លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អនាម័យ ហេតុអ្វីសំខាន់ម្ល៉េះ?

អនាម័យ ហេតុអ្វីសំខាន់ម្ល៉េះ?

អនាម័យ ហេតុ​អ្វី​សំខាន់​ម្ល៉េះ?

មនុស្ស​បាន​រង​គ្រោះ​ដោយ​សារ​ជំងឺ​រោគា​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ អ្នក​ខ្លះ​គិត​ថា​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​មាន​ទោស​កំហុស​ដែល​ធ្វើ​ឲ្យ​ព្រះ​ខឹង ហើយ​ព្រះ​កំពុង​ដាក់​ទោស​អ្នក​នោះ។ តាម​ការ​សង្កេត​មើល​ដោយ​អត់​ធ្មត់​និង​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​អស់​រាប់​រយ​ឆ្នាំ​បាន​បង្ហាញ​ថា ជំងឺ​ទាំង​នោះ​ច្រើន​តែម​ក​ពី​ពពួក​សត្វ​តូច​ៗ​ដែល​នៅ​ជុំ​វិញ​យើង​គ្រប់​ទី​កន្លែង។

អ្នក​ស្រាវជ្រាវ​ខាង​ពេទ្យ​បាន​រក​ឃើញ​ថា​កណ្ដុរ កន្លាត រុយ និង​មូស​ជា​ភ្នាក់ងារ​ចម្លង​រោគ។ ពួក​គេ​ក៏​បាន​ឃើញ​ថា​មនុស្ស​ងាយ​ឆ្លង​ជំងឺ​ណាស់ បើ​គ្រាន់តែ​ពួក​គេ​ខ្វះ​អនាម័យ។ តាម​មើល​ទៅ អនាម័យ​ប៉ះពាល់​ទៅ​លើ​អាយុ​ជីវិត​របស់​យើង។

កម្រិត​អនាម័យ​គឺ​ខុស​គ្នា​តាម​ទី​កន្លែង​និង​ទំនៀម​ទម្លាប់។ នៅ​កន្លែង​ដែល​គ្មាន​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ឬ​ប្រព័ន្ធ​លូ នោះ​ប្រហែលជា​ពិបាក​ឲ្យ​មាន​អនាម័យ​ល្អ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ណែនាំ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​អំពី​អនាម័យ កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ។ នៅ​កន្លែង​នោះ ការ​មាន​អនាម័យ ​ល្អ​ច្បាស់​ជា​ពិបាក​ណាស់!

ហេតុ​អ្វី​អនាម័យ​សំខាន់​ចំពោះ​ព្រះ? ស្តី​អំពី​រឿង​អនាម័យ តើ​គួរ​មាន​ទស្សនៈ​បែប​ណា ទើប​ចាត់​ទុក​ថា​សម​ហេតុ​សម​ផល? តើ​លោក​អ្នក​និង​ក្រុម​គ្រួសារ​អាច​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ?

កុមារ​វិចិត្រ *ចេញ​ពី​រៀន រួច​ត្រឡប់​ទៅ​ផ្ទះ​សាមញ្ញ​របស់​គាត់​វិញ។ គាត់​ចូល​ផ្ទះ​ឃើញ​ឆ្កែ​របស់​គាត់ ហើយ​ឱប​វា។ រួច​មក គាត់​ដាក់​កា​តាប​លើ​តុ​បាយ ហើយ​អង្គុយ​ទាំង​ឃ្លាន​ផង​ទាំង​ស្រេក​ទឹក​ផង ចាំ​បរិភោគ​អាហារ។

ម្ដាយ​កុមារ​នៅ​ចង្ក្រាន ឮ​កូន​ចូល​មក ហើយ​ក៏​យក​បាយ​និង​បន្លែ​មួយ​ចាន​ទៅ​ឲ្យ​កូន។ លុះ​ទៅ​ដល់​ហើយ​ឃើញ​កា​តាប​កូន​នៅ​លើ​តុ​បាយ​ស្អាត​នោះ ម្ដាយ​ក៏​ប្រែ​ទឹក​មុខ។ គាត់​មើល​មុខ​កូន​ហើយ​និយាយ​ថា ​«​នែ! វិចិត្រ!​»។ ឮ​ម្ដាយ​ហៅ​ឈ្មោះ​ដូច្នេះ វិចិត្រ​យល់​ថា​ត្រូវ​ធ្វើ​អ្វី ហើយ​ក៏​ទាញ​កា​តាប​ចេញ​ភ្លាម រួច​រត់​ទៅ​លាង​ដៃ។ មិន​យូរ​ក្រោយ​នោះ គាត់​មក​វិញ​ដើម្បី​ទទួល​ទាន ហើយ​និយាយ​ទាំង​សោក​ស្ដាយ​ថា ​«​សុំ​ទោស​ម៉ាក់! កូន​ភ្លេច!​»។

រឿង​អំពី​វិចិត្រ​នេះ​បង្ហាញ​ថា ម្ដាយ​ណា​ដែល​ស្រឡាញ់​ក្រុម​គ្រួសារ​អាច​ជួយ​យ៉ាង​ច្រើន​ឲ្យ​គ្រួសារ​មាន​អនាម័យ​និង​សុខភាព​ល្អ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នេះ សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ​ក៏​ត្រូវ​រួម​សហការ​ជា​មួយ​នឹង​គាត់​ដែរ។ ឧទាហរណ៍​អំពី​វិចិត្រ​បង្ហាញ​ថា ការ​បង្ហាត់​បង្រៀន​ជា​ច្រើន​អំពី​អនាម័យ​គឺ​ចាំ​បាច់ ពីព្រោះ​អនាម័យ​តម្រូវ​ឲ្យ​ខំ​ប្រឹង​ព្យាយាម​ឥត​ដាច់ ហើយ​កូន​ត្រូវ​ការ​នូវ​ការ​រំលឹក​ជា​រឿយ​ៗ​អំពី​រឿង​នេះ។

ម្ដាយ​របស់​វិចិត្រ​ទទួល​ស្គាល់​ថា មាន​ករណី​ជា​ច្រើន​ដែល​មេរោគ​អាច​ចូល​ទៅ​ក្នុង​ម្ហូប។ ម្ដាយ​មិន​ត្រឹម​តែ​លាង​ដៃ​ឲ្យ​ស្អាត​មុន​ពាល់​ម្ហូប​ប៉ុណ្ណោះ តែ​គាត់​ក៏​គ្រប​ម្ហូប​កុំ​ឲ្យ​រុយ​ទំ​ផង​ដែរ។ ដោយ​សារ​គាត់​តែង​តែ​គ្រប​ម្ហូប ហើយ​រក្សា​ផ្ទះ​ឲ្យ​ស្អាត​បាត​និង​មាន​អនាម័យ នោះ​គាត់​មិន​សូវ​មាន​បញ្ហា​កណ្ដុរ​និង​កន្លាត​ឡើយ។

មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ម្ដាយ​របស់​វិចិត្រ​ប្រយ័ត្ន​ចំពោះ​រឿង​អនាម័យ គឺ​ដោយ​សារ​គាត់​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ គាត់​ពន្យល់​ថា​៖ ​«​គម្ពីរ​ចែង​ថា​រាស្ត្រ​របស់​ព្រះ​ត្រូវ​តែ​បរិសុទ្ធ ពីព្រោះ​ព្រះ​គឺ​បរិសុទ្ធ​»។ (​ពេត្រុសទី១ ១:១៦​) គាត់​និយាយ​បន្ថែម​ថា​៖ ​«​ភាព​បរិសុទ្ធ​គឺ​ស្រ​ដៀង​នឹង​អនាម័យ។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ផ្ទះ​មាន​អនាម័យ ហើយ​ចង់​ឲ្យ​សមាជិក​គ្រួសារ​ខ្ញុំ​ស្អាត​បាត​ដែរ។ ប៉ុន្តែ ខ្ញុំ​អាច​ធ្វើ​ដូច្នោះ​បាន ដោយ​សារ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​រួម​សហការ​គ្នា​»។

សមាជិក​គ្រួសារ​ត្រូវ​រួម​សហការ​គ្នា

ដូច​ម្ដាយ​វិចិត្រ​បាន​បញ្ជាក់​នោះ សមាជិក​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា ទើប​ក្រុម​គ្រួសារ​អាច​មាន​អនាម័យ។ ម្ដង​ម្កាល ក្រុម​គ្រួសារ​ខ្លះ​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​ស្តី​អំពី​រឿង​អនាម័យ ហើយ​អំពី​របៀប​ធ្វើ​ឲ្យ​ផ្ទះ​ស្អាត​ជាង ទាំង​ក្នុង​ទាំង​ក្រៅ។ ការ​ពិភាក្សា​នេះ​ក៏​នាំ​ឲ្យ​ក្រុម​គ្រួសារ​រួប​រួម​គ្នា ហើយ​រំលឹក​សមាជិក​ម្នាក់​ៗ​អំពី​ភារកិច្ច​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ក្នុង​ការ​ជួយ​ថែ​រក្សា​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ម្ដាយ​ម្នាក់​ប្រហែលជា​ពន្យល់​កូន​បង​ទាំង​អស់​នូវ​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​លាង​ដៃ​ក្រោយ​ពី​ប្រើ​បង្គន់​ឬ​ពាល់​លុយ ហើយ​មុន​ពេល​ញ៉ាំ​បាយ។ កូន​បង​ទាំង​នោះ​ក៏​អាច​ជួយ​ឲ្យ​ប្អូន​ៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ​ដែរ។

កិច្ចការ​ផ្ទះ​អាច​ត្រូវ​ចែក​រំលែក​ដល់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ។ ក្រុម​គ្រួសារ​ប្រហែលជា​សម្រេច​ចិត្ត​បោស​សម្អាត​ផ្ទះ​រាល់​សប្ដាហ៍​ជា​ទៀង​ទាត់ ហើយ​លៃ​ទុក​ពេល​ម្ដង​ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បោស​សម្អាត​ផ្ទះ​ទាំង​មូល។ ចុះ​យ៉ាង​ណា​ចំពោះ​ទី​ធ្លា​ខាង​ក្រៅ​ផ្ទះ? អភិរក្ស​ព្រៃ​ម្នាក់ (​ឈ្មោះ Stewart L. Udall​) បាន​ចែង​អំពី​សហរដ្ឋអាម៉េរិក​ថា​៖ ​«​សោភណភាព​នៅ​ប្រទេស​យើង​កំពុង​រលាយ​បាត់​ទៅ​បន្ដិច​ម្ដង​ៗ ហើយ​ប្រទេស​យើង​កាន់​តែ​អាក្រក់​មើល​ទៅ​ៗ​ ព្រម​ទាំង​កាន់​តែ​ចង្អៀត។ ម្យ៉ាង​ទៀត បរិស្ថាន​កំពុង​ហិនហោច​រាល់​ថ្ងៃ​ដោយ​ធាតុ​កខ្វក់ អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​អាប់​អួ និង​ការ​បំពុល​ដោយ​សូរ​ស័ព្ទ​»។

តើ​លោក​អ្នក​មាន​ទស្សនៈ​ដូច​នោះ​ដែរ​អំពី​កន្លែង​ដែល​លោក​អ្នក​រស់​នៅ​ទេ? នៅ​ជំនាន់​មុន និង​នៅ​ភូមិ​ខ្លះ​នា​ទ្វីប​អាហ្វ្រិក​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ម្នាក់​ដែល​មាន​តួនាទី​វាយ​ជួង​ជា​សញ្ញា​ឲ្យ​អ្នក​ស្រុក​អ្នក​ភូមិ​ប្រុង​ស្មារតី​ស្ដាប់។ គាត់​ស្រែក​ប្រាប់​អ្នក​ស្រុក​អ្នក​ភូមិ​ឲ្យ​បោស​សម្អាត​ភូមិ សម្អាតទ លះ​មែក​ឈើ ដក​ស្មៅ ហើយ​យក​សំរាម​ទៅ​ចោល​នៅ​កន្លែង​ចាក់​សំរាម។

ការ​ទុក​ដាក់​សំរាម​ជា​បញ្ហា​ដែល​មាន​ទូទៅ​ក្នុង​ពិភព​លោក ហើយ​សម្រាប់​អាជ្ញាធរ​ជា​ច្រើន នេះ​ជា​បញ្ហា​មួយ​ដែល​ពិបាក​ដោះ​ស្រាយ​ណាស់។ កន្លែង​ខ្លះ​ប្រមូល​សំរាម​មិន​ទាន់​ពេល ដូច្នេះ នេះ​បង្កើត​ឲ្យ​មាន​គំនរ​សំរាម​នៅ​តាម​ផ្លូវ។ អាជ្ញាធរ​ប្រហែលជា​សុំ​ឲ្យ​ប្រជាជន​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ។ ក្នុង​នាម​ជា​ពល​រដ្ឋ​ល្អ ពួក​គ្រិស្ត​សាសនិក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ជំនួយ​មុន​គេ ហើយ​ធ្វើ​តាម​ច្បាប់​រដ្ឋ​ដោយ​មិន​ត្អូញត្អែរ។ (​រ៉ូម ១៣:៣, ៥​-​៧​) ពួក​គ្រិស្ត​សាសនិក​ដ៏​ពិត​សុខ​ចិត្ត​ធ្វើ​លើស​ពី​អ្វី​ដែល​អាជ្ញាធរ​សុំ​ឲ្យ​ពួក​គេ​ធ្វើ​ក្នុង​រឿង​នេះ។ ពួក​គេ​ចង់​ឲ្យ​បរិស្ថាន​ស្អាត ហើយ​ចាត់​វិធានការ​សម្អាត​ដោយ​មិន​ចាំ​បាច់​ឲ្យ​គេ​វាយ​ជួង​រំលឹក​ទេ។ ពួក​គេ​យល់​ថា​ការ​ចេះ​អនាម័យ​បង្ហាញ​ថា​ខ្លួន​មាន​ការ​អប់រំ​ល្អ​និង​ជា​មនុស្ស​ដែល​មាន​គំនិត។ បុគ្គល​ម្នាក់​ៗ​និង​ក្រុម​គ្រួសារ​នីមួយ​ៗ​ត្រូវ​ចេះ​អនាម័យ។ បើ​គ្រាន់តែ​ចេះ​អនាម័យ​នៅ​ផ្ទះ នោះ​នឹង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ជាង ហើយ​ជួយ​ធ្វើ​ឲ្យ​សហគមន៍​ស្អាត​ជាង។

អនាម័យ​ខ្លួន​ប្រាណ​លើក​កិត្ដិយស​ព្រះ​ ដែល​យើង​គោរព​ប្រណិប័តន៍

យើង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្លៀក​ពាក់​ថ្លៃ​ថ្នូរ ដោយ​សារ​នោះ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​របស់​យើង ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​កត់​សម្គាល់​ថា​យើង​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត។ ក្រុម​យុវជន​ចំនួន​១៥​នាក់​បាន​ទៅ​ភោជនីយដ្ឋាន​មួយ ក្រោយ​ពី​ចូល​រួម​មហាសន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទី​ក្រុង​ធូលូស​ប្រទេស​បារាំង។ មាន​ស្វាមីភរិយា​វ័យ​ចាស់​មួយ​គូ​អង្គុយ​នៅ​តុ​ជិត​ក្រុម​យុវជន​នោះ ហើយ​នឹក​ស្មានថា​យុវជន​ទាំង​នោះ​នឹង​និយាយ​ឡូឡា​ហើយ​ឆាឆៅ​ពួក​គាត់។ ក៏​ប៉ុន្តែ ពួក​គាត់​កោត​ស្ងើច​ពេល​ឃើញ​ថា យុវជន​ស្អាត​បាត​ទាំង​នោះ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ហើយ​មាន​សម្ដី​សមរម្យ។ ពេល​ដែល​យុវជន​ទាំង​នោះ​កំពុង​នាំ​គ្នា​ចេញ​ទៅ ស្វាមីភរិយា​នោះ​បាន​សរសើរ​ពួក​គេ​ដោយ​សារ​មាន​ចរិយា​ល្អ ក៏​បាន​ប្រាប់​ពួក​គេ​ម្នាក់​ថា សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​ប្រព្រឹត្ត​ដូច​យុវជន​ទាំង​នេះ។

ពេល​ដែល​មាន​ភ្ញៀវ​ទៅ​មើល​ការិយាល័យ​សាខា​និង​អគារ​ផ្សេង​ទៀត​របស់​សាក្សី​ព្រះ​យេហូវ៉ា ពួក​គេ​ច្រើន​តែ​កោត​ស្ងើច​នឹង​អនាម័យ​និង​ភាព​ស្អាត​បាត​ដែល​មាន​នៅ​ទី​នោះ។ តម្រូវ​ការ​មួយ​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​និង​រស់​នៅ​ទី​នោះ​ជា​ជន​ស្ម័គ្រ​ចិត្ត គឺ​ត្រូវ​បោក​ខោ​អាវ​ឲ្យ​ស្អាត​និង​មុជ​ទឹក​លាង​សម្អាត​ខ្លួន​ប្រាណ​ជា​ទៀង​ទាត់។ អនាម័យ​ខ្លួន​ប្រាណ​មិន​អាច​ជំនួស​ដោយ​ទឹក​អប់​បាន​ទេ។ ជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​បម្រើ​ព្រះ​ពេញ​ពេល ហើយ​ពេល​ពួក​គាត់​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង​នៅ​ពេល​ល្ងាច​ឬ​នៅ​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ នោះ​អនាម័យ​ខ្លួន​ប្រាណ​និង​សម្លៀក​បំពាក់​ស្អាត​បាត​របស់​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​មាន​ទស្សនៈ​ល្អ​ចំពោះ​ដំណឹង​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ។

«​ចូរ​យក​តម្រាប់​តាម​ព្រះ​»​

ពួក​គ្រិស្ត​សាសនិក​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​«​យក​តម្រាប់​តាម​ព្រះ​»។ (​អេភេសូរ ៥:១​) អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​កត់​ទុក​ពី​អ្វី​ដែល​ព្រះ​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត ពោល​គឺ​ទេវតា​ជា​ច្រើន​ដែល​កំពុង​រៀប​រាប់​អំពី​ព្រះ​ជា​អ្នក​បង្កើត​ថា ​‹បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ›។ (​អេសាយ ៦:៣​) ការ​រៀប​រាប់​នេះ​ដៅ​បញ្ជាក់​ថា ព្រះ​គឺ​បរិសុទ្ធ​និង​ស្អាត​ស្អំ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​តម្រូវ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ជា​មនុស្ស​បរិសុទ្ធ​ឬ​ស្អាត​ស្អំ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ពីព្រោះ​ខ្ញុំ​បរិសុទ្ធ​»។—ពេត្រុសទី១ ១:១៦

គម្ពីរ​បំផុស​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​ឲ្យ​មាន​«​សម្លៀក​បំពាក់​រៀប​រយ​»។ (​ធីម៉ូថេទី១ ២:៩​) មិន​មែន​ជា​ការ​ចម្លែក​ទេ ដែល​សៀវភៅ​ការ​បើក​បង្ហាញ​ចែង​ថា ​«​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ​»​តំណាង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​ដែល​ព្រះ​ចាត់​ទុក​ថា​បរិសុទ្ធ។ (​ការ​បើក​បង្ហាញ ១៩:៨​) ផ្ទុយ​ទៅ​វិញ ច្រើន​ដង​ក្នុង​បទ​គម្ពីរ អំពើ​ខុស​ឆ្គង​ត្រូវ​ប្រដូច​នឹង​ស្នាម​ប្រឡាក់​ឬ​ភាព​ស្មោកគ្រោក។—សុភាសិត ១៥:២៦; អេសាយ ១:១៦; យ៉ាកុប ១:២៧

សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​ត្រូវ​រស់​នៅ​ក្នុង​តំបន់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ខាង​អនាម័យ។ ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​មួយ​ដង​ជា​ការ​ស្រេច​ពេល​លោក​«​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។ (​ការ​បើក​បង្ហាញ ២១:៥​) ពេល​ព្រះ​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​នឹង​លែង​មាន​ទៀត​ជា​រៀង​រហូត។

[កំណត់​សម្គាល់]

^ វគ្គ 6 ឈ្មោះ​បាន​ត្រូវ​ប្ដូរ។

[ប្រអប់​នៅ​ទំព័រ​២៩]

ការ​ក្រើន​រំលឹក​ពី​គ្រូ​ពេទ្យ

ប្រសិនបើ​គ្មាន​ទឹក​មិន​អាច​មាន​ជីវិត​ទេ ប៉ុន្តែ​បើ​ទឹក​មិន​ស្អាត នោះ​អាច​បណ្ដាល​ឲ្យ​ឈឺ​ឬ​ស្លាប់។ ក្នុង​បទ​សម្ភាសន៍​មួយ គ្រូ​ពេទ្យ​ម្នាក់ (​ឈ្មោះ Dr. J. Mbangue Lobe​) ដែល​ជា​ប្រធាន​គ្រប់​គ្រង​ខាង​ផ្នែក​ពេទ្យ​នៅ​កំពង់​ផែ​ឌូអាឡា​ប្រទេស​កាម៉ឺរូន បាន​ជូន​យោបល់​ខ្លះ​ៗ​ដែល​មាន​ប្រយោជន៍។

​«​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​ទឹក​ផឹក​របស់​អ្នក​ស្អាត នោះ​អ្នក​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ​សិន​»។ ប៉ុន្តែ គាត់​បាន​ព្រមាន​ថា​៖ ​«​អាច​ប្រើ​ទឹកអូសាវ៉ែល​ឬ​គីមី​ឯ​ទៀត​បាន តែ​របស់​ទាំង​នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ បើ​មិន​បាន​ប្រើប្រាស់​តាម​វិធី​ត្រឹម​ត្រូវ។ រាល់​ដង​មុន​បរិភោគ​ម្ហូប​និង​ក្រោយ​ពី​ប្រើ​បង្គន់ នោះ​អ្នក​ត្រូវ​លាង​ដៃ​នឹង​ទឹក​ហើយ​សាប៊ូ។ សាប៊ូ​មួយ​ដុំ​មិន​ថ្លៃ​ប៉ុន្មាន​ទេ ដូច្នេះ​អ្នក​ក្រ​ក៏​អាច​មាន​លទ្ធភាព​ទិញ​បាន​ដែរ។ ត្រូវ​បោក​ខោ​អាវ​ជា​ញយ​ដង ហើយ​ប្រើ​ទឹក​ក្ដៅ បើ​អ្នក​មាន​ជំងឺ​សើ​ស្បែក​»។

គ្រូ​ពេទ្យ​នេះ​បន្ថែម​ថា​៖ ​«​សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ​ត្រូវ​ធ្វើ​តាម​ក្បួន​អនាម័យ​ក្នុង​ផ្ទះ​និង​ជុំ​វិញ​បរិវេណ​ផ្ទះ។ មនុស្ស​ច្រើន​តែ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បង្គន់ ដូច្នេះ​កន្លែង​នោះ​នឹង​សម្បូរ​ទៅ​ដោយ​កន្លាត​និង​រុយ​ជាក់​ជា​មិន​ខាន​»។ គាត់​ឲ្យ​យោបល់​សំខាន់​មួយ​ទៀត​ស្តី​អំពី​កូន​ក្មេង ដោយ​ព្រមាន​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ការ​មុជ​ទឹក​ក្នុង​ព្រែក​នៅ​ជិត​ផ្ទះ​របស់​អ្នក។ ទឹក​ព្រែក​នោះ​សម្បូរ​ទៅ​ដោយ​មេរោគ​ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ រាល់​យប់​ត្រូវ​មុជ​ទឹក​មុន​ចូល​គេង ដុស​ធ្មេញ​ឲ្យ​បាន​ស្អាត ហើយ​ដេក​ចង​មុង​»។ ដូច្នេះ បើ​និយាយ​ឲ្យ​ទូលាយ យោបល់​ទាំង​អស់​នេះ​ចង់​បញ្ជាក់​ថា យើង​ត្រូវ​គិត​គ្រោង​ទុក​ជា​មុន ចាត់​វិធានការ ហើយ​ដោយ​ធ្វើ​ដូច្នេះ យើង​អាច​បង្ការ​ជំងឺ​ផ្សេង​ៗ​ដែល​មក​ពី​ការ​ខ្វះ​អនាម័យ។

[ប្រអប់​នៅ​ទំព័រ​៣១]

ព្រះ​តម្រូវ​ឲ្យ​មាន​អនាម័យ

កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​បាន​ត្រូវ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្តី​អំពី​រឿង​បន្ទោ​បង់។ ជា​ឧទាហរណ៍ ពួក​គេ​បាន​ត្រូវ​បង្គាប់​ឲ្យ​កប់​លាមក​ខាង​ក្រៅ​ជំរំ​ក្រោយ​ពី​បន្ទោ​បង់។ (​ចោទិយកថា ២៣:១២​-​១៤​) នោះ​ច្បាស់​ជា​ពិបាក​ធ្វើ​ណាស់ ដោយ​សារ​ជំរំ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ​ដោយ​ធ្វើ​ដូច្នេះ ប្រាកដជា​បាន​បង្ការ​ជំងឺ​ផ្សេង​ៗ​ដូច​ជា​គ្រុន​ពោះ​វៀន​និង​អាសន្នរោគ​ជា​ដើម។

ពួក​គេ​បាន​ត្រូវ​បង្គាប់​ឲ្យ​លាង​សម្អាត​ឬ​បំផ្លាញ​វត្ថុ​ណា​ដែល​ប៉ះ​នឹង​សាកសព។ ប្រហែលជា​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ដឹង​អំពី​មូលហេតុ​ដែល​ត្រូវ​ធ្វើ​ដូច្នេះ តែ​ការ​នោះ​បាន​ជួយ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ឬ​កើត​ជំងឺ។—លេវីវិន័យ ១១:៣២​-​៣៨

ពួក​សង្ឃ​ត្រូវ​លាង​ដៃ​និង​ជើង​របស់​ពួក​គាត់​មុន​បំពេញ​ការងារ​នៅ​ឯ​រោង​សម្រាប់​គោរព​ប្រណិប័តន៍។ ការ​ចាក់​ទឹក​ពាង​លង្ហិន​ឲ្យ​ពេញ​ច្បាស់​ជា​មិន​ស្រួល​ទេ ប៉ុន្តែ​ពួក​សង្ឃ​ត្រូវ​លាង​ដៃ​និង​ជើង​ជា​ដាច់​ខាត។—និក្ខមនំ ៣០:១៧​-​២១

[រូបភាព​នៅ​ទំព័រ​៣១]

បើ​បោក​ខោ​អាវ អ្នក​អាច​បង្ការ​ជំងឺ​សើ​ស្បែក​និង​រោគ​ផ្សេង​ៗ​បាន

[រូបភាព​នៅ​ទំព័រ​៣១]

ពួក​គ្រិស្ត​សាសនិក​ចេះ​សម្អាត​នៅ​ជុំ​វិញ​បរិវេណ​ផ្ទះ

[រូបភាព​នៅ​ទំព័រ​៣១]

ម្ដាយ​ណា​ដែល​ស្រឡាញ់​ក្រុម​គ្រួសារ​អាច​ជួយ​យ៉ាង​ច្រើន​ឲ្យ​គ្រួសារ​មាន​អនាម័យ