លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរចាត់ទុកតួនាទីរបស់អ្នកក្នុងក្រុមជំនុំថាជាអ្វីដ៏មានតម្លៃ

ចូរចាត់ទុកតួនាទីរបស់អ្នកក្នុងក្រុមជំនុំថាជាអ្វីដ៏មានតម្លៃ

ចូរ​ចាត់​ទុក​តួនាទី​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ

​«​ព្រះ​បាន​កំណត់​អវយវៈ​នីមួយ​ៗ​នៅ​លើ​រូប​កាយ តាម​ដែល​លោក​ពេញ​ចិត្ត​»។—១កូ. ១២:១៨

១, ២​. (​ក​) តើ​អ្វី​បង្ហាញ​ថា​យើង​ទាំង​អស់​គ្នា​អាច​មាន​តួនាទី​ក្នុង​ក្រុម​ជំនុំ​ដែល​យើង​អាច​ចាត់​ទុក​ថា​មាន​តម្លៃ? (​ខ​) តើ​យើង​នឹង​ពិភាក្សា​សំណួរ​ណាខ្លះ​ក្នុង​អត្ថបទ​នេះ?

តាំង​ពី​សម័យ​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ ក្រុម​ជំនុំ​ជា​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ថែ​រក្សា​និង​ដឹក​នាំ​រាស្ត្រ​លោក។ ជា​ឧទាហរណ៍ ក្រោយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ដណ្ដើម​យក​ក្រុង​អៃយ នោះ​យ៉ូស្វេ ​«​អាន . . . អស់​ទាំង​ពាក្យ​នៃ​ក្រិត្យ​វិន័យ ទោះ​ទាំង​ព្រះ​ពរ នឹង​សេចក្ដី​បណ្ដាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ​វិន័យ . . . នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​»។—យ៉ូស. ៨:៣៤, ៣៥

នៅ​សតវត្សរ៍​ទី​១​គ.ស. សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ដែល​ជា​អ្នក​ចាស់​ទុំ​ថា ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ជា​«​ក្រុម​គ្រួសារ​របស់​ព្រះ​»​ ហើយ​«​ជាស​សរ​ទ្រូង និង​ជា​កំពែង​ការពារ​សេចក្ដី​ពិត​»។ (​១ធី. ៣:១៥​) សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​នៅ​ពិភព​លោក​ទាំង​មូល​រួម​គ្នា​ជា​«​ក្រុម​គ្រួសារ​»​របស់​ព្រះ។ នៅ​ជំពូក​ទី​១២​នៃ​សំបុត្រ​ទី​១​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​កូរិនថូស​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ នោះ​គាត់​ប្រៀប​ធៀប​ក្រុម​ជំនុំ​ទៅ​នឹង​រូប​កាយ​មួយ។ គាត់​បាន​និយាយ​ថា ទោះ​ជា​អវយវៈ​នីមួយ​ៗ​មាន​មុខ​ងារ​ផ្សេង​ពី​គ្នា​ក៏​ដោយ តែ​អវយវៈ​ទាំង​អស់​គឺ​ចាំ​បាច់។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ព្រះ​បាន​កំណត់​អវយវៈ​នីមួយ​ៗ​នៅ​លើ​រូប​កាយ តាម​ដែល​លោក​ពេញ​ចិត្ត​»។ គាត់​ក៏​បាន​បញ្ជាក់​ថា​៖ ​«​ផ្នែក​ណា​នៃ​រូប​កាយ​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​មាន​កិត្ដិយស ផ្នែក​ទាំង​នោះ​យើង​ធ្វើ​ឲ្យ​មាន​កិត្ដិយស​ជាង​គេ​»។ (​១កូ. ១២:១៨, ២៣​) ដូច្នេះ តួនាទី​របស់​អ្នក​ទៀង​ត្រង់​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ មិន​ប្រសើរ​ជាង​ឬ​អន់​ជាង​តួនាទី​របស់​គ្រិស្ត​សាសនិក​ម្នាក់​ទៀត​ដែល​ស្មោះ​ត្រង់​ទេ តួនាទី​ទាំង​នោះ​គ្រាន់តែ​ខុស​គ្នា​ប៉ុណ្ណោះ។ តើ​យើង​អាច​ស្គាល់​តួនាទី​របស់​យើង​ក្នុង​របៀប​រៀប​ចំ​របស់​ព្រះ ហើយ​ចាត់​ទុក​ថា​ជា​អ្វី​ដែល​មាន​តម្លៃ​យ៉ាង​ដូច​ម្ដេច? តើ​កត្ដា​អ្វី​ខ្លះ​អាច​ប៉ះពាល់​ដល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ? តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​‹ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​យើង​មាន​ជំនឿន›?—១ធី. ៤:១៥

តើ​យើង​ត្រូវ​ចាត់​ទុក​តួនាទី​របស់​យើង​ថា ជា​អ្វី​ដែល​មាន​តម្លៃ​យ៉ាង​ដូច​ម្ដេច?

៣​. តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​ស្គាល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាញ​ថា​យើង​ចាត់​ទុក​នោះ​ថា​ជា​អ្វី​ដែល​មាន​តម្លៃ?

វិធី​មួយ​ដែល​យើង​អាច​ស្គាល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាញ​ថា​យើង​ចាត់​ទុក​នោះ​ថា​ជា​អ្វី​ដែល​មាន​តម្លៃ គឺ​ដោយ​យើង​សហការ​យ៉ាង​ពេញ​លេញ​ជា​មួយ​នឹង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ព្រម​ទាំង​គណៈ​អភិបាល​ដែល​តំណាង​ក្រុម​នោះ។ (​សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧​) យើង​ត្រូវ​ពិចារណា​ថា តើ​យើង​ស្ដាប់​បង្គាប់​ដល់​កម្រិត​ណា​ចំពោះ​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​ក្រុម​ខ្ញុំ​បម្រើ? ជា​ឧទាហរណ៍ អស់​ច្រើន​ឆ្នាំ​ហើយ​យើង​បាន​ទទួល​ការ​ណែនាំ​ចំ​ៗ​ស្តី​អំពី​របៀប​ស្លៀក​ពាក់​សម្អិតសម្អាង​ខ្លួន ការ​កម្សាន្ត និង​អំពី​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ផ្លូវ​ខុស។ តើ​យើង​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​ឱវាទ​ដ៏​ល្អ​នោះ​ដែល​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? ចុះ​យ៉ាង​ណា​ចំពោះ​ការ​ដាស់​តឿន​ដើម្បី​បង្កើត​ឲ្យ​មាន​ទម្លាប់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់? តើ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​នេះ ដោយ​ទុក​ល្ងាច​មួយ​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់​ឬ​ទេ? បើ​យើង​នៅ​លីវ តើ​យើង​លៃ​ទុក​ពេល​ដើម្បី​សិក្សា​បណ្ដាំ​របស់​ព្រះ​ឬ​ទេ? ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ឲ្យ​យើង​ម្នាក់​ៗ​និង​ជា​ក្រុម​គ្រួសារ បើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រុម​ខ្ញុំ​បម្រើ។

៤​. កាល​ណា​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ផ្ទាល់​ខ្លួន តើ​យើង​គួរ​គិត​អំពី​អ្វី?

អ្នក​ខ្លះ​ប្រហែលជា​ចាត់​ទុក​ថា​ការ​ស្លៀក​ពាក់​សម្អិតសម្អាង​ខ្លួន និង​ការ​កម្សាន្ត​ជា​រឿង​ដែល​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ចំពោះ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ចាត់​ទុក​តួនាទី​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ថា​មាន​តម្លៃ ពួក​គេ​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ។ ជា​ពិសេស យើង​ត្រូវ​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ យើង​ត្រូវ​យក​បណ្ដាំ​របស់​លោក​ធ្វើ​ជា​‹ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​យើង​ផង›។ (​ទំនុក. ១១៩:១០៥​) យើង​ក៏​ត្រូវ​គិត​អំពី​ឥទ្ធិពល​ដែល​ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ទៅ​លើ​កិច្ច​បម្រើ​របស់​យើង និង​អ្នក​ឯ​ទៀត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ក្រុម​ជំនុំ​ដែរ។—សូម​អាន កូរិនថូសទី២ ៦:៣, ៤

៥​. ហេតុ​អ្វី​យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ចិត្ត​គំនិត​ចង់​ប្រកាន់​តែ​គំនិត​ខ្លួន​ឯង?

​«​ចិត្ត​គំនិត​ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​»​គឺ​ប្រៀប​ដូច​ជា​ខ្យល់​ដែល​យើង​ដក​ដង្ហើម។ (​អេភ. ២:២​) ចិត្ត​គំនិត​នោះ​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​មិន​ចាំ​បាច់​ទទួល​ការ​ណែនាំ​ពី​អង្គការ​ព្រះ​យេហូវ៉ា​ទេ។ យើង​ពិត​ជា​មិន​ចង់​ធ្វើ​ដូច​ឌីអូត្រែប​ដែល​‹មិន​ព្រម​ទទួល​អ្វី​ពី​សាវ័ក​យ៉ូហាន​ដោយ​សេចក្ដី​គោរព​ទេ›។ (​៣​យ៉ូន. ៩, ១០​) យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ចង់​ប្រកាន់​តែ​គំនិត​ខ្លួន​ឯង។ កុំ​ឲ្យ​យើង​ប្រឆាំង​នឹង​ខ្សែ​រយៈ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​សព្វ​ថ្ងៃ​នេះ ដោយ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​យើង។ (​ជន. ១៦:១​-​៣​) ផ្ទុយ​ទៅ​វិញ យើង​គួរ​ចាត់​ទុក​ថា​យើង​មាន​ឯកសិទ្ធិ​សហការ​គ្នា​ជា​មួយ​នឹង​ក្រុម​ខ្ញុំ​បម្រើ។ យើង​ក៏​គួរ​ខំ​ព្យាយាម​ស្ដាប់​បង្គាប់​និង​ចុះ​ចូល​ចំពោះ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែរ មែន​ទេ?—សូម​អាន ហេប្រឺ ១៣:៧, ១៧

៦​. ហេតុ​អ្វី​យើង​គួរ​ពិនិត្យ​មើល​កាលៈទេសៈ​របស់​យើង?

វិធី​មួយ​ទៀត​ដើម្បី​បង្ហាញ​ថា​យើង​ចាត់​ទុក​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ​ថា​មាន​តម្លៃ គឺ​ដោយ​ពិនិត្យ​មើល​កាលៈទេសៈ​របស់​យើង​យ៉ាង​ដិត​ដល់ ហើយ​ដោយ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​‹លើក​តម្កើង​កិច្ច​បម្រើ​របស់​យើង› និង​ផ្ដល់​កិត្ដិយស​ឲ្យ​ព្រះ​យេហូវ៉ា។ (​រ៉ូម ១១:​១៣​) បង​ប្អូន​ខ្លះ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ នៅ​ពិភព​លោក​ទាំង​មូល​មាន​បង​ប្អូន​ឯ​ទៀត​បម្រើ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស ដូច​ជា​សាសនទូត អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​សមាជិក​ក្រុម​គ្រួសារ​បេតអែល។ បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​ជួយ​សាងសង់​សាល​ប្រជុំ។ រាស្ត្រ​ភាគ​ច្រើន​របស់​ព្រះ​យេហូវ៉ា​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ក្នុង​ការ​បម្រើ​ព្រះ ហើយ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រៀង​រាល់​សប្ដាហ៍។ (​សូម​អាន កូឡុស ៣:២៣, ២៤​) យើង​អាច​មាន​ទំនុក​ចិត្ត​ថា បើ​យើង​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ ហើយ​ខំ​ប្រឹង​បម្រើ​លោក​អស់ពី​ដួង​ចិត្ត នោះ​យើង​តែង​តែ​មាន​តួនាទី​ជា​និច្ច​ក្នុង​របៀប​រៀប​ចំ​របស់​លោក។

កត្ដា​ដែល​ពាក់​ព័ន្ធ​នឹង​តួនាទី​របស់​យើង

៧​. សូម​ពន្យល់​ពី​របៀប​ដែល​កាលៈទេសៈ​របស់​យើង​អាច​ប៉ះពាល់​ដល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ។

គឺ​ចាំ​បាច់​ឲ្យ​យើង​ត្រិះរិះ​ពិចារណា​កាលៈទេសៈ​របស់​យើង ពី​ព្រោះ​នោះ​អាច​ប៉ះពាល់​ដល់​តួនាទី​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ តួនាទី​របស់​បង​ប្រុស​និង​បង​ស្រី​ក្នុង​ក្រុម​ជំនុំ​គឺ​ខុស​គ្នា​បន្ដិច។ អាយុ សុខភាព និង​កត្ដា​ឯ​ទៀត​ក៏​ប៉ះពាល់​ដល់​តួនាទី​ដែល​យើង​អាច​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ សុភាសិត ២០:២៩ចែង​ថា​៖ ​«​កំឡាំង​កាយ ជា​[​លំអ​]​របស់​មនុស្ស​កំឡោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់​»។ សមាជិក​ក្រុម​ជំនុំ​ដែល​មាន​វ័យ​ក្មេង​ប្រហែលជា​អាច​ធ្វើ​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ប្រើ​កម្លាំង រីឯ​បង​ប្អូន​វ័យ​ចាស់​អាច​ជួយ​ក្រុម​ជំនុំ​បាន​ច្រើន​ដោយ​សារ​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍។ យើង​ក៏​ត្រូវ​ចាំ​ដែរ​ថា កិច្ចការ​ណា​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​អាស្រ័យ​ទៅ​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។—សកម្ម. ១៤:២៦; រ៉ូម ១២:៦​-​៨

៨​. តើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​អាច​ប៉ះពាល់​ដល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

ឧទាហរណ៍​អំពី​បង​ស្រី​ជា​បង​ប្អូន​បង្កើត​ពីរ​នាក់ ក៏​បញ្ជាក់​កត្ដា​មួយ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​តួនាទី​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ​ដែរ។ ទាំង​ពីរ​នាក់​បាន​រៀន​ចប់​វិទ្យាល័យ។ ទាំង​ពីរ​នាក់​មាន​កាលៈទេសៈ​ដូច​គ្នា។ ឪពុក​ម្ដាយ​គាត់​បាន​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ក្រោយ​បាន​រៀន​ចប់​វិទ្យាល័យ។ ក្រោយ​បាន​រៀន​ចប់​វិទ្យាល័យ ម្នាក់​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ម្នាក់​ទៀត​ចាប់​ផ្ដើម​ធ្វើ​ការ​ពេញ​ពេល។ ហេតុ​អ្វី​ពួក​គាត់​បាន​សម្រេច​ចិត្ត​ខុស​ពី​គ្នា? មក​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួក​គាត់។ នៅ​ទី​បំផុត ពួក​គាត់​ម្នាក់​ៗ​បាន​សម្រេច​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន។ យើង​ភាគ​ច្រើន​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​អ្វី​ដែល​យើង​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ។ តើ​យើង​អាច​ចូល​រួម​ចំណែក​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ ទោះ​ជា​យើង​ត្រូវ​កែប្រែ​កាលៈទេសៈ​របស់​យើង​ក៏​ដោយ​ឬ​ទេ?—២កូ. ៩:៧

៩, ១០​. តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច​បើ​យើង​មិន​សូវ​មាន​ចិត្ត​ចង់​បង្កើន​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

ចុះ​យ៉ាង​ណា​បើ​យើង​មិន​សូវ​មាន​ចិត្ត​ចង់​បង្កើន​កិច្ច​បម្រើ​ព្រះ ហើយ​ចង់​ធ្វើ​អ្វី​តែ​បន្ដិច​បន្តួច​កុំ​ឲ្យ​តែ​ខាន? ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ថា​៖ ​«​ព្រះ​គឺជា​អ្នក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។ ពិត​មែន ព្រះ​យេហូវ៉ា​អាច​មាន​សកម្មភាព​ក្នុង​យើង ដោយ​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​យើង។—ភី. ២:១៣; ៤:១៣

១០ បើ​ដូច្នេះ យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក មែន​ទេ? ដាវីឌ ដែល​ជា​ស្តេច​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​សុំ​ព្រះ​ធ្វើ​ដូច្នោះ។ គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ទូល​បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់។ សូម​នាំ ហើយ​បង្រៀន​ទូល​បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ ទូល​បង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ​»។ (​ទំនុក. ២៥:៤, ៥​) យើង​ក៏​អាច​អធិដ្ឋាន​ដូច​គាត់​ដែរ ដោយ​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។ ពេល​ដែល​យើង​គិត​ពិចារណា​អំពី​ទស្សនៈ​ដែល​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​មាន​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បម្រើ​លោក នោះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​អំណរ​គុណ​ចំពោះ​លោក​ទាំង​ពីរ។ (​ម៉ា​ថ. ២៦:៦​-​១០; លូក. ២១:១​-​៤​) អំណរ​គុណ​នោះ​អាច​ជំរុញ​យើង​ឲ្យ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ចង់​បង្កើន​កិច្ច​បម្រើ​របស់​យើង។ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ជា​គំរូ​ល្អ​ស្តី​អំពី​ចិត្ត​គំនិត​ដែល​យើង​គួរ​មាន។ ពេល​ដែល​គាត់​ឮ​សំឡេង​ព្រះ​យេហូវ៉ា​សួរ​ថា​៖ ​«​តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ?​»​ នោះ​អេសាយ​ឆ្លើយ​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ​»។—អេ. ៦:៨

តើ​អាច​បង្កើន​កិច្ច​បម្រើ​យ៉ាង​ដូច​ម្ដេច?

១១​. (​ក​) ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​បង​ប្រុស​ឲ្យ​ព្យាយាម​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ? (​ខ​)​ តើ​បង​ប្រុស​ម្នាក់​អាច​ព្យាយាម​ទទួល​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១១ ដោយ​សារ​មាន​២៨៩.៦៧៨​នាក់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​កិច្ច​បម្រើ​២០០៨ នេះ​ច្បាស់​ជា​ត្រូវ​ការ​បង​ប្រុស​ជា​ច្រើន​នាក់​ដើម្បី​ជួយ​នាំ​មុខ។ តើ​បង​ប្រុស​ម្នាក់​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ដោយ​ឃើញ​ថា​មាន​សេចក្ដី​ត្រូវ​ការ​ដូច​នេះ? បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​គួរ​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​បទ​គម្ពីរ​ចែង​ថា​គឺ​ចាំ​បាច់​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​ជា​អ្នក​ចាស់​ទុំ។ (​១ធី. ៣:១​-​១០, ១២, ១៣; ទីត. ១:៥​-​៩​) តើ​បង​ប្រុស​ម្នាក់​អាច​ខំ​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​មាន​គុណ​សម្បត្ដិ​ដែល​បទ​គម្ពីរ​បញ្ជាក់​នោះ? គាត់​អាច​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ខ្នះខ្នែង​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ ខំ​ប្រឹង​ឆ្លើយ​កាន់​តែ​ល្អ​នៅ​កិច្ច​ប្រជុំ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​រួម​ជំនឿ។ បើ​ធ្វើ​ដូច្នោះ នោះ​បង្ហាញ​ថា​គាត់​ចាត់​ទុក​តួនាទី​របស់​គាត់​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ។

១២​. តើ​ប្អូន​ប្រុស​ៗ​អាច​បង្ហាញ​ថា​ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១២ តើ​ប្អូន​ប្រុស​ៗ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​១៣​ទៅ​១៩​ឆ្នាំ អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ក្រុម​ជំនុំ? ពួក​គេ​អាច​ព្យាយាម​បង្កើន​‹ប្រាជ្ញា​និង​ការ​យល់​ដឹង​ដែល​សកម្ម​ពល​របស់​ព្រះ​ផ្ដល់​ឲ្យ› ដោយ​ក្រេប​ជញ្ជក់​ចំណេះ​ពី​បទ​គម្ពីរ។ (​កូឡ. ១:៩​) ពួក​គេ​អាច​ធ្វើ​ដូច្នោះ​ដោយ​សង្វាត​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ប្អូន​ប្រុស​ៗ​ក៏​អាច​ព្យាយាម​ទទួល​ឯកសិទ្ធិ​ដោយ​ខំ​ប្រឹង​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ចាំ​បាច់​ដើម្បី​ចូល​តាម​‹ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សម្រាប់​បំពេញ​កិច្ច​បម្រើ›​ពេញ​ពេល​ប្រភេទ​ផ្សេង​ៗ។ (​១កូ. ១៦:៩​) ការ​ចូល​រួម​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល ពិត​ជា​ធ្វើ​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត ហើយ​នាំ​ឲ្យ​បាន​ពរ​ជា​ច្រើន។—សូម​អាន សាស្ដា ១២:១

១៣, ១៤​. តើ​បង​ប្អូន​ស្រី​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គាត់​ចាត់​ទុក​តួនាទី​របស់​ពួក​គាត់​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ?

១៣ បង​ប្អូន​ស្រី​អាច​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ឯកសិទ្ធិ​ចូល​រួម​ធ្វើ​ឲ្យ​បទ​គម្ពីរ​នៅ​ទំនុកតម្កើង ៦៨:១១​បាន​សម្រេច។ ខ​នោះ​ចែង​ថា​៖ ​«​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ព្រះ​បន្ទូល ហើយ​[​ពួក​ស្ត្រី​]​ដែល​ប្រកាស​ប្រាប់​ដំណឹង​[​ល្អ​] នោះ​មាន​គ្នា​ច្រើន​ណាស់​»។ វិធី​ល្អ​បំផុត​មួយ​ដែល​បង​ប្អូន​ស្រី​អាច​បង្ហាញ​ថា​ពួក​គេ​មាន​អំណរ​គុណ​ចំពោះ​តួនាទី​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ គឺ​ដោយ​ចូល​រួម​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ា​ថ. ២៨:១៩, ២០​) ដូច្នេះ ពេល​ដែល​បង​ប្អូន​ស្រី​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​លះ​បង់​ច្រើន​ដើម្បី​កិច្ច​បម្រើ នេះ​បង្ហាញ​ថា​ពួក​គេ​ចាត់​ទុក​តួនាទី​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ។

១៤ ប៉ូល​បាន​សរសេរ​ទៅ​កាន់​ទីតុស​ថា​៖ ​«​ស្ត្រី​វ័យ​ចាស់​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ជា​មនុស្ស​បរិសុទ្ធ . . . ជា​អ្នក​បង្រៀន​អំពី​អ្វី​ដែល​ល្អ ដើម្បី​ពួក​គាត់​អាច​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ភ្ញាក់​ខ្លួន ហើយ​ស្រឡាញ់​ប្ដី ស្រឡាញ់​កូន ដឹង​ខុស​ត្រូវ បរិសុទ្ធ ល្អ ឧស្សាហ៍​ធ្វើ​កិច្ចការ​ផ្ទះ ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ប្រមាថ​បណ្ដាំ​របស់​ព្រះ​»។ (​ទីត. ២:៣​-​៥​) បង​ស្រី​ៗ​ដែល​មាន​ភាព​ចាស់​ទុំ​អាច​មាន​ឥទ្ធិពល​ល្អ​ណាស់​ទៅ​លើ​ក្រុម​ជំនុំ! ពេល​ដែល​ពួក​គាត់​គោរព​បង​ប្រុស​ៗ​ដែល​នាំ​មុខ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ស្តី​អំពី​ការ​ស្លៀក​ពាក់​សម្អិតសម្អាង​ខ្លួន​ថែម​ទាំង​អំពី​ការ​កម្សាន្ត នោះ​ពួក​គាត់​ទុក​គំរូ​ល្អ​ប្រសើរ​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​ជំនុំ។

១៥​. តើ​បង​ប្អូន​ស្រី​ដែល​នៅ​លីវ​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ឯកោ?

១៥ ជួនកាល បង​ប្អូន​ស្រី​ដែល​គ្មាន​ប្ដី​ពិបាក​ដឹង​ថា​ពួក​គេ​មាន​តួនាទី​អ្វី​ក្នុង​ក្រុម​ជំនុំ។ បង​ស្រី​ម្នាក់​ដែល​ធ្លាប់​មាន​បញ្ហា​នេះ​បាន​ប្រាប់​ថា​៖ ​«​ជួនកាល​ជីវិត​នៅ​លីវ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឯកោ​»។ គាត់​ប្រាប់​អំពី​របៀប​ដែល​គាត់​ស៊ូ​ទ្រាំ​បញ្ហា​នោះ​ថា​៖ ​«​ការ​អធិដ្ឋាន​និង​ការ​សិក្សា​ជួយ​ខ្ញុំ​ស្គាល់​តួនាទី​របស់​ខ្ញុំ​ម្ដង​ទៀត។ ខ្ញុំ​សិក្សា​ស្វែង​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ខ្ញុំ។ ក្រោយ​មក ខ្ញុំ​ខំ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ នេះ​ជួយ​ខ្ញុំ​គិត​អំពី​អ្នក​ឯ​ទៀត​ជា​ជាង​គិតតែ​អំពី​ខ្លួន​ខ្ញុំ​»។ យោង​ទៅ​តាម​ទំនុកតម្កើង ៣២:៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ប្រាប់​ដាវីឌ​ថា​៖ ​«​អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់​»។ ពិត​មែន ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​បម្រើ​ម្នាក់​ៗ​របស់​លោក រួម​ទាំង​បង​ប្អូន​ស្រី​ដែល​នៅ​លីវ ហើយ​លោក​នឹង​ជួយ​ពួក​គេ​ទាំង​អស់​គ្នា​ស្គាល់​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​ជំនុំ។

ចូរ​រក្សា​តួនាទី​របស់​អ្នក!

១៦, ១៧​. (​ក​) ហេតុ​អ្វី​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​បំផុត ពេល​ដែល​សម្រេច​ចិត្ត​ទទួល​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​រួម​ចំណែក​ក្នុង​អង្គការ​របស់​លោក? (​ខ​)​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​រក្សា​តួនាទី​របស់​យើង​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា?

១៦ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​មក​នូវ​អ្នក​បម្រើ​ម្នាក់​ៗ​របស់​លោក ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូន. ៦:៤៤​) ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​លើ​ផែនដី​នេះ មាន​តែ​យើង​ដែល​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​ឲ្យ​មក​រួម​ចំណែក​ក្នុង​ក្រុម​ជំនុំ​របស់​លោក​សព្វ​ថ្ងៃ​នេះ។ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​បំផុត ពេល​ដែល​សម្រេច​ចិត្ត​ទទួល​សេចក្ដី​អញ្ជើញ​របស់​លោក ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ខ្លឹម​សារ។ បន្ថែម​ទៅ​ទៀត ដោយ​សារ​យើង​មាន​តួនាទី​ក្នុង​ក្រុម​ជំនុំ យើង​មាន​អំណរ​និង​សុភមង្គល​ច្រើន​ណាស់!

១៧ អ្នក​តែង​ទំនុក​ច្រៀង​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ស្រឡាញ់​ទី​ឈប់​សំ​រាក​នៅ​ដំណាក់​ទ្រង់ . . . ជើង​ទូល​បង្គំ​ឈរ​នៅ​ក្នុង​ផ្លូវ​ទៀង​ត្រង់​ហើយ ទូល​បង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​»។ (​ទំនុក. ២៦:៨, ១២​) ព្រះ​ដ៏​ពិត​ឲ្យ​យើង​ម្នាក់​ៗ​មាន​តួនាទី​ក្នុង​អង្គការ​របស់​លោក។ បើ​យើង​បន្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ ហើយ​នៅ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​លោក យើង​អាច​រក្សា​តួនាទី​ថ្លៃ​វិសេស​របស់​យើង​ក្នុង​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា។

តើ​អ្នក​ចាំ​ឬ​ទេ?

ហេតុ​អ្វី​ជា​ការ​សម​ហេតុ​ផល​ដែល​យើង​សន្និដ្ឋាន​ថា គ្រិស្ត​សាសនិក​ទាំង​អស់​មាន​តួនាទី​ក្នុង​ក្រុម​ជំនុំ?

តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ចាត់​ទុក​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ?

តើ​កត្ដា​អ្វី​ខ្លះ​អាច​ប៉ះពាល់​ដល់​តួនាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ?

តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​និង​ពេញ​វ័យ​អាច​បង្ហាញ​ដោយ​របៀប​ណា​ថា ពួក​គេ​ចាត់​ទុក​តួនាទី​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២០​]

តើ​បង​ប្រុស​ៗ​អាច​ព្យាយាម​ទទួល​ឯកសិទ្ធិ ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

[​រូបភាព​នៅ​ទំព័រ​២១​]

តើ​បង​ប្អូន​ស្រី​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ពួក​គាត់​ចាត់​ទុក​តួនាទី​របស់​ពួក​គាត់​ក្នុង​ក្រុម​ជំនុំ​ថា​ជា​អ្វី​ដ៏​មាន​តម្លៃ?