២. អានដោយមានទស្សនៈទូលំទូលាយ
វិធីដែលលោកអ្នកអាចយល់គម្ពីរបរិសុទ្ធ
២. អានដោយមានទស្សនៈទូលំទូលាយ
តើមិត្តភក្ដិធ្លាប់ប្រាប់លោកអ្នករឿងមិនល្អអំពីបុគ្គលម្នាក់ដែលលោកអ្នកមិនដែលស្គាល់ទេ? ពេលលោកអ្នកជួបបុគ្គលនោះ តើរឿងមិនល្អដែលមិត្តភក្ដិបានប្រាប់នោះ ធ្វើឲ្យលោកអ្នកពិបាកសម្គាល់ទេពកោសល្យនិងលក្ខណៈល្អរបស់បុគ្គលនោះទេ? មានរឿងស្រដៀងគ្នានេះអាចកើតឡើង ពេលដែលលោកអ្នកអានគម្ពីរដែរ។
ប៉ូលដែលជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូហើយបានសរសេរសៀវភៅខ្លះៗក្នុងគម្ពីរបានព្រមានយើងពីអ្វីដែលអាចកើតឡើង បើយើងមិនអានគម្ពីរដោយមានទស្សនៈទូលំទូលាយ។ ស្តីអំពីជនជាតិយូដាខ្លះនៅសម័យគាត់ ប៉ូលបានសរសេរថា៖ «ខ្ញុំជាសាក្សីបញ្ជាក់ថា ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ តែដោយគ្មានចំណេះត្រឹមត្រូវ»។—រ៉ូម ១០:២
ទោះជាបទគម្ពីរភាសាហេប្រឺបានបញ្ជាក់យ៉ាងច្បាស់ថា លោក
យេស៊ូជាមេស្ស៊ីក៏ដោយ តែជនជាតិយូដាខ្លះនៅសតវត្សរ៍ទី១មិនព្រមទទួលស្គាល់ការពិតនេះទេ។ លោកយេស៊ូពីក្រុងណាសារ៉ែតមានលក្ខណៈទាំងអស់ដែលបទគម្ពីរភាសាហេប្រឺបានកត់ទុកអំពីមេស្ស៊ី។ ណាមួយទៀត លោកក៏បានសម្រេចទំនាយទាំងអស់ស្តីអំពីអ្វីដែលមេស្ស៊ីនឹងធ្វើដែរ។ ក៏ប៉ុន្តែ ជនជាតិយូដាជាច្រើននៅសម័យលោកយេស៊ូ មិនបានយល់បណ្ដាំរបស់ព្រះដោយសារពួកគេប្រកាន់ទស្សនៈដែលខ្លួនធ្លាប់មាន ហើយមិនព្រមផ្លាស់ប្ដូរទស្សនៈនោះទេ។តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុនេះ? គឺសំខាន់ឲ្យយើងអានគម្ពីរដោយមានទស្សនៈទូលំទូលាយ។ ភាពលំអៀងឬការប្រកាន់ទស្សនៈដែលយើងធ្លាប់មានពីមុនរារាំងយើងពីការយល់សេចក្ដីពិតដែលមានក្នុងគម្ពីរហាក់ដូចជាស្បៃគ្របមុខយើង។
ជាឧទាហរណ៍ នៅរដ្ឋន័រការ៉ូឡៃណា នាសហរដ្ឋអាម៉េរិក មានសាស្ដ្រាចារ្យម្នាក់ដែលសិក្សាអំពីសាសនា បានរៀបរាប់ថា គម្ពីរជា«សៀវភៅមនុស្សនិពន្ធ ហើយមានទស្សនៈរបស់មនុស្ស ដែលភាគច្រើនគឺខុសៗពីគ្នា ហើយគ្មានទស្សនៈណាមួយទេដែលណែនាំយើងអំពីរបៀបដែលយើងគួររស់នៅ»។ បើបុគ្គលម្នាក់មានទស្សនៈថា គម្ពីរជាសៀវភៅដែលបានត្រូវសរសេរដោយមនុស្សជាជាងដោយព្រះ នោះគាត់ប្រហែលជាចង់បដិសេធសេចក្ដីណែនាំឬគោលការណ៍ដែលគាត់មិនចូលចិត្ត មែនទេ?
ផ្ទុយទៅវិញ គម្ពីរលើកទឹកចិត្តយើងឲ្យសិក្សាព័ត៌មានក្នុងនោះយ៉ាងដិតដល់។ ស្តីអំពីបងប្អូនរួមជំនឿនៅក្រុងបេរៀនាសម័យប៉ូល នោះបទគម្ពីរបានចែងថា៖ «ពួកគាត់ទទួលបណ្ដាំរបស់ព្រះដោយក្ដីរំភើប ក៏បានពិនិត្យមើលបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត»។ (សកម្មភាព ១៧:១១) ដូចអ្នកក្រុងបេរៀ លោកអ្នកក៏ប្រហែលជាត្រូវលះបង់ចោលភាពលំអៀងឬការរិះគន់អំពីគម្ពីរដែលលោកអ្នកមានពីមុន។ ចូរអានបណ្ដាំរបស់ព្រះដោយមានទស្សនៈទូលំទូលាយ ហើយដោយចង់ដឹងចង់យល់ដំណឹងដ៏គួរឲ្យរំភើបចិត្តដែលអ្នកនិពន្ធគម្ពីរបានទុកសម្រាប់យើង។