លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរផ្សាយដោយក្ដីក្លាហានដូចលោកយេស៊ូ

ចូរផ្សាយដោយក្ដីក្លាហានដូចលោកយេស៊ូ

ចូរ​ផ្សាយ​ដោយ​ក្ដី​ក្លាហាន​ដូច​លោក​យេស៊ូ

​«​យើង​បាន​តាំង​ចិត្ត​ក្លាហាន . . . ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​»។—១ថែ. ២:២

១​. ហេតុ​អ្វី​បាន​ជា​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត?

យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​ណា​ឮ​ដំណឹង​ល្អ។ ឯ​ដំណឹង​ល្អ​បំផុត គឺជា​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ។ ដំណឹង​ល្អ​នោះ​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ជឿ​ជាក់​ថា​សេចក្ដី​វេទនា ជំងឺ ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ ព្រម​ទាំង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។ ម្យ៉ាង​ទៀត ដំណឹង​នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​គោល​បំណង​របស់​ព្រះ ថែម​ទាំង​បញ្ជាក់​វិធី​ដែល​យើង​អាច​បង្កើត​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​លោក។ មនុស្ស​ទាំង​អស់​គួរតែ​សប្បាយ​ចិត្ត​ឮ​ដំណឹង​ល្អ​នេះ ដែល​លោក​យេស៊ូ​បាន​ផ្សាយ​ប្រាប់​មនុស្ស​ជាតិ មែន​ទេ? តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ មិន​មែន​មនុស្ស​ទាំង​អស់​សប្បាយ​ចិត្ត​ស្ដាប់​ដំណឹង​នោះ​ទេ។

២​. សូម​ពន្យល់​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់​»។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក​ដើម្បី​នាំ​យក​សន្ដិភាព​មក​ឯ​ផែនដី​ឡើយ។ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិភាពទេ។ ព្រោះ​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន កូន​ស្រី​ទាស់​នឹង​ម្ដាយ​ខ្លួន ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយក្មេក។ ដូច្នេះ សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ពួក​គេ​»។ (​ម៉ាថ. ១០:៣៤​-​៣៦​) ដូច្នេះ ជា​ជាង​សប្បាយ​ចិត្ត​ទទួល​ដំណឹង​ល្អ មនុស្ស​ភាគ​ច្រើន​បដិសេធ​មិន​ព្រម​ស្ដាប់​វិញ។ មនុស្ស​ខ្លះ​តាំង​ខ្លួន​ជា​សត្រូវ​នៃ​ពួក​អ្នក​ដែល​ប្រកាស​ដំណឹង​នោះ ទោះ​ជា​អ្នក​ទាំង​នោះ​ជា​សាច់​ញាតិ​ជិត​ក៏​ដោយ។

៣​. តើ​យើង​ត្រូវ​ការ​អ្វី ទើប​អាច​ផ្សព្វ​ផ្សាយ​បាន?

យើង​ប្រកាស​សេចក្ដី​ពិត​ដូច​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ដែរ ហើយ​ពេល​ដែល​មនុស្ស​ឮ​សេចក្ដី​ពិត​នោះ ពួក​គេ​ក៏​មាន​ប្រតិកម្មដូច​មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ​ដែរ។ នោះ​មិន​មែន​ជា​ការ​ចម្លែក​ទេ ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​បម្រើ​មិន​មែន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ។ ប្រសិនបើ​ពួក​គេ​បាន​បៀតបៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀតបៀន​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ូន. ១៥:២០​) នៅ​ប្រទេស​ជា​ច្រើន មនុស្ស​មិន​បៀតបៀន​យើង​ដោយ​ចំ​ៗ​នោះ​ទេ ប៉ុន្តែ​យើង​ជួប​មនុស្ស​ដែល​មើល​ងាយ​យើង​ឬ​មិន​ខ្ចី​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​យើង​ផ្សាយ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​មាន​ជំនឿ​និង​ចិត្ត​អង់អាច​ដើម្បី​តស៊ូ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ក្ដី​ក្លាហាន។—សូម​អាន ពេត្រុសទី២ ១:៥​-​៨

៤​. ហេតុ​អ្វី​បាន​ជា​ប៉ូល​ត្រូវ​«​តាំង​ចិត្ត​ក្លាហាន​»​ដើម្បី​ផ្សព្វ​ផ្សាយ?

ជួនកាល ប្រហែលជា​ការ​ផ្សព្វ​ផ្សាយ​គឺ​ពិបាក​ចំពោះ​អ្នក ឬ​ក៏​ប្រហែលជា​មាន​របៀប​ផ្សព្វ​ផ្សាយ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច។ បើ​ដូច្នេះ អ្នក​ក៏​ដូច​ពួក​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​ដែរ។ សាវ័ក​ប៉ូល​ជា​អ្នក​ផ្សាយ​ដែល​អង់អាច​ក្លាហាន​ហើយ​គាត់​ស្គាល់​ក្ដី​ពិត​យ៉ាង​ច្បាស់​ល្អ តែ​ជួនកាល​ការ​ផ្សព្វ​ផ្សាយ​ក៏​ធ្លាប់​ជា​ការ​ពិបាក​សម្រាប់​គាត់​ដែរ។ គាត់​បាន​សរសេរ​ទៅ​កាន់​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​ក្រោយ​ពី​យើង​បាន​រង​ទុក្ខ ហើយ​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​ព្រហើន​មក​លើ​យើង​នៅ​ក្រុង​ភីលីព (​ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​) នោះ​យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ដោយ​ខំ​តស៊ូ​យ៉ាង​ខ្លាំង​»។ (​១ថែ. ២:២​) នៅ​ក្រុង​ភីលីព ពួក​អាជ្ញាធរ​បាន​វាយ​ប៉ូល​និង​ស៊ីឡាស​នឹង​ដំបង បោះ​ពួក​គាត់​ចូល​ក្នុង​គុក រួច​ដាក់​ខ្នោះ​ជើង។ (​សកម្ម. ១៦:១៦​-​២៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​និង​ស៊ីឡាស​បាន​«​តាំង​ចិត្ត​ក្លាហាន​»​ ហើយ​បន្ត​ផ្សព្វ​ផ្សាយ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ដើម្បី​ឆ្លើយ​សំណួរ​នោះ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ​នៅ​សម័យ​គម្ពីរ​ឲ្យ​និយាយ​ដោយ​ក្ដី​ក្លាហាន​អំពី​ព្រះ​យេហូវ៉ា រួច​បន្ទាប់​មក​យើង​នឹង​រៀន​វិធី​ដែល​យើង​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​ពួក​គាត់។

ត្រូវ​ការ​ភាព​ក្លាហាន​ទើប​អាច​ប្រឈម​មុខ​នឹង​សត្រូវ

៥​. តាំង​ពី​កំណើត​មនុស្ស​ជាតិ ហេតុ​អ្វី​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​រមែង​ត្រូវ​ការ​ភាព​ក្លាហាន?

យើង​ដឹង​ហើយ​ថា អ្នក​ដែល​ជា​គំរូ​ល្អ​បំផុត​ស្តី​អំពី​ភាព​អង់អាច​ក្លាហាន​គឺ​លោក​យេស៊ូ​គ្រិស្ត។ ក៏​ប៉ុន្តែ តាំង​តែ​ពី​កំណើត​មនុស្ស​ជាតិ អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​តែង​តែ​ត្រូវ​ការ​ភាព​ក្លាហាន។ ហេតុ​អ្វី? បន្ទាប់​ពី​កើត​មាន​ការ​ប្រឆាំង​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​ទាយ​ទុក​ជា​មុន​ថា អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​បម្រើ​សាថាន​នឹង​មាន​សេចក្ដី​ខ្មាំង​ឬ​ជាស​ត្រូវ​នឹង​គ្នា។ (​លោ. ៣:១៥​) សេចក្ដី​ខ្មាំង​នោះ​បាន​លេច​ឡើង​យ៉ាង​ឆាប់ ពេល​អេបិល​ដែល​ជា​មនុស្ស​សុចរិត ត្រូវ​សម្លាប់​ដោយ​បង​ប្រុស​របស់​គាត់។ ក្រោយ​មក​ទៀត មនុស្ស​បាន​តាំង​ខ្លួន​ជាស​ត្រូវ​របស់​បុរស​ស្មោះ​ត្រង់​មួយ​ទៀត​ដែល​ធ្លាប់​រស់​នៅ​សម័យ​មុន​ទឹក​ជំនន់ ពោល​គឺ​អេណុក។ អេណុក​បាន​ទាយ​ថា ព្រះ​នឹង​មក​ជា​មួយ​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត។ (​យូ. ១៤, ១៥​) មនុស្ស​ច្បាស់​ជា​មិន​ពេញ​ចិត្ត​ស្ដាប់​ដំណឹង​នោះ​ទេ។ មនុស្ស​បាន​ស្អប់​អេណុក ហើយ​តាម​មើល​ទៅ ពួក​គេ​មុខ​ជា​បាន​សម្លាប់​គាត់​ប្រសិនបើ​ព្រះ​យេហូវ៉ា​មិន​បាន​ទទួល​យក​គាត់​ទៅ។—លោ. ៥:២១​-​២៤

៦​. ហេតុ​អ្វី​ម៉ូសេ​ត្រូវ​ការ​ភាព​ក្លាហាន​ដើម្បី​ទៅ​ជួប​ផារ៉ូ?

សូម​គិត​អំពី​ភាព​ក្លាហាន​របស់​ម៉ូសេ​ដែរ ពេល​ដែល​គាត់​ត្រូវ​ទៅ​ជួប​ផារ៉ូ(​ផារ៉ោន​)។ មនុស្ស​មិន​មែន​ចាត់​ទុក​ថា​ផារ៉ូ​ត្រឹម​តែ​ជា​តំណាង​ព្រះ​ប៉ុណ្ណោះ​ទេ គឺ​ពួក​គេ​ចាត់​ទុក​ថា​ផារ៉ូ​ជា​ព្រះ​តែ​ម្ដង គឺ​បុត្រ​របស់​ព្រះ​រ៉ា ជា​ព្រះ​ដែល​គ្រប់​គ្រង​ព្រះអាទិត្យ។ ផារ៉ូ​នោះ​ក៏​ប្រហែលជា​ធ្លាប់​គោរព​បូជា​រូប​ចម្លាក់​ដែល​ជា​រូប​គាត់​តែ​ម្ដង ដូច​ផារ៉ូ​ឯ​ទៀត​ធ្លាប់​ធ្វើ​ដែរ។ ឲ្យ​តែ​ផារ៉ូ​មាន​ប្រសាសន៍ ពាក្យ​នោះ​ទៅ​ជា​ច្បាប់។ លោក​មាន​អំណាច​ខ្លាំងក្លា មាន​អំណួត ហើយ​ក៏​រឹង​ចចេស។ លោក​មិន​ធ្លាប់​មាន​គេ​មក​បង្គាប់​បញ្ជា​ទេ។ គឺ​បុរស​នោះ​ឯង​ដែល​ម៉ូសេ ជា​គង្វាល​រាប​ទាប​ម្នាក់ ត្រូវ​ទៅ​ជួប​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​គ្មាន​អ្នក​ណា​អញ្ជើញ ហើយ​ដោយ​គ្មាន​អ្នក​ណា​ចង់​ឲ្យ​មក។ លុះ​ជួប​ហើយ តើ​ម៉ូសេ​បាន​ទាយ​ប្រាប់​ផារ៉ូ​អំពី​អ្វី? គាត់​បាន​ទាយ​ថា ជន​ជាតិ​អេស៊ីប​នឹង​រង​ទុក្ខវេទនា​ដ៏​សម្បើម។ ហើយ​តើ​ម៉ូសេ​បាន​ទាម​ទារ​អ្វី? គឺ​ទាម​ទារ​ឲ្យ​ផារ៉ូ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បម្រើ​ប៉ុន្មាន​លាន​នាក់​របស់​លោក​ចាក​ចេញ​ពី​ប្រទេស! តើ​ម៉ូសេ​ត្រូវ​ការ​ភាព​ក្លាហាន​ទេ? ពិត​ជា​ត្រូវ​ការ​មែន!—ជន. ១២:៣; ហេ. ១១:២៧

៧, ៨​. (​ក​) តើ​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ធ្លាប់​រស់​នៅ​សម័យ​មុន​គ្រិស្ត​ធ្លាប់​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ? (​ខ​)​ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ស្មោះ​ត្រង់​នៅ​សម័យ​មុន​គ្រិស្ត​មាន​ភាព​ក្លាហាន​ក្នុង​ការ​លើក​តម្កើង​និង​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ?

ក្នុង​អំឡុង​រាប់​រយ​ឆ្នាំ​បន្ទាប់​ពី​នោះ ពួក​អ្នក​ប្រកាស​ទំនាយ​និង​អ្នក​បម្រើ​ឯ​ទៀត​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​បាន​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ​យ៉ាង​ក្លាហាន។ ពិភព​លោក​របស់​សាថាន​មិន​បាន​ប្រព្រឹត្ត​ល្អ​មក​លើ​ពួក​គេ​ទេ។ ប៉ូល​ប្រាប់​ថា​៖ ​«​ពួក​គេ​បាន​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់ ត្រូវ​គេ​ល្បង​ល និង​ត្រូវ​គេ​អារ​បណ្ដាច់​ខ្លួន។ ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ឃាត​ដោយ​ដាវ បាន​ស្លៀក​រោម​ចៀម​និង​រោម​ពពែ ក៏​បាន​ខ្វះ​ខាត រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ធ្វើ​បាប​»។ (​ហេ. ១១:៣៧​) តើ​អ្វី​បាន​ជួយ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​កាន់​ជំហរ​មាំ​មួន? ក្នុង​បទ​គម្ពីរ​មុន​ខ​នោះ សាវ័ក​ប៉ូល​បញ្ជាក់​ពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​អេបិល អាប្រាហាំ សារ៉ា និង​អ្នក​ឯ​ទៀត​មាន​កម្លាំង​ចិត្ត​ស៊ូ​ទ្រាំ។ គាត់​សរសេរ​ថា​៖ ​«​ទោះ​ជា​ពួក​គេ​មិន​បាន​ទទួល​អ្វី​ដែល​បាន​ត្រូវ​សន្យា​ក៏​ដោយ ក៏​ពួក​គេ​បាន​ឃើញ​ការ​នោះ​ពី​ចម្ងាយ​[​ដោយ​ជំនឿ​] ហើយ​បាន​រីករាយ​នឹង​ការ​នោះ​»។ (​ហេ. ១១:១៣​) ពួក​អ្នក​ប្រកាស​ទំនាយ​ដូច​អេលីយ៉ា និង​យេរេមា ហើយ​ពួក​អ្នក​ស្មោះ​ត្រង់​ឯទៀត​ដែល​បាន​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ​ដោយ​ក្លាហាន​មុន​សម័យ​គ្រិស្ត ក៏​មាន​ទំនុក​ចិត្ត​មុត​មាំ​ដែរ​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​លោក។ ទំនុក​ចិត្ត​នោះ​ច្បាស់​ជា​បាន​ជួយ​ឲ្យ​ពួក​គេ​ស៊ូ​ទ្រាំ។—ទីត. ១:២

ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ធ្លាប់​រស់​នៅ​មុន​សម័យ​គ្រិស្ត មាន​ក្ដី​សង្ឃឹម​បាន​អនាគត​ភ្លឺ​ស្វាង​ដែល​គួរ​ជា​ទី​ពេញ​ចិត្ត។ ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​បន្ដិច​ម្ដង​ៗ​ ហើយ​នឹង​ត្រូវ​«​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ​»​ តាម​រយៈ​ជំនួយ​របស់​គ្រិស្ត​យេស៊ូ​ដែល​ជាស​ម្ដេច​សង្ឃ និង​១៤៤​.​០០០​នាក់​ដែល​ជា​សង្ឃ​ថ្នាក់​ក្រោម។ (​រ៉ូម ៨:២១​) ម្យ៉ាង​ទៀត យេរេមា​និង​ពួក​អ្នក​ក្លាហាន​ឯ​ទៀត​ដែល​បាន​បម្រើ​ព្រះ​នៅ​សម័យ​បុរាណ ក៏​មាន​ចិត្ត​អង់អាច​ដោយ​សារ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ដូច​អ្វី​ដែល​លោក​បាន​សន្យា​នឹង​យេរេមា​ថា​៖ ​«​គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បីនឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»។ (​យេ. ១:១៩​) សព្វ​ថ្ងៃ​នេះ ពេល​ដែល​យើង​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​អនាគត​របស់​យើង ហើយ​ពិ​ចារណាអំពី​សេចក្ដី​សន្យា​របស់​លោក​ថា លោក​នឹង​ការពារ​យើង​ពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក នោះ​ក៏​ពង្រឹង​កម្លាំង​ចិត្ត​របស់​យើង​ដែរ។—សុភ. ២:៧; សូម​អាន កូរិនថូសទី២ ៤:​១៧, ១៨

ក្ដី​ស្រឡាញ់​ជំរុញ​លោក​យេស៊ូ​ឲ្យ​ផ្សាយ​ដោយ​ភាព​ក្លាហាន

៩, ១០​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ភាព​ក្លាហាន​យ៉ាង​ដូច​ម្ដេច​ខ្លះ នៅ​ចំពោះ​មុខ (​ក​)​ ពួក​អ្នក​ដឹក​នាំ​សាសនា? (​ខ​)​ ពួក​ទាហាន? (​គ​)​ សម្ដេច​សង្ឃ? (​ឃ​)​ ពីឡាត?

លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​យើង បាន​បង្ហាញ​ភាព​ក្លាហាន​ដោយ​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ទោះ​ជា​ពួក​អ្នក​មាន​អំណាចបាន​ស្អប់​លោក​ក៏​ដោយ ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​ត្រង់​ៗ​តាម​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​មនុស្ស​ដឹង។ លោក​មិន​បន្ថែម​បន្ថយ​សម្ដី​ដើម្បី​ត្រូវ​ចិត្ត​មនុស្ស​ទេ។ ដោយ​ក្ដី​ក្លាហាន លោក​បាន​លាត​ត្រដាង​មុខ​មាត់​ពិត​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ថា ពួក​គេ​ជា​មនុស្ស​ប្រកាន់​ថា​ខ្លួន​សុចរិត​និង​បង្រៀន​អ្វី​ដែល​មិន​ពិត។ បុរស​ទាំង​នោះ​គួរ​នឹង​ផ្ដន្ទា​ទោស ហើយ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​ដូច្នេះ​យ៉ាង​ច្បាស់​និង​ដោយ​ត្រង់​ៗ។ មាន​ពេល​មួយ​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​គឺ​ប្រៀប​ដូច​ជា​កន្លែង​បញ្ចុះ​សព ដែល​លាប​កំបោរ​ស។ ខាង​ក្រៅ​មើល​ទៅ​ឃើញ​ស្អាត​មែន ប៉ុន្តែ​ខាង​ក្នុង​ពោរ​ពេញ​ទៅ​ដោយ​ឆ្អឹង​សាកសព​និង​អ្វី​ៗ​សព្វ​បែប​យ៉ាង​ដែល​ស្មោកគ្រោក។ ស្រ​ដៀង​គ្នា​ដែរ តាម​ទស្សនៈ​មនុស្ស អ្នក​រាល់​គ្នា​មើល​ទៅ​ដូច​ជា​សុចរិត​មែន ប៉ុន្តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ពុត​ត្បុត និង​ការ​ប្រឆាំង​ច្បាប់​វិញ​»។—ម៉ាថ. ២៣:២៧, ២៨

១០ ពេល​ដែល​លោក​ប្រឈម​មុខ​ពួក​ទាហាន​មួយ​ក្រុម​នៅ​សួន​ហ្គេតសេម៉ានី លោក​មិន​បាន​លាក់​ខ្លួន​ទេ តែ​បាន​ចេញ​មក​យ៉ាង​ក្លាហាន។ (​យ៉ូន. ១៨:៣​-​៨​) ក្រោយ​មក ពួក​គេ​បាន​នាំ​លោក​ទៅ​តុលាការ​ជាន់​ខ្ពស់ ហើយ​សម្ដេច​សង្ឃ​បាន​សួរ​ចម្លើយ។ ទោះ​ជា​លោក​យេស៊ូ​ដឹង​ថា សម្ដេច​សង្ឃ​កំពុង​តែ​រក​ហេតុ​សម្លាប់​លោក​ក៏​ដោយ ក៏​លោក​នៅ​តែ​បញ្ជាក់​ប្រាប់​យ៉ាង​ក្លាហាន​ថា លោក​ជា​គ្រិស្ត​និង​ជា​បុត្រ​ព្រះ។ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា ពួក​គេ​នឹង​ឃើញ​លោក​«​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ​»។ (​ម៉ាក. ១៤:៥៣, ៥៧​-​៦៥​) មិន​យូរ​ក្រោយ​នោះ លោក​យេស៊ូ​បាន​ឈរ​ទាំង​ជាប់​ចំណង​នៅ​មុខ​ពីឡាត ដែល​មាន​អំណាច​អាច​រំដោះ​លោក​ឲ្យ​រួច។ ប៉ុន្តែ​លោក​យេស៊ូ​បាន​នៅ​ស្ងៀម​ពេល​មាន​គេ​ចោទ​ប្រកាន់។ (​ម៉ាក. ១៥:១​-​៥​) ការ​ទាំង​អស់​នោះ​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ណាស់។

១១​. តើ​ភាព​ក្លាហាន​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

១១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​ពីឡាត​ថា​៖ ​«​ខ្ញុំ​បាន​កើត​មក ក៏​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​ការ​នោះ​ឯង ពោល​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត​»។ (​យ៉ូន. ១៨:៣៧​) ព្រះ​យេហូវ៉ា​បាន​បង្គាប់លោក​យេស៊ូ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ហើយ​លោក​យេស៊ូ​សប្បាយ​ចិត្ត​ធ្វើ​ដូច្នេះ ពីព្រោះ​លោក​ស្រឡាញ់​បិតា​របស់​លោក។ (​លូក. ៤:១៨, ១៩​) លោក​យេស៊ូ​ក៏​បាន​ស្រឡាញ់​មនុស្ស។ លោក​ជ្រាប​ថា​ជីវិត​របស់​ពួក​គេ​គឺ​ពិបាក​ណាស់។ ដូច​គ្នា​ដែរ យើង​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​និង​អង់អាច​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​យ៉ាង​ជ្រាល​ជ្រៅ។—ម៉ាថ. ២២:៣៦​-​៤០

សកម្ម​ពល​បរិសុទ្ធ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ផ្សាយ​ដោយ​ក្ដី​ក្លាហាន

១២​. តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​នៅ​សម័យ​ដើម​អរ​សប្បាយ?

១២ ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​លោក​យេស៊ូ​បាន​ទទួល​មរណភាព​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​អរ​សប្បាយ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​នាំ​ពួក​អ្នក​កាន់​តាម​ថ្មី​ឲ្យ​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់។ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​សោះ​មាន​ប្រហែល​៣​.​០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក! ក្នុង​ចំណោម​ពួក​គេ​មាន​ជន​ជាតិ​ដទៃ​ដែល​កាន់​សាសនា​យូដា និង​ជន​ជាតិ​យូដា​ពី​ប្រទេស​ផ្សេង​ៗ ដែល​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​ថ្ងៃ​ទី​៥០។ មនុស្ស​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម​ទំនង​ជា​បាន​និយាយ​គ្នា​អំពី​ការ​អស្ចារ្យ​នេះ! គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​ចាប់​តាំង​មាន​ចិត្ត​កោត​ខ្លាច ហើយ​ការ​អស្ចារ្យ​និង​សញ្ញា​សម្គាល់​ជា​ច្រើន​ក៏​បាន​ចាប់​ផ្ដើម​កើត​ឡើង​តាម​រយៈ​ពួក​សាវ័ក​»។—សកម្ម. ២:​៤១, ៤៣

១៣​. ហេតុ​អ្វី​បាន​ជា​បង​ប្អូន​បាន​អធិដ្ឋាន​សុំ​ព្រះ​ផ្ដល់​ភាព​ក្លាហាន? តើ​មាន​លទ្ធផល​អ្វី?

១៣ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ខឹង​យ៉ាង​ខ្លាំង ក៏​ចាប់​ពេត្រុស​និង​យ៉ូហាន ទុក​ឃុំ​អស់​មួយ​យប់ រួច​បង្គាប់​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ។ ពេល​ដែល​ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង ពួក​គាត់​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​អធិដ្ឋាន​អំពី​ការ​ប្រឆាំង​ដែល​ពួក​គាត់​កំពុង​តែ​ប្រឈម​មុខ ដោយ​សុំ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម . . . អនុគ្រោះ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ​«​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពេញ​ទៅ​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ក៏​បាន​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន​»។—សកម្ម. ៤:២៤​-​៣១

១៤​. តើ​សកម្ម​ពល​បរិសុទ្ធ​ជួយ​យើង​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១៤ សូម​កត់​សម្គាល់​ថា​គឺ​សកម្ម​ពល​បរិសុទ្ធ​ដ៏​ខ្លាំងក្លា​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ជួយ​ពួក​អ្នក​កាន់​តាម​ទាំង​នោះ​ឲ្យ​ផ្សាយ​បណ្ដាំ​របស់ព្រះ​ដោយ​ក្ដី​ក្លាហាន។ បើ​យើង​ពឹង​កម្លាំង​ខ្លួន នោះ​យើង​មិន​អាច​មាន​ភាព​ក្លាហាន​ដើម្បី​ផ្សាយ​ក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត​រួម​ទាំង​អ្នក​ដែល​ប្រឆាំង​យើង​បាន​ទេ។ ព្រះ​យេហូវ៉ា​អាច​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​ដល់​យើង ហើយ​លោក​នឹង​ឲ្យ​សកម្ម​ពល​នោះ ប្រសិនបើ​យើង​សុំ​ពី​លោក។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​អាច​មាន​ភាព​ក្លាហាន​ល្មម​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ទាំង​អស់។—សូម​អាន ទំនុក​តម្កើង ១៣៨:៣

គ្រិស្ត​សាសនិក​ផ្សាយ​ដោយ​ភាព​ក្លាហាន​សព្វ​ថ្ងៃ​នេះ

១៥​. សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​បាន​ត្រូវ​ញែក​ចេញ​ពី​គ្នា​ដោយ​សារ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​សម័យ​យើង​ក៏​ដូច​នៅ​សម័យ​មុន​ដែរ មនុស្ស​បាន​ត្រូវ​ញែក​ចេញ​ពី​គ្នា​ជា​បន្ត​បន្ទាប់​ដោយ​សារ​សេចក្ដី​ពិត។ មនុស្ស​ខ្លះ​សប្បាយ​ចិត្ត​ស្ដាប់ រីឯ​អ្នក​ផ្សេង​ទៀត​មិន​យល់​ហើយ​ក៏​មិន​ឲ្យ​តម្លៃ​ទៅ​លើ​របៀប​យើង​គោរព​ប្រណិប័តន៍​ព្រះ។ អ្នក​ខ្លះ​រិះ​គន់​យើង ខ្លះ​ទៀត​ចំអក​មើល​ងាយ ហើយ​ក៏​មាន​អ្នក​ដែល​ស្អប់​យើង​ទៀត ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ (​ម៉ាថ. ១០:២២​) ជួនកាល​មាន​គេ​បង្កាច់​បង្ខូច​ឬ​ក៏​និយាយ​ខុស​អំពី​យើង​តាម​រយៈ​បណ្ដាញ​ផ្សាយ​ព័ត៌មាន។ (​ទំនុក. ១០៩:​១​-​៣​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រកាស​ដំណឹង​ល្អ​យ៉ាង​ក្លាហាន​ពេញ​ពិភព​លោក។

១៦​. តើ​បទ​ពិសោធន៍​អ្វី​បង្ហាញ​ថា​ភាព​ក្លាហាន​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សាយ​ផ្លាស់​ប្ដូរ​ទស្សនៈ?

១៦ ភាព​ក្លាហាន​របស់​យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ពួក​គេ​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ បង​ស្រី​ម្នាក់​នៅ​ប្រទេស​គៀហ្គីស្ថាន​រៀប​រាប់​ថា​៖​«​ពេល​ដែល​ខ្ញុំ​កំពុង​ផ្សព្វផ្សាយ ម្ចាស់​ផ្ទះ​មួយ​ប្រាប់​ខ្ញុំ​ថា​៖ ‹ខ្ញុំ​ជឿ​ទៅ​លើ​ព្រះ តែ​មិន​មែន​ព្រះ​របស់​ពួក​គ្រិស្ត​សាសនិក​ទេ។ បើ​ឯង​ហ៊ាន​មក​ជាន់​ផ្ទះ​នេះ​ទៀត ខ្ញុំ​នឹង​លែង​ឆ្កែ​ឲ្យ​ខាំ​ឯង​តែ​ម្ដង!›។ នៅ​ខាង​ក្រោយ​គាត់​មាន​ឆ្កែ​ធំ​មួយ​ដែល​ជាប់​ច្រវាក់។ ក៏​ប៉ុន្តែ ពេល​ដែល​យើង​កំពុង​ចែក​ខិត្តប័ណ្ណ​ដំណឹង​ព្រះរាជាណាចក្រ លេខ​៣៧ ដែល​មាន​ចំណង​ជើង​‹សាសនា​មិន​ពិត​ជិត​ត្រូវ​បំផ្លាញ​ហើយ!› ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​ដដែល​នោះ​ដោយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ជួប​សមាជិក​ម្នាក់​ទៀត​ក្នុង​ក្រុម​គ្រួសារ​របស់​បុរស​នោះ។ ក៏​ប៉ុន្តែ​បុរស​ដដែល​នោះ​បាន​បើក​ទ្វារ។ ភ្លាម​ៗ​នោះ​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា រួច​និយាយ​ថា​៖ ‹ជម្រាប​សួរ! ខ្ញុំ​ចាំ​អ្វី​ដែល​យើង​បាន​និយាយ​គ្នា​បី​ថ្ងៃ​មុន ហើយ​ខ្ញុំ​ក៏​ចាំ​ឆ្កែ​របស់​បង​ដែរ។ ប៉ុន្តែ​ខ្ញុំ​ចង់​យក​ខិត្តប័ណ្ណ​នេះ​មក​ជូន​បង ដោយ​សារ​ខ្ញុំ​ក៏​ជឿ​ថា​មាន​ព្រះ​ពិត​តែ​មួយ​ដូច​បង​ជឿ​ដែរ។ មិន​យូរ​ទៀត ព្រះ​នឹង​ដាក់​ទោស​សាសនា​ណា​ដែល​ធ្វើ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិយស។ បង​អាច​រៀន​ថែម​ទៀត​អំពី​រឿង​នោះ​ដោយ​អាន​ខិត្តប័ណ្ណ​នេះ›។ អ្វី​ដែល​អស្ចារ្យ​គឺ​បុរស​នោះ​ព្រម​ទទួល​ខិត្តប័ណ្ណ​ដំណឹង​ព្រះរាជាណាចក្រ។ រួច​មក​ខ្ញុំ​ទៅ​ផ្ទះ​មួយ​ទៀត។ តែ​ប៉ុន្មាន​នាទី​ក្រោយ​មក បុរស​នោះ​បាន​រត់​តាម​ខ្ញុំ​ដោយ​កាន់​ខិត្តប័ណ្ណ​នោះ​ក្នុង​ដៃ។ គាត់​និយាយ​ថា​៖ ‹ខ្ញុំ​អាន​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​រង​កំហឹង​របស់​ព្រះ?›​»។ បុរស​នោះ​ចាប់​ផ្ដើម​រៀន​គម្ពីរ ហើយ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

១៧​. តើ​ភាព​ក្លាហាន​របស់​បង​ស្រី​ម្នាក់​ជួយ​សិស្ស​គម្ពីរ​ដែល​ខ្លាច ឲ្យ​មាន​ក្ដី​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៧ ភាព​ក្លាហាន​របស់​យើង​ក៏​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​មាន​ភាព​ក្លាហាន​ដែរ។ នៅ​ប្រទេស​រូស៊ី​បង​ស្រី​ម្នាក់​ដែល​កំពុង​តែ​ជិះ​ឡាន​ក្រុង​បាន​ឲ្យ​ទស្សនាវដ្ដី​មួយ​ដល់​អ្នក​ដំណើរ​ម្នាក់ ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ស្ទុះ​ឈរ កញ្ឆក់​យក​ទស្សនាវដ្ដី​នោះ​ចេញ​ពី​ដៃ​បង​ស្រី ហើយ​ញី​វា រួច​បោះ​ទៅ​ក្រោម។ គាត់​ស្រែក​ជេរ​បង​ស្រី​នោះ​ឮ​ៗ ហើយ​ទាម​ទារ​ឲ្យ​ប្រាប់​អាសយដ្ឋាន ក៏​ព្រមាន​ថា​មិន​ត្រូវ​ប្រកាស​នៅ​ភូមិ​នោះ​ទៀត​ទេ។ បង​ស្រី​នោះ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ក៏​នឹក​ឃើញ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ​»។ (​ម៉ាថ. ១០:២៨​) ដោយ​ត្រជាក់​ចិត្ត បង​ស្រី​យើង​ឈរ​ឡើង​ហើយ​ប្រាប់​បុរស​ថា​៖ ​«​ខ្ញុំ​មិន​ឲ្យ​អាសយដ្ឋាន​ខ្ញុំ​ទេ ហើយ​ខ្ញុំ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ក្នុង​ភូមិ​នេះ​ទៀត​»។ លុះ​និយាយ​ចប់​ហើយ គាត់​ក៏​ចុះ​ពី​ឡាន​ក្រុង​ទៅ។ បង​ស្រី​នោះ​មិន​បាន​ដឹង​ថា សិស្ស​គម្ពីរ​ម្នាក់​របស់​គាត់​កំពុង​ជិះ​ឡាន​ក្រុង​នោះ​ដែរ។ សិស្ស​គម្ពីរ​នោះ​មិន​ព្រម​ទៅ​ប្រជុំ​ដោយ​សារ​ខ្លាច​គេ​បៀតបៀន​ប្រឆាំង។ ក៏​ប៉ុន្តែ ក្រោយ​ពី​ឃើញ​ភាព​ក្លាហាន​របស់​បង​ស្រី​យើង សិស្ស​គម្ពីរ​នោះ​សម្រេច​ចិត្ត​ទៅ​ប្រជុំ។

១៨​. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ផ្សព្វ​ផ្សាយ​ដោយ​ក្ដី​ក្លាហាន​ដូច​លោក​យេស៊ូ?

១៨ ក្នុង​ពិភព​លោក​នេះ​ដែល​ដាច់​ឆ្ងាយ​ពី​ព្រះ យើង​ត្រូវ​មាន​ភាព​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​ដូច​លោក​យេស៊ូ។ តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ? ចូរ​គិត​អំពី​អនាគត។ អ្នក​ក៏​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង​ជា​និច្ច។ អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​មាន​ក្ដី​ក្លាហាន។ កុំ​ភ្លេច​ថា អ្នក​មិន​ដែល​នៅ​ម្នាក់​ឯង​ទេ ព្រោះ​លោក​យេស៊ូ​នៅ​ជា​មួយ​អ្នក។ (​ម៉ាថ. ២៨:២០​) សកម្ម​ពល​បរិសុទ្ធ​នឹង​ពង្រឹង​កម្លាំង​របស់​អ្នក។ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ហើយ​គាំទ្រ​អ្នក។ ដូច្នេះ ចូរ​យើង​មាន​ចិត្ត​ក្លាហាន​ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?​»។—ហេ. ១៣:៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ពួក​អ្នក​បម្រើ​ព្រះ​ត្រូវ​ការ​ភាព​ក្លាហាន?

• ស្តី​អំពី​ភាព​ក្លាហាន តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់ . . .

ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ធ្លាប់​រស់​នៅ​សម័យ​មុន​គ្រិស្ត?

លោក​យេស៊ូ​គ្រិស្ត?

គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម?

គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៨]

ដោយ​ក្ដី​ក្លាហាន លោក​យេស៊ូ​បាន​លាត​ត្រដាង​មុខ​មាត់​ពិត​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា

[រូបភាព​នៅ​ទំព័រ​៣០]

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ភាព​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ