លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកឲ្យតម្លៃចំពោះការលះបង់របស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះអ្នកទេ?

តើអ្នកឲ្យតម្លៃចំពោះការលះបង់របស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះអ្នកទេ?

តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​អ្នក​ទេ?

​«​ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ពីព្រោះ​លោក​បាន​អាណិត​រាស្ត្រ​របស់​លោក ហើយ​សង្គ្រោះ​ពួក​គេ​»។ —លូក. ១:៦៨

១, ២​. តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ឲ្យ​ឃើញ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របស់​យើង? ហើយ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ អ្នក​សម្រាក​នៅ​បន្ទប់​ធំ​មួយ​ដែល​អ្នក​ជំងឺ​ទាំង​អស់​មាន​ជំងឺ​ដូច​គ្នា ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​ជា។ ពេល​អ្នក​ឮ​ថា​មាន​គ្រូ​ពេទ្យ​មួយ​រូប​ដែល​កំពុង​ស្វែងរក​វិធី​ព្យាបាល នោះ​ធ្វើ​ឲ្យ​អ្នក​មាន​ក្ដី​សង្ឃឹម។ អ្នក​ច្បាស់​ជា​ចង់​ដឹង​លទ្ធផល​ទាំង​អស់​ដែល​គ្រូ​ពេទ្យ​នោះ​បាន​ពី​ការ​ស្រាវជ្រាវ។ នៅ​ថ្ងៃ​មួយ អ្នក​ឮ​ថា​គេ​រក​ឃើញ​វិធី​ព្យាបាល​ហើយ! គ្រូ​ពេទ្យ​ដែល​រក​ឃើញ​វិធី​ព្យាបាល​នោះ​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន។ ដោយ​ដឹង​រឿង​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ប្រាកដជា​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ដឹង​គុណ​ចំពោះ​គាត់​ដែល​បាន​សង្គ្រោះ​អ្នក​និង​មនុស្ស​ជា​ច្រើន​ឯ​ទៀត​ពី​ក្ដី​ស្លាប់។

ប្រហែលជា​មើល​ទៅ​ដូច​ជា​ឧទាហរណ៍​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ តែ​តាម​ពិត​នេះ​កំពុង​តែ​កើត​ឡើង​មែន។ យើង​ទាំង​អស់​គ្នា​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ទៅ​ទៀត។ យើង​ត្រូវ​ការ​អ្នក​សង្គ្រោះ​ជា​ចាំ​បាច់។ (​សូម​អាន រ៉ូម ៧:២៤​) ព្រះ​យេហូវ៉ា​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​សង្គ្រោះ​យើង។ បុត្រ​របស់​លោក​ក៏​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​សំណួរ​បួន។ ហេតុ​អ្វី​យើង​ត្រូវ​ការ​ការ​សង្គ្រោះ? តើ​លោក​យេស៊ូ​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​សង្គ្រោះ​យើង? តើ​ព្រះ​យេហូវ៉ា​បាន​លះ​បង់​អ្វី​ដែរ? ហើយ​តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ?

មូលហេតុ​ដែល​យើង​ត្រូវ​ការ​ការ​សង្គ្រោះ

៣​. តើ​ភាព​ខុស​ឆ្គង​ស្រ​ដៀង​គ្នា​នឹង​ជំងឺ​រាតត្បាត​យ៉ាង​ដូច​ម្ដេច?

ការ​ប៉ាន់ស្មាន​ថ្មី​ៗ​នេះ​បាន​រៀប​រាប់​ថា ជំងឺ​រាតត្បាត​សាហាវ​ជាង​គេ​បំផុត​មួយ គឺ​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ​នៅ​ឆ្នាំ​១៩១៨ ដែល​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ ប៉ុន្តែ​យើង​អាច​និយាយ​ថា មាន​ជំងឺ​ឯ​ទៀត​ដែល​សាហាវ​ជាង​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ​ទៅ​ទៀត ពីព្រោះ​ទោះ​ជា​ជំងឺ​ទាំង​នោះ​ឆ្លង​ទៅ​មនុស្ស​តិច​ជាង​ក៏​ដោយ ក៏​មនុស្ស​ភាគ​ច្រើន​ដែល​ឆ្លង​ជំងឺ​នោះ​បាន​បាត់បង់​ជីវិត។ * ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​ប្រៀប​ធៀប​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង​ទៅ​នឹង​ចំនួន​អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​រាតត្បាត​នោះ? សូម​នឹក​ចាំ​ពាក្យ​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​រ៉ូម ៥:១២​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ ១០០​ភាគ​រយ​នៃ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​បាន​ឆ្លង​ភាព​ខុស​ឆ្គង ព្រោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​ធ្វើ​ខុស។ (​សូម​អាន រ៉ូម ៣:២៣​) ចុះ​តើ​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង? ប៉ូល​បាន​សរសេរ​ថា ភាព​ខុស​ឆ្គង​បាន​នាំ​ឲ្យ​«​មនុស្ស​ទាំង​អស់​»​ស្លាប់។

៤​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ស្តី​អំពី​រយៈ​ពេល​ដែល​យើង​រស់​នៅ? តើ​ទស្សនៈ​របស់​លោក​ខុស​គ្នា​យ៉ាង​ណា​ពី​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ?

សព្វ​ថ្ងៃ មនុស្ស​ជា​ច្រើន​គិត​ថា​ភាព​ខុស​ឆ្គង​និង​ក្ដី​ស្លាប់​ជា​រឿង​ធម្មតា។ ពួក​គេ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​គេ​ហៅ​ថា​ការ​ស្លាប់​មុន​អាយុ តែ​បើ​ស្លាប់​ដោយ​ភាព​ចាស់​ជរា នោះ​ពួក​គេ​បែរ​ជា​ថា​គឺជា​«​ធម្មជាតិ​»។ គឺ​ស្រួល​ណាស់​ឲ្យ​មនុស្ស​យើង​ភ្លេច​ពី​ទស្សនៈ​របស់​អ្នក​ដែល​បាន​បង្កើត​យើង។ បើ​គិត​អំពី​បំណង​របស់​ព្រះ​សម្រាប់​ជីវិត​យើង​វិញ នោះ​ជីវិត​របស់​យើង​គឺ​ខ្លី​ណាស់។ តាម​ពិត តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា គ្មាន​មនុស្ស​ណា​បាន​រស់​នៅ​សូម្បី​តែ​«​មួយ​ថ្ងៃ​»​ក៏​ដោយ។ (​២ពេ. ៣:៨​) យ៉ាង​នេះ បណ្ដាំ​របស់​ព្រះ​ចែង​ថា​យើង​រស់​បាន​រយៈ​ពេល​ខ្លី​ដូច​ជា​ស្មៅ​ឬ​ដូច​ជា​«​មួយ​ដង្ហើម​ប៉ុណ្ណោះ​»។ (​ទំន. ៣៩:៦, ខ.ស. [​ទំនុក. ៣៩:៥​]; ១ពេ. ១:២៤​) យើង​ត្រូវ​ចាំ​ចំណុច​នេះ។ ហេតុ​អ្វី? ពីព្រោះ​ប្រសិនបើ​យើង​យល់​ឃើញ​ថា​«​ជំងឺ​»​ដែល​យើង​មាន​គឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណា នោះ​យើង​នឹង​ឲ្យ​តម្លៃ​ច្រើន​ជាង​ចំពោះ​«​ការ​ព្យាបាល​»​ ពោល​គឺ​ការ​សង្គ្រោះ​របស់​យើង។

៥​. ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង តើ​យើង​មិន​ធ្លាប់​មាន​អ្វី?

ដើម្បី​យល់​ថា​ភាព​ខុស​ឆ្គង​និង​ផល​វិបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ប៉ុណ្ណា យើង​ត្រូវ​យល់​អំពី​អ្វី​ដែល​ភាព​ខុស​ឆ្គង​បាន​ធ្វើ​ឲ្យ​យើង​ខាត​បង់។ នេះ​ប្រហែលជា​ពិបាក​ឲ្យ​យើង​យល់​បន្ដិច​ដោយ​សារភាព​ខុស​ឆ្គង​បណ្ដាល​ឲ្យ​យើង​បាត់បង់​អ្វី​មួយ​ដែល​យើង​មិន​ធ្លាប់​មាន។ នៅ​ដើម​ដំបូង អាដាម​និង​អេវ៉ា​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​មាន​សតិបញ្ញា​និង​រូប​កាយ​ល្អ​ឥត​ខ្ចោះ ហើយ​អាច​ទប់​ទល់​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន។ យ៉ាង​នេះ ពួក​គេ​អាច​បន្ត​បណ្ដុះ​គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បោះចោល​ជីវិត​ល្អ​ឥត​ខ្ចោះ ជា​អំណោយ​ដែល​មាន​តម្លៃ​ថ្លៃ​ពន់ពេក។ ដោយ​សារ​អាដាម​និង​អេវ៉ា​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​និង​កូន​ចៅ​មិន​មាន​ជីវិត​ដូច​ក្ដី​បំណង​ប្រាថ្នា​ដែល​លោក​មាន​ចំពោះ​ពួក​គេ​ទេ។ (​លោ. ៣:១៦​-​១៩​) ព្រម​ជា​មួយ​គ្នា​នេះ​ដែរ ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្លួន​ឯង​និង​យើង​ទាំង​អស់​គ្នា​មាន​«​ជំងឺ​»​ដ៏​សាហាវ​ដែល​បាន​រៀប​រាប់​ខាង​លើ។ នេះ​សម​មែន​ដែល​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​ពួក​គេ។ ប៉ុន្តែ​សម្រាប់​យើង​វិញ លោក​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​យើង​ទទួល​ក្ដី​សង្គ្រោះ។—ទំនុក. ១០៣:១០

ទំហំ​ការ​លះ​បង់​របស់​លោក​យេស៊ូ​ ដើម្បី​សង្គ្រោះ​យើង

៦, ៧​. (​ក​) នៅ​ដើម​ដំបូង តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​ត្រូវ​មាន​ការ​លះ​បង់​ច្រើន​ដើម្បី​សង្គ្រោះ​យើង? (​ខ​) ពី​គំរូ​របស់​អេបិល​និង​បុព្វ​បុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​មុន​សម័យ​មាន​ច្បាប់​ម៉ូសេ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គ្រឿង​បូជា​របស់​ពួក​គេ?

ព្រះ​យេហូវ៉ា​ជ្រាប​ថា លោក​ត្រូវ​លះ​បង់​អ្វី​ៗ​ជា​ច្រើន ទើប​អាច​សង្គ្រោះ​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា។ ទំនាយ​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​លោកុប្បត្តិ ៣:១៥ បាន​ប្រាប់​យើង​ពី​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ក្ដី​សង្គ្រោះ​នោះ។ ព្រះ​យេហូវ៉ា​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ដែល​ជា​«​ពូជ​»​ ហើយ​បុគ្គល​នោះ​នឹង​បំផ្លាញ​ចោល​សាថាន​នៅ​ថ្ងៃ​អនាគត។ ក៏​ប៉ុន្តែ មុន​អ្នក​សង្គ្រោះ​នោះ​អាច​ធ្វើ​ដូច្នេះ​បាន គាត់​នឹង​ត្រូវ​រង​ទុក្ខ ហាក់​ដូច​របួស​កែង​ជើង​ក្នុង​ន័យ​ធៀប។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​បុគ្គល​នោះ​ឈឺ​ចាប់​ពើត​ផ្សា​ណាស់។ តែ​តើ​របួស​នោះ​មាន​ន័យ​អ្វី? តើ​អ្នក​រើស​តាំង​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​អ្វី​ទៅ?

ដើម្បី​សង្គ្រោះ​មនុស្ស​ពី​ភាព​ខុស​ឆ្គង អ្នក​សង្គ្រោះ​នឹង​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​នឹង​ជម្រះ​ការ​ខុស​ឆ្គង ដែល​នឹង​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​ដោយ​បំបាត់​ចោល​ផល​វិបាក​នៃ​ភាព​ខុស​ឆ្គង។ តើ​នេះ​នឹង​រួម​បញ្ចូល​អ្វី? បើ​មើល​កំណត់​ហេតុ​ដំបូង​ក្នុង​គម្ពីរ មាន​ព្រឹត្ដិការណ៍​ខ្លះ​ដែល​បង្ហើប​ឲ្យ​ដឹង​ថា​ដើម្បី​សង្គ្រោះ​មនុស្ស​បាន​គឺ​ត្រូវ​ការ​គ្រឿង​បូជា។ ពេល​អេបិល​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​ដំបូង បាន​បូជា​សត្វ​ជូន​ព្រះ​យេហូវ៉ា នោះ​លោក​ពេញ​ចិត្ត​នឹង​គាត់។ ក្រោយ​មក បុព្វ​បុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​កោត​ខ្លាច​ព្រះ​ដូច​ជា​ណូអេ អាប្រាហាំ យ៉ាកុប និង​យ៉ូប​បាន​ផ្ដល់​គ្រឿង​បូជា​ស្រ​ដៀង​គ្នា​នេះ ហើយ​នោះ​បាន​ផ្គាប់​ចិត្ត​ព្រះ។ (​លោ. ៤:៤; ៨:២០, ២១; ២២:​១៣; ៣១:៥៤; យ៉ូប ១:៥​) រាប់​រយ​ឆ្នាំ​ក្រោយ​មក ច្បាប់​ម៉ូសេ​បាន​ជួយ​ឲ្យ​មនុស្ស​ដឹង​ច្រើន​ទៀត​អំពី​គ្រឿង​បូជា។

៨​. តើ​សម្ដេច​សង្ឃ​បាន​ធ្វើ​អ្វី​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង?

តាម​តម្រូវ​ការ​នៃ​ច្បាប់​ម៉ូសេ គ្រឿង​បូជា​សំខាន់​បំផុត​មួយ​គឺ​គ្រឿង​បូជា​ដែល​គេ​ផ្ដល់​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង។ នៅ​ថ្ងៃ​នោះ សម្ដេច​សង្ឃ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដែល​ជា​និមិត្តរូប។ គាត់​បាន​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជម្រះ​ការ​ខុស​ឆ្គង មុន​ដំបូង​សម្រាប់​ពួក​សង្ឃ ហើយ​បន្ទាប់​មក​សម្រាប់​កុលសម្ព័ន្ធ​ឯ​ទៀត។ សម្ដេច​សង្ឃ​បាន​ចូល​កន្លែង​បរិសុទ្ធ​បំផុត​ក្នុង​វិហារ ជា​កន្លែង​ដែល​មាន​តែ​គាត់​ប៉ុណ្ណោះ​មាន​សិទ្ធិ​ចូល ហើយ​អាច​ចូល​តែ​មួយ​ដង​គត់​ក្នុង​មួយ​ឆ្នាំ​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង។ នៅ​កន្លែង​នោះ​គាត់​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រមព្រៀង។ នៅ​លើ​ហឹប​ពិសិដ្ឋ​នោះ ជួនកាល​មាន​ពពក​ដែល​ភ្លឺ​ចិញ្ចាចចិញ្ចែង ដែល​នេះ​តំណាង​វត្តមាន​របស់​ព្រះ​យេហូវ៉ា។—និក្ខ. ២៥:២២; លេវី. ១៦:១​-​៣០

៩​. (​ក​) នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង តើ​សម្ដេច​សង្ឃ​តំណាង​អ្នក​ណា? ហើយ​តើ​គ្រឿង​បូជា​ដែល​គាត់​ផ្ដល់​ឲ្យ​សំដៅ​ទៅ​លើ​អ្វី? (​ខ​)​ ពេល​សម្ដេច​សង្ឃ​ចូល​ទៅ​កន្លែង​បរិសុទ្ធ​បំផុត តើ​នេះ​តំណាង​អ្វី?

ព្រះ​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​បើក​បង្ហាញ​អត្ថន័យ​នៃ​កិច្ចការ​ទាំង​នោះ​របស់​សម្ដេច​សង្ឃ​ដែល​ជា​និមិត្តរូប។ គាត់​បាន​បង្ហាញ​ថាស​ម្ដេច​សង្ឃ​តំណាង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​មេស្ស៊ី ហើយ​ការ​ជូន​គ្រឿង​បូជា​នោះ​តំណាង​មរណភាព​របស់​លោក​យេស៊ូ។ (​ហេ. ៩:១១​-​១៤​) គ្រឿង​បូជា​ល្អ​ឥត​ខ្ចោះ​នោះ​នឹង​ជម្រះ​ទាំង​ស្រុង​នូវ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ពីរ​ក្រុម គឺ​ពួក​សង្ឃ​ចំនួន​១៤៤.០០០​នាក់​ដែល​ជា​បង​ប្អូន​របស់​គ្រិស្ត ដែល​ពួក​គាត់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ និង​«​ចៀម​ឯ​ទៀត​»។ (​យ៉ូន. ១០:១៦​) ពេល​សម្ដេច​សង្ឃ​ចូល​ទៅ​កន្លែង​បរិសុទ្ធ​បំផុត គាត់​តំណាង​លោក​យេស៊ូ​ចូល​ស្ថាន​សួគ៌ ដើម្បី​ជូន​ព្រះ​យេហូវ៉ា​នូវ​តម្លៃ​នៃ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ។—ហេ. ៩:​២៤, ២៥

១០​. តើ​ទំនាយ​គម្ពីរ​បាន​បង្ហាញ​ថា​មេស្ស៊ី​នឹង​ឆ្លង​កាត់​អ្វី​ខ្លះ?

១០ យ៉ាង​ច្បាស់​ណាស់ ការ​សង្គ្រោះ​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​នឹង​តម្រូវ​ឲ្យ​មាន​ការ​លះ​បង់​ជា​ច្រើន។ មេស្ស៊ី​នឹង​ត្រូវ​បូជា​ជីវិត​របស់​ខ្លួន​លោក! អ្នក​ប្រកាស​ទំនាយ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ជូន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​ពោល​យ៉ាង​ចំ​ៗ​ថា​មេស្ស៊ី​ជា​«​អ្នក​ដែល​ចាក់​ប្រេង​តាំង​»​ នឹង​«​ត្រូវ​ផ្ដាច់​ចេញ​»​ឬ​ប្រហារ​ជីវិត ដើម្បី​«​ធួន​នឹង​អំពើ​ទុច្ចរិត​»។ (​ដាន. ៩:២៤​-​២៦​) អេសាយ​បាន​ប្រកាស​ទំនាយ​ថា គេ​នឹង​មិន​ព្រម​ទទួល​ស្គាល់​មេស្ស៊ី ថែម​ទាំង​នឹង​បៀតបៀន​ហើយ​សម្លាប់​ឬ​ចាក់​ទម្លុះ​លោក ដើម្បី​អាច​រង​ភាព​ខុស​ឆ្គង​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។—អេ. ៥៣:៤, ៥,

១១​. តើ​បុត្រ​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​តាម​វិធី​ណាខ្លះ​ថា លោក​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​សង្គ្រោះ​យើង?

១១ មុន​ដែល​បុត្រ​របស់​ព្រះ​មក​ផែនដី លោក​ជ្រាប​ពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ ទើប​អាច​សង្គ្រោះ​យើង​បាន។ លោក​នឹង​ត្រូវ​រង​ការ​ឈឺ​ចាប់​ខ្លាំង ហើយ​ក្រោយ​មក​គេ​នឹង​សម្លាប់​លោក។ ពេល​បិតា​នៅ​ស្ថាន​សួគ៌​បង្រៀន​លោក​អំពី​ការ​ពិត​ទាំង​នោះ តើ​លោក​រុញ​រា​ឬ​បះបោរ​ប្រឆាំង​ទេ? ផ្ទុយ​ទៅ​វិញ លោក​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ធ្វើ​តាម​បង្គាប់​របស់​បិតា។ (​អេ. ៥០:៤​-​៦​) ដូច​គ្នា​ដែរ ពេល​នៅ​ផែនដី លោក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​នៅ​ស្ថាន​សួគ៌។ ហេតុ​អ្វី? លោក​បាន​ផ្ដល់​ចម្លើយ​ដោយ​ពោល​ពាក្យ​ដូច​ត​ទៅ​នេះ​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​»។ លោក​បាន​ប្រាប់​ចម្លើយ​មួយ​ទៀត​ថា​៖ ​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ​»។ (​យ៉ូន. ១៤:៣១; ១៥:១៣​) ដូច្នេះ ហេតុ​សំខាន់​មួយ​ដែល​យើង​អាច​ទទួល​ក្ដី​សង្គ្រោះ​គឺ​ដោយ​សារ​ក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​ព្រះ​យេហូវ៉ា។ ទោះ​ជា​លោក​ត្រូវ​លះ​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​ជា​មនុស្ស​ក៏​ដោយ លោក​សប្បាយ​ចិត្ត​ធ្វើ​ដូច្នេះ​ដើម្បី​សង្គ្រោះ​យើង។

ទំហំ​ការ​លះ​បង់​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​យើង

១២​. តើ​ថ្លៃ​លោះ​បង្ហាញ​បំណង​ប្រាថ្នា​របស់​អ្នក​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​លោក​ផ្ដល់​ថ្លៃ​លោះ​នោះ?

១២ លោក​យេស៊ូ​មិន​មែន​ជា​អ្នក​ផ្ដើម​គំនិត​ឬ​អ្នក​ធ្វើ​គម្រោង​ឲ្យ​មាន​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​ទេ តែ​វិធី​សង្គ្រោះ​នេះ​គឺជា​លក្ខណៈ​សំខាន់​មួយ​នៃ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ូល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទី​បូជា​ដែល​គេ​ផ្ដល់​គ្រឿង​បូជា​នៅ​ឯ​វិហារ តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​ហេ. ១០:១០​) ដូច្នេះ ព្រះ​យេហូវ៉ា​មាន​គុណ​មហា​សែន​ធ្ងន់​ចំពោះ​យើង ដោយ​សារ​លោក​បាន​សង្គ្រោះ​យើង​តាម​រយៈ​គ្រឿង​បូជា​របស់​គ្រិស្ត។ (​លូក. ១:៦៨​) នេះ​បង្ហាញ​ពី​បំណង​ប្រាថ្នា​ល្អ​ឥត​ខ្ចោះ​របស់​លោក និង​ក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​មាន​ចំពោះ​មនុស្ស។—សូម​អាន យ៉ូហាន ៣:១៦

១៣, ១៤​. តើ​គំរូ​របស់​អាប្រាហាំ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​យល់​និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​យើង?

១៣ តើ​ព្រះ​យេហូវ៉ា​បាន​លះ​បង់​អ្វី​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​យើង​តាម​វិធី​នេះ? នេះ​ពិត​ជា​ពិបាក​ឲ្យ​យើង​យល់​ណាស់។ ប៉ុន្តែ មាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ជាង​ស្តី​អំពី​រឿង​នេះ។ ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់ ឲ្យ​ធ្វើ​អ្វី​ដ៏​សែន​ពិបាក​មួយ គឺ​បូជា​អ៊ីសាក​ដែល​ជា​កូន​របស់​គាត់។ អាប្រាហាំ​ជា​ឪពុក​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ហើយ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​គាត់​អំពី​អ៊ីសាក​ថា ជា​«​កូន​សំ​ឡាញ់​តែ​១​»។ (​លោ. ២២:២​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាប្រាហាំ​បាន​យល់​ឃើញ​ថា​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា គឺ​សំខាន់​ជាង​ក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​អ៊ីសាក។ អាប្រាហាំ​សម្រេច​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ។ ក៏​ប៉ុន្តែ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ទេវតា​មួយ​រូប​ឲ្យ​ឃាត់​អាប្រាហាំ​មុន​គាត់​បូជា​កូន​ក៏​ដោយ ក៏​អ្វី​ដែល​អាប្រាហាំ​ប្រុង​ធ្វើ​បង្ហាញ​ពី​អ្វី​ដែល​ព្រះ​នឹង​ត្រូវ​ធ្វើ​នៅ​អនាគត។ ក្នុង​កា​រសាក​ល្បង​ដ៏​ពិបាក​នេះ អាប្រាហាំ​បាន​តាំង​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​របស់​គាត់​ដល់​ម្ល៉េះ ដែល​គាត់​ជឿ​ជាក់​ថា វិធី​តែ​មួយ​គត់​ដែល​គាត់​អាច​ជួប​កូន​ម្ដង​ទៀត គឺ​តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ​គាត់​មាន​ជំនឿ​ស៊ប់​ថា​ព្រះ​នឹង​ប្រោស​ឲ្យ​កូន​គាត់​រស់​ឡើង​វិញ។ ប្រាកដ​ហើយ ប៉ូល​បាន​និយាយ​ថា អាប្រាហាំ​បាន​ទទួល​អ៊ីសាក​ពី​សេចក្ដី​ស្លាប់​«​ក្នុង​ន័យ​ធៀប​»។—ហេ. ១១:១៩

១៤ កាល​ដែល​អាប្រាហាំ​រៀប​ចំ​បូជា​កូន​របស់​គាត់ គឺ​ពិបាក​ឲ្យ​យើង​ស្រមៃ​គិត​ពី​ទំហំ​ទុក្ខ​ព្រួយ​របស់​គាត់ មែន​ទេ? ក្នុង​ន័យ​ម្យ៉ាង ករណី​របស់​អាប្រាហាំ​បង្ហាញ​ពី​ការ​ឈឺ​ចាប់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បូជា​បុគ្គល​ដែល​លោក​ហៅ​ថា​«​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​»។ (​ម៉ាថ. ៣:១៧​) ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ទំនង​ជា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​ឆ្ងាយ​ណាស់។ លោក​នឹង​បុត្រ​របស់​លោក​បាន​នៅ​ជា​មួយ​គ្នា​រាប់​លាន​ឆ្នាំ ប្រហែល​ដល់​រាប់​ពាន់​លាន​ឆ្នាំ​ដែរ។ បុត្រ​របស់​ព្រះ​បាន​ធ្វើ​កិច្ចការ​រួម​គ្នា​ជា​មួយ​បិតា​ក្នុង​នាម​ជា​«​មេ​ជាង​»​ដែល​ជា​ទី​ស្រឡាញ់ និង​ជា​«​បណ្ដាំ​»​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​លោក។ (​សុភ. ៨:២២, ៣០, ៣១; យ៉ូន. ១:១​) យើង​មិន​អាច​យល់​ពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ស៊ូ​ទ្រាំ ពេល​គេ​ធ្វើ​ទារុណកម្ម ចំអក ហើយ​ប្រហារ​ជីវិត​បុត្រ​របស់​លោក​ជា​ជន​ល្មើស។ ព្រះ​យេហូវ៉ា​បាន​លះ​បង់​ជា​ច្រើន​ដើម្បី​សង្គ្រោះ​យើង! ដូច្នេះ តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​សង្គ្រោះ​នោះ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​បង្ហាញ​ថា​ អ្នក​ឲ្យ​តម្លៃ​ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៥​. តើ​លោក​យេស៊ូ​បាន​បង្ហើយ​ការ​ជម្រះ​ការ​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​បើក​ផ្លូវ​សម្រាប់​អ្វី​ខ្លះ?

១៥ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ លោក​បាន​បង្ហើយ​ការ​ជម្រះ​ការ​ខុស​ឆ្គង។ ដោយ​បាន​នៅ​ជា​មួយ​បិតា​ម្ដង​ទៀត លោក​បាន​ផ្ដល់​តម្លៃ​នៃ​គ្រឿង​បូជា​របស់​ខ្លួន​លោក​ឲ្យ​បិតា។ ក្រោយ​មក មាន​ពរ​ដ៏​អស្ចារ្យ​គឺ​ព្រះ​អភ័យទោស​ទាំង​ស្រុង មុន​ដំបូង​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​រើស​តាំង​ដែល​ជា​បង​ប្អូន​របស់​គ្រិស្ត ហើយ​បន្ទាប់​មក​ចំពោះ​ការ​ខុស​ឆ្គង​«​របស់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល​»។ សព្វ​ថ្ងៃ អស់​អ្នក​ដែល​កែប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ដោយ​សារ​គ្រឿង​បូជា​នោះ។ (​១យ៉ូន. ២:២​) តើ​នេះ​ទាក់​ទង​នឹង​អ្នក​យ៉ាង​ណា?

១៦​. ដើម្បី​បង្ហាញ​មូលហេតុ​ដែល​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​ការ​សង្គ្រោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង តើ​យើង​អាច​ប្រើ​ឧទាហរណ៍​ណា?

១៦ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​ឧទាហរណ៍​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ឧបមា​ថា គ្រូ​ពេទ្យ​ដែល​រក​ឃើញ​វិធី​ព្យាបាល​បាន​ទៅ​ជួប​អ្នក​ជំងឺ​ហើយ​និយាយ​ថា​៖ ​«​អ្នក​ជំងឺ​ណា​ដែល​ព្រម​ទទួល​វិធី​ព្យាបាល ហើយ​ធ្វើ​តាម​បង្គាប់​របស់​យើង​នឹង​ជា​សះ​ស្បើយ​ជា​មិន​ខាន​»។ ចុះ​យ៉ាង​ណា​បើ​អ្នក​ជំងឺ​ឯ​ទៀត​មិន​ព្រម​ទទួល​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ ដោយ​ប្រកែក​ថា​គឺ​ពិបាក​ពេក​ឲ្យ​គាត់​លេប​ថ្នាំ​ឬ​ធ្វើ​តាម​បង្គាប់​ពេទ្យ? ទោះ​ជា​អ្នក​ឃើញ​ទី​សំ​អាង​ជាក់​ស្តែង​ដែល​ថា​ការ​ព្យាបាល​នោះ​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​មែន តើ​អ្នក​នឹង​ធ្វើ​តាម​អ្នក​ជំងឺ​ឯ​ទៀត​នោះ​ទេ? ពិត​ជា​មិន​មែន​ទេ! អ្នក​ពិត​ជា​អរគុណ​គ្រូ​ពេទ្យ​នោះ​ដែល​មាន​វិធី​ព្យាបាល ហើយ​ក្រោយ​មក អ្នក​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​យ៉ាង​ដិត​ដល់ ថែម​ទាំង​ប្រហែលជា​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដែរ។ ដូច​គ្នា​ដែរ យើង​ម្នាក់​ៗ​គួរ​បង្ហាញ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ថា យើង​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ការ​សង្គ្រោះ​ដែល​លោក​បាន​ធ្វើ តាម​រយៈ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​បុត្រ​លោក។—សូម​អាន រ៉ូម ៦:១៧, ១៨

១៧​. តើ​អ្នក​អាច​បង្ហាញ​តាម​វិធី​ណាខ្លះ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​អ្នក?

១៧ ប្រសិនបើ​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ នោះ​យើង​នឹង​បង្ហាញ​តាម​ការ​ប្រព្រឹត្ត​របស់​យើង។ (​១យ៉ូន. ៥:៣​) យើង​នឹង​ខំ​យក​ឈ្នះ​នឹង​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​អំពើ​ខុស​ឆ្គង។ យើង​នឹង​ទប់​ទល់​រហូត​ហើយ​មិន​ប្រព្រឹត្ត​ខុស​ឆ្គង​ដោយ​ចេតនា ឬ​ធ្វើ​ជា​មនុស្ស​លាក់​ពុត ព្រោះ​បើ​យើង​ប្រព្រឹត្ត​ដូច​នេះ​ហាក់​ដូច​ជា​យើង​មិន​ឲ្យ​តម្លៃ​ចំពោះ​ថ្លៃ​លោះ​ឬ​ថា​ថ្លៃ​លោះ​នោះ​មិន​សំខាន់​ទាល់​តែ​សោះ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ថ្លៃ​លោះ​ដោយ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ស្អាត​ស្អំ​ចំពោះ​ព្រះ។ (​២ពេ. ៣:១៤​) ម្យ៉ាង​ទៀត យើង​នឹង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​យើង​ក្នុង​ការ​ទទួល​ក្ដី​សង្គ្រោះ ហើយ​ដោយ​ធ្វើ​ដូច​នេះ​អ្នក​ឯ​ទៀត​ក៏​អាច​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត ថែម​ទាំង​មាន​ក្ដី​សង្ឃឹម​ទទួល​អនាគត​ដែល​គ្មាន​ទី​បញ្ចប់​ផង​ដែរ។ (​១ធី. ៤:១៦​) ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ពិត​ជា​សម​នឹង​ទទួល​ពី​យើង​នូវ​ពេល​វេលា​និង​កម្លាំង​ដែល​យើង​ចំណាយ​ដើម្បី​សរសើរ​លោក​ទាំង​ពីរ។ (​ម៉ាក. ១២:២៨​-​៣០​) សូម​គិត​ទៅ​មើល! យើង​អាច​ទន្ទឹង​ចាំ​គ្រា​ដែល​យើង​នឹង​ជា​សះ​ស្បើយ​ឬ​លែង​មាន​ភាព​ខុស​ឆ្គង។ យើង​អាច​រស់​នៅ​ដូច​ដែល​ព្រះ​មាន​បំណង​សម្រាប់​យើង ពោល​គឺ​រស់​ជា​រៀង​រហូត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ យើង​អាច​មាន​ជីវិត​បែប​នេះ​បាន​ដោយ​សារ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​យើង!—រ៉ូម ៨:២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​អ្នក​ត្រូវ​ការ​ការ​សង្គ្រោះ​ជា​ចាំ​បាច់?

តើ​ការ​លះ​បង់​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​អំណោយ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ថ្លៃ​លោះ?

ដោយ​សារ​ព្រះ​យេហូវ៉ា​រៀប​ចំ​ដើម្បី​សង្គ្រោះ​អ្នក តើ​នេះ​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី?

[កំណត់​សម្គាល់]

^ វគ្គ 3 គេ​បាន​និយាយ​ថា ពេល​មាន​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ ២០​ភាគ​រយ​ទៅ​៥០​ភាគ​រយ​នៃ​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​បាន​ឆ្លង​ជំងឺ​នោះ។ ប្រហែលជា​មនុស្ស​រវាង​១​ភាគ​រយ​ទៅ​១០​ភាគ​រយ​ដែល​មាន​គ្រុន​ផ្ដាសាយ​នោះ បាន​ស្លាប់។ ផ្ទុយ​ទៅ​វិញ ជំងឺ​អ៊ី​បូ​ឡា (​Ebola​) ជា​ជំងឺ​ដែល​កម្រ​មាន តែ​ពេល​ផ្ទុះ​ឡើង​ម្ដង​ៗ នោះ​៩០​ភាគ​រយ​នៃ​មនុស្ស​ដែល​មាន​ជំងឺ​នេះ​បាន​បាត់បង់​ជីវិត។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣០]

នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង សម្ដេច​សង្ឃ​នៃ​សាសន៍​អ៊ីស្រាអែល​តំណាង​មេស្ស៊ី

[រូបភាព​នៅ​ទំព័រ​៣១]

ការ​ស្ម័គ្រ​ចិត្ត​របស់​អាប្រាហាំ​ក្នុង​ការ​បូជា​កូន​របស់​គាត់ បង្រៀន​យើង​ច្រើន​ណាស់​អំពី​ការ​លះ​បង់​របស់​ព្រះ​យេហូវ៉ា ​ដែល​មាន​ទំហំ​ធំ​ធេង​ជាង