លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្រឡាញ់រាប់អានគ្នាជាបងប្អូនរឹតតែខ្លាំងឡើង

ចូរស្រឡាញ់រាប់អានគ្នាជាបងប្អូនរឹតតែខ្លាំងឡើង

ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន​រឹត​តែ​ខ្លាំង​ឡើង

​«​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដូច​គ្រិស្ត​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​»។—អេភ. ៥:២

១​. តើ​លោក​យេស៊ូ​ដៅ​បញ្ជាក់​ថា អ្នក​កាន់​តាម​របស់​លោក​នឹង​មាន​លក្ខណៈ​សំខាន់​អ្វី?

មនុស្ស​ទូទៅ​ស្គាល់​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​សារ​ពួក​គេ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ក៏​ប៉ុន្តែ គ្រិស្ត​យេស៊ូ​បាន​រើស​លក្ខណៈ​ផ្សេង​នៃ​គ្រិស្ត​សាសនា​ដើម្បី​សម្គាល់​អ្នក​កាន់​តាម​ពិត​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូន. ១៣:៣៤, ៣៥

២, ៣​. តើ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​អ្នក​ដែល​មក​កិច្ច​ប្រជុំ​របស់​យើង?

គ្មាន​មនុស្ស​ណា​មាន​សេចក្ដី​ស្រឡាញ់​ដូច​ក្ដី​ស្រឡាញ់​ដែល​គ្រិស្ត​សាសនិក​ពិត​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ដូច​មេ​ដែក​ទាញ​ដែក​ឲ្យ​ជាប់​គ្នា នោះ​សេចក្ដី​ស្រឡាញ់​ទាញ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​មាន​សាមគ្គី​ភាព​គ្នា ហើយ​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ចូល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ម្នាក់​ឈ្មោះ​ម៉ាសែលីណូ​ពី​ប្រទេស​កាម៉ឺរូន ដែល​បាន​ងងឹត​ភ្នែក​ដោយ​សារ​មាន​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ។ ក្រោយ​មក មាន​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា គាត់​ងងឹត​ភ្នែក​ដោយ​សារ​គាត់​ជា​គ្រូ​អាប​ធ្មប់។ គ្រូ​គង្វាល​និង​សមាជិក​ឯ​ទៀត​ពី​វិហារ​របស់​គាត់ មិន​បាន​ជួយ​សម្រាល​ទុក្ខ​គាត់​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បណ្ដេញ​គាត់​ចោល​ពី​វិហារ​នោះ។ ពេល​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​កិច្ច​ប្រជុំ នោះ​គាត់​ស្ទាក់​ស្ទើរ​ដោយ​សារ​មិន​ចង់​មាន​បញ្ហា​ដូច​មុន​ទៀត។

អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​សាល​ប្រជុំ​បាន​ធ្វើ​ឲ្យ​ម៉ាសែលីណូ​ភ្ញាក់​ផ្អើល។ សមាជិក​ក្រុម​ជំនុំ​បាន​ស្វាគមន៍​គាត់​យ៉ាង​កក់​ក្ដៅ ហើយ​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​គាត់​បាន​ឮ​បាន​សម្រាល​ទុក្ខ​គាត់។ គាត់​ចាប់​ផ្ដើម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់ ជឿន​ទៅ​មុខ​ក្នុង​ការ​សិក្សា​គម្ពីរ ហើយ​បាន​ត្រូវ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០៦។ ឥឡូវ​នេះ គាត់​កំពុង​ប្រាប់​សេចក្ដី​ពិត​ដល់​ក្រុម​គ្រួសារ​និង​អ្នក​ជិត​ខាង ហើយ​មាន​សិស្ស​គម្ពីរ​ពីរ​បី​នាក់​ដែរ។ ម៉ាសែលីណូ​ចង់​ឲ្យ​សិស្ស​គម្ពីរ​របស់​គាត់​ទទួល​សេចក្ដី​ស្រឡាញ់​ដូច​គាត់​ទទួល​ពី​រាស្ត្រ​របស់​ព្រះ។

៤​. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ូល​ដែល​ថា​ឲ្យ​យើង​«​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​?

សេចក្ដី​ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន​ពិត​ជា​ទាក់​ទាញ​ចិត្ត​មែន តែ​យើង​គ្រប់​គ្នា​ត្រូវ​ជួយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​រហូត។ សេចក្ដី​ស្រឡាញ់​គឺ​ដូច​ជា​ភ្នក់​ភ្លើង​ដែល​គេ​បង្កាត់​នៅ​រាត្រី​ដ៏​ត្រជាក់។ ភ្លើង​នោះ​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​ជិត តែ​បើ​មិន​ដាក់​ឧស​ថែម នោះ​វា​នឹង​រលត់​ជា​មិន​ខាន។ ដូច​គ្នា​ដែរ សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​នឹង​រលត់ បើ​យើង​ម្នាក់​ៗ​ជា​គ្រិស្ត​សាសនិក​មិន​ខំ​ប្រឹង​ពង្រឹង​សេចក្ដី​ស្រឡាញ់​នោះ។ តើ​យើង​អាច​ពង្រឹង​សេចក្ដី​ស្រឡាញ់​នោះ​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​បាន​ឆ្លើយ​ថា​៖ ​«​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដូច​គ្រិស្ត​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​អ្នក​រាល់​គ្នា ទុក​ជា​គ្រឿង​បូជា​និង​ក្លិន​ក្រអូប​ជូន​ព្រះ​»។ (​អេភ. ៥:២​) សំណួរ​ដែល​យើង​ចង់​ពិចារណា​គឺ តើ​ខ្ញុំ​អាច​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​វិធី​ណាខ្លះ?

«​ចូរ​អ្នក​រាល់​គ្នា . . . បើក​ចិត្ត​ឲ្យ​ទូលាយ​ដែរ​»​

៥, ៦​. ហេតុ​អ្វី​បាន​ជា​ប៉ូល​ជំរុញ​គ្រិស្ត​សាសនិក​ក្នុង​ក្រុង​កូរិនថូស​ឲ្យ​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​?

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​ពួក​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​កូរិនថូស​ពី​បុរាណ​ថា​៖ ​«​បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ! យើង​បាន​និយាយ​ត្រង់​ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា យើង​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ។ យើង​មិន​ចង្អៀត​ចិត្ត​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ តែ​គឺ​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​មាន​ចិត្ត​ចង្អៀត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ដូច្នេះ ខ្ញុំ​សូម​និយាយ​ដូច​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​កូន​របស់​ខ្ញុំ។ ចូរ​អ្នក​រាល់​គ្នា​តប​ស្នង​ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដែរ​»។ (​២​កូ. ៦:១១​-​១៣​) ហេតុ​អ្វី​បាន​ជា​ប៉ូល​ជំរុញ​បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់?

សូម​គិត​អំពី​របៀប​ដែល​ក្រុម​ជំនុំ​ក្នុង​ក្រុង​កូរិនថូស​បាន​ចាប់​ផ្ដើម។ ប៉ូល​បាន​មក​ដល់​ក្រុង​កូរិនថូស​នៅ​ឆ្នាំ​៥០ គ.ស.។ ថ្វី​បើ​ប៉ូល​មាន​ការ​ពិបាក​ពេល​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ក៏​ដោយ តែ​គាត់​មិន​បាន​ឈប់​ទេ។ ក្នុង​រយៈ​ពេល​ខ្លី មនុស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ដំណឹង​ល្អ។ ប៉ូល​បាន​ចំណាយ​អ្វី​ៗ​ដែល​គាត់​មាន​ដើម្បី​បង្រៀន​និង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី​នោះ​អស់​«​មួយ​ឆ្នាំ​កន្លះ​»។ ច្បាស់​ហើយ គាត់​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស។ (​សកម្ម. ១៨:៥, ៦, ៩​-​១១​) ពួក​អ្នក​ក្រុង​កូរិនថូស​មាន​ហេតុ​ស្រឡាញ់​និង​គោរព​គាត់​វិញ​ដែរ។ ក៏​ប៉ុន្តែ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​មិន​ចង់​ជិត​ស្និទ្ធ​នឹង​គាត់​ទេ។ នេះ​ប្រហែលជា​ដោយ​សារ​ពួក​គាត់​មិន​ចូល​ចិត្ត​ឱវាទ​ចំ​ៗ​ដែល​ប៉ូល​ជូន​ចំពោះ​ពួក​គាត់។ (​១​កូ. ៥:១​-​៥; ៦:១​-​១០​) បង​ប្អូន​ឯ​ទៀត​ប្រហែលជា​ជឿ​ពាក្យ​បង្កាច់​បង្ខូច​របស់​«​ពួក​មហា​សាវ័ក​»។ (​២​កូ. ១១:៥, ៦​) ប៉ូល​ចង់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​ស្រឡាញ់​គាត់។ ដូច្នេះ​ហើយ គាត់​បាន​សុំ​ពួក​គាត់​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ដោយ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​គាត់​ថែម​ទាំង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​ផង​ដែរ។

៧​. តើ​យើង​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​យ៉ាង​ដូច​ម្ដេច?

ចុះ​យើង​វិញ? តើ​យើង​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន? បង​ប្អូន​ដែល​មាន​អាយុ​ស្រករ​គ្នា ឬ​ក៏​មាន​ជន​ជាតិ​ដូច​គ្នា ប្រហែលជា​ស្រួល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ម្យ៉ាង​ទៀត អ្នក​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រ​ដៀង​គ្នា​ក្នុង​ការ​កម្សាន្ត ចំណាយ​ពេល​ច្រើន​ជា​មួយ​គ្នា​ជា​ញឹក​ញាប់។ ប៉ុន្តែ បើ​យើង​ចំណាយ​ពេល​តែ​ជា​មួយ​បង​ប្អូន​ណា​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​យើង ហើយ​មិន​សូវ​សេពគប់​បង​ប្អូន​ឯ​ទៀត​ក្រៅ​ពី​ពួក​គេ នោះ​យើង​ត្រូវ​តែ​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»។ យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​កម្រ​ចូល​រួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឬ​ការ​កម្សាន្ត​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​មិន​ជិត​ដិត​នឹង​ខ្ញុំ​ទេ? នៅ​សាល​ប្រជុំ តើ​ខ្ញុំ​មិន​សូវ​រាប់​អាន​អ្នក​ថ្មី​ពីព្រោះ​ខ្ញុំ​គិត​ថា គាត់​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​បញ្ជាក់​ថា​គាត់​សម​ជា​មិត្ត​ខ្ញុំ​ទេ? តើ​ខ្ញុំ​សួរ​សុខទុក្ខ​បង​ប្អូន​ទាំង​ចាស់​ទាំង​ក្មេង​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ?›។

៨, ៩​. តើ​ឱវាទ​របស់​ប៉ូល​នៅ​សៀវភៅ​រ៉ូម ១៥:៧ អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​សួរ​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ជា​បង​ប្អូន​មាន​រឹត​តែ​ខ្លាំង​ឡើង?

ស្តី​អំពី​ការ​សួរ​សុខទុក្ខ​គ្នា ពាក្យ​សម្ដី​របស់​ប៉ូល​ទៅ​ពួក​អ្នក​ក្រុង​រ៉ូម​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន រ៉ូម ១៥:៧​) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា ​«​ទទួល​ស្វាគមន៍​»​មាន​ន័យ​ថា ​«​ទទួល​គ្នា​ដោយ​ក្ដី​សប្បុរស​ឬ​ដោយ​រាក់​ទាក់ ហើយ​ព្រម​ទទួល​គេ​ជា​មិត្ត​ភក្ដិ​របស់​យើង​»។ នៅ​សម័យ​គម្ពីរ ពេល​ម្ចាស់​ផ្ទះ​ទទួល​មិត្ត​ភក្ដិ​ដោយ​រាក់​ទាក់ នោះ​គាត់​ប្រាប់​មិត្ត​ថា​គាត់​សប្បាយ​ចិត្ត​ណាស់​បាន​ជួប​ពួក​គាត់។ ក្នុង​ន័យ​ធៀប គ្រិស្ត​បាន​ទទួល​ស្វាគមន៍​យើង​តាម​របៀប​នេះ ហើយ​យើង​បាន​ត្រូវ​បំផុស​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​លោក​ក្នុង​ការ​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ។

កាល​ដែល​យើង​សួរ​សុខទុក្ខ​បង​ប្អូន​រួម​ជំនឿ​នៅ​ឯ​សាល​ប្រជុំ​និង​កន្លែង​ផ្សេង​ទៀត យើង​អាចយ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ណា​ដែល​យើង​មិន​បាន​ជួប​ឬ​មិន​បាន​និយាយ​ជា​មួយ​នៅ​ពេល​ថ្មី​ៗ។ យក​ល្អ​ឲ្យ​យើង​ចំណាយ​ពេល​ពីរ​បី​នាទី​សំណេះសំណាល​ជា​មួយ​ពួក​គាត់ ហើយ​នៅ​កិច្ច​ប្រជុំ​លើក​ក្រោយ យើង​អាច​ធ្វើ​ដូច​នេះ​ចំពោះ​បង​ប្អូន​ឯ​ទៀត។ បើ​ធ្វើ​ដូច្នេះ យើង​នឹង​បាន​ពិភាក្សា​ជា​មួយ​បង​ប្អូន​ស្ទើរតែ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ក្នុង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ខ្វល់ខ្វាយ​ទេ បើ​មិន​បាន​និយាយ​ជា​មួយ​បង​ប្អូន​ទាំង​អស់​នៅ​កិច្ច​ប្រជុំ។ មិន​គប្បី​ឲ្យ​បង​ប្អូន​ឯ​ទៀត​អាក់​អន់​ចិត្ត​ទេ បើ​យើង​មិន​អាច​សួរ​សុខទុក្ខ​ពួក​គាត់​រាល់​ដង​នៅ​កិច្ច​ប្រជុំ។

១០​. តើ​យើង​ទាំង​អស់​គ្នា​មាន​ឱកាស​ពិសេស​អ្វី? ហើយ​តើ​យើង​អាច​ឆ្លៀត​យក​ប្រយោជន៍​ពី​ឱកាស​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

១០ ការ​សួរ​សុខទុក្ខ​អ្នក​ឯ​ទៀត​ជា​ជំហាន​ដំបូង​ក្នុង​ការ​ស្វាគមន៍​ពួក​គាត់។ នេះ​ជា​ជំហាន​ដែល​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ល្អ​និង​មាន​ចំណង​មិត្តភាព​ដែល​ស្ថិតស្ថេរ​យូរ​អង្វែង។ ជា​ឧទាហរណ៍ ពេល​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​សន្និបាត​និង​មហាសន្និបាត​ណែនាំ​ខ្លួន​ឯង​ឲ្យ​ស្គាល់​អ្នក​ឯ​ទៀត​ហើយ​ចាប់​ផ្ដើម​សំណេះសំណាល​ជា​មួយ​គ្នា នោះ​ពួក​គាត់​នឹង​ទន្ទឹង​ចាំ​ជួប​គ្នា​ម្ដង​ទៀត។ អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​សាងសង់​សាល​ប្រជុំ ឬ​អស់​អ្នក​ដែល​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ ច្រើន​តែ​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា ដោយ​ព្រោះ​ពួក​គាត់​បាន​ឃើញ​លក្ខណៈ​ល្អ​ៗ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ធ្វើ​កិច្ចការ​ជា​មួយ​គ្នា។ ត្រូវ​ហើយ ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ពិត​ជា​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្កើត​ឲ្យ​មាន​មិត្ត​ភក្ដិ​ដែល​ស្ថិតស្ថេរ​យូរ​អង្វែង។ បើ​យើង​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ នោះ​យើង​នឹង​មាន​មិត្ត​ភក្ដិ​កាន់​តែ​ច្រើន ហើយ​នេះ​នឹង​ជួយ​ពង្រឹង​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។

ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត

១១​. ដូច​បាន​ឃើញ​នៅ​សៀវភៅ​ម៉ាកុស ១០:១៣​-​១៦ តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ឲ្យ​យើង?

១១ គ្រិស្ត​សាសនិក​ទាំង​ឡាយ​អាច​ព្យាយាម​ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត ពេល​អ្នក​កាន់​តាម​របស់​លោក​ខំ​ឃាត់​មាតាបិតា​កុំ​ឲ្យ​យក​កូន​ៗ​របស់​គេ​មក​ជួប​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ក្មេង​ទាំង​នេះ​»។ ក្រោយ​មក ​«​លោក​ឱប​កូន​ក្មេង​ទាំង​នោះ ហើយ​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួក​គេ​»។ (​ម៉ាក. ១០:១៣​-​១៦​) សូម​ស្រមៃ​គិត​ថា​កូន​ក្មេង​ទាំង​នោះ​សប្បាយ​ចិត្ត​ប៉ុណ្ណា! ពេល​គ្រូ​ដ៏​ឧត្តម​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ទៅ​លើ​ពួក​គាត់។

១២​. តើ​អ្វី​ខ្លះ​អាច​រារាំង​យើង​ពី​ការ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត?

១២ គ្រិស្ត​សាសនិក​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត ឬ​ក៏​ខ្ញុំ​ច្រើន​តែ​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្ញុំ​រវល់​ពេក?›។ មាន​ទម្លាប់​ខ្លះ​ដែល​មិន​ខុស​ទេ តែ​ជួនកាល​អាច​ជា​ឧបសគ្គ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មិន​ចង់​និយាយ​ជា​មួយ​យើង។ ជា​ឧទាហរណ៍ បើ​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ឯ​ទៀត ហើយ​ជា​រឿយ​ៗ​ប្រើ​ទូរស័ព្ទ​ដៃ​ឬ​កាស​ដើម្បី​ស្ដាប់​អ្វី​មួយ នោះ​យើង​ប្រហែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា យើង​មិន​ចង់​និយាយ​ជា​មួយ​ពួក​គាត់។ បើ​អ្នក​ឯ​ទៀត​ឃើញ​ថា យើង​ជក់​មើល​កុំព្យូទ័រ (​Pocket PC​) ពួក​គាត់​ប្រហែលជា​សន្និដ្ឋាន​ថា​យើង​មិន​ចាប់​អារម្មណ៍​នឹង​ពួក​គាត់​ឡើយ។ ពិត​មែន​តែ​«​មាន​ពេល​ដែល​[​យើង​]​គួរ​នៅ​ស្ងៀម​»​ ប៉ុន្តែ​ពេល​យើង​នៅ​ជា​មួយ​អ្នក​ឯ​ទៀត នោះ​គឺ​ច្រើន​តែ​«​ពេល​សំ​រាប់​និយាយ​»។ (​សាស្ដ. ៣:៧​) អ្នក​ខ្លះ​ប្រហែលជា​និយាយ​ថា ​«​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​សំណេះសំណាល​ទេ​»​ ឬ​«​ខ្ញុំ​គ្មាន​អារម្មណ៍​ចង់​និយាយ​ពេល​ព្រឹក​»។ ក៏​ប៉ុន្តែ បើ​យើង​និយាយ​ដោយ​រាក់​ទាក់​ទោះ​ជា​គ្មាន​អារម្មណ៍​ចង់​និយាយ​ក៏​ដោយ នោះ​ជា​ទី​សំ​អាង​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​«​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—១​កូ. ១៣:៥

១៣​. តើ​ប៉ូល​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​មាន​ទស្សនៈ​អ្វី​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

១៣ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ដែល​មាន​វ័យ​ក្មេង​ឲ្យ​គោរព​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ (​សូម​អាន ធីម៉ូថេទី១ ៥:១, ២​) យើង​ក៏​គួរ​ចាត់​ទុក​បង​ប្អូន​វ័យ​ចាស់​ដូច​ជា​ម្ដាយ​និង​ឪពុក​របស់​យើង ហើយ​បង​ប្អូន​វ័យ​ក្មេង​ដូច​ជា​បង​ប្អូន​បង្កើត។ ពេល​យើង​មាន​ចិត្ត​គំនិត​ដូច​នេះ នោះ​គ្មាន​បង​ប្អូន​ជា​ទី​ស្រឡាញ់​ណា​នឹង​មាន​អារម្មណ៍​ថា ពួក​គាត់​ហាក់​ដូច​ជា​មនុស្ស​ដែល​យើង​មិន​ស្គាល់​ពេល​នៅ​ជា​មួយ​យើង។

១៤​. តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែល​មក​ពី​ការ​និយាយ​លើក​ទឹក​ចិត្ត​គ្នា?

១៤ ពេល​យើង​និយាយ​លើក​ទឹក​ចិត្ត​គ្នា នោះ​យើង​ជួយ​អ្នក​ដែល​សន្ទនា​ជា​មួយ​យើង​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​និង​មាន​សុខភាព​ល្អ​ខាង​ផ្លូវ​ចិត្ត។ បង​ប្រុស​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​សាខា នៅ​តែ​ចាំ​បង​ប្អូន​វ័យ​ចាស់​ពីរ​បី​នាក់​នៅ​បេតអែល​ដែល​ចំណាយ​ពេល​និយាយ​ជា​មួយ​គាត់​ជា​រឿយ​ៗ ពេល​ដែល​គាត់​ទើប​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​បេតអែល។ ពាក្យ​សម្ដី​ដ៏​លើក​ទឹក​ចិត្ត​របស់​ពួក​គាត់​ធ្វើ​ឲ្យ​បង​ប្រុស​នេះ​មាន​អារម្មណ៍​ថា ក្រុម​គ្រួសារ​បេតអែល​ពិត​ជា​ស្រឡាញ់​គាត់​មែន។ ឥឡូវ គាត់​ខំ​ធ្វើ​តាម​គំរូ​របស់​បង​ប្អូន​វ័យ​ចាស់​ពីរ​បី​នាក់​នោះ​ដោយ​សន្ទនា​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ដែល​ធ្វើ​ការ​នៅ​បេតអែល។

ការ​បន្ទាប​ខ្លួន​ជួយ​ឲ្យ​យើង​រក​ជា​ជា​មួយ​បង​ប្អូន

១៥​. តើ​អ្វី​បង្ហាញ​ថា​ជួនកាល​យើង​ក៏​អាច​មាន​ទំនាស់​ដែរ?

១៥ បង​ស្រី​រួម​ជំនឿ​ពីរ​នាក់​នៅ​ក្រុង​ភីលីព​ពី​បុរាណ ឈ្មោះ​អឺរ៉ូឌា​និង​ស៊ីនទីច មើល​ទៅ​ពិបាក​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គាត់​មាន​ជា​មួយ​គ្នា។ (​ភី. ៤:២, ៣​) បង​ប្អូន​ជា​ច្រើន​បាន​ឮ​អំពី​ការ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​រវាង​ប៉ូល​និង​បាណាបាស ហើយ​ការ​ប្រកែក​គ្នា​នោះ​នាំ​ឲ្យ​ពួក​គាត់​ចែក​ផ្លូវ​គ្នា​អស់​មួយ​រយៈ។ (​សកម្ម. ១៥:៣៧​-​៣៩​) កំណត់​ហេតុ​ទាំង​នេះ​បង្ហាញ​ថា ជួនកាល​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​ក៏​មាន​ទំនាស់​ដែរ។ ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដល់​យើង​ដើម្បី​ដោះ​ស្រាយ​ទំនាស់ ហើយ​ចង​មិត្តភាព​ជា​មួយ​គ្នា​ម្ដង​ទៀត។ ក៏​ប៉ុន្តែ លោក​តម្រូវ​អ្វី​មួយ​ពី​យើង។

១៦, ១៧​. (​ក​) តើ​ការ​បន្ទាប​ខ្លួន​សំខាន់​ប៉ុណ្ណា​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់? (​ខ​)​ តើ​កំណត់​ហេតុ​អំពី​ការ​ធ្វើ​ដំណើរ​របស់​យ៉ាកុប​ទៅ​ជួប​អេសាវ​បង្ហាញ​ពី​តម្លៃ​នៃ​ការ​បន្ទាប​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៦ សូម​ស្រមៃ​គិត​ថា អ្នក​ព្រម​ទាំង​មិត្ត​ភក្ដិ​នឹង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។ ដំណាក់​កាល​ដំបូង​ដើម្បី​អាច​ទៅ​ដល់​កន្លែង​ដែល​អ្នក​ចង់​ទៅ គឺ​អ្នក​ត្រូវ​កាច់​កូន​សោ​ម៉ូតូ។ ស្រ​ដៀង​គ្នា​ដែរ ការ​បន្ទាប​ខ្លួន​គឺ​ដូច​កូន​សោ​នោះ។ ការ​បន្ទាប​ខ្លួន​ជា​ដំណាក់​កាល​ដំបូង​ដើម្បី​សម្រេច​គោលដៅ​របស់​យើង ពោល​គឺ​ដោះ​ស្រាយ​ទំនាស់​ដើម្បី​យើង​អាច​ត្រូវ​គ្នា​វិញ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន យ៉ាកុប ៤:១០​) ការ​បន្ទាប​ខ្លួន​អនុញ្ញាត​ឲ្យ​គូ​ទំនាស់​ទាំង​សង​ខាង ចាប់​ផ្ដើម​អនុវត្ត​តាម​គោលការណ៍​គម្ពីរ ដូច​ឧទាហរណ៍​ខាង​ក្រោម​ដែល​មាន​ក្នុង​គម្ពីរ​បង្ហាញ។

១៧ ម្ភៃ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តាំង​ពី​ពេល​អេសាវ​ខឹង​នឹង​បង​ប្អូន​ភ្លោះ​របស់​គាត់​ឈ្មោះ​យ៉ាកុប ដោយ​សារ​បាត់បង់​អំណាច​មត៌ក​ជា​បង​ច្បង ហើយ​គាត់​ចង់​សម្លាប់​យ៉ាកុប។ ពេល​ពួក​គាត់​ជិត​ជួប​គ្នា នោះ​«​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង​»។ គាត់​គិត​ថា​អេសាវ​ទំនង​ជា​ពាធា​គាត់។ ប៉ុន្តែ ពេល​ជួប​គ្នា​នោះ យ៉ាកុប​បាន​ធ្វើ​អ្វី​មួយ​ដែល​អេសាវ​នឹក​ស្មាន​មិន​ដល់។ យ៉ាកុប​បាន​​«​ឱនក្រាប​ចុះ​ដល់​ដី​»​កាល​ដែល​ជិត​ដល់។ តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក? ​«​អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់​»។ ពួក​គាត់​បាន​ជៀស​ផុត​ពី​ការ​ប្រយុទ្ធ​គ្នា។ ការ​ស្អប់​ណា​ក៏​ដោយ​ដែល​អេសាវ​ប្រហែលជា​មាន​យូរ​ឆ្នាំ​មក​ហើយ​បាន​រលាយ​សាប​សូន្យ ដោយ​សារ​យ៉ាកុប​បាន​បន្ទាប​ខ្លួន។—លោ. ២៧:៤១; ៣២:៣​-​៨; ៣៣:៣, ៤

១៨, ១៩​. (​ក​) ពេល​មាន​ទំនាស់ ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​អនុវត្ត​តាម​ឱវាទ​ក្នុង​គម្ពីរ​ជា​ជាង​ចាំ​ឲ្យ​គូ​ទំនាស់​ធ្វើ​មុន? (​ខ​)​ ហេតុ​អ្វី​យើង​មិន​គួរ​អស់​សង្ឃឹម​បើ​មិន​បាន​ផល​ដូច​ចិត្ត​ប៉ង​ភ្លាម​ៗ​?

១៨ គម្ពីរ​មាន​ដំបូន្មាន​ដ៏​ល្អ​ប្រពៃ​ស្តី​អំពី​ការ​ដោះ​ស្រាយ​ទំនាស់។ (​ម៉ាថ. ៥:២៣, ២៤; ១៨:១៥​-​១៧; អេភ. ៤:២៦, ២៧​)​ * ប៉ុន្តែ យើង​នឹង​ពិបាក​រក​ជា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​មែន លើក​លែង​តែ​យើង​អនុវត្ត​តាម​ដំបូន្មាន​ទាំង​នោះ​ដោយ​បន្ទាប​ខ្លួន។ ការ​ចាំ​អ្នក​ឯ​ទៀត​ឲ្យ​បន្ទាប​ខ្លួន​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ ពីព្រោះ​យើង​ក៏​អាច​បន្ទាប​ខ្លួន​បាន​ដែរ។

១៩ ប្រសិនបើ​យើង​ទៅ​រក​ជា​ជា​មួយ​បង​ប្អូន​លើក​ដំបូង ហើយ​មិន​បាន​ផល​ដូច​ចិត្ត​ប៉ង​ដោយ​ព្រោះ​មូលហេតុ​ណា​មួយ នោះ​យើង​មិន​គួរ​អស់​សង្ឃឹម​ទេ។ បង​ប្អូន​នោះ​ប្រហែលជា​ត្រូវ​ការ​ពេល​ដើម្បី​សម្រួល​ចិត្ត​របស់​គាត់។ បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​ក្បត់​គាត់។ ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ មុន​ដែល​ពួក​គាត់​ជួប​យ៉ូសែប​ម្ដង​ទៀត ហើយ​នៅ​ពេល​នោះ​យ៉ូសែប​ជានា​យក​រដ្ឋ​មន្ត្រី​ប្រទេស​អេស៊ីប។ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គាត់​បាន​ប្រែ​ចិត្ត​ហើយ​អង្វរ​សុំ​ការ​អភ័យទោស។ យ៉ូសែប​បាន​អភ័យទោស​ឲ្យ​ពួក​គាត់ ហើយ​បុត្រ​របស់​យ៉ាកុប​ក្លាយ​ទៅ​ជា​សាសន៍​ដែល​មាន​ឯកសិទ្ធិ​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា។ (​លោ. ៥០:​១៥​-​២១​) ដោយ​នៅ​តែ​ត្រូវ​គ្នា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ នោះ​យើង​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គី​ភាព​និង​អំណរ។—សូម​អាន កូឡុស ៣:​១២​-​១៤

ចូរ​យើង​ស្រឡាញ់​រាប់​អាន​អ្នក​ឯ​ទៀត​«​ដោយ​ការ​ប្រព្រឹត្ត​និង​ដោយ​សេចក្ដី​ពិត​»​

២០, ២១​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ពេល​ដែល​លោក​យេស៊ូ​លាង​ជើង​របស់​ពួក​សាវ័ក?

២០ មិន​យូរ​មុន​លោក​យេស៊ូ​ទទួល​មរណភាព លោក​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៣:១៥​) លោក​ទើប​តែ​បាន​លាង​ជើង​របស់​ពួក​សាវ័ក​១២​នាក់។ អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នោះ មិន​មែន​ដោយ​សារ​ទំនៀម​ទម្លាប់​ឬ​ដោយ​ក្ដី​សប្បុរស​ប៉ុណ្ណោះ​ឡើយ។ មុន​យ៉ូហាន​រៀប​រាប់​កំណត់​ហេតុ​អំពី​លោក​យេស៊ូ​លាង​ជើង​ពួក​សាវ័ក គាត់​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​លោក​ស្រឡាញ់​ពួក​អ្នក​ដែល​ជា​របស់​លោក ដែល​នៅ​ក្នុង​ពិភព​លោក​នេះ នោះ​លោក​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត​»។ (​យ៉ូន. ១៣:១​) ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ចំពោះ​ពួក​សាវ័ក នោះ​ជំរុញ​លោក​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ធម្មតា​ជា​កិច្ចការ​របស់​ខ្ញុំ​បម្រើ។ ពួក​គាត់​ត្រូវ​ចេះ​បន្ទាប​ខ្លួន​ដើម្បី​ប្រព្រឹត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជា​បង​ប្អូន​គ្នា​គួរ​ជំរុញ​យើង​ឲ្យ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់។

២១ សាវ័ក​ពេត្រុស​ដែល​បុត្រ​របស់​ព្រះ​បាន​លាង​ជើង​ឲ្យ​គាត់ បាន​យល់​ច្បាស់​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត។ គាត់​បាន​សរសេរ​ថា​៖ ​«​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​សម្អាត​ខ្លួន​ដោយ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត ហើយ​ជា​លទ្ធផល​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​គ្មាន​ពុត​ត្បុត នោះ​ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ (​១ពេ. ១:២២​) សាវ័ក​យ៉ូហាន​ដែល​លោក​ម្ចាស់​ក៏​បាន​លាង​ជើង​ឲ្យ​គាត់​ដែរ បាន​សរសេរ​ថា​៖ ​«​កូន​ៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ​»។ (​១​យ៉ូន. ៣:១៨​) សូម​ឲ្យ​ចិត្ត​ជំរុញ​យើង​ឲ្យ​បង្ហាញ​ថា យើង​មាន​សេចក្ដី​ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន​ដោយ​ការ​ប្រព្រឹត្ត។

[​កំណត់​សម្គាល់​]

^ វគ្គ 18 សូម​មើល​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បម្រើ​ព្រះ ខែ​មីនា ឆ្នាំ​២០០៩ ទំព័រ​៥​-​៧។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​យើង​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​វិធី​ណាខ្លះ?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត?

តើ​ការ​បន្ទាប​ខ្លួន​សំខាន់​ប៉ុណ្ណា​ក្នុង​ការ​រក​ជា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ?

តើ​អ្វី​គួរ​ជំរុញ​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​រួម​ជំនឿ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៤​]

ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​យ៉ាង​កក់​ក្ដៅ

[​រូបភាព​នៅ​ទំព័រ​២៦​]

កុំ​ខាន​ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត