លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»

«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»

«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​

​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ កាល​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ —យូ. ២១

១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​យើង​តាម​វិធី​ណាខ្លះ? ហើយ​តើ​យើង​គួរ​សន្មត​ថា ព្រះ​យេហូវ៉ា​នឹង​ស្រឡាញ់​យើង​ជា​រៀង​រហូត​ទេ ទោះ​ជា​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​យើង តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន​រាប់​មិន​អស់។ ភ័ស្តុតាង​ជាក់​ស្តែង​បំផុត​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង គឺ​ដោយ​លោក​បាន​រៀប​ចំ​ឲ្យ​មាន​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ជាតិ​ខ្លាំង​ណាស់! រហូត​ដល់​លោក​បាន​ចាត់​បុត្រ​ស្ងួន​ភ្ងា​របស់​លោក​ឲ្យ​មក​ផែនដី ដើម្បី​ស្លាប់​ជំនួស​យើង​ទាំង​អស់​គ្នា។ (​យ៉ូន. ៣:១៦​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដោយ​ព្រោះ​លោក​ចង់​ឲ្យ​យើង​រស់​ជា​រៀង​រហូត ហើយ​ក៏​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ពី​ក្ដី​ស្រឡាញ់​របស់​លោក​ជា​និរន្តរ​ដែរ!

តើ​យើង​គួរ​សន្មត​ថា ព្រះ​យេហូវ៉ា​នឹង​ស្រឡាញ់​យើង​ជា​រៀង​រហូត​ទេ ទោះ​ជា​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ? មិន​មែន​ទេ ពីព្រោះ​នៅ​សៀវភៅ​យូដាស​ខ​២១ យើង​អាន​ការ​ដាស់​តឿន​នេះ​ដែល​ថា​៖ ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ កាល​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ឃ្លា​ដែល​ថា ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​បង្ហាញ​ថា យើង​ត្រូវ​ចាត់​វិធានការ​ជា​មុន​សិន ទើប​អាច​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់?

តើ​យើង​អាច​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

៣​. តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​ត្រូវ​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់ ដើម្បី​រក្សា​ខ្លួន​ជា​បុគ្គល​ដែល​ព្រះ​ស្រឡាញ់?

ចម្លើយ​ចំពោះ​សំណួរ​នេះ​មាន​នៅ​ក្នុង​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​លោក​ពោល​នៅ​រាត្រី​ចុង​ក្រោយ​ដែល​លោក​នៅ​ផែនដី។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ​»។ (​យ៉ូន. ១៥:១០​) ដូច​ខ​នេះ​បញ្ជាក់ លោក​យេស៊ូ​បាន​យល់​ថា ការ​កាន់​តាម​បញ្ញត្ដិ​នៃ​ព្រះ​យេហូវ៉ា គឺ​សំខាន់​ចាំ​បាច់​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌។ ប្រសិនបើ​បុត្រ​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​ត្រូវ​កាន់​តាម​បញ្ញត្ដិ​ទាំង​នោះ ទើប​អាច​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​បិតា​លោក ចុះ​ទម្រាំ​ដល់​យើង​វិញ​នោះ? យើង​ពិត​ជា​ត្រូវ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​ជា​ដាច់​ខាត!

៤, ៥​. (​ក​) តើ​អ្វី​ជា​វិធី​សំខាន់​បំផុត​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា? (​ខ​) ស្តី​អំពី​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​យើង​គ្មាន​ហេតុ​ជំទាស់​ពាក្យ​បង្គាប់​របស់​លោក?

វិធី​សំខាន់​បំផុត​ដែល​យើង​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​ដោយ​ស្ដាប់​បង្គាប់​លោក។ សាវ័ក​យ៉ូហាន​បាន​ពោល​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ (​១យ៉ូន. ៥:​៣​) ពិត​មែន មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ មិន​ចូល​ចិត្ត​ស្ដាប់​បង្គាប់​សោះ។ ប៉ុន្តែ សូម​កត់​សម្គាល់​ឃ្លា​ដែល​ថា​៖ ​«​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ ព្រះ​យេហូវ៉ា​មិន​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​យើង​ឡើយ។

ជា​ឧទាហរណ៍ តើ​អ្នក​នឹង​សុំ​ឲ្យ​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​យួរ​អ្វី​មួយ​ដែល​អ្នក​ដឹង​ថា ធ្ងន់​ពេក​សម្រាប់​គាត់​ទេ? ពិត​ជា​អត់​ទេ! តែ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ល្អ​ជាង​យើង​ឆ្ងាយ​ណាស់ ហើយ​យល់​ច្បាស់​អំពី​កម្រិត​សមត្ថភាព​របស់​យើង​ម្នាក់​ៗ ជាង​យើង​ទៅ​ទៀត។ គម្ពីរ​ប្រាប់​ថា ព្រះ​យេហូវ៉ា​«​នឹក​ចាំ​ថា យើង​គ្រាន់តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។ (​ទំនុក. ១០៣:១៤​) ព្រះ​នឹង​មិន​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​យើង​គ្មាន​សមត្ថភាព​ធ្វើ​នោះ​ឡើយ។ ដូច្នេះ ស្តី​អំពី​ការ​ស្ដាប់​តាម​ព្រះ យើង​គ្មាន​ហេតុ​ជំទាស់​ពាក្យ​បង្គាប់​របស់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ទទួល​ស្គាល់​ថា ការ​ស្ដាប់​បង្គាប់​ព្រះ​ជា​វិធី​ដ៏​ល្អ​មួយ ដែល​យើង​បង្ហាញ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ថា យើង​ពិត​ជា​ស្រឡាញ់​លោក​មែន ហើយ​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់​ដែរ។

អំណោយ​ពិសេស​ពី​ព្រះ​យេហូវ៉ា

៦, ៧​. (​ក​) តើ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ជា​អ្វី? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​សមត្ថភាព​វិនិច្ឆ័យ​អាច​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

ក្នុង​ពិភព​លោក​នេះ​ដែល​មាន​ភាព​ស្មុគ​ស្មាញ យើង​ត្រូវ​សម្រេច​ចិត្ត​រឿង​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ការ​ស្ដាប់​បង្គាប់​ព្រះ។ តើ​យើង​អាច​ប្រាកដ​ថា​ការ​សម្រេច​ចិត្ត​ទាំង​នេះ​គឺ​សម​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អំណោយ​មួយ​ឲ្យ​យើង​ដើម្បី​ជួយ​យើង​យ៉ាង​ច្រើន​ក្នុង​ការ​ស្ដាប់​បង្គាប់​លោក។ អំណោយ​នេះ​គឺ សមត្ថភាព​វិនិច្ឆ័យ​ខ្លួន។ តើ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ជា​អ្វី? គឺជា​សមត្ថភាព​គិត​ពិចារណា​អំពី​ការ​ប្រព្រឹត្ត ចិត្ត​គំនិត និង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​នេះ​ជួយ​យើង​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​យើង ល្អ​ឬ​អាក្រក់ ត្រូវ​ឬ​ក៏​ខុស។—សូម​អាន រ៉ូម ២:១៤, ១៥

តើ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​អាច​ជួយ​យើង​យ៉ាង​ណា? សូម​គិត​ពី​ឧទាហរណ៍​មួយ។ អ្នក​កំពុង​តែ​ដើរ​នៅ​ជើង​ភ្នំ។ ស្រាប់​តែ​ថ្ងៃ​លិច​ហើយ​ចាប់​ផ្ដើម​ងងឹត។ តើ​អ្នក​ត្រូវ​ការ​អ្វី​ដើម្បី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព? ពិត​ជា​ត្រូវ​ការ​ពិល​ដើម្បី​បំភ្លឺ​ផ្លូវ មែន​ទេ? ប្រសិនបើ​គ្មាន​ពិល អ្នក​មើល​ផ្លូវ​មិន​ឃើញ ហើយ​អាច​វង្វេង​ផ្លូវ​ឬ​មាន​គ្រោះ​ថ្នាក់​ដែរ។ បើ​មាន​ពិល នោះ​អាច​បំភ្លឺ​ផ្លូវ ហើយ​ជួយ​អ្នក​ជៀស​វាង​គ្រោះ​ថ្នាក់​បាន។ ស្រ​ដៀង​គ្នា​ដែរ ប្រសិនបើ​បុគ្គល​ម្នាក់​គ្មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ទេ គាត់​នឹង​មិន​ដឹង​ថា គួរ​សម្រេច​ចិត្ត​យ៉ាង​ណា​ក្នុង​ជីវិត ទើប​អាច​សម្រេច​ចិត្ត​បាន​ល្អ​ត្រឹម​ត្រូវ។ គាត់​អាច​សម្រេច​ចិត្ត​ខុស ហើយ​ក៏​អាច​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ អាស្រ័យ​ហេតុ​នេះ សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​របស់​យើង​សំខាន់​ណាស់!

៨, ៩​. (​ក​) តើ​យើង​គួរ​ចង​ចាំ​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​មាន​កម្រិត​យ៉ាង​ណា? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​សមត្ថភាព​វិនិច្ឆ័យ​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​យើង?

ប៉ុន្តែ ដូច​ពិល សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​មាន​កម្រិត។ បើ​សិន​ជា​ពិល​របស់​យើង​អស់​ថ្ម ក៏​មិន​មាន​អ្វី​បំភ្លឺ​ផ្លូវ​របស់​យើង​ដែរ។ ដូច​គ្នា​ដែរ ប្រសិនបើ​យើង​ចេះ​តែ​ធ្វើ​តាម​អារម្មណ៍​និង​ចិត្ត​របស់​យើង តើ​អ្វី​នឹង​កើត​ឡើង? សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មាន​ក្នុង​ចិត្ត អាច​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​លែង​បំភ្លឺ​ផ្លូវ​របស់​យើង។ គម្ពីរ​ព្រមាន​យើង​ថា ​«​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង​»។ (​យេ. ១៧:៩; សុភ. ៤:​២៣​) នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ពឹង​ផ្អែក​លើ​ការ​ណែនាំ​ក្នុង​គម្ពីរ។ បើ​យើង​មិន​ធ្វើ​ដូច​នេះ សមត្ថភាព​វិនិច្ឆ័យ​នឹង​លែង​ជួយ​យើង ដូច​ជា​ពិល​ដែល​អស់​ថ្ម។ (​ទំនុក. ១១៩:១០៥​) គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​ក្នុង​គម្ពីរ ហើយ​ចង់​ធ្វើ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​វិញ។ (​សូម​អាន អេភេសូរ ៤:១៧​-​១៩​) នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន នៅ​តែ​ធ្វើ​អ្វី​ដែល​អាក្រក់​ជួជាតិ។—១ធី. ៤:២

យើង​គួរ​តាំង​ចិត្ត​មិន​ធ្វើ​ដូច​ពួក​គេ​ឡើយ! ផ្ទុយ​ទៅ​វិញ សូម​យើង​ទុក​បណ្ដាំ​របស់​ព្រះ​ឲ្យ​ណែនាំ​និង​អប់រំ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ដើម្បី​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដល់​ជា​ប្រយោជន៍​ដល់​យើង។ បន្ថែម​ទៅ​ទៀត យើង​ត្រូវ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន ជា​ជាង​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មាន​ក្នុង​ចិត្ត​កាន់កាប់​ទាំង​ស្រុង​ទៅ​លើ​សមត្ថភាព​វិនិច្ឆ័យ​នោះ។ ព្រម​ជា​មួយ​គ្នា​នេះ យើង​ក៏​ចង់​គិត​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​បង​ប្អូន​រួម​ជំនឿ​យើង​ផង​ដែរ។ យើង​ព្យាយាម​មិន​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​ឯ​ទៀត​ជំពប់​ដួល ថែម​ទាំង​ចាំ​ថា សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​អាច​ប្រកាន់​ច្រើន​ជាង​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង។—១កូ. ៨:១២; ២កូ. ៤:​២; ១ពេ. ៣:១៦

១០​. ក្នុង​ជីវិត​យើង តើ​មាន​វិធី​បី​ណា​ដែល​យើង​អាច​បង្ហាញ​ការ​ស្ដាប់​បង្គាប់​និង​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ?

១០ ឥឡូវ​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​វិធី​បី​យ៉ាង​ក្នុង​ជីវិត ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​បង្គាប់​លោក។ ពិត​មែន​ហើយ សមត្ថភាព​វិនិច្ឆ័យ​នឹង​ជួយ​យើង​ធ្វើ​តាម​វិធី​ទាំង​បី​នេះ ប៉ុន្តែ​គឺ​សំខាន់​ដែល​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ទទួល​ការ​អប់រំ​ពី​ច្បាប់​សីលធម៌​របស់​គម្ពីរ​ជា​មុន​សិន។ វិធី​បី​យ៉ាង​ដែល​យើង​អាច​បង្ហាញ​នូវ​ការ​ស្ដាប់​បង្គាប់​និង​ក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​គឺ (​១​) ព្រះ​ស្រឡាញ់​អ្នក​ណា យើង​ស្រឡាញ់​អ្នក​នោះ​ដែរ (​២​) យើង​គោរព​និង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង ហើយ (​៣​) យើង​ព្យាយាម​រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ​ស្រប​តាម​ច្បាប់​របស់​ព្រះ។

ព្រះ​ស្រឡាញ់​អ្នក​ណា យើង​ស្រឡាញ់​អ្នក​នោះ​ដែរ

១១​. បើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ណា ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​អ្នក​នោះ​ដែរ?

១១ ទី​១ ព្រះ​ស្រឡាញ់​អ្នក​ណា យើង​ត្រូវ​ស្រឡាញ់​អ្នក​នោះ​ដែរ។ ស្តី​អំពី​ការ​សេពគប់ មនុស្ស​អាច​ប្រៀប​ដូច​ជា​អេប៉ុង។ យើង​ច្រើន​តែ​ស្រូប​យក​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង។ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​ដឹង​ថា ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ អ្នក​ដែល​យើង​សេពគប់​ជា​មួយ​អាច​នាំ​ឲ្យ​យើង​ធ្វើ​ខុស ឬ​ក៏​អាច​ជួយ​យើង​វិញ។ អាស្រ័យ​ហេតុ​នេះ លោក​ឲ្យ​ដំបូន្មាន​ល្អ​នេះ​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។ (​សុភ. ១៣:២០; ១កូ. ១៥:៣៣​) គ្មាន​យើង​ណា​ម្នាក់​ចង់​«​ខូច​បង់​»​ឡើយ តែ​យើង​គ្រប់​គ្នា​ចង់​«​មាន​ប្រាជ្ញា​»​វិញ។ ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ច្រើន​បំផុត ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​នាំ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​អាក្រក់​បាន​ដែរ។ ប៉ុន្តែ លោក​ទុក​គំរូ​ល្អ​ណាស់​សម្រាប់​យើង​ស្តី​អំពី​ការ​សេពគប់។ សូម​គិត​ទៅ​មើល តើ​ព្រះ​យេហូវ៉ា​ជ្រើស​រើស​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​បែប​ណា ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក?

១២​. តើ​ព្រះ​យេហូវ៉ា​ជ្រើស​រើស​មនុស្ស​បែប​ណា​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក?

១២ ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ជា​«​សំ​ឡាញ់​»​របស់​លោក។ (​អេ. ៤១:៨​) បុរស​ម្នាក់​នេះ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់ សុចរិត និង​ចេះ​ស្ដាប់​បង្គាប់ ពោល​គឺជា​មនុស្ស​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​យ៉ា. ២:២១​-​២៣​) ព្រះ​យេហូវ៉ា​ជ្រើស​រើស​មិត្ត​សម្លាញ់​ដូច​នេះ។ សព្វ​ថ្ងៃ ព្រះ​យេហូវ៉ា​នៅ​តែ​ជ្រើស​រើស​មនុស្ស​បែប​នេះ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក។ ប្រសិនបើ​ព្រះ​យេហូវ៉ា​ជ្រើស​រើស​មិត្ត​សម្លាញ់​បែប​នេះ ចុះ​ទម្រាំ​ដល់​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​វិញ? គឺ​សំខាន់​ណាស់ ដែល​យើង​ជ្រើស​រើស​ពួក​ម៉ា​ក​ល្អ ហើយ​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ ហើយ​មាន​ប្រាជ្ញា​ដែរ។

១៣​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ពួកម៉ាក​ល្អ?

១៣ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ជ្រើស​រើស​ពួកម៉ាក​ល្អ? ការ​ពិនិត្យ​មើល​គំរូ​ក្នុង​គម្ពីរ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​ដូច្នេះ។ សូម​គិត​អំពី​ចំណង​មិត្តភាព​រវាង​នាង​រូថ​និង​ន៉ាអូមី ដែល​ជា​ម្ដាយក្មេក​របស់​គាត់ ហើយ​រវាង​ដាវីឌ​និង​យ៉ូណាថាន ឬ​រវាង​ធីម៉ូថេ​និង​ប៉ូល។ (​រស់. ១:១៦, ១៧; ១សាំ. ២៣:១៦​-​១៨; ភី. ២:១៩​-​២២​) អ្នក​ទាំង​នេះ​អាច​ធ្វើ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​គ្នា​បាន ដោយ​សារ​មូលហេតុ​សំខាន់​ចម្បង​មួយ​គឺ ពួក​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ។ តើ​អ្នក​អាច​ស្វែងរក​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​អ្នក​បាន​ទេ? ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពោរ​ពេញ​ទៅ​ដោយ​បុគ្គល​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពួកម៉ាក​បែប​នេះ នឹង​មិន​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ជួយ​អ្នក​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា សាប​ព្រោះ​ដោយ​គិត​ពី​សកម្ម​ពល​របស់​លោក ថែម​ទាំង​ជួយ​អ្នក​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​លោក​ផង​ដែរ។ (​សូម​អាន កាឡាទី ៦:៧, ៨​) មែន​ហើយ ពួកម៉ាក​ល្អ​បែប​នេះ នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

គោរព​និង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង

១៤​. ហេតុ​អ្វី​ពិបាក​ឲ្យ​យើង​គោរព​និង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង?

១៤ វិធី​ទី​២​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ជាប់​ទាក់​ទង​នឹង​អំណាច​គ្រប់​គ្រង។ យើង​ត្រូវ​គោរព​និង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង។ នៅ​ពេល​ខ្លះ ហេតុ​អ្វី​ការ​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង​ពិបាក​ម្ល៉េះ? ហេតុ​មួយ​គឺ​ដោយ​សារ​មនុស្ស​ដែល​កាន់​អំណាច​គ្រប់​គ្រង​សុទ្ធតែ​មិន​ល្អ​ឥត​ខ្ចោះ។ ម្យ៉ាង​ទៀត យើង​ក៏​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ យើង​ត្រូវ​ព្យាយាម​ទប់​ទល់​ចំពោះ​ទំនោរ​ចិត្ត​ចង់​បះបោរ ដែល​យើង​មាន​តាំង​តែ​ពី​កំណើត​មក។

១៥, ១៦​. (​ក​) ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​គោរព​និង​ធ្វើ​តាម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​ថែ​រក្សា​រាស្ត្រ​របស់​លោក? (​ខ​) តើ​យើង​អាច​ទាញ​មេរៀន​អ្វី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​រអ៊ូ​រទាំ​ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​ម៉ូសេ?

១៥ អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹បើ​សិន​ជា​ការ​គោរព​មនុស្ស​ដែល​មាន​អំណាច​គ្រប់​គ្រង​គឺ​ពិបាក​ម្ល៉េះ ហេតុ​អ្វី​យើង​ចាំ​បាច់​គោរព​ពួក​គេ?›។ ចម្លើយ​គឺ​ជាប់​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ តើ​អ្នក​នឹង​ជ្រើស​រើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​អ្នក? ប្រសិនបើ​យើង​ជ្រើស​រើស​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​គ្រប់​គ្រង យើង​ត្រូវ​ទទួល​ស្គាល់​អំណាច​គ្រប់​គ្រង​របស់​លោក។ បើ​យើង​មិន​ធ្វើ​ដូច្នេះ តើ​យើង​ពិត​ជា​អាច​និយាយ​ថា លោក​ជា​អ្នក​គ្រប់​គ្រង​លើ​យើង​បាន​ទេ? បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ច្រើន​តែ​ដឹក​នាំ​យើង​ដោយ​ប្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដែល​លោក​តែង​តាំង​ឲ្យ​មាន​ភារកិច្ច​ថែ​រក្សា​រាស្ត្រ​របស់​លោក។ ប្រសិនបើ​យើង​បះបោរ​ប្រឆាំង​នឹង​បុគ្គល​ទាំង​នេះ តើ​ព្រះ​យេហូវ៉ា​នឹង​គិត​យ៉ាង​ណា​អំពី​យើង?—សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១២, ១៣

១៦ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​រអ៊ូ​រទាំ​ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​ម៉ូសេ ព្រះ​យេហូវ៉ា​ចាត់​ទុក​ទង្វើ​របស់​ពួក​គេ​ជា​ការ​ប្រឆាំង​នឹង​លោក​វិញ។ (​ជន. ១៤:២៦, ២៧​) សព្វ​ថ្ងៃ ព្រះ​នៅ​តែ​មាន​ទស្សនៈ​ដូច​គ្នា។ ប្រសិនបើ​យើង​បះបោរ​ប្រឆាំង​នឹង​បុគ្គល​ដែល​ព្រះ​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​យើង តាម​ពិត​យើង​កំពុង​បះបោរ​ប្រឆាំង​នឹង​ព្រះ​វិញ!

១៧​. តើ​យើង​គួរ​មាន​ចិត្ត​គំនិត​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​ព្រះ​តែង​តាំង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក?

១៧ សាវ័ក​ប៉ុល​បញ្ជាក់​ពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ដែល​ព្រះ​តែង​តាំង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា ព្រោះ​ពួក​គេ​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ការ​នោះ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ការ​នេះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ព្រោះ​បើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍​វិញ​»។ (​ហេ. ១៣:​១៧​) ត្រូវ​មែន ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ដែល​ចេះ​ស្ដាប់​បង្គាប់ និង​ចុះ​ចូល​ចំពោះ​អំណាច​គ្រប់​គ្រង យើង​ត្រូវ​ព្យាយាម​អស់ពី​ចិត្ត។ ប៉ុន្តែ សូម​ចាំ​ថា យើង​កំពុង​តែ​ខំ​ប្រឹង​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ គឺ​គប្បី​ឲ្យ​យើង​ព្យាយាម​អស់ពី​ចិត្ត​ដើម្បី​សម្រេច​គោលដៅ​នេះ មែន​ទេ?

រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ​ស្រប​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា

១៨​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ?

១៨ វិធី​ទី​៣​ដែល​យើង​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ដោយ​យើង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ស្អាត​ស្អំ​ស្រប​តាម​ច្បាប់​របស់​លោក។ ធម្មតា ឪពុក​ម្ដាយ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ឲ្យ​កូន​របស់​គាត់​បាន​ស្អាត​បាត។ ហេតុ​អ្វី​ឪពុក​ម្ដាយ​ធ្វើ​ដូច្នេះ? ហេតុ​មួយ​គឺ ដោយ​ព្រោះ​កូន​អាច​មាន​សុខភាព​ល្អ​រឹង​មាំ​បាន លុះ​ត្រា​តែ​ខ្លួន​វា​ស្អាត​និង​មាន​អនាម័យ។ ម្យ៉ាង​ទៀត ពេល​ណា​កូន​ស្អាត​បាត នេះ​បង្ហាញ​ថា​ឪពុក​ម្ដាយ​ល្អ ហើយ​ក៏​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ទៀត​ផង។ ដោយ​សារ​ហេតុ​ស្រ​ដៀង​គ្នា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្អាត​ស្អំ​ដែរ។ លោក​ដឹង​ថា យើង​អាច​មាន​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​បាន លុះ​ត្រា​តែ​យើង​ស្អាត​ស្អំ។ លោក​ក៏​ដឹង​ថា ពេល​ណា​យើង​ស្អាត​ស្អំ នេះ​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ ដោយ​សារ​លោក​ជា​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង។ ចំណុច​នេះ​សំខាន់​មែន ពីព្រោះ​មនុស្ស​ខ្លះ​ប្រហែលជា​ចង់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយ​សារ​ពួក​គេ​កត់​សម្គាល់​ថា យើង​ខុស​ប្លែក​ពី​មនុស្ស​ក្នុង​ពិភព​លោក​ដ៏​ស្មោកគ្រោក​នេះ។

១៩​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ការ​ស្អាត​ស្អំ​ខាង​រាង​កាយ​គឺ​សំខាន់?

១៩ តើ​យើង​ត្រូវ​ស្អាត​ស្អំ​ក្នុង​រឿង​ណាខ្លះ? តាម​ពិត យើង​ត្រូវ​ស្អាត​ស្អំ​ក្នុង​គ្រប់​រឿង​ទាំង​អស់។ ចំពោះ​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​រាស្ត្រ​លោក​ដឹង​ច្បាស់​ថា ការ​ស្អាត​ស្អំ​ខាង​រាង​កាយ គឺ​សំខាន់​ចាំ​បាច់។ (​លេវី. ១៥:៣១​) ក្រឹត្យ​វិន័យ​ម៉ូសេ​មាន​ច្បាប់​ដែល​រួម​បញ្ចូល​ការ​បន្ទោ​បង់ ការ​សម្អាត​គ្រឿង​ប្រដាប់​ផ្សេង​ៗ​ ការ​លាង​ដៃ​និង​ជើង ហើយ​ការ​បោក​ខោ​អាវ។ (​និក្ខ. ៣០:១៧​-​២១; លេវី. ១១:៣២; ជន. ១៩:​១៧​-​២០; ចោ. ២៣:១៣, ១៤​) ព្រះ​យេហូវ៉ា​បាន​រំលឹក​បណ្ដា​ជន​អ៊ីស្រាអែល​ថា លោក​ជា​ព្រះ​របស់​ពួក​គេ លោក​បរិសុទ្ធ ហើយ​ភាព​បរិសុទ្ធ​បាន​ន័យ​ថា ​«​ស្អាត​»​ ​«​ឥត​សៅហ្មង​»​ និង​«​ពិសិដ្ឋ​»។ អ្នក​ដែល​បម្រើ​ព្រះ​ដ៏​បរិសុទ្ធ ក៏​ត្រូវ​តែ​បរិសុទ្ធ​ដែរ។—សូម​អាន លេវីវិន័យ ១១:៤៤, ៤៥

២០​. តើ​យើង​ត្រូវ​ស្អាត​ស្អំ​ក្នុង​រឿង​ណាខ្លះ?

២០ ដូច្នេះ យើង​ត្រូវ​តែ​ស្អាត​ស្អំ​ទាំង​ក្នុង​ទាំង​ក្រៅ។ យើង​ព្យាយាម​គិត​ពី​អ្វី​ដែល​ស្អាត​ស្អំ។ យើង​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​សីលធម៌​ស្អាត​ស្អំ ទោះ​បី​ជា​ពិភព​លោក​នេះ​មាន​ការ​ប្រព្រឹត្ត​ថោក​ទាប​យ៉ាង​ណា​ក៏​ដោយ។ សំខាន់​បំផុត យើង​រក្សា​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ស្អាត​ស្អំ​ជា​និច្ច ដោយ​បដិសេធ​ទាំង​ស្រុង​នូវ​ឥទ្ធិពល​នៃ​សាសនា​មិន​ពិត។ យើង​មិន​ត្រូវ​ភ្លេច​នូវ​ពាក្យ​ព្រមាន​របស់​ព្រះ​ដែល​កត់​ទុក​នៅ​អេសាយ ៥២:​១១​ថា​៖ ​«​ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ . . . ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ​»។ សព្វ​ថ្ងៃ​នេះ យើង​រក្សា​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ស្អាត​ស្អំ ដោយ​មិន​ធ្វើ​អ្វី​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ទាល់​តែ​សោះ។ នេះ​ជា​មូលហេតុ​ដែល​យើង​មិន​ចូល​រួម​ពិធី​បុណ្យ​ដែល​គេ​និយម​ក្នុង​ពិភព​លោក​នេះ ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត។ ត្រូវ​មែន គឺ​ពិបាក​ណាស់​ឲ្យ​យើង​រក្សា​ភាព​ស្អាត​ស្អំ។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​គ្រប់​ជំពូក ព្រោះ​នោះ​ជួយ​ពួក​គេ​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

២១​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​ព្រះ​នឹង​ស្រឡាញ់​យើង​ជា​និច្ច?

២១ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់​ជា​និច្ច។ ប៉ុន្តែ យើង​ម្នាក់​ៗ​ត្រូវ​ប្រាកដ​ថា យើង​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ដោយ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​តាម​បង្គាប់​របស់​លោក។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ប្រាកដ​ថា គ្មាន​អ្វី​«​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ត្រូវ​សម្ដែង​តាម​រយៈ​គ្រិស្ត​យេស៊ូ ជា​ម្ចាស់​របស់​យើង​ឡើយ​»។—រ៉ូម ៨:​៣៨, ៣៩

តើ​អ្នក​ចាំ​ទេ?

តើ​សមត្ថភាព​វិនិច្ឆ័យ​អាច​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

បើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ណា ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​អ្នក​នោះ​ដែរ?

ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​គោរព​និង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​តែង​តាំង?

តើ​ភាព​ស្អាត​ស្អំ​សំខាន់​ប៉ុណ្ណា​សម្រាប់​រាស្ត្រ​របស់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៨]

​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ​»​