លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលុយនាំឲ្យមានសុភមង្គលពិតឬទេ?

តើលុយនាំឲ្យមានសុភមង្គលពិតឬទេ?

តើ​លុយ​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​ឬ​ទេ?

សូន្យា​បាន​កើត​នៅ​ប្រទេស​អេស្ប៉ាញ។ កាល​នាង​នៅ​ក្មេង នាង​ធ្លាប់​ចូល​រួម​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ម្ដាយ​នាង។ ប៉ុន្តែ​ពេល​នាង​ធំ​ឡើង នាង​បាន​រើ​ទៅ​នៅ​ក្រុង​ឡុងដ៍នា​ប្រទេស​អង់គ្លេស។ ក្រោយ​មក​នាង​ចាប់​ផ្ដើម​ធ្វើ​ការ​លក់​ដូរ​ភាគ​ហ៊ុន។

សូន្យា​ស្រឡាញ់​ការងារ​របស់​គាត់។ គាត់​រក​លុយ​បាន​ច្រើន ហើយ​លក់​ដូរ​ភាគ​ហ៊ុន​ធំ​ៗ​ឲ្យ​អតិថិជន។ គាត់​សប្បាយ​នឹង​ការងារ​របស់​គាត់ ហើយ​ស្ទាត់​ជំនាញ​នឹង​ការងារ​នោះ។ ជា​ទៀង​ទាត់​សូន្យា​បាន​ធ្វើ​ការ​១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​យប់​ខ្លះ​គេង​តែ​ពីរ​ឬ​បី​ម៉ោង​ប៉ុណ្ណោះ។ ការងារ​របស់​គាត់​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ ក្រោយ​មក ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​មួយ​រំពេច។ សូន្យា​បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ប្រហែល​ជា​មក​ពី​ធ្វើ​ការ​ហួស​កម្លាំង។ ពេល​នោះ គាត់​មាន​អាយុ​តែ​៣០​ឆ្នាំ​ប៉ុណ្ណោះ។

សូន្យា​ស្លាប់​មួយ​ចំហៀង​ខ្លួន ហើយ​គ្រូ​ពេទ្យ​មិន​ប្រាកដ​ថា​គាត់​នឹង​អាច​និយាយ​បាន​ឡើង​វិញ​ទេ។ ភ្លាម​នោះ ម្ដាយ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ថែ​រក្សា​គាត់។ កាល​ណា​សូន្យា​ចាប់​ផ្ដើម​ដើរ​បាន​ឡើង​វិញ នោះ​ម្ដាយ​គាត់​ប្រាប់​គាត់​ថា​៖ ​«​ម៉ាក់​នឹង​ទៅ​ប្រជុំ​ក្រុម​ជំនុំ ហើយ​កូន​ត្រូវ​មក​ជា​មួយ​ម៉ាក់​ពីព្រោះ​កូន​មិន​អាច​នៅ​ម្នាក់​ឯង​ទេ​»។ សូន្យា​ព្រម​ទៅ​ប្រជុំ។ តើ​មាន​លទ្ធផល​យ៉ាង​ណា?

សូន្យា​ប្រាប់​ថា​៖ ​«​គឺ​អស្ចារ្យ​មែន អ្វី​ដែល​ខ្ញុំ​បាន​ឮ​នៅ​កិច្ច​ប្រជុំ​ស្ដាប់​ទៅ ជា​សេចក្ដី​ពិត។ ខ្ញុំ​ព្រម​រៀន​គម្ពីរ​ជា​មួយ​បង​ប្អូន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ច្រើន​នាក់​ដែល​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ ពេល​ខ្ញុំ​ទៅ​សាល​ប្រជុំ​ជា​លើក​ដំបូង។ អ្នក​ដែល​ធ្លាប់​រាប់​អាន​ខ្ញុំ​ពី​មុន​ឈប់​មក​លេង​ខ្ញុំ តែ​មិត្ត​ភក្ដិ​ថ្មី​ៗ​របស់​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​»។

បន្ដិច​ម្ដង​ៗ សូន្យា​និយាយ​បាន​ឡើង​វិញ ហើយ​គាត់​មាន​ជំនឿន​យ៉ាង​ឆាប់​ក្នុង​ការ​រៀន​គម្ពីរ​ដែរ។ មិន​ដល់​មួយ​ឆ្នាំ​ផង គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ មិត្ត​ភក្ដិ​ថ្មី​របស់​គាត់​ជា​ច្រើន​នាក់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អំពី​បណ្ដាំ​របស់​ព្រះ ហើយ​គាត់​ឃើញ​ថា​ពួក​គេ​សប្បាយ​មែន។ សូន្យា​បាន​គិត​ថា​៖ ‹ខ្ញុំ​ចង់​សប្បាយ​ដូច​ពួក​គេ​ដែរ។ ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​សមត្ថភាព​របស់​ខ្ញុំ!›។ ឥឡូវ​នេះ សូន្យា​កំពុង​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អំពី​បណ្ដាំ​របស់​ព្រះ។

តើ​សូន្យា​បាន​ទាញ​មេរៀន​អ្វី ពី​អ្វី​ដែល​គាត់​បាន​ឆ្លង​កាត់? ​«​ទោះ​ជា​ខ្ញុំ​បាន​រក​លុយ​ច្រើន​ក៏​ដោយ ខ្ញុំ​បាន​ព្រួយ​បារម្ភ ហើយ​មិន​សប្បាយ ពីព្រោះ​ការងារ​នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ថិត​ក្រោម​ការ​បង្ខិត​បង្ខំ​ខ្លាំង ហើយ​មិន​ដឹង​ថា​មាន​ការងារ​នោះ​ជាប់​លាប់​ឬ​ទេ។ ឥឡូវ​ខ្ញុំ​ដឹង​ថា អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត គឺ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ស្ថាន​សួគ៌​របស់​ខ្ញុំ។ ឥឡូវ​ខ្ញុំ​មាន​សុភមង្គល​ពិត​»។

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ដោយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នោះ អ្នក​ខ្លះ​បាន​ត្រូវ​បង្វែរ​ចេញ​ពី​ជំនឿ ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខវេទនា​ជា​ច្រើន​»។ (​ធីម៉ូថេទី១ ៦:​១០​) សូន្យា​ជា​សាក្សី​ថា​ពាក្យ​ទាំង​នេះ​ជា​ការ​ពិត។