លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្នុងនាមជាអ្នកបម្រើព្រះ យើងមានសុជីវធម៌

ក្នុងនាមជាអ្នកបម្រើព្រះ យើងមានសុជីវធម៌

ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​មាន​សុជីវធម៌

​«​ចូរ​យក​តម្រាប់​តាម​ព្រះ​»។—អេភ. ៥:១

១, ២​. (​ក​) ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​មាន​សុជីវធម៌? (​ខ​)​ តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​អំពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ថា​៖ ​«​យើង​គួរ​មាន​សុជីវធម៌​ជា​និច្ច។ ការ​ចេះ​គួរ​សម​មាន​ប្រយោជន៍​នៅ​គ្រប់​កន្លែង​គ្រប់​ពេល​វេលា​»។ (​ឈ្មោះ Sue Fox​) កាល​ណា​មនុស្ស​មាន​ទម្លាប់​គោរព​គ្នា នោះ​មិន​សូវ​មាន​បញ្ហា​ជា​មួយ​អ្នក​ឯ​ទៀត​ទេ ហើយ​ជា​ច្រើន​ដង អាច​បំបាត់​ចោល​បញ្ហា​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​ម្នាក់​គ្មាន​សុជីវធម៌​ចំពោះ​អ្នក​ឯ​ទៀត នោះ​នាំ​ឲ្យ​ទាស់​ទែង​គ្នា ស្អប់​គ្នា ហើយ​ពិបាក​ចិត្ត។

ជា​ទូទៅ សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត មាន​សុជីវធម៌​ល្អ។ ក៏​ប៉ុន្តែ ដោយ​សារ​ការ​គ្មាន​សុជីវធម៌​ជា​រឿង​ធម្មតា​ក្នុង​ពិភព​លោក​នេះ នោះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឆ្លង​តាម​មនុស្ស​ដែល​គ្មាន​សុជីវធម៌។ ស្តី​អំពី​រឿង​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​ការ​អនុវត្ត​តាម​គោលការណ៍​គម្ពីរ​អាច​ការពារ​យើង ថែម​ទាំង​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​ឯ​ការ​គោរព​ប្រណិប័តន៍​ពិត។ ដើម្បី​យល់​ថា​សុជីវធម៌​រួម​បញ្ចូល​អ្វី​ខ្លះ សូម​ពិចារណា​មើល​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក។

ជន​គំរូ​ក្នុង​ការ​មាន​សុជីវធម៌ គឺ​ព្រះ​យេហូវ៉ា​និង​បុត្រ​លោក

៣​. តើ​ព្រះ​យេហូវ៉ា​ទុក​គំរូ​អ្វី​ឲ្យ​យើង​ស្តី​អំពី​សុជីវធម៌?

ព្រះ​យេហូវ៉ា​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​យើង​ស្តី​អំពី​សុជីវធម៌។ ទោះ​ជា​លោក​មាន​ឋានៈ​ខ្ពស់​ជាម​ហា​ក្សត្រ​នៃ​សកលលោក​ក៏​ដោយ លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដោយ​ក្ដី​សប្បុរស​និង​ការ​គោរព។ ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​និង​ម៉ូសេ លោក​បាន​ប្រើ​ពាក្យ​ភាសា​ហេប្រឺ​ដែល​ច្រើន​តែ​បក​ប្រែ​ថា​«​សូម​»​ ដែល​ក្នុង​គម្ពីរ​ខ្មែរ​បាន​ត្រូវ​បក​ប្រែ​ថា​«​ចូរ​»។ (​លោ. ១៣:១៤; និក្ខ. ៤:​៦​) ពេល​អ្នក​បម្រើ​របស់​លោក​ធ្វើ​ខុស ព្រះ​យេហូវ៉ា​«​អាណិត​អាសូរ . . . តែង​តែ​ប្រណី​សន្ដោស . . . អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​មេត្ដា​ករុណា​ដ៏​ស្មោះ​ស្ម័គ្រ​»។ (​ទំនុក. ៨៦:១៥, ខ.ស.​) លោក​ពិត​ជា​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​មនុស្ស​ខ្លះ​ដែល​ផ្ទុះ​កំហឹង ពេល​អ្នក​ឯ​ទៀត​ធ្វើ​មិន​ត្រូវ​ចិត្ត។

៤​. តើ​យើង​អាចយ​ក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ពេល​អ្នក​ឯ​ទៀត​និយាយ​ជា​មួយ​យើង?

សុជីវធម៌​របស់​ព្រះ​ក៏​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ដោយ​របៀប​ដែល​លោក​ស្ដាប់​មនុស្ស។ ពេល​អាប្រាហាំ​លើក​សំណួរ​អំពី​មនុស្ស​ក្នុង​ក្រុង​សូដុម ព្រះ​យេហូវ៉ា​ឆ្លើយ​សំណួរ​នីមួយ​ៗ​ដោយ​អត់​ធ្មត់។ (​លោ. ១៨:២៣​-​៣២​) លោក​មិន​បាន​គិត​ថា​អាប្រាហាំ​រំខាន​លោក​ទេ។ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​លោក និង​សេចក្ដី​អង្វរ​របស់​អ្នក​ដែល​បាន​ធ្វើ​ខុស​ហើយ​ប្រែ​ចិត្ត​វិញ។ (​សូម​អាន ទំនុកតម្កើង ៥១:១១, ១៧​) គប្បី​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​អ្នក​ឯ​ទៀត​ពេល​គេ​និយាយ​ជា​មួយ​យើង មែន​ទេ?

៥​. តើ​ការ​មាន​សុជីវធម៌​ដូច​លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាង​ជា​មួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

សុជីវធម៌​គឺ​នៅ​ក្នុង​ចំណោម​អ្វី​ៗ​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​រៀន​ពី​បិតា​នៅ​ស្ថាន​សួគ៌។ ថ្វី​បើ​កិច្ច​បម្រើ​ផ្សាយ​ទាម​ទារ​ពេល​វេលា​និង​កម្លាំង​យ៉ាង​ច្រើន​ពី​លោក​យេស៊ូ​ក៏​ដោយ លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​អត់​ធ្មត់​និង​សប្បុរស។ មនុស្ស​ដែល​មាន​ជំងឺ​ឃ្លង់ មនុស្ស​ងងឹត​ភ្នែក​ដែល​សុំ​ទាន និង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ បាន​យល់​ឃើញ​ទាំង​អស់​គ្នា​ថា លោក​យេស៊ូ​ប្រុង​ប្រៀប​ហើយ​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គាត់។ ទោះ​ជា​ពួក​គាត់​មិន​បាន​ណាត់​ជួប​លោក​ជា​មុន​ក៏​ដោយ លោក​មិន​ដែល​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ពួក​គាត់​ទេ។ ជា​ញយ​ដង លោក​តែង​តែ​ផ្អាក​ពី​កិច្ចការ​របស់​លោក​ដើម្បី​ជួយ​បុគ្គល​ដែល​ពិបាក​ចិត្ត។ លោក​យេស៊ូ​យោគ​យល់​លើស​ពី​ធម្មតា​ចំពោះ​អស់​អ្នក​ដែល​ជឿ​ទៅ​លើ​លោក។ (​ម៉ាក. ៥:៣០​-​៣៤; លូក. ១៨:៣៥​-​៤១​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​ចង់​ជួយ​គេ ហើយ​ប្រព្រឹត្ត​ដោយ​ក្ដី​សប្បុរស​ដល់​អ្នក​ឯ​ទៀត។ ញាតិ​សន្ដាន អ្នក​ជិត​ខាង និង​អ្នក​ឯ​ទៀត​នឹង​កត់​សម្គាល់​ការ​ប្រព្រឹត្ត​ទាំង​នេះ។ ម្យ៉ាង​ទៀត ការ​ប្រព្រឹត្ត​ទាំង​នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​ហើយ​នាំ​ឲ្យ​យើង​មាន​សុភមង្គល។

៦​. តើ​លោក​យេស៊ូ​ទុក​គំរូ​អ្វី​ឲ្យ​យើង​ស្តី​អំពី​ភាព​កក់​ក្ដៅ​និង​ភាព​រាក់​ទាក់?

លោក​យេស៊ូ​ក៏​បាន​គោរព​មនុស្ស​ដោយ​ហៅ​ឈ្មោះ​របស់​ពួក​គេ។ តើ​អ្នក​ដឹក​នាំ​សាសនា​ធ្វើ​ដូច​នេះ​ទេ? មិន​មែន​ទេ។ ពួក​គេ​មាន​ទស្សនៈ​ថា មនុស្ស​ដែល​មិន​ស្គាល់​ច្បាប់​ជា​«​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។ របៀប​ដែល​អ្នក​ដឹក​នាំ​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ទាំង​នោះ​បង្ហាញ​ថា ពួក​គេ​មាន​ទស្សនៈ​ដូច្នេះ​មែន។ (​យ៉ូន. ៧:៤៩​) បុត្រ​របស់​ព្រះ​មិន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដូច​នេះ​ទេ។ លោក​យេស៊ូ​ធ្លាប់​ហៅ​ម៉ាថា ម៉ារៀ សាខេ និង​មនុស្ស​ជា​ច្រើន​ទៀត​ដោយ​ប្រើ​ឈ្មោះ​របស់​ពួក​គាត់។ (​លូក. ១០:៤១, ៤២; ១៩:៥​) សព្វ​ថ្ងៃ​នេះ វប្បធម៌​និង​កាលៈទេសៈ​ប្រហែលជា​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត តែ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ព្យាយាម​រាក់​ទាក់​ជា​មួយ​អ្នក​ដទៃ។ * ពួក​គេ​មិន​ឲ្យ​ការ​ប្រកាន់​វណ្ណៈ​កាត់​បន្ថយ​ការ​គោរព​ដែល​បង​ប្អូន​រួម​ជំនឿ​និង​អ្នក​ឯ​ទៀត​សម​នឹង​ទទួល​នោះ​ឡើយ។—សូម​អាន យ៉ាកុប ២:១​-​៤

៧​. តើ​គោលការណ៍​គម្ពីរ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​សុជីវធម៌​ចំពោះ​មនុស្ស​នៅ​គ្រប់​កន្លែង?

ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​ដោយ​សន្ដោស​ប្រណី ហើយ​នេះ​បង្ហាញ​ថា​ទាំង​ព្រះ​យេហូវ៉ា​ទាំង​បុត្រ​លោក​គោរព​មនុស្ស។ ណា​មួយ​ទៀត ការ​ប្រព្រឹត្ត​បែប​នេះ​ក៏​ទាក់​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​ទទួល​យក​សេចក្ដី​ពិត។ ពិត​មែន សុជីវធម៌​គឺ​ខុស​គ្នា​ទៅ​តាម​កន្លែង។ ដូច្នេះ ស្តី​អំពី​សុជីវធម៌ យើង​មិន​ធ្វើ​តាម​ច្បាប់​តឹង​តែង​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ការ​គោរព​មនុស្ស​នៅ​គ្រប់​កន្លែង យើង​ឲ្យ​គោលការណ៍​គម្ពីរ​ណែនាំ​យើង​ដើម្បី​អាច​ផ្លាស់​ប្ដូរ​តាម​កាលៈទេសៈ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​ការ​មាន​សុជីវធម៌​ចំពោះ​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​យើង​ទទួល​ផល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

សួរ​សុខទុក្ខ​និង​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត

៨, ៩​. (​ក​) តើ​ទម្លាប់​ណា​ដែល​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​យើង​គ្មាន​សុជីវធម៌? (​ខ​)​ ហេតុ​អ្វី​យើង​គួរ​ឲ្យ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៥:​៤៧ មាន​អានុភាព​លើ​របៀប​យើង​ប្រព្រឹត្ត​លើ​អ្នក​ឯ​ទៀត?

សព្វ​ថ្ងៃ ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គឺ​រវល់​ណាស់ ហើយ​ជា​ញឹក​ញយ ពេល​មនុស្ស​ពីរ​នាក់​ដើរ​កាត់​មុខ​គ្នា នោះ​ពួក​គេ​មិន​និយាយ​«​សុខ​សប្បាយ​»​ឡើយ។ នេះ​មិន​បាន​សេចក្ដី​ថា យើង​ត្រូវ​និយាយ​ជា​មួយ​មនុស្ស​ទាំង​អស់​ដែល​ដើរ​នៅ​ចិញ្ចើម​ថ្នល់​ទេ។ ក៏​ប៉ុន្តែ ក្នុង​កាលៈទេសៈ​ជា​ច្រើន​ឯ​ទៀត គឺ​គួរ​សម​និង​គប្បី​ឲ្យ​យើង​សួរ​សុខទុក្ខ​អ្នក​ឯ​ទៀត។ តើ​រូប​អ្នក​មាន​ទម្លាប់​សួរ​សុខទុក្ខ​អ្នក​ឯ​ទៀត​ទេ? ឬ​តើ​អ្នក​ច្រើន​តែ​ដើរ​ហួស​ដោយ​មិន​ញញឹម​ឬ​មិន​និយាយ​ស្តី​សោះ? ទោះ​ជា​បុគ្គល​ម្នាក់​ប្រហែលជា​មិន​មាន​បំណង​អាក្រក់​ក៏​ដោយ តែ​តាម​ពិត​គាត់​អាច​ចាប់​ផ្ដើម​មាន​ទម្លាប់​ដែល​គ្មាន​សុជីវធម៌​វិញ។

លោក​យេស៊ូ​បាន​រំលឹក​យើង​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​សួរ​សុខទុក្ខ​តែ​បង​ប្អូន​របស់​អ្នក​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ​ទៅ? ពីព្រោះ​ជន​ជាតិ​ដទៃ​ធ្វើ​ដូច្នេះ​ដែរ មែន​ទេ?​»។ (​ម៉ាថ. ៥:៤៧​) ស្តី​អំពី​រឿង​នេះ ប្រធាន​ក្រុមហ៊ុន​ម្នាក់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ពិត​ជា​ទើស​ចិត្ត​មែន ពេល​អ្នក​ឯ​ទៀត​ព្រងើយ​នឹង​ពួក​គាត់ ហាក់​ដូច​ជា​មើល​មិន​ឃើញ​ពួក​គាត់។ បើ​យើង​ធ្វើ​ព្រងើយ​កន្តើយ​នឹង​អ្នក​ឯ​ទៀត នោះ​គ្មាន​មូលហេតុ​ណា​ដែល​យើង​អាចយ​ក​ធ្វើ​ជា​លេស​ដើម្បី​លួង​លោម​ចិត្ត​ពួក​គាត់​ទេ។ ប៉ុន្តែ​មាន​ដំណោះ​ស្រាយ​ដ៏​ស្រួល​មួយ គឺ​យើង​សួរ​សុខទុក្ខ​ហើយ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​»។ (​ឈ្មោះ Donald Weiss​) បើ​យើង​មិន​រាក់​ទាក់ អ្នក​ឯ​ទៀត​មិន​មាន​អារម្មណ៍​ស្រួល​ឡើយ តែ​បើ​យើង​រាក់​ទាក់ នេះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​វិញ។

១០​. តើ​សុជីវធម៌​អាច​ជួយ​យើង​ឲ្យ​មាន​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​មុន​ដំបូង សូម​ញញឹម​»​)

១០ សូម​គិត​អំពី​គូ​ស្វាមីភរិយា​ឈ្មោះ​ថំ​និង​ខារូល ដែល​ជា​គ្រិស្ត​សាសនិក​រស់​នៅ​ក្រុង​ធំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិកខាង​ជើង។ ការ​សន្ទនា​ជា​មួយ​អ្នក​ជិត​ខាង​ជា​ទម្លាប់​មួយ​ដែល​ពួក​គាត់​មាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តើ​ពួក​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​បង្កើត​ឲ្យ​មាន​ទម្លាប់​នេះ? ដោយ​សំដៅ​ទៅ​បទ​គម្ពីរ​នៅ​សៀវភៅ​យ៉ាកុប ៣:១៨​បង​ថំ​និយាយ​ថា​៖ ​«​យើង​ព្យាយាម​មាន​ភាព​រាក់​ទាក់​និង​ស្លូតបូត​ជា​មួយ​អ្នក​ដទៃ។ ពេល​ឃើញ​ម្ចាស់​ផ្ទះ​នៅ​មុខ​ផ្ទះ និង​មនុស្ស​ដែល​ធ្វើ​ការ​នៅ​តំបន់​នោះ យើង​ទៅ​ជួប​ពួក​គេ។ យើង​ញញឹម​ហើយ​សួរ​សុខទុក្ខ​ពួក​គេ។ យើង​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ចាប់​អារម្មណ៍ ដូច​ជា​កូន​ចៅ ផ្ទះ ឆ្កែ និង​ការងារ​របស់​ពួក​គេ​ជា​ដើម។ មិន​យូរ​មិន​ឆាប់ ពួក​គេ​ចាត់​ទុក​យើង​ជា​មិត្ត​»។ បង​ខា​រូ​ល​បន្ថែម​ថា​៖ ​«​ពេល​យើង​ជួប​ពួក​គេ​លើក​ក្រោយ យើង​ប្រាប់​ឈ្មោះ​យើង ហើយ​សុំ​ស្គាល់​ឈ្មោះ​គេ។ យើង​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​យើង​ធ្វើ​ក្នុង​តំបន់​នោះ តែ​មិន​និយាយ​ជា​មួយ​ពួក​គេ​យូរ​ពេក​ទេ។ នៅ​ទី​បំផុត យើង​អាច​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​បាន​»។ អ្នក​ជិត​ខាង​ជា​ច្រើន​របស់​ថំ​និង​ខារូល​ទុក​ចិត្ត​ពួក​គាត់។ ណា​មួយ​ទៀត អ្នក​ជិត​ខាង​មួយ​ចំនួន​ព្រម​ទទួល​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ខ្លះ​មាន​ចំណាប់​អារម្មណ៍​ចង់​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ពិត។

ចេះ​គួរ​សម​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក

១១, ១២​. ហេតុ​អ្វី​យើង​ដឹង​ថា គេ​នឹង​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​គ្មាន​សុជីវធម៌​ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ? ហើយ​តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១១ ជួនកាល​ពេល​យើង​ផ្សាយ​ដំណឹង​ល្អ អ្នក​ឯ​ទៀត​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​គ្មាន​សុជីវធម៌។ យើង​ដឹង​ថា​គេ​នឹង​ប្រព្រឹត្ត​ដូច​នេះ​មក​លើ​យើង ពីព្រោះ​គ្រិស្ត​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រសិនបើ​ពួក​គេ​បាន​បៀតបៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀតបៀន​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ូន. ១៥:២០​) ប៉ុន្តែ បើ​យើង​តបត​ពេល​គេ​និយាយ​បង្អាប់​យើង នោះ​មិន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ទេ។ តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការពារ​សេចក្ដី​សង្ឃឹម​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូតបូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​១​ពេ. ៣:១៥​) ពេល​យើង​ចេះ​គួរ​សម​ដោយ​ប្រព្រឹត្ត​ស្លូតបូត​និង​ដោយ​មាន​ការ​គោរព​ចំពោះ​អ្នក​ដែល​មើល​ងាយ​យើង នោះ​ប្រហែលជា​បន្ទន់​ចិត្ត​របស់​ពួក​គាត់។—ទីត. ២:៧, ៨

១២ ស្តី​អំពី​មនុស្ស​ដែល​និយាយ​ពាក្យ​អសុរោះ​ដាក់​យើង តើ​យើង​អាច​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ពួក​គេ​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត​ទេ? យើង​ពិត​ជា​អាច​ធ្វើ​ដូច្នោះ​មែន។ ប៉ូល​លើក​ទឹក​ចិត្ត​ថា​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ​»។ (​កូឡ. ៤:៦​) បើ​យើង​មាន​ទម្លាប់​ចេះ​គួរ​សម​ចំពោះ​សមាជិក​ក្រុម​គ្រួសារ សិស្ស​រួម​ថ្នាក់ អ្នក​រួម​ការងារ សមាជិក​ក្រុម​ជំនុំ និង​មនុស្ស​ក្នុង​តំបន់​ដែល​យើង​រស់​នៅ នោះ​យើង​បាន​ត្រៀម​ខ្លួន​ល្អ​ជាង​ដើម្បី​ប្រព្រឹត្ត​សម​នឹង​ឋានៈ​ជា​គ្រិស្ត​សាសនិក ពេល​ដែល​ប្រឈម​មុខ​មនុស្ស​ដែល​ចំអក​មើល​ងាយ​យើង។—សូម​អាន រ៉ូម ១២:១៧​-​២១

១៣​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ការ​ចេះ​គួរ​សម ប្រហែលជា​អាច​បន្ទន់​ចិត្ត​របស់​អ្នក​ប្រឆាំង។

១៣ ការ​មាន​សុជីវធម៌​ពេល​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន ម្ចាស់​ផ្ទះ​និង​ភ្ញៀវ​របស់​គាត់​បាន​សើច​ចំអក​ដាក់​បង​ប្រុស​យើង​ម្នាក់។ បង​ប្រុស​នោះ​បាន​ជម្រាប​លា​ពួក​គាត់​ដោយ​ចេះ​គួរ​សម។ កាល​ដែល​គាត់​បន្ត​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ គាត់​ឃើញ​ភ្ញៀវ​កំពុង​មើល​គាត់​ពី​ចម្ងាយ។ ពេល​បង​ប្រុស​យើង​ទៅ​ជួប​គាត់ បុរស​ដែល​ជា​ភ្ញៀវ​នោះ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​អត់​ទោស​ពី​អ្វី​ដែល​បាន​កើត​ឡើង។ ថ្វី​បើ​យើង​និយាយ​មិន​ល្អ​ដល់​បង ខ្ញុំ​កត់​សម្គាល់​ថា​បង​នៅ​តែ​ញញឹម។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ដូច​បង?​»។ ដោយ​សារ​បុរស​នោះ​បាត់បង់​ការងារ ហើយ​ម្ដាយ​គាត់​ទើប​ស្លាប់ នោះ​គាត់​គ្មាន​សង្ឃឹម​ថា​នឹង​អាច​បាន​សុភមង្គល។ បង​ប្រុស​យើង​អញ្ជើញ​បុរស​នោះ​ឲ្យ​សិក្សា​គម្ពីរ​ជា​មួយ​គាត់។ បុរស​នោះ​យល់​ព្រម ហើយ​មិន​យូរ​ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

វិធី​ល្អ​បំផុត​ដើម្បី​រៀន​ឲ្យ​ចេះ​គួរ​សម

១៤, ១៥​. នៅ​សម័យ​គម្ពីរ តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​អប់រំ​កូន​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​សម័យ​គម្ពីរ មាតាបិតា​ដែល​គោរព​ព្រះ​បាន​បង្រៀន​កូន​ឲ្យ​ចេះ​គួរ​សម​នៅ​ឯ​ផ្ទះ។ សូម​គិត​អំពី​របៀប​គួរ​សម​ដែល​អាប្រាហាំ​និង​អ៊ីសាក​ដែល​ជា​កូន​របស់​គាត់ បាន​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លោកុប្បត្តិ ២២:៧។ យ៉ូសែប​ក៏​បាន​ទទួល​ការ​អប់រំ​ល្អ​ពី​មាតាបិតា​របស់​គាត់​ដែរ។ នេះ​បាន​ស​ឲ្យ​ឃើញ​ពេល​គាត់​ជាប់​គុក ព្រោះ​គាត់​នៅ​តែ​ចេះ​គួរ​សម​ចំពោះ​អ្នក​ជាប់​គុក​ឯ​ទៀត។ (​លោ. ៤០:៨, ១៤​) សម្ដី​ដែល​យ៉ូសែប​និយាយ​ទៅ​កាន់​ផារ៉ូ​បង្ហាញ​ថា គាត់​បាន​រៀន​របៀប​គួរ​សម​ដើម្បី​ជម្រាប​បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់។—លោ. ៤១:១៦, ៣៣, ៣៤

១៥ ច្បាប់​១០​ប្រការ​ដែល​ព្រះ​ជូន​កូន​ចៅ​អ៊ីស្រាអែល មាន​បង្គាប់​មួយ​ដែល​ថា​៖ ​«​ចូរ​ឲ្យ​គោរព​ប្រតិបត្ដិ​ដល់​ឪពុក​ម្ដាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ​»។ (​និក្ខ. ២០:១២​) វិធី​មួយ​ដែល​កូន​អាច​គោរព​ឪពុក​ម្ដាយ​គឺ​ដោយ​មាន​សុជីវធម៌​នៅ​ផ្ទះ។ ក្នុង​កាលៈទេសៈ​ដ៏​សែន​ពិបាក កូន​ស្រី​របស់​យែបថា​គោរព​ឪពុក​របស់​នាង​យ៉ាង​ខ្លាំង​ដោយ​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ឪពុក។—ចៅ. ១១:៣៥​-​៤០

១៦​-​១៨​. (​ក​) តើ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្រៀន​កូន​ឲ្យ​មាន​សុជីវធម៌? (​ខ​) តើ​មាន​ប្រយោជន៍​ណាខ្លះ​ដែល​មក​ពី​ការ​បង្រៀន​កូន​ឲ្យ​មាន​សុជីវធម៌?

១៦ យើង​មិន​ត្រូវ​មើល​ស្រាល​តម្លៃ​នៃ​ការ​អប់រំ​កូន​ឲ្យ​មាន​សុជីវធម៌​ទេ។ ដើម្បី​ឲ្យ​ក្មេង​ៗ​អាច​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត​ពេល​ធំ​ដឹង​ក្ដី នោះ​ពួក​គាត់​ត្រូវ​រៀន​ឲ្យ​ចេះ​ជម្រាប​សួរ ជម្រាប​លា​ភ្ញៀវ ចេះ​និយាយ​គួរ​សម​ពេល​លើក​ទូរស័ព្ទ ហើយ​ចេះ​បរិភោគ​អាហារ​ដោយ​គួរ​សម​ជា​មួយ​អ្នក​ឯ​ទៀត។ គប្បី​ឲ្យ​មាតាបិតា​ជួយ​កូន​ៗ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​កូន​គួរ​ជួយ​អ្នក​ដែល​កាន់​អ្វី​ៗ​ធ្ងន់ ហើយ​ជួយ​បើក​ទ្វារ​ឲ្យ​អ្នក​ឯ​ទៀត​នៅ​កន្លែង​ផ្សេង​ៗ ថែម​ទាំង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​វ័យ​ចាស់​និង​អ្នក​ជំងឺ។ កូន​ត្រូវ​យល់​សារៈសំខាន់​នៃ​ការ​និយាយ​យ៉ាង​ស្មោះ​ដូច​ជា​ពាក្យ​«​សូម​»​ ​«​អរគុណ​»​ និង​«​ខ្ញុំ​សុំ​អត់​ទោស​»។

១៧ ការ​អប់រំ​កូន​ឲ្យ​ចេះ​គួរ​សម​មិន​ចាំ​បាច់​ជា​ការ​ពិបាក​ទេ។ វិធី​ល្អ​បំផុត​គឺ​ដោយ​ទុក​គំរូ​ល្អ​ឲ្យ​កូន​ធ្វើ​តាម។ ខឺត​ដែល​មាន​អាយុ​២៥​ឆ្នាំ បាន​រៀប​រាប់​អំពី​របៀប​ដែល​គាត់​និង​បង​ប្អូន​ប្រុស​បី​នាក់​របស់​គាត់​រៀន​ឲ្យ​មាន​សុជីវធម៌ ដោយ​ពោល​ថា​៖ ​«​យើង​មើល​ហើយ​ស្ដាប់​ប៉ា​ម៉ាក់​និយាយ​ជា​មួយ​គ្នា​ដោយ​សប្បុរស ថែម​ទាំង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​អត់​ធ្មត់​និង​ចេះ​យោគ​យល់។ មុន​និង​ក្រោយ​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ ប៉ា​បាន​នាំ​ខ្ញុំ​ទៅ​និយាយ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​វ័យ​ចាស់។ ខ្ញុំ​បាន​ឮ​ប៉ា​សួរ​សុខទុក្ខ​បង​ប្អូន ហើយ​ឃើញ​ថា​ប៉ា​គោរព​ពួក​គាត់​ណាស់​»។ ខឺត​បន្ត​ថា​៖ ​«​មិន​យូរ​មិន​ឆាប់ ខ្ញុំ​មាន​សុជីវធម៌​ដូច​ប៉ា​ដែរ។ ការ​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដោយ​ចេះ​គួរ​សម​ទៅ​ជា​ទម្លាប់​ធម្មតា​របស់​យើង។ យើង​ធ្វើ​ដូច្នោះ មិន​មែន​ដោយ​សារ​យើង​ត្រូវ​តែ​ធ្វើ​ទេ តែ​ដោយ​សារ​យើង​ចង់​ធ្វើ​វិញ​»។

១៨ បើ​មាតាបិតា​បង្រៀន​កូន​ឲ្យ​មាន​សុជីវធម៌ តើ​ទំនង​ជា​មាន​អ្វី​កើត​ឡើង? កូន​នឹង​អាច​ស្រួល​រក​មិត្ត​ភក្ដិ ហើយ​តែង​តែ​ត្រូវ​គ្នា​ជា​មួយ​អ្នក​ឯ​ទៀត។ កូន​នឹង​មាន​សមត្ថភាព​ធ្វើ​ការ​ជា​មួយ​និយោជក​ហើយ​អ្នក​រួម​ការងារ។ ម្យ៉ាង​ទៀត កូន​ដែល​ចេះ​គួរ​សម ហើយ​ដែល​ទៀង​ត្រង់​នឹង​នាំ​ឲ្យ​មាតាបិតា​ពេញ​ចិត្ត​និង​មាន​អំណរ។—សូម​អាន សុភាសិត ២៣:២៤, ២៥

ការ​មាន​សុជីវធម៌​ធ្វើ​ឲ្យ​យើង​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត

១៩, ២០​. ហេតុ​អ្វី​យើង​គួរ​តាំង​ចិត្ត​ធ្វើ​តាម​ព្រះ​របស់​យើង​ដែល​សន្ដោស​ប្រណី​ហើយ​តាម​បុត្រ​លោក?

១៩ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»។ (​អេភ. ៥:១​) ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​បុត្រ​លោក​រួម​បញ្ចូល​ការ​អនុវត្ត​តាម​គោលការណ៍​គម្ពីរ ដូច​គោលការណ៍​ដែល​យើង​បាន​ពិនិត្យ​មើល​ក្នុង​អត្ថបទ​នេះ។ ដោយ​ធ្វើ​ដូច​នេះ យើង​នឹង​មិន​ធ្វើ​ជា​មនុស្ស​ពុត​ត្បុត​ដែល​ចេះ​គួរ​សម​គ្រាន់តែ​ដើម្បី​ផ្គាប់ផ្គុន​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ឬ​ដើម្បី​ទទួល​ទ្រព្យ​សម្បត្ដិ។—យូ. ១៦

២០ នៅ​គ្រា​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​អាក្រក់​របស់​សាថាន នោះ​វា​ប្ដេជ្ញា​ចិត្ត​កម្ចាត់​ចោល​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឡើង​ចំពោះ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ មេកំណាច​នឹង​មិន​អាច​បំបាត់​ចោល​សុជីវធម៌​ដែល​ពួក​គ្រិស្ត​សាសនិក​ពិត​មាន​នោះ​ទេ។ សូម​ឲ្យ​យើង​ម្នាក់​ៗ តាំង​ចិត្ត​ធ្វើ​តាម​គំរូ​របស់​ព្រះ​យើង​ដែល​សន្ដោស​ប្រណី​និង​តាម​គំរូ​បុត្រ​របស់​លោក។ បើ​ធ្វើ​ដូច​នេះ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​នឹង​តែង​តែ​ខុស​ប្លែក​ពី​ការ​ប្រព្រឹត្ត​របស់​អស់​អ្នក​ដែល​ជ្រើស​រើស​ប្រព្រឹត្ត​ដោយ​គ្មាន​សុជីវធម៌។ ណា​មួយ​ទៀត យើង​នឹង​នាំ​ឲ្យ​គេ​សរសើរ​ឈ្មោះ​ព្រះ​របស់​យើង​ដែល​មាន​សុជីវធម៌ គឺ​ព្រះ​យេហូវ៉ា ហើយ​នេះ​នឹង​ទាក់​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​មក​ឯ​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​លោក។

[​កំណត់​សម្គាល់​]

^ វគ្គ 6 តាម​ប្រទេស​ខ្លះ បើ​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​មាន​អាយុ​ច្រើន​ជាង ហើយ​យើង​ហៅ​ឈ្មោះ​ពួក​គាត់ នោះ​គេ​ចាត់​ទុក​ថា​យើង​គ្មាន​សុជីវធម៌​ទេ លើក​លែង​តែ​គេ​ឲ្យ​យើង​ហៅ​ឈ្មោះ។ យក​ល្អ​ឲ្យ​ពួក​គ្រិស្ត​សាសនិក​គោរព​ទំនៀម​ទម្លាប់​របស់​ប្រទេស​នីមួយ​ៗ។

តើ​អ្នក​ចាំ​ទេ?

តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ស្តី​អំពី​សុជីវធម៌?

ហេតុ​អ្វី​បាន​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​គេ​មាន​ទស្សនៈ​ល្អ​ចំពោះ​យើង​ជា​គ្រិស្ត​សាសនិក?

តើ​ការ​ចេះ​គួរ​សម​ជួយ​ឲ្យ​យើង​មាន​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

តើ​មាតា​បិតា​មាន​តួនាទី​អ្វី​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​មាន​សុជីវធម៌?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ប្រអប់​នៅ​ទំព័រ​២៩​]

មុន​ដំបូង សូម​ញញឹម

មនុស្ស​ជា​ច្រើន​ស្ទាក់​ស្ទើរ​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​មនុស្ស​ដែល​គេ​មិន​ស្គាល់។ ប៉ុន្តែ ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង នោះ​ពួក​គាត់​ខំ​ប្រឹង​រៀន​ឲ្យ​ចេះ​សន្ទនា​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ តើ​មាន​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចេះ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត​បាន​យ៉ាង​ប្រសើរ​ជាង?

គោលការណ៍​សំខាន់​មួយ​គឺ​មាន​នៅ​ក្នុង​សៀវភៅ​ភីលីព ២:៤​ដែល​អាន​ថា​៖ ​«​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។ សូម​គិត​អំពី​បទ​គម្ពីរ​នោះ​ដោយ​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ។ បើ​អ្នក​មិន​ដែល​ជួប​បុគ្គល​ម្នាក់​ពី​មុន​មក បុគ្គល​នោះ​ចាត់​ទុក​អ្នក​ជា​មនុស្ស​ចម្លែក មែន​ទេ? ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រួល? អ្វី​ដែល​អាច​ជួយ​គឺ​អ្នក​គួរ​ញញឹម​ហើយ​សួរ​សុខទុក្ខ​គាត់។ ប៉ុន្តែ យើង​ត្រូវ​គិត​ច្រើន​ជាង​នេះ​ទៅ​ទៀត។

ពេល​ដែល​ខំ​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​បុគ្គល​ម្នាក់ អ្នក​ប្រហែលជា​បាន​បំបែរ​អារម្មណ៍​គាត់​ចេញ​ពី​អ្វី​ដែល​គាត់​កំពុង​គិត។ ម្ល៉ោះ​ហើយ បើ​អ្នក​ព្យាយាម​ពិភាក្សា​ជា​មួយ​គាត់​អំពី​អ្វី​ដែល​អ្នក​ចង់​និយាយ នោះ​គាត់​ប្រហែលជា​មិន​ចាប់​អារម្មណ៍​ចំណុច​នោះ​ទេ។ ដូច្នេះ បើ​អ្នក​ស្វែង​យល់​ថា​បុគ្គល​នោះ​ប្រហែលជា​កំពុង​គិត​អំពី​អ្វី​មុន​អ្នក​មក​ដល់ អ្នក​អាច​ប្រើ​ចំណុច​នោះ​ដើម្បី​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​គាត់។ នេះ​ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​លោក​ជួប​ស្ត្រី​ម្នាក់​នៅ​ឯ​អណ្ដូង​ទឹក​នា​ក្រុង​សាម៉ារី។ (​យ៉ូន. ៤:៧​-​២៦​) ស្ត្រី​នោះ​បាន​គិត​អំពី​ការ​ដង​ទឹក។ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នាង​អំពី​រឿង​នោះ ហើយ​មិន​យូរ​ក្រោយ​មក លោក​បាន​សន្ទនា​ជា​មួយ​នាង​យ៉ាង​ល្អ​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ។

[​រូបភាព​នៅ​ទំព័រ​២៨​]

ការ​រាក់​ទាក់​ជា​មួយ​អ្នក​ដទៃ អាច​ផ្ដល់​ឱកាស​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

[​រូបភាព​នៅ​ទំព័រ​៣១​]

ការ​មាន​សុជីវធម៌​គឺ​សមរម្យ​ជា​និច្ច