លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺចាំបាច់ដើម្បីរួចជីវិត!

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺចាំបាច់ដើម្បីរួចជីវិត!

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​គឺ​ចាំ​បាច់​ដើម្បី​រួច​ជីវិត!​

តើ​អ្នក​អាច​ស្រមៃ​គិត​ថា ​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​»​នឹង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ប៉ុណ្ណា​ឬ​ទេ? (​បប. ១៦:១៤​) មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​អំពី​ថ្ងៃ​នោះ ដោយ​ប្រើ​ពាក្យ​ក្នុង​ន័យ​ធៀប​ថា​៖ ​«​អស់​ទាំង​ភ្នំ​នឹង​រលាយ . . . ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត​»។ (​មីកា ១:៤​) តើ​ពួក​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា? បណ្ដាំ​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​សាកសព​នៃ​មនុស្ស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង​»។—យេ. ២៥:៣៣

ដោយ​សារ​មាន​ការ​ព្រមាន​ដូច្នេះ មេ​គ្រួសារ​ទាំង​ឡាយ (​មាន​មេ​គ្រួសារ​ជា​ច្រើន​នាក់​ដែល​គ្មាន​គូ​) គួរ​គិត​អំពី​កូន​របស់​ខ្លួន​ដែល​ធំ​ដឹង​ក្ដី​ហើយ រួច​សួរ​ខ្លួន​ថា ‹តើ​កូន​របស់​ខ្ញុំ​នឹង​រួច​ជីវិត​នៅ​សង្គ្រាម​ហា​ម៉ា​គេ​ដូន​ឬ​ទេ?›។ គម្ពីរ​បញ្ជាក់​ថា​ពួក​គេ​នឹង​រួច​ជីវិត​មែន បើ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សម​តាម​អាយុ​របស់​ពួក​គេ។—ម៉ាថ. ២៤:២១

សារៈសំខាន់​នៃ​ការ​លៃ​ទុក​ពេល ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ

ក្នុង​នាម​ជា​ឪពុក​ឬ​ម្ដាយ ចូរ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​អប់រំ​កូន​​«​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភ. ៦:៤​) ការ​បង្រៀន​កូន​អំពី​គម្ពីរ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ យើង​ចង់​ឲ្យ​កូន​របស់​យើង​មាន​គំនិត​ដូច​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព ដែល​ប៉ូល​បាន​សរសើរ​ដោយ​សារ​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត។ គាត់​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ ដូច​អ្នក​រាល់​គ្នា​តែង​ស្ដាប់​បង្គាប់​ពី​មុន មិន​គ្រាន់តែ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ឥឡូវ​នេះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ សូម​បន្ត​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»។—ភី. ២:១២

តើ​កូន​របស់​អ្នក​ធ្វើ​តាម​ច្បាប់​ព្រះ​យេហូវ៉ា ពេល​ដែល​អ្នក​មិន​នៅ​ជា​មួយ​នឹង​ពួក​គេ​ឬ​ទេ? ចុះ​យ៉ាង​ណា​ពេល​ដែល​កូន​នៅ​សាលា​រៀន? បើ​ចង់​ឲ្យ​កូន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​អ្នក​មិន​នៅ​ជា​មួយ​នឹង​ពួក​គេ នោះ​អ្នក​ត្រូវ​ជួយ​កូន​ឲ្យ​ជឿ​ជាក់​ថា​ច្បាប់​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ​ហើយ​មាន​ប្រយោជន៍។ តើ​អ្នក​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ជំនឿ​របស់​កូន​ឲ្យ​ធ្វើ​តាម​ច្បាប់​ព្រះ កាល​ណា​កូន​មិន​នៅ​ជា​មួយ​នឹង​ឪពុក​ម្ដាយ។ ដូច្នេះ ឥឡូវ​យើង​នឹង​ពិនិត្យ​មើល​ចំណុច​ដ៏​សំខាន់​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​មាន​ប្រយោជន៍។

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ត្រូវ​ទៀង​ទាត់

គម្ពីរ​បញ្ជាក់​ថា​ព្រះ​អញ្ជើញ​ពួក​កូន​របស់​លោក​នៅ​ស្ថាន​សួគ៌​ឲ្យ​មក​ជួប​ជុំ​គ្នា​តាម​ពេល​កំណត់។ (​យ៉ូប ១:៦​) ចូរ​កំណត់​ពេល​ដើម្បី​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​កូន​ៗ​របស់​អ្នក​ដែរ។ ចូរ​កំណត់​ថ្ងៃ​និង​ម៉ោង​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ ហើយ​ធ្វើ​តាម​ពេល​កំណត់​នោះ។ នៅ​ដំណាល​គ្នា​នោះ ដោយ​យល់​ថា​អាច​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​ខាន​ធ្វើ​តាម​ពេល​កំណត់ ចូរ​កំណត់​ទុក​ថ្ងៃ​និង​ម៉ោង​មួយ​ផ្សេង​ទៀត​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ក្នុង​ករណី​នោះ។

ចូរ​ប្រយ័ត្ន​ក្រែង​លោ​យូរ​ៗ​ទៅ​ចាប់​ផ្ដើម​មាន​គំនិត​ថា ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មិន​ទៀង​ទាត់​មិន​ជា​បញ្ហា​ទេ។ កុំ​ភ្លេច​ថា កូន​របស់​អ្នក​ជា​សិស្ស​គម្ពីរ​សំខាន់​បំផុត​របស់​អ្នក។ ប៉ុន្តែ សាថាន​ចង់​ចាប់​ពួក​គេ​ធ្វើ​ជា​ចំណី។ (​១ពេ. ៥:៨​) ពេល​ល្ងាច​ដែល​ទុក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មាន​តម្លៃ​ខ្លាំង​ណាស់ តែ​បើ​យក​ពេល​នោះ​ដើម្បី​មើល​ទូរទស្សន៍​ឬ​ធ្វើ​កិច្ចការ​ណា​ផ្សេង​ទៀត​ដែល​មិន​សំខាន់ នោះ​សាថាន​បាន​ឈ្នះ​ហើយ។—អេភ. ៥:​១៥, ១៦; ៦:១២; ភី. ១:១០

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ត្រូវ​មាន​ប្រយោជន៍

ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ មិន​ត្រូវ​រៀន​ដូច​នៅ​សាលា​រៀន​ទេ។ ចូរ​ព្យាយាម​ធ្វើ​ឲ្យ​ការ​សិក្សា​នោះ​មាន​ប្រយោជន៍។ តើ​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? ជួនកាល​អ្នក​គួរ​ជ្រើស​រើស​ប្រធានបទ​ដែល​ទាក់​ទង​នឹង​បញ្ហា​ដែល​កូន​នឹង​ប្រឈម​មុខ​នៅ​ថ្ងៃ​មុខ។ ជា​ឧទាហរណ៍ ជួនកាល​អ្នក​អាច​ហាត់​ពាក្យ​ផ្សព្វ​ផ្សាយ។ ក្មេង​ៗ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ពួក​គេ​ចេះ​ធ្វើ​បាន​ល្អ។ កូន​នឹង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​តាម​របៀប​ផ្សេង​ៗ បើ​ហាត់​ពាក្យ​ផ្សព្វ​ផ្សាយ ហើយ​គិត​អំពី​អ្វី​ដែល​អាច​និយាយ​ពេល​មាន​គេ​ជំទាស់។—២ធី. ២:១៥

អ្នក​ក៏​អាច​ហាត់​ពាក្យ​ដើម្បី​ជួយ​កូន​ចេះ​ឆ្លើយ​ពេល​មាន​ការ​បង្ខិត​បង្ខំ​ពី​ក្មេង​ៗ​ឯ​ទៀត។ ពេល​ដែល​ពិគ្រោះ​ជា​មួយ​នឹង​កូន សូម​បើក​ឱកាស​ឲ្យ​កូន​រក​ពាក្យ​ឆ្លើយ​ដែល​ស្រួល​សម្រាប់​កូន។ អ្នក​ប្រហែលជា​អាច​សួរ​កូន​ថា តើ​កូន​ទទួល​ការ​បង្ខិត​បង្ខំ​អ្វី​ខ្លះ? តើ​ទទួល​ការ​បង្ខិត​បង្ខំ​នៅ​កន្លែង​ណា? តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​កូន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ? តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​កូន​មិន​ចុះ​ចាញ់? ម្ដង​ម្កាល​សូម​ហាត់​ជា​មួយ​នឹង​កូន​នូវ​ពាក្យ​ដែល​កូន​អាច​ឆ្លើយ​កាល​ដែល​មាន​ការ​បង្ខិត​បង្ខំ។

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​បើក​ឱកាស​ឲ្យ​ឪពុក​ម្ដាយ​គូស​បញ្ជាក់​អំពី​ប្រយោជន៍​ដែល​មក​ពី​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​បម្រើ​របស់​លោក។ ត្រង់​ចំណុច​នេះ ខិត្តប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា ប្អូន​ៗ​យុវវ័យ! តើ​អ្នក​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​អ្នក? មាន​ព័ត៌មាន​ល្អ​ណាស់។ ពេល​ពិគ្រោះ​ខិត្តប័ណ្ណ​នេះ ចូរ​ជួយ​កូន​ឲ្យ​យល់​ថា​ការ​ចាត់​ទុក​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួក​គេ​គឺ​មាន​ប្រយោជន៍​ច្រើន​បំផុត។ ចូរ​ជួយ​កូន​ឲ្យ​មាន​ប្រាថ្នា​ចង់​ផ្សព្វ​ផ្សាយ​ពេញ​ពេល បម្រើ​នៅ​បេតអែល ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ ឬ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ប្រភេទ​ផ្សេង​ទៀត។

គួរ​ចាំ​ថា ឪពុក​ម្ដាយ​ខ្លះ​ដែល​មាន​បំណង​ល្អ​គិត​ច្រើន​អំពី​អ្វី​ដែល​ពួក​គាត់​ចង់​ឲ្យ​កូន​សម្រេច​នៅ​អនាគត ដល់​ម្ល៉េះ​បាន​ជា​ពួក​គាត់​ខាន​សរសើរ​កូន​អំពី​អ្វី​ល្អ​ៗ​ដែល​កូន​កំពុង​ធ្វើ​ឥឡូវ​នេះ។ ពិត​មែន​តែ ជា​ការ​ល្អ​បើ​អ្នក​លើក​ទឹក​ចិត្ត​កូន​ឲ្យ​មាន​គោលដៅ​បម្រើ​នៅ​បេតអែល ឬ​ទៅ​ជា​សាសនទូត តែ​ពេល​ធ្វើ​ដូច្នោះ ចូរ​ប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​កូន​ខឹង​ដោយ​សារ​គោលដៅ​ដែល​អ្នក​បាន​កំណត់​ឲ្យ​កូន​សម្រេច រួច​បណ្ដាល​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត។ (​កូឡ. ៣:២១​) ចូរ​ចាំ​មិន​ភ្លេច​ថា កូន​របស់​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​សារ​កូន​ចង់​ស្រឡាញ់​លោក មិន​មែន​ដោយ​សារ​អ្នក​ចង់​ឲ្យ​កូន​ស្រឡាញ់​លោក​ទេ។ (​ម៉ាថ. ២២:​៣៧​) ដូច្នេះ ចូរ​រក​មូលហេតុ​សរសើរ​កូន​ដោយ​សារ​អ្វី​ដែល​កូន​កំពុង​ធ្វើ​យ៉ាង​ល្អ ហើយ​ទប់​ចិត្ត​កុំ​គិតតែ​ពី​អ្វី​ដែល​កូន​ខាន​ធ្វើ។ ចូរ​ជួយ​កូន​ឲ្យ​មាន​អំណរ​គុណ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​កូន។ រួច​មក អនុញ្ញាត​ឲ្យ​កូន​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត​កូន។

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ត្រូវ​ធ្វើ​ឲ្យ​សប្បាយ

ចំណុច​ទី​៣​ដែល​ធ្វើ​ឲ្យ​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មាន​ប្រយោជន៍ គឺ​ការ​សិក្សា​នោះ​ត្រូវ​ធ្វើ​ឲ្យ​សប្បាយ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច? ជួនកាល អ្នក​ប្រហែលជា​អាច​ស្ដាប់​ឈុត​សម្ដែង​មួយ ឬ​មើល​ហើយ​ពិភាក្សា​មេរៀន​ក្នុង​វីដេអូ​មួយ​ដែល​ជា​ផលិតកម្ម​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត អ្នក​អាច​អាន​កំណត់​ហេតុ​មួយ​ក្នុង​គម្ពីរ ដោយ​កំណត់​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ៗ​អាន​សម្ដី​របស់​បុគ្គល​មួយ​ក្នុង​កំណត់​ហេតុ​នោះ។

ក្នុង​ទស្សនាវដ្ដី​ប៉មយាម​មាន​អត្ថបទ​ផ្សេង​ៗ​ដែល​ល្អ​សម្រាប់​យក​មក​ពិភាក្សា​ជា​ក្រុម​គ្រួសារ។ ទស្សនាវដ្ដី​ប៉មយាម​មាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​ស្រាវជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ​​»។ មាន​អត្ថបទ​មួយ​សម្រាប់​ក្មេង​ៗ ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​បង្រៀន​កូន​របស់​អ្នក​»។

ចូរ​ប្រុង​ប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​ការ​សិក្សា​ជា​គ្រួសារ​ទៅ​ជា​ការ​ជជីក​សួរ។ ជា​ឧទាហរណ៍ យើង​បាន​ជូន​យោបល់​ឪពុក​ម្ដាយ​ឲ្យ​លើក​ទឹក​ចិត្ត​កូន​សរសេរ​កំណត់​អំពី​គំនិត​និង​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ព័ត៌មាន​ដែល​ក្រុម​គ្រួសារ​បាន​ពិភាក្សា ហើយ​ចំពោះ​របៀប​ដែល​ពួក​គេ​នឹង​អនុវត្ត​តាម​ព័ត៌មាន​នោះ។ ចូរ​ទុក​ឲ្យ​កូន​មាន​សិទ្ធិ​សម្រេច​ថា​គាត់​ចង់​ប្រាប់​រឿង​ណាខ្លះ​ក្នុង​សៀវភៅ​កំណត់​របស់​គាត់ ហើយ​រឿង​ណា​ដែល​គាត់​ចង់​ទុក​ជា​រឿង​សម្ងាត់ ជា​ជាង​បង្ខំ​កូន​ឲ្យ​អាន​ឮ​ៗ នូវ​អ្វី​ដែល​គាត់​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​របស់​គាត់ ពីព្រោះ​បើ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​កូន​មិន​ចង់​សរសេរ​ដោយ​ឥត​លាក់​លៀម​អំពី​អារម្មណ៍​របស់​ខ្លួន​ទេ។

ប្រសិនបើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក​តែង​តែ​មាន​ភាព​ទៀង​ទាត់ មាន​ប្រយោជន៍ និង​ធ្វើ​ឲ្យ​សប្បាយ នោះ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ព្យាយាម​របស់​អ្នក។ ពេល​ពិសេស​នេះ​ដែល​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា នឹង​ជួយ​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

[​ប្រអប់​នៅ​ទំព័រ​៣១​]

ចូរ​ប្រើ​គំនិត​ច្នៃ​ប្រឌិត

​«​ពេល​ដែល​យើង​បង្រៀន​កូន​ស្រី​ៗ​របស់​យើង​ដែល​នៅ​ក្មេង ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​បាន​ពិភាក្សា​ព័ត៌មាន​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ រួច​មក​បាន​សុំ​កូន​ស្រី​របស់​យើង​គូរ​រូបភាព​ដែល​បញ្ជាក់​ចំណុច​សំខាន់​ៗ​ក្នុង​ព័ត៌មាន​នោះ។ ជួនកាល យើង​ដើរតួ​ក្នុង​កំណត់​ហេតុ​មួយ​នៃ​គម្ពីរ ឬ​ហាត់​ពាក្យ​ផ្សព្វ​ផ្សាយ។ យើង​តែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​ការ​សិក្សា​នោះ​សម​នឹង​អាយុ​របស់​កូន មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ផ្ដល់​ការ​លើក​ទឹក​ចិត្ត និង​គួរ​ឲ្យ​សប្បាយ​»​ (​ច.ម. សហរដ្ឋអាម៉េរិក​)។

​«​ដើម្បី​ជួយ​កូន​ប្រុស​របស់​សិស្ស​គម្ពីរ​ខ្ញុំ​ឲ្យ​យល់​ថា ប្រើ​រមូរ​ក្រដាស​នៅ​សម័យ​គម្ពីរ​គឺ​ដូច​ម្ដេច យើង​បាន​លុប​លេខ​ជំពូក​និង​ខ​ចេញ​ពី​សៀវភៅ​អេសាយ រួច​បោះពុម្ព​ជា​ក្រដាស ភ្ជាប់​ជា​មួយ​គ្នា ហើយ​ភ្ជាប់​ជា​មួយ​បំពង់​ទាំង​សង​ខាង។ រួច​មក ក្មេង​ប្រុស​នោះ​ខំ​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​ណាសារ៉ែត។ កំណត់​ហេតុ​នៅ​លូកា ៤:១៦​-​២១​ចែង​ថា លោក​យេស៊ូ​បាន​‹បើក​រមូរ​[​សៀវភៅ​អេសាយ​]​ហើយ​រក›​ខ​គម្ពីរ​ដែល​លោក​ចង់​អាន។ (​អេ. ៦១:១, ២​) ក៏​ប៉ុន្តែ ពេល​ដែល​ក្មេង​ប្រុស​នោះ​ខំ​រក​ខ​គម្ពីរ​នោះ គាត់​ពិបាក​រក​អេសាយ​ជំពូក​៦១​ឃើញ ដោយ​សារ​រមូរ​នោះ​វែង​ហើយ​គ្មាន​លេខ​ជំពូក​និង​ខ។ គាត់​កោត​ស្ងើច​ដោយ​ឃើញ​ថា​លោក​យេស៊ូ​ប៉ិនប្រសប់​ប្រើ​រមូរ​ក្រដាស ក៏​ឧទាន​ថា​៖ ‹លោក​យេស៊ូ​អស្ចារ្យ​មែន!›​»​ (​យ.ថ. ប្រទេស​ជប៉ុន​)។

[​រូបភាព​នៅ​ទំព័រ​៣០​]

ការ​ហាត់​ពាក្យ​អាច​ជួយ​កូន​ចេះ​ឆ្លើយ​ពេល​មាន​ការ​បង្ខិត​បង្ខំ​ពី​ក្មេង​ៗ​ឯ​ទៀត

[​រូបភាព​នៅ​ទំព័រ​៣១​]

ចូរ​ព្យាយាម​ធ្វើ​ឲ្យ​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​អ្វី​គួរ​ឲ្យ​សប្បាយ