លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរធ្វើតាមគំរូលោកយេស៊ូ!

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរធ្វើតាមគំរូលោកយេស៊ូ!

ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក ចូរ​ធ្វើ​តាម​គំរូ​លោក​យេស៊ូ!

​«​គ្រិស្ត​បាន . . . ទុក​គំរូ​ដើម្បីឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។—១ពេ. ២:២១

១​. (​ក​) តើ​បុត្រ​របស់​ព្រះ​រួម​ចំណែក​យ៉ាង​ណា​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ? (​ខ​)​ តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស?

ពេល​ដែល​ព្រះ​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី បុត្រ​ច្បង​របស់​លោក​នៅ​ជិត​លោក​«​ដូច​ជា​មេ​ជាង​»។ ពេល​ព្រះ​យេហូវ៉ា​ធ្វើ​គម្រោង​ហើយ​បង្កើត​សត្វ​និង​រុក្ខជាតិ​ផ្សេង​ៗ​ជា​ច្រើន​នៅ​ផែនដី ព្រម​ទាំង​ពេល​លោក​រៀប​ចំ​សួន​ឧទ្យាន​ដែល​ជា​ទី​លំនៅ​សម្រាប់​មនុស្ស នោះ​បុត្រ​របស់​ព្រះ​ក៏​បាន​សហការ​ជា​មួយ​បិតា​ក្នុង​ការ​បង្កើត​របស់​សព្វសារពើដែរ។ បុត្រ​របស់​ព្រះ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លោក​យេស៊ូ លោក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស។ លោក​យេស៊ូ​មាន​«​សេចក្ដី​អំណរ​ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក​»។—សុភ. ៨:​២៧​-​៣១; លោ. ១:២៦, ២៧

២​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដើម្បី​ជួយ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ? (​ខ​) តើ​គម្ពីរ​ផ្ដល់​ការ​ណែនាំ​អំពី​លក្ខណៈ​អ្វី​នៃ​ជីវិត​មនុស្ស?

ក្រោយគូ​ស្វាមីភរិយា​ដំបូងបាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​ការ​លោះ​មនុស្ស​ពី​ភាព​ខុស​ឆ្គងបាន​ក្លាយ​ទៅ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​បំណង​របស់​ព្រះ​យេហូវ៉ា។ ដើម្បី​សម្រេច​បំណង​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ថ្លៃ​លោះ​តាម​រយៈ​ការ​បូជា​លោះ​របស់​គ្រិស្ត។ (​រ៉ូម ៥:៨​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់លោក ហើយ​គម្ពីរ​នេះ​ប្រាប់​យើង​នូវ​វិធី​ដែល​អាច​ទទួល​ជោគជ័យក្នុងជីវិត ទោះជា​មាន​ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ឆ្លង​ពី​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ក៏​ដោយ។ (​ទំនុក. ១១៩:១០៥​) ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា លោក​ផ្ដល់​ការ​ណែនាំ​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ ហើយ​ឲ្យ​គ្រួសារ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជា​រៀង​រហូត។ ស្តី​អំពី​ចំណង​អាពាហ៍ពិពាហ៍ សៀវភៅ​លោកុប្បត្តិ​ចែង​ថា បុរស​ត្រូវ​«​នៅ​ជាប់​នឹង​ប្រពន្ធ . . . ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ​»។—លោ. ២:២៤

៣​. (​ក​) តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្វី​ស្តី​អំពី​អាពាហ៍ពិពាហ៍? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ដៅ​បញ្ជាក់​ថា មនុស្ស​ដែល​បាន​រៀប​ការ​ហើយ​ត្រូវ​រួម​រស់​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជា​រៀង​រហូត។ លោក​ក៏​បង្រៀន​គោលការណ៍​ផ្សេង​ៗ ហើយ​បើ​មនុស្ស​អនុវត្ត​តាម នោះ​នឹង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ជៀស​ចេញ​ពី​ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​ដែល​អាច​បំផ្លាញចំណង​អាពាហ៍ពិពាហ៍​ឬ​សុភមង្គល​គ្រួសារ។ (​ម៉ាថ. ៥:២៧​-​៣៧; ៧:១២​) អត្ថបទ​នេះ​នឹង​ពិភាក្សា​របៀប​ដែល​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​និង​គំរូ​របស់​លោក​ពេល​នៅ​ផែនដី អាច​ជួយ​ស្វាមី ភរិយា មាតាបិតា និង​បុត្រ​ធីតា​ឲ្យ​មាន​ជីវិត​ដែល​គាប់​ចិត្ត​និង​មាន​សុភមង្គល។

វិធី​ដែល​ស្វាមី​ជា​គ្រិស្ត​សាសនិក​ឲ្យ​កិត្ដិយស​ភរិយា

៤​. តើ​តួនាទី​របស់​លោក​យេស៊ូ​និង​ស្វាមីដែល​ជា​គ្រិស្ត​សាសនិក​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ណា?

ព្រះ​បាន​តែង​តាំង​ស្វាមី​ជា​ប្រមុខ​ឬ​មេ​គ្រួសារ ដូច​លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ សាវ័ក​ប៉ូល​ប្រាប់​ថា​៖ ​«​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ ដូច​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ ជា​រូប​កាយ​របស់​លោក​ដែល​លោក​បាន​សង្គ្រោះ។ ប្ដី​ទាំង​ឡាយ​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ​»។ (​អេភ. ៥:២៣, ២៥​) ប្រាកដ​ហើយ ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ទៅ​លើ​អ្នក​កាន់​តាម​លោក ជា​គំរូ​អំពី​របៀបបុរស​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​ភរិយា​របស់​ខ្លួន។ សូម​ឲ្យ​យើង​ពិចារណា​វិធី​ខ្លះ​ៗ​ដែល​លោក​យេស៊ូ​ប្រើ​អំណាច​ដែល​លោក​ទទួល​ពី​ព្រះ។

៥​. តើ​លោក​យេស៊ូ​ប្រើ​អំណាច​របស់​លោក​ទៅ​លើ​អ្នក​កាន់​តាម​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​«​ស្លូត​ក៏​មាន​ចិត្ត​រាប​ទាប​»។ (​ម៉ាថ. ១១:២៩​) លោក​តែង​តែ​ចាត់​វិធានការ​ដោយ​ឥត​បង្អង់ ហើយ​លោក​មិន​ដែល​បដិសេធ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើយ។ (​ម៉ាក. ៦:​៣៤; យ៉ូន. ២:១៤​-​១៧​) លោក​ជូន​ឱវាទ​ឲ្យ​អ្នក​កាន់​តាម​លោក​ដោយ​ក្ដីសប្បុរស ហើយ​លោក​ធ្វើ​ដូច្នោះ​ម្ដង​ហើយ​ម្ដង​ទៀត​បើ​ចាំ​បាច់។ (​ម៉ាថ. ២០:​២១​-​២៨; ម៉ាក. ៩:៣៣​-​៣៧; លូក. ២២:​២៤​-​២៧​) យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​ស្តី​ឲ្យ​ឬ​ធ្វើ​ឲ្យ​ពួក​គាត់​អាម៉ាស់​មុខ​ទេ ហើយ​លោក​ក៏​មិន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា ពួក​គាត់​គ្មាន​តម្លៃ​ឬ​គ្មាន​សមត្ថភាព​ធ្វើ​តាម​សេចក្ដីបង្រៀន​របស់​លោក។ ផ្ទុយ​ទៅ​វិញ លោក​សរសើរ​និង​លើក​ទឹកចិត្ត​អ្នក​កាន់​តាម​លោក។ (​លូក. ១០:​១៧​-​២១​) លោក​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​លោក​ដោយ​ក្ដី​ស្រឡាញ់​និង​មេត្ដា​ករុណា ហើយ​នេះ​នាំ​ឲ្យ​ពួក​គាត់​គោរព​លោក!

៦​. (​ក​) តើ​ស្វាមី​អាច​ទាញ​យក​មេរៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​លោក? (​ខ​)​ តើ​ពេត្រុស​បំផុស​ទឹក​ចិត្ត​ឲ្យ​ស្វាមី​ធ្វើ​អ្វី?

ស្វាមី​អាច​ទាញ​យក​មេរៀន​ពី​គំរូ​របស់​លោក​យេស៊ូ​ថា ការ​ធ្វើ​ជា​ប្រមុខ​ឬ​មេ​គ្រួសារ មិន​មាន​ន័យ​ថា​គាត់​ត្រូវ​ប្រើ​អំណាច​ផ្ដាច់​ការ​ទេ។ ផ្ទុយ​ទៅ​វិញ មេ​គ្រួសារ​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​ដោយក្ដី​ស្រឡាញ់ ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន និង​ដោយ​ការ​គោរព។ សាវ័ក​ពេត្រុស​បំផុស​ទឹក​ចិត្ត​ស្វាមីឲ្យ​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ដោយ​«​រួម​រស់​»​ជា​មួយ​ភរិយា​ហើយ​«​ឲ្យ​កិត្ដិយស​ដល់​នាង​»។ (​សូម​អាន ពេត្រុសទី១ ៣:​៧​) ដូច្នេះ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្វាមី​ប្រើ​អំណាច​ដែល​គាត់​បាន​ទទួល​ពី​ព្រះ ហើយ​នៅ​ដំណាល​គ្នា​នោះ​ឲ្យ​កិត្ដិយស​ភរិយា​ដែល​នាង​សម​ទទួល​នោះ?

៧​. តើ​ស្វាមី​អាច​ឲ្យ​កិត្ដិយស​ភរិយា​ដោយ​វិធី​ណា? សូម​រៀប​រាប់​ឧទាហរណ៍​មួយ។

វិធី​មួយ​ដែល​ស្វាមី​អាច​ឲ្យ​កិត្ដិយស​ភរិយា​គឺ​ដោយ​គិត​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​នាង មុន​សម្រេច​ចិត្ត​រឿង​ណា​មួយ​ដែល​មានឥទ្ធិពល​ទៅ​លើ​ក្រុម​គ្រួសារ។ ប្រហែលជា​ត្រូវ​សម្រេច​ចិត្ត​អំពី​ការ​រើផ្ទះ ការ​ផ្លាស់​ប្ដូរ​ការងារ ឬ​ក៏​អំពី​រឿង​ធម្មតា​ដូច​ជា​ទៅ​ដើរ​លេង​នៅ​ឯ​ណា ឬ​អំពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រួសារ​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ។ រឿង​ទាំង​អស់​នេះ​ប៉ះពាល់​ទៅ​លើ​ក្រុម​គ្រួសារ ដូច្នេះ​បើ​ស្វាមី​គិត​អំពី​ទស្សនៈ​របស់​ភរិយា នេះ​បង្ហាញ​ក្ដី​សប្បុរស​ដល់​នាង។ ណា​មួយ​ទៀត នេះ​ក៏​មាន​ប្រយោជន៍ដែរ ពីព្រោះ​ការ​គិត​អំពី​ទស្សនៈ​របស់​ភរិយា​អាច​ជួយ​ស្វាមីឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​តុល្យភាព និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ពី​ការ​យល់​ចិត្ត​ភរិយា។ ពេល​ស្វាមី​ធ្វើ​ដូច្នេះ នោះ​ធ្វើ​ឲ្យ​ភរិយា​ស្រួល​គាំទ្រ​គាត់​ជាង។ (​សុភ. ១៥:​២២​) ស្វាមី​ជា​គ្រិស្ត​សាសនិក​ដែល​ឲ្យ​កិត្ដិយស​ភរិយា គាត់​មិន​ត្រឹម​តែ​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ពី​ភរិយា​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ផង​ដែរ។—អេភ. ៥:​២៨, ២៩

វិធី​ដែល​ភរិយា​គោរព​ស្វាមី​យ៉ាង​ជ្រាល​ជ្រៅ

៨​. ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ធ្វើ​តាម​គំរូ​របស់​នាង​អេវ៉ា?

លោក​យេស៊ូ​ជា​គំរូ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ភរិយា​ជា​គ្រិស្ត​សាសនិក​ស្តី​អំពី​ការ​ចុះ​ចូល​ចំពោះ​ប្រមុខ។ ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​ប្រមុខ និង​ចិត្ត​គំនិត​របស់​នាងអេវ៉ាដែល​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​បាន​រៀប​ការ នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់! នាង​អេវ៉ា​មិន​មែន​ជា​គំរូ​ល្អ​ឲ្យ​ភរិយា​ធ្វើ​តាម​នោះ​ឡើយ។ ព្រះ​បាន​តែង​តាំង​មេ​គ្រួសារ​ឲ្យ​នាង ហើយ​តាម​រយៈ​មេ​គ្រួសារ​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ការ​ណែនាំ។ ប៉ុន្តែ នាង​អេវ៉ា​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​រៀប​ចំ​នេះ​ទេ ព្រោះ​នាង​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​ដែល​អាដាម​បានប្រាប់។ (​លោ. ២:១៦, ១៧; ៣:៣; ១កូ. ១១:៣​) ពិត​មែន​តែ​នាង​អេវ៉ា​បាន​ត្រូវ​បំភាន់ ប៉ុន្តែ​គប្បីឲ្យ​នាង​សុំ​យោបល់​ពី​ស្វាមី​ថា នាង​គួរ​ជឿ​ឬ​មិន​គួរ​ជឿ​សំឡេង​ដែល​អះអាង​ថា​វា​ដឹង​ពី​អ្វីដែល​«​ព្រះ​ទ្រង់​ជ្រាប​»។ ផ្ទុយ​ទៅ​វិញ នាង​ហ៊ាន​បង្គាប់​ស្វាមី។—លោ. ៣:៥, ៦; ១ធី. ២:១៤

៩​. តើ​លោក​យេស៊ូ​ទុក​គំរូ​អ្វី​ចំពោះ​ការ​ចុះ​ចូល?

ខុស​ស្រឡះ​ពី​នេះ លោក​យេស៊ូ​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្តី​អំពី​ការ​ចុះ​ចូល​ចំពោះ​អ្នក​ដឹក​នាំ​របស់​លោក។ ចិត្ត​គំនិត​និង​គន្លង​ជីវិត​របស់​លោក​បង្ហាញ​ថា លោក​«​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ​»។ ផ្ទុយ​ទៅ​វិញ ​«​លោក​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ​»។ (​ភី. ២:៥​-​៧​) សព្វ​ថ្ងៃ ក្នុង​នាម​ជា​ស្តេច​ដែល​កំពុង​គ្រប់​គ្រង លោក​យេស៊ូ​នៅ​តែ​មាន​ចិត្ត​គំនិត​ដូច​នេះ​ដែរ។ លោក​ចុះ​ចូល​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​គាំទ្រ​ការ​ដឹក​នាំ​របស់​បិតា​ដែរ។—ម៉ាថ. ២០:២៣; យ៉ូន. ៥:៣០; ១កូ. ១៥:២៨

១០​. តើ​ភរិយា​អាច​គាំទ្រ​ការ​ដឹក​នាំ​របស់​ស្វាមី​យ៉ាង​ណា?

១០ យក​ល្អ​ឲ្យ​ភរិយា​ដែល​ជា​គ្រិស្ត​សាសនិក​យក​តម្រាប់​តាម​លោក​យេស៊ូ​ដោយ​គាំទ្រ​ការ​ដឹក​នាំ​របស់​ស្វាមី។ (​សូម​អាន ពេត្រុសទី១ ២:​២១; ៣:១, ២​) សូម​ពិចារណា​អំពី​កាលៈទេសៈ​មួយ​ដែល​ភរិយា​មាន​ឱកាស​គាំទ្រ​ការ​ដឹក​នាំ​របស់​ស្វាមី។ កូន​ចង់​ធ្វើ​អ្វី​មួយ​ដែល​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​មាតាបិតា ហើយ​ពេល​នោះ​កូន​មក​សួរ​ម្ដាយ។ ដោយ​សារ​មាតាបិតា​មិន​បាន​ពិភាក្សា​អំពី​រឿង​នេះ​ពី​មុន នោះ​គឺ​សមរម្យ​ឲ្យ​នាង​សួរ​កូន​ថា ​«​តើ​កូន​សួរ​ប៉ា​ហើយ​នៅ?​»។ ប្រសិនបើ​កូន​មិន​ទាន់ នោះ​នាង​គួរ​និយាយ​រឿង​នេះ​ជា​មួយ​ស្វាមី​មុន​សម្រេច​ចិត្ត។ ម្យ៉ាង​ទៀត មិន​គប្បីឲ្យ​ភរិយា​ដែល​ជា​គ្រិស្ត​សាសនិក​ជំទាស់​ស្វាមី​ឬ​ប្រឆាំង​មតិ​របស់​គាត់​នៅ​មុខ​កូន​ឡើយ។ ប្រសិនបើ​នាង​មិន​យល់​ស្រប​នឹង​ស្វាមី​អំពី​រឿង​ណា​មួយ នោះ​នាង​នឹង​និយាយ​ជា​មួយ​គាត់​តែ​ពីរ​នាក់។—អេភ. ៦:៤

លោក​យេស៊ូ​ទុក​គំរូ​ឲ្យ​មាតាបិតា

១១​. តើ​លោក​យេស៊ូ​ទុក​គំរូ​អ្វី​សម្រាប់​មាតាបិតា?

១១ ទោះ​ជា​លោក​យេស៊ូ​មិន​ដែល​រៀប​ការ​ឬ​មាន​កូន​ក៏​ដោយ តែ​លោក​ជា​គំរូ​ល្អ​ប្រសើរ​សម្រាប់​មាតាបិតា​ដែល​ជា​គ្រិស្ត​សាសនិក។ តើ​លោក​ជា​គំរូ​ល្អ​យ៉ាង​ណា? លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ដោយ​ក្ដី​ស្រឡាញ់ និង​ដោយ​ចិត្ត​អត់​ធ្មត់​តាម​រយៈ​ពាក្យ​សម្ដី​និង​គំរូ។ លោក​យេស៊ូ​បាន​បង្ហាញ​ពួក​គាត់​នូវ​របៀប​ដែល​អាច​បំពេញ​ភារកិច្ច​ដែល​លោក​ប្រគល់​ឲ្យ។ (​លូក. ៨:១​) ចរិត​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ទៅ​លើ​អ្នក​កាន់​តាម​លោក បាន​បង្រៀន​ពួក​គាត់​នូវ​របៀប​ដែល​គួរ​ប្រព្រឹត្ត​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។—សូម​អាន យ៉ូហាន ១៣:​១៤​-​១៧

១២, ១៣​. បើ​មាតាបិតា​ចង់​ឲ្យ​កូន​ធំ​ឡើង​ជា​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ តើ​ពួក​គាត់​ត្រូវ​ធ្វើ​អ្វី?

១២ កូន​ច្រើន​តែ​យក​តម្រាប់​តាម​មាតាបិតា មិន​ថា​ល្អ​ឬ​អាក្រក់​ក្ដី។ ដូច្នេះ មាតាបិតា​គួរ​សួរ​ខ្លួន​ឯង​ថា ‹បើ​ប្រៀប​ធៀប​ចំនួន​ម៉ោង​ដែល​យើង​ចំណាយ​មើល​ទូរទស្សន៍​ឬ​កម្សាន្ត​សប្បាយ ទៅ​នឹង​ចំនួន​ម៉ោង​សម្រាប់​សិក្សា​គម្ពីរ​និង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​កូន​នឹង​រៀនអ្វី​ខ្លះ​ពី​គំរូ​យើង? តើ​អ្វី​ពិត​ជា​សំខាន់​បំផុត​ក្នុង​ក្រុម​គ្រួសារ​យើង? តើ​យើង​ទុក​គំរូ​ល្អ​ដោយ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ទេ?›។ ច្បាប់​របស់​ព្រះ​ត្រូវ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​មាតាបិតា​ជា​មុន​សិន បើ​ពួក​គាត់​ចង់​ឲ្យ​កូន​ធំ​ឡើង​ជា​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ។—ចោ. ៦:៦

១៣ កូន​នឹង​ដឹង​បើ​មាតាបិតា​ខំ​ប្រឹង​អនុវត្ត​តាម​គោលការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ពាក្យ​សម្ដី​និង​ការ​បង្រៀន​របស់​មាតាបិតា​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កូន។ ក៏​ប៉ុន្តែ បើ​កូន​ឃើញ​មាតាបិតា​និយាយ​ផ្សេង​ធ្វើ​ផ្សិង នោះ​កូន​ប្រហែលជា​សន្និដ្ឋាន​ថា គោលការណ៍​ក្នុង​គម្ពីរ​មិន​សូវ​សំខាន់​ឬ​ក៏​គ្មាន​ប្រយោជន៍។ ជា​លទ្ធផល កូន​ប្រហែលជា​ចុះ​ចាញ់​ក្រោម​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ក្នុង​ពិភព​លោក​នេះ។

១៤, ១៥​. តើ​គប្បីឲ្យ​មាតាបិតា​បណ្ដុះ​បណ្ដាល​ឲ្យ​កូន​មាន​ចិត្ត​ចង់​ធ្វើ​អ្វី? ហើយ​តើ​អ្វី​ជា​វិធី​មួយ​ដើម្បី​អាច​ធ្វើ​ដូច្នោះ?

១៤ មាតាបិតា​ដែល​ជា​គ្រិស្ត​សាសនិក​យល់​ឃើញ​ថា​ការ​ចិញ្ចឹម​កូន​គឺ​មិន​គ្រាន់តែ​ផ្គត់​ផ្គង់​សម្ភារៈ​ប៉ុណ្ណោះ​ទេ។ ដូច្នេះ បើ​មាតាបិតា​បង្រៀន​កូន​ឲ្យ​មាន​គោលដៅស្វែងរក​ទ្រព្យ​សម្បត្ដិ​តែ​ប៉ុណ្ណោះ នោះ​មិន​មែន​ជា​ការ​ចេះ​គិត​វែង​ឆ្ងាយ​ទេ។ (​សាស្ដ. ៧:​១២​) លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ (​ម៉ាថ. ៦:៣៣​) ដូច្នេះ​ហើយ ដោយ​យក​តម្រាប់​តាម​លោក​យេស៊ូ នោះ​មាតាបិតា​ដែល​ជា​គ្រិស្ត​សាសនិក​ក៏​គួរ​ខំ​បណ្ដុះ​បណ្ដាល​ឲ្យ​កូន​មាន​ចិត្ត​ចង់​បម្រើ​ព្រះ​កាន់​តែ​ច្រើន។

១៥ វិធី​មួយ​ដែល​មាតាបិតា​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​រក​ឱកាស​ឲ្យ​កូន​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បម្រើ​ព្រះ​ពេញ​ពេល។ ប្រសិនបើ​យុវជន​បាន​សេពគប់​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ឬ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​និង​ភរិយា​របស់​គាត់ នោះ​ពិត​ជា​លើក​ទឹក​ចិត្ត​យុវជន​នោះ​មែន។ ពួក​សាសនទូត​ដែល​មក​លេង​ពី​ប្រទេស​ក្រៅ អ្នក​ដែល​បម្រើ​នៅ​បេតអែល និង​អ្នក​ដែល​បម្រើផ្នែក​សាងសង់​អន្តរជាតិ​អាច​និយាយ​ដោយ​រំភើប​ចិត្ត​អំពី​អំណរ​ដែល​ខ្លួន​ទទួល​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ភ្ញៀវ​ទាំង​នេះ​ទំនង​ជា​រៀប​រាប់​បទ​ពិសោធន៍ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ពួក​គាត់​បម្រើ​ព្រះ​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​គំរូ​របស់​ពួក​គាត់​អាច​ជួយ​កូន​របស់​អ្នក​ច្រើន​ណាស់ ឲ្យសម្រេច​ចិត្ត​បាន​ល្អ មាន​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ ហើយ​ទទួល​ការ​អប់រំ​គ្រប់​គ្រាន់​ដើម្បី​អាច​ចិញ្ចឹម​ខ្លួន​ឯង​ពេល​បម្រើ​ព្រះ​ពេញ​ពេល។

បុត្រ​ធីតា តើ​អ្វី​នឹង​ជួយ​ប្អូន​ឲ្យ​ធ្វើ​តាម​លោក​យេស៊ូ?

១៦​. តើ​កុមារ​យេស៊ូ​គោរព​មាតាបិតា​យ៉ាង​ណា? ហើយ​តើ​លោក​យេស៊ូ​គោរព​បិតា​នៅ​ស្ថាន​សួគ៌​យ៉ាង​ដូច​ម្ដេច?

១៦ បុត្រ​ធីតា​ទាំង​ឡាយ​អើយ! លោក​យេស៊ូ​ក៏​ជា​គំរូ​ល្អ​ប្រសើរ​សម្រាប់​ប្អូន​ដែរ។ យ៉ូសែប​និង​ម៉ារៀ​ទទួល​ភារកិច្ច​ចិញ្ចឹម​កុមារ​យេស៊ូ​ហើយ​កុមារ​នេះ​បាន​ស្ដាប់​បង្គាប់​ពួក​គាត់។ (​សូម​អាន លូកា ២:៥១​) គាត់​ទទួល​ស្គាល់​ថា ទោះ​ជា​យ៉ូសែប​និង​ម៉ារៀ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ព្រះ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គាត់​ចិញ្ចឹម​អប់រំ។ ដោយ​ហេតុ​នេះ កុមារ​យេស៊ូ​ត្រូវ​គោរព​ពួក​គាត់។ (​ចោ. ៥:១៦; ម៉ាថ. ១៥:​៤​) ពេល​ធំ​ឡើង លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វីដែល​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។ នេះ​បាន​សេចក្ដី​ថា លោក​ត្រូវ​ទប់​ទល់​នឹង​ការ​ល្បង​ល។ (​ម៉ាថ. ៤:១​-​១០​) ជួនកាល​ប្អូន​ៗ​យុវវ័យ​ក៏ប្រហែលជា​មាន​អ្វីដែល​ល្បង​ល​ប្អូន​ឲ្យ​មិន​ស្ដាប់​តាម​មាតា​បិតា​ដែរ។ ដូច្នេះ តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ?

១៧, ១៨​. (​ក​) តើ​ប្អូន​ៗ​យុវវ័យ​ប្រឈម​មុខ​ការ​បង្ខិត​បង្ខំ​បែប​ណាខ្លះ​នៅ​សាលា? (​ខ​)​ ដើម្បី​ប្អូន​ៗ​អាចយ​ក​ឈ្នះ​ការ​ល្បង​ល តើ​ប្អូន​គួរ​ចង​ចាំ​អំពី​អ្វី?

១៧ មិត្ត​រួម​ថ្នាក់​ភាគ​ច្រើន​របស់​ប្អូនប្រហែលជា​មិន​សូវ​ឬ​គ្មាន​ការ​គោរព​ចំពោះ​គោលការណ៍​ក្នុង​គម្ពីរ។ ពួក​គាត់​ប្រហែលជា​ចង់បង្ខំ​ឲ្យ​ប្អូន​ចូល​រួម​ធ្វើ​អ្វីដែល​ខុស ហើយ​សើច​ចំអក​ឲ្យ ពេល​ប្អូន​មិន​ព្រម​ធ្វើ។ តើ​មិត្ត​រួម​ថ្នាក់​ធ្លាប់​បង្អាប់​ប្អូន​ដោយ​សារ​ប្អូន​មិន​ព្រម​ធ្វើ​តាម​គេ​ទេ? បើ​ធ្លាប់ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា? ប្អូន​ដឹង​ហើយ​ថា បើ​ប្អូន​ខ្លាច​គេ​ហើយ​បណ្ដោយ​ខ្លួន​ទៅ​ធ្វើ​តាម​គេ នោះ​ប្អូន​នឹង​ធ្វើ​ឲ្យ​មាតាបិតា​និង​ព្រះ​យេហូវ៉ា​ខក​ចិត្ត។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ប្អូន​បើ​ធ្វើ​តាម​មិត្ត​រួម​ថ្នាក់? ប្រហែលជា​ប្អូន​មាន​គោលដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ឬ​បម្រើ​នៅ​បេតអែល តើ​ការ​សេពគប់​ជា​មួយ​មិត្ត​រួម​ថ្នាក់​ជួយ​ប្អូន​ឲ្យ​សម្រេច​គោលដៅ​របស់​ប្អូន​បាន​ទេ?

១៨ ប្អូន​ៗ​យុវវ័យ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក តើ​ប្អូន​ធ្លាប់​ស្ថិត​ក្រោម​កាលៈទេសៈ​ដែល​ល្បង​ល​ជំនឿ​របស់​ប្អូន​ទេ? តើ​ប្អូន​បាន​ធ្វើ​អ្វី? សូម​គិត​អំពី​លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​ប្អូន។ លោក​មិន​ព្រម​ចុះ​ចាញ់​នឹង​ការ​ល្បង​ល​ទេ ហើយ​លោក​បាន​កាន់​ជំហរ​មាំ​មួន​នឹង​អ្វីដែល​លោក​ជ្រាប​ថា​ត្រឹម​ត្រូវ។ ប្រសិនបើ​ប្អូន​ចាំ​ចំណុច​នេះ នោះ​ប្អូន​នឹង​មាន​កម្លាំង​ចិត្ត​ប្រាប់​មិត្ត​រួម​ថ្នាក់​យ៉ាង​ច្បាស់​ថា ប្អូន​មិន​ព្រម​ចូល​រួម​ធ្វើ​អ្វីដែល​ប្អូន​ដឹង​ថា​ជា​អំពើ​ខុស។ ដូច​លោក​យេស៊ូ ចូរ​បន្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​ឱកាស​ដើម្បី​មាន​ជីវិត​ដ៏​សប្បាយ​ក្នុង​កិច្ច​បម្រើ​និង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។—ហេ. ១២:២

គន្លឹះ​សុភមង្គល​គ្រួសារ

១៩​. តើ​ការ​រស់​នៅ​បែប​ណា​នាំ​ឲ្យ​មាន​សុភមង្គល​ពិត?

១៩ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ចង់​ឲ្យ​មនុស្ស​សប្បាយ​រីក​រាយ។ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​សុភមង្គល​មួយ​កម្រិត​បាន។ (​អេ. ៤៨:១៧, ១៨; ម៉ាថ. ៥:​៣​) លោក​យេស៊ូ​បង្រៀន​សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន​ដើម្បីឲ្យ​មនុស្ស​មាន​សុភមង្គល ហើយ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មិន​មាន​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​លោក​ក៏​បាន​បង្រៀន​អំពី​ការ​រស់​នៅ​ដ៏​ល្អ​បំផុត​ដែរ។ បន្ថែម​ទៅ​ទៀត លោក​ទុក​គំរូ​ល្អ​ឲ្យ​យើង ចេះ​គិត​ថ្លឹង​ថ្លែង ហើយ​មិន​បាន​បាត់បង់​លំនឹង​ក្នុង​ជីវិត។ ទោះ​បី​យើង​មាន​មុខ​នាទី​អ្វី​ក៏​ដោយ​ក្នុង​ក្រុម​គ្រួសារ យើង​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ ដូច្នេះ សូម​ឲ្យ​ស្វាមី ភរិយា មាតាបិតា និង​បុត្រ​ធីតា​ទាំង​ឡាយ ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ! ការ​ទទួល​សេចក្ដី​បង្រៀន​និង​ការ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ពិត​ជា​គន្លឹះ​ដើម្បី​មាន​ជីវិត​ដែល​គាប់​ចិត្ត​និង​មាន​សុភមង្គល។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ស្វាមី​គួរ​ប្រើ​អំណាច​ដែល​ទទួល​ពី​ព្រះ​យ៉ាង​ណា​ក្នុងក្រុម​គ្រួសារ?

• តើ​ភរិយា​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

• តើ​មាតាបិតា​អាច​ទាញ​មេរៀន​អ្វី​ពី​របៀប​ដែល​លោកយេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​លោក?

• តើ​ប្អូន​ៗ​យុវវ័យ​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៣]

មុន​សម្រេច​ចិត្ត​រឿង​ណា​មួយ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​គ្រួសារ តើ​ស្វាមីដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​នឹង​ធ្វើ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៥]

តើ​កាលៈទេសៈ​ណាខ្លះ​ដែល​ភរិយា​មាន​ឱកាស​គាំទ្រ​ការ​ដឹក​នាំ​របស់​ស្វាមី?

[រូបភាព​នៅ​ទំព័រ​១៦]

កូន​យក​តម្រាប់​តាម​ទម្លាប់​ល្អ​របស់​មាតាបិតា