លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកបានកំណត់ពេលដើម្បីសិក្សាគម្ពីរឬទេ?

តើអ្នកបានកំណត់ពេលដើម្បីសិក្សាគម្ពីរឬទេ?

តើ​អ្នក​បាន​កំណត់​ពេល​ដើម្បី​សិក្សា​គម្ពីរ​ឬ​ទេ?

ឆ្នាំ​មុន​គណៈ​អភិបាល​បាន​ប្រកាស​ការ​ផ្លាស់​ប្ដូរ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ដើម្បី​ទុក​ពេល​ច្រើន​ជាង​សម្រាប់​ការ​សិក្សា​គម្ពីរ និង​ការ​ពិភាក្សា​ជា​គ្រួសារ។ បើ​អ្នក​ជា​មេ​គ្រួសារ កុំ​ខាន​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​នឹង​ប្រពន្ធ​កូន​តាម​របៀប​ដែល​មាន​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា។ ប្ដី​ប្រពន្ធ​ដែល​គ្មាន​កូន​គួរ​ប្រើ​ពេល​នេះ​ដើម្បី​រៀន​គម្ពីរ​ជា​មួយ​គ្នា។ បង​ប្អូន​ប្រុស​ស្រី​ដែល​នៅ​លីវ​ហើយ​គ្មាន​ភារកិច្ច​គ្រួសារ​អាច​ប្រើ​ពេល​នេះ​ឲ្យ​បាន​ប្រយោជន៍ ដោយ​សិក្សា​គម្ពីរ​រៀង​ខ្លួន។

បង​ប្អូន​ច្រើន​នាក់​បាន​សម្ដែង​អំណរ​គុណ​ចំពោះ​ការ​រៀប​ចំ​ឲ្យ​មាន​ល្ងាច​មួយ​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ជា​អ្នក​ចាស់​ទុំ​ឈ្មោះ​ខេវ៉ិន​បាន​សរសេរ​ថា​៖ ​«​យើង​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​មិន​អាច​រក​ពាក្យ​ឲ្យ​សម​នឹង‹អំណរ​គុណ›របស់​យើង​ទេ។ ជា​ពួក​អ្នក​ចាស់​ទុំ យើង​បាន​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​យើង​កំពុង​ប្រើ​ល្ងាច​ដែល​ទំនេរ​នោះ​ដើម្បី​សិក្សា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​យើង ដូច​គណៈ​អភិបាល​បាន​ប្រាប់​»។

បង​ស្រី​ម្នាក់​ឈ្មោះ​ចូឌី​ជា​ប្រពន្ធ​អ្នក​ចាស់​ទុំ​បាន​សរសេរ​ថា​៖ ​«​យើង​មាន​កូន​ស្រី​បី​នាក់​អាយុ​១៥ ១១ និង​២​ឆ្នាំ។ ពេល​ថ្មី​ៗ​នេះ យើង​បាន​រើ​ទៅ​ក្រុម​ជំនុំ​ភាសាគ។ យើង​ត្រូវ​ចំណាយ​ពេល និង​កម្លាំង​ច្រើន​ដើម្បី​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ។ ដោយ​សារ​មាន​ការ​រៀប​ចំ​នេះ ឥឡូវ​យើង​មាន​ល្ងាច​មួយ​ទៀត​ដើម្បី​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​»។

បង​ប្រុស​ឈ្មោះ​ចន​និង​ប្រពន្ធ​គាត់​ឈ្មោះ​ចូអាន​ដែល​កំពុង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​បាន​សរសេរ​ថា​៖ ​«​យើង​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ​មិន​ទៀង​ទាត់​ទេ ដោយ​សារ​យើង​ត្រូវ​ធ្វើ​នៅ​ចន្លោះ​កិច្ចការ​ជា​ច្រើន​របស់​ក្រុម​ជំនុំ។ ការ​រៀប​ចំ​ថ្មី​នេះ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ក្នុង​កិច្ច​បម្រើ​ព្រះ បើ​យើង​ប្រើ​ពេល​នោះ​ដោយ​ត្រឹម​ត្រូវ​»។

ថូ​នី​បង​ប្រុស​ម្នាក់​ដែល​នៅ​លីវ អាយុ​២០​ឆ្នាំ​ប្លាយ​បាន​ទុក​ពេល​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​សិក្សា។ គាត់​រៀប​ចំ​សម្រាប់​ប្រជុំ​ក្រុម​ជំនុំ​នៅ​ថ្ងៃ​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​អង្គារ​ដោយ​ចិត្ត​សប្បាយ​»។ ហេតុ​អ្វី? ​«​នៅ​ល្ងាច​ពិសេស​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ពេល​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​»។ ថូ​នី​ពន្យល់​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​សិក្សា​ប្រធានបទ​ផ្សេង​ៗ​អស់​ពីរ​ម៉ោង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​ជិត​ស្និទ្ធ។ ដោយ​មាន​ពេល​ច្រើន​ជាង​ដើម្បី​សិក្សា​គម្ពីរ នោះ​ខ្ញុំ​អាច​រំពឹង​គិត​ទៅ​លើ​ខ​គម្ពីរ​ដែល​ខ្ញុំ​អាន​»។ តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា? ​«​ឱវាទ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ជាង​មុន​»។ គាត់​លើក​ឧទាហរណ៍​មួយ​ថា​៖ ​«​ក្នុង​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​(​ជា​ភាសា​អង់គ្លេស​)​ខ្ញុំ​បាន​អាន​អំពី​មិត្តភាព​រវាង​ដាវីឌ​និង​យ៉ូណាថាន។ ខ្ញុំ​បាន​ទាញ​មេរៀន​ច្រើន​ពី​របៀប​ដែល​យ៉ូណាថាន​បាន​បង្ហាញ​ចិត្ត​គំនិត​មិន​គិត​ប្រយោជន៍​ខ្លួន។ គំរូ​របស់​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ច្បាស់​ជាង​ថា មិត្ត​ល្អ​ជា​មិត្ត​បែប​ណា។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ត​សប្បាយ​នូវ​ឱកាស​រៀន​ចំណុច​ថ្មី​ៗ​ថែម​ទៀត ដែល​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ នៅ​ល្ងាច​ថ្ងៃ​អង្គារ!​»។

អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ពិត​ជា​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ដោយ​យក​ពេល​ដែល​បាន​ត្រូវ​បន្ថែម​ឲ្យ​ដើម្បី​សិក្សា​គម្ពីរ និង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​យ៉ាង​ដិត​ដល់។