តើសេចក្ដីអធិដ្ឋានរបស់អ្នកបញ្ជាក់ថាអ្នកជាមនុស្សប្រភេទណា?
តើសេចក្ដីអធិដ្ឋានរបស់អ្នកបញ្ជាក់ថាអ្នកជាមនុស្សប្រភេទណា?
«ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ! អស់ទាំងមនុស្សនឹងមូលមកឯទ្រង់»។—ទំនុក. ៦៥:២
១, ២. ហេតុអ្វីបានជាអ្នកបម្រើព្រះយេហូវ៉ាអាចមានទំនុកចិត្តថាលោកស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគាត់?
ព្រះយេហូវ៉ាមិនដែលធ្វើព្រងើយកន្តើយចំពោះសំណូមពរនៃអ្នកបម្រើស្មោះត្រង់របស់លោកទេ។ យើងអាចមានទំនុកចិត្តថា លោកស្ដាប់ការអង្វរកររបស់យើង។ ប្រសិនបើសាក្សីព្រះយេហូវ៉ារាប់លាននាក់អធិដ្ឋានទៅព្រះនៅពេលដំណាលគ្នា នោះលោកនៅតែស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគាត់ម្នាក់ៗបាន។
២ ដាវីឌដែលជាអ្នកតែងបទទំនុកតម្កើងមានទំនុកចិត្តថា ព្រះបានស្ដាប់សេចក្ដីអង្វររបស់គាត់ ដូច្នេះគាត់ច្រៀងថា៖ «ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ! អស់ទាំងមនុស្សនឹងមូលមកឯទ្រង់»។ (ទំនុក. ៦៥:២) ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់ដាវីឌ ពីព្រោះគាត់ជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។ យើងគួរសួរខ្លួនឯងថា៖ ‹តើការអង្វរសុំរបស់ខ្ញុំបង្ហាញថាខ្ញុំទុកចិត្តលើព្រះយេហូវ៉ា ហើយថាការគោរពប្រណិប័តន៍ដ៏ពិតជាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំទេ? តើសេចក្ដីអធិដ្ឋានរបស់ខ្ញុំបង្ហាញថាខ្ញុំជាមនុស្សប្រភេទណា?›។
អធិដ្ឋានទៅព្រះយេហូវ៉ាដោយមានចិត្តរាបទាប
៣, ៤. (ក) ពេលអធិដ្ឋានទៅព្រះ តើយើងគួរមានចិត្តបែបណា? (ខ) បើយើងធ្លាប់ធ្វើខុសធ្ងន់ធ្ងរ ហើយកំពុងកើតទុក្ខដោយសារតែងតែនឹកឃើញកំហុសនោះ តើយើងគួរធ្វើយ៉ាងណា?
៣ ប្រសិនបើយើងចង់ឲ្យព្រះធ្វើតាមសំណូមពររបស់យើង នោះយើងត្រូវអធិដ្ឋានទៅលោកដោយមានចិត្តរាបទាប។ (ទំនុក. ១៣៨:៦) យើងគួរសុំព្រះយេហូវ៉ាឲ្យពិនិត្យមើលចិត្តយើងដូចដាវីឌបានសុំដែរ ពេលគាត់ពោលថា៖ «ឱព្រះអង្គអើយ! សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង។ សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច»។ (ទំនុក. ១៣៩:២៣, ២៤) ដូច្នេះ យើងមិនត្រឹមតែអធិដ្ឋានប៉ុណ្ណោះ តែក៏ឲ្យព្រះពិនិត្យមើលយើង ហើយយើងក៏ធ្វើតាមដំបូន្មានដែលមានក្នុងបណ្ដាំរបស់លោក។ ព្រះយេហូវ៉ាអាចនាំយើង«តាមផ្លូវដ៏នៅអស់កល្បជានិច្ច» ដោយជួយយើងប្រព្រឹត្តតាមមាគ៌ាដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។
៤ ចុះយ៉ាងណាវិញបើយើងធ្លាប់ធ្វើខុសធ្ងន់ធ្ងរ ហើយកំពុងកើតទុក្ខដោយសារតែងតែនឹកឃើញកំហុសនោះ? (សូមអាន ទំនុកតម្កើង ៣២:១-៥) បើចិត្តយើងផ្ដន្ទាទោសថាយើងបានធ្វើខុស ប៉ុន្តែយើងចេះតែខំកម្ចាត់ចោលអារម្មណ៍នោះ នេះអាចធ្វើឲ្យយើងរីងរៃ ដូចដើមឈើដែលក្រៀមស្វិតពេលអាកាសធាតុក្ដៅខ្លាំង។ ដាវីឌបានធ្វើខុស ហើយនេះនាំឲ្យគាត់បាត់បង់អំណរ ថែមទាំងប្រហែលជាធ្វើឲ្យគាត់ឈឺដែរ។ ប៉ុន្តែ ពេលគាត់សារភាពកំហុសចំពោះព្រះ នេះធ្វើឲ្យគាត់ធូរចិត្តណាស់! សូមគិតអំពីអំណររបស់ដាវីឌពេលគាត់ដឹងថា ‹ការរំលងរបស់គាត់បានត្រូវអត់ទោសឲ្យ›ដោយព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ បើយើងសារភាពប្រាប់ព្រះពីអំពើខុសឆ្គងរបស់យើង នោះអាចនាំឲ្យយើងធូរស្រាលក្នុងចិត្ត បន្ថែមទៅទៀតជំនួយពីពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំក៏នឹងជួយអ្នកដែលធ្វើខុសឲ្យមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាឡើងវិញ។—សុភ. ២៨:១៣; យ៉ា. ៥:១៣-១៦
អង្វរព្រះហើយថ្លែងអំណរគុណដល់លោក
៥. តើយើងគួរអង្វរសុំព្រះយេហូវ៉ានៅពេលណា?
៥ ប្រសិនបើយើងខ្វល់ខ្វាយខ្លាំងដោយសារមូលហេតុណាមួយ នោះយើងគួរធ្វើតាមដំបូន្មានរបស់ប៉ូលដែលថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់»។ (ភី. ៤:៦) យើងគួរអង្វរសុំជំនួយនិងការណែនាំពីព្រះយេហូវ៉ា ជាពិសេសពេលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឬការបៀតបៀន។
៦, ៧. តើមានមូលហេតុអ្វីខ្លះដែលយើងគួរអរគុណព្រះពេលអធិដ្ឋាន?
៦ ប៉ុន្តែ ប្រសិនបើយើងគ្រាន់តែអធិដ្ឋានពេលត្រូវការអ្វីមួយ តើ១រប. ២៩:១១-១៣
នេះបង្ហាញថាយើងជាមនុស្សប្រភេទណាទៅ? ប៉ូលបានរៀបរាប់ថា យើងគួរជម្រាបព្រះអំពីសំណូមពររបស់យើង«ព្រមទាំងថ្លែងអំណរគុណ»ផងដែរ។ យើងពិតជាមានហេតុថ្លែងអំណរគុណដូចដាវីឌ ដែលបាននិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! ភាពដ៏ធំនឹងព្រះចេស្ដា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់។ ឱព្រះយេហូវ៉ាអើយ! រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ . . . ឱព្រះនៃយើងរាល់គ្នាអើយ! យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរ ព្រះនាមទ្រង់ដ៏មានសិរីល្អ»។—៧ លោកយេស៊ូបានអធិដ្ឋានអរគុណព្រះសម្រាប់អាហារ ហើយនំប៉័ងនិងស្រាទំពាំងបាយជូរដែលបានត្រូវប្រើនៅឯពិធីអាហារល្ងាចរបស់លោកម្ចាស់។ (ម៉ាថ. ១៥:៣៦; ម៉ាក. ១៤:២២, ២៣) យើងក៏គួរថ្លែងអំណរគុណជូនព្រះសម្រាប់អាហារដែលយើងមានផងដែរ។ ក្រៅពីនេះ គប្បីឲ្យយើង‹អរគុណដល់ព្រះយេហូវ៉ា› សម្រាប់«ការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ» «ច្បាប់ដ៏សុចរិតរបស់ទ្រង់» និងសម្រាប់សារឬបណ្ដាំរបស់លោកដែលមានក្នុងគម្ពីរ។—ទំនុក. ១០៧:១៥; ១១៩:៦២, ១០៥
អធិដ្ឋានអំពីអ្នកឯទៀត
៨, ៩. ហេតុអ្វីបានជាយើងគួរអធិដ្ឋានអំពីបងប្អូនរួមជំនឿ?
៨ ពិតប្រាកដណាស់ យើងអធិដ្ឋានអំពីរឿងរបស់យើងមែន តែយើងក៏គួរអធិដ្ឋានអំពីអ្នកឯទៀត រួមទាំងពួកគ្រិស្តសាសនិកដែលយើងមិនស្គាល់។ ថ្វីបើសាវ័កប៉ូលប្រហែលជាមិនស្គាល់បងប្អូនរួមជំនឿទាំងអស់នៅក្រុងកូឡុសក៏ដោយ គាត់បានសរសេរថា៖ «នៅពេលដែលយើងអធិដ្ឋានឲ្យអ្នករាល់គ្នា យើងតែងតែអរគុណព្រះជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ពីព្រោះយើងបានឮអំពីជំនឿដែលអ្នករាល់គ្នាមានក្នុងគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះពួកអ្នកបរិសុទ្ធទាំងអស់»។ (កូឡ. ១:៣, ៤) ប៉ូលក៏បានអធិដ្ឋានអំពីពួកគ្រិស្តសាសនិកនៅទីក្រុងថែស្សាឡូនិចដែរ។ (២ថែ. ១:១១, ១២) ពេលយើងអធិដ្ឋានអំពីបងប្អូនរួមជំនឿ នោះយើងបង្ហាញឲ្យឃើញច្បាស់អំពីលក្ខណៈរបស់យើងនិងចិត្តគំនិតរបស់យើងចំពោះពួកគាត់។
៩ ពេលដែលយើងអធិដ្ឋានអំពីពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងពួក«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគាត់ នោះជាទីសំអាងដែលបង្ហាញថា យើងយកចិត្តទុកដាក់នឹងអង្គការរបស់ព្រះ។ (យ៉ូន. ១០:១៦) ប៉ូលបានសុំបងប្អូនរួមជំនឿឲ្យអធិដ្ឋានឲ្យគាត់«ទទួលសមត្ថភាពនិយាយ . . . ដើម្បីផ្សព្វផ្សាយអំពីអាថ៌កំបាំងដ៏ពិសិដ្ឋនៃដំណឹងល្អ»។ (អេភ. ៦:១៧-២០) តើយើងអធិដ្ឋានអំពីបងប្អូនរួមជំនឿឯទៀតដូចនេះទេ?
១០. តើការអធិដ្ឋានអំពីអ្នកឯទៀតប្រហែលជាមានឥទ្ធិពលអ្វីលើយើង?
១០ ការអធិដ្ឋានអំពីអ្នកឯទៀតប្រហែលជានាំឲ្យយើងផ្លាស់ប្ដូរចិត្តគំនិតរបស់យើងចំពោះពួកគាត់។ បើយើងមិនសូវចូលចិត្តបុគ្គលម្នាក់ តែយើងអធិដ្ឋានអំពីគាត់ យើងទំនងជាមិនប្រព្រឹត្តទៅលើគាត់ដោយគ្មានក្ដីស្រឡាញ់ទេ មែនទេ? (១យ៉ូន. ៤:២០, ២១) សេចក្ដីអធិដ្ឋានបែបនេះលើកទឹកចិត្ត ហើយលើកស្ទួយសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ។ ម្យ៉ាងទៀត សេចក្ដីអធិដ្ឋានបែបនេះបង្ហាញថាយើងមានក្ដីស្រឡាញ់ដូចគ្រិស្ត។ (យ៉ូន. ១៣:៣៤, ៣៥) គុណសម្បត្ដិនោះរួមចំណែកក្នុងផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។ តើយើងម្នាក់ៗអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធដល់យើង ថែមទាំងសុំជំនួយដើម្បីបង្ហាញផលដែលបង្កើតដោយសកម្មពលនោះ ដូចជាសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដី សប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត និងការចេះទប់ចិត្តទេ? (លូក. ១១:១៣; កាឡ. ៥:២២, ២៣) បើយើងធ្វើដូច្នោះមែន ពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងនឹងសឲ្យឃើញថា យើងកំពុងរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះ ហើយកំពុងប្រព្រឹត្តតាមការដឹកនាំនៃសកម្មពលនោះ។—សូមអាន កាឡាទី ៥:១៦, ២៥
១១. បើយើងសុំអ្នកឯទៀតអធិដ្ឋានឲ្យយើង ហេតុអ្វីនេះមិនខុស?
១១ ប្រសិនបើយើងដឹងថាកូនយើងកំពុងតែជួបប្រទះសេចក្ដីល្បួងឲ្យលួចចម្លងពេលប្រឡងនៅឯសាលា យើងគួរអធិដ្ឋានអំពីកូន ថែមទាំងប្រើបទគម្ពីរដើម្បីជួយកូនឲ្យប្រព្រឹត្តដោយទៀងត្រង់ ហើយមិនធ្វើអ្វីៗដែលខុស។ ប៉ូលបានប្រាប់ពួកគ្រិស្តសាសនិកនៅក្រុងកូរិនថូសថា៖ «យើងអធិដ្ឋានទៅព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើអាក្រក់ណាមួយឡើយ»។ (២កូ. ១៣:៧) ការអធិដ្ឋានដូចនេះបង្ហាញថាយើងមានចិត្តរាបទាប ហើយនោះគាប់ចិត្តព្រះយេហូវ៉ា ព្រមទាំងបង្ហាញឲ្យឃើញគុណសម្បត្ដិរបស់យើង។ (សូមអាន សុភាសិត ១៥:៨) ដូចសាវ័កប៉ូល យើងអាចសុំឲ្យអ្នកឯទៀតអធិដ្ឋានអំពីយើង។ ប៉ូលបានសរសេរថា៖ «ចូរបន្តអធិដ្ឋានឲ្យយើង ព្រោះយើងជឿជាក់ថាចិត្តរបស់យើងនឹងវិនិច្ឆ័យយើងថាគ្មានទោស ព្រោះយើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។—ហេ. ១៣:១៨
សេចក្ដីអធិដ្ឋានបញ្ជាក់អ្វីទៀតអំពីយើង
១២. តើយើងគួរអធិដ្ឋានអំពីរឿងសំខាន់ៗណាខ្លះ?
១២ តើសេចក្ដីអធិដ្ឋានរបស់យើងបង្ហាញថាយើងជាសាក្សីព្រះយេហូវ៉ាដែលខ្នះខ្នែងនិងមានចិត្តសប្បាយទេ? ពេលយើងអង្វរសុំព្រះ តើយើងប្រមូលអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់លោក ការផ្សព្វផ្សាយដំណឹងល្អ ភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងការធ្វើឲ្យនាមលោកបរិសុទ្ធទេ? យើងគួរអធិដ្ឋានអំពីរឿងសំខាន់ទាំងនេះ ដូចសេចក្ដីអធិដ្ឋានជាគំរូរបស់លោកយេស៊ូបានបង្ហាញ។ សេចក្ដីអធិដ្ឋាននោះមានពាក្យផ្ដើមថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថ. ៦:៩, ១០
១៣, ១៤. តើសេចក្ដីអធិដ្ឋានបង្ហាញអ្វីអំពីយើង?
១៣ សេចក្ដីអធិដ្ឋានរបស់យើងទៅព្រះបង្ហាញពីបំណង ចំណាប់អារម្មណ៍ និងសេចក្ដីប៉ងប្រាថ្នារបស់យើង។ ព្រះយេហូវ៉ាជ្រាបថាយើងជាមនុស្សប្រភេទណា។ សុភាសិត ១៧:៣ចែងថា៖ «មនុស្សប្រើបាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ»។ ព្រះឃើញអ្វីដែលមានក្នុងចិត្តយើង។ (១សាំ. ១៦:៧) លោកជ្រាបពីអារម្មណ៍ដែលយើងមានចំពោះកិច្ចប្រជុំ កិច្ចផ្សព្វផ្សាយ និងបងប្អូនរួមជំនឿរបស់យើង។ ព្រះយេហូវ៉ាដឹងពីអ្វីដែលយើងគិតអំពី«បងប្អូន»របស់គ្រិស្ត។ (ម៉ាថ. ២៥:៤០) លោកដឹងថាយើងពិតជាចង់បានអ្វីដែលយើងអធិដ្ឋាន ឬគ្រាន់តែពោលពាក្យច្រំដែលៗប៉ុណ្ណោះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ពេលដែលអធិដ្ឋាន កុំពោលពាក្យដដែលៗ ដូចជនជាតិដទៃឡើយ ព្រោះពួកគេ[ស្មានខុស]ថា ព្រះនឹងស្ដាប់ពួកគេដោយសារបានពោលពាក្យជាច្រើន»។—ម៉ាថ. ៦:៧
១៤ ពាក្យដែលយើងប្រើក្នុងសេចក្ដីអធិដ្ឋានក៏បង្ហាញថាយើងពឹងផ្អែកលើព្រះប៉ុណ្ណា។ ដាវីឌបានពោលថា៖ «[ព្រះយេហូវ៉ា]បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំឲ្យរួចពីខ្មាំងសត្រូវ។ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំងក្រោមស្លាបទ្រង់»។ (ទំនុក. ៦១:៣, ៤) ពេលព្រះ‹រៀបចំត្រសាលមួយដើម្បីការពារយើង›ក្នុងន័យធៀប នោះលោកនឹងថែរក្សាយើង។ (បប. ៧:១៥) តាមរយៈសេចក្ដីអធិដ្ឋានយើងអាចមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា ហើយយើងជឿជាក់ថា ពេលមានអ្វីល្បងលជំនឿរបស់យើង នោះលោកនឹង‹នៅខាងយើង› ហើយនេះពិតជាសម្រាលទុក្ខយើងមែន!—សូមអាន ទំនុកតម្កើង ១១៨:៥-៩
១៥, ១៦. តើសេចក្ដីអធិដ្ឋានប្រហែលជាជួយយើងឲ្យឃើញអ្វីស្តីអំពីក្ដីប៉ងប្រាថ្នាចង់បានឯកសិទ្ធិក្នុងក្រុមជំនុំ?
១៥ បើអធិដ្ឋានជម្រាបព្រះយេហូវ៉ាដោយឥតលាក់លៀមអំពីបំណងរបស់យើង នេះអាចជួយយើងឃើញច្បាស់ថា បំណងនោះល្អឬមិនល្អ។ ជាឧទាហរណ៍ បើយើងចង់បានយ៉ាងខ្លាំងនូវមុខងារជាអ្នកត្រួតពិនិត្យក្នុងចំណោមរាស្ត្ររបស់ព្រះ តើយើងពិតជាមានចិត្តរាបទាបចង់យ៉ូហានទី៣ ៩, ១០; លូកា ២២:២៤-២៧) បើយើងមានក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ នោះការអធិដ្ឋានដោយឥតលាក់លៀមទៅព្រះយេហូវ៉ាអាចជួយយើងឃើញច្បាស់នូវក្ដីប៉ងប្រាថ្នានោះ ហើយក៏អាចជួយយើងកែប្រែមុនវាចាក់ឫសយ៉ាងជ្រៅក្នុងចិត្តយើង។
ជួយនិងខំអស់ពីសមត្ថភាពដើម្បីចម្រើនផលប្រយោជន៍នៃរាជាណាចក្ររបស់ព្រះទេ? ឬតើយើងចង់ធ្វើជា«អ្នកធំជាងគេ» ឬក៏«ត្រួតត្រាលើ»អ្នកឯទៀតវិញ? ចិត្តគំនិតនេះមិនគួរមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាទេ។ (សូមអាន១៦ ភរិយាដែលជាគ្រិស្តសាសនិកប្រហែលជាមានចំណង់ខ្លាំងឲ្យស្វាមីបម្រើជាជំនួយការខាងកិច្ចបម្រើ ហើយនៅទីបំផុតប្រហែលជាទៅជាអ្នកត្រួតពិនិត្យឬអ្នកចាស់ទុំ។ បងស្រីៗទាំងនេះប្រហែលជាធ្វើតាមពាក្យដែលពួកគាត់ពោលក្នុងការអធិដ្ឋានរបស់ខ្លួន ដោយខំធ្វើជាគំរូល្អសម្រាប់អ្នកឯទៀត។ ការធ្វើដូចនេះគឺសំខាន់ ព្រោះពាក្យសម្ដីនិងការប្រព្រឹត្តនៃក្រុមគ្រួសាររបស់បងប្រុស មានឥទ្ធិពលទៅលើរបៀបដែលបងប្អូនក្នុងក្រុមជំនុំមានទស្សនៈចំពោះគាត់។
ពេលអធិដ្ឋានតំណាងឲ្យក្រុមជំនុំ
១៧. ពេលខ្លះ ហេតុអ្វីជាការល្អបើយើងនៅដាច់ដោយឡែកពីអ្នកដទៃពេលអធិដ្ឋាន?
១៧ ជាញឹកញយ លោកយេស៊ូបានទៅឆ្ងាយពីបណ្ដាជនដើម្បីអធិដ្ឋានទៅបិតានៅស្ថានសួគ៌។ (ម៉ាថ. ១៤:១៣; លូក. ៥:១៦; ៦:១២) ពេលខ្លះ យើងក៏ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃដើម្បីអធិដ្ឋានដែរ។ ពេលយើងអធិដ្ឋានដោយចិត្តស្ងប់នៅកន្លែងស្ងាត់ នោះយើងទំនងជាសម្រេចចិត្តធ្វើអ្វីដែលផ្គាប់ចិត្តព្រះយេហូវ៉ា ហើយជួយយើងមានជំហររឹងមាំក្នុងការគោរពប្រណិប័តន៍លោក។ ក៏ប៉ុន្តែ លោកយេស៊ូក៏បានអធិដ្ឋានជាសាធារណៈដែរ ហើយយកល្អឲ្យយើងពិចារណានូវរបៀបត្រឹមត្រូវដែលយើងគួរអធិដ្ឋានជាសាធារណៈ។
១៨. តើបងប្រុសៗគួរចងចាំចំណុចអ្វីខ្លះពេលអធិដ្ឋានជាសាធារណៈតំណាងឲ្យក្រុមជំនុំ?
១៨ នៅកិច្ចប្រជុំរបស់យើង បងប្រុសដែលមានភក្ដីភាពអធិដ្ឋានជាសាធារណៈតំណាងឲ្យក្រុមជំនុំ។ (១ធី. ២:៨) ធម្មតាពេលអធិដ្ឋានចប់ បងប្អូនជាអ្នកស្ដាប់ពោលពាក្យ«អាមេន» ដែលមានន័យថា«សូមឲ្យបានសម្រេចដូចបំណង»។ ប៉ុន្តែ ដើម្បីឲ្យបងប្អូនអាចពោលពាក្យនេះបាន ពួកគាត់ត្រូវយល់ស្របនឹងការអធិដ្ឋាននោះ។ ក្នុងសេចក្ដីអធិដ្ឋានដែលជាគំរូរបស់លោកយេស៊ូ គ្មានអ្វីដែលនាំឲ្យទាស់ចិត្តឬប្រកាន់នោះទេ។ (លូក. ១១:២-៤) ម្យ៉ាងទៀត លោកមិនបានរៀបរាប់យ៉ាងល្អិតល្អន់អំពីសេចក្ដីត្រូវការឬបញ្ហារបស់អ្នកស្ដាប់ម្នាក់ៗនោះឡើយ។ ក្ដីខ្វល់ខ្វាយរបស់ខ្លួនជារឿងដែលសមរម្យសម្រាប់សេចក្ដីអធិដ្ឋានផ្ទាល់ខ្លួន មិនមែនពេលអធិដ្ឋានតំណាងឲ្យក្រុមមួយឡើយ។ ណាមួយទៀត ពេលអធិដ្ឋានតំណាងឲ្យក្រុមមួយ យើងមិនគួរប្រាប់រឿងសម្ងាត់ណាមួយទេ។
១៩. តើយើងគួរប្រព្រឹត្តយ៉ាងដូចម្ដេចក្នុងអំឡុងមានគេអធិដ្ឋានតំណាងឲ្យក្រុមជំនុំ?
១៩ ពេលបងប្រុសកំពុងអធិដ្ឋានតំណាងឲ្យក្រុមជំនុំ យើងត្រូវបង្ហាញការ«កោតខ្លាចព្រះ»។ (១ពេ. ២:១៧) មានការប្រព្រឹត្តខ្លះដែលមិនសមរម្យនៅកិច្ចប្រជុំ ដែលអាចធ្វើបាននៅពេលផ្សេងទៀត។ (សាស្ដ. ៣:១) ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលជាចង់ឲ្យបងប្អូនទាំងអស់ក្នុងក្រុមមួយ កៀកដៃឬកាន់ដៃគ្នាក្នុងអំឡុងការអធិដ្ឋាន។ ទង្វើនេះប្រហែលជានាំឲ្យអ្នកឯទៀតទើសចិត្តឬបំបែរអារម្មណ៍គេ រួមទាំងភ្ញៀវដែលមិនមានជំនឿដូចយើង។ គូស្វាមីភរិយាប្រហែលជាកាន់ដៃគ្នាដែលមិនបំបែរអារម្មណ៍អ្នកឯទៀត តែបើពួកគាត់ឱបគ្នាក្នុងអំឡុងមានគេអធិដ្ឋានតំណាងឲ្យក្រុមជំនុំ នោះអ្នកដែលឃើញការប្រព្រឹត្តនេះប្រហែលជាជំពប់ដួល។ អ្នកដែលឃើញនោះប្រហែលជាគិតឬយល់ថាគូស្វាមីភរិយានោះប្រមូលអារម្មណ៍ទៅលើក្ដីស្នេហារបស់ពួកគេជាជាងគោរពព្រះយេហូវ៉ា។ ដោយយើងគោរពព្រះយ៉ាងជ្រាលជ្រៅ សូមឲ្យយើង«ធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង» ហើយមិនប្រព្រឹត្តអ្វីដែលបំបែរអារម្មណ៍អ្នកឯទៀត ឬធ្វើឲ្យទើសចិត្ត ឬក៏ជំពប់ដួល។—១កូ. ១០:៣១, ៣២; ២កូ. ៦:៣
អធិដ្ឋានអំពីអ្វី?
២០. តើអ្នកនឹងពន្យល់បទគម្ពីរនៅសៀវភៅរ៉ូម ៨:២៦, ២៧យ៉ាងដូចម្ដេច?
២០ ជួនកាល យើងប្រហែលជាមិនដឹងថាគួរអធិដ្ឋានអំពីអ្វីក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួនទេ។ ប៉ូលបានសរសេរថា៖ «ពេលដែលយើងត្រូវអធិដ្ឋាន យើងមិនដឹងថាគួរអធិដ្ឋានអំពីអ្វីទេ ប៉ុន្តែសកម្មពល[បរិសុទ្ធ]អង្វរឲ្យយើងដែលថ្ងូរក្នុងចិត្ត។ តែ[ព្រះ]លោកដែលស្ទង់មើលចិត្ត ជ្រាបយល់អំពីអត្ថន័យនៃសកម្មពល»។ (រ៉ូម ៨:២៦, ២៧) ព្រះយេហូវ៉ាបានដឹកនាំមនុស្សឲ្យកត់ទុកសេចក្ដីអធិដ្ឋានជាច្រើនក្នុងបទគម្ពីរ។ លោកទទួលយកសេចក្ដីអង្វរទាំងនេះដែលមានក្នុងគម្ពីរហាក់ដូចជានោះជាសំណូមពររបស់យើង ហើយលោកធ្វើតាមសំណូមពរនោះដែរ។ ព្រះស្គាល់យើង និងយល់អត្ថន័យនៃអ្វីៗដែលសកម្មពលរបស់លោកបានដឹកនាំអ្នកសរសេរគម្ពីរឲ្យកត់ទុកនោះ។ ព្រះយេហូវ៉ាធ្វើតាមអ្វីដែលយើងសុំ ពេលសកម្មពលរបស់លោក«អង្វរ»ជំនួសយើង។ ប៉ុន្តែ កាលដែលយើងស្គាល់បណ្ដាំរបស់ព្រះកាន់តែច្បាស់ នោះស្រួលឲ្យយើងដឹងអ្វីដែលយើងគួរអធិដ្ឋាន។
២១. តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទបន្ទាប់?
២១ ដូចយើងបានរៀនហើយ សេចក្ដីអធិដ្ឋានរបស់យើងបញ្ជាក់ថាយើងជាមនុស្សប្រភេទណា។ ជាឧទាហរណ៍ សេចក្ដីអធិដ្ឋានប្រហែលជាបង្ហាញថា យើងមានភាពជិតស្និទ្ធខ្លាំងប៉ុណ្ណាជាមួយព្រះយេហូវ៉ា ហើយយើងស្គាល់បណ្ដាំរបស់លោកច្បាស់ប៉ុណ្ណា។ (យ៉ា. ៤:៨) នៅអត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលសេចក្ដីអធិដ្ឋាននិងពាក្យសម្ដីរបស់បុគ្គលខ្លះដែលបានកត់ទុកក្នុងគម្ពីរ។ តើការពិនិត្យមើលបទគម្ពីរនឹងមានឥទ្ធិពលអ្វីទៅលើសេចក្ដីអធិដ្ឋានរបស់យើងទៅព្រះ?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងគួរមានចិត្តយ៉ាងណាពេលអធិដ្ឋានទៅព្រះយេហូវ៉ា?
• ហេតុអ្វីគប្បីឲ្យយើងអធិដ្ឋានអំពីបងប្អូនរួមជំនឿ?
• តើសេចក្ដីអធិដ្ឋានប្រហែលជាបង្ហាញអ្វីអំពីយើងនិងបំណងរបស់យើង?
• តើយើងគួរប្រព្រឹត្តយ៉ាងដូចម្ដេចក្នុងអំឡុងមានគេអធិដ្ឋានតំណាងឲ្យក្រុមជំនុំ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១០]
តើអ្នកសរសើរហើយអរគុណព្រះយេហូវ៉ាជាទៀងទាត់ទេ?
[រូបភាពនៅទំព័រ១២]
ក្នុងអំឡុងមានគេអធិដ្ឋានតំណាងឲ្យក្រុមជំនុំ ការប្រព្រឹត្តរបស់យើងគួរលើកកិត្ដិយសព្រះយេហូវ៉ាជានិច្ច