តើព្រះនឹងឲ្យទ្រព្យសម្បត្ដិឬ?
តើព្រះនឹងឲ្យទ្រព្យសម្បត្ដិឬ?
‹ព្រះចង់ឲ្យអ្នកក្លាយជាអ្នកមាន មានឡានច្រើន រកស៊ីមានបាន។ គ្រាន់តែមានជំនឿលើលោក ហើយបើកកាបូបរួចជូនលោកនូវលុយទាំងអស់ដែលអ្នកអាចឲ្យបាន›។
យោងទៅតាមកាសែតមួយនៅប្រទេសប្រេស៊ីល មាននិកាយសាសនាខ្លះផ្សព្វផ្សាយពាក្យដូចនៅខាងលើនេះ។ មនុស្សជាច្រើនជឿជាក់លើពាក្យនេះ។ នៅសហរដ្ឋអាម៉េរិកមានទស្សនាវដ្ដីមួយបានធ្វើការស្ទង់មតិអ្នកដែលអះអាងថាខ្លួនកាន់គ្រិស្តសាសនា។ ទស្សនាវដ្ដីនោះបានបញ្ជាក់ថា៖ «មានមនុស្ស៦១ភាគរយឯណោះ ដែលជឿថាព្រះចង់ឲ្យមនុស្សចម្រុងចម្រើន ហើយមាន៣១ភាគរយ . . . យល់ស្របនឹងគំនិតថា បើអ្នកជូនលុយដល់ព្រះ នោះលោកនឹងឲ្យអ្នកមានលុយលើសដើម» (ទស្សនាវដ្ដីTime)។
មនុស្សកាន់តែច្រើនមានជំនឿបែបនេះ ជាពិសេសនៅប្រទេសផ្សេងៗខាងត្បូងសហរដ្ឋអាម៉េរិកដូចជាប្រទេសប្រេស៊ីលជាដើម ហើយមនុស្សទៅពេញវិហារណាដែលសន្យាថាព្រះនឹងឲ្យទ្រព្យសម្បត្ដិ។ ប៉ុន្តែតើព្រះពិតជាសន្យាឲ្យទ្រព្យសម្បត្ដិដល់អ្នកណាដែលបម្រើលោកឬ? តើអ្នកបម្រើទាំងអស់របស់ព្រះនៅសម័យបុរាណជាអ្នកមានឬទេ?
ជាការពិតដែលថាក្នុងបទគម្ពីរភាសាហេប្រឺមានច្រើនដងដែលព្រះឲ្យពរជាទ្រព្យសម្បត្ដិ។ ជាឧទាហរណ៍ សៀវភៅចោទិយកថា ៨:១៨ ថា៖ «ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្ដិ»។ ទីនេះព្រះបានសន្យាថា បើជនជាតិអ៊ីស្រាអែលស្ដាប់បង្គាប់ព្រះ នោះលោកនឹងធ្វើឲ្យពួកគេទៅជាជាតិសាសន៍ចម្រុងចម្រើន។
ចុះអ្នកបម្រើម្នាក់ៗរបស់ព្រះ តើព្រះនឹងធ្វើឲ្យពួកគេចម្រុងចម្រើនឬទេ? មនុស្សស្មោះត្រង់ម្នាក់ឈ្មោះយ៉ូបជាអ្នកមានស្តុកស្តម្ភ។ សាថានបានធ្វើឲ្យគាត់ទៅជាក្រ តែបន្ទាប់មកព្រះយេហូវ៉ាធ្វើឲ្យគាត់មានទ្រព្យសម្បត្ដិ«លើសជាងដើម១ជា២»។ (យ៉ូប ១:៣; ៤២:១០) អាប្រាហាំក៏ជាអ្នកមានដែរ។ សៀវភៅលោកុប្បត្តិ ១៣:២ចែងថា៖ «គាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់»។ ពេលដែលស្តេចបួនពីស្រុកខាងកើតលើកទ័ពរួមគ្នាមកចាប់ក្មួយប្រុសរបស់អាប្រាហាំឈ្មោះឡុត នោះអាប្រាហាំ«នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់»។ (លោកុប្បត្តិ ១៤:១៤, កំណែជាអក្សរទ្រេត) ដោយមានពួកបុរស៣១៨នាក់ដែល«សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម» នោះមានន័យថាពួកអ្នកផ្ទះរបស់អាប្រាហាំមានគ្នាច្រើនណាស់។ អាប្រាហាំមានលទ្ធភាពចិញ្ចឹមគ្រួសារដ៏ធំយ៉ាងនេះ បញ្ជាក់ថាគាត់ជាអ្នកមានស្តុកស្តម្ភដោយមានហ្វូងសត្វយ៉ាងច្រើន។
ពិតមែន អ្នកបម្រើស្មោះត្រង់របស់ព្រះនៅសម័យបុរាណដូចជាអាប្រាហាំ អ៊ីសាក យ៉ាកុប ដាវីឌ និងសាឡូម៉ូនជាដើមជាអ្នកមានស្តុកស្តម្ភ។ ប៉ុន្តែ តើនេះមានន័យថាព្រះនឹងធ្វើឲ្យអ្នកបម្រើលោកគ្រប់រូបទៅជាអ្នកមានឬ? ផ្ទុយទៅវិញ បើអ្នកណាម្នាក់ជាមនុស្សក្រីក្រ តើនេះមានន័យថាព្រះមិនពេញចិត្តនឹងគេឬទេ? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។