លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទ្រព្យសម្បត្ដិដែលព្រះឲ្យ

ទ្រព្យសម្បត្ដិដែលព្រះឲ្យ

ទ្រព្យ​សម្បត្ដិ​ដែល​ព្រះ​ឲ្យ

បើ​អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ តើ​លោក​នឹង​ឲ្យ​ពរ​ជា​ទ្រព្យ​សម្បត្ដិ​ឬ​ទេ? ប្រហែលជា​លោក​នឹង​ឲ្យ​ទ្រព្យ​សម្បត្ដិ​មែន ប៉ុន្តែ​ទ្រព្យ​សម្បត្ដិ​នោះ​ប្រហែលជា​មិន​មែន​អ្វី​ដែល​អ្នក​សង្ឃឹម​ថា​នឹង​បាន​នោះ​ទេ។ សូម​គិត​អំពី​ម៉ារៀ​ដែល​ជា​ម្ដាយ​លោក​យេស៊ូ។ ទេវតា​មួយ​រូប​ឈ្មោះ​កាព្រីយ៉ែល​បាន​លេច​មក​ជួប​នាង ដោយ​ប្រាប់​ថា​នាង​ជា​​«​អ្នក​សំណព្វ​»​របស់​ព្រះ ហើយ​ថា​នាង​នឹង​បង្កើត​កូន​មួយ​ដែល​ជា​បុត្រ​ព្រះ។ (​លូកា ១:២៨, ៣០​-​៣២​) ប៉ុន្តែ​ម៉ារៀ​មិន​មែន​ជា​អ្នក​មាន​ទេ។ បន្ទាប់​ពី​លោក​យេស៊ូ​កើត​មក​នោះ ម៉ារៀ​ជូន​ព្រះ​យេហូវ៉ា​នូវ​គ្រឿង​បូជា​ដែល​ជា​​«​សត្វ​លលក​មួយ​គូ ឬ​សត្វ​ព្រាប​ស្ទាវ​ពីរ​ក្បាល​»។ នោះ​ជា​គ្រឿង​បូជា​ដែល​មនុស្ស​ក្រី​ក្រ​ជូន​ព្រះ។—លូកា ២:​២៤; លេវីវិន័យ ១២:៨

ម៉ារៀ​ជា​អ្នក​ក្រ ដូច្នេះ​តើ​នេះ​មាន​ន័យ​ថា​ព្រះ​មិន​បាន​ឲ្យ​ពរ​ដល់​នាង​ឬ? មិន​មែន​ដូច្នោះ​ទេ។ ពេល​ដែល​នាង​ទៅ​លេង​អេលីសាបិត ដែល​ជា​សាច់​ញាតិ​របស់​នាង ​«​អេលីសាបិត​បាន . . . ពេញ​ទៅ​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ រួច​នាង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ‹ក្នុង​ចំណោម​ស្រី​ទាំង​ឡាយ នាង​[​ម៉ារៀ​]​មាន​ពរ​ហើយ! ឯ​កូន​ដែល​នាង​នឹង​បង្កើត​ក៏​មាន​ពរ​ដែរ›!​»។ (​លូកា ១:៤១, ៤២​) ម៉ារៀ​មាន​កិត្ដិយស​ធ្វើ​ជា​ម្ដាយ​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ។

លោក​យេស៊ូ​ក៏​មិន​មែន​ជា​អ្នក​មាន​ដែរ។ លោក​មិន​ត្រឹម​តែ​កើត​មក ហើយ​ធំ​ឡើង​នៅ​តំបន់​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​អំឡុង​ពេល​លោក​រស់​នៅ​ផែនដី លោក​ជា​អ្នក​ក្រ​អស់​មួយ​ជីវិត។ មាន​ពេល​មួយ​លោក​ប្រាប់​បុរស​ម្នាក់​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កញ្ជ្រោង​មាន​រូង ហើយ​សត្វ​ស្លាប​លើ​មេឃ​មាន​ទ្រនំ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»។ (​លូកា ៩:៥៧, ៥៨​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​ដែល​លោក​យេស៊ូ​គ្រិស្ត​បាន​សម្រេច​ដោយ​មក​ផែនដី បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ទទួល​បាន​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស​វិសាល។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​លោក​បាន​ទៅ​ជា​អ្នក​ក្រ​ដើម្បី​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​មាន​តាម​រយៈ​ភាព​ក្រី​ក្រ​របស់​លោក​»។ (​កូរិនថូសទី២ ៨:៩​) តើ​លោក​យេស៊ូ​បាន​ឲ្យ​ទ្រព្យ​សម្បត្ដិ​បែប​ណា​ដល់​អ្នក​កាន់​តាម​លោក? ហើយ​សព្វ​ថ្ងៃ​នេះ តើ​យើង​មាន​ទ្រព្យ​សម្បត្ដិ​អ្វី​ខ្លះ?

តើ​លោក​ឲ្យ​ទ្រព្យ​សម្បត្ដិ​បែប​ណា?

ពេល​ណា​មនុស្ស​ម្នាក់​សម្បូរ​លុយ​និង​ទ្រព្យ​ធន នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​អ្នក​នោះ​ពិបាក​មាន​ជំនឿ​លើ​ព្រះ ដោយ​សារ​អ្នក​មាន​ប្រហែលជា​ទុក​ចិត្ត​លើ​លុយ​របស់​ខ្លួន​ជា​ជាង​ទុក​ចិត្ត​លើ​ព្រះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​មាន​ប្រាក់​ច្រើន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ណាស់!​»។ (​ម៉ាកុស ១០:២៣​) ដូច្នេះ គឺ​ច្បាស់​ណាស់​ថា ទ្រព្យ​សម្បត្ដិ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​អ្នក​កាន់​តាម​លោក​មិន​មែន​ជា​លុយ​និង​ទ្រព្យ​ធន​ទេ។

តាម​ការ​ពិត គ្រិស្ត​សាសនិក​ភាគ​ច្រើន​នៅ​សតវត្សរ៍​ទី​១​ជា​អ្នក​ក្រ។ ពេល​បុរស​ខ្វិន​ពី​កំណើត​ម្នាក់​បាន​សុំ​លុយ នោះ​ពេត្រុស​បាន​ឆ្លើយ​ថា​៖ ​«​មាស​និង​ប្រាក់​ខ្ញុំ​មិន​មាន​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​ឲ្យ​អ្នក​៖ ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ចូរ​ដើរ​ទៅ​ចុះ!​»។—សកម្មភាព ៣:៦

សំណេរ​របស់​អ្នក​កាន់​តាម​លោក​យេស៊ូ​ឈ្មោះ​យ៉ាកុប​ក៏​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ភាគ​ច្រើន​ជា​មនុស្ស​ក្រី​ក្រ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ស្ដាប់។ ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ?​»។ (​យ៉ាកុប ២:៥​) ម្យ៉ាង​ទៀត សាវ័ក​ប៉ូល​ក៏​បាន​និយាយ​ថា​ព្រះ​មិន​បាន​ហៅ​មនុស្ស​ច្រើន​​«​ដែល​ជា​អ្នក​ប្រាជ្ញ​តាម​ទស្សនៈ​មនុស្ស ឬ​ជា​អ្នក​មាន​អំណាច ឬ​ក៏​ជា​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​ឡើយ​»​ដើម្បី​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ទេ។—កូរិនថូសទី១ ១:២៦

ប្រសិនបើ​ទ្រព្យ​សម្បត្ដិ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​មិន​មែន​ជា​លុយ​និង​ទ្រព្យ​ធន​ទេ តើ​លោក​បាន​ឲ្យ​ទ្រព្យ​សម្បត្ដិ​បែប​ណា​ដល់​ពួក​គាត់? ក្នុង​សំបុត្រ​មួយ​ដែល​លោក​យេស៊ូ​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មៀរណា នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្គាល់​សេចក្ដី​វេទនា​និង​ភាព​ក្រី​ក្រ​របស់​អ្នក តែ​អ្នក​ជា​អ្នក​មាន​»។ (​ការ​បើក​បង្ហាញ ២:៨, ៩​) ទោះ​ជា​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​ស្មៀរណា​ជា​អ្នក​ក្រ​ក៏​ដោយ តែ​ពួក​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ដែល​មាន​តម្លៃ​ជាង​មាស​ឬ​ប្រាក់​ឆ្ងាយ​ណាស់។ ពួក​គាត់​ជា​អ្នក​មាន​ដោយ​សារ​ពួក​គាត់​មាន​ជំនឿ​និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ។ ជំនឿ​មាន​តម្លៃ​ណាស់ ពីព្រោះ​​«​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ​»។ (​ថែស្សាឡូនិច​ទី​២ ៣:២​) តាម​ទស្សនៈ​របស់​ព្រះ មនុស្ស​ដែល​មិន​មាន​ជំនឿ តាម​ពិត​ជា​មនុស្ស​ក្រី​ក្រ​វិញ។—ការ​បើក​បង្ហាញ ៣:​១៧, ១៨

ទ្រព្យ​សម្បត្ដិ​ដែល​មក​ពី​ជំនឿ

ប៉ុន្តែ ហេតុ​អ្វី​ជំនឿ​មាន​តម្លៃ? អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ ទទួល​ប្រយោជន៍​ពី​​«​ចិត្ត​សប្បុរស ចិត្ត​អធ្យាស្រ័យ និង​ចិត្ត​ធ្ងន់​ដ៏​បរិបូរ​របស់​លោក​»។ (​រ៉ូម ២:៤​) ពួក​គេ​ក៏​ទទួល​​«​ការ​អភ័យ​ទោស​ចំពោះ​កំហុស​»​របស់​ពួក​គេ ដោយ​សារ​មាន​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដែល​ជា​ថ្លៃ​លោះ។ (​អេភេសូរ ១:៧​) ម្យ៉ាង​ទៀត ពួក​គេ​មាន​ប្រាជ្ញា​ដែល​​«​បណ្ដាំ​របស់​គ្រិស្ត​»​ផ្ដល់​ឲ្យ​អ្នក​ដែល​មាន​ជំនឿ។ (​កូឡុស ៣:១៦​) ពេល​ដែល​ពួក​គេ​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​មាន​ជំនឿ នោះ​​«​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»​ ការពារ​ចិត្ត​និង​គំនិត​របស់​ពួក​គេ ហើយ​នាំ​ឲ្យ​មាន​សុភមង្គល។—ភីលីព ៤:៧

ក្រៅ​ពី​ផល​ប្រយោជន៍​ទាំង​អស់​នេះ ពួក​អ្នក​ដែល​បង្ហាញ​ថា​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​ដោយ​ជឿ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​លោក ពួក​គេ​មាន​លទ្ធភាព​រស់​ជា​រៀង​រហូត។ មនុស្ស​ជា​ច្រើន​ស្គាល់​អ្វី​ដែល​លោក​យេស៊ូ​គ្រិស្ត​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) ពេល​ដែល​មនុស្ស​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ដែល​ជា​បិតា​និង​បុត្រ​របស់​លោក នោះ​សេចក្ដី​សង្ឃឹម​ដ៏​ពិសេស​ថា​នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​កាន់​តែ​ប្រាកដ​ឡើង​ៗ ដ្បិត​លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

ជា​ទូទៅ ពរ​ដែល​ព្រះ​ឲ្យ​គឺ​ជាប់​ទាក់​ទង​នឹង​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។ ប៉ុន្តែ ពរ​ទាំង​នោះ​ក៏​មាន​ផល​ប្រយោជន៍​ដែល​ជួយ​យើង​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ម្នាក់​ឈ្មោះ​ដាលីឌីអូ​ដែល​រស់​នៅ​ប្រទេស​ប្រេស៊ីល។ មុន​គាត់​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​គោល​បំណង​របស់​ព្រះ គាត់​ជា​អ្នក​ប្រមឹក​ស្រា។ នោះ​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ធំ​ក្នុង​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត ដាលីឌីអូ​មាន​បញ្ហា​លុយ​កាក់​ដែរ។ តែ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​កែប្រែ​ទៅ​ជា​មនុស្ស​ខុស​ប្លែក​ពី​មុន​ឆ្ងាយ​ណាស់។

ដោយ​សារ​អ្វី​ដែល​ដាលីឌីអូ​រៀន​ពី​គម្ពីរ គាត់​បោះបង់​ចោល​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គាត់។ គាត់​ប្រព្រឹត្ត​តាម​អ្វី​ដែល​គាត់​រៀន​ពី​គម្ពីរ​យ៉ាង​ដិត​ដល់ រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ដើរ​ផឹក​ពី​បារ​មួយ​ទៅ​បារ​មួយ តែ​ឥឡូវ​ខ្ញុំ​ដើរ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»​ ព្រោះ​គាត់​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អំពី​បណ្ដាំ​របស់​ព្រះ។ ការ​កែប្រែ​ដូច្នេះ​មិន​ត្រឹម​តែ​ជួយ​គាត់​ឲ្យ​មាន​សុខភាព​ល្អ​ជាង​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​គាត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​លុយ​កាក់​ផង​ដែរ។ ដាលីឌីអូ​ប្រាប់​ថា​៖ ​«​លុយ​ដែល​ខ្ញុំ​ធ្លាប់​យក​ទៅ​ទិញ​ស្រា​ផឹក ឥឡូវ​ខ្ញុំ​ប្រើ​ដើម្បី​ជួយ​អ្នក​ដែល​ខ្វះ​ខាត​ឬ​ទិញ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​វិញ​»។ ដាលីឌីអូ​ក៏​មាន​មិត្ត​ភក្ដិ​ល្អ​ដោយ​សារ​គាត់​សេពគប់​មនុស្ស​ដែល​មាន​ទស្សនៈ​ដូច​គាត់​ដែរ ពោល​គឺ​មាន​ទស្សនៈ​ដែល​ស្រប​តាម​ទស្សនៈ​របស់​ព្រះ។ ឥឡូវ​ដាលីឌីអូ​មាន​ក្ដី​សុខសាន្ត​និង​សុភមង្គល​ដែល​គាត់​មិន​ដែល​នឹក​ស្មានថា​គាត់​អាច​មាន មុន​គាត់​ស្គាល់​ព្រះ។

ឧទាហរណ៍​មួយ​ទៀត ដែល​បញ្ជាក់​របៀប​ដែល​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​មាន​ជីវិត​ដ៏​ប្រសើរ​ជាង គឺ​ឧទាហរណ៍​របស់​រេណាតូ។ ពេល​ឃើញ​ទឹក​មុខ​សប្បាយ​របស់​រេណាតូ អ្នក​នឹង​ពិបាក​ជឿ​ណាស់​ថា​គាត់​មាន​ហេតុ​តូច​ចិត្ត​នឹង​ជីវិត​របស់​គាត់។ ពេល​គាត់​ទើប​នឹង​កើត​មក ម្ដាយ​គាត់​បាន​បោះបង់​គាត់​ចោល ដោយ​ដាក់​ក្នុង​ថង់​មួយ​ទុក​ចោល​នៅ​ចិញ្ចើម​ថ្នល់​ក្រោម​កៅអី​ថ្ម​មួយ ទាំង​រលាត់​ស្បែក​ហើយ​ជាំ​សាច់ ថែម​ទាំង​មាន​ទង​សុក​មិន​ទាន់​កាត់​ផង។ ស្ត្រី​ពីរ​នាក់​កំពុង​ដើរ​កាត់​ឃើញ​ថង់​នោះ​បង្រះ​ចុះ​បង្រះ​ឡើង នឹក​ស្មានថា​មាន​កូន​ឆ្មា​ដែល​គេ​ទុក​ចោល​នៅ​ទី​នោះ។ ពេល​ដែល​បើក​ថង់​ឃើញ​កូន​ខ្ចី ពួក​គេ​ក៏​ម្នីម្នា​យក​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​នោះ​ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​មើល។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពីរ​នាក់​នោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​ប្រាប់​សាក្សី​ម្នាក់​ទៀត​ឈ្មោះ​រី​តា​អំពី​កូន​ខ្ចី​នោះ។ រី​តា​បាន​រលូត​កូន​ច្រើន​ដង ហើយ​មាន​កូន​តែ​ម្នាក់ គឺ​កូន​ស្រី។ គាត់​ចង់​បាន​កូន​ប្រុស​ណាស់ ដូច្នេះ​គាត់​សម្រេច​ចិត្ត​យក​រេណាតូ​មក​ចិញ្ចឹម​ជា​កូន​របស់​គាត់។

កាល​ដែល​រេណាតូ​នៅ​តូច​នៅ​ឡើយ រី​តា​ប្រាប់​រេណាតូ​ថា គាត់​មិន​មែន​ជា​ម្ដាយ​បង្កើត​របស់​រេណាតូ​ទេ។ ប៉ុន្តែ​រី​តា​បាន​ស្រឡាញ់​និង​បីបាច់​រក្សា​គាត់ ហើយ​ខំ​ព្យាយាម​បង្រៀន​គាត់​នូវ​គោលការណ៍​ពី​គម្ពីរ​បរិសុទ្ធ។ ក្រោយ​រេណាតូ​ធំ​ឡើង​បន្ដិច គាត់​ចាប់​អារម្មណ៍​នឹង​គម្ពីរ។ គាត់​ក៏​មាន​អំណរ​គុណ​រឹត​តែ​ច្រើន​ឡើង កាល​ដែល​គាត់​ដឹង​របៀប​អស្ចារ្យ​ដែល​គាត់​បាន​ត្រូវ​សង្គ្រោះ។ គាត់​រលីងរលោង​ទឹក​ភ្នែក រាល់​ដង​ដែល​គាត់​អាន​ទំនុកតម្កើង​ដែល​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ​»។—ទំនុកតម្កើង ២៧:១០

ដោយ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​រូប​គាត់ រេណាតូ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០២ ហើយ​នៅ​ឆ្នាំ​បន្ទាប់​គាត់​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អំពី​បណ្ដាំ​របស់​ព្រះ។ គាត់​នៅ​តែ​មិន​ដឹង​ថា​នរណា​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​គាត់​ទេ ហើយ​ប្រហែលជា​គាត់​នឹង​មិន​ដឹង​សោះ​ឡើយ។ ក៏​ប៉ុន្តែ រេណាតូ​មាន​អារម្មណ៍​ថា អំណោយ​ថ្លៃ​វិសេស​បំផុត​ដែល​គាត់​ធ្លាប់​ទទួល​គឺ​គាត់​ស្គាល់​និង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ទុក​ជា​បិតា​ដែល​ស្រឡាញ់​និង​ថែ​រក្សា​គាត់។

ប្រហែលជា​អ្នក​ចង់​មាន​មិត្តភាព​ស្និទ្ធ​ស្នា​ល​ជា​មួយ​នឹង​ព្រះ ហើយ​ចង់​ទទួល​ក្ដី​ស្រឡាញ់​ពី​លោក ជា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ប្រសើរ​ជាង។ មនុស្ស​គ្រប់​រូប ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ មាន​ឱកាស​មាន​ចំណង​មិត្តភាព​បែប​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។ ចំណង​មិត្តភាព​នោះ​ប្រហែលជា​មិន​នាំ​ឲ្យ​មាន​លុយ​និង​ទ្រព្យ​ធន​ច្រើន​ទេ តែ​ប្រាកដជា​នឹង​ធ្វើ​ឲ្យ​មាន​ក្ដី​សុខសាន្ត​និង​សុភមង្គល​ដែល​អ្នក​មាន​ស្តុកស្តម្ភ​បំផុត​ទិញ​ពុំ​បាន​ឡើយ។ ពាក្យ​នៅ​សុភាសិត ១០:២២​ជា​ការ​ពិត​មែន​ដែល​ថា​៖ ​«​អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ​»។

ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ដែល​មក​ឯ​លោក​៖ ​«​ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ​»។ (​អេសាយ ៤៨:១៨​) លោក​ក៏​បាន​សន្យា​ថា អ្នក​ណា​ដែល​មក​ឯ​លោក​ដោយ​មាន​បំណង​ចិត្ត​និង​គំនិត​ត្រឹម​ត្រូវ អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​៖ ​«​ផល​នៃ​សេចក្ដី​សុភាព នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត​»។—សុភាសិត ២២:៤

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

ជំនឿ​លើ​ព្រះ​ធ្វើ​ឲ្យ​មាន​ក្ដី​សុខសាន្ត​និង​សុភមង្គល

[រូបភាព​នៅ​ទំព័រ​៥​]

ទោះ​ជា​ក្រុម​គ្រួសារ​របស់​លោក​យេស៊ូ​ជា​អ្នក​ក្រ​ក៏​ដោយ ពួក​គាត់​បាន​ទទួល​ពរ​ដ៏​វិសេស​វិសាល​ពី​ព្រះ