លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្ដីស្រឡាញ់របស់គ្រិស្ដជំរុញយើងឲ្យបង្ហាញក្ដីស្រឡាញ់

ក្ដីស្រឡាញ់របស់គ្រិស្ដជំរុញយើងឲ្យបង្ហាញក្ដីស្រឡាញ់

ក្ដី​ស្រឡាញ់​របស់​គ្រិស្ត​ជំរុញ​យើង​ឲ្យ​បង្ហាញ​ក្ដី​ស្រឡាញ់

​«​លោក[​យេស៊ូ​]​ស្រឡាញ់​ពួក​អ្នក​ដែល​ជា​របស់​លោក ដែល​នៅ​ក្នុង​ពិភព​លោក​នេះ . . . លោក​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត​»។—យ៉ូន. ១៣:១

១, ២​. (​ក​) ហេតុ​អ្វី​បាន​ជា​ក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​បង្ហាញ​គឺ​អស្ចារ្យ​ម្ល៉េះ? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិភាក្សា​លក្ខណៈ​អ្វី​ខ្លះ​នៃ​ក្ដី​ស្រឡាញ់?

លោក​យេស៊ូ​ទុក​គំរូ​ល្អ​ឥត​ខ្ចោះ​ឲ្យ​យើង​ស្តី​អំពី​ការ​បង្ហាញ​ក្ដី​ស្រឡាញ់។ សេចក្ដី​បង្រៀន​និង​មរណភាព​របស់​លោក​ដែល​ជា​គ្រឿង​បូជា ព្រម​ទាំង​ប្រសាសន៍​និង​ការ​ប្រព្រឹត្ត​របស់​លោក សុទ្ធ​តែ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់។ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​លោក​ជួប ហើយ​ជា​ពិសេស​ចំពោះ​អ្នក​កាន់​តាម​របស់​លោក។ លោក​បាន​ធ្វើ​ដូច្នេះ​រហូត​ដល់​លោក​ផុត​ដង្ហើម​ទៅ។

គំរូ​ដ៏​អស្ចារ្យ​របស់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ ទុក​ខ្នាត​តម្រា​ខ្ពស់​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ​តាម។ គំរូ​របស់​លោក​ក៏​ជំរុញ​យើង​ឲ្យ​បង្ហាញ​ក្ដី​ស្រឡាញ់​ស្រ​ដៀង​គ្នា​ដែរ​ចំពោះ​បង​ប្អូន​រួម​ជំនឿ ថែម​ទាំង​ចំពោះ​អ្នក​ឯ​ទៀត​ផង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អ្វី​ដែល​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អាច​រៀន​ពី​លោក​យេស៊ូ​ស្តី​អំពី​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស សូម្បី​តែ​កំហុស​នោះ​ធ្ងន់ធ្ងរ​ក៏​ដោយ។ យើង​ក៏​នឹង​ពិភាក្សា​អំពី​វិធី​ដែល​ក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ជំរុញ​ពួក​គ្រិស្ត​សាសនិក​ឲ្យ​ជួយ​បង​ប្អូន​រួម​ជំនឿ​ពេល​មាន​មហន្តរាយ ជំងឺ ឬ​បញ្ហា​ខាង​សេដ្ឋកិច្ច។

៣​. ទោះ​ជា​ពេត្រុស​ធ្វើ​ខុស​ធ្ងន់ធ្ងរ​ក៏​ដោយ តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​គាត់?

នៅ​រាត្រី​មុន​គេ​សម្លាប់​លោក​យេស៊ូ សាវ័ក​ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​អស់​បី​ដង។ (​ម៉ាក. ១៤:៦៦​-​៧២​) ប៉ុន្តែ ពេល​ពេត្រុស​បាន​ប្រែ​ចិត្ត​ដូច​លោក​យេស៊ូ​បាន​ទាយ​ទុក នោះ​លោក​បាន​អភ័យទោស​ឲ្យ​គាត់។ លោក​យេស៊ូ​បាន​ប្រគល់​ភារកិច្ច​សំខាន់​ដល់​ពេត្រុស។ (​លូក. ២២:៣២; សកម្ម. ២:១៤; ៨:១៤​-​១៧; ១០:​៤៤, ៤៥​) តើ​យើង​ទាញ​មេរៀន​អ្វី​អំពី​ចិត្ត​គំនិត​របស់​លោក​យេស៊ូ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ដែល​បាន​ធ្វើ​ខុស?

បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​ពេល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ខុស

៤​. តើ​កាលៈទេសៈ​ណា​តម្រូវ​ឲ្យ​យើង​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត?

ក្នុង​ចំណោម​កាលៈទេសៈ​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​យើង​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត កាលៈទេសៈ​មួយ​ដែល​ពិត​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត គឺ​ពេល​សមាជិក​គ្រួសារ​យើង​ឬ​សមាជិក​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ពិភព​លោក​បាន​ធ្វើ​ឲ្យ​សីលធម៌​កាន់​តែ​អាប់​ឱន​ទៅ​ៗ​ កាល​ដែល​របៀប​របប​ពិភព​លោក​របស់​សាថាន​ជិត​មក​ដល់​ទី​បញ្ចប់។ មនុស្ស​ក្នុង​ពិភព​លោក​នេះ​មាន​ចិត្ត​គំនិត​អាក្រក់​ឬ​មិន​ខ្ចី​អើពើ​ចំពោះ​សីលធម៌ ហើយ​នេះ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ព្រម​ទាំង​អាច​នាំ​ឲ្យ​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ​កាន់​តែ​អន់​ថយ។ នៅ​សតវត្សរ៍​ទី​១ អ្នក​ខ្លះ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ ហើយ​ខ្លះ​ទៀត​បាន​ត្រូវ​ប្រដៅ​តម្រង់។ សព្វ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ។ (​១កូ. ៥:១១​-​១៣; ១ធី. ៥:២០​) យ៉ាង​ណា​ក្ដី ពេល​ពួក​អ្នក​ចាស់​ទុំ​ដែល​ពិនិត្យ​មើល​រឿង​ទាំង​នេះ​បង្ហាញ​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត នោះ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ខុស។

៥​. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​យក​តម្រាប់​តាម​ចិត្ត​គំនិត​របស់​គ្រិស្ត​យ៉ាង​ណា​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​ធ្វើ​ខុស?

ដូច​លោក​យេស៊ូ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​គាំទ្រ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ពេល​វេលា។ ដោយ​ធ្វើ​ដូច​នេះ ពួក​គេ​បង្ហាញ​ចិត្ត​ស្លូត ក្ដី​សប្បុរស និង​ក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ ពេល​បុគ្គល​ម្នាក់​ពិត​ជា​ប្រែ​ចិត្ត ហើយ​មាន​«​ចិត្ត​សង្រេង​»​ និង​«​វិញ្ញាណ​ទន់​ទាប​»​ដោយ​សារ​កំហុស​របស់​ខ្លួន នោះ​ប្រហែលជា​ស្រួល​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​«​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូតបូត​»។ (​ទំនុក. ៣៤:១៨; កាឡ. ៦:១​) ប៉ុន្តែ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​បុគ្គល​ដែល​រឹង​រូស​និង​មិន​សូវ​ស្ដាយ​កំហុស?

៦​. តើ​ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​ដែល​ធ្វើ​ខុស? ហើយ​ហេតុ​អ្វី?

កាល​ណា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​ព្រម​ទទួល​ដំបូន្មាន​ពី​គម្ពីរ​ឬ​ខំ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ នោះ​ប្រហែលជា​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ឯ​ទៀត​ទាស់​ចិត្ត។ ដោយ​ដឹង​អំពី​បញ្ហា​ដែល​បុគ្គល​នោះ​បាន​បង្ក​ឡើង ប្រហែលជា​ពួក​អ្នក​ចាស់​ទុំ​ចង់​និយាយ​ប្រាប់​បុគ្គល​នោះ​ត្រង់​ៗ​អំពី​អារម្មណ៍​របស់​ខ្លួន​ស្តី​អំពី​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​គាត់។ ប៉ុន្តែ កំហឹង​នាំ​ឲ្យ​បាត់បង់​ប្រយោជន៍​ហើយ​មិន​បង្ហាញ​«​ចិត្ត​គំនិត​របស់​គ្រិស្ត​»​ទេ។ (​១កូ. ២:១៦; សូម​អាន យ៉ាកុប ១:១៩, ២០​) នៅ​សម័យ​លោក​យេស៊ូ លោក​បាន​ព្រមាន​មនុស្ស​ខ្លះ​យ៉ាង​ចំ​ៗ​ តែ​លោក​មិន​ដែល​និយាយ​ប្រមាថ​មើល​ងាយ​ឬ​បញ្ឈឺ​ចិត្ត​គេ​ឡើយ។ (​១ពេ. ២:​២៣​) ផ្ទុយ​ទៅ​វិញ តាម​រយៈ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក លោក​បាន​បញ្ជាក់​ច្បាស់​ថា អ្នក​ដែល​ធ្វើ​ខុស​អាច​ប្រែ​ចិត្ត ហើយ​អាច​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ប្រាកដ​ហើយ មូលហេតុ​មួយ​ដែល​លោក​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក គឺ​ដើម្បី​«​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។—១ធី. ១:១៥

៧, ៨​. ពេល​ពួក​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ករណី​អំពើ​ខុស​ឆ្គង តើ​ពួក​គាត់​គួរ​ចង​ចាំ​អ្វី?

តើ​គំរូ​របស់​លោក​យេស៊ូ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ចិត្ត​គំនិត​របស់​យើង​ចំពោះ​បុគ្គល​ដែល​ត្រូវ​ទទួល​ការ​ទូន្មាន​ប្រដៅ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ? សូម​ចង​ចាំ​ថា គម្ពីរ​បាន​ណែនាំ​ឲ្យ​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ករណី​អំពើ​ខុស​ឆ្គង​ដើម្បី​ការពារ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ហើយ​ប្រហែលជា​ជំរុញ​អ្នក​ធ្វើ​ខុស​ដែល​ទទួល​ការ​ទូន្មាន​ប្រដៅ​ឲ្យ​ប្រែ​ចិត្ត​វិញ។ (​២កូ. ២:៦​-​៨​) គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​បុគ្គល​ខ្លះ​មិន​ប្រែ​ចិត្ត ហើយ​ត្រូវ​បណ្ដាច់​មិត្តភាព។ ប៉ុន្តែ គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់​ដោយ​ដឹង​ថា ក្រោយ​មក​មនុស្ស​ជា​ច្រើន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព បាន​ត្រឡប់​មក​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ​របស់​លោក​វិញ។ ពេល​ពួក​អ្នក​ចាស់​ទុំ​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត ពួក​គេ​ធ្វើ​ឲ្យ​បុគ្គល​នោះ​ស្រួល​ប្រែ​ចិត្ត​ជាង ហើយ​នៅ​ទី​បំផុត​ត្រឡប់​មក​វិញ។ នៅ​ថ្ងៃ​អនាគត អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​ពិត​ជា​ចាំ​ថា ពួក​អ្នក​ចាស់​ទុំ​គោរព​និង​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​ក្ដី​ស្រឡាញ់ ទោះ​ជា​គាត់​ប្រហែលជា​មិន​ចាំ​ដំបូន្មាន​ទាំង​អស់​ដែល​ពួក​អ្នក​ចាស់​ទុំ​ជូន​តាម​គម្ពីរ​ក៏​ដោយ។

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​«​ផល​ដែល​បង្កើត​ដោយ​សកម្ម​ពល​របស់​ព្រះ​»​ ជា​ពិសេស​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត ទោះ​ជា​អ្នក​ដែល​ធ្វើ​ខុស​មិន​ព្រម​ទទួល​ដំបូន្មាន​ពី​គម្ពីរ​ក៏​ដោយ។ (​កាឡ. ៥:​២២, ២៣​) មិន​គប្បី​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​រហ័ស​បណ្ដាច់​មិត្តភាព​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។ ពួក​គេ​ត្រូវ​បង្ហាញ​ថា ពួក​គេ​ចង់​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ យ៉ាង​នេះ ពេល​បង​ប្អូន​ជា​ច្រើន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត​ក្រោយ​មក ពួក​គាត់​ប្រហែលជា​ដឹង​គុណ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​និង​«​អំណោយ​ជា​មនុស្ស​»​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ស្រួល​ត្រឡប់​មក​ក្រុម​ជំនុំ​ជាង។—អេភ. ៤:៨, ១១, ១២

បង្ហាញ​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត​នៅ​គ្រា​ចុង​បំផុត

៩​. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​ប្រព្រឹត្ត​ដោយ​ក្ដី​ស្រឡាញ់​ទៅ​លើ​អ្នក​កាន់​តាម​លោក។

លូកា​បាន​កត់​ទុក​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ប្រព្រឹត្ត​ដោយ​ក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​ជ្រាប​ថា ទាហាន​រ៉ូម​នឹង​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ជា​មិន​ខាន ហើយ​នឹង​គ្មាន​នរណា​អាច​រត់​ចេញ​ពី​ទី​ក្រុង​នោះ​បាន​ទេ។ លោក​បាន​ព្រមាន​អ្នក​កាន់​តាម​ដោយ​ក្ដី​ស្រឡាញ់​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិចបំផ្លាញ​ហើយ​»។ តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី? លោក​យេស៊ូ​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​ទុក​ជា​មុន​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​នាង​ចេញ​ឲ្យ​ឆ្ងាយ ហើយ​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជនបទ​ចូល​ក្នុង​នាង​ឡើយ ព្រោះ​នោះ​ជា​គ្រា​សម្រាប់​ការ​សង​សឹក យ៉ាង​នោះ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អាច​សម្រេច​បាន​»។ (​លូក. ២១:​២០​-​២២​) ក្រោយ​កង​ទ័ព​រ៉ូម​បោះជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦៦ គ.ស. អ្នក​ដែល​ចេះ​ស្ដាប់​បង្គាប់​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នេះ។

១០, ១១​. ប្រសិនបើ​យើង​ពិចារណា​អំពី​ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម តើ​នេះ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​យ៉ាង​ដូច​ម្ដេច?

១០ ក្នុង​អំឡុង​ពេល​ដែល​ពួក​គ្រិស្ត​សាសនិក​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម ពួក​គេ​ត្រូវ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​លោក​យេស៊ូ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​ដែរ។ ពួក​គេ​ពិត​ជា​ត្រូវ​ចែក​អ្វី​ដែល​ពួក​គេ​មាន​ជា​មួយ​គ្នា។ ប៉ុន្តែ ទំនាយ​របស់​លោក​យេស៊ូ​មិន​គ្រាន់តែ​ទាក់​ទង​នឹង​សេចក្ដី​ហិន​វិនាស​របស់​ក្រុង​បុរាណ​នោះ​ប៉ុណ្ណោះ​ទេ តែ​ទាក់​ទង​នឹង​អ្វី​ដ៏​ធំ​ជាង​នេះ​ទៅ​ទៀត។ លោក​បាន​ទាយ​ថា​៖ ​«​នៅ​គ្រា​នោះ នឹង​មាន​ទុក្ខវេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ​»។ (​ម៉ាថ. ២៤:១៧, ១៨, ២១​) មុន​និង​ក្នុង​អំឡុង​«​ទុក្ខវេទនា​ជា​ខ្លាំង​»​ដែល​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ យើង​ក៏​ប្រហែលជា​ប្រឈម​មុខ​ទុក្ខ​លំបាក​និង​ការ​ខ្វះ​ខាត​ដែរ។ ដោយ​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត នេះ​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​បាន។

១១ នៅ​ពេល​នោះ យើង​នឹង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​របស់​ខ្លួន។ ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ ប៉ូល​បាន​ជូន​ឱវាទ​ថា​៖ ​«​ចូរ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ដោយ​ការ​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ។ ព្រោះ​សូម្បី​តែ​គ្រិស្ត​មិន​បាន​រក​បំពេញ​ចិត្ត​ខ្លួន​លោក​ដែរ . . . សូម​ព្រះ​ដែល​ផ្ដល់​សមត្ថភាព​ស៊ូ​ទ្រាំ​និង​ការ​សម្រាល​ទុក្ខ អនុគ្រោះ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត​យេស៊ូ​»។—រ៉ូម ១៥:២, ៣,

១២​. ឥឡូវ តើ​យើង​ត្រូវ​មាន​ក្ដី​ស្រឡាញ់​បែប​ណា? ហើយ​ហេតុ​អ្វី?

១២ ស្រ​ដៀង​គ្នា​ដែរ ពេត្រុស​ដែល​បាន​ទទួល​ក្ដី​ស្រឡាញ់​ពី​លោក​យេស៊ូ បាន​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ឲ្យ​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​គ្មាន​ពុត​ត្បុត​»​ ហើយ​«​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​»។ ពួក​គេ​ត្រូវ​«​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ (​១ពេ. ១:២២​) សព្វ​ថ្ងៃ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដូច​គ្រិស្ត​ជាង​មុន​ៗ​ទៅ​ទៀត។ សូម្បី​តែ​ឥឡូវ​នេះ រាស្ត្រ​របស់​ព្រះ​ត្រូវ​គេ​បង្ខិត​បង្ខំ​កាន់​តែ​ច្រើន។ វិបត្ដិ​សេដ្ឋកិច្ច​ដែល​មាន​ក្នុង​ពិភព​លោក​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា មិន​គប្បី​ឲ្យ​អ្នក​ណា​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​ពិភព​លោក​នេះ​ឡើយ។ (​សូម​អាន យ៉ូហានទី១ ២:១៥​-​១៧​) ផ្ទុយ​ទៅ​វិញ កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ជិត​មក​ដល់ យើង​ត្រូវ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ ថែម​ទាំង​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។ ប៉ូល​បាន​ជូន​ឱវាទ​ថា​៖ ​«​ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន​»។ (​រ៉ូម ១២:​១០​) ហើយ​ពេត្រុស​បាន​ដៅ​បញ្ជាក់​ចំណុច​នេះ​ថែម​ទៀត​ដោយ​ពោល​ថា​៖ ​«​ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។—១ពេ. ៤:៨

១៣​-​១៥​. តើ​បង​ប្អូន​រួម​ជំនឿ​ខ្លះ​បង្ហាញ​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត​យ៉ាង​ដូច​ម្ដេច​ក្រោយ​ពី​មហន្តរាយ?

១៣ ទូ​ទាំង​ពិភព​លោក គេ​ស្គាល់​សាក្សី​ព្រះ​យេហូវ៉ា​ថា​ជា​ពួក​ដែល​បង្ហាញ​ក្ដី​ស្រឡាញ់​ពិត។ សូម​គិត​អំពី​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ស្ម័គ្រ​ចិត្ត​ផ្ដល់​ជំនួយ ក្រោយ​មាន​ខ្យល់​ព្យុះ​បង្ហិន​បង្ហោច​តំបន់​ធំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០០៥។ មាន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​២០.០០០​នាក់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​រង​ទុក្ខ ដោយ​សារ​គំរូ​របស់​លោក​យេស៊ូ​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គេ ហើយ​ច្រើន​នាក់​បាន​លះ​បង់​ផ្ទះ ភាព​ស្រណុក​សុខ​ស្រួល​និង​ការងារ​របស់​ខ្លួន​ដើម្បី​អាច​ទៅ​ជួយ។

១៤ នៅ​តំបន់​មួយ​ខ្យល់​ព្យុះ​បាន​បង្កើត​ឲ្យ​មាន​រលក​ធំ​ៗ​កម្ពស់​១០​ម៉ែត្រ ដែល​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ឡើង​ហួស​ពី​ឆ្នេរ​រហូត​ដល់​៨០​គីឡូម៉ែត្រ។ ពេល​ទឹក​ស្រក ផ្ទះ​និង​អគារ​ទាំង​អស់​នៅ​តំបន់​នោះ​ចំនួន​៣០​ភាគ​រយ​បាន​ហិនហោច។ សាក្សី​ព្រះ​យេហូវ៉ា​មួយ​ចំនួន​ពី​ប្រទេស​ក្រៅ ដែល​ខ្លះ​មាន​ជំនាញ បាន​មក​ជួយ​ព្រម​ទាំង​យក​ប្រដាប់ប្រដា​និង​គ្រឿង​សំណង់​មក​សាងសង់​ផ្ទះ ហើយ​សុខ​ចិត្ត​ធ្វើ​កិច្ចការ​ទាំង​អស់​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ។ បង​ប្អូន​បង្កើត​ពីរ​នាក់​ដែល​នៅ​មេម៉ាយ បាន​រៀប​អីវ៉ាន់​របស់​ពួក​គេ​ដាក់​ក្នុង​ឡាន​ដឹក​ទំនិញ​តូច​មួយ ហើយ​បើក​ឡាន​នោះ​ជាង​៣.០០០​គីឡូម៉ែត្រ​ដើម្បី​ទៅ​ជួយ​នៅ​ទី​នោះ។ សព្វ​ថ្ងៃ ពួក​គាត់​ម្នាក់​នៅ​តែ​រស់​ក្នុង​តំបន់​នោះ ហើយ​នៅ​តែ​ជួយ​គណៈកម្មាធិការ​ផ្ដល់​ជំនួយ ព្រម​ទាំង​កំពុង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ផង​ដែរ។

១៥ ផ្ទះ​ជាង​៥.៦០០​ខ្នង​របស់​សាក្សី​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​នៅ​តំបន់​នោះ​បាន​ត្រូវ​ជួស​ជុល​ឬ​សង់​ឡើង​វិញ។ តើ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​នោះ​មាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​ការ​ទទួល​ក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ? បង​ស្រី​ម្នាក់​ដែល​ផ្ទះ​គាត់​បាន​ត្រូវ​បំផ្លាញ​ដោយ​មហន្តរាយ​នោះ​ដែរ បាន​រើ​ទៅ​នៅ​បន្ទប់​តូច​មួយ​ដែល​មាន​ដំបូល​លិច​ទឹក​ហើយ​ចង្ក្រាន​ខូច។ បង​ប្អូន​រួម​ជំនឿ​បាន​សាងសង់​ផ្ទះ​តូច​ស្អាត​មួយ​ឲ្យ​គាត់។ ពេល​ឈរ​នៅ​មុខ​ផ្ទះ​ថ្មី​របស់​គាត់ គាត់​យំ​ដោយ​មាន​ចិត្ត​រំភើប​ពីព្រោះ​គាត់​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ។ នៅ​ករណី​ជា​ច្រើន​ឯ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាត់បង់​ផ្ទះ បាន​បន្ត​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​កន្លែង​មួយ​រហូត​ដល់​មួយ​ឆ្នាំ​ឬ​យូរ​ជាង ទោះ​ជា​ផ្ទះ​ពួក​គាត់​បាន​សង់​ហើយ​ក៏​ដោយ។ ហេតុ​អ្វី? ដើម្បី​ឲ្យ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​មក​ជួយ អាច​រស់​នៅ​ផ្ទះ​ថ្មី​នោះ​បណ្ដោះ​អាសន្ន។ នេះ​ពិត​ជា​គំរូ​ល្អ​មែន! ក្នុង​ការ​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត។

បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​ចំពោះ​អ្នក​ជំងឺ

១៦, ១៧​. តើ​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​ចំពោះ​អ្នក​ជំងឺ​តាម​វិធី​ណាខ្លះ?

១៦ មិន​សូវ​មាន​សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​ទេ​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ធំ​ៗ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រឈម​មុខ​បញ្ហា​សុខភាព រួម​ទាំង​សមាជិក​គ្រួសារ​ដែរ។ ចិត្ត​គំនិត​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​ជំងឺ​ជា​គំរូ​សម្រាប់​យើង។ ក្ដី​ស្រឡាញ់​របស់​លោក​ជំរុញ​លោក​ឲ្យ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ជំងឺ។ កាល​ដែល​មនុស្ស​មួយ​ក្រុម​បាន​នាំ​អ្នក​ជំងឺ​មក​ជួប​លោក នោះ​«​អស់​អ្នក​ដែល​មាន​ជំងឺ លោក​ក៏​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។—ម៉ាថ. ៨:១៦; ១៤:១៤

១៧ សព្វ​ថ្ងៃ ពួក​គ្រិស្ត​សាសនិក​មិន​មាន​អំណាច​ដូច​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​ដោយ​អព្ភូតហេតុ​ទេ តែ​ពួក​គេ​មាន​ចិត្ត​អាណិត​អាសូរ​ដូច​លោក​ចំពោះ​អ្នក​ជំងឺ។ តើ​ចិត្ត​អាណិត​អាសូរ​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ណា? ពួក​អ្នក​ចាស់​ទុំ​បង្ហាញ​ទី​សំ​អាង​ដែល​ថា​ពួក​គេ​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត ដោយ​រៀប​ចំ​ផ្ដល់​ជំនួយ​ដល់​អ្នក​ជំងឺ​ក្នុង​ក្រុម​ជំនុំ ហើយ​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ជំងឺ​ទទួល​ជំនួយ​ទាំង​នោះ ថែម​ទាំង​ប្រព្រឹត្ត​ដូច​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ម៉ាថាយ ២៥:៣៩, ៤០។ (​សូម​អាន​)

១៨​. តើ​បង​ស្រី​ពីរ​នាក់​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​បង​ស្រី​ម្នាក់​ទៀត​តាម​វិធី​ណា? ហើយ​តើ​មាន​លទ្ធផល​អ្វី?

១៨ សូម្បី​តែ​យើង​មិន​មែន​ជា​អ្នក​ចាស់​ទុំ ក៏​យើង​អាច​ធ្វើ​ល្អ​ដល់​អ្នក​ឯ​ទៀត​ដែរ។ សូម​គិត​អំពី​បង​ស្រី​អាយុ​៤៤​ឆ្នាំ​ឈ្មោះ​សាលីន ដែល​មាន​ជំងឺ​មហារីក ហើយ​គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា គាត់​អាច​រស់​តែ​១០​ថ្ងៃ​ទៀត​ទេ។ បង​ស្រី​រួម​ជំនឿ​ពីរ​នាក់​ឈ្មោះ​សារុន​និង​និកូលេត​បាន​ឃើញ​ថា បង​សាលីន​ត្រូវ​ការ​ជំនួយ ហើយ​ក៏​ឃើញ​ថា​ប្ដី​របស់​សាលីន​អស់​កម្លាំង​ខ្លាំង​ពី​ការ​ថែ​ទាំ​ប្រពន្ធ នោះ​ពួក​គេ​ទាំង​ពីរ​បាន​ស្ម័គ្រ​ចិត្ត​នៅ​កំដរ​បង​សាលីន។ បង​ស្រី​ពីរ​នាក់​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​បង​សាលីន​រហូត​ដល់​គាត់​ស្លាប់ ហើយ​បាន​ថែ​ទាំ​គាត់​មិន​គ្រាន់តែ​អស់​១០​ថ្ងៃ​ទេ តែ​បាន​អូស​បន្លាយ​រហូត​ដល់​៦​សប្ដាហ៍។ បង​សា​រុន​បាន​និយាយ​ថា​៖ ​«​ពេល​យើង​ដឹង​ថា​អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់ នោះ​ជា​ការ​ពិបាក​ណាស់ តែ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​យើង។ បទ​ពិសោធន៍​នេះ​ធ្វើ​ឲ្យ​យើង​ជិត​ស្និទ្ធ​នឹង​លោក​ហើយ​បង​ប្អូន​រួម​ជំនឿ​ដែរ​»។ ប្ដី​របស់​បង​សាលីន​បាន​ពោល​ថា​៖ ​«​បង​ស្រី​ពីរ​នាក់​បាន​ជួយ​យើង​ដោយ​សប្បុរស ហើយ​ខ្ញុំ​ចាំ​មិន​ភ្លេច​គុណ​បំណាច់​របស់​ពួក​គាត់។ ពួក​គេ​មាន​បំណង​ចិត្ត​ល្អ​និង​ទស្សនៈ​ល្អ ហើយ​នេះ​បាន​ជួយ​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​ឲ្យ​ស្រួល​ស៊ូ​ទ្រាំ​ជាង​នូវ​ក្ដី​លំបាក​ចុង​ក្រោយ​នេះ ហើយ​ក៏​ជួយ​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ខាង​រាង​កាយ​និង​ផ្លូវ​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​ការ​ជា​ចាំ​បាច់។ ខ្ញុំ​ដឹង​គុណ​ពួក​គេ​ជា​និច្ច។ ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​នេះ​បាន​ពង្រឹង​ជំនឿ​ខ្ញុំ​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»។

១៩, ២០​. (​ក​) តើ​យើង​បាន​ពិចារណា​លក្ខណៈ​ប្រាំ​យ៉ាង​អ្វី​ស្តី​អំពី​ចិត្ត​គំនិត​របស់​លោក​យេស៊ូ? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​មុន​ទាំង​ពីរ យើង​បាន​ពិចារណា​លក្ខណៈ​ប្រាំ​យ៉ាង​នៃ​ចិត្ត​គំនិត​របស់​លោក​យេស៊ូ ហើយ​វិធី​ដែល​យើង​អាច​គិត​និង​ប្រព្រឹត្ត​ដូច​លោក។ ចូរ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​«​ស្លូត​ក៏​មាន​ចិត្ត​រាប​ទាប​»​ដូច​លោក​យេស៊ូ។ (​ម៉ាថ. ១១:២៩​) សូម​ឲ្យ​យើង​ព្យាយាម​ប្រព្រឹត្ត​លើ​អ្នក​ឯ​ទៀត​ដោយ​ក្ដី​សប្បុរស​ដែរ ទោះ​ជា​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​កំហុស​របស់​ពួក​គេ​លេច​ធ្លោ​ក៏​ដោយ។ សូម​ឲ្យ​យើង​ធ្វើ​តាម​តម្រូវ​ការ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ក្លាហាន ទោះ​បី​រង​ទុក្ខ​លំបាក​ក្ដី។

២០ នៅ​ចុង​បំផុត សូម​ឲ្យ​យើង​បង្ហាញ​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត​ចំពោះ​បង​ប្អូន​រួម​ជំនឿ​រហូត​«​ដល់​ទី​បំផុត​»​ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​អ្នក​កាន់​តាម​លោក។ សេចក្ដី​ស្រឡាញ់​បែប​នេះ​សម្គាល់​យើង​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។ (​យ៉ូន. ១៣:១, ៣៤, ៣៥​) ត្រូវ​ហើយ​«​ចូរ​បន្ត​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។ (​ហេ. ១៣:១​) កុំ​ស្ទាក់​ស្ទើរ​ឡើយ! ចូរ​តាំង​ចិត្ត​ប្រើ​ជីវិត​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត! ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​យ៉ាង​ស្មោះ​របស់​អ្នក។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​យ៉ាង​ណា​ពេល​ប្រព្រឹត្ត​លើ​បុគ្គល​ដែល​ធ្វើ​ខុស?

ហេតុ​អ្វី​បាន​ជា​ការ​យក​តម្រាប់​តាម​ក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សំខាន់​ក្នុង​គ្រា​ចុង​បំផុត​នេះ?

តើ​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​ចំពោះ​អ្នក​ជំងឺ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២០]

ពួក​អ្នក​ចាស់​ទុំ​ចង់​ជួយ​បុគ្គល​ដែល​ធ្វើ​ខុស​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ

[រូបភាព​នៅ​ទំព័រ​២២]

តើ​ពួក​គ្រិស្ត​សាសនិក​ដែល​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្រិស្ត​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​២៣]

សាក្សី​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ក្ដី​ស្រឡាញ់​ដូច​គ្រិស្ត