លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី តើគ្រិស្ដបានបង្រៀនអំពីក្ដីសង្ឃឹមនេះទេ?

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី តើគ្រិស្ដបានបង្រៀនអំពីក្ដីសង្ឃឹមនេះទេ?

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី តើ​គ្រិស្ត​បាន​បង្រៀន​អំពី​ក្ដី​សង្ឃឹម​នេះ​ទេ?

​«​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។—បប. ២១:៤

១, ២​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​នៅ​សតវត្សរ៍​ទី​១​មាន​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី?

បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន​និង​ជា​មនុស្ស​ដែល​មាន​មុខ​មាត់ បាន​រត់​ទៅ​លុត​ជង្គង់​នៅ​មុខ​លោក​យេស៊ូ ហើយ​សួរ​ថា​៖ ​«​លោក​គ្រូ​ល្អ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។ (​ម៉ាក. ១០:១៧​) បុរស​វ័យ​ក្មេង​នោះ​សួរ​អំពី​ការ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក ប៉ុន្តែ​តើ​គាត់​ចង់​សួរ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​ឬ​ក៏​នៅ​ផែនដី? ដូច​យើង​បាន​ពិគ្រោះ​នៅ​អត្ថបទ​មុន រាប់​រយ​ឆ្នាំ​មុន ព្រះ​បាន​ផ្ដល់​ឲ្យ​ជន​ជាតិ​យូដា​មាន​ក្ដី​សង្ឃឹម​រស់​ឡើង​វិញ ហើយ​មាន​ជីវិត​ជា​រៀង​រហូត​នៅ​ផែនដី។ សេចក្ដី​សង្ឃឹម​នោះ​នៅ​តែ​មាន​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ជា​ច្រើន​នៅ​សតវត្សរ៍​ទី​១។

តាម​មើល​ទៅ ម៉ាថា​ដែល​ជា​មិត្ត​របស់​លោក​យេស៊ូ បាន​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី ពេល​គាត់​និយាយ​អំពី​ប្អូន​ប្រុស​គាត់​ដែល​បាន​ស្លាប់​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​»។ (​យ៉ូន. ១១:២៤​) ពិត​មែន ពួក​សាឌូស៊ី​នៅ​សម័យ​នោះ​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ (​ម៉ាក. ១២:១៨​) យ៉ាង​ណា​ក៏​ដោយ បុរស​ម្នាក់​បាន​សរសេរ​ថា​៖ ​«​សំណេរ . . . ដែល​មាន​នៅ​សតវត្សរ៍​ទី​១​ឬ​ទី​២ មុន​គ.ស. បញ្ជាក់​អំពី​ជំនឿ​ដែល​មនុស្ស​ជា​ច្រើន​មាន​ដែល​ថា នៅ​គ្រា​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក នោះ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​»។ (​ឈ្មោះ George Foot Moore សៀវភៅ Judaism in the First Centuries of the Christian Era​ ) ដូច្នេះ បុរស​អ្នក​មាន​ដែល​បាន​រត់​មក​ជួប​លោក​យេស៊ូ​នោះ ចង់​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី។

៣​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​នៅ​អត្ថបទ​នេះ?

សព្វ​ថ្ងៃ សាសនា​និង​បណ្ឌិត​ខាង​គម្ពីរ​ជា​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ថា លោក​យេស៊ូ​បាន​បង្រៀន​អំពី​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ទេ។ មនុស្ស​ភាគ​ច្រើន​សង្ឃឹម​ថា​ក្រោយ​ពី​ស្លាប់ ពួក​គេ​នឹង​ទៅ​កាន់​សុគតិភព។ ដូច្នេះ ពេល​មនុស្ស​អាន​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ហើយ​ឃើញ​ពាក្យ​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ នោះ​មនុស្ស​ជា​ច្រើន​តែង​តែ​គិត​ថា នេះ​សំដៅ​ទៅ​ជីវិត​នៅ​ស្ថាន​សួគ៌។ តើ​នេះ​ជា​ការ​ពិត​ទេ? តើ​លោក​យេស៊ូ​បង្កប់​អត្ថន័យ​អ្វី​ពេល​លោក​មាន​ប្រសាសន៍​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់? តើ​អ្នក​កាន់​តាម​លោក​ជឿ​អ្វី​ចំពោះ​រឿង​នេះ? តើ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បង្រៀន​ថា យើង​មាន​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ទេ?

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​«​ក្នុង​គ្រា​បង្កើត​សា​ជា​ថ្មី​»​

៤​. តើ​នឹង​មាន​អ្វី​កើត​ឡើង​«​ក្នុង​គ្រា​បង្កើត​សា​ជា​ថ្មី​»​?

គម្ពីរ​បង្រៀន​ថា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ផែនដី។ (​លូក. ១២:​៣២; បប. ៥:៩, ១០; ១៤:១​-​៣​) ក៏​ប៉ុន្តែ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ លោក​មិន​តែង​តែ​សំដៅ​ទៅ​លើ​គ្រិស្ត​សាសនិក​មួយ​ចំនួន​តូច​នោះ​ឡើយ។ ពេល​លោក​យេស៊ូ​អញ្ជើញ​បុរស​វ័យ​ក្មេង​ដែល​ជា​អ្នក​មាន​ឲ្យ​មក​កាន់​តាម​លោក ហើយ​លះ​បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់ នោះ​គាត់​បាន​ចេញ​ទៅ​ដោយ​មាន​ក្ដី​ទុក្ខ។ សូម​គិត​អំពី​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ក្រោយ​ពី​រឿង​នេះ​កើត​ឡើង។ (​សូម​អាន ម៉ាថាយ ១៩:២៨, ២៩​) លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ពួក​គាត់​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្តេច ហើយ​វិនិច្ឆ័យ​«​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​»​ ពោល​គឺ​មនុស្ស​ជាតិ​ទាំង​ឡាយ​លើក​លែង​តែ​ពួក​អ្នក​ដែល​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ (​១កូ. ៦:២​) លោក​ក៏​បាន​មាន​ប្រសាសន៍​អំពី​រង្វាន់​ដែល​«​អ្នក​ណា​»​ក៏​ដោយ​ជា​អ្នក​កាន់​តាម​លោក​នឹង​ទទួល។ អ្នក​នោះ​ក៏​«​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក​»​ដែរ។ អ្វី​ៗ​ទាំង​អស់​នេះ​នឹង​ត្រូវ​កើត​ឡើង​នៅ​«​ក្នុង​គ្រា​បង្កើត​សា​ជា​ថ្មី​»។

៥​. តើ​អ្នក​នឹង​បក​ស្រាយ​ពាក្យ​«​គ្រា​បង្កើត​សា​ជា​ថ្មី​»​យ៉ាង​ណា?

តើ​លោក​យេស៊ូ​ចង់​បង្កប់​អត្ថន័យ​អ្វី​ពេល​លោក​មាន​ប្រសាសន៍​អំពី​«​គ្រា​បង្កើត​សា​ជា​ថ្មី​»​? ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ពាក្យ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​ក្នុង​ពិភព​ថ្មី​»។ សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​បាន​បក​ប្រែ​ពាក្យ​នេះ​ថា​«​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ​»។ ដោយ​សារ​លោក​យេស៊ូ​មិន​បាន​ពន្យល់​បន្ថែម​ពេល​ប្រើ​ពាក្យ​នេះ នោះ​តាម​មើល​ទៅ លោក​សំដៅ​ទៅ​ក្ដី​សង្ឃឹម​ដែល​ជន​ជាតិ​យូដា​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ។ ស្ថានភាព​នៅ​ផែនដី​នឹង​ត្រូវ​បង្កើត​សា​ជា​ថ្មី ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​មាន​ស្ថានភាព​ដូច​សួន​ច្បារ​អេដែន​មុន​អាដាម​និង​អេវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ គ្រា​បង្កើត​សា​ជា​ថ្មី​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា លោក​នឹង​«​បង្កើត​ផ្ទៃ​មេឃ​ថ្មី​ហើយ​នឹង​ផែនដី​ថ្មី​»។—អេ. ៦៥:១៧

៦​. តើ​រឿង​ប្រៀប​ប្រដូច​ស្តី​អំពី​ចៀម​និង​ពពែ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺជា​អ្វី​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​ម្ដង​ទៀត ពេល​ដែល​លោក​ថ្លែង​អំពី​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​ម៉ាថ. ២៤:១​-​៣​) លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​កូន​មនុស្ស​មក​ប្រកប​ដោយ​សិរី​រុងរឿង ហើយ​មាន​ទេវតា​ទាំង​ឡាយ​មក​ជា​មួយ​ដែរ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុងរឿង​របស់​លោក ហើយ​ប្រជាជាតិ​ទាំង​ឡាយ​នឹង​ត្រូវ​ប្រមូល​មក​នៅ​មុខ​លោក រួច​លោក​នឹង​ញែក​មនុស្ស​ចេញ​ពី​គ្នា​ដូច​គង្វាល​ម្នាក់​ញែក​ចៀម​ចេញ​ពី​ពពែ​»។ មនុស្ស​ដែល​លោក​ផ្ដន្ទា​ទោស​«​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត តែ​មនុស្ស​សុចរិត​នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ​«​មនុស្ស​សុចរិត​»​ដែល​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ គឺជា​អ្នក​ដែល​គាំទ្រ​យ៉ាង​ស្មោះ​នូវ​«​ពួក​បង​ប្អូន​»​របស់​គ្រិស្ត​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ។ (​ម៉ាថ. ២៥:៣១​-​៣៤, ៤០, ៤១, ៤៥, ៤៦​) ដោយ​សារ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ នោះ​«​មនុស្ស​សុចរិត​»​នឹង​ត្រូវ​ធ្វើ​ជា​រាស្ត្រ​នៅ​ផែនដី​របស់​រាជាណាចក្រ​នោះ។ គម្ពីរ​បាន​ទាយ​ទុក​ថា​៖ ​«​[​ស្តេច​របស់​ព្រះ​យេហូវ៉ា​]​នឹង​មាន​អំណាច​[​ឬ​«​រាស្ត្រ​»​]​ ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​រហូត​ដល់​ទី​បំផុត​ផែនដី​»។ (​ទំនុក. ៧២:៨; ព.ថ.​) រាស្ត្រ​ទាំង​នេះ​នឹង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី។

តើ​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អ្វី?

៧, ៨​. លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នីកូដេម​អំពី​ក្ដី​សង្ឃឹម​ពីរ​ដែល​ខុស​គ្នា តើ​ក្ដី​សង្ឃឹម​នោះ​ជា​អ្វី?

ដូច​បាន​រៀប​រាប់​ខាង​លើ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​នៅ​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស និង​លូកា។ សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​បាន​ដក​ស្រង់​ពាក្យ​របស់​លោក​យេស៊ូ​អស់​១៧​ដង​ស្តី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ករណី​នោះ​ខ្លះ​ៗ​ដើម្បី​យល់​ពី​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ស្តី​អំពី​ក្ដី​សង្ឃឹម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

យោង​ទៅ​តាម​យ៉ូហាន លោក​យេស៊ូ​មាន​ប្រសាសន៍​ជា​លើក​ដំបូង​ទៅ​កាន់​ផារិស៊ី​ម្នាក់​ឈ្មោះ​នីកូដេម អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ លោក​បាន​ប្រាប់​នីកូដេម​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក​និង​ពី​សកម្ម​ពល​របស់​ព្រះ​»។ អ្នក​ដែល​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ត្រូវ​«​កើត​ម្ដង​ទៀត​»។ (​យ៉ូន. ៣:៣​-​៥​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​អំពី​ក្ដី​សង្ឃឹម​ដែល​មនុស្ស​ទាំង​ឡាយ​អាច​មាន។ (​សូម​អាន យ៉ូហាន ៣:១៦​) លោក​យេស៊ូ​សំដៅ​ទៅ​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​សម្រាប់​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​សម្រាប់​មនុស្ស​ឯ​ទៀត។

៩​. តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស្ត្រីជន​ជាតិ​សាម៉ារី​អំពី​ក្ដី​សង្ឃឹម​អ្វី?

ក្រោយ​ពី​លោក​យេស៊ូ​ពិភាក្សា​ជា​មួយ​នីកូដេម​នៅ​ក្រុង​យេរូសាឡិម លោក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​នៅ​ទិស​ខាង​ជើង។ ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​នោះ លោក​ជួប​ស្ត្រី​ម្នាក់​នៅ​ឯ​អណ្ដូង​របស់​យ៉ាកុប ជិត​ក្រុង​ស៊ីខា​នៅ​ស្រុក​សាម៉ារី។ លោក​បាន​ប្រាប់​ស្ត្រី​នោះ​ថា​៖ ​«​អ្នក​ណា​ដែល​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ អ្នក​នោះ​នឹង​មិន​ស្រេក​ម្ដង​ទៀត​ឡើយ ប៉ុន្តែ​ទឹក​ដែល​ខ្ញុំ​ឲ្យ​អ្នក​នោះ នឹង​ទៅ​ជា​ទឹក​ផុស​ក្នុង​អ្នក​នោះ ហើយ​ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៤:៥, ៦, ១៤​) ទឹក​នេះ​តំណាង​ការ​រៀប​ចំ​របស់​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ម្ដង​ទៀត រួម​ទាំង​អ្នក​ដែល​នឹង​រស់​នៅ​ផែនដី។ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ព្រះ​បាន​ពណ៌​នា​ខ្លួន​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ពី​រន្ធ​នៃ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក​ណា​ដែល​ស្រេក ដោយ​ឥត​គិត​ថ្លៃ​»។ (​បប. ២១:៥, ៦; ២២:១៧​) យ៉ាង​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស្ត្រីជន​ជាតិ​សាម៉ារី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មិន​គ្រាន់តែ​សម្រាប់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដើម្បី​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​តែ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​មនុស្ស​ដែល​មាន​ក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ដែល​ជឿ​ទៅ​លើ​លោក​ផង​ដែរ។

១០​. ក្រោយ​ពី​លោក​យេស៊ូ​ប្រោស​បុរស​ម្នាក់​ឲ្យ​ជា​នៅ​អាង​ទឹក​បេតសាថា ហើយ​ពេល​មាន​ជន​ជាតិ​យូដា​ប្រឆាំង​លោក តើ​លោក​បាន​ប្រាប់​ពួក​គាត់​អ្វី​ស្តី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

១០ មួយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ នៅ​ទី​នោះ លោក​បាន​ប្រោស​បុរស​ម្នាក់​ដែល​ឈឺ​ឲ្យ​ជា​នៅ​អាង​ទឹក​បេតសាថា។ លោក​បាន​ពន្យល់​ទៅ​ជន​ជាតិ​យូដា​ដែល​រិះ​គន់​អ្វី​ដែល​លោក​បាន​ធ្វើ​ថា ​«​បុត្រ​ព្រះ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​លោក​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ ប៉ុន្តែ​លោក​ធ្វើ​តែ​អ្វី​ដែល​លោក​ឃើញ​បិតា​របស់​លោក​ធ្វើ​ប៉ុណ្ណោះ​»។ ក្រោយ​ពី​ប្រាប់​ពួក​គាត់​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​«​ប្រគល់​ការ​វិនិច្ឆ័យ​ទាំង​អស់​ឲ្យ​បុត្រ​របស់​លោក​»​ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​[​កូន​មនុស្ស​] ហើយ​ចេញ​មក អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​ទទួល​ការ​កាត់​ទោស​»។ (​យ៉ូន. ៥:១​-​៩, ១៩, ២២, ២៤​-​២៩​) ដូច្នេះ លោក​យេស៊ូ​បាន​ប្រាប់​ជន​ជាតិ​យូដា​ដែល​បៀតបៀន​លោក​ថា លោក​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ដើម្បី​សម្រេច​ក្ដី​សង្ឃឹម​របស់​ជន​ជាតិ​យូដា​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត​នៅ​ផែនដី ហើយ​លោក​នឹង​ធ្វើ​ដូច្នោះ​ដោយ​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ។

១១​. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​នៅ​យ៉ូហាន ៦:៤៨​-​៥១ រួម​បញ្ចូល​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី?

១១ នៅ​ស្រុក​កាលីឡេ មនុស្ស​រាប់​ពាន់​នាក់​ចាប់​ផ្ដើម​កាន់​តាម​លោក​យេស៊ូ ដោយ​សារ​ពួក​គេ​ចង់​បាន​នំ​ប៉័ង​ដែល​លោក​ផ្ដល់​ឲ្យ​ដោយ​អព្ភូត​ហេតុ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​អំពី​នំ​ប៉័ង​ម្យ៉ាង​ទៀត ពោល​គឺ​«​នំ​ប៉័ង​នៃ​ជីវិត​»។ (​សូម​អាន យ៉ូហាន ៦:៤០, ៤៨​-​៥១​) លោក​បាន​ពោល​ថា​៖ ​«​នំ​ប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺជា​សាច់​របស់​ខ្ញុំ​»។ លោក​យេស៊ូ​មិន​គ្រាន់តែ​បាន​ស្លាប់​ដើម្បី​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​«​ដើម្បី​ឲ្យ​មនុស្ស​ជាតិ​អាច​រស់​»។ ​«​បើ​អ្នក​ណា​បរិភោគ​នំ​ប៉័ង​នេះ​»​ ពោល​គឺ​មាន​ជំនឿ​ថា​គ្រឿង​បូជា​របស់​លោក​យេស៊ូ​អាច​លោះ​ពួក​គេ​បាន អ្នក​នោះ​នឹង​មាន​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ប្រាកដ​ហើយ ពាក្យ​ដែល​ថា​«​រស់​ជា​រៀង​រហូត​»​រួម​បញ្ចូល​ក្ដី​សង្ឃឹម​ដែល​ជន​ជាតិ​យូដា​មាន​យូរ​យារ​មក​ហើយ គឺជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី។

១២​. ពេល​លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​ប្រឆាំង​ថា ‹លោក​នឹង​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ចៀម​របស់​លោក› តើ​លោក​សំដៅ​ទៅ​ក្ដី​សង្ឃឹម​មួយ​ណា?

១២ ក្រោយ​មក នៅ​បុណ្យ​ឧទ្ទិស​ក្នុង​ក្រុង​យេរូសាឡិម លោក​យេស៊ូ​បាន​ប្រាប់​អ្នក​ប្រឆាំង​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ។ ខ្ញុំ​ក៏​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ​»។ (​យ៉ូន. ១០:២៦​-​២៨​) តើ​លោក​យេស៊ូ​សំដៅ​ទៅ​លើ​ជីវិត​នៅ​ស្ថាន​សួគ៌​តែ​ប៉ុណ្ណោះ ឬ​ក៏​លោក​សំដៅ​ទៅ​លើ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ដែរ? មិន​យូរ​មុន​លោក​យេស៊ូ​ពោល​ពាក្យ​នេះ លោក​បាន​សម្រាល​ទុក្ខ​អ្នក​កាន់​តាម​លោក​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ហ្វូង​តូច​អើយ! កុំ​ខ្លាច​ឡើយ ពីព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​រាល់​គ្នា​»។ (​លូក. ១២:៣២​) ក៏​ប៉ុន្តែ នៅ​បុណ្យ​ឧទ្ទិស​ដដែល​នេះ លោក​យេស៊ូ​ពោល​ថា​៖ ​«​ខ្ញុំ​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​»។ (​យ៉ូន. ១០:​១៦​) ដូច្នេះ​ហើយ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​ប្រឆាំង​ទាំង​នោះ លោក​សំដៅ​ទៅ​ក្ដី​សង្ឃឹម​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​សម្រាប់​«​ហ្វូង​តូច​»​ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​សម្រាប់​ពួក​«​ចៀម​ឯ​ទៀត​»​រាប់​លាន​នាក់។

ក្ដី​សង្ឃឹម​ដែល​មិន​ចាំ​បាច់​បក​ស្រាយ

១៣​. តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អ្វី​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»​?

១៣ ពេល​លោក​យេស៊ូ​កំពុង​ឈឺ​ចាប់​នៅ​លើ​បង្គោល​ទារុណកម្ម នោះ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពុំ​អាច​ប្រកែក​បាន​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស​ជាតិ។ អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ម្នាក់​ដែល​នៅ​ក្បែរ​លោក បាន​ជម្រាប​លោក​ថា​៖ ​«​លោក​យេស៊ូ សូម​នឹក​ឃើញ​ខ្ញុំ កាល​ណា​លោក​ទៅ​ជា​ស្តេច​»។ លោក​យេស៊ូ​បាន​សន្យា​នឹង​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។ (​លូក. ២៣:​៤២, ៤៣​) តាម​មើល​ទៅ​គាត់​ជា​ជន​ជាតិ​យូដា ដូច្នេះ​គាត់​យល់​ច្បាស់ ហើយ​មិន​ចាំ​បាច់​មាន​គេ​បក​ស្រាយ​ទេ ពេល​និយាយ​អំពី​សួន​ឧទ្យាន។ គាត់​ក៏​ដឹង​អំពី​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់​ជា​រៀង​រហូត​នៅ​ផែនដី​នា​អនាគត។

១៤​. (​ក​) តើ​អ្វី​បង្ហាញ​ថា​ពួក​សាវ័ក​ពិបាក​យល់​អំពី​ក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌? (​ខ​) តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​យល់​ច្បាស់​នូវ​ក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា?

១៤ ក៏​ប៉ុន្តែ អ្វី​ដែល​ត្រូវ​បក​ស្រាយ គឺ​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់។ ពេល​លោក​ប្រាប់​អ្នក​កាន់​តាម​ថា លោក​នឹង​ទៅ​ស្ថាន​សួគ៌​ដើម្បី​រៀប​ចំ​កន្លែង​មួយ​ឲ្យ​ពួក​គាត់ នោះ​ពួក​គាត់​មិន​យល់​ទេ។ (​សូម​អាន យ៉ូហាន ១៤:២​-​៥​) ក្រោយ​មក​លោក​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ។ ក៏​ប៉ុន្តែ​ពេល​ដែល​អ្នក​ជួយ​មក​ដល់ ពោល​គឺ​សកម្ម​ពល​របស់​ព្រះ​ដែល​សម្ដែង​ពី​សេចក្ដី​ពិត គាត់​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា​ដោយ​ជួយ​ឲ្យ​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ (​យ៉ូន. ១៦:១២, ១៣​) ក្រោយ​ពី​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. ពេល​ពួក​គាត់​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​ឲ្យ​ធ្វើ​ជា​ស្តេច​នៅ​អនាគត ទើប​ពួក​គាត់​យល់​ច្បាស់​ថា ពួក​គាត់​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ (​១កូ. ១៥:៤៩; កូឡ. ១:៥; ១ពេ. ១:៣, ៤​) នៅ​ពេល​នោះ ក្ដី​សង្ឃឹម​ទទួល​មត៌ក​នៅ​ស្ថាន​សួគ៌​គឺជា​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដឹង ហើយ​អ្នក​សរសេរ​សំបុត្រ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​ក្ដី​សង្ឃឹម​នេះ។ ប៉ុន្តែ តើ​សំបុត្រ​ទាំង​នេះ​បញ្ជាក់​ថែម​ទៀត​ទេ​អំពី​ក្ដី​សង្ឃឹម​របស់​មនុស្ស​ជាតិ​ក្នុង​ការ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី?

តើ​សំបុត្រ​ដែល​ព្រះ​ដឹក​នាំ​ឲ្យ​គេ​សរសេរ​ចែង​យ៉ាង​ណា?

១៥, ១៦​. តើ​សំបុត្រ​ជូន​ជន​ជាតិ​ហេប្រឺ​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ និង​ពាក្យ​របស់​ពេត្រុស​ចង្អុល​ប្រាប់​យ៉ាង​ដូច​ម្ដេច​អំពី​ក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី?

១៥ ក្នុង​សំបុត្រ​ដែល​ប៉ូល​សរសេរ​ជូន​បង​ប្អូន​រួម​ជំនឿ​ជន​ជាតិ​ហេប្រឺ គាត់​បាន​ហៅ​បង​ប្អូន​ទាំង​នោះ​ថា ​«​បង​ប្អូន​បរិសុទ្ធ ដែល​រួម​ចំណែក​ជា​មួយ​នឹង​អ្នក​ដែល​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​»។ យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​រៀប​រាប់​ដែរ​ថា ព្រះ​ដាក់​«​ពិភព​លោក​ដែល​នឹង​មាន​នៅ​ថ្ងៃ​មុខ​»​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​លោក​យេស៊ូ។ (​ហេ. ២:៣, ៥; ៣:​១​) ​«​ពិភព​លោក​ដែល​នឹង​មាន​នៅ​ថ្ងៃ​មុខ​»​ជា​របៀប​របប​ពិភព​លោក​នា​អនាគត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត​មក​លើ​ផែនដី។ នៅ​ពេល​នោះ លោក​យេស៊ូ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជាម​រដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុក. ៣៧:២៩

១៦ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ពេត្រុស​ក៏​បាន​សរសេរ​អំពី​អនាគត​របស់​មនុស្ស​ជាតិ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ ហើយ​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។ (​២ពេ. ៣:៧​) តើ​អ្វី​នឹង​ជំនួស​រដ្ឋាភិបាល​ដែល​ប្រៀប​ដូច​ជា​មេឃ និង​សង្គម​មនុស្ស​អាក្រក់​នៅ​បច្ចុប្បន្ន? (​សូម​អាន ពេត្រុស​ទី​២ ៣:១៣​) របស់​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​«​មេឃ​ថ្មី​»​ដែល​ជា​រាជាណាចក្រ​នៃ​មេស្ស៊ី​របស់​ព្រះ និង​ដោយ​«​ផែនដី​ថ្មី​»​ពោល​គឺ​សង្គម​មនុស្ស​សុចរិត​ដែល​សុទ្ធតែ​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត។

១៧​. តើ​សៀវភៅ​ការ​បើក​បង្ហាញ ២១:១​-​៤​បាន​ពិពណ៌នា​ពី​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ជាតិ​យ៉ាង​ណា?

១៧ សៀវភៅ​ចុង​ក្រោយ​បង្អស់​ក្នុង​គម្ពីរ​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដែល​បញ្ជាក់​ថា មនុស្ស​ជាតិ​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដូច​ដើម ហើយ​នេះ​ពិត​ជា​រំជួល​ចិត្ត​យើង​ណាស់។ (​សូម​អាន ការ​បើក​បង្ហាញ ២១:១​-​៤​) នេះ​ជា​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ដែល​ជឿ​ទៅ​លើ​ព្រះ តាំង​ពី​បុរស​ដំបូង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នៅ​សួន​ច្បារ​អេដែន​មក​ម្ល៉េះ។ មនុស្ស​សុចរិត​នឹង​រស់​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី​ជា​រៀង​រហូត​ដោយ​លែង​ចាស់​លែង​ជរា។ ក្ដី​សង្ឃឹម​នេះ​មាន​មូលដ្ឋាន​រឹង​មាំ​លើ​បទ​គម្ពីរ​ភាសា​ហេប្រឺ​និង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ហើយ​សព្វ​ថ្ងៃ សេចក្ដី​សង្ឃឹម​នេះ​នៅ​តែ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។—បប. ២២:១, ២

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អ្វី​ពេល​លោក​មាន​ប្រសាសន៍​អំពី​«​គ្រា​បង្កើត​សា​ជា​ថ្មី​»​?

តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នីកូដេម​អំពី​អ្វី?

តើ​លោក​យេស៊ូ​បាន​សន្យា​អ្វី​ជា​មួយ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​នៅ​លើ​បង្គោល​ទារុណកម្ម​ក្បែរ​លោក?

តើ​សំបុត្រ​ជូន​ជន​ជាតិ​ហេប្រឺ​និង​ពាក្យ​របស់​ពេត្រុស​បាន​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ពី​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី

[រូបភាព​នៅ​ទំព័រ​១៦]

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​ដទៃ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់