាំងអស់ទេ។ ពេលលោកយេស៊ូនៅផែនដី លោកបង្ហាញថាមនុស្សខ្លះមិនសមនឹងទទួលព័ត៌មានជាក់លាក់។ ពេលពួកអ្នកដឹកនាំសាសនាដែលមានពុតត្បុតសួរលោកថា តើលោកធ្វើសញ្ញាសម្គាល់និងអព្ភូតហេតុដោយអាងសិទ្ធិអំណាចឬមហិទ្ធិឫទ្ធិអ្វី? នោះលោកយេស៊ូឆ្លើយតបថា៖ «ខ្ញុំសួរអ្នករាល់គ្នាសំណួរមួយ។ អ្នកឆ្លើយសំណួរនោះសិន រួចខ្ញុំនឹងប្រាប់ថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី»។ ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំមិនព្រមឆ្លើយទេ ដូច្នេះលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។ (ម៉ាក. ១១:២៧-៣៣) លោកសម្រេចចិត្តថាមិនចាំបាច់ឆ្លើយសំណួរនោះ ពីព្រោះពួកគេប្រព្រឹត្តអាក្រក់ ហើយការប្រព្រឹត្តរបស់ពួកគេបញ្ជាក់ថាពួកគេគ្មានជំនឿសោះ។ (ម៉ាថ. ១២:១០-១៣; ២៣:២៧, ២៨) ស្រដៀងគ្នាដែរ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវតែប្រយ័ត្ននឹងពួកអ្នកក្បត់ជំនឿ និងមនុស្សអាក្រក់ឯទៀតដែលជាអ្នកបោកបញ្ឆោត ឬប្រើកលល្បិចក្នុងបំណងរកបំពេញប្រយោជន៍ខ្លួន។—ម៉ាថ. ១០:១៦; អេភ. ៤:១៤
៧ ដូចគ្នាដែរ សាវ័កប៉ូលបានបង្ហាញថាមនុស្សខ្លះគ្មានសិទ្ធិដឹងរឿងទាំងអស់ទេ។ គាត់បានរៀបរាប់ថា មនុស្សដែល«និយាយដើមគេហើយជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ» ដើរ‹និយាយអំពីអ្វីដែលគេមិនគួរនិយាយ›។ (១ធី. ៥:១៣) ត្រូវហើយ អ្នកដែលជ្រៀតជ្រែកក្នុងរឿងរបស់អ្នកដទៃ ឬអស់អ្នកដែលគេមិនទុកចិត្តក្នុងការរក្សារឿងសម្ងាត់ នោះប្រហែលជាឃើញថាអ្នកឯទៀតមិនចង់ប្រាប់ពួកគេរឿងផ្ទាល់ខ្លួនឡើយ។ ពិតជាមានប្រយោជន៍ជាង បើយើងធ្វើតាមដំបូន្មានរបស់ប៉ូលដែលមកពីព្រះថា៖ «ខំប្រឹងរស់នៅយ៉ាងស្ងៀមស្ងាត់ មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ»។ (១ថែ. ៤:១១) ក៏ប៉ុន្តែ ជួនកាលពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ប្រហែលជាត្រូវការសួរយើងអំពីរឿងផ្ទាល់ខ្លួន ដើម្បីអាចបំពេញភារកិច្ចរបស់ពួកគាត់។ ក្នុងករណីបែបនេះ យកល្អឲ្យយើងសហការជាមួយពួកអ្នកចាស់ទុំដោយនិយាយការពិត ហើយនេះប្រាកដជានឹងជួយពួកគាត់មែន។—១ពេ. ៥:២
និយាយពាក្យពិតក្នុងក្រុមគ្រួសារ
៨. តើការនិយាយពាក្យពិតជួយសមាជិកក្រុមគ្រួសារឲ្យមានភាពជិតស្និទ្ធយ៉ាងដូចម្ដេច?
៨ ធម្មតាចំណងមិត្តភាពជិតស្និទ្ធបំផុតដែលយើងមានគឺជាមួយក្រុមគ្រួសារយើង។ ដើម្បីពង្រឹងចំណងមិត្តភាពនេះ ចាំបាច់ឲ្យយើងនិយាយពាក្យពិតជាមួយគ្នា។ យើងអាចកាត់បន្ថយឬបំបាត់ចោលបញ្ហានិងការយល់ច្រឡំជាច្រើន បើនិយាយដោយឥតលាក់លៀម ដោយទៀងត្រង់ និងប្រកបដោយក្ដីសប្បុរស។ ជាឧទាហរណ៍ ពេលធ្វើខុស តើយើងស្ទាក់ស្ទើរក្នុងការទទួលស្គាល់កំហុសខ្លួនដោយប្រាប់គូរបស់យើង កូន ឬញាតិសន្ដានជិតស្និទ្ធឯទៀតទេ? ការពោលពាក្យសុំអភ័យទោសយ៉ាងស្មោះជួយយើងបង្កើតឲ្យមានភាពសុខសាន្ត និងសាមគ្គីភាពក្នុងក្រុមគ្រួសារ។—សូមអាន ពេត្រុសទី១ ៣:៨-១០
៩. ហេតុអ្វីបានជាការនិយាយការពិតមិនផ្ដល់ហេតុឲ្យយើងទៅជាមនុស្សមាត់ឆៅឬនិយាយត្រង់ពេក?
៩ ការនិយាយពាក្យពិតមិនមានន័យថា យើងគួរជាមនុស្សដែលអេភ. ៤:៣១, ៣២) ពេលយើងនិយាយតាមរបៀបដែលបង្ហាញសេចក្ដីសប្បុរសនិងភាពថ្លៃថ្នូរ នោះពាក្យរបស់យើងមានតម្លៃ ហើយលើកកិត្ដិយសអ្នកដែលយើងនិយាយជាមួយ។—ម៉ាថ. ២៣:១២
និយាយមិនគិតឬនិយាយត្រង់ពេកទេ។ ទោះជាបុគ្គលម្នាក់និយាយការពិតក៏ដោយ តែបើគាត់ជាមនុស្សមាត់ឆៅ នោះអ្នកឯទៀតច្បាស់ជាមិនពេញចិត្តនឹងអ្វីដែលគាត់និយាយ ហើយចាត់ទុកពាក្យនោះថាគ្មានតម្លៃ។ ប៉ូលបានរៀបរាប់ថា៖ «ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយជាមួយនឹងសេចក្ដីអាក្រក់គ្រប់យ៉ាង។ ប៉ុន្តែចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ ដូចព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌដែរ»។ (និយាយពាក្យពិតក្នុងក្រុមជំនុំ
១០. តើពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំអាចទាញយកមេរៀនអ្វីពីគំរូល្អប្រសើររបស់លោកយេស៊ូក្នុងការនិយាយការពិត?
១០ លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមដោយរបៀបដែលស្រួលយល់ហើយពិតត្រង់។ ឱវាទរបស់លោកតែងតែប្រកបដោយក្ដីស្រឡាញ់ ប៉ុន្តែលោកមិនដែលបានបន្ថែមបន្ថយពាក្យដើម្បីឲ្យត្រូវចិត្តអ្នកស្ដាប់ឡើយ។ (យ៉ូន. ១៥:៩-១២) ជាឧទាហរណ៍ ពេលពួកសាវ័កប្រកែកគ្នាអំពីនរណាធំជាងគេ លោកយេស៊ូបានជួយពួកគេឲ្យយល់ថាត្រូវមានចិត្តរាបទាប។ លោកបានធ្វើដូច្នោះយ៉ាងម៉ឺងម៉ាត់ តែដោយអត់ធ្មត់។ (ម៉ាក. ៩:៣៣-៣៧; លូក. ៩:៤៦-៤៨; ២២:២៤-២៧; យ៉ូន. ១៣:១៤) ស្រដៀងគ្នាដែរ ពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំពិតជាម៉ឺងម៉ាត់ដើម្បីគាំទ្រសេចក្ដីសុចរិតមែន ប៉ុន្តែពួកគេមិនជិះជាន់រាស្ត្ររបស់ព្រះឡើយ។ (ម៉ាក. ១០:៤២-៤៤) ពួកគេយកតម្រាប់តាមគ្រិស្តដោយ«ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក» ហើយមាន«សេចក្ដីអាណិតមេត្ដា»ក្នុងការប្រព្រឹត្តទៅលើអ្នកដទៃ។
១១. ស្តីអំពីរបៀបដែលយើងប្រើអណ្ដាត តើសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿគួរជំរុញយើងឲ្យធ្វើអ្វី?
១១ ប្រសិនបើយើងនិយាយដោយឥតលាក់លៀម តែមិនត្រង់ពេកជាមួយបងប្អូនរួមជំនឿ យើងអាចប្រាប់អំពីគំនិតយើងបាន ដោយមិនធ្វើឲ្យគាត់អាក់អន់ចិត្ត។ ប្រាកដហើយ យើងមិនដែលចង់ឲ្យអណ្ដាតយើង«ជាកាំបិតកោរយ៉ាងមុត» ដោយប្រើពាក្យគំរោះគំរើយឬពាក្យមើលងាយដើម្បីធ្វើឲ្យគេរបួសផ្លូវចិត្តទេ។ (ទំនុក. ៥២:២; សុភ. ១២:១៨) សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿនឹងជំរុញយើងឲ្យ«រក្សាអណ្ដាត[យើង]ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់[យើង]ផង មិនឲ្យពោលពាក្យកំភូត»។ (ទំនុក. ៣៤:១៣) យ៉ាងនេះ យើងលើកកិត្ដិយសព្រះហើយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។
១២. តើពេលណាការនិយាយកុហកតម្រូវឲ្យគណៈកម្មាធិការវិនិច្ឆ័យពិនិត្យមើល? សូមពន្យល់។
១២ ពួកអ្នកចាស់ទុំខំប្រឹងការពារក្រុមជំនុំពីអស់អ្នកដែលកុហកក្នុងបំណងបង្កាច់បង្ខូច។ (សូមអាន យ៉ាកុប ៣:១៤-១៦) ការកុហកបែបនេះគឺដើម្បីធ្វើបាបបុគ្គលម្នាក់ ហើយចង់ធ្វើឲ្យបុគ្គលនោះឈឺចាប់ឬរងទុក្ខលំបាកតាមរបៀបណាមួយ។ នេះមិនត្រឹមតែជាការនិយាយខុសការពិតឬនិយាយពន្លើសការពិតប៉ុណ្ណោះទេ។ ពិតមែន ការកុហកទាំងអស់គឺខុស តែនេះមិនបានសេចក្ដីថាករណីទាំងអស់ដែលទាក់ទងនឹងការនិយាយមិនពិត តម្រូវឲ្យគណៈកម្មាធិការវិនិច្ឆ័យពិនិត្យមើលឡើយ។ ដូច្នេះ ពួកអ្នកចាស់ទុំត្រូវមានតុល្យភាព ភាពសមហេតុសមផល ហើយចេះរិះគិតពិចារណាឲ្យបានត្រឹមត្រូវ ដើម្បីដឹងថាតើបុគ្គលដែលនិយាយកុហកនោះ មានទម្លាប់កុហកដោយមានចេតនាបង្កាច់បង្ខូចឬមិនមាន ព្រោះការកុហកបែបនេះត្រូវឲ្យគណៈកម្មាធិការ វិនិច្ឆ័យពិនិត្យមើល។ ម្យ៉ាងទៀត តើការដាស់តឿនបុគ្គលនោះដោយក្ដីស្រឡាញ់ពីបទគម្ពីរគ្រប់គ្រាន់ហើយឬ?
និយាយពាក្យពិតក្នុងពេលធ្វើការរកស៊ី
១៣, ១៤. (ក) តើមនុស្សខ្លះមិនប្រព្រឹត្តដោយទៀងត្រង់ចំពោះនិយោជកយ៉ាងដូចម្ដេច? (ខ) បើប្រព្រឹត្តដោយទៀងត្រង់និងនិយាយពាក្យពិតនៅកន្លែងធ្វើការ តើអាចមានលទ្ធផលល្អអ្វី?
១៣ យើងកំពុងរស់នៅគ្រាដែលពោរពេញទៅដោយភាពមិនទៀងត្រង់ ដូច្នេះគឺពិបាកឲ្យយើងទប់ទល់សេចក្ដីល្បួងឲ្យប្រព្រឹត្តដោយមិនទៀងត្រង់ចំពោះនិយោជក។ ពេលដាក់ពាក្យសុំធ្វើការងារ មនុស្សជាច្រើនកុហកសុទ្ធសាធ។ ជាឧទាហរណ៍ ក្នុងប្រវត្ដិរូបពួកគេប្រហែលជាសរសេរពន្លើសការពិតអំពីបទពិសោធន៍ឬការអប់រំ ដើម្បីបានការងារល្អជាងឬបានប្រាក់ខែច្រើនជាង។ ម្យ៉ាងវិញទៀត និយោជិតជាច្រើនអះអាងថាគេកំពុងធ្វើការ ប៉ុន្តែតាមការពិត ពួកគេកំពុងធ្វើកិច្ចការផ្ទាល់ខ្លួន ទោះជាក្រុមហ៊ុនបានហាមក៏ដោយ។ ពួកគេប្រហែលជាអានឯកសារដែលមិនទាក់ទងនឹងការងារ ទូរស័ព្ទទៅមិត្តភក្ដិឬញាតិសន្ដាន ផ្ញើសារតាមទូរស័ព្ទឬអ៊ីមែល ឬក៏មើលប្រព័ន្ធអ៊ីនធឺណិតលេង។
១៤ ពួកគ្រិស្តសាសនិកពិតមិនមានទស្សនៈថា សេចក្ដីទៀងត្រង់និងការនិយាយពាក្យពិតជាអ្វីដែលស្រេចទៅលើចិត្តទេ។ (សូមអាន សុភាសិត ៦:១៦-១៩) ប៉ូលបានចែងថា៖ «យើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។ (ហេ. ១៣:១៨) យ៉ាងនេះ ពេលពួកគ្រិស្តសាសនិកធ្វើការឲ្យនិយោជក ពួកគេធ្វើអស់ពីសមត្ថភាព ពេញម៉ោងការងារដើម្បីទទួលឈ្នួលពេញថ្លៃសម្រាប់ថ្ងៃនោះ។ (អេភ. ៦:៥-៨) ប្រសិនបើយើងធ្វើការដោយយកចិត្តទុកដាក់ នេះអាចនាំឲ្យបិតានៅស្ថានសួគ៌របស់យើងទទួលការសរសើរ។ (១ពេ. ២:១២) ជាឧទាហរណ៍ និយោជករបស់បងប្រុសរ៉ូបឹតូនៅប្រទេសអេស្ប៉ាញ បានសរសើរគាត់ដោយសារធ្វើការដោយទៀងត្រង់និងចេះទទួលខុសត្រូវ។ ដោយសារការប្រព្រឹត្តល្អរបស់បងប្រុសរ៉ូបឹតូ នោះក្រុមហ៊ុនបានព្រមទទួលយកបុគ្គលិកថែមទៀតដែលជាសាក្សីព្រះយេហូវ៉ា។ បុគ្គលិកថ្មីដែលជាសាក្សីព្រះយេហូវ៉ានោះក៏បានបង្ហាញថាពួកគេជាអ្នកធ្វើការល្អដែរ។ ដូច្នេះ អស់ប៉ុន្មានឆ្នាំហើយ បងប្រុសរ៉ូបឹតូបានជួយបងប្អូនរួមជំនឿ២៣នាក់ និងសិស្សគម្ពីរ៨នាក់ឲ្យមានការងារធ្វើ!
១៥. តើគ្រិស្តសាសនិកដែលជាអ្នករកស៊ីគួរបង្ហាញយ៉ាងណាថាខ្លួននិយាយពាក្យពិត?
១៥ ប្រសិនបើយើងជាអ្នករកស៊ី តើយើងធ្វើអ្វីៗទាំងអស់ដោយទៀងត្រង់ទេ? ឬក៏តើយើងជួនកាលមិនបាននិយាយពាក្យពិតទៅអ្នកជិតខាងយើង? គ្រិស្តសាសនិកដែលរកស៊ីមិនគួរនិយាយឲ្យគេយល់ខុសអំពីទំនិញឬសេវាណាមួយដើម្បីឲ្យលក់ដាច់នោះទេ។ គាត់ក៏មិនគួរទទួលសំណូកឬសូកគេដែរ។ យើងចង់ប្រព្រឹត្តទៅលើអ្នកឯទៀត ដូចយើងចង់ឲ្យពួកគេប្រព្រឹត្តមកលើយើងដែរ។—សុភ. ១១:១; លូក. ៦:៣១
និយាយពាក្យពិតចំពោះពួកអាជ្ញាធរ
១៦. តើពួកគ្រិស្តសាសនិកសងអ្វី (ក) ទៅពួកអាជ្ញាធរ? (ខ) ទៅព្រះយេហូវ៉ា?
១៦ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ (ម៉ាថ. ២២:២១) តើយើងជំពាក់«អ្វី»ខ្លះចំពោះសេសារដែលជាពួកអាជ្ញាធរ? ពេលលោកយេស៊ូមានប្រសាសន៍ពាក្យទាំងនោះ លោកបានពិភាក្សាអំពីពន្ធ។ ដូច្នេះ ដើម្បីរក្សាចិត្តយើងឲ្យវិនិច្ឆ័យថាយើងគ្មានទោសចំពោះព្រះនិងមនុស្ស ពួកគ្រិស្តសាសនិកធ្វើតាមច្បាប់រដ្ឋ រួមទាំងច្បាប់ដែលទាក់ទិននឹងការបង់ពន្ធ។ (រ៉ូម ១៣:៥, ៦) ប៉ុន្តែ យើងទទួលស្គាល់ថាព្រះយេហូវ៉ាជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់ ជាព្រះពិតតែមួយគត់ដែលយើងស្រឡាញ់អស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ។ (ម៉ាក. ១២:៣០; បប. ៤:១១) ហេតុនេះហើយបានជាយើងចុះចូលចំពោះព្រះយេហូវ៉ាដោយឥតល័ក្ខខ័ណ្ឌ ហើយនេះជាការសងលោកវិញ។—សូមអាន ទំនុកតម្កើង ៨៦:១១, ១២
១៧. តើរាស្ត្ររបស់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការទទួលឧបត្ថម្ភពីរដ្ឋ?
១៧ នៅប្រទេសជាច្រើន រដ្ឋាភិបាលមានកម្មវិធីឬសេវាដើម្បីជួយឧបត្ថម្ភអស់អ្នកដែលខ្វះខាត។ គ្មានអ្វីខុសទេបើគ្រិស្តសាសនិកទទួល
ជំនួយបែបនោះ ឲ្យតែគាត់មានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការច្បាប់។ ការនិយាយពាក្យពិតជាមួយអ្នកជិតខាងមានន័យថា យើងមិនផ្ដល់ព័ត៌មានមិនពិតឬព័ត៌មានដែលនាំឲ្យរដ្ឋយល់ខុស ដើម្បីអាចទទួលការឧបត្ថម្ភនោះឡើយ។ពរដែលមកពីការនិយាយពាក្យពិត
១៨-២០. តើមានពរអ្វីខ្លះដែលមកពីការនិយាយសេចក្ដីពិតទៅអ្នកជិតខាង?
១៨ យើងទទួលពរជាច្រើនពីការនិយាយពាក្យពិត។ យើងរក្សាចិត្តយើងឲ្យវិនិច្ឆ័យថាយើងគ្មានទោស ហើយនេះនាំឲ្យយើងមានចិត្តស្ងប់និងមានសេចក្ដីសុខសាន្ត។ (សុភ. ១៤:៣០; ភី. ៤:៦, ៧) ការមានចិត្តដែលវិនិច្ឆ័យថាយើងគ្មានទោស មានតម្លៃណាស់ចំពោះព្រះ។ ម្យ៉ាងទៀត ពេលយើងនិយាយពាក្យពិតក្នុងគ្រប់ការទាំងអស់ យើងមិនចាំបាច់ព្រួយទេថា ថ្ងៃណាមួយអ្នកឯទៀតនឹងដឹងថាយើងជាអ្នកនិយាយកុហក។—១ធី. ៥:២៤
១៩ សូមគិតអំពីពរមួយទៀត។ ប៉ូលបានចែងថា៖ «ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ . . . ដោយនិយាយសេចក្ដីពិត»។ (២កូ. ៦:៤, ៧) សាក្សីព្រះយេហូវ៉ាម្នាក់នៅប្រទេសអង់គ្លេសបានធ្វើដូច្នោះមែន។ ពេលគាត់ចង់លក់ឡាន គាត់បានពន្យល់ឲ្យអ្នកទិញដឹងលក្ខណៈល្អៗរបស់ឡាន ព្រមទាំងលក្ខណៈមិនល្អ សូម្បីតែអ្នកទិញមើលមិនឃើញក៏ដោយ។ ក្រោយពីអ្នកទិញសាកបើកឡាន គាត់បានសួរបងប្រុសយើងថា «តើបងជាសាក្សីព្រះយេហូវ៉ាឬ?»។ ហេតុអ្វីបានជាអ្នកទិញនោះសន្និដ្ឋានដូចនេះ? អ្នកទិញបានកត់សម្គាល់ថាបងប្រុសយើងទៀងត្រង់ ហើយមានអាការក្រៅស្អាតបាត។ នេះបើកឱកាសឲ្យបងប្រុសយើងផ្សព្វផ្សាយដល់អ្នកទិញនោះ។
២០ ដូចគ្នាដែរ តើយើងនាំឲ្យព្រះដែលជាអ្នកបង្កើតយើង ទទួលការសរសើរដោយប្រព្រឹត្តយ៉ាងទៀងត្រង់និងនិយាយការពិតជានិច្ចទេ? ប៉ូលបាននិយាយថា៖ «យើងបានលះចោលអំពើលួចលាក់ដែលគួរឲ្យអៀនខ្មាស ក៏មិនប្រព្រឹត្តដោយកិច្ចកល»។ (២កូ. ៤:២) អាស្រ័យហេតុនេះ សូមឲ្យយើងខំអស់ពីសមត្ថភាពនិយាយសេចក្ដីពិតទៅអ្នកជិតខាង។ ដោយធ្វើដូច្នេះ យើងនឹងនាំឲ្យព្រះដែលជាបិតានៅស្ថានសួគ៌ និងរាស្ត្ររបស់លោកទទួលការសរសើរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកជិតខាងយើងជានរណា?
• តើការនិយាយសេចក្ដីពិតទៅអ្នកជិតខាងមានន័យអ្វី?
• តើការប្រព្រឹត្តដោយទៀងត្រង់អាចនាំឲ្យព្រះទទួលការសរសើរយ៉ាងដូចម្ដេច?
• តើការប្រព្រឹត្តដោយទៀងត្រង់នាំឲ្យមានពរអ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២០]
ទោះជាមានកំហុសតូចតាចក៏ដោយ តើអ្នកឆាប់ទទួលស្គាល់កំហុសនោះទេ?
[រូបភាពនៅទំព័រ២១]
តើអ្នកនិយាយពាក្យពិតទេពេលដាក់ពាក្យសុំធ្វើការ?