ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»
ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»
«ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន»។—រ៉ូម ១២:១៨
១, ២. (ក) តើលោកយេស៊ូបានព្រមានអ្នកកាន់តាមរបស់លោកអំពីអ្វី? (ខ) ស្តីអំពីដំបូន្មានដែលប្រាប់របៀបដែលយើងត្រូវប្រព្រឹត្តពេលមានការប្រឆាំង តើដំបូន្មាននោះនៅឯណា?
លោកយេស៊ូបានព្រមានអ្នកកាន់តាមរបស់លោកថា ពួកគាត់នឹងប្រឈមមុខនឹងការប្រឆាំងពីមនុស្សក្នុងពិភពលោក។ នៅរាត្រីមុនលោកទទួលមរណភាព លោកពន្យល់មូលហេតុដែលមនុស្សនឹងប្រឆាំងពួកគាត់។ លោកមានប្រសាសន៍ទៅពួកសាវ័កថា៖ «ប្រសិនបើអ្នករាល់គ្នារួមចំណែកក្នុងពិភពលោក នោះពិភពលោកនឹងស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានៅខាងគេ។ តែឥឡូវ អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ ហើយខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា»។—យ៉ូន. ១៥:១៩
២ សាវ័កប៉ូលបានឃើញសច្ចភាពនៃពាក្យរបស់លោកយេស៊ូ។ ក្នុងសំបុត្រទី២របស់ប៉ូលទៅធីម៉ូថេដែលជាគូកនវ័យក្មេងរបស់គាត់ គាត់បានសរសេរថា៖ «អ្នកបានយកចិត្តទុកដាក់យ៉ាងដិតដល់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ របៀបរស់នៅ គោលបំណង ជំនឿ ចិត្តធ្ងន់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ ការបៀតបៀន ការរងទុក្ខវេទនា»។ បន្ទាប់មក ប៉ូលបន្ថែមថា៖ «តាមការពិត អស់អ្នកណាដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ (២ធី. ៣:១០-១២) ក្នុងជំពូកទី១២នៃសំបុត្ររបស់ប៉ូលទៅពួកគ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់បានឲ្យដំបូន្មានដែលមានប្រាជ្ញា ស្តីអំពីរបៀបដែលពួកគេគួរប្រព្រឹត្តពេលមានការប្រឆាំង។ ពាក្យរបស់គាត់អាចជួយយើងបានក្នុងគ្រាចុងក្រោយនេះ។
«ចូរធ្វើអ្វីដែល . . . ល្អប្រសើរ»
៣, ៤. តើយើងអាចប្រព្រឹត្តតាមឱវាទនៅសៀវភៅរ៉ូម ១២:១៧ យ៉ាងដូចម្ដេច (ក) ពេលមានសមាជិកខ្លះមិនបម្រើព្រះយេហូវ៉ា? (ខ) ពេលប្រព្រឹត្តទៅលើអ្នកជិតខាង?
៣សូមអាន រ៉ូម ១២:១៧។ ប៉ូលបានពន្យល់ថា ពេលយើងជួបប្រទះនឹងការប្រឆាំង យើងមិនគួរតបតវិញទេ។ ការធ្វើតាមឱវាទរបស់គាត់គឺសំខាន់ ជាពិសេសក្នុងក្រុមគ្រួសារដែលសមាជិកខ្លះមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ បើគ្រិស្តសាសនិកម្នាក់មានប្ដីឬប្រពន្ធដែលមិនបម្រើព្រះយេហូវ៉ា ហើយអ្នកនោះប្រើពាក្យអសុរោះឬប្រព្រឹត្តមិនល្អមកលើគាត់ដែលជាអ្នកបម្រើព្រះ នោះគាត់ទប់ចិត្តមិនតបតវិញទេ។ គ្មានអ្វីល្អដែលមកពីការ«តបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់»។ ផ្ទុយទៅវិញ ការមានចិត្តគំនិតដូចនេះ អាចធ្វើឲ្យបញ្ហាកាន់តែធំឡើង។
៤ ប៉ូលជូនយោបល់អំពីវិធីប្រសើរជាងដោយនិយាយថា៖ «ចូរធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ»។ នៅឯផ្ទះ ទោះជាប្ដីនិយាយបង្អាប់ជំនឿរបស់ប្រពន្ធក៏ដោយ តែបើប្រពន្ធប្រព្រឹត្តដោយសប្បុរសចំពោះប្ដី នោះអាចបង្ការពីការឈ្លោះប្រកែកគ្នា។ (សុភ. ៣១:១២) កាឡុសដែលឥឡូវបម្រើនៅបេតអែល បានរៀបរាប់អំពីវិធីដែលម្ដាយរបស់គាត់យកឈ្នះការប្រឆាំងខ្លាំងពីឪពុក ដោយតែងតែប្រព្រឹត្តដោយសប្បុរសហើយធ្វើកិច្ចការផ្ទះឲ្យបានល្អ។ កាឡុសបានពន្យល់ថា៖ «ម៉ាក់លើកទឹកចិត្តយើងឲ្យចេះគោរពប៉ាជានិច្ច។ ម៉ាក់បានសុំខ្ញុំឲ្យទៅលេងបោះដុំដែកជាមួយប៉ា ទោះជាខ្ញុំមិនចូលចិត្តលេងក៏ដោយ តែនេះបានធ្វើឲ្យប៉ាមានអារម្មណ៍ល្អ»។ នៅទីបំផុត ឪពុករបស់កាឡុសចាប់ផ្ដើមរៀនគម្ពីរ ហើយទទួលការជ្រមុជទឹក។ ស្តីអំពីការ«ធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ» សាក្សីព្រះយេហូវ៉ាច្រើនតែយកឈ្នះការរើសអើងដោយផ្ដល់ជំនួយទៅអ្នកជិតខាង ពេលមានមហន្តរាយ។
ធ្វើឲ្យការប្រឆាំងរលាយដោយ«រងើកភ្លើង»
៥, ៦. (ក) តើយើងគួរដាក់«រងើកភ្លើង»លើក្បាលសត្រូវក្នុងន័យអ្វី? (ខ) សូមរៀបរាប់បទពិសោធន៍មួយក្នុងតំបន់របស់អ្នកដែលបង្ហាញថា ការអនុវត្តតាមដំបូន្មាននៅសៀវភៅរ៉ូម ១២:២០ អាចនាំឲ្យមានលទ្ធផលល្អ។
៥សូមអាន រ៉ូម ១២:២០។ ពេលប៉ូលសរសេរខនេះ តាមមើលទៅគាត់ដកស្រង់ពីសៀវភៅសុភាសិត ២៥:២១, ២២ ដែលថា៖ «បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង»។ ដូច្នេះ បើយើងគិតអំពីឱវាទរបស់ប៉ូលនៅរ៉ូមជំពូកទី១២ គាត់មិនចង់និយាយថា រងើកភ្លើងនោះសំដៅទៅការដាក់ទណ្ឌកម្មអ្នកប្រឆាំងឬការធ្វើឲ្យគាត់អាម៉ាស់មុខនោះឡើយ។ ផ្ទុយទៅវិញ តាមមើលទៅសុភាសិតនោះ និងពាក្យរបស់ប៉ូល សំដៅទៅវិធីស្លដែកនៅសម័យបុរាណ។ បណ្ឌិតជនជាតិអង់គ្លេសមួយរូបនៅសតវត្សរ៍ទី១៩បានកត់សម្គាល់ថា៖ «គេមិនគ្រាន់តែដាក់ដែករឹងលើភ្លើងប៉ុណ្ណោះទេ តែក៏ត្រូវគររងើកភ្លើងពីលើដែកនោះដែរ។ មិនសូវមានចិត្តរឹងរូសណាខ្លាំងដល់ម្ល៉េះដែលមិនអាចទន់បានដោយក្ដីស្រឡាញ់ដែលប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ ដែលក្ដីស្រឡាញ់នោះចេះអត់ធ្មត់និងលះបង់ប្រយោជន៍ខ្លួន» (Charles Bridges)។
៦ ដូច«រងើកភ្លើង» ការប្រព្រឹត្តដោយសប្បុរសអាចធ្វើឲ្យអ្នកប្រឆាំងទន់ចិត្តហើយផ្លាស់ប្ដូរចិត្តគំនិតលែងប្រឆាំងអ្នកបម្រើរបស់ព្រះយេហូវ៉ា។ ការប្រព្រឹត្តដោយសប្បុរសអាចមានអានុភាពលើមនុស្សឲ្យមានទស្សនៈល្អជាងមុនចំពោះរាស្ត្ររបស់ព្រះយេហូវ៉ានិងព័ត៌មានដែលពួកគេផ្សាយពីគម្ពីរ។ សាវ័កពេត្រុសបានសរសេរថា៖ «ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ។ យ៉ាងនោះ ទោះជាពួកគេចោទប្រកាន់អ្នករាល់គ្នាថាជាអ្នកប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេនឹងបែរជាសរសើរព្រះនៅថ្ងៃដែលលោកធ្វើការត្រួតពិនិត្យ ដោយសារពួកគេជាសាក្សីអំពីការប្រព្រឹត្តដ៏ល្អប្រសើររបស់អ្នករាល់គ្នា»។—១ពេ. ២:១២
ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»
៧. តើសេចក្ដីសុខសាន្តដែលលោកយេស៊ូបន្សល់ទុកឲ្យអ្នកកាន់តាមរបស់លោកជាអ្វី? ហើយតើនេះគួរជំរុញឲ្យយើងធ្វើអ្វី?
៧សូមអាន រ៉ូម ១២:១៨។ ក្នុងអំឡុងរាត្រីចុងក្រោយដែលលោកយេស៊ូបាននៅជាមួយពួកសាវ័ក នោះលោកបានប្រាប់ពួកគេថា៖ «ខ្ញុំបន្សល់សេចក្ដីសុខសាន្តទុកឲ្យអ្នករាល់គ្នា។ ខ្ញុំឲ្យអ្នករាល់គ្នានូវសេចក្ដីសុខសាន្តរបស់ខ្ញុំ»។ (យ៉ូន. ១៤:២៧) ក្ដីសុខសាន្តដែលលោកយេស៊ូបន្សល់ទុកឲ្យអ្នកកាន់តាមរបស់លោក គឺចិត្តស្ងប់ដែលពួកគេមានពេលដឹងថា ព្រះយេហូវ៉ានិងបុត្រជាទីស្រឡាញ់របស់លោក ពេញចិត្ត ហើយស្រឡាញ់ពួកគេ។ ក្ដីសុខសាន្តក្នុងចិត្តនេះគួរជំរុញយើងឲ្យរស់នៅដោយមានសន្ដិភាពជាមួយអ្នកឯទៀត។ ពួកគ្រិស្តសាសនិកពិត ជាអ្នកដែលស្រឡាញ់សន្ដិភាព ហើយជាអ្នកដែលធ្វើឲ្យមានសន្ដិភាព។—ម៉ាថ. ៥:៩
៨. តើយើងអាចក្លាយទៅជាអ្នកដែលធ្វើឲ្យមានសន្ដិភាពក្នុងផ្ទះនិងក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
៨ វិធីមួយដើម្បីក្លាយទៅជាអ្នកដែលធ្វើឲ្យមានសន្ដិភាពក្នុងរង្វង់គ្រួសារ គឺដោះស្រាយយ៉ាងលឿនបំផុតនូវការខ្វែងគំនិតគ្នា ពុំនោះអាចមានបញ្ហាកាន់តែធំឡើង។ (សុភ. ១៥:១៨; អេភ. ៤:២៦) នៅក្នុងក្រុមជំនុំក៏សំខាន់ឲ្យយើងធ្វើដូចនេះដែរ។ សាវ័កពេ ត្រុសបានបញ្ជាក់ថា ការខំប្រឹងឲ្យមានសន្ដិភាពទាក់ទងនឹងការទប់អណ្ដាត។ (១ពេ. ៣:១០, ១១) ក្រោយពីយ៉ាកុបបានជូនឱវាទខ្លាំងៗស្តីអំពីការប្រើអណ្ដាតឲ្យបានត្រឹមត្រូវ ហើយការជៀសចេញពីចិត្តច្រណែននិងចិត្តចង់បង្កទំនាស់ នោះគាត់ក៏បានសរសេរដែរថា៖ «ប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព សមហេតុផល រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្ដាករុណានិងផលល្អ មិនលម្អៀង ហើយគ្មានពុតត្បុត។ ម្យ៉ាងទៀត សេចក្ដីសុចរិតជាផលដែលត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្ដិភាព ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលធ្វើឲ្យមានសន្ដិភាព»។—យ៉ា. ៣:១៧, ១៨
៩. កាលដែលយើងខំធ្វើឲ្យមាន«សន្ដិភាពជាមួយនឹងមនុស្សទាំងអស់» តើយើងគួរចងចាំអ្វី?
៩ ពាក្យរបស់ប៉ូលដែលមាននៅសៀវភៅរ៉ូម ១២:១៨ មិនគ្រាន់តែថា យើងត្រូវធ្វើឲ្យមានសន្ដិភាពតែក្នុងរង្វង់គ្រួសារនិងក្នុងក្រុមជំនុំប៉ុណ្ណោះទេ។ តែគាត់បាននិយាយថា យើងគួរធ្វើឲ្យមាន«សន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។ នេះរួមបញ្ចូលអ្នកជិតខាង អ្នករួមការងារ សិស្សរួមថ្នាក់ និងមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ។ ក៏ប៉ុន្តែ សាវ័កប៉ូលបានប្រាប់ពីល័ក្ខខ័ណ្ឌក្នុងការធ្វើតាមដំបូន្មានរបស់គាត់ ដោយពោលថា៖ «ចូរខំអស់ពីសមត្ថភាព . . . ប្រសិនបើអាចធ្វើទៅបាន»។ នេះមានន័យថា យើងខំប្រឹងប្រែងធ្វើឲ្យមាន«សន្ដិភាពជាមួយនឹងមនុស្សទាំងអស់» តែមិនលះបង់ចោលគោលការណ៍សុចរិតរបស់ព្រះឡើយ។
ការសងសឹកជារបស់ព្រះយេហូវ៉ា
១០, ១១. តើយើង«ទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោក»យ៉ាងដូចម្ដេច? ហើយហេតុអ្វីសមត្រឹមត្រូវឲ្យយើងធ្វើដូចនេះ?
១០សូមអាន រ៉ូម ១២:១៩។ ទោះជាយើងជួប«ពួកអ្នកដែលមិនយល់ស្រប»នឹងព័ត៌មានដែលយើងផ្សាយនិងកិច្ចការរបស់យើងក្ដី ឬជួបអ្នកដែលប្រឆាំងក្ដី ក៏យើងត្រូវ«ចេះទប់ចិត្តពេលដែលរងការអាក្រក់» ហើយប្រព្រឹត្តដោយ«ចិត្តស្លូតបូត»វិញ។ (២ធី. ២:២៣-២៥) ប៉ូលជូនឱវាទកុំឲ្យពួកគ្រិស្តសាសនិកសងសឹក តែ«ទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោក»។ ក្នុងនាមជាគ្រិស្តសាសនិក យើងដឹងថាយើងមិនមានសិទ្ធិសងសឹកឡើយ។ អ្នកតែងបទទំនុកតម្កើងបានសរសេរថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ»។ (ទំនុក. ៣៧:៨) ហើយសាឡូម៉ូនបានជូនដំបូន្មានថា៖ «កុំឲ្យថា ‹អញនឹងសងសឹក›នោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ! ទ្រង់នឹងជួយសង្គ្រោះឯងវិញ»។—សុភ. ២០:២២
១១ ប្រសិនបើអ្នកប្រឆាំងធ្វើបាបយើង នោះយកល្អឲ្យយើងទុកឲ្យព្រះយេហូវ៉ាសម្រេចថា ពួកគេសមឬមិនសមនឹងទទួលទោស។ ប៉ូលបានសំដៅទៅលើសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា ដោយបន្ថែមថា៖ «បទគម្ពីរចែងថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ›»។ (សូមពិនិត្យបន្ថែម ចោទិយកថា ៣២:៣៥) បើយើងខំសងសឹកដោយខ្លួនឯង នោះយើងនឹងធ្វើអ្វីមួយដែលមានតែព្រះយេហូវ៉ាទេដែលមានសិទ្ធិធ្វើ។ ម្យ៉ាងទៀត យើងនឹងបង្ហាញថាយើងខ្វះជំនឿលើក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំនឹងសងគេ»។
១២. តើព្រះយេហូវ៉ានឹងសម្ដែងកំហឹងរបស់លោកនៅពេលណា? ហើយតើលោកនឹងសម្ដែងយ៉ាងដូចម្ដេច?
១២ នៅផ្នែកដំបូងក្នុងសំបុត្ររបស់ប៉ូលទៅពួកគ្រិស្តសាសនិកក្នុងរ៉ូម ១:១៨) កំហឹងរបស់ព្រះនឹងត្រូវសម្ដែងចេញពីស្ថានសួគ៌តាមរយៈបុត្ររបស់លោកនៅ«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:១៤) នៅពេលនោះជា«ភ័ស្តុតាងដែលបញ្ជាក់ថា ព្រះវិនិច្ឆ័យដោយសុចរិតយុត្ដិធម៌»ដូចប៉ូលបានពន្យល់ក្នុងសំបុត្រផ្សេងទៀតរបស់គាត់ ដោយនិយាយថា៖ «ព្រោះពិតជាការសុចរិតដែលព្រះសងទុក្ខវេទនាដល់ពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នាមានទុក្ខវេទនា។ ប៉ុន្តែចំណែកអ្នករាល់គ្នាដែលរងទុក្ខវេទនា លោកនឹងធ្វើឲ្យធូរស្បើយជាមួយនឹងយើង ពេលដែលលោកម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោក ក្នុងអណ្ដាតភ្លើង ពេលដែលលោកសងសឹកពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង»។—២ថែ. ១:៥-៨
ក្រុងរ៉ូម ប៉ូលរៀបរាប់ថា៖ «កំហឹងរបស់ព្រះកំពុងត្រូវសម្ដែងចេញពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងអំពើឥតគោរពព្រះ និងគ្រប់ទាំងអំពើមិនសុចរិតរបស់មនុស្សដែលបំបិទសេចក្ដីពិតតាមរបៀបមិនសុចរិត»។ (ឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ
១៣, ១៤. (ក) ហេតុអ្វីបានជាយើងមិនភ្ញាក់ផ្អើលពេលមានគេប្រឆាំងយើង? (ខ) តើយើងអាចឲ្យពរអ្នកដែលបៀតបៀនយើងយ៉ាងដូចម្ដេច?
១៣សូមអាន រ៉ូម ១២:១៤, ២១។ យើងមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោក។ ដូច្នេះហើយ យើងមិនចាំបាច់ព្រួយបារម្ភទេ តែយើងអាចប្រមូលអារម្មណ៍ទៅលើកិច្ចការដែលលោកប្រគល់ឲ្យយើងធ្វើ ពោលគឺផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›«នៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថ. ២៤:១៤) យើងដឹងថាកិច្ចការនេះនឹងបណ្ដាលឲ្យពួកសត្រូវរបស់យើងបញ្ចេញកំហឹង ព្រោះលោកយេស៊ូបានព្រមានយើងថា៖ «ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៤:៩) ម្ល៉ោះហើយ យើងមិនភ្ញាក់ផ្អើលឬធ្លាក់ទឹកចិត្តទេពេលមានការប្រឆាំង។ សាវ័កពេត្រុសបានសរសេរថា៖ «បងប្អូនជាទីស្រឡាញ់អើយ កុំឆ្ងល់អំពីភ្លើងដែលកំពុងឆេះក្នុងចំណោមអ្នករាល់គ្នា ហាក់ដូចជាមានអ្វីចម្លែកកំពុងកើតឡើងដល់អ្នករាល់គ្នាឡើយ ព្រោះភ្លើងនោះកំពុងកើតឡើងដើម្បីល្បងលអ្នករាល់គ្នា។ ក៏ប៉ុន្តែ ចូរអរសប្បាយដោយសារអ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាករបស់គ្រិស្ត»។—១ពេ. ៤:១២, ១៣
១៤ ជាជាងក្ដៅចិត្តនឹងអ្នកដែលបៀតបៀនយើង យើងព្យាយាមបំភ្លឺភ្នែករបស់ពួកគេ ព្រោះយើងដឹងថាពួកអ្នកបៀតបៀនខ្លះមិនដឹងរឿងពិតអំពីយើងទេ។ (២កូ. ៤:៤) យើងខំប្រឹងធ្វើតាមដំបូន្មានរបស់ប៉ូលដែលថា៖ «ចូរឲ្យពរអ្នកដែលបៀតបៀន។ ចូរឲ្យពរ ហើយកុំដាក់បណ្ដាសាឡើយ»។ (រ៉ូម ១២:១៤) វិធីមួយដែលយើងអាចឲ្យពរដល់អ្នកប្រឆាំងគឺដោយអធិដ្ឋានឲ្យពួកគេ។ លោកយេស៊ូបានមានប្រសាសន៍ក្នុងធម្មទាននៅលើភ្នំថា៖ «ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តល្អទៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នា ថែមទាំងជូនពរអស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិដ្ឋានដើម្បីអស់អ្នកដែលដៀលត្មះអ្នក»។ (លូក. ៦:២៧, ២៨) សាវ័កប៉ូលបានបញ្ជាក់ថា គាត់ធ្លាប់ជាអ្នកបៀតបៀនដែលក្លាយទៅជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត និងអ្នកបម្រើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ា។ (កាឡ. ១:១៣-១៦, ២៣) ក្នុងសំបុត្រឯទៀត ប៉ូលបាននិយាយថា៖ «កាលដែលត្រូវគេជេរប្រមាថ យើងជូនពរគេវិញ។ កាលដែលត្រូវគេបៀតបៀន យើងស៊ូទ្រាំ។ កាលដែលយើងត្រូវគេបង្កាច់បង្ខូច យើងប្រើសម្ដីសប្បុរស»។—១កូ. ៤:១២, ១៣
១៥. តើអ្វីជាវិធីល្អបំផុតដើម្បីឈ្នះក្ដីអាក្រក់ដោយក្ដីល្អ?
១៥ ដូច្នេះហើយ គ្រិស្តសាសនិកពិតធ្វើតាមខចុងក្រោយបង្អស់ក្នុងសៀវភៅរ៉ូមជំពូកទី១២ ដែលថា៖ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ»។ ប្រភពសេចក្ដីអាក្រក់ទាំងអស់គឺមកពីមេកំណាចសាថាន។ (យ៉ូន. ៨:៤៤; ១យ៉ូន. ៥:១៩) ក្នុងការបើកបង្ហាញដែលព្រះឲ្យសាវ័កយ៉ូហានឃើញ នោះលោកយេស៊ូបានបញ្ជាក់ថាបងប្អូនរបស់លោកដែលបានត្រូវរើសតាំង បាន«ឈ្នះ[សាថាន]ដោយសារឈាមរបស់កូនចៀម និងអ្វីដែលពួកគេប្រកាស»។ (បប. ១២:១១) នេះបង្ហាញថា វិធីល្អបំផុតដើម្បីឈ្នះសាថាននិងអានុភាពអាក្រក់របស់វាលើរបៀបរបបពិភពលោកនេះ គឺដោយធ្វើល្អតាមរយៈការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។
ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹម
១៦, ១៧. តើសៀវភៅរ៉ូមជំពូកទី១២បានបង្រៀនយើងអ្វីខ្លះស្តីអំពីរបៀបដែលយើងគួរ (ក) ប្រើជីវិតយើង? (ខ) ប្រព្រឹត្តក្នុងក្រុមជំនុំ? (គ) ប្រព្រឹត្តទៅលើអ្នកដែលប្រឆាំងយើង?
១៦ ការពិចារណាយ៉ាងសង្ខេបនូវជំពូកទី១២របស់សំបុត្រប៉ូលទៅពួកគ្រិស្តសាសនិកក្នុងក្រុងរ៉ូម បានរំលឹកយើងអំពីអ្វីៗជាច្រើន។ យើងបានរៀនថា ក្នុងនាមជាអ្នកបម្រើដែលបានប្រគល់ខ្លួនទៅព្រះ
យេហូវ៉ា គប្បីឲ្យយើងស្ម័គ្រចិត្តលះបង់ប្រយោជន៍ខ្លួន។ ដោយមានសកម្មពលរបស់ព្រះជំរុញយើង នោះយើងស្ម័គ្រចិត្តធ្វើដូចនេះ ដោយសារសមត្ថភាពរិះគិតរបស់យើងបានធ្វើឲ្យយើងជឿជាក់ថា នេះហើយជាអ្វីដែលព្រះចង់ឲ្យយើងធ្វើ។ យើងមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ ហើយខ្នះខ្នែងប្រើអំណោយផ្សេងៗដែលយើងមាន។ យើងបម្រើដោយចិត្តរាបទាប ថែមទាំងធ្វើអស់ពីសមត្ថភាពដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ។ យើងមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់ និងបង្ហាញថាយើងពិតជាយល់អារម្មណ៍បងប្អូនរួមជំនឿ។១៧ សៀវភៅរ៉ូមជំពូកទី១២ក៏ជូនឱវាទជាច្រើនស្តីអំពីរបៀបដែលយើងគួរប្រព្រឹត្តពេលមានការប្រឆាំង។ យើងមិនគួរតបតវិញឡើយ។ យើងគួរខំឈ្នះការប្រឆាំងដោយប្រព្រឹត្តដោយសប្បុរស។ ប្រសិនបើអាចធ្វើទៅបានដោយមិនបំពានគោលការណ៍គម្ពីរ យើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយមនុស្សទាំងអស់ ដូចជាក្នុងរង្វង់គ្រួសារ ក្នុងក្រុមជំនុំ ជាមួយអ្នកជិតខាង នៅកន្លែងធ្វើការ សាលារៀន និងក្នុងកិច្ចបម្រើផ្សាយ។ ថ្វីបើយើងជួបប្រទះការប្រឆាំងក៏ដោយ យើងខំអស់ពីសមត្ថភាពដើម្បីឈ្នះក្ដីអាក្រក់ដោយក្ដីល្អ ហើយចាំថាការសងសឹកជារបស់ព្រះយេហូវ៉ា។
១៨. តើមានយោបល់បីណានៅក្នុងសៀវភៅរ៉ូម ១២:១២?
១៨សូមអាន រ៉ូម ១២:១២។ ក្រៅពីដំបូន្មានល្អៗទាំងអស់នេះ ប៉ូលបានជូនយោបល់បីទៀត។ សាវ័កប៉ូលណែនាំឲ្យយើង«តស៊ូក្នុងការអធិដ្ឋាន»ដោយព្រោះយើងត្រូវការជំនួយពីព្រះយេហូវ៉ា ទើបអាចធ្វើអ្វីៗទាំងអស់នេះបាន។ នេះនឹងជួយយើងឲ្យធ្វើតាមឱវាទផ្សេងទៀតរបស់ប៉ូលដែលថាឲ្យយើង«ស៊ូទ្រាំសេចក្ដីវេទនា»។ នៅចុងបញ្ចប់នេះ យើងត្រូវផ្ចង់អារម្មណ៍ទៅលើអនាគតដែលព្រះយេហូវ៉ាសន្យាឲ្យយើង ហើយ«អរសប្បាយនឹងសេចក្ដីសង្ឃឹម»ទទួលជីវិតដែលគ្មានទីបញ្ចប់ មិនថានៅស្ថានសួគ៌ឬផែនដីក្ដី។
ការសើរើឡើងវិញ
• តើយើងគួរប្រព្រឹត្តយ៉ាងណាពេលមានការប្រឆាំង?
• តើយើងខំធ្វើជាអ្នកដែលធ្វើឲ្យមានសន្ដិភាពក្នុងករណីណាខ្លះ? ហើយតើយើងអាចធ្វើឲ្យមានសន្ដិភាពក្នុងករណីទាំងនោះយ៉ាងដូចម្ដេច?
• ហេតុអ្វីបានជាយើងមិនគួរសងសឹកដោយខ្លួនឯង?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៦]
ការផ្ដល់ជំនួយទៅអ្នកជិតខាងប្រហែលជាអាចឈ្នះលើការរើសអើង
[រូបភាពនៅទំព័រ១៧]
តើអ្នកព្យាយាមធ្វើជាអ្នកដែលធ្វើឲ្យមានសន្ដិភាពក្នុងក្រុមជំនុំទេ?