លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់អ្នកមានន័យខ្លឹមសារដោយសិក្សាគម្ពីរ

ចូរធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់អ្នកមានន័យខ្លឹមសារដោយសិក្សាគម្ពីរ

ចូរ​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ​ដោយ​សិក្សា​គម្ពីរ

​«​ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​ផ្ទៀង​ព្រះ​កាណ៌​ស្ដាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ​»។—នេហ. ១:១១

១, ២​. ហេតុ​អ្វី​មាន​ប្រយោជន៍​ឲ្យ​យើង​ពិចារណា​សេចក្ដី​អធិដ្ឋាន​ខ្លះ​ៗ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ?

សេចក្ដី​អធិដ្ឋាន​និង​ការ​សិក្សា​គម្ពីរ​គឺជា​ផ្នែក​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ (​១ថែ. ៥:១៧; ២ធី. ៣:១៦, ១៧​) គម្ពីរ​មិន​មែន​ជា​សៀវភៅ​ធម៌​សម្រាប់​សូត្រ​ពេល​អធិដ្ឋាន​នោះ​ទេ។ ក៏​ប៉ុន្តែ គម្ពីរ​មាន​សេចក្ដី​អធិដ្ឋាន​ជា​ច្រើន ដែល​រួម​បញ្ចូល​សេចក្ដី​អធិដ្ឋាន​មួយ​ចំនួន​ក្នុង​សៀវភៅ​ទំនុកតម្កើង។

កាល​ដែល​អ្នក​អាន​និង​សិក្សា​គម្ពីរ អ្នក​ទំនង​ជា​នឹង​រក​ឃើញ​សេចក្ដី​អធិដ្ឋាន​ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​ដែល​អ្នក​ប្រឈម​មុខ។ តាម​ពិត នៅ​ក្នុង​គម្ពីរ​មាន​ពាក្យ​សម្ដី​ដែល​មនុស្ស​ផ្សេង​ៗ​ជម្រាប​ព្រះ ហើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​នឹង​មាន​ន័យ​ខ្លឹម​សារ​ច្រើន​ជាង កាល​ណា​អ្នក​រួម​បញ្ចូល​សម្ដី​ទាំង​នោះ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ តើ​អ្នក​អាច​រៀន​អ្វី​ពី​មនុស្ស​ដែល​បាន​ទទួល​ជំនួយ​ពី​ព្រះ​តាម​សំណូម​ពរ​របស់​ពួក​គាត់? ហើយ​តើ​អ្នក​អាច​ទាញ​មេរៀន​អ្វី​ពី​សំណូម​ពរ​របស់​ពួក​គាត់?

ចូរ​សុំ​ការ​ណែនាំ​ពី​ព្រះ​ហើយ​ធ្វើ​តាម

៣, ៤​. តើ​អ្នក​បម្រើ​របស់​អាប្រាហាំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​អ្វី? ដោយ​គិត​ពី​លទ្ធផល​ល្អ​ដែល​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​នោះ តើ​យើង​អាច​រៀន​អ្វី?

ការ​សិក្សា​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ត្រូវ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​ជា​និច្ច។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ អាប្រាហាំ​ដែល​ជា​មេ​គ្រួសារ​ម្នាក់​ពី​បុរាណ ចាត់​អ្នក​បម្រើ​វ័យ​ចាស់​ជាង​គេ​របស់​គាត់ ប្រហែលជា​មាន​ឈ្មោះ​អេលាស៊ើរ ឲ្យ​ទៅ​តំបន់​មេសូប៉ូតាមៀ​ដើម្បី​រក​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​រួច​នាំ​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ៊ីសាក។ ពេល​ទៅ​ដល់​ទី​នោះ អ្នក​បម្រើ​នេះ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា . . . កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក នោះ​នាង​ក្រមុំ​ណា​ដែល​ទូល​បង្គំ​និយាយ​ថា ‹សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង› ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា ‹អញ្ជើញ​ពិសា​ចុះ! ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ› សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំ​រូ​វ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូល​បង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំ​ដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅហ្វាយ​ទូល​បង្គំ​មែន​»។—លោ. ២៤:​១២​-​១៤

ពេល​រេបិកា​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​គាត់​ផឹក នោះ​បង្ហាញ​ថា ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​បម្រើ​អាប្រាហាំ។ មិន​យូរ​ក្រោយ​មក រេបិកា​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ទៅ​ស្រុក​កាណាន ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​អ៊ីសាក។ ពិត​មែន​តែ​ព្រះ​ប្រហែលជា​មិន​ឲ្យ​អ្នក​សញ្ញា​ពិសេស​ណា​មួយ​ទេ ប៉ុន្តែ លោក​នឹង​ណែនាំ​អ្នក បើ​អ្នក​អធិដ្ឋាន ហើយ​តាំង​ចិត្ត​ឲ្យ​សកម្ម​ពល​របស់​លោក​ដឹក​នាំ​អ្នក។—កាឡ. ៥:១៨

សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​បាន​ស្បើយ​ពី​ទុក្ខ​កង្វល់

៥, ៦​. ពេល​ដែល​យ៉ាកុប​ជិត​ជួប​អេសាវ តើ​លក្ខណៈ​អ្វី​ខ្លះ​នៃ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​គឺ​គួរ​ឲ្យ​កត់​សម្គាល់?

សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​បាន​ស្បើយ​ពី​ទុក្ខ​កង្វល់។ ពេល​យ៉ាកុប​ព្រួយ​បារម្ភ​ថា អេសាវ​ជា​បង​ប្អូន​ភ្លោះ​គាត់​នឹង​ធ្វើ​បាប​គាត់ នោះ​យ៉ាកុប​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! . . . ទូល​បង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ​ត្រង់​ដែល​ទ្រង់​បាន​ផ្ដល់​មក​ទូល​បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ . . . សូម​ទ្រង់​ប្រោស​ឲ្យ​ទូល​បង្គំ​រួច​ពី​កណ្ដាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូល​បង្គំ​ខ្លាច ក្រែង​គាត់​មក​វាយ​ពួក​ទូល​បង្គំ​នេះ ទាំង​ម្ដាយ​ទាំង​កូន​ផង។ ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន​»។—លោ. ៣២:៩​-​១២

ទោះ​ជា​យ៉ាកុប​បាន​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​បង្ការ​ទំនាស់​ក៏​ដោយ តែ​ពេល​ដែល​គាត់​និង​អេសាវ​ត្រូវ​គ្នា​វិញ នោះ​បង្ហាញ​ថា​ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ (​លោ. ៣៣:១​-​៤​) សូម​អាន​សំណូម​ពរ​នោះ​យ៉ាង​ដិត​ដល់ ហើយ​អ្នក​នឹង​ឃើញ​ថា​យ៉ាកុប​មិន​គ្រាន់​តែ​អង្វរ​សុំ​ជំនួយ​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​បាន​បង្ហាញ​ជំនឿ​លើ​ពូជ​ដែល​ព្រះ​សន្យា​ចាត់​ឲ្យ​មក ហើយ​ថ្លែង​អំណរ​គុណ​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ។ តើ​អ្នក​មាន​«​ការ​ភ័យ​ខ្លាច​នៅ​ខាង​ក្នុង​»​ចិត្ត​ទេ? (​២​កូ. ៧:​៥​) បើ​មាន​មែន សេចក្ដី​អង្វរ​របស់​យ៉ាកុប​ប្រហែលជា​រំលឹក​អ្នក​ឲ្យ​ដឹង​ថា សេចក្ដី​អធិដ្ឋាន​អាច​ធ្វើ​ឲ្យ​អ្នក​ស្បើយ​ពី​ទុក្ខ​កង្វល់។ ក៏​ប៉ុន្តែ សេចក្ដី​អធិដ្ឋាន​មិន​គួរ​សុទ្ធតែ​ជា​សំណូម​ពរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​រួម​បញ្ចូល​សម្ដី​ដែល​បង្ហាញ​ពី​ជំនឿ​របស់​អ្នក​ដែរ។

អធិដ្ឋាន​សុំ​ប្រាជ្ញា

៧​. ហេតុ​អ្វី​បាន​ជា​ម៉ូសេ​អធិដ្ឋាន​សុំ​ឲ្យ​មាន​ចំណេះ​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា?

ការ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គួរ​ជំរុញ​អ្នក​ឲ្យ​អធិដ្ឋាន​សុំ​ប្រាជ្ញា។ ម៉ូសេ​បាន​អធិដ្ឋាន​សុំ​ចំណេះ​អំពី​ផ្លូវ​របស់​ព្រះ។ គាត់​អង្វរ​សុំ​ថា​៖​«​មើល! [​ព្រះ​យេហូវ៉ា​]​ទ្រង់​បង្គាប់​មក​ទូល​បង្គំ​ឲ្យ​នាំ​បណ្ដា​ជន​នេះ​ឡើង​[​ចេញ​ពី​អេស៊ីប​] . . . ដូច្នេះ បើ​ទូល​បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សំ​ដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន . . . ប្រកប​ដោយ​ព្រះ​គុណ​នៃ​ទ្រង់​ពិត​»។ (​និក្ខ. ៣៣:​១២, ១៣​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​នោះ​ដោយ​ឲ្យ​ម៉ូសេ​មាន​ចំណេះ​កាន់​តែ​ច្រើន​អំពី​ផ្លូវ​របស់​លោក ជា​ចំណេះ​ដែល​គាត់​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​គាត់​អាច​ដឹក​នាំ​រាស្ត្រ​របស់​លោក។

៨​. ដោយ​រំពឹង​គិត​អំពី​សៀវភៅ​ពង្សាវតារក្សត្រទី១ ៣:៧​-​១៤ តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

ដាវីឌ​ក៏​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​»។ (​ទំនុក. ២៥:៤​) សាឡូម៉ូន​ដែល​ជា​បុត្រ​របស់​ដាវីឌ បាន​អង្វរ​សុំ​ព្រះ​ឲ្យ​គាត់​មាន​ប្រាជ្ញា​គ្រប់​គ្រាន់​ដើម្បី​បំពេញ​មុខ​ងារ​ជា​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ពេញ​ចិត្ត​នឹង​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន ហើយ​លោក​មិន​គ្រាន់តែ​បាន​ផ្ដល់​អ្វី​ដែល​សាឡូម៉ូន​សុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ទ្រព្យ​សម្បត្ដិ​និង​កេរ្ដិ៍​ឈ្មោះ​ដែរ។ (​សូម​អាន ពង្សាវតារក្សត្រទី១ ៣:៧​-​១៤​) បើ​អ្នក​ទទួល​ឯកសិទ្ធិ​ដែល​មើល​ទៅ​ហួស​ពី​សមត្ថភាព​របស់​អ្នក សូម​អធិដ្ឋាន​ឲ្យ​មាន​ប្រាជ្ញា ហើយ​បង្ហាញ​ចិត្ត​រាប​ទាប។ ក្រោយ​មក ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​គ្រប់​គ្រាន់ ដើម្បី​បំពេញ​ភារកិច្ច​របស់​អ្នក​តាម​វិធី​ដែល​ត្រឹម​ត្រូវ​ថែម​ទាំង​ប្រកប​ដោយ​ក្ដី​ស្រឡាញ់។

អធិដ្ឋាន​អស់ពី​ដួង​ចិត្ត

៩, ១០​. ពេល​សាឡូម៉ូន​ដៅ​បញ្ជាក់​អំពី​ចិត្ត​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់​នៅ​ឯ​ពិធី​សម្ពោធ​វិហារ តើ​អ្នក​បាន​កត់​សម្គាល់​ចំណុច​សំខាន់​ណាខ្លះ?

យើង​ត្រូវ​អធិដ្ឋាន​អស់ពី​ដួង​ចិត្ត ទើប​ព្រះ​ស្ដាប់​ការ​អធិដ្ឋាន​របស់​យើង។ ដូច​បាន​កត់​ទុក​នៅ​ពង្សាវតារក្សត្រទី១ ជំពូក​ទី​៨ សាឡូម៉ូន​បាន​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​នៅ​មុខ​បណ្ដា​ជន​ជា​ច្រើន ដែល​បាន​ជួប​ជុំ​នៅ​ក្រុង​យេរូសាឡិម ដើម្បី​សម្ពោធ​វិហារ​របស់​ព្រះ​យេហូវ៉ា​នា​ឆ្នាំ​១០២៦​មុន​គ.ស.។ ក្រោយ​ពី​ហឹប​នៃ​កិច្ច​ព្រមព្រៀង​បាន​ត្រូវ​ដាក់​នៅ​ទី​បរិសុទ្ធ​បំផុត ហើយ​ពពក​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​ក្នុង​វិហារ នោះ​សាឡូម៉ូន​បាន​សរសើរ​ព្រះ។

១០ សូម​សិក្សា​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន ហើយ​កត់​សម្គាល់​ពាក្យ​ដែល​ទាក់​ទង​នឹង​ចិត្ត។ សាឡូម៉ូន​បាន​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ​យេហូវ៉ា​មួយ​គត់​ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស។ (​១​ព. ៨:៣៨, ៣៩​) សេចក្ដី​អធិដ្ឋាន​នោះ​បង្ហាញ​ថា អ្នក​ធ្វើ​ខុស​ដែល​‹វិល​ត្រឡប់​មក​ឯ​ព្រះ​ដោយ​អស់ពី​ចិត្ត›​អាច​មាន​ក្ដី​សង្ឃឹម។ បើ​ពួក​សត្រូវ​ចាប់​យក​រាស្ត្រ​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​សេចក្ដី​អង្វរ​របស់​រាស្ត្រ​លោក បើ​ពួក​គាត់​មាន​ចិត្ត​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា។ (​១​ព. ៨:៤៨, ៥៨, ៦១​) បើ​ដូច្នេះ អ្នក​ពិត​ជា​ត្រូវ​អធិដ្ឋាន​អស់ពី​ដួង​ចិត្ត។

របៀប​ដែល​ទំនុកតម្កើង​ជួយ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ

១១, ១២​. តើ​អ្នក​បាន​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​ពួក​លេវី​ម្នាក់​ដែល​មិន​អាច​ទៅ​កន្លែង​គោរព​បូជា​របស់​ព្រះ​មួយ​រយៈ?

១១ ការ​សិក្សា​សៀវភៅ​ទំនុកតម្កើង​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ ហើយ​ជួយ​អ្នក​អត់​ធ្មត់​រង់​ចាំ​ឲ្យ​ព្រះ​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក។ សូម​គិត​អំពី​ការ​អត់​ធ្មត់​របស់​ពួក​លេវី​ម្នាក់​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ប្រទេស​ផ្សេង។ ទោះ​ជា​គាត់​មិន​អាច​ទៅ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ​ក៏​ដោយ គាត់​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រលឹង​អញ​អើយ! ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​[​ឬ​«​រង់​ចាំ​»​]​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ​»។—ទំនុក. ៤២:៥, ១១; ព.ថ.; ៤៣:៥

១២ តើ​អ្នក​អាច​ទាញ​មេរៀន​អ្វី​ពី​ពួក​លេវី​ម្នាក់​នោះ? បើ​អ្នក​មិន​អាច​ជួប​ជុំ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​កន្លែង​គោរព​បូជា​ព្រះ​អស់​មួយ​រយៈ ព្រោះ​អ្នក​ជាប់​គុក​ដោយ​សារ​សេចក្ដី​សុចរិត នោះ​សូម​អត់​ធ្មត់​រង់​ចាំ​ឲ្យ​ព្រះ​ជួយ​អ្នក។ (​ទំនុក. ៣៧:៥​) សូម​រំពឹង​គិត​អំពី​អំណរ​ដែល​អ្នក​ធ្លាប់​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​អធិដ្ឋាន​សុំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ កាល​ដែល​អ្នក​‹រង់​ចាំ​ដល់​ព្រះ›​បើក​ផ្លូវ​ឲ្យ​អ្នក​ជួប​ជុំ​ជា​មួយ​រាស្ត្រ​របស់​លោក​ម្ដង​ទៀត។

អធិដ្ឋាន​សុំ​ដោយ​មាន​ជំនឿ

១៣​. ស្រប​ទៅ​តាម​យ៉ាកុប ១:៥​-​៨ ហេតុ​អ្វី​គប្បី​ឲ្យ​អ្នក​អធិដ្ឋាន​ដោយ​មាន​ជំនឿ?

១៣ មិន​ថា​អ្នក​មាន​កាលៈទេសៈ​អ្វី​ក៏​ដោយ ពេល​ណា​អធិដ្ឋាន ចូរ​អធិដ្ឋាន​ដោយ​មាន​ជំនឿ។ បើ​អ្នក​ជួប​ប្រទះ​ការ​ល្បង​ល​ចំពោះ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អ្នក សូម​ធ្វើ​តាម​ដំបូន្មាន​របស់​យ៉ាកុប។ សូម​អធិដ្ឋាន​ទៅ​ព្រះ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា លោក​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា​គ្រប់​គ្រាន់​ដើម្បី​ស៊ូ​ទ្រាំ​ការ​ល្បង​ល។ (​សូម​អាន យ៉ាកុប ១:៥​-​៨​) ព្រះ​ជ្រាប​ពី​បញ្ហា​ដែល​អ្នក​ប្រហែលជា​មាន ហើយ​លោក​អាច​ណែនាំ​និង​សម្រាល​ទុក្ខ​អ្នក​តាម​រយៈ​សកម្ម​ពល​របស់​លោក។ សូម​ជម្រាប​ព្រះ​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​ជឿ​ជាក់​«​មិន​សង្ស័យ​សោះ​»​ ហើយ​ឲ្យ​សកម្ម​ពល​និង​ឱវាទ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក​ដឹក​នាំ​អ្នក។

១៤, ១៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា ហាណា​អធិដ្ឋាន​និង​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ?

១៤ ហាណា​ដែល​ជា​ប្រពន្ធ​ម្នាក់​ក្នុង​ចំណោម​ប្រពន្ធ​ទាំង​ពីរ​របស់​អែលកាណា ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី បាន​អធិដ្ឋាន​និង​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ។ ប្រពន្ធ​ម្នាក់​ទៀត​របស់​អែ​ល​កាណា​ឈ្មោះ​ពេនីណា មាន​កូន​ពីរ​បី​នាក់ ហើយ​គាត់​បាន​ចំអក​ឲ្យ​ហាណា​ពីព្រោះ​នាង​ជា​ស្រី​អារ។ នៅ​ឯ​កន្លែង​គោរព​បូជា​ព្រះ ហាណា​ស្បថ​ថា​បើ​នាង​អាច​បង្កើត​បាន​កូន​ប្រុស​មួយ នាង​នឹង​ប្រគល់​កូន​នោះ​ឲ្យ​ព្រះ​យេហូវ៉ា។ ពេល​នាង​អធិដ្ឋាន បបូរ​មាត់​របស់​នាង​ចាប់​ផ្ដើម​ញ័រ ដូច្នេះ​សម្ដេច​សង្ឃ​អេលី​ស្មានថា​ហាណា​ស្រវឹង​ស្រា។ ពេល​ដឹង​ថា​ហាណា​មិន​ស្រវឹង​ស្រា នោះ​អេលី​បាន​ពោល​ថា​៖ ​«​សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំ​រេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ​»។ ថ្វី​បើ​ហាណា​មិន​ដឹង​ច្បាស់​ថា​នឹង​មាន​លទ្ធផល​យ៉ាង​ណា នោះ​នាង​មាន​ជំនឿ​ថា​ព្រះ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​នាង។ ដូច្នេះ​ហើយ ​«​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ​»​ទៅ។—១សាំ. ១:៩​-​១៨

១៥ ក្រោយ​ពី​សាំយូអែល​កើត​មក​ហើយ​បាន​ផ្ដាច់​ដោះ នោះ​ហាណា​បាន​ប្រគល់​គាត់​ឲ្យ​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​កិច្ចការ​ពិសិដ្ឋ​នៅ​ឯ​កន្លែង​គោរព​បូជា​ព្រះ។ (​១សាំ. ១:១៩​-​២៨​) បើ​អ្នក​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ហាណា នេះ​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ។ ម្យ៉ាង​ទៀត នេះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ថា អ្នក​អាច​បំបាត់​ទុក្ខ​ព្រួយ​ដែល​បណ្ដាល​មក​ពី​បញ្ហា​លំបាក បើ​អ្នក​អធិដ្ឋាន​ដោយ​មាន​ជំនឿ​ថា​ព្រះ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក។—១សាំ. ២:១​-​១០

១៦, ១៧​. ដោយ​សារ​នេហេមា​បាន​អធិដ្ឋាន​ហើយ​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ តើ​មាន​អ្វី​កើត​ឡើង?

១៦ នេហេមា​ដែល​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​នៅ​សតវត្សរ៍​ទី​៥​មុន​គ.ស. បាន​អធិដ្ឋាន​និង​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ។ គាត់​បាន​អង្វរ​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​ផ្ទៀង​ព្រះ​កាណ៌​ស្ដាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់ ដោយ​អំណរ​ហើយ​សូម​ចំរើន​ដល់​ទូល​បង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្ដា​ដល់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ​»។ តើ​«​មនុស្ស​នេះ​»​ជា​នរណា? គឺជា​ស្តេច​ជន​ជាតិ​ពើ​ស៊ី​ឈ្មោះ​អើថាស៊ើកសេស ដែល​នេហេមា​បម្រើ​ជា​អ្នក​កាន់​ពែង​របស់​គាត់។—នេហ. ១:១១

១៧ នេហេមា​បាន​អធិដ្ឋាន​អស់​ច្រើន​ថ្ងៃ​ដោយ​មាន​ជំនឿ ក្រោយ​គាត់​ដឹង​ថា​ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​ដោះ​លែង​ពី​ទី​ឃុំឃាំង​នៅ​ប្រទេស​បាប៊ីឡូន ​«​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ​តិះ​ដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូសាឡិម​ក៏​បាក់បែក​»។ (​នេហ. ១:៣, ៤​) ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នេហេមា​ហួស​ពី​អ្វី​ដែល​គាត់​នឹក​ស្មាន ពេល​ដែល​ស្តេច​អើថាស៊ើកសេស​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​សាងសង់​កំពែង​ឡើង​វិញ។ (​នេហ. ២:១​-​៨​) មិន​យូរ​ក្រោយ​មក កំពែង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ជួស​ជុល​ឡើង​វិញ។ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នេហេមា ពីព្រោះ​អ្វី​ដែល​គាត់​អង្វរ​សុំ​នោះ​គឺ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​គាត់​បាន​សុំ​ដោយ​មាន​ជំនឿ។ តើ​អ្នក​អធិដ្ឋាន​ដូច​នេះ​ទេ?

កុំ​ភ្លេច​សរសើរ​និង​អរគុណ​ព្រះ

១៨, ១៩​. តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​គួរ​សរសើរ​និង​អរគុណ​លោក​ដោយ​មាន​មូលហេតុ​ណាខ្លះ?

១៨ ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក សូម​កុំ​ភ្លេច​សរសើរ​ហើយ​អរគុណ​ព្រះ​យេហូវ៉ា។ ពិត​ជា​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​យើង​ធ្វើ​ដូច្នេះ! ជា​ឧទាហរណ៍ ដាវីឌ​មាន​ចិត្ត​ចង់​សរសើរ​អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​ស្តេច។ (​សូម​អាន ទំនុកតម្កើង ១៤៥:១០​-​១៣​) តើ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ក្នុង​ការ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ទេ? ពាក្យ​សម្ដី​របស់​អ្នក​តែង​បទ​ទំនុកតម្កើង ប្រហែលជា​ជួយ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ស្មោះ​អស់ពី​ចិត្ត​ប្រាប់​អំពី​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​កិច្ច​ប្រជុំ សន្និបាត និង​មហាសន្និបាត។—ទំនុក. ២៧:៤; ១២២:១

១៩ ប្រសិនបើ​អ្នក​មាន​កតញ្ញុតាធម៌​ចំពោះ​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​រវាង​អ្នក​និង​ព្រះ នេះ​ប្រហែលជា​ជំរុញ​អ្នក​ឲ្យ​អធិដ្ឋាន​អស់ពី​ដួង​ចិត្ត​ដូច​ពាក្យ​ត​ទៅ​នេះ​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​នឹង​ប្រទូល​ដៃ​ដល់​ទ្រង់​នៅ​កណ្ដាល​ពួក​ជន ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ ឱ​ព្រះ​អង្គ​អើយ! សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង​ខ្ពស់​ជាង​ស្ថាន​សួគ៌ ហើយ​ឲ្យ​សិរី​ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង​»។ (​ទំនុក. ៥៧:៩​-​១១​) ពាក្យ​សម្ដី​ទាំង​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​មែន! ពាក្យ​សម្ដី​ដ៏​កក់​ក្ដៅ​របស់​អ្នក​តែង​បទ​ទំនុកតម្កើង​ពិត​ជា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ​ធ្វើ​ឲ្យ​មាន​ន័យ​ខ្លឹម​សារ​ដែរ មែន​ទេ?

អធិដ្ឋាន​ជម្រាប​ព្រះ ដោយ​មាន​ក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ

២០​. តើ​ម៉ារៀ​បាន​បញ្ជាក់​អំពី​ភក្ដីភាព​របស់​គាត់​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

២០ យើង​គួរ​គោរព​ព្រះ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេល​ម៉ារៀ​ដឹង​ថា​គាត់​នឹង​ជា​ម្ដាយ​របស់​មេស្ស៊ី ភ្លាម​ៗ​នោះ​គាត់​បាន​ពោល​ពាក្យ​គោរព​កោត​ខ្លាច​ព្រះ ហើយ​ពាក្យ​ទាំង​នោះ​គឺ​ស្រ​ដៀង​គ្នា​នឹង​ពាក្យ​របស់​ហាណា ពេល​គាត់​យក​សាំយូអែល​ទៅ​បម្រើ​នៅ​ឯ​កន្លែង​គោរព​បូជា​ព្រះ។ ម៉ារៀ​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ ដូច​បាន​ឃើញ​ក្នុង​ពាក្យ​សម្ដី​របស់​គាត់​ដែល​ថា​៖ ​«​ខ្ញុំ​លើក​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ទប់​ចិត្ត​ពុំ​បាន​ឡើយ ព្រោះ​ខ្ញុំ​ត្រេក​អរ​ពន់ពេក​នឹង​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​ខ្ញុំ​»។ (​លូក. ១:៤៦, ៤៧​) តើ​អ្នក​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្លួន​ប្រសើរ​ជាង​ដោយ​ពោល​ពាក្យ​ស្រ​ដៀង​គ្នា​នេះ​ទេ? ម៉ារៀ​ដែល​ចេះ​គោរព​ព្រះ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី នេះ​ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ!

២១​. តើ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា លោក​គោរព​កោត​ខ្លាច​ព្រះ​ហើយ​មាន​ជំនឿ?

២១ លោក​យេស៊ូ​បាន​អធិដ្ឋាន​ដោយ​មាន​ក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ដោយ​មាន​ជំនឿ​ស៊ប់។ ជា​ឧទាហរណ៍ មុន​លោក​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ ​«​លោក​យេស៊ូ​ងើយ​ភ្នែក​ទៅ​លើ ក៏​មាន​ប្រសាសន៍​ថា​៖ ‹បិតា​អើយ! ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ។ ពិត​មែន​តែ​ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ›​»។ (​យ៉ូន. ១១:៤១, ៤២​) តើ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ស​ឲ្យ​ឃើញ​ថា អ្នក​គោរព​ព្រះ​ហើយ​មាន​ជំនឿ​ដូច​នេះ​ទេ? សូម​សិក្សា​សេចក្ដី​អធិដ្ឋាន​ជា​គំរូ​របស់​លោក​យេស៊ូ​ដែល​បង្ហាញ​ពី​ការ​គោរព​កោត​ខ្លាច​ព្រះ ហើយ​អ្នក​នឹង​ឃើញ​ថា អ្វី​ដែល​សំខាន់​ក្នុង​សេចក្ដី​អធិដ្ឋាន​នោះ គឺ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ការ​មក​ដល់​នៃ​រាជាណាចក្រ​របស់​លោក និង​ការ​សម្រេច​នៃ​បំណង​ប្រាថ្នា​របស់​លោក។ (​ម៉ា​ថ. ៦:៩, ១០​) សូម​គិត​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ខ្លួន។ តើ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បញ្ជាក់​ទេ​ថា អ្នក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក និង​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បរិសុទ្ធ? សេចក្ដី​អធិដ្ឋាន​របស់​អ្នក​គួរ​បញ្ជាក់​ពី​អ្វី​ៗ​ទាំង​អស់​នេះ។

២២​. ហេតុ​អ្វី​អ្នក​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​មាន​ក្ដី​ក្លាហាន​ដើម្បី​ប្រកាស​ផ្សាយ​ដំណឹង​ល្អ?

២២ បើ​មាន​ការ​បៀតបៀន​ឬ​ទុក្ខ​លំបាក​ឯ​ទៀត នោះ​សេចក្ដី​អធិដ្ឋាន​ច្រើន​តែ​រួម​បញ្ចូល​ការ​អង្វរ​សុំ​ជំនួយ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ក្ដី​ក្លាហាន។ ពេល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បង្គាប់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ឈប់​«​បង្រៀន​ដោយ​នូវ​នាម​លោក​យេស៊ូ​»​ នោះ​ពួក​គេ​បាន​បដិសេធ​យ៉ាង​ក្លាហាន​មិន​ព្រម​ធ្វើ​តាម​បង្គាប់​របស់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទេ។ (​សកម្ម. ៤:១៨​-​២០​) ក្រោយ​មក​ពួក​គេ​បាន​ត្រូវ​ដោះ​លែង ហើយ​បាន​ទៅ​ប្រាប់​បង​ប្អូន​រួម​ជំនឿ​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ លុះ​ប្រាប់​ហើយ បង​ប្អូន​ទាំង​អស់​ដែល​នៅ​ទី​នោះ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន។ ពួក​គេ​រំភើប​ចិត្ត​មែន ពេល​ព្រះ​ធ្វើ​តាម​សំណូម​ពរ ព្រោះ​ពួក​គេ​បាន​«​ពេញ​ទៅ​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ក៏​បាន​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន​»​! (​សូម​អាន សកម្មភាព ៤:២៤​-​៣១​) ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សេចក្ដី​អធិដ្ឋាន​ក៏​អាច​ពង្រឹង​កម្លាំង​របស់​អ្នក​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លាហាន​ដែរ។

ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ

២៣, ២៤​. (​ក​) សូម​លើក​ឧទាហរណ៍​ឯ​ទៀត​ដែល​បង្ហាញ​ពី​របៀប​ដែល​ការ​សិក្សា​គម្ពីរ​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​មាន​ន័យ​ខ្លឹម​សារ។ (​ខ​)​ តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ?

២៣ យើង​អាច​លើក​ឧទាហរណ៍​ជា​ច្រើន​ទៀត​ដើម្បី​បង្ហាញ​ថា ការ​អាន​និង​ការ​សិក្សា​គម្ពីរ​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ។ ជា​ឧទាហរណ៍ ដូច​យ៉ូណាស អ្នក​អាច​អធិដ្ឋាន​ដោយ​ទទួល​ស្គាល់​ថា ​«​សេចក្ដី​សង្គ្រោះ . . . កើត​មក​តែ​ពី​ព្រះ​យេហូវ៉ា​»។ (​យ៉ូណ. ២:២​-​១១​) បើ​កំហុស​ធ្ងន់ធ្ងរ​ធ្វើ​ទុក្ខ​អ្នក ហើយ​អ្នក​បាន​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​រួច​ហើយ នោះ​សៀវភៅ​ទំនុកតម្កើង​ដែល​រៀប​រាប់​អំពី​អារម្មណ៍​របស់​ដាវីឌ ប្រហែលជា​អាច​ជួយ​អ្នក​ឲ្យ​អធិដ្ឋាន​ប្រាប់​ព្រះ​អំពី​ការ​ប្រែ​ចិត្ត​របស់​អ្នក។ (​ទំនុក. ៥១:១​-​១២​) ក្នុង​សេចក្ដី​អធិដ្ឋាន​ខ្លះ អ្នក​អាច​សរសើរ​ព្រះ​យេហូវ៉ា​ដូច​យេរេមា​បាន​ធ្វើ។ (​យេ. ៣២:១៦​-​១៩​) បើ​អ្នក​ចង់​រៀប​ការ ការ​សិក្សា​សេចក្ដី​អធិដ្ឋាន​នៅ​សៀវភៅ​អែសរ៉ា ជំពូក​ទី​៩ រួម​ជា​មួយ​ការ​អង្វរ​សុំ​ផ្ទាល់​របស់​អ្នក នោះ​អាច​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ឲ្យ​ស្ដាប់​តាម​ព្រះ​ដោយ​‹រៀប​ការ​ជា​មួយ​នឹង​អ្នក​ដែល​កាន់​តាម​លោក​ម្ចាស់›។—១កូ. ៧:៣៩; អែស. ៩:៦, ១០​-​១៥

២៤ ចូរ​បន្ត​អាន សិក្សា និង​ពិនិត្យ​មើល​គម្ពីរ។ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​ដែល​អ្នក​អាច​បញ្ចូល​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ អ្នក​ប្រហែលជា​អាច​ប្រើ​ចំណុច​ពី​បទ​គម្ពីរ​ដើម្បី​អរគុណ​និង​សរសើរ​ព្រះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ហើយ​ការ​អង្វរ​សុំ​របស់​អ្នក។ អ្នក​អាច​ប្រាកដ​ថា អ្នក​នឹង​មាន​ភាព​ជិត​ស្និទ្ធ​កាន់​តែ​ខ្លាំង​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​មាន​ន័យ​ខ្លឹម​សារ​ដោយ​សិក្សា​គម្ពីរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​គប្បី​ឲ្យ​យើង​សុំ​ការ​ណែនាំ​ពី​ព្រះ​ហើយ​ធ្វើ​តាម?

តើ​អ្វី​គួរ​ជំរុញ​អ្នក​ឲ្យ​អធិដ្ឋាន​សុំ​ប្រាជ្ញា?

តើ​សៀវភៅ​ទំនុកតម្កើង​អាច​ជួយ​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​យើង​មាន​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​អធិដ្ឋាន​ដោយ​មាន​ជំនឿ​និង​ដោយ​គោរព​កោត​ខ្លាច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៥​]

អ្នក​បម្រើ​របស់​អាប្រាហាំ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ចុះ​អ្នក​វិញ?

[​រូបភាព​នៅ​ទំព័រ​១៦​]

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ