លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី ជាក្ដីសង្ឃឹមដែលបានត្រូវរកឃើញម្ដងទៀត

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី ជាក្ដីសង្ឃឹមដែលបានត្រូវរកឃើញម្ដងទៀត

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី ជា​ក្ដី​សង្ឃឹម​ដែល​បាន​ត្រូវ​រក​ឃើញ​ម្ដង​ទៀត

​«​ឱ​ដានីយ៉ែល​អើយ! ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ . . . ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ។ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង​»។—ដាន. ១២:៤

១, ២​. តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

មនុស្ស​រាប់​លាន​នាក់​យល់​ច្បាស់​ពី​ក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ ស្តី​អំពី​ការ​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ក្លាយ​ជា​សួន​ឧទ្យាន។ (​បប. ៧:៩, ១៧​) តាំង​ពី​កំណើត​មនុស្ស​ជាតិ​ដំបូង ព្រះ​បាន​បញ្ជាក់​ថា​មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​រស់​ជា​រៀង​រហូត មិន​មែន​រស់​តែ​មួយ​រយៈ​ហើយ​ស្លាប់​ទៅ​វិញ​នោះ​ទេ។—លោ. ១:២៦​-​២៨

ការ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្ដង​ទៀត ជា​ជីវិត​ដែល​អាដាម​បាន​បាត់បង់ នេះ​ជា​ផ្នែក​មួយ​នៃ​ក្ដី​សង្ឃឹម​របស់​ប្រជាជន​អ៊ីស្រាអែល។ បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ពន្យល់​ពី​វិធី​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ក្នុង​សួន​ឧទ្យាន។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​ក្ដី​សង្ឃឹម​របស់​មនុស្ស​ត្រូវ​ការ​ឲ្យ​គេ​រក​ម្ដង​ទៀត? តើ​ក្ដី​សង្ឃឹម​នេះ​បាន​ត្រូវ​រក​ឃើញ​យ៉ាង​ណា? ហើយ​តើ​មនុស្ស​រាប់​លាន​នាក់​ដឹង​អំពី​ក្ដី​សង្ឃឹម​នេះ​យ៉ាង​ដូច​ម្ដេច?

គេ​បាន​លាក់​ក្ដី​សង្ឃឹម​នេះ

៣​. ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា គេ​បាន​លាក់​ក្ដី​សង្ឃឹម​របស់​មនុស្ស​ស្តី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី?

លោក​យេស៊ូ​បាន​ទាយ​ថា អ្នក​ប្រកាស​ទំនាយ​មិន​ពិត​នឹង​កែប្រែ​សេចក្ដី​បង្រៀន​របស់​លោក ហើយ​មនុស្ស​ភាគ​ច្រើន​នឹង​ត្រូវ​គេ​បំភាន់។ (​ម៉ាថ. ២៤:១១​) សាវ័ក​ពេត្រុស​បាន​ព្រមាន​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​គ្រូ​ក្លែង​ក្លាយ​នឹង​លេច​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»។ (​២ពេ. ២:១​) សាវ័ក​ប៉ូល​បាន​និយាយ​អំពី​«​គ្រា​ដែល​[​មនុស្ស​]​នឹង​មិន​ទ្រាំ​ស្ដាប់​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​ទេ ប៉ុន្តែ​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន នោះ​ពួក​គេ​នឹង​ប្រមូល​អ្នក​បង្រៀន​សម្រាប់​ខ្លួន ដើម្បី​ឮ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត​ស្ដាប់​»។ (​២ធី. ៤:៣, ៤​) សាថាន​ចូល​រួម​ក្នុង​ការ​បំភាន់​មនុស្ស ហើយ​បាន​ប្រើ​គ្រិស្ត​សាសនា​ដែល​ក្បត់​ជំនឿ ដើម្បី​លាក់​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្ស​និង​ផែនដី ដែល​ជា​សេចក្ដី​ពិត​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់។—សូម​អាន កូរិនថូសទី២ ៤:៣, ៤

៤​. តើ​អ្នក​ដឹក​នាំ​សាសនា​ដែល​ក្បត់​ជំនឿ​បាន​បដិសេធ​សេចក្ដី​សង្ឃឹម​អ្វី​របស់​មនុស្ស​ជាតិ?

បទ​គម្ពីរ​ពន្យល់​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​នឹង​បំផ្លាញ​ចោល​ការ​គ្រប់​គ្រង​របស់​មនុស្ស​ទាំង​ឡាយ។ (​ដាន. ២:៤៤​) ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត សាថាន​នឹង​ត្រូវ​ឃុំ​នៅ​ទី​ជ្រៅ​បំផុត មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មនុស្ស​ជាតិ​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ម្ដង​ទៀត​នៅ​ផែនដី។ (​បប. ២០:១​-​៣, ៦, ១២; ២១:១​-​៤​) ក៏​ប៉ុន្តែ អ្នក​ដឹក​នាំ​របស់​ពិភព​គ្រិស្ត​សាសនា​ដែល​ក្បត់​ជំនឿ​បាន​បង្រៀន​ទស្សនៈ​ផ្សេង​ៗ​ឯ​ទៀត។ ជា​ឧទាហរណ៍ ក្នុង​សតវត្សរ៍​ទី​៣​នៅ​ក្រុង​អាឡិចសង់ទ្រា មាន​បព្វជិត​នាំ​មុខ​គេ​មួយ​រូប​ឈ្មោះ​អ៊ូ​រី​កិន បាន​បន្ទោស​អ្នក​ដែល​ជឿ​ថា ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​នឹង​នាំ​ពរ​មក​លើ​ផែនដី។ សព្វវចនាធិប្បាយ​សាសនា​កាតូលិក​បាន​ចែង​ថា សាសនវិទូ​ម្នាក់​ឈ្មោះ​អូកូស្ទីន​ពី​ទី​ក្រុង​ហ៊ីប៉ូ (​រស់​នៅ​ឆ្នាំ​៣៥៤​-​៤៣០ គ.ស.​) បាន​«​គាំទ្រ​ជំនឿ​ដែល​ថា មិន​មាន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​រាជាណាចក្រ​ព្រះ​ឡើយ​»​ (​The Catholic Encyclopedia​ )។ *

៥, ៦​. ហេតុ​អ្វី​បាន​ជា​អ៊ូ​រី​កិន​និង​អូកូស្ទីន​ប្រឆាំង​ជំនឿ​ដែល​ថា នឹង​មាន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត?

ហេតុ​អ្វី​បាន​ជា​អ៊ូ​រី​កិន​និង​អូកូស្ទីន​ប្រឆាំង​ជំនឿ​ដែល​ថា​នឹង​មាន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត? អ៊ូ​រី​កិន​ធ្លាប់​ជា​សិស្ស​របស់​ខ្លិម៉ង់ ពី​ទី​ក្រុង​អាឡិចសង់ទ្រា ដែល​ជឿ​អំពី​ព្រលឹង​អមតៈ​តាម​ប្រពៃណី​របស់​ជន​ជាតិ​ក្រិច។ អ៊ូ​រី​កិន​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ទស្សនវិទូ​ជន​ជាតិ​ក្រិច​ម្នាក់​ឈ្មោះ​ប្លាតុង​ដែល​បង្រៀន​អំពី​ព្រលឹង។ សាសនវិទូ​ម្នាក់​បាន​សង្កេត​ឃើញ​ថា អ៊ូ​រី​កិន​បាន​«​បញ្ចូល​គំនិត​របស់​ប្លាតុង​ស្តី​អំពី​ព្រលឹង​និង​វាសនា​របស់​ព្រលឹង​ទៅ​ក្នុង​លទ្ធិ​គ្រិស្ត​សាសនា​»។ (​ឈ្មោះ Werner Jaeger​) ជា​លទ្ធផល អ៊ូ​រី​កិន​បាន​បង្រៀន​ថា ពរ​ណា​ដែល​មនុស្ស​ទទួល​ពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​រាជាណាចក្រ​ព្រះ មិន​អាច​មាន​នៅ​ផែនដី​ទេ គឺ​ត្រូវ​មាន​នៅ​ស្ថាន​សួគ៌​វិញ។

អូកូស្ទីន​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពេល​គាត់​មាន​អាយុ​៣៣​ឆ្នាំ។ មុន​ពេល​នោះ គាត់​ជា​អ្នក​កាន់​តាម​ទស្សនវិទូ​ម្នាក់​ឈ្មោះ​ផ្លន់ទីណាស់ ដែល​នៅ​សតវត្សរ៍​ទី​៣​បាន​បង្កើត​ទ្រឹស្តី​យក​ពី​ការ​បង្រៀន​របស់​ប្លាតុង។ ក្រោយ​ពី​អូកូស្ទីន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​នៅ​តែ​មាន​គំនិត​ដូច​ពី​មុន។ សព្វវចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​អូកូស្ទីន​មាន​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចូល​សេចក្ដី​បង្រៀន​ដែល​មាន​ក្នុង​សញ្ញា​ថ្មី​នៃ​គម្ពីរ​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​របស់​ប្លាតុង​»។ (​The New Encyclopædia Britannica​ ) សព្វវចនាធិប្បាយ​សាសនា​កាតូលិក​ចែង​ថា អូកូស្ទីន​បាន​ពន្យល់​ថា ការ​ពណ៌​នា​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ជំពូក​ទី​២០​ស្តី​អំពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ នោះ​គឺជា​ការ​ពណ៌​នា​«​ក្នុង​ន័យ​ធៀប​»។ សព្វវចនាធិប្បាយ​នេះ​ក៏​បន្ថែម​ថា​៖ ​«​ការ​ពន្យល់​នេះ​[​របស់​អូកូស្ទីន​] . . . ត្រូវ​បង្រៀន​ដោយ​សាសនវិទូ​បន្ទាប់​ពី​ប្រទេស​លោក​ខាង​លិច ហើយ​ជំនឿ​ពី​មុន​ស្តី​អំពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ ក៏​លែង​មាន​គេ​គាំទ្រ​ត​ទៅ​ទៀត​»​ (​The Catholic Encyclopedia​ )។

៧​. តើ​ជំនឿ​មិន​ពិត​អ្វី​ដែល​បាន​ពង្រេច​ពង្រឹល​ក្ដី​សង្ឃឹម​របស់​មនុស្ស​ស្តី​អំពី​ការ​រស់​ជា​រៀង​រហូត​នៅ​ផែនដី? ហើយ​តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី បាន​ត្រូវ​ពង្រេច​ពង្រឹល​ដោយ​ជំនឿ​មួយ​ដែល​មាន​នៅ​ស្រុក​បាប៊ីឡូន​ពី​បុរាណ ហើយ​ដែល​គេ​បាន​ផ្សាយ​ទូ​ទាំង​ពិភព​លោក គឺជា​ជំនឿ​ដែល​ថា​មនុស្ស​មាន​វិញ្ញាណ​ឬ​ព្រលឹង​អមតៈ ដែល​គ្រាន់តែ​ប្រើ​រូប​កាយ​ដូច​ជា​ឧបករណ៍​បណ្ដោះ​អាសន្ន។ ពេល​ពិភព​គ្រិស្ត​សាសនា​ចាប់​យក​ជំនឿ​នោះ ពួក​សាសនវិទូ​បាន​កាឡៃ​បទ​គម្ពីរ ដើម្បី​ធ្វើ​ឲ្យ​ខ​ដែល​រៀប​រាប់​អំពី​ក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ មើល​ទៅ​ដូច​ជា​បង្រៀន​ថា មនុស្ស​ល្អ​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌។ យោង​ទៅ​តាម​ទស្សនៈ​នេះ ជីវិត​របស់​មនុស្ស​នៅ​ផែនដី​គឺ​បណ្ដោះ​អាសន្ន គ្រាន់តែ​ជា​ការ​សាក​ល្បង​មើល​ថា​បុគ្គល​ម្នាក់​សម​ឬ​មិន​សម​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌។ មាន​រឿង​ស្រ​ដៀង​គ្នា​នេះ​កើត​ឡើង​ដល់​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី ដែល​ជន​ជាតិ​យូដា​មាន​ដែរ។ កាល​ដែល​ជន​ជាតិ​យូដា​ជឿ​តាម​ជំនឿ​របស់​ជន​ជាតិ​ក្រិច​បន្ដិច​ម្ដង​ៗ​ស្តី​អំពី​ព្រលឹង​អមតៈ នោះ​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ពួក​យូដា​មាន​ពី​មុន​បាន​រលាយ​សាប​សូន្យ។ នេះ​ច្បាស់​ជា​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​យើង! មនុស្ស​មាន​រូប​កាយ​សាច់​ឈាម មិន​មែន​មាន​រូប​កាយ​វិញ្ញាណ​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​បុរស​ដំបូង​ថា​៖ ​«​ឯង​ជា​ធូលី​ដី​»។ (​លោ. ៣:​១៩​) ដូច្នេះ ផែនដី​ជា​ទី​លំនៅ​ជា​រៀង​រហូត​របស់​មនុស្ស មិន​មែន​ស្ថាន​សួគ៌​ទេ។—សូម​អាន ទំនុក​តម្កើង ១០៤:៥; ១១៥:១៦

សេចក្ដី​ពិត​បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក​ក្នុង​ភាព​ងងឹត

៨​. តើ​បណ្ឌិត​ខ្លះ​ដែល​រស់​នៅ​ឆ្នាំ​១៦០០​ជាង បាន​និយាយ​អ្វី​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស?

សាសនា​ភាគ​ច្រើន​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនា មិន​បង្រៀន​អំពី​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាថាន​មិន​តែង​តែ​បាន​ជោគជ័យ​ក្នុង​ការ​លាក់​សេចក្ដី​ពិត​ទេ។ ក្នុង​ប្រវត្ដិសាស្ត្រ មាន​មនុស្ស​ខ្លះ​បាន​អាន​គម្ពីរ​យ៉ាង​ដិត​ដល់ ហើយ​បាន​ឃើញ​សេចក្ដី​ពិត​បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក កាល​ដែល​ពួក​គេ​យល់​នូវ​ចំណុច​ខ្លះ​ៗ​អំពី​របៀប​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។ (​ទំនុក. ៩៧:១១; ម៉ាថ. ៧:១៣, ១៤; ១៣:៣៧​-​៣៩​) មក​ដល់​ឆ្នាំ​១៦០០​ជាង ការ​បក​ប្រែ​និង​ការ​បោះពុម្ព​គម្ពីរ​បាន​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​គម្ពីរ​បរិសុទ្ធ។ នៅ​ឆ្នាំ​១៦៥១ បណ្ឌិត​មួយ​រូប​បាន​សរសេរ​ថា ដោយ​សារ​អាដាម​ធ្វើ​ឲ្យ​មនុស្ស​«​បាត់បង់​សួន​ឧទ្យាន និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​»​ តែ​តាម​រយៈ​គ្រិស្ត​«​មនុស្ស​គ្រប់​រូប​នឹង​រស់​នៅ​ផែនដី​»​។ (​សូម​អាន កូរិនថូសទី១ ១៥:២១, ២២​) យ៉ូនមីលតុន​ជា​អ្នក​តែង​កំណាព្យ​ល្បីល្បាញ​ម្នាក់​ក្នុង​ចំណោម​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស (​រស់​នៅ​ឆ្នាំ​១៦០៨​-​១៦៧៤​) ហើយ​គាត់​បាន​សរសេរ​សៀវភៅ​ពីរ​ក្បាល​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា ការ​បាត់បង់​សួន​ឧទ្យាន និង​ការ​មាន​សួន​ឧទ្យាន​ម្ដង​ទៀត។ ក្នុង​សំណេរ​របស់​គាត់ គាត់​បាន​សំដៅ​ទៅ​លើ​រង្វាន់​ដែល​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ ទោះ​ជា​គាត់​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ជីវិត​ដើម្បី​សិក្សា​គម្ពីរ​ក៏​ដោយ តែ​គាត់​សម្គាល់​ថា ក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ​មិន​អាច​យល់​ច្បាស់​បាន​ទេ ទាល់​តែ​វត្តមាន​របស់​គ្រិស្ត​មក​ដល់។

៩, ១០​. (​ក​) តើ​អ៊ីសាកញូតុន​បាន​សរសេរ​អ្វី​ស្តី​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស? (​ខ​) ហេតុ​អ្វី​បាន​ជា​អ៊ីសាកញូតុន​យល់​ឃើញ​ថា ត្រូវ​ចាំ​យូរ​ឆ្នាំ​មុន​វត្តមាន​របស់​គ្រិស្ត​មក​ដល់?

លោក​អ៊ីសាកញូតុន​ដែល​ជា​អ្នក​គណិតវិទ្យា​ល្បី​សុសសាយ (​រស់​នៅ​ឆ្នាំ​១៦៤២​-​១៧២៧​) ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​គម្ពីរ​ដែរ។ គាត់​យល់​ថា​ពួក​បរិសុទ្ធ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ថែម​ទាំង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត ដែល​ជា​ការ​គ្រប់​គ្រង​មួយ​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ។ (​បប. ៥:៩, ១០​) ស្តី​អំពី​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ក្រោយ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី មនុស្ស​នឹង​នៅ​តែ​រស់​នៅ​ផែនដី មិន​គ្រាន់តែ​១​.​០០០​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​នឹង​រស់​ជា​រៀង​រហូត​វិញ​»។

១០ អ៊ីសាកញូតុន​យល់​ឃើញ​ថា នឹង​ត្រូវ​មាន​ពេល​វេលា​យូរ​ទៅ​មុខ​ទៀត ទើប​មាន​វត្តមាន​របស់​គ្រិស្ត។ ប្រវត្ដិវិទូ​ម្នាក់​បាន​ពន្យល់​ថា​៖ ​«​មូលហេតុ​មួយ​ដែល​អ៊ីសាកញូតុន​យល់​ឃើញ​ថា ត្រូវ​ចាំ​រាប់​រយ​ឆ្នាំ​មុន​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ គឺ​ដោយ​សារ​នៅ​សម័យ​នោះ​មាន​គេ​បង្រៀន​អំពី​ព្រះ​ឯក​ត្រី​អង្គ។ អ៊ីសាកញូតុន​គិត​ថា​ក្ដី​បង្រៀន​នេះ​គឺ​មិន​ត្រឹម​ត្រូវ ហើយ​ចាត់​ទុក​ក្ដី​បង្រៀន​នោះ​ថា​ជា​ការ​ក្បត់​ជំនឿ​»។ (​ឈ្មោះ Stephen Snobelen​) ដូច្នេះ គេ​នៅ​តែ​លាក់​បាំង​ដំណឹង​ល្អ ហើយ​ក្នុង​ចំណោម​ក្រុម​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក អ៊ីសាកញូតុន​មិន​ឃើញ​ក្រុម​ណា​មួយ​ដែល​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​នោះ។ គាត់​បាន​សរសេរ​ថា​៖ ​«​ទំនាយ​ទាំង​នេះ​របស់​ដានីយ៉ែល​និង​យ៉ូហាន [​ទំនាយ​របស់​យ៉ូហាន​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​] នោះ​មិន​អាច​យល់​ទេ ទាល់​តែ​គ្រា​ចុង​បញ្ចប់​»។ គាត់​ពន្យល់​ថា​៖ ​«​ដានីយ៉ែល​បាន​ពោល​ថា​‹មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង›។ ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​មុន​មាន​ទុក្ខវេទនា​ជា​ខ្លាំង រួច​ទី​បញ្ចប់​នឹង​មក​ដល់។ មនុស្ស​មួយ​ក្រុម​ធំ​ពី​គ្រប់​ប្រជាជាតិ​ដែល​កាន់​ធាង​លម៉ើ​នៅ​ដៃ ដែល​រួច​ជីវិត​ពី​ទុក្ខវេទនា​ជា​ខ្លាំង​នោះ មិន​អាច​មាន​ចំនួន​រាប់​មិន​អស់​ទេ បើ​មិន​មាន​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​មុន​ពេល​នោះ​មក​ដល់​»។—ដាន. ១២:​៤; ម៉ាថ. ២៤:១៤; បប. ៧:៩, ១០

១១​. នៅ​សម័យ​យ៉ូនមីលតុន​និង​អ៊ីសាកញូតុន ហេតុ​អ្វី​បាន​ជា​មនុស្ស​ភាគ​ច្រើន​មិន​យល់​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស?

១១ នៅ​សម័យ​យ៉ូនមីលតុន​និង​អ៊ីសាកញូតុន បើ​មាន​បុគ្គល​ណា​ម្នាក់​បញ្ចេញ​ទស្សនៈ​ខុស​ពី​លទ្ធិ​របស់​សាសនា​ដែល​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ នោះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​សំណេរ​ភាគ​ច្រើន​អំពី​អ្វី​ដែល​ពួក​គាត់​យល់​ឃើញ​ពី​ការ​ស្រាវជ្រាវ​គម្ពីរ​បរិសុទ្ធ បាន​ត្រូវ​បោះពុម្ព​ក្រោយ​ពេល​ដែល​ពួក​គាត់​ស្លាប់។ នៅ​សតវត្សរ៍​ទី​១៦ មាន​មនុស្ស​ខ្លះ​បាន​ដក​ខ្លួន​ចេញ​ពី​សាសនា​កាតូលិក ហើយ​លែង​ជឿ​សេចក្ដី​បង្រៀន​របស់​សាសនា​នោះ។ ពួក​គេ​បាន​ត្រូវ​ហៅ​ថា​សាសនា​ប្រូ​តេស្ត​ង់។ ទោះ​ជា​នេះ​បាន​កើត​ឡើង​ក៏​ដោយ តែ​នេះ​មិន​បាន​បំបាត់​ចោល​ក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​ឡើយ។ វិហារ​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ​ក្នុង​សាសនា​ប្រូ​តេស្ត​ង់ នៅ​តែ​បង្រៀន​ទស្សនៈ​របស់​អូកូស្ទីន​ដែល​ថា ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​គឺ​មាន​រួច​ទៅ​ហើយ មិន​មែន​មាន​នៅ​អនាគត​កាល​នោះ​ទេ។ តើ​មនុស្ស​មាន​ចំណេះ​អំពី​រឿង​នេះ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់​ទេ?

«​ចំណេះ​[​ពិត​]​នឹង​បាន​ចំរើន​ឡើង​»​

១២​. តើ​ចំណេះ​ពិត​នឹង​ត្រូវ​ចម្រើន​ឡើង​នៅ​ពេល​ណា?

១២ ដានីយ៉ែល​បាន​ទាយ​ថា មាន​អ្វី​ដ៏​ល្អ​មួយ​ដែល​នឹង​កើត​ឡើង​នៅ​«​គ្រា​ចុង​បំផុត​»។ (​សូម​អាន ដានីយ៉ែល ១២:៣, ៤, ៩, ១០​) ដូច​ដានីយ៉ែល លោក​យេស៊ូ​ក៏​បាន​ទាយ​អំពី​គ្រា​ចុង​បំផុត​ដែរ ពេល​លោក​មាន​ប្រសាសន៍​ថា​៖​«​នៅ​គ្រា​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ថ្ងៃ​»។ (​ម៉ាថ. ១៣:៤៣​) តើ​ចំណេះ​ពិត​បាន​ចម្រើន​ឡើង​នៅ​គ្រា​ចុង​បំផុត​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ខ្លះ​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​៤០​ឆ្នាំ​ជាង មុន​ឆ្នាំ​១៩១៤ ជា​ឆ្នាំ​ដែល​គ្រា​ចុង​បំផុត​ចាប់​ផ្ដើម។

១៣​. ក្រោយ​ពី​បង​ឆាល្ស ថេហ្ស រ៉ាសិល​ពិនិត្យ​មើល​រឿង​អំពី​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ តើ​គាត់​បាន​សរសេរ​អ្វី?

១៣ នៅ​ចុង​សតវត្សរ៍​ទី​១៩ មាន​បុគ្គល​មួយ​ចំនួន​មាន​ចិត្ត​ស្មោះ ដែល​ខំ​ស្វែង​យល់​«​ពាក្យ​ដែល​មាន​ប្រយោជន៍​»។ (​២ធី. ១:១៣​) បង​ឆាល្ស ថេហ្ស រ៉ាសិលស្ថិត​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ។ នៅ​ឆ្នាំ​១៨៧០ គាត់​និង​អ្នក​ឯ​ទៀត​ដែល​ស្វែងរក​ក្ដី​ពិត​បាន​បង្កើត​ក្រុម​សិក្សា​គម្ពីរ​មួយ។ នៅ​ឆ្នាំ​១៨៧២ ពួក​គាត់​បាន​ពិនិត្យ​មើល​រឿង​អំពី​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដូច​អាដាម​ធ្លាប់​មាន។ ក្រោយ​មក បង​រ៉ាសិល​បាន​សរសេរ​ថា​៖ ​«​រហូត​ដល់​ពេល​នោះ យើង​មិន​បាន​ឃើញ​ភាព​ខុស​គ្នា​ឆ្ងាយ​រវាង​រង្វាន់​សម្រាប់​វិហារ (​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​) ដែល​កំពុង​ឆ្លង​កាត់​ការ​សាក​ល្បង និង​រង្វាន់​សម្រាប់​មនុស្ស​ស្មោះ​ត្រង់​ទូទៅ​»។ រង្វាន់​របស់​មនុស្ស​ស្មោះ​ត្រង់​នោះ​គឺ​«​ការ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្ដង​ទៀត ដូច​បុព្វបុរស​របស់​ពួក​គេ​គឺ​អាដាម​ដែល​បាន​រស់​នៅ​សួន​អេ​ដែន​»។ បង​រ៉ាសិល​បាន​ទទួល​ស្គាល់​ថា អ្នក​ឯ​ទៀត​បាន​ជួយ​គាត់​ក្នុង​ការ​សិក្សា​គម្ពីរ។ តើ​បុគ្គល​នោះ​ជា​អ្នក​ណាខ្លះ?

១៤​. (​ក​) តើ​បង​ហេនរី ដា​ន់​យល់​យ៉ាង​ណា​ស្តី​អំពី​បទ​គម្ពីរ​នៅ​សកម្មភាព ៣:២១? (​ខ​) តើ​បង​ហេនរី ដាន់​ពន្យល់​អំពី​អ្នក​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ថា​ជា​អ្នក​ណា?

១៤ បុគ្គល​មួយ​គឺ​ហេនរី ដាន់។ គាត់​បាន​សរសេរ​អំពី​«​គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ តាម​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​មាត់​របស់​ពួក​អ្នក​បរិសុទ្ធ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​នៅ​សម័យ​បុរាណ​»។ (​សកម្ម. ៣:២១​) បង​ដា​ន់​ដឹង​ថា​គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ផែនដី​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ បង​ដា​ន់​ក៏​បាន​ពិនិត្យ​មើល​សំណួរ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ឆ្ងល់ ពោល​គឺ​តើ​អ្នក​ណា​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី? គាត់​បាន​ពន្យល់​ថា មនុស្ស​រាប់​លាន​នាក់​នឹង​រស់​ឡើង​វិញ ហើយ​គេ​នឹង​បង្រៀន​ពួក​គាត់​សេចក្ដី​ពិត ថែម​ទាំង​ពួក​គាត់​មាន​ឱកាស​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រិស្ត។

១៥​. តើ​បង​ចូចស្ទរ​យល់​អ្វី​ខ្លះ​ស្តី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៥ នៅ​ឆ្នាំ​១៨៧០ ចូចស្ទរ ក៏​បាន​យល់​ថា មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ បន្ថែម​ទៅ​ទៀត គាត់​បាន​យល់​ធ្លុះ​ពី​បទ​គម្ពីរ​ថា អ្នក​ដែល​បាន​រស់​ឡើង​វិញ​ដែល​មិន​ព្រម​ធ្វើ​តាម​ព្រះ​«​នឹង​បាត់បង់​ជីវិត ទោះ​ជា​‹អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​រស់​នៅ​បាន​១០០​ឆ្នាំ›​ក៏​ដោយ​»។ (​អេ. ៦៥:២០​) បង​ចូចស្ទរ​រស់​នៅ​ទី​ក្រុង​ប៊្រូគ្លិន រដ្ឋញូវយ៉ក សហរដ្ឋ​អាម៉េរិក ហើយ​ជា​ប្រធាន​នៃ​ទស្សនាវដ្ដី​មួយ​ជា​ភាសា​អង់គ្លេស​ហៅ​ថា អ្នក​ពិចារណា​មើល​គម្ពីរ។

១៦​. តើ​និស្សិត​គម្ពីរ​និង​ពិភព​គ្រិស្ត​សាសនា​ខុស​គ្នា​យ៉ាង​ណា?

១៦ បង​រ៉ាសិល​បាន​រិះ​គិត​ពី​គម្ពីរ​ឃើញ​ថា ពេល​វេលា​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​មក​ដល់​ហើយ។ ដូច្នេះ នៅ​ឆ្នាំ​១៨៧៩ គាត់​ចាប់​ផ្ដើម​បោះពុម្ព​ជា​ភាសា​អង់គ្លេស​ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​គ្រិស្ត​ ដែល​ឥឡូវ​ហៅ​ថា ទស្សនាវដ្ដី​ប៉ម​យាម ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ពី​មុន មាន​មនុស្ស​មួយ​ចំនួន​តិច​យល់​ពី​សេចក្ដី​ពិត​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស ប៉ុន្តែ​ក្រោយ​មក ក្រុម​នៃ​និស្សិត​គម្ពីរ​នៅ​ប្រទេស​ជា​ច្រើន​បាន​ទទួល​ទស្សនាវដ្ដី​ប៉មយាម​និង​ព្រម​សិក្សា​ទស្សនាវដ្ដី​នោះ។ និស្សិត​គម្ពីរ​នៅ​សម័យ​នោះ​ជឿ​ថា មនុស្ស​ចំនួន​តិច​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ រីឯ​មនុស្ស​រាប់​លាន​នាក់​ទៀត​នឹង​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ​នៅ​ផែនដី ហើយ​ជំនឿ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​សាសនា​ភាគ​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា។

១៧​. តើ​ចំណេះ​ពិត​បាន​ចម្រើន​ឡើង​យ៉ាង​ដូច​ម្ដេច?

១៧ ​«​គ្រា​ចុង​បំផុត​»​ដែល​បាន​ទាយ​ទុក​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ដូច្នេះ តើ​ចំណេះ​ពិត​ស្តី​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស បាន​ចម្រើន​ឡើង​ទេ? (​ដាន. ១២:៤​) មក​ដល់​ឆ្នាំ​១៩១៣ មាន​២.០០០​កាសែត​ដែល​បាន​បោះពុម្ព​សុន្ទរកថា​របស់​បង​រ៉ាសិល ហើយ​ចំនួន​អ្នក​អាន​មាន​១៥.០០០.០០០​នាក់។ ទម្រាំ​ដល់​ចុង​ឆ្នាំ​១៩១៤ ក្នុង​ទ្វីប​បី​មាន​មនុស្ស​ច្រើន​ជាង​៩.០០០.០០០​នាក់​បាន​មើល​ភាពយន្ត​និង​រូបភាព​ដែល​ពន្យល់​អំពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត ដែល​ហៅ​ថា​ ​«​ល្ខោន​រូបភាព​នៃ​ការ​បង្កើត​»។ ពី​ឆ្នាំ​១៩១៨​រហូត​ដល់​ឆ្នាំ​១៩២៥ សុន្ទរកថា​ដែល​ពន្យល់​អំពី​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី ដែល​មាន​ចំណង​ជើង​ថា ​«​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​តែ​រស់​នឹង​មិន​ស្លាប់​»​ បាន​ត្រូវ​ថ្លែង​ដោយ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជាង​៣០​ភាសា​នៅ​ទូ​ទាំង​ពិភព​លោក។ លុះ​ដល់​ឆ្នាំ​១៩៣៤ សាក្សី​ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ថា អស់​អ្នក​ដែល​មាន​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ត្រូវ​ជ្រមុជ​ទឹក។ ការ​យល់​ធ្លុះ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ម្ដង​ទៀត ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ សព្វ​ថ្ងៃ ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី នាំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ដឹង​គុណ​ព្រះ​យេហូវ៉ា។

«​សេរីភាព​រុងរឿង​»​នៅ​ថ្ងៃ​ខាង​មុខ!

១៨, ១៩​. តើ​បទ​គម្ពីរ​អេសាយ ៦៥:២១​-​២៥ បាន​ទាយ​ទុក​អំពី​ជីវិត​បែប​ណា?

១៨ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​អំពី​ជីវិត​ដែល​រាស្ត្រ​របស់​ព្រះ​នឹង​មាន​នៅ​ផែនដី។ (​សូម​អាន អេសាយ ៦៥:២១​-​២៥​) អេសាយ​បាន​សរសេរ​ពាក្យ​ទាំង​នោះ​ជាង​២​.​៧០០​ឆ្នាំ​មុន ហើយ​តាម​មើល​ទៅ ដើម​ឈើ​ខ្លះ​ដែល​មាន​នៅ​សម័យ​នោះ ក៏​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ តើ​អ្នក​អាច​ស្រមៃ​គិត​ថា អ្នក​នឹង​រស់​ដោយ​មាន​កម្លាំង​និង​សុខភាព​ល្អ​ហើយ​មាន​អាយុ​វែង​ដូច​ដើម​ឈើ​នោះ​ទេ?

១៩ ជា​ជាង​មាន​អាយុ​ខ្លី យើង​នឹង​រស់​ដោយ​មាន​ឱកាស​ជា​រៀង​រហូត​ដើម្បី​សាងសង់ ដាំ​ដំណាំ ហើយ​រៀន​សូត្រ។ សូម​គិត​អំពី​មិត្តភាព​ដែល​អ្នក​អាច​មាន​ជា​មួយ​អ្នក​ឯ​ទៀត។ ចំណង​មិត្តភាព​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​នោះ​នឹង​កាន់​តែ​ស្និទ្ធ​ស្នា​ល​ជា​និច្ច។ ច្បាស់​ណាស់ ​«​កូន​ព្រះ​»​នឹង​សប្បាយ​នឹង​ជីវិត​ដែល​មាន​«​សេរីភាព​រុងរឿង​»​នៅ​ផែនដី!—រ៉ូម ៨:២១

[កំណត់​សម្គាល់]

^ វគ្គ 4 អូកូស្ទីន​បាន​អះអាង​ថា​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​រាជាណាចក្រ​ព្រះ​មិន​មាន​នៅ​អនាគត​ទេ តែ​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ​ពេល​សាសនា​កាតូលិក​បាន​ត្រូវ​ស្ថាបនា​ឡើង។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ក្ដី​សង្ឃឹម​របស់​មនុស្ស​ស្តី​អំពី​ការ​រស់​ជា​រៀង​រហូត​នៅ​ផែនដី​បាន​ត្រូវ​គេ​លាក់​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ខ្លះ​ដែល​អាន​គម្ពីរ​នៅ​ឆ្នាំ​១៦០០​ជាង​បាន​យល់​អំពី​អ្វី?

ពេល​ជិត​ដល់​ឆ្នាំ​១៩១៤ តើ​ក្ដី​សង្ឃឹម​ពិត​របស់​មនុស្ស​បាន​ត្រូវ​គេ​យល់​កាន់​តែ​ច្បាស់​យ៉ាង​ដូច​ម្ដេច?

តើ​ចំណេះ​អំពី​ក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​បាន​ចម្រើន​ឡើង​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

យ៉ូនមីលតុន​ដែល​ជា​អ្នក​តែង​កំណាព្យ(​ឆ្វេង​) និង​អ៊ីសាកញូតុន​ដែល​ជា​អ្នក​គណិតវិទ្យា(​ស្ដាំ​) ដឹង​អំពី​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី

[រូបភាព​នៅ​ទំព័រ​២១]

និស្សិត​គម្ពីរ​បាន​ត្រិះរិះ​យល់​ពី​បទ​គម្ពីរ​ថា គឺ​ដល់​ពេល​ដើម្បី​ប្រកាស​ប្រាប់​ក្ដី​សង្ឃឹម​ពិត​របស់​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក