លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីរក្សាចំណងមិត្ដភាពក្នុងពិភពលោកដែលគ្មានក្ដីស្រឡាញ់

វិធីរក្សាចំណងមិត្ដភាពក្នុងពិភពលោកដែលគ្មានក្ដីស្រឡាញ់

វិធី​រក្សា​ចំណង​មិត្តភាព​ក្នុង​ពិភព​លោក​ដែល​គ្មាន​ក្ដី​ស្រឡាញ់

​«​ការ​ទាំង​នេះ​ជា​បង្គាប់​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។—យ៉ូន. ១៥:១៧

១​. ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ត្រូវ​រក្សា​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា?

ក្នុង​អំឡុង​រាត្រី​ចុង​ក្រោយ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​ដែល​ស្មោះ​ត្រង់​ឲ្យ​នៅ​តែ​ធ្វើ​ជា​មិត្ត​នឹង​គ្នា។ មិន​យូរ​ប៉ុន្មាន​មុន​លោក​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ធ្វើ​ដូច​នេះ លោក​បាន​មាន​ប្រសាសន៍​ថា ក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​បង្ហាញ​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​អ្នក​កាន់​តាម​របស់​លោក។ (​យ៉ូន. ១៣:៣៥​) ពួក​សាវ័ក​អាច​បំពេញ​កិច្ច​ការ​ដែល​លោក​យេស៊ូ​ហៀបនឹង​ប្រគល់​ឲ្យ​ពួក​គាត់ ហើយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​មាន​នៅ​អនាគត​បាន លុះ​ត្រា​តែ​ពួក​គាត់​រក្សា​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ ពិត​មែន ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ត្រូវ​គេ​ស្គាល់​ទូទៅ​ជា​មនុស្ស​ដែល​មាន​ភក្ដីភាព​ដែល​ពុំ​អាច​កាត់​ផ្ដាច់​បាន​ចំពោះ​ព្រះ​និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

២​. (​ក​) តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី​យើង​តាំង​ចិត្ត​ធ្វើ​ដូច​នោះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

សព្វ​ថ្ងៃ យើង​ពិត​ជា​រីករាយ​សហការ​ជា​មួយ​អង្គការ​ដែល​មាន​ទូ​ទាំង​ពិភព​លោក​ដែល​មាន​សមាជិក​ធ្វើ​តាម​គំរូ​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១! យើង​តាំង​ចិត្ត​ស្ដាប់​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ មនុស្ស​ទូទៅ​មិន​ស្មោះ​ត្រង់ ហើយ​មិន​មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​ទេ។ (​២ធី. ៣:១​-​៣​) ចំណង​មិត្តភាព​ដែល​ពួក​គេ​មាន​ច្រើន​តែ​រាក់​កំភែល ហើយ​ច្រើន​តែ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដើម្បី​រក្សា​អត្តសញ្ញាណ​ជា​គ្រិស្ត​សាសនិក​ពិត យើង​មិន​គួរ​មាន​ចិត្ត​គំនិត​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ទេ។ បើ​ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​សំណួរ​ដូច​ត​ទៅ​នេះ: តើ​ចំណង​មិត្តភាព​ល្អ​ផ្អែក​លើ​អ្វី? តើ​យើង​អាច​បាន​មិត្ត​ល្អ​តាម​វិធី​ណា? តើ​យើង​ប្រហែលជា​ត្រូវ​លែង​រាប់​អាន​គ្នា​ជា​មិត្ត​នៅ​ពេល​ណា? ហើយ​តើ​មិត្ត​សម្លាញ់​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជា​មួយ​គ្នា?

តើ​ចំណង​មិត្តភាព​ល្អ​ផ្អែក​លើ​អ្វី?

៣, ៤​. តើ​ចំណង​មិត្តភាព​ដែល​រឹង​មាំ​បំផុត​ផ្អែក​លើ​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​មិត្តភាព​ដែល​មាន​លក្ខណៈ​នោះ​រឹង​មាំ?

ចំណង​មិត្តភាព​រឹង​មាំ​បំផុត​ផ្អែក​លើ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​បើ​មាន​ខ្មាំង​ណា​មក​ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ​»។ (​សាស្ដ. ៤:១២​) ចំណង​មិត្តភាព​អាច​ស្ថិតស្ថេរ​យូរ​អង្វែង​បាន​ពេល​ព្រះ​យេហូវ៉ា​ជា​ធ្លុង​ទី​៣​ក្នុង​ចំណង​មិត្តភាព​នោះ។

ពិត​មែន អ្នក​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក៏​អាច​មាន​ចំណង​មិត្តភាព​ដែល​នាំ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត​ដែរ។ ប៉ុន្តែ​ពេល​បុគ្គល​ពីរ​នាក់​ជិត​ស្និទ្ធ​នឹង​គ្នា​ពីព្រោះ​អ្នក​ទាំង​ពីរ​ស្រឡាញ់​ព្រះ នោះ​មិត្តភាព​របស់​ពួក​គាត់​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ បើ​មាន​ការ​យល់​ច្រឡំ​គ្នា នោះ​មិត្ត​សម្លាញ់​ពិត​នឹង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ប្រសិនបើ​អ្នក​ប្រឆាំង​ព្រះ​ព្យាយាម​បង្ក​ទំនាស់ នោះ​ពួក​សត្រូវ​ទាំង​នេះ​នឹង​ឃើញ​ច្បាស់​ថា ចំណង​មិត្តភាព​ដែល​ពួក​គ្រិស្ត​សាសនិក​ពិត​មាន​គឺ​មិន​អាច​បំបែក​បាន​ឡើយ។ ក្នុង​ប្រវត្ដិសាស្ត្រ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ទី​សំ​អាង​ឲ្យ​ឃើញ​ថា ពួក​គាត់​សុខ​ចិត្ត​ស្លាប់ ជា​ជាង​ក្បត់​គ្នា។—សូម​អាន យ៉ូហានទី១ ៣:១៦

៥​. ហេតុ​អ្វី​បាន​ជា​ចំណង​មិត្តភាព​រវាង​រូថ​និង​ន៉ាអូមី​រឹង​មាំ​និង​ស្ថិតស្ថេរ​យូរ​អង្វែង?

គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ ចំណង​មិត្តភាព​ដែល​នាំ​ឲ្យ​គាប់​ចិត្ត​បំផុត​គឺជា​មួយ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​គំរូ​របស់​រូថ​និង​ន៉ាអូមី។ ស្ត្រី​ទាំង​ពីរ​នេះ​មាន​ចំណង​មិត្តភាព​ដែល​គួរ​ឲ្យ​កោត​ស្ងើច​ណាស់​ក្នុង​ចំណោម​ចំណង​មិត្តភាព​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ហេតុ​អ្វី​បាន​ជា​ចំណង​មិត្តភាព​របស់​ពួក​គាត់​រឹង​មាំ​និង​ស្ថិតស្ថេរ​យូរ​អង្វែង? រូថ​បាន​ប្រាប់​មូលហេតុ​ពេល​គាត់​និយាយ​ទៅ​ន៉ាអូមី​ថា​៖ ​«​សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ . . . បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ទៅ​ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង​»។ (​រស់. ១:១៦, ១៧​) ទាំង​រូថ​ទាំង​ន៉ាអូមី​ស្រឡាញ់​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ពួក​គេ​ឲ្យ​ក្ដី​ស្រឡាញ់​នេះ​មាន​អានុភាព​លើ​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​លទ្ធផល ស្ត្រី​ទាំង​ពីរ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។

វិធី​បាន​មិត្ត​ល្អ

៦​-​៨​. (​ក​) តើ​ចំណង​មិត្តភាព​ដែល​ស្ថិតស្ថេរ​យូរ​អង្វែង​ផ្ដើម​ចេញ​ពី​អ្វី? (​ខ​) តើ​អ្នក​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ទៅ​រក​គេ​មុន​ក្នុង​ការ​ធ្វើ​ជា​មិត្ត​ភក្ដិ?

គំរូ​របស់​រូថ​និង​ន៉ាអូមី​បង្ហាញ​ថា ការ​មាន​មិត្ត​ល្អ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ចំណង​មិត្តភាព​នេះ​ផ្អែក​លើ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ចំណង​មិត្តភាព​ដែល​ស្ថិតស្ថេរ​យូរ​អង្វែង​ផ្ដើម​ចេញ​ពី​ការ​ព្យាយាម​និង​ការ​លះ​បង់​ប្រយោជន៍​ខ្លួន។ សូម្បី​តែ​បង​ប្អូន​បង្កើត​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក ត្រូវ​ខំ​ប្រឹង​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ។ បើ​ដូច្នេះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​មិត្ត​ល្អ?

ចូរ​ទៅ​រក​គេ​មុន។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​មិត្ត​របស់​គាត់​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម​ឲ្យ​​«​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​រ៉ូម ១២:​១៣​) ដើម្បី​បង្កើត​ឲ្យ​មាន​ទម្លាប់ ធម្មតា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​បន្ដិច​ម្ដង​ៗ​ជា​ទៀង​ទាត់។ ដូច​គ្នា​ដែរ ការ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់​រួម​បញ្ចូល​ការ​ធ្វើ​អ្វី​មួយ​បន្ដិច​បន្តួច​ជា​រឿយ​ៗ។ គ្មាន​អ្នក​ណា​អាច​បង្កើត​ឲ្យ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ជំនួស​យើង​បាន​ទេ។ (​សូម​អាន សុភាសិត ៣:២៧​) វិធី​មួយ​ដែល​អ្នក​អាច​ទទួល​អ្នក​ឯ​ទៀត​គឺ ដោយ​អញ្ជើញ​បង​ប្អូន​រួម​ជំនឿ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មក​បរិភោគ​អាហារ​បន្ដិច​បន្តួច​ជា​មួយ​យើង។ តើ​អ្នក​អាច​បង្កើត​ឲ្យ​មាន​ទម្លាប់​ទទួល​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​បាន​ទេ?

វិធី​មួយ​ទៀត​ដែល​អ្នក​អាច​ទៅ​រក​គេ​មុន​ដើម្បី​បាន​មិត្ត​ភក្ដិ គឺ​ដោយ​អញ្ជើញ​បង​ប្អូន​រួម​ជំនឿ​ផ្សេង​ៗ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ ពេល​ដែល​អ្នក​ឈរ​ស្ដាប់​គូ​របស់​អ្នក​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​ផ្ទះ​ដោយ​និយាយ​យ៉ាង​ស្មោះ​អំពី​ក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​ជិត​ស្និទ្ធ​ជា​មួយ​គាត់​ជាក់​ជា​មិន​ខាន។

៩, ១០​. តើ​ប៉ូល​បាន​ទុក​គំរូ​អ្វី​ឲ្យ​យើង? ហើយ​តើ​យើង​អាចយ​ក​តម្រាប់​តាម​គាត់​យ៉ាង​ដូច​ម្ដេច?

ចូរ​បើក​ចិត្ត​ឲ្យ​ទូលាយ។ (​សូម​អាន កូរិនថូសទី២ ៦:១២, ១៣​) តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​គ្មាន​បង​ប្អូន​រួម​ជំនឿ​ណា​ក្នុង​ក្រុម​ជំនុំ​ដែល​អ្នក​អាច​ធ្វើ​ជា​មិត្ត​ទេ? បើ​ធ្លាប់​មែន តើ​នេះ​ដោយ​សារ​អ្នក​កំណត់​ថា​បង​ប្អូន​រួម​ជំនឿ​ប្រភេទ​ណា​អាច​ក្លាយ​ទៅ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​ទេ? សាវ័ក​ប៉ូល​ទុក​គំរូ​ល្អ​ឲ្យ​យើង​ស្តី​អំពី​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ។ ដើម​ដំបូង គាត់​មិន​ដែល​គិត​ថា​នឹង​អាច​ជិត​ស្និទ្ធ​ជា​មួយ​ជន​ជាតិ​ផ្សេង​ទេ តែ​នៅ​ទី​បំផុត គាត់​បាន​ក្លាយ​ទៅ​ជា​​«​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​»។—រ៉ូម ១១:១៣

១០ បន្ថែម​ទៅ​ទៀត ប៉ូល​មិន​ចង់​តែ​មាន​មិត្ត​ជា​មួយ​នឹង​អ្នក​អាយុ​ស្រករ​គាត់​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ គាត់​និង​ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​ទោះ​ជា​មាន​អាយុ​និង​មជ្ឈដ្ឋាន​ខុស​គ្នា​ក៏​ដោយ។ សព្វ​ថ្ងៃ បង​ប្អូន​វ័យ​ក្មេង​ជា​ច្រើន​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​ដែល​ពួក​គាត់​មាន​ជា​មួយ​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ។ វ៉ាណេសា​ដែល​មាន​អាយុ​២០​ជាង រៀប​រាប់​ថា​៖ ​«​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​ដែល​មាន​អាយុ​៥០​ជាង។ អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​មិត្ត​ភក្ដិ​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ ខ្ញុំ​ក៏​អាច​ប្រាប់​គាត់​ដែរ។ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ណាស់​»។ តើ​មិត្តភាព​នេះ​អាច​កើត​ឡើង​ដោយ​របៀប​ណា? វ៉ាណេសា​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ព្យាយាម​ដើម្បី​អាច​បាន​គាត់​ជា​មិត្ត ជា​ជាង​ចាំ​ឲ្យ​គាត់​មករ​ក​ខ្ញុំ​»។ តើ​អ្នក​ស្ម័គ្រ​ចិត្ត​ហើយ​ព្យាយាម​ធ្វើ​ជា​មិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​អាយុ​ខុស​ពី​អ្នក​ទេ? ព្រះ​យេហូវ៉ា​នឹង​ប្រាកដជា​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​អ្នក។

១១​. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​យ៉ូណាថាន​និង​ដាវីឌ?

១១មាន​ភក្ដីភាព។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​មិត្រ​សំ​ឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។ (​សុភ. ១៧:១៧​) ពេល​សាឡូម៉ូន​សរសេរ​ពាក្យ​ទាំង​នោះ គាត់​ប្រហែលជា​គិត​អំពី​មិត្តភាព​ដែល​ឪពុក​គាត់ ដាវីឌ មាន​ជា​មួយ​យ៉ូណាថាន។ (​១សាំ. ១៨:១​) ស្តេច​សូល​ចង់​ឲ្យ​យ៉ូណាថាន​ដែល​ជា​បុត្រ​របស់​លោក សោយរាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បន្ទាប់​ពី​លោក។ ប៉ុន្តែ​យ៉ូណាថាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច។ យ៉ូណាថាន​មិន​មែន​ច្រណែន​នឹង​ដាវីឌ​ដូច​សូល​ទេ។ គាត់​មិន​ខឹង​ទេ​ពេល​ដាវីឌ​ទទួល​ការ​សរសើរ​ពី​អ្នក​ឯ​ទៀត ហើយ​ក៏​មិន​ជឿ​ដោយ​ងងឹត​ងងុល​ពេល​សូល​និយាយ​បង្កាច់​បង្ខូច​ដាវីឌ​ដែរ។ (​១សាំ. ២០:២៤​-​៣៤​) តើ​យើង​ដូច​ជា​យ៉ូណាថាន​ទេ? ពេល​មិត្ត​របស់​យើង​ទទួល​ឯកសិទ្ធិ តើ​យើង​ជួយ​អរ​គាត់​ទេ? ពេល​គាត់​រង​ទុក្ខវេទនា តើ​យើង​គាំទ្រ​និង​សម្រាល​ទុក្ខ​គាត់​ទេ? បើ​យើង​ឮ​គេ​និយាយ​ដើម​មិត្ត​ភក្ដិ​យើង តើ​យើង​ឆាប់​ជឿ​ទេ? ឬ​តើ​យើង​គាំទ្រ​មិត្ត​របស់​យើង​ដោយ​ស្មោះ​ភក្ដី​ដូច​យ៉ូណាថាន​ទេ?

ពេល​ត្រូវ​លែង​រាប់​អាន​គ្នា​ជា​មិត្ត

១២​-​១៤​. តើ​សិស្ស​គម្ពីរ​ខ្លះ​ប្រឈម​មុខ​ការ​ពិបាក​អ្វី? ហើយ​តើ​យើង​អាច​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១២ ពេល​សិស្ស​គម្ពីរ​ចាប់​ផ្ដើម​កែប្រែ​ជីវិត គាត់​ប្រហែលជា​ប្រឈម​មុខ​នឹង​ការ​ពិបាក​ស្តី​អំពី​រឿង​មិត្ត​ភក្ដិ។ គាត់​ប្រហែលជា​មាន​មិត្ត​ភក្ដិ​ដែល​គាត់​ចូល​ចិត្ត​សេពគប់​ជា​មួយ ដែល​មិន​រស់​នៅ​សម​ស្រប​តាម​គោលការណ៍​គម្ពីរ។ ពី​មុន គាត់​ប្រហែលជា​ធ្លាប់​ដើរ​លេង​ជា​មួយ​ពួក​គេ​យ៉ាង​ទៀង​ទាត់។ ប៉ុន្តែ ឥឡូវ​គាត់​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​មិត្ត​ភក្ដិ​នោះ​អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​គាត់ ហើយ​ឃើញ​ថា​គាត់​ត្រូវ​កាត់​បន្ថយ​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ។ (​១កូ. ១៥:៣៣​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ប្រហែលជា​មាន​អារម្មណ៍​ថា បើ​គាត់​មិន​សេពគប់​ជា​មួយ​មិត្ត​ភក្ដិ​ទាំង​នោះ គាត់​មិន​មាន​ភក្ដីភាព​ចំពោះ​ពួក​គេ​ទេ។

១៣ ប្រសិនបើ​អ្នក​ជា​សិស្ស​គម្ពីរ​ដែល​ឆ្លង​កាត់​បញ្ហា​នេះ សូម​ចាំ​ថា​មិត្ត​ភក្ដិ​ស្មោះ​ត្រង់​នឹង​សប្បាយ​ដោយ​ឃើញ​ថា អ្នក​កំពុង​ខំ​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ជាង។ គាត់​ក៏​ប្រហែលជា​ចង់​ចូល​រួម​ជា​មួយ​អ្នក​ក្នុង​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ មិត្ត​ភក្ដិ​មិន​ស្មោះ​ត្រង់​នឹង​​«​ចេះ​តែ​និយាយ​ប្រមាថ​អ្នក​»​ ពីព្រោះ​អ្នក​មិន​បាន​រត់​តាម​ពួក​គេ​ទៅ​​«​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ​»។ (​១ពេ. ៤:៣, ៤​) តាម​ពិត មិន​មែន​អ្នក​ទេ​ដែល​មិន​មាន​ភក្ដីភាព គឺ​មិត្ត​ភក្ដិ​ទាំង​នេះ​ដែល​គ្មាន​ភក្ដីភាព​ចំពោះ​អ្នក។

១៤ ពេល​សិស្ស​គម្ពីរ​បាន​ត្រូវ​មិត្ត​ភក្ដិ​ដែល​មិន​ស្រឡាញ់​ព្រះ បោះ​បង់​ចោល នោះ​សមាជិក​ក្នុង​ក្រុម​ជំនុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​គាត់។ (​កាឡ. ៦:១០​) ចំពោះ​អស់​អ្នក​ដែល​មក​កិច្ច​ប្រជុំ​ដែល​កំពុង​រៀន​គម្ពីរ តើ​អ្នក​ស្គាល់​ពួក​គាត់​ទេ? ជួនកាល តើ​អ្នក​អាច​រៀប​ចំ​ឲ្យ​ពួក​គាត់​មាន​ការ​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ហើយ​ទទួល​ការ​លើក​ទឹក​ចិត្ត​បាន​ទេ?

១៥, ១៦​. (​ក​) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​បើ​មិត្ត​របស់​យើង​លែង​បម្រើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ស្រឡាញ់​ព្រះ?

១៥ ចុះ​យ៉ាង​ណា​វិញ បើ​មិត្ត​ក្នុង​ក្រុម​ជំនុំ​សម្រេច​ចិត្ត​បដិសេធ​ព្រះ​យេហូវ៉ា ហើយ​ប្រហែលជា​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ? នេះ​អាច​នាំ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ណាស់។ បង​ស្រី​ម្នាក់​បាន​រៀប​រាប់​ពី​អារម្មណ៍​របស់​គាត់​ពេល​មិត្ត​ជិត​ស្និទ្ធ​លែង​បម្រើ​ព្រះ​យេហូវ៉ា ដោយ​និយាយ​ថា​៖ ​«​ចិត្ត​របស់​ខ្ញុំ​បាន​ខ្ទេចខ្ទាំ​អស់។ ខ្ញុំ​ស្មានថា​មិត្ត​ភក្ដិ​ខ្ញុំ​រឹង​មាំ​ក្នុង​សេចក្ដី​ពិត តែ​តាម​ពិត​គាត់​ខ្សោយ​វិញ។ ខ្ញុំ​ឆ្ងល់​ថា តើ​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ដើម្បី​គ្រាន់តែ​ផ្គាប់​ចិត្ត​ក្រុម​គ្រួសារ​របស់​គាត់​ទេ? បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ចិត្ត​របស់​ខ្ញុំ។ តើ​ខ្ញុំ​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មូលហេតុ​ត្រឹម​ត្រូវ​ទេ?​»។ តើ​បង​ស្រី​នេះ​បាន​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច? គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ផ្ទេរ​បន្ទុក​របស់​ខ្ញុំ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ប្ដេជ្ញា​ចិត្ត​បង្ហាញ​ឲ្យ​ព្រះ​យេហូវ៉ា​ឃើញ​ថា ខ្ញុំ​ស្រឡាញ់​លោក​ខ្លាំង​ណាស់ មិន​គ្រាន់​តែ​ដោយ​សារ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ក្នុង​អង្គការ​របស់​លោក​ប៉ុណ្ណោះ​ទេ​»។

១៦ យើង​មិន​អាច​នៅ​ជា​មិត្ត​របស់​ព្រះ បើ​យើង​នៅ​ខាង​មនុស្ស​ដែល​សម្រេច​ចិត្ត​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​បាន​សរសេរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ មាន​ន័យ​ថា​ធ្វើ​ជាស​ត្រូវ​របស់​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ អ្នក​នោះ​តាំង​ខ្លួន​ជាស​ត្រូវ​របស់​ព្រះ​ហើយ​»។ (​យ៉ា. ៤:៤​) យើង​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ដោយ​ទុក​ចិត្ត​ថា លោក​នឹង​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​ពេល​បាត់បង់​មិត្ត​ភក្ដិ​បើ​យើង​មាន​ភក្ដីភាព​ចំពោះ​លោក។ (​សូម​អាន ទំនុកតម្កើង ១៨:២៥​) បង​ស្រី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​វគ្គ​មុន​បាន​សរុប​សេចក្ដី​ដោយ​ពោល​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា យើង​មិន​អាច​ជំរុញ​ឲ្យ​បុគ្គល​ណា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ស្រឡាញ់​យើង​ទេ។ នៅ​ទី​បំផុត នេះ​ជា​រឿង​ដែល​គេ​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។ ក៏​ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​តែ​នៅ​ក្នុង​ក្រុម​ជំនុំ?

រក្សា​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​ចំណង​មិត្តភាព

១៧​. តើ​មិត្ត​ល្អ​និយាយ​យ៉ាង​ណា​ជា​មួយ​គ្នា?

១៧ ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​អាច​រក្សា​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​ចំណង​មិត្តភាព។ កាល​ដែល​អ្នក​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​រូថ​និង​ន៉ាអូមី ដាវីឌ​យ៉ូណាថាន ប៉ូល​និង​ធីម៉ូថេ នោះ​អ្នក​នឹង​ឃើញ​ថា​មិត្ត​ល្អ​និយាយ​ត្រង់​ជា​មួយ​គ្នា​ដោយ​ឥត​លាក់​លៀម តែ​និយាយ​ដោយ​បង្ហាញ​ការ​គោរព។ ស្តី​អំពី​វិធី​ដែល​យើង​គួរ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»។ ប៉ូល​បាន​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​គួរ​និយាយ​ជា​មួយ​​«​អ្នក​ក្រៅ​»​ ពោល​គឺ​អ្នក​ដែល​មិន​មែន​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ (​កូឡ. ៤:៥, ៦​) ច្បាស់​ហើយ បើ​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ពេល​យើង​និយាយ​ជា​មួយ​ពួក​គេ ចុះ​ទម្រាំ​ដល់​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​វិញ? ពួក​គាត់​ប្រាកដជា​សម​នឹង​ទទួល​ការ​គោរព​ពី​យើង​លើស​ជាង​ទៅ​ទៀត!

១៨, ១៩​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ដំបូន្មាន​ដែល​យើង​ទទួល​ពី​មិត្ត​គ្រិស្ត​សាសនិក? ហើយ​តើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​អេភេសូរ​ទុក​គំរូ​អ្វី​ឲ្យ​យើង?

១៨ មិត្ត​ភក្ដិ​ល្អ​ឲ្យ​តម្លៃ​ទៅ​លើ​ទស្សនៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ពួក​គាត់​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​បើក​ចំហ​ហើយ​ដោយ​ភាព​សប្បុរស។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​សរសេរ​ថា​៖ ​«​ប្រេង​លាប​នឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្ដី​ផ្អែមល្ហែម​នៃ​សេចក្ដី​ដាស់​តឿន​ដ៏​អស់ពី​ចិត្ត​របស់​ភឿន​មិត្រ​ក៏​ដូច្នោះ​ដែរ​»។ (​សុភ. ២៧:៩​) តើ​អ្នក​មាន​ទស្សនៈ​ដូច​នេះ​ពេល​ទទួល​ដំបូន្មាន​ពី​មិត្ត​ទេ? (​សូម​អាន ទំនុកតម្កើង ១៤១:៥​) ប្រសិនបើ​មិត្ត​ភក្ដិ​ប្រាប់​ពី​កង្វល់​របស់​គាត់​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ប្រព្រឹត្ត តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​អ្នក​ចាត់​ទុក​យោបល់​របស់​គាត់​ជា​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ឬ​ក៏​អ្នក​បែរ​ជា​ប្រកាន់​នឹង​គាត់​វិញ?

១៩ សាវ័ក​ប៉ូល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អេភេសូរ។ គាត់​ទំនង​ជា​ស្គាល់​បុរស​ទាំង​នោះ​ខ្លះ​តាំង​ពី​ពេល​ពួក​គាត់​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ ប៉ុន្តែ ក្នុង​អំឡុង​ប្រជុំ​ចុង​ក្រោយ​បំផុត​ជា​មួយ​ពួក​គាត់ ប៉ូល​បាន​ជូន​ដំបូន្មាន​ត្រង់​ៗ។ តើ​ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំបូន្មាន​នោះ? មិត្ត​សម្លាញ់​របស់​ប៉ូល​មិន​ប្រកាន់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​អរគុណ​ដែល​ប៉ូល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ពួក​គាត់ ហើយ​ក៏​បាន​ស្រក់​ទឹក​ភ្នែក​ពីព្រោះ​ពួក​គាត់​នឹង​លែង​ឃើញ​មុខ​ប៉ូល​ទៀត។—សកម្ម. ២០:១៧, ២៩, ៣០, ៣៦​-​៣៨

២០​. តើ​មិត្ត​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​នឹង​ធ្វើ​អ្វី?

២០ មិត្ត​ល្អ​មិន​គ្រាន់តែ​ទទួល​ដំបូន្មាន​ល្អ​ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ដំបូន្មាន​ដែរ។ ពិត​មែន យើង​ត្រូវ​យល់​ដឹង​ពេល​ណា​ដែល​យើង​មិន​គួរ​​«​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»។ (​១ថែ. ៤:១១​) ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា ​«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង​»។ (​រ៉ូម ១៤:១២​) ប៉ុន្តែ ពេល​ចាំ​បាច់ មិត្ត​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​នឹង​រំលឹក​គូ​កន​យ៉ាង​សប្បុរស​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​១កូ. ៧:៣៩​) ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ធ្វើ​អ្វី​បើ​ឃើញ​ថា មិត្ត​សម្លាញ់​របស់​អ្នក​ដែល​នៅ​លីវ​ចាប់​ផ្ដើម​ចាប់​ចិត្ត​ស្រឡាញ់​បុគ្គល​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ? ដោយ​ព្រោះ​អ្នក​ខ្លាច​ចំណង​មិត្តភាព​រវាង​អ្នក​និង​គាត់​ប្រេះ​ឆា តើ​អ្នក​នឹង​ស្ទាក់​ស្ទើរ​ប្រាប់​គាត់​ថា អ្នក​បារម្ភ​អំពី​ការ​ប្រព្រឹត្ត​របស់​គាត់​ទេ? ចុះ​បើ​មិត្ត​មិន​ស្ដាប់​តាម​ដំបូន្មាន​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​អ្វី? មិត្ត​ល្អ​នឹង​ខំ​រក​ជំនួយ​ពី​គង្វាល​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ដើម្បី​ជួយ​មិត្ត​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស។ ទង្វើ​បែប​នេះ​តម្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន។ ក៏​ប៉ុន្តែ ចំណង​មិត្តភាព​មិន​បែកបាក់​ទេ​បើ​ផ្អែក​លើ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

២១​. ជួនកាល តើ​យើង​គ្រប់​គ្នា​នឹង​ភ្លាត់​ធ្វើ​អ្វី? ប៉ុន្តែ​ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​រក្សា​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​ចំណង​មិត្តភាព​ដែល​មាន​ក្នុង​ក្រុម​ជំនុំ?

២១សូម​អាន កូឡុស ៣:១៣, ១៤ ជួនកាល មិត្ត​របស់​យើង​នឹង​​«​មាន​ហេតុ​ត្អូញត្អែរ​»​អំពី​យើង ហើយ​ពួក​គាត់​ក៏​នឹង​ប្រព្រឹត្ត​ឬ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មួម៉ៅ។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។ (​យ៉ា. ៣:២​) ប៉ុន្តែ ចំណង​មិត្តភាព​មិន​គ្រាន់តែ​អាស្រ័យ​លើ​ចំនួន​កំហុស​ដែល​យើង​ធ្វើ​ខុស​ទេ តែ​ក៏​អាស្រ័យ​លើ​ការ​អភ័យទោស​ទាំង​ស្រុង​នូវ​កំហុស​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​ចំណង​មិត្តភាព​ដោយ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ឥត​លាក់​លៀម ហើយ​អភ័យទោស​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ! បើ​យើង​មាន​ក្ដី​ស្រឡាញ់​បែប​នេះ នោះ​យើង​នឹង​មាន​​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​អាច​បាន​មិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច?

• តើ​ប្រហែលជា​ត្រូវ​លែង​រាប់​អាន​គ្នា​ជា​មិត្ត​នៅ​ពេល​ណា?

• តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​ចំណង​មិត្តភាព?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​​]

[រូបភាព​នៅ​ទំព័រ​២៥​]

តើ​ចំណង​មិត្តភាព​ដែល​ស្ថិតស្ថេរ​យូរ​អង្វែង​រវាង​រូថ​និង​ន៉ាអូមី​ផ្អែក​លើ​អ្វី?

[រូបភាព​នៅ​ទំព័រ​២៦​]

តើ​អ្នក​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ជា​ទៀង​ទាត់​ទេ?