«ចូរមានចិត្ដពុះកញ្ជ្រោល ដោយសកម្មពលរបស់ព្រះ»
«ចូរមានចិត្តពុះកញ្ជ្រោល ដោយសកម្មពលរបស់ព្រះ»
«កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ។ ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ។ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»។—រ៉ូម ១២:១១
១. នៅសម័យមុន ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលបូជាសត្វនិងរបស់ឯទៀត?
ព្រះយេហូវ៉ាឲ្យតម្លៃចំពោះគ្រឿងបូជាដែលអ្នកបម្រើរបស់លោកបានជូនដោយស្ម័គ្រចិត្តដើម្បីបង្ហាញក្ដីស្រឡាញ់ចំពោះលោក ហើយដើម្បីបង្ហាញថាពួកគេចុះចូលធ្វើតាមបំណងប្រាថ្នារបស់លោក។ នៅសម័យបុរាណ លោកព្រមទទួលសត្វផ្សេងៗដែលអ្នកបម្រើរបស់លោកជូនជាគ្រឿងបូជា ថែមទាំងរបស់ឯទៀតផងដែរ។ ជនជាតិអ៊ីស្រាអែលបានជូនគ្រឿងបូជាទាំងនេះសមស្របតាមច្បាប់ម៉ូសេ ដើម្បីអាចទទួលការអភ័យទោសចំពោះអំពើខុសឆ្គង ហើយដើម្បីសម្ដែងការដឹងគុណរបស់ខ្លួន។ ក្នុងក្រុមជំនុំគ្រិស្តសាសនិក ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងជូនគ្រឿងបូជាដូចរបស់ពួកគេជូននៅសម័យនោះទេ។ ក៏ប៉ុន្តែ ក្នុងជំពូកទី១២នៃសំបុត្រដែលសាវ័កប៉ូលសរសេរទៅពួកគ្រិស្តសាសនិកក្នុងក្រុងរ៉ូម គាត់បានបង្ហាញថា យើងត្រូវតែជូនគ្រឿងបូជាផ្សេងទៀតដល់ព្រះ។ សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលយើងអាចជូនគ្រឿងបូជានោះសព្វថ្ងៃ។
គ្រឿងបូជាដែលមានជីវិត
២. ក្នុងនាមជាគ្រិស្តសាសនិក តើយើងគួរធ្វើអ្វីក្នុងជីវិត? ហើយតើនេះរួមបញ្ចូលអ្វីខ្លះ?
២សូមអាន រ៉ូម ១២:១, ២។ នៅផ្នែកដំបូងនៃសំបុត្ររបស់ប៉ូល គាត់បានបង្ហាញយ៉ាងច្បាស់ថា ព្រះចាត់ទុកពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង មិនថាជនជាតិយូដាឬជនជាតិដទៃទៀតថាជាមនុស្សសុចរិតដោយសារពួកគេមានជំនឿ មិនមែនដោយការប្រព្រឹត្តរបស់ពួកគេទេ។ (រ៉ូម ១:១៦; ៣:២០-២៤) ដោយសារព្រះមានទស្សនៈដូចនោះចំពោះយើង ដូច្នេះ យើងគួរបង្ហាញការដឹងគុណដោយលះបង់ប្រយោជន៍ខ្លួនក្នុងជីវិត ដូចសំបុត្ររបស់ប៉ូលបានពន្យល់ក្នុងជំពូកទី១២។ ដើម្បីធ្វើដូចនោះ យើងត្រូវផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង។ ដោយសារយើងឆ្លងភាពខុសឆ្គងពីអាដាមនិងអេវ៉ា នោះយើងស្ថិតនៅក្រោម«ច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់»។ (រ៉ូម ៨:២) ដូច្នេះ យើងត្រូវឲ្យ«ឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់[យើង]រាល់គ្នា» ដោយកែប្រែចរិតលក្ខណៈរបស់យើងទាំងស្រុង។ (អេភ. ៤:២៣) ការផ្លាស់ប្ដូរទាំងស្រុងបែបនេះអាចកើតឡើង លុះត្រាតែមានជំនួយពីព្រះនិងសកម្មពលបរិសុទ្ធរបស់លោក។ ម្យ៉ាងទៀត យើងក៏ត្រូវព្យាយាមយ៉ាងម៉ឺងម៉ាត់ ដោយប្រើ«សមត្ថភាពរិះគិត»។ នេះក៏មានន័យថា យើងមិន«យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»ទាល់តែសោះ ពីព្រោះពិភពលោកនេះមានគោលការណ៍សីលធម៌កាន់តែអាប់ឱនទៅៗ ថែមទាំងមានការកម្សាន្តនិងគំនិតថោកទាប។—អេភ. ២:១-៣
៣. ហេតុអ្វីបានជាយើងចូលរួមធ្វើកិច្ចការគ្រិស្តសាសនិក?
៣ ប៉ូលក៏អញ្ជើញយើងឲ្យប្រើ«សមត្ថភាពរិះគិត»ដើម្បីពិសោធមើលដោយខ្លួនឯងឲ្យដឹងនូវ«បំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ ហេតុអ្វីបានជាយើងអានគម្ពីរជារៀងរាល់ថ្ងៃ គិតពិចារណាអំពីអ្វីដែលយើងអាន ទៅកិច្ចប្រជុំ និងចូលរួមក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ? តើនេះដោយសារពួកអ្នកចាស់ទុំក្នុងក្រុមជំនុំបំផុសទឹកចិត្តយើងឲ្យធ្វើដូចនោះទេ? យើងពិតជាអរគុណដែលពួកគាត់ជួយរំលឹកយើង ប៉ុន្តែយើងធ្វើកិច្ចការគ្រិស្តសាសនិកនេះដោយសារសកម្មពលរបស់ព្រះសាក. ៤:៦; អេភ. ៥:១០) យើងពិតជាមានអំណរពន់ពេកនិងចិត្តស្កប់ស្កល់ដោយដឹងថា យើងអាចគាប់ចិត្តព្រះ ដោយបន្តដើរយ៉ាងត្រឹមត្រូវតាមមាគ៌ារបស់គ្រិស្តសាសនិកពិត។
ជំរុញយើងឲ្យបង្ហាញយ៉ាងស្មោះពីចិត្តនូវសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងជឿជាក់ថា ការបំពេញកិច្ចការទាំងនោះគឺជាអ្វីដែលព្រះចង់ឲ្យយើងធ្វើ។ (អំណោយផ្សេងៗ
៤, ៥. តើគប្បីឲ្យពួកអ្នកចាស់ទុំប្រើអំណោយរបស់ខ្លួនយ៉ាងដូចម្ដេច?
៤សូមអាន រ៉ូម ១២:៦-៨, ១១។ ប៉ូលពន្យល់ថា«យើងបានអំណោយមួយផ្សេងៗពីគ្នាស្របទៅតាមគុណដ៏វិសេសលើសលប់ដែលបានត្រូវផ្ដល់ឲ្យយើង»។ អំណោយខ្លះដែលប៉ូលរៀបរាប់គឺការបំផុសទឹកចិត្តនិងការដឹកនាំ ហើយអំណោយទាំងពីរនេះជាពិសេសទាក់ទងនឹងពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំ។ ពួកគេត្រូវបានដាស់តឿនឲ្យដឹកនាំ«អស់ពីចិត្ត»។
៥ សាវ័កប៉ូលក៏បានរៀបរាប់ថា ពួកអ្នកត្រួតពិនិត្យត្រូវបង្រៀន និងបំពេញ«កិច្ចបម្រើ»ដោយស្មោះអស់ពីចិត្តផងដែរ។ តាមមើលទៅ ខមុននិងខក្រោយបង្ហាញថា ប៉ូលសំដៅទៅលើ«កិច្ចបម្រើ»ដែលមានក្នុងក្រុមជំនុំដែលត្រូវប្រដូចនឹង«រូបកាយតែមួយ»។ (រ៉ូម ១២:៤, ៥) កិច្ចបម្រើនោះគឺស្រដៀងគ្នានឹងកិច្ចបម្រើដែលបានរៀបរាប់នៅសៀវភៅសកម្មភាព ៦:៤ ដែលពួកសាវ័កប្រកាសថា៖ «យើងនឹងព្យាយាមក្នុងសេចក្ដីអធិដ្ឋាននិងក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។ តើកិច្ចបម្រើនេះរួមបញ្ចូលអ្វី? ពួកអ្នកចាស់ទុំប្រើអំណោយរបស់ខ្លួនដើម្បីពង្រឹងកម្លាំងចិត្តសមាជិកក្រុមជំនុំ។ ពួកគេបង្ហាញថាពួកគេ«បន្តបំពេញកិច្ចបម្រើនោះ» ពេលជូនការណែនាំពីបណ្ដាំរបស់ព្រះយ៉ាងស្មោះអស់ពីចិត្តដល់បងប្អូនក្នុងក្រុមជំនុំ តាមរយៈការអធិដ្ឋាននិងការសិក្សា ការស្រាវជ្រាវ ការបង្រៀន និងការទៅលេងសមាជិកដើម្បីផ្ដល់កម្លាំងចិត្ត។ ពួកអ្នកចាស់ទុំគួរយកចិត្តទុកដាក់ប្រើអំណោយរបស់ខ្លួន ហើយថែរក្សាចៀម«ដោយចិត្តរីករាយ»។—រ៉ូម ១២:៧, ៨; ១ពេ. ៥:១-៣
៦. តើយើងអាចធ្វើតាមឱវាទនៅសៀវភៅរ៉ូម ១២:១១ ដែលជាប្រធានបទគម្ពីរនៃអត្ថបទនេះយ៉ាងដូចម្ដេច?
៦ ប៉ូលរៀបរាប់បន្ថែមថា៖ «កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ។ ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ។ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»។ បើយើងលែងមានចិត្តខ្នះខ្នែងក្នុងការផ្សព្វផ្សាយ នោះយើងប្រហែលជាត្រូវកែប្រែទម្លាប់សិក្សារបស់យើង ហើយអធិដ្ឋានសុំសកម្មពលរបស់ព្រះជារឿយៗថែមទៀត និងអធិដ្ឋានអស់ពីចិត្តច្រើនជាងមុន។ គឺជាសកម្មពលរបស់ព្រះដែលអាចជួយយើងកុំឲ្យណាយចិត្តហើយមានចិត្តខ្នះខ្នែងម្ដងទៀត។ (លូក. ១១:៩, ១៣; បប. ២:៤; ៣:១៤, ១៥, ១៩) សកម្មពលបរិសុទ្ធផ្ដល់កម្លាំងដល់ពួកគ្រិស្តសាសនិកនៅសម័យដើមឲ្យនិយាយអំពី«ការដ៏រុងរឿងរបស់ព្រះ»។ (សកម្ម. ២:៤, ១១) ដូចគ្នាដែរ សកម្មពលបរិសុទ្ធអាចជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ ហើយ«មានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»។
ចិត្តរាបទាប
៧. ហេតុអ្វីគប្បីឲ្យយើងបម្រើដោយមានចិត្តរាបទាប?
៧សូមអាន រ៉ូម ១២:៣, ១៦។ អំណោយដែលយើងទទួលគឺដោយសារ«គុណដ៏វិសេសលើសលប់»របស់ព្រះយេហូវ៉ា។ ប៉ូលបាននិយាយនៅបទគម្ពីរផ្សេងទៀតថា៖ «ព្រះធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់»។ (២កូ. ៣:៥) ដូច្នេះ មិនគប្បីឲ្យយើងសរសើរខ្លួនឯងទេ។ យើងគួរកត់សម្គាល់ដោយចិត្តរាបទាបថា ជោគជ័យណាដែលយើងប្រហែលជាមានក្នុងកិច្ចបម្រើផ្សាយ គឺដោយសារពររបស់ព្រះ មិនមែនដោយសារសមត្ថភាពរបស់យើងទេ។ (១កូ. ៣:៦, ៧) ស្របគ្នានេះ ប៉ូលបានថ្លែងថា៖ «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត»។ ពិតមែន គឺចាំបាច់ដែលយើងឲ្យតម្លៃខ្លួនឯង ហើយមានអំណរក៏ពេញចិត្តក្នុងការបម្រើព្រះយេហូវ៉ា។ ក៏ប៉ុន្តែ បើយើងមានចិត្តរាបទាបឬស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន នោះនឹងបង្ការយើងពីការប្រកាន់យកតែគំនិតខ្លួនឯង។ ផ្ទុយទៅវិញ យើងចង់«មានគំនិតសមហេតុសមផល»។
៨. តើយើងអាចជៀសចេញពីការ«គិតថា[យើង]ជាអ្នកដែលចេះពិចារណា»យ៉ាងដូចម្ដេច?
៨ បើយើងអួតអំពីសមិទ្ធផលរបស់យើង នោះយើងមិនមែនជាអ្នកដែលមានប្រាជ្ញាទេ។ គឺ«ព្រះ . . . ដែលធ្វើឲ្យដុះឡើង»។ (១កូ. ៣:៧) ប៉ូលរៀបរាប់ថា ព្រះបានផ្ដល់«ជំនឿមួយកម្រិត»ដល់សមាជិកម្នាក់ៗក្នុងក្រុមជំនុំ។ ជាជាងមានគំនិតថាយើងប្រសើរជាងគេ យើងគួរសម្គាល់អ្វីៗដែលអ្នកឯទៀតកំពុងតែសម្រេចតាមជំនឿមួយកម្រិតដែលពួកគេទទួល។ ប៉ូលនិយាយថែមទៀតថា៖ «ចូរមានទស្សនៈចំពោះអ្នកឯទៀត ដូចទស្សនៈដែលអ្នកមានចំពោះខ្លួនឯង»។ ក្នុងសំបុត្រមួយទៀតរបស់សាវ័កប៉ូល គាត់ប្រាប់ឲ្យយើង«មិនធ្វើអ្វីក្នុងបំណងទាស់ជាមួយនឹងអ្នកឯទៀតឬលើកខ្លួនហួសប្រមាណ ប៉ុន្តែបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ (ភី. ២:៣) យើងត្រូវមានចិត្តរាបទាបពិតប្រាកដ និងខំប្រឹងប្រែងកត់សម្គាល់ថាបងប្អូនប្រុសស្រីម្នាក់ៗមានលក្ខណៈណាមួយប្រសើរជាងយើង។ ចិត្តរាបទាបមិនធ្វើឲ្យយើង«គិតថា[យើង]ជាអ្នកដែលចេះពិចារណា»។ ថ្វីបើឯកសិទ្ធិពិសេសប្រហែលជានាំឲ្យបងប្អូនខ្លះចេញមុខមាត់ក៏ដោយ តែយើងទាំងអស់គ្នានឹងមានអំណរយ៉ាងជ្រាលជ្រៅក្នុងការបំពេញកិច្ចការ«រាបទាប» ដែលមនុស្សច្រើនតែមិនឃើញ។—១ពេ. ៥:៥
សាមគ្គីភាពក្នុងក្រុមជំនុំ
៩. ហេតុអ្វីបានជាប៉ូលប្រៀបធៀបពួកគ្រិស្តសាសនិកដែលព្រះតែងតាំងដោយសកម្មពលរបស់លោកទៅនឹងអវយវៈរបស់រូបកាយ?
៩សូមអាន រ៉ូម ១២:៤, ៥, ៩, ១០។ ប៉ូលប្រៀបធៀបគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមទៅស្ថានសួគ៌ទៅនឹងអវយវៈរបស់រូបកាយដែលបម្រើដោយសាមគ្គីភាព ក្រោមការដឹកនាំរបស់គ្រិស្តដែលជាក្បាលនៃរូបកាយ។ (កូឡ. ១:១៨) គាត់រំលឹកពួកគ្រិស្តសាសនិកដែលព្រះតែងតាំងដោយសកម្មពលរបស់លោកថា រូបកាយមានអវយវៈជាច្រើនដែលមានមុខងារខុសៗគ្នា ហើយថាពួកគេជា«រូបកាយតែមួយរួមជាមួយនឹងគ្រិស្ត ទោះជា . . . មានគ្នាច្រើនក៏ដោយ»។ ស្រដៀងគ្នាដែរ ប៉ូលបានបំផុសទឹកចិត្តពួកគ្រិស្តសាសនិកនៅក្រុងអេភេសូរដែលបានត្រូវរើសតាំង ដោយនិយាយថា៖ «ចូរឲ្យយើងធំលូតលាស់ឡើងដោយសេចក្ដីស្រឡាញ់ឲ្យពេញវ័យក្នុងគ្រប់ការទាំងអស់នៅក្រោមគ្រិស្តដែលជាប្រមុខ។ ដោយសារលោក អវយវៈទាំងអស់នៃរូបកាយក៏លូតលាស់ឡើង ហើយដោយសារអវយវៈនីមួយៗជាប់គ្នាយ៉ាងល្អ និងសហការគ្នាតាមរយៈសន្លាក់ឆ្អឹងផ្សេងៗដែលបំពេញតួនាទីសំខាន់ៗ តាមអ្វីដែលបានត្រូវកំណត់ឲ្យ នោះធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ ដើម្បីពង្រឹងខ្លួនឯងឡើងដោយសេចក្ដីស្រឡាញ់»។—អេភ. ៤:១៥, ១៦
១០. តើ«ចៀមឯទៀត»គួរទទួលស្គាល់អំណាចរបស់អ្នកណា?
១០ ទោះជា«ចៀមឯទៀត»មិនរួមចំណែកជាសមាជិកក្នុងក្រុមនៃរូបកាយរបស់គ្រិស្តក៏ពិតមែន តែពួកគេអាចរៀនអ្វីជាច្រើនពីរឿងប្រៀបប្រដូចនេះ។ (យ៉ូន. ១០:១៦) ប៉ូលថ្លែងថាព្រះយេហូវ៉ាបាន«ដាក់អ្វីៗទាំងអស់ឲ្យចុះចូលក្រោមបាតជើងរបស់[គ្រិស្ត] ហើយបានតែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ»។ (អេភ. ១:២២) សព្វថ្ងៃ ចៀមឯទៀតរួមចំណែកក្នុង«អ្វីៗទាំងអស់»ដែលព្រះយេហូវ៉ាបានដាក់ក្រោមប្រមុខភាពរបស់បុត្រលោក។ ពួកគេក៏ស្ថិតក្នុងចំណោម«ទ្រព្យសម្បត្ដិទាំងអស់»ដែលគ្រិស្តបានប្រគល់ឲ្យ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»មើលការខុសត្រូវ។ (ម៉ាថ. ២៤:៤៥-៤៧) បើដូច្នេះ អស់អ្នកដែលមានក្ដីសង្ឃឹមរស់នៅផែនដីគួរទទួលស្គាល់គ្រិស្តជាប្រមុខ ថែមទាំងចុះចូល ក្រោមខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា គណៈអភិបាល និងបុរសដែលបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ (ហេ. ១៣:៧, ១៧) ដោយធ្វើដូចនេះនឹងនាំឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។
១១. តើសាមគ្គីភាពរបស់យើងមានមូលដ្ឋានលើអ្វី? ហើយតើប៉ូលបានឲ្យដំបូន្មានអ្វីទៀត?
១១ សាមគ្គីភាពបែបនេះមានមូលដ្ឋានលើក្ដីស្រឡាញ់ ដែល«ធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡ. ៣:១៤) ក្នុងរ៉ូមជំពូកទី១២ ប៉ូលដៅបញ្ជាក់ចំណុចនេះដោយពោលថា យើងគួរមានក្ដីស្រឡាញ់ដែល«គ្មានពុតត្បុត» ហើយថាយើងគួរ«ស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ»។ នេះនាំឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។ សាវ័កប៉ូលបាននិយាយថា៖ «ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ ពិតមែន យើងមិនត្រូវយល់ច្រឡំការបង្ហាញក្ដីស្រឡាញ់ពិតទៅនឹងការមានមនោសញ្ចេតនា។ យើងត្រូវខំធ្វើអស់ពីសមត្ថភាពដើម្បីរក្សាភាពស្អាតស្អំក្នុងក្រុមជំនុំ។ ពេលប៉ូលជូនដំបូន្មានអំពីក្ដីស្រឡាញ់ គាត់បន្ថែមថា៖ «ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។
មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់
១២. ស្តីអំពីការទទួលអ្នកឯទៀតដោយរាក់ទាក់ តើយើងអាចទាញមេរៀនអ្វីពីពួកគ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនពីបុរាណ?
១២សូមអាន រ៉ូម ១២:១៣។ ក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿនឹងជំរុញយើងឲ្យ«ចែកឲ្យពួកអ្នកបរិសុទ្ធតាមសេចក្ដីត្រូវការរបស់ពួកគាត់» ហើយតាមសមត្ថភាពរបស់យើងដែរ។ សូម្បីតែយើងជាអ្នកក្រក៏ដោយ យើងអាចចែកអ្វីដែលយើងមាន។ ប៉ូលបានសរសេរអំពីពួកគ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនថា៖ «ពួកគាត់ជួបការល្បងលដ៏ខ្លាំងដោយមានទុក្ខវេទនា។ ប៉ុន្តែទោះជាពួកគាត់ក្រតោកយ៉ាកក៏ដោយ ក៏អំណរដ៏ពោរពេញបានជំរុញឲ្យពួកគាត់បង្ហាញថាខ្លួនជាអ្នកមាន ដោយបង្ហាញចិត្តទូលាយក្រៃលែង។ ព្រោះពួកគាត់បានធ្វើការនេះតាមសមត្ថភាពខ្លួន ហើយខ្ញុំសូមបញ្ជាក់ថាតាមពិត ការដែលពួកគាត់ធ្វើនោះគឺលើសពីសមត្ថភាពរបស់ពួកគាត់ទៅទៀត កាលដែលពួកគាត់អង្វរយើងម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្តសុំមានកិត្ដិយសជូនអំណោយដ៏សប្បុរសនិងរួមចំណែកក្នុងការបម្រើពួកអ្នកបរិសុទ្ធ[នៅតំបន់យូឌា]»។ (២កូ. ៨:២-៤) ទោះជាពួកគ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនជាអ្នកក្រក៏ពិតមែន តែពួកគាត់មានចិត្តទូលាយណាស់។ ពួកគាត់បានចាត់ទុកថា ការចែកអ្វីៗដែលពួកគាត់មានជាមួយបងប្អូននៅតំបន់យូឌាជាឯកសិទ្ធិ។
១៣. តើការ«មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»មានន័យអ្វី?
១៣ ឃ្លាដែលថា«ចូរមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់» បានត្រូវបកប្រែពីឃ្លាជាភាសាក្រិចដែលសំដៅទៅលើការទៅរកគេមុន។ គម្ពីរបរិសុទ្ធមួយបានបកប្រែឃ្លានេះថា«ចូរខំរកឱកាសដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់»។ (The New Jerusalem Bible) ជួនកាលការទទួលអ្នកឯទៀតដោយរាក់ទាក់បានបង្ហាញឲ្យឃើញដោយអញ្ជើញបុគ្គលម្នាក់ឲ្យបរិភោគអាហារជាមួយយើង ហើយពេលធ្វើដូចនេះដោយក្ដីស្រឡាញ់ នោះពិតជាទង្វើដែលគួរឲ្យសរសើរមែន។ ប៉ុន្តែ បើយើងទៅរកគេមុន យើងនឹងឃើញថាយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់តាមវិធីជាច្រើន។ ទោះ
បើយើងមិនមានកម្លាំងឬលទ្ធភាពធ្វើម្ហូបក៏ដោយ វិធីមួយដែលយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់ គឺដោយអញ្ជើញគេមកពិសាកាហ្វេ តែឬភេសជ្ជៈផ្សេងៗទៀត។១៤. (ក) តើពាក្យភាសាក្រិចដែលបានបកប្រែថា «ទទួលអ្នកឯទៀតដោយរាក់ទាក់»មកពីពាក្យអ្វី? (ខ) ក្នុងកិច្ចបម្រើផ្សាយ តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះជនបរទេសយ៉ាងណា?
១៤ ការទទួលអ្នកឯទៀតដោយរាក់ទាក់ទាក់ទងនឹងទស្សនៈរបស់យើង។ ពាក្យភាសាក្រិចដែលបានបកប្រែថា«ទទួលអ្នកឯទៀតដោយរាក់ទាក់» គឺមកពីពាក្យពីរដែលមានន័យថា«ស្រឡាញ់»និង«មនុស្សចម្លែក»។ តើយើងមានអារម្មណ៍យ៉ាងណាចំពោះមនុស្សចម្លែកឬជនបរទេស? ពួកគ្រិស្តសាសនិកដែលខំរៀនភាសាឯទៀតដើម្បីអាចផ្សព្វផ្សាយដំណឹងល្អដល់បរទេសដែលបានរើផ្ទះទៅនៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ ពិតជាអាចរួមបញ្ចូលក្នុងចំណោមអ្នកដែលមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់។ ដោយសារកាលៈទេសៈរបស់ខ្លួន យើងជាច្រើននាក់មិនអាចរៀនភាសាឯទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាអាចជួយជនបរទេសដោយប្រើកូនសៀវភៅដំណឹងល្អសម្រាប់មនុស្សគ្រប់សាសន៍ដែលមានជាភាសាអង់គ្លេស។ ថ្វីបើកូនសៀវភៅនេះមានចំណងជើងភាសាអង់គ្លេសក៏ដោយ តែមានដំណឹងល្អក្នុងភាសាជាច្រើន។ តើអ្នកបានលទ្ធផលល្អពីការប្រើកូនសៀវភៅនេះក្នុងកិច្ចបម្រើផ្សាយទេ?
មានអារម្មណ៍ដូចបងប្អូនឯទៀត
១៥. ស្តីអំពីឱវាទនៅក្នុងសៀវភៅរ៉ូម ១២:១៥ តើលោកយេស៊ូទុកគំរូយ៉ាងណា?
១៥សូមអាន រ៉ូម ១២:១៥។ ក្នុងខនេះ យើងអាចសង្ខេបឱវាទរបស់ប៉ូលថា គប្បីឲ្យយើងចេះយល់ចិត្តអ្នកឯទៀត។ យើងត្រូវរៀនឲ្យចេះយល់អារម្មណ៍ ព្រមទាំងមានអារម្មណ៍ដូចអ្នកឯទៀត មិនថាគាត់សប្បាយឬកើតទុក្ខ។ បើយើងមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ នោះយើងនឹងមានអារម្មណ៍ដូចអ្នកឯទៀត។ ពេលអ្នកកាន់តាមលោកយេស៊ូ៧០នាក់បានវិលត្រឡប់មកវិញដោយមានអំណរពីការផ្សព្វផ្សាយ ហើយបានជម្រាបប្រាប់លោកអំពីលទ្ធផលល្អ នោះលោកយេស៊ូបាន«ត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ»។ (លូក. ១០:១៧-២១) លោកមានអំណរជាមួយពួកគេ។ ផ្ទុយទៅវិញ ពេលឡាសាដែលជាមិត្តសម្លាញ់របស់លោកយេស៊ូបានស្លាប់ នោះលោកបាន«យំជាមួយនឹងអ្នកដែលកំពុងយំ»។—យ៉ូន. ១១:៣២-៣៥
១៦. តើយើងអាចបង្ហាញថា យើងយល់ចិត្តអ្នកឯទៀតដោយរបៀបណា? ហើយជាពិសេស តើអ្នកណាត្រូវចេះយល់ចិត្តអ្នកឯទៀត?
១៦ យើងចង់ធ្វើតាមគំរូរបស់លោកយេស៊ូស្តីអំពីការចេះយល់ចិត្តអ្នកឯទៀត។ ពេលបងប្អូនរួមជំនឿអរសប្បាយ យើងចង់អរសប្បាយជាមួយគាត់ដែរ។ ស្រដៀងគ្នាដែរ យើងគួរយល់អារម្មណ៍របស់បងប្អូនរួមជំនឿពេលពួកគេឈឺចាប់និងកើតទុក្ខ។ ជាញយដង យើងអាចធ្វើឲ្យបងប្អូនដែលរងការឈឺចាប់ខាងផ្លូវចិត្តធូរស្រាលក្នុងចិត្ត បើយើងចំណាយពេលស្ដាប់ពួកគាត់ដោយក្ដីអាណិតអាសូរ។ ជួនកាល អ្វីដែលបងប្អូនបានរៀបរាប់ប្រាប់ ប្រហែលជាធ្វើឲ្យយើងរំជួលចិត្តដល់ម្ល៉េះដែលយើងស្រក់ទឹកភ្នែក ហើយនេះបង្ហាញក្ដីអាណិតអាសូរអស់ពីដួងចិត្តដែលយើងមានចំពោះគាត់។ (១ពេ. ១:២២) ជាពិសេស ពួកអ្នកចាស់ទុំគួរធ្វើតាមដំបូន្មានដែលប៉ូលបានជូនស្តីអំពីការយល់ចិត្តអ្នកឯទៀត។
១៧. តើយើងបានរៀនអ្វីពីសៀវភៅរ៉ូមជំពូកទី១២? ហើយតើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
១៧ ខទាំងប៉ុន្មានដែលយើងបានពិចារណាក្នុងសៀវភៅរ៉ូមជំពូកទី១២ មានឱវាទដែលអាចទាក់ទងនឹងជីវិតយើងជាគ្រិស្តសាសនិក និងទំនាក់ទំនងជាមួយបងប្អូនរួមជំនឿ។ នៅអត្ថបទពីរបន្តបន្ទាប់ យើងនឹងពិនិត្យមើលខឯទៀតក្នុងជំពូកនេះ ដែលរៀបរាប់ពីទស្សនៈដែលយើងគួរមាននិងរបៀបយើងត្រូវប្រព្រឹត្តទៅលើមនុស្សឯទៀតដែលមិនមែនជាសមាជិកក្រុមជំនុំ រួមទាំងអ្នកប្រឆាំងនិងអ្នកបៀតបៀន។
ការសើរើឡើងវិញ
• តើយើងបង្ហាញយ៉ាងដូចម្ដេចថាយើង«មានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»?
• ហេតុអ្វីគប្បីឲ្យយើងបម្រើព្រះដោយចិត្តរាបទាប?
• តើយើងអាចបង្ហាញការយល់ចិត្តនិងចិត្តអាណិតអាសូរដល់បងប្អូនរួមជំនឿតាមវិធីណាខ្លះ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១១]
ហេតុអ្វីយើងចូលរួមធ្វើកិច្ចការទាំងនេះ?
[រូបភាពនៅទំព័រ១៣]
តើយើងម្នាក់ៗអាចជួយជនបរទេសឲ្យរៀនអំពីរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច?