លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គន្លឹះ​សុភមង្គល​គ្រួសារ

ការ​ប្រដៅ​អប់រំ​កូន

ការ​ប្រដៅ​អប់រំ​កូន

តារា: * មុន​ឪពុក​ម្ដាយ​ដាក់​ទោស​ខ្ញុំ​ពេល​ខ្ញុំ​ធ្វើ​អ្វី​ខុស​មួយ ពួក​គាត់​ខំ​យល់​ពី​រឿង​ដែល​បាន​កើត​ឡើង ហើយ​ពី​មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​ខុស។ ដូច្នេះ ខ្ញុំ​ខំ​ប្រព្រឹត្ត​ដូច​ពួក​គាត់​ដែរ ពេល​ដែល​ខ្ញុំ​ប្រដៅ​កូន​ស្រី​ៗ​របស់​ខ្ញុំ។ តែ​ចំណែក​ឪពុក​និង​ម្ដាយ​របស់​ប្រពន្ធ​ខ្ញុំ​ឈ្មោះ​បុប្ផា ពួក​គាត់​ដាក់​ទោស​កូន​ភ្លាម​ៗ។ តាម​មើល​ទៅ ពួក​គាត់​ធ្លាប់​ដាក់​ទោស​កូន​ដោយ​មិន​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​មូលហេតុ​ដែល​កូន​បាន​ធ្វើ​ខុស។ ជួនកាល​ខ្ញុំ​គិត​ថា ប្រពន្ធ​ខ្ញុំ​ដាក់​ទោស​កូន​ដោយ​ឥត​ត្រា​ប្រណី​ស្រ​ដៀង​នឹង​ឪពុក​ម្ដាយ​គាត់​ដែរ។

ពិសី: ឪពុក​ខ្ញុំ​បាន​បោះបង់​ចោល​ក្រុម​គ្រួសារ​យើង​តាំង​ពី​ខ្ញុំ​អាយុ​ប្រាំ​ឆ្នាំ​ម្ល៉េះ។ គាត់​មិន​ដែល​គិត​អំពី​ខ្ញុំ​និង​បង​ប្អូន​បី​នាក់​របស់​ខ្ញុំ​សោះ។ ម្ដាយ​ខ្ញុំ​ខំ​ធ្វើ​ការ​ទាំង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​យើង ហើយ​ខ្ញុំ​ក៏​បាន​ទទួល​បន្ទុក​មួយ​ចំណែក​ធំ​ដើម្បី​ជួយ​ថែ​រក្សា​ប្អូន​ស្រី​ៗ​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​សប្បាយ​ដូច​ក្មេង​ឯ​ទៀត​ទេ ព្រោះ​ខ្ញុំ​ត្រូវ​បំពេញ​តួនាទី​ជា​ម្ដាយ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ជា​មនុស្ស​ម៉ឺង​ម៉ាត់​ច្រើន​ជាង​ចេះ​លេង​សើច។ ពេល​ខ្ញុំ​ត្រូវ​ប្រដៅ​កូន​ខ្ញុំ ខ្ញុំ​ចេះ​តែ​យក​កំហុស​របស់​ពួក​គេ​មក​គិត​ហើយ​គិត​ទៀត។ ខ្ញុំ​ចង់​ដឹង​អំពី​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​ពួក​គេ​ធ្វើ​ខុស ក៏​ចង់​ដឹង​ថា​ពួក​គេ​គិត​ដូច​ម្ដេច​បាន​ជា​នឹក​ឃើញ​ធ្វើ​ដូច្នោះ។ ក៏​ប៉ុន្តែ​ប្ដី​ខ្ញុំ​ឈ្មោះ​សារិន មិន​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​ទេ។ ឪពុក​គាត់​ម៉ឺង​ម៉ាត់ តែ​រមែង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​នឹង​ប្រពន្ធ។ ពេល​កូន​យើង​ធ្វើ​ខុស ប្ដី​ខ្ញុំ​ឆាប់​ដោះ​ស្រាយ​បញ្ហា​នោះ។ គាត់​ខំ​យល់​អំពី​បញ្ហា​ឲ្យ​បាន​សព្វ​គ្រប់ ក៏​ដោះ​ស្រាយ​រឿង​រ៉ាវ​នោះ រួច​មិន​យក​មក​គិត​ទៀត​ទេ។

បទ​ពិសោធន៍​របស់​តារា​និង​ពិសី​បង្ហាញ​ថា របៀប​ឪពុក​ម្ដាយ​របស់​អ្នក​បាន​ប្រដៅ​អប់រំ​រូប​អ្នក អាច​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​របៀប​ដែល​អ្នក​ប្រដៅ​អប់រំ​កូន។ បើ​ប្ដី​និង​ប្រពន្ធ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ខុស​គ្នា​ពី​ឪពុក​ម្ដាយ​របស់​ពួក​គាត់ នោះ​ពួក​គាត់​ទំនង​ជា​មាន​គំនិត​ផ្សេង​គ្នា​ស្តី​អំពី​របៀប​អប់រំ​កូន។ ជួនកាល​ការ​ខ្វែង​គំនិត​គ្នា​នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ​មាន​ភាព​តាន​តឹង។

ពេល​ដែល​ពួក​គាត់​ល្វើយ​អស់​កម្លាំង នោះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ច្រើន​ជាង​មុន។ ពេល​កូន​ដំបូង​កើត​មក ឪពុក​ម្ដាយ​ដឹង​យ៉ាង​ឆាប់​ថា ការ​ប្រដៅ​អប់រំ​កូន​ជា​កិច្ច​ការ​ពេញ​ពេល​ដែល​នាំ​ឲ្យ​នឿយ​ហត់​ណាស់។ គន្ធា​និង​ប្ដី​របស់​គាត់​ឈ្មោះ​វិទូ​បាន​ចិញ្ចឹម​កូន​ស្រី​ពីរ​នាក់។ គន្ធា​ប្រាប់​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​របស់​ខ្ញុំ​ណាស់ តែ​កម្រ​ណាស់​ដែល​ពួក​គេ​ចង់​ចូល​គេង​ពេល​ខ្ញុំ​ចង់​ឲ្យ​គេ​គេង។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​ភ្ញាក់​ពី​គេង​ខុស​ពេល។ ពេល​ខ្ញុំ​ខំ​និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់ ពួក​គេ​ក៏​រំខាន​ខ្ញុំ។ ពួក​គេ​មិន​យក​ស្បែក​ជើង ខោ​អាវ ប្រដាប់ប្រដា​ក្មេង​លេង ឬ​ម្ហូប​ទៅ​ទុក​នៅ​កន្លែង​ដើម​ទេ​»។

បុរស​ម្នាក់​ឈ្មោះ​សម្បត្ដិ​មាន​ប្រពន្ធ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បន្ទាប់​ពី​កើត​កូន​ទី​២។ សម្បត្ដិ​ប្រាប់​ថា​៖ ​«​ច្រើន​ដង ខ្ញុំ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​នឿយ​ហត់។ ពេល​ទៅ​ដល់​ផ្ទះ ខ្ញុំ​ត្រូវ​អត់​ងងុយ​រហូត​ដល់​កណ្ដាល​អធ្រាត្រ​ជួយ​ថែ​រក្សា​កូន​ង៉ែត​របស់​យើង។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក ហើយ​នាំ​ឲ្យ​ខ្ញុំ​ប្រដៅ​អប់រំ​កូន​ស្រី​ច្បង​មិន​ទៀង​ទេ។ កូន​ស្រី​ច្បង​បែរ​ជា​ច្រណែន​ដោយ​សារ​យើង​ត្រូវ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ដល់​កូន​ពៅ​ដែរ​»។

ពេល​ដែល​ឪពុក​ម្ដាយ​អស់​កម្លាំង​ហើយ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​របៀប​អប់រំ​កូន នោះ​ជម្លោះ​អំពី​រឿង​តូច​តាច​អាច​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រកែក​គ្នា​យ៉ាង​ដាច់អហង្ការ។ បើ​មិន​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា នោះ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​ប្រេះ​ឆា ហើយ​អាច​នាំ​ឲ្យ​កូន​ដឹង​ចិត្ត​ឪពុក​ម្ដាយ។ ក្នុង​គម្ពីរ តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជា​និច្ច​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ព្រម​ទាំង​អប់រំ​កូន​បាន​ល្អ?

ប្ដី​ប្រពន្ធ​ត្រូវ​ចំណាយ​ពេល​ជា​មួយ​គ្នា

ព្រះ​ចង់​ឲ្យ​មនុស្ស​រៀប​អាពាហ៍ពិពាហ៍​មុន​ដែល​មាន​កូន ហើយ​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​នោះ​ស្ថិតស្ថេរ​ជា​រៀង​រហូត​ក្រោយ​ពី​កូន​បែក​ផ្ទះ។ ស្តី​អំពី​ចំណង​អាពាហ៍ពិពាហ៍ គម្ពីរ​ចែង​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថាយ ១៩:៦​) តែ​ចំណែក​កូន​វិញ ជំពូក​ដដែល​នោះ​ចែង​ថា ព្រះ​មាន​បំណង​ឲ្យ​កូន​«​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន​»។ (​ម៉ាថាយ ១៩:៥​) ដូច្នេះ ការ​ចិញ្ចឹម​អប់រំ​កូន​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ មិន​មែន​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ស្ថិតស្ថេរ​ឡើយ។ ពិត​មែន​តែ​ឪពុក​ម្ដាយ​ត្រូវ​ចំណាយ​ពេល​អប់រំ​កូន ប៉ុន្តែ​ពួក​គាត់​គួរ​ចង​ចាំ​ថា ដើម្បី​អប់រំ​កូន​បាន​ល្អ ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​គួរតែ​មាន​ភាព​ស្និទ្ធ​ស្នា​ល។

តើ​អ្វី​ជា​វិធី​មួយ​ដែល​ប្ដី​ប្រពន្ធ​អាច​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជា​និច្ច​ក្នុង​អំឡុង​ពេល​កូន​នៅ​ក្នុង​បន្ទុក? បើ​អាច​ធ្វើ​បាន សូម​លៃ​ពេល​ជា​ទៀង​ទាត់​ដើម្បី​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់។ បើ​ធ្វើ​ដូច្នេះ​អ្នក​នឹង​មាន​ឱកាស​ពិភាក្សា​អំពី​រឿង​សំខាន់​ៗ​ដែល​ទាក់​ទង​នឹង​ក្រុម​គ្រួសារ ហើយ​សប្បាយ​ជា​មួយ​គ្នា។ តែ​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​តែ​ពីរ​នាក់​គឺ​មិន​ងាយ​ស្រួល​ទេ។ បុប្ផា ជា​ម្ដាយ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បាន​និយាយ​ថា​៖ ​«​ពេល​ណា​ខ្ញុំ​គិត​ថា​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ប្ដី​ខ្ញុំ ស្រាប់​តែ​កូន​ពៅ​យើង​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​កូន​ស្រី​អាយុ​៦​ឆ្នាំ​មាន​បញ្ហា​មួយ ដូច​ជា​មិន​អាច​រក​ឃើញ​ខ្មៅ​ដៃ​»​។

គន្ធា​និង​វិទូ ជា​ប្ដី​ប្រពន្ធ​ដែល​បាន​ពណ៌​នា​ខាង​លើ បាន​លៃ​យក​ពេល​ដោយ​កំណត់​ម៉ោង​ដែល​កូន​ត្រូវ​ចូល​គេង ហើយ​តម្រូវ​ឲ្យ​ធ្វើ​តាម​កាលវិភាគ​នោះ។ គន្ធា​ប្រាប់​ថា​៖ ​«​យើង​កំណត់​ម៉ោង​ឲ្យ​កូន​ចូល​គេង ហើយ​កូន​ដឹង​ថា​ពេល​ដល់​ម៉ោង​នោះ ពួក​គេ​ត្រូវ​នៅ​លើ​គ្រែ​ដើម្បី​ឲ្យ​យើង​បិទ​ភ្លើង ហើយ​ចូល​គេង។ ធ្វើ​ដូច្នោះ ខ្ញុំ​និង​វិទូ​មាន​ពេល​សម្រាក​ហើយ​និយាយ​គ្នា​»។

ដោយ​រៀប​ចំ​ឲ្យ​កូន​មាន​ទម្លាប់​ចូល​គេង​យ៉ាង​ទៀង​ទាត់ នោះ​ប្ដី​ប្រពន្ធ​មិន​គ្រាន់តែ​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​កូន​មិន​ឲ្យ​«​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត​»​ផង​ដែរ។ (​រ៉ូម ១២:៣​) នៅ​ទី​បំផុត កូន​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​គោរព​ម៉ោង​ចូល​គេង​អាច​កត់​សម្គាល់​ថា ទោះ​ជា​ពួក​គេ​ជា​ផ្នែក​សំខាន់​ក្នុង​គ្រួសារ​ក៏​ពិត​មែន តែ​ក៏​មាន​អ្នក​ឯ​ទៀត​ក្នុង​គ្រួសារ​ដែល​សំខាន់​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​ត្រូវ​ធ្វើ​តាម​ទម្លាប់​របស់​គ្រួសារ ជា​ជាង​សង្ឃឹម​ឲ្យ​គ្រួសារ​កែប្រែ​ទម្លាប់​តាម​ចិត្ត​របស់​ពួក​គេ​វិញ។

សូម​សាក​វិធី​នេះ: សូម​កំណត់​ម៉ោង​ឲ្យ​កូន​ចូល​គេង​ឲ្យ​បាន​ទៀង​ទាត់ ហើយ​ធ្វើ​តាម​កាលវិភាគ​នោះ​រាល់​ដង។ បើ​កូន​ប្រាប់​ពី​មូលហេតុ​ដែល​គេ​ចង់​នៅ​យូរ​បន្ដិច​មិន​ទាន់​ចូល​គេង ដូច​ជា​ចង់​ផឹក​ទឹក អ្នក​អាច​ធ្វើ​តាម​សំណូម​ពរ​មួយ​របស់​គេ។ ប៉ុន្តែ​កុំ​ឲ្យ​កូន​យក​លេស​នៅ​យូរ​ដោយ​លើក​ឡើង​សំណូម​ពរ​ពី​មួយ​ទៅ​មួយ​មិន​ចេះ​ចប់។ បើ​កូន​សុំ​នៅ​ប្រាំ​នាទី​លើស​ម៉ោង​ចូល​គេង ហើយ​អ្នក​ចង់​ធ្វើ​តាម​សំណូម​ពរ​របស់​កូន នោះ​សូម​ដាក់​នាឡិកា​ឲ្យ​រោទ៍​ប្រាំ​នាទី​ក្រោយ​មក។ ពេល​នាឡិកា​រោទ៍ នោះ​ឲ្យ​កូន​ចូល​គេង​ដោយ​មិន​ធ្វើ​តាម​សំណូម​ពរ​ឯ​ទៀត​របស់​កូន។ ដូច្នេះ សូម​រក្សា​ពាក្យ​សម្ដី​របស់​អ្នក ​«​បើ​ថា​‹មែន›​ គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ​»។—ម៉ាថាយ ៥:៣៧

ជៀស​វាង​ប្រកែក​គ្នា​នៅ​មុខ​កូន

សុភាសិត​ដ៏​ល្អ​មួយ​ចែង​ថា​៖ ​«​កូន​អើយ! ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ​»។ (​សុភាសិត ១:៨​) បទ​គម្ពីរ​នេះ​បញ្ជាក់​ថា​ទាំង​ឪពុក​ទាំង​ម្ដាយ​មាន​សិទ្ធិ​អំណាច​លើ​កូន។ យ៉ាង​ណា​ក៏​ដោយ ប្ដី​ប្រពន្ធ​ដែល​មាន​ការ​ចិញ្ចឹម​អប់រំ​ស្រ​ដៀង​គ្នា​ក៏​ប្រហែលជា​មិន​យល់​ស្រប​គ្នា​អំពី​វិធី​អប់រំ​កូន ហើយ​ត្រូវ​ប្រើ​ច្បាប់​គ្រួសារ​មួយ​ណា​ក្នុង​កាលៈទេសៈ​ផ្សេង​ៗ។ តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ជោគជ័យ​ក្នុង​កាលៈទេសៈ​នោះ?

តារា​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ គាត់​ថ្លែង​ថា​៖ ​«​ខ្ញុំ​គិត​ថា​គឺ​សំខាន់​មិន​ឲ្យ​យើង​ប្រកែក​គ្នា​នៅ​មុខ​កូន​»។ ប៉ុន្តែ គាត់​សារភាព​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ពិបាក​ណាស់។ គាត់​បន្ថែម​ថា​៖ ​«​កូន​ពូកែ​សង្កេត​មើល​ណាស់។ កូន​អាច​ដឹង​បើ​យើង​ខ្វែង​គំនិត​គ្នា សូម្បី​តែ​យើង​មិន​និយាយ​ក៏​ដោយ​»។

តើ​តារា​និង​បុប្ផា​បាន​យក​ឈ្នះ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? បុប្ផា​និយាយ​ថា​៖ ​«​ប្រសិនបើ​ខ្ញុំ​មិន​ឯកភាព​នឹង​វិធី​ដែល​ប្ដី​ខ្ញុំ​ប្រដៅ​កូន​ស្រី នោះ​ខ្ញុំ​ចាំ​រហូត​ដល់​កូន​ទៅ​កន្លែង​ដែល​មិន​អាច​ឮ​យើង​និយាយ​គ្នា មុន​ប្រាប់​ប្ដី​អំពី​មតិ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ដឹង​ចិត្ត​យើង។ បើ​កូន​ដឹង​ថា​យើង​ខ្វែង​គំនិត​គ្នា ខ្ញុំ​ប្រាប់​កូន​ថា​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​ធ្វើ​តាម​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​តាម​ការ​ដឹក​នាំ​របស់​ឪពុក​កូន ដូច​ជា​កូន​ត្រូវ​ចុះ​ចូល​នឹង​ការ​ដឹក​នាំ​របស់​យើង​ជា​ឪពុក​ម្ដាយ​ផង​ដែរ​»។ (​កូរិនថូសទី១ ១១:៣; អេភេសូរ ៦:១​-​៣​) តារា​ពោល​ថា​៖ ​«​ពេល​ដែល​យើង​នៅ​ជា​មួយ​គ្នា​ជា​គ្រួសារ ធម្មតា​ខ្ញុំ​ជា​អ្នក​ដែល​ប្រដៅ​កូន។ ប៉ុន្តែ​បើ​បុប្ផា​ដឹង​ពី​រឿង​រ៉ាវ​នោះ​ច្រើន​ជាង ខ្ញុំ​ឲ្យ​គាត់​ប្រដៅ​កូន ហើយ​ខ្ញុំ​គាំទ្រ​យោបល់​គាត់។ បើ​ខ្ញុំ​មិន​យល់​ស្រប​នឹង​អ្វី​មួយ ខ្ញុំ​នឹង​និយាយ​ជា​មួយ​គាត់​ពេល​កូន​មិន​នៅ​ទី​នោះ​»។

ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​អប់រំ​កូន​អាច​នាំ​ឲ្យ​ប្ដី​ប្រពន្ធ​ខឹង​គ្នា ហើយ​ជា​លទ្ធផល ធ្វើ​ឲ្យ​កូន​មិន​សូវ​គោរព​ឪពុក​ម្ដាយ។ ដូច្នេះ តើ​អ្នក​អាច​បង្ការ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?

សូម​សាក​វិធី​នេះ: សូម​កំណត់​ម៉ោង​យ៉ាង​ទៀង​ទាត់​រាល់​សប្ដាហ៍​ដើម្បី​និយាយ​អំពី​រឿង​ប្រដៅ​អប់រំ​កូន ហើយ​បើ​មាន​ការ​ខ្វែង​គំនិត​គ្នា សូម​និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម។ សូម​ព្យាយាម​យល់​ទស្សនៈ​របស់​គូ​ខ្លួន ហើយ​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា ទំនាក់​ទំនង​រវាង​ម្ដាយ​និង​កូន​គឺ​ខុស​គ្នា​ពី​ទំនាក់​ទំនង​រវាង​ឪពុក​និង​កូន។

បង្កើន​ភាព​ស្និទ្ធ​ស្នា​ល​រវាង​ប្ដី​និង​ប្រពន្ធ

គ្មាន​ការ​សង្ស័យ​សោះ​ឡើយ​ថា ការ​អប់រំ​កូន​គឺ​ជា​កិច្ចការ​ដ៏​លំបាក​មួយ។ ជួនកាល មើល​ទៅ​កិច្ចការ​នេះ​ស៊ីកម្លាំង​របស់​អ្នក​ច្រើន​ណាស់។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់ កូន​នឹង​បែក​ផ្ទះ ហើយ​អ្នក​ទាំង​ពីរ​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ដូច​ដើម។ តើ​ការ​ចិញ្ចឹម​អប់រំ​កូន​នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាង​ឬ​មិន​ជិត​ស្និទ្ធ​ដូច​ដើម? ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​ផ្អែក​ទៅ​លើ​របៀប​ដែល​អ្នក​អនុវត្ត​តាម​គោលការណ៍​នេះ​បាន​ល្អ​ប៉ុណ្ណា​ដែល​មាន​នៅ​ក្នុង​សៀវភៅ​សាស្ដា ៤:៩, ១០ ដែល​ថា​៖ ​«​មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន។ ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​»។

ពេល​ឪពុក​ម្ដាយ​ជួយ​ជ្រោង​ជ្រែង​គ្នា នោះ​អាច​ទទួល​លទ្ធផល​ដែល​នាំ​ឲ្យ​ពេញ​ចិត្ត។ ពិសី​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ បញ្ជាក់​ពី​អារម្មណ៍​របស់​គាត់​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ប្ដី​ខ្ញុំ​មាន​គុណ​សម្បត្ដិ​ល្អ​ជា​ច្រើន តែ​តាម​រយៈ​ការ​ចិញ្ចឹម​អប់រំ​កូន នោះ​ខ្ញុំ​បាន​ឃើញ​គុណ​សម្បត្ដិ​ល្អ​ៗ​ឯ​ទៀត​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពី​មុន។ ពេល​ដែល​ខ្ញុំ​ឃើញ​របៀប​ដែល​គាត់​ថែ​រក្សា​កូន​ដោយ​ក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​ស្រឡាញ់​និង​គោរព​គាត់​កាន់​តែ​ច្រើន​»។ តារា​បាន​និយាយ​អំពី​បុប្ផា​ថា​៖ ​«​ការ​ឃើញ​របៀប​ដែល​ប្រពន្ធ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ម្ដាយ​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កោត​សរសើរ​និង​ស្រឡាញ់​គាត់​យ៉ាង​ជ្រាល​ជ្រៅ​»។

ប្រសិនបើ​អ្នក​ចំណាយ​ពេល​ជា​មួយ​គូ​របស់​អ្នក ហើយ​រួម​សហការ​គ្នា​ចិញ្ចឹម​អប់រំ​កូន​ក្នុង​អំឡុង​ពេល​កូន​នៅ​ក្នុង​បន្ទុក នោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​កាល​ដែល​កូន​ធំ​ពេញ​វ័យ។ ដោយ​ឪពុក​ម្ដាយ​ធ្វើ​ដូច្នោះ នោះ​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​កូន។

^ វគ្គ 3 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

សូម​សួរ​ខ្លួន​ឯង​ថា . . .

  •   រាល់​សប្ដាហ៍ តើ​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​តែ​ពីរ​នាក់​ជា​មួយ​ប្ដី​ឬ​ប្រពន្ធ​ខ្ញុំ?

  • ពេល​គូ​ខ្ញុំ​ប្រដៅ​អប់រំ​កូន តើ​ខ្ញុំ​បាន​គាំទ្រ​គាត់​តាម​វិធី​ណាខ្លះ?