លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំឲ្យបាត់បង់អំណរពេលមានទុក្ខលំបាក

កុំឲ្យបាត់បង់អំណរពេលមានទុក្ខលំបាក

កុំ​ឲ្យ​បាត់បង់​អំណរ​ពេល​មាន​ទុក្ខ​លំបាក

​​«​អស់​អ្នក​ដែល​ពឹង​ដល់​[​ព្រះ​យេហូវ៉ា​] គេ​នឹង​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជា​និច្ច​»។—ទំនុក. ៥:១១

១, ២​. (​ក​) សព្វ​ថ្ងៃ តើ​មាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន? (​ខ​) តើ​គ្រិស្ត​សាសនិក​ពិត​ត្រូវ​ស៊ូ​ទ្រាំ​នឹង​អ្វី​ខ្លះ ក្រៅ​ពីរ​ង​ទុក្ខ​លំបាក​ដូច​មនុស្ស​ទូទៅ​នោះ?

សាក្សី​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​ទុក្ខ​លំបាក​ផ្សេង​ៗ​ដូច​មនុស្ស​ឯ​ទៀត​ដែរ។ រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​ធ្លាប់​រង​គ្រោះ​ដោយ​អំពើ​អយុត្ដិធម៌ ដូច​ជា​បទ​ឧក្រិដ្ឋ​និង​សង្គ្រាម​ជា​ដើម។ មហន្តរាយ​ធម្មជាតិ ភាព​ក្រី​ក្រ ជំងឺ និង​សេចក្ដី​ស្លាប់​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ដែរ។ សាវ័ក​ប៉ូល​បាន​សរសេរ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​យើង​ដឹង​ថា អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ​»។ (​រ៉ូម ៨:២២​) យើង​ក៏​មាន​ការ​ពិបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង​របស់​យើង​ដែរ។ ដូច​ស្តេច​ដាវីឌ​ពី​បុរាណ យើង​អាច​និយាយ​ថា​៖ ​«​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ​បាន​ឡើង​លិច​ក្បាល​ទូល​បង្គំ​ហើយ ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល​បង្គំ​ទ្រាំ​មិន​បាន​»។—ទំនុក. ៣៨:៤

គ្រិស្ត​សាសនិក​ពិត​មិន​ត្រឹម​តែ​មាន​ទុក្ខ​លំបាក​ដូច​មនុស្ស​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ត្រូវ​លី​បង្គោល​ទារុណកម្ម​ដែរ​ក្នុង​ន័យ​ធៀប។ (​លូក. ១៤:២៧​) ពួក​គេ​ទទួល​ការ​បៀតបៀន និង​ត្រូវ​គេ​ស្អប់​ដូច​លោក​យេស៊ូ​ដែរ។ (​ម៉ាថ. ១០:២២, ២៣; យ៉ូន. ១៥:២០; ១៦:​២​) អាស្រ័យ​ហេតុ​នេះ យើង​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ណាស់ ទើប​អាច​កាន់​តាម​គ្រិស្ត​បាន ហើយ​ត្រូវ​ចេះ​ស៊ូ​ទ្រាំ កាល​ដែល​យើង​រង់​ចាំ​ទទួល​ពរ​នៅ​ពិភព​លោក​ថ្មី។—ម៉ាថ. ៧:១៣, ១៤; លូក. ១៣:២៤

៣​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា គ្រិស្ត​សាសនិក​មិន​ចាំ​បាច់​មាន​ជីវិត​ដែល​ជួប​តែ​ទុក្ខ​ព្រួយ​ទើប​ព្រះ​ពេញ​ចិត្ត​នោះ?

តើ​នេះ​មាន​ន័យ​ថា​ជីវិត​របស់​គ្រិស្ត​សាសនិក​ពិត​គឺ​មិន​សប្បាយ​ហើយ​គ្មាន​អំណរ​ឬ? តើ​ជីវិត​យើង​ត្រូវ​មាន​តែ​ទុក្ខ​ព្រួយ​និង​ក្ដី​សោកសៅ​រហូត​ទៅ​ដល់​ទី​បញ្ចប់​មក​ដល់​ឬ? យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​លោក​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ ម្ដង​ហើយ​ម្ដង​ទៀត គម្ពីរ​ពិពណ៌នា​អំពី​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​ថា​ជា​មនុស្ស​ដែល​រីករាយ។ (​សូម​អាន អេសាយ ៦៥:១៣, ១៤​) ទំនុកតម្កើង ៥:១១ ចែង​ថា​៖ ​«​អស់​អ្នក​ដែល​ពឹង​ដល់​[​ព្រះ​យេហូវ៉ា​] គេ​នឹង​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជា​និច្ច​»។ ត្រូវ​ហើយ ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ពិត​មែន ក៏​យើង​នៅ​តែ​អាច​មាន​អំណរ ចិត្ត​ស្ងប់​សុខសាន្ត និង​សុភមង្គល​ជា​ច្រើន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​គម្ពីរ​អាច​ជួយ​យើង​មិន​ឲ្យ​បាត់បង់​អំណរ​កាល​ដែល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។

ព្រះ​យេហូវ៉ា​ជា​​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​

៤​. ពេល​អ្នក​ឯ​ទៀត​មិន​អើពើ​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា?

ជា​ឧទាហរណ៍ សូម​គិត​អំពី​ព្រះ​យេហូវ៉ា។ ក្នុង​នាម​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត លោក​គ្រប់​គ្រង​លើស​កល​លោក​ទាំង​មូល។ លោក​មិន​ខ្វះ​អ្វី​សោះ​ហើយ​ក៏​មិន​ត្រូវ​ការ​អ្នក​ណា​ទេ។ ក៏​ប៉ុន្តែ ថ្វី​បើ​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ក៏​ដោយ លោក​ច្បាស់​ជា​ខក​ចិត្ត​ពេល​បុត្រ​វិញ្ញាណ​របស់​លោក​បះបោរ​ប្រឆាំង ហើយ​បាន​ក្លាយ​ទៅ​ជា​សាថាន។ ណា​មួយ​ទៀត ពេល​ទេវតា​ឯ​ទៀត​បាន​ចូល​រួម​ក្នុង​ការ​បះបោរ​ប្រឆាំង​នោះ នេះ​ពិត​ជា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​លោក។ ម្យ៉ាង​ទៀត សូម​គិត​អំពី​ការ​ឈឺ​ចិត្ត​របស់​ព្រះ ពេល​ដែល​ស្នា​ដៃ​ល្អ​ឯក​របស់​លោក​ក្នុង​ចំណោម​អ្វី​ដែល​លោក​បាន​បង្កើត​នៅ​ផែនដី ពោល​គឺ​អាដាម​និង​អេវ៉ា​ឈប់​ទទួល​ស្គាល់​លោក។ តាំង​ពី​ពេល​នោះ​មក កូន​ចៅ​រាប់​ពាន់​លាន​នាក់​របស់​ពួក​គេ​ក៏​បាន​បដិសេធ​ចោល​អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។—រ៉ូម ៣:២៣

៥​. តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ព្រួយ​ចិត្ត​ជាង​គេ?

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​បះបោរ​ប្រឆាំង​របស់​សាថាន​មិន​ទាន់​ស្រាក​ស្រាន្ត​ឡើយ។ អស់​៦០០០​ឆ្នាំ​ជាង ព្រះ​យេហូវ៉ា​បាន​ឃើញ​មនុស្ស​គោរព​បូជា​រូប​ព្រះ ធ្វើ​អំពើ​ឃោរឃៅ ឃាតកម្ម និង​អំពើ​អាក្រក់​ជួជាតិ​ខាង​ផ្លូវ​ភេទ។ (​លោ. ៦:៥, ៦, ១១, ១២​) ម្យ៉ាង​ទៀត លោក​បាន​ឮ​គេ​ភូតភរ​និង​ប្រមាថ​លោក​យ៉ាង​អាក្រក់។ ម្ដង​ម្កាល សូម្បី​តែ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​របស់​លោក​ក៏​បាន​បញ្ឈឺ​ចិត្ត​លោក​ផង​ដែរ។ គម្ពីរ​ពណ៌​នា​អំពី​ពេល​មួយ​ដែល​នេះ​បាន​កើត​ឡើង ដោយ​ចែង​ថា​៖ ​«​ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះបោរ​នឹង​ទ្រង់​នៅ​ទី​រហោ​ស្ថាន ហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ​ហឫទ័យ​នៅ​ទី​ល្ហល្ហេវ គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​»។ (​ទំនុក. ៧៨:៤០, ៤១​) ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បដិសេធ​លោក នោះ​លោក​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ (​យេ. ៣:១​-​១០​) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​រឿង​អាក្រក់​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ព្រួយ​ចិត្ត។—សូម​អាន អេសាយ ៦៣:៩, ១០

៦​. តើ​ព្រះ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ពិបាក​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​មាន​ទុក្ខ​ព្រួយ​ឬ​ខក​ចិត្ត នោះ​មិន​នាំ​ឲ្យ​លោក​ធ្វើ​អ្វី​មិន​កើត​នោះ​ទេ។ ពេល​មាន​បញ្ហា​កើត​ឡើង ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​កាត់​បន្ថយ​ផល​វិបាក​ដែល​មក​ពី​បញ្ហា​នោះ។ លោក​ក៏​មាន​គម្រោង​ការណ៍​រយៈ​ពេល​វែង​ដើម្បី​សម្រេច​បំណង​របស់​លោក​នៅ​ទី​បំផុត។ ដោយ​ចាត់​វិធានការ​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច ព្រះ​យេហូវ៉ា​អាច​មាន​អំណរ​កាល​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ការ​គ្រប់​គ្រង​របស់​លោក​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ ហើយ​អ្នក​គោរព​ប្រណិប័តន៍​លោក​នឹង​ទទួល​ពរ។ (​ទំនុក. ១០៤:៣១​) ដូច្នេះ ទោះ​ជា​មាន​ការ​តិះ​ដៀល​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​​«​មាន​សេចក្ដី​សប្បាយ​»​ជា​និច្ច។—១ធី. ១:១១; ទំនុក. ១៦:១១

៧, ៨​. ពេល​មាន​អ្វី​កើត​ឡើង​ខុស​ពី​បំណង​យើង តើ​យើង​អាចយ​ក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ពិត​មែន​តែ​យើង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ដូច​ព្រះ​យេហូវ៉ា​ក៏​ដោយ ប៉ុន្តែ​យើង​អាចយ​ក​តម្រាប់​តាម​លោក​កាល​ដែល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។ ពេល​មាន​អ្វី​កើត​ឡើង​ខុស​ពី​បំណង​របស់​យើង គឺជា​ការ​ធម្មតា​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត តែ​យើង​មិន​ចាំ​បាច់​ធ្លាក់​ទឹក​ចិត្ត​រហូត​ឡើយ។ ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​លោក ម្ល៉ោះ​ហើយ​យើង​មាន​សមត្ថភាព​គិត​គូរ​និង​មាន​ប្រាជ្ញា ដែល​ជួយ​យើង​ឲ្យ​ត្រិះរិះ​អំពី​បញ្ហា​របស់​យើង ព្រម​ទាំង​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​នោះ​បើ​អាច​ធ្វើ​ទៅ​បាន។

កត្ដា​សំខាន់​មួយ​ដែល​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​មាន​ក្នុង​ជីវិត គឺ​យើង​ត្រូវ​ទទួល​ស្គាល់​ថា មាន​រឿង​ខ្លះ​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ទោះ​ជា​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ។ ការ​ខ្វល់ខ្វាយ​អំពី​រឿង​ទាំង​នោះ​ប្រហែលជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង​កាន់​តែ​ខ្លាំង ថែម​ទាំង​នាំ​ឲ្យ​យើង​លែង​មាន​អំណរ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ក្រោយ​ពី​យើង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ យក​ល្អ​ឲ្យ​យើង​ឈប់​គិត​ច្រើន​អំពី​បញ្ហា​របស់​យើង ហើយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង។ កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​មាន​ដូច​ត​ទៅ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ។

ចាំ​បាច់​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល

៩​. តើ​ហាណា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​នាង​ជា​មនុស្ស​សម​ហេតុ​ផល?

សូម​ពិចារណា​អំពី​ហាណា ដែល​នៅ​ទី​បំផុត ក្លាយ​ទៅ​ជា​ម្ដាយ​របស់​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ នាង​ក្រៀម​ក្រំ​ចិត្ត​ដោយ​សារ​នាង​ជា​ស្រី​អារ ហើយ​នេះ​នាំ​ឲ្យ​គេ​ចំអក​មើល​ងាយ​និង​តិះ​ដៀល​នាង​ផង។ ជួនកាល ហាណា​ធ្លាក់​ទឹក​ចិត្ត​ដល់​ម្ល៉េះ ដែល​នាង​យំ​ហើយ​មិន​ព្រម​បរិភោគ​អ្វី​សោះ។ (​១សាំ. ១:២​-​៧​) នៅ​ពេល​មួយ​ដែល​ហាណា​ទៅ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា នោះ​នាង​មាន​​«​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​ទាំង​យំ​អណ្ដឺតអណ្ដក​»។ (​១សាំ. ១:១០​) ក្រោយ​ហាណា​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត នោះ​សម្ដេច​សង្ឃ​អេលី​បាន​ទៅ​ជួប​នាង​ហើយ​និយាយ​ថា​៖ ​«​សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំ​រេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ​»។ (​១សាំ. ១:១៧​) នៅ​ពេល​នោះ ហាណា​ដឹង​ច្បាស់​ថា​ដើម្បី​ឲ្យ​បាន​កូន នាង​បាន​ខំ​ធ្វើ​អស់ពី​លទ្ធភាព​ហើយ តែ​មិន​អាច​ផ្លាស់​ប្ដូរ​ស្ថានភាព​នោះ​ឡើយ។ ហាណា​បង្ហាញ​ថា​នាង​ជា​មនុស្ស​សម​ហេតុ​ផល។ ក្រោយ​មក នាង​​«​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ​»។—១សាំ. ១:១៨

១០​. ពេល​ប៉ូល​ប្រឈម​មុខ​បញ្ហា​មួយ​ដែល​គាត់​មិន​អាច​ដោះ​ស្រាយ តើ​គាត់​មាន​ទស្សនៈ​យ៉ាង​ណា?

១០ សាវ័ក​ប៉ូល​មាន​ទស្សនៈ​ស្រ​ដៀង​គ្នា​ដែរ ពេល​ឆ្លង​កាត់​ទុក្ខ​លំបាក។ គាត់​មាន​ជំងឺ​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​គាត់​ណាស់ ដែល​គាត់​ហៅ​ថា​​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»។ (​២កូ. ១២:៧​) ទោះ​ជា​ជំងឺ​នោះ​ជា​ជំងឺ​អ្វី​ក៏​ដោយ ប៉ូល​បាន​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ព្យាបាល​ខ្លួន ហើយ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ តើ​ប៉ូល​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​អស់​ប៉ុន្មាន​ដង? អស់​បី​ដង។ ក្រោយ​ពី​លើក​ទី​បី​ដែល​គាត់​អង្វរ​សុំ​នោះ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ប៉ូល​ដឹង​ថា លោក​នឹង​មិន​ដក​​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ដោយ​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ​ទេ។ ប៉ូល​ទទួល​យក​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​លោក​អស់ពី​សមត្ថភាព។—សូម​អាន កូរិនថូស​ទី​២ ១២:៨​-​១០

១១​. តើ​សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

១១ ឧទាហរណ៍​ទាំង​នេះ​មិន​បញ្ជាក់​ថា យើង​គួរ​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ស្តី​អំពី​រឿង​ដែល​ធ្វើ​ឲ្យ​យើង​ព្រួយ​ចិត្ត​នោះ​ទេ។ (​ទំនុក. ៨៦:​៧​) ផ្ទុយ​ទៅ​វិញ បណ្ដាំ​របស់​ព្រះ​ជំរុញ​ទឹក​ចិត្ត​យើង​ដោយ​ចែង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។ តើ​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ការ​អង្វរ​សុំ​និង​សំណូម​ពរ​ទាំង​នោះ? គម្ពីរ​បន្ថែម​ថា​៖ ​«​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភី. ៤:៦, ៧​) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ប្រហែលជា​មិន​បំបាត់​ចោល​បញ្ហា​របស់​យើង​ទេ តែ​លោក​អាច​ធ្វើ​តាម​សំណូម​ពរ​នោះ​ដោយ​ការពារ​សមត្ថភាព​រិះ​គិត​របស់​យើង។ ក្រោយ​យើង​អធិដ្ឋាន​អំពី​រឿង​ណា​មួយ យើង​ប្រហែល​ជា​យល់​ឃើញ​ថា ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។

រីករាយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ

១២​. ហេតុ​អ្វី​បាន​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​យូរ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

១២សុភាសិត ២៤:១០ បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ សុភាសិត​មួយ​ទៀត​ចែង​ថា​៖​«​វិញ្ញាណ​ត្រូវ​បាក់បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​»។ (​សុភ. ១៥:១៣​) ពួក​គ្រិស្ត​សាសនិក​ខ្លះ​បាន​ធ្លាក់​ទឹក​ចិត្ត ដល់​ម្ល៉េះ​ដែល​ពួក​គេ​ឈប់​អាន​គម្ពីរ​ហើយ​លែង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​តែ​ម្ដង។ ពួក​គេ​អធិដ្ឋាន​ឲ្យ​តែ​រួច ហើយ​ប្រហែលជា​នៅ​ដាច់​ដោយ​ឡែក​ពី​បង​ប្អូន​រួម​ជំនឿ។ នេះ​បង្ហាញ​ថា ការ​ធ្លាក់​ទឹក​ចិត្ត​យូរ​ពិត​ជា​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។—សុភ. ១៨:១, ១៤

១៣​. តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​អាច​កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​មួយ​កម្រិត?

១៣ ផ្ទុយ​ទៅ​វិញ ទស្សនៈ​ល្អ​នឹង​ជួយ​យើង​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​នាំ​ឲ្យ​យើង​រំភើប​ចិត្ត​និង​មាន​អំណរ​ក្នុង​ជីវិត។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។ (​ទំនុក. ៤០:៨​) ពេល​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ដែល​ខុស​ពី​បំណង​យើង យើង​ប្រាកដជា​មិន​ចង់​ឈប់​បំពេញ​ភារកិច្ច​របស់​យើង​ជា​គ្រិស្ត​សាសនិក​ឡើយ។ តាម​ពិត វិធី​ល្អ​ដើម្បី​កាត់​បន្ថយ​កង្វល់​គឺ​ដោយ​ចូល​រួម​ក្នុង​កិច្ចការ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ។ ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា បើ​យើង​អាន​ហើយ​ពិនិត្យ​មើល​បណ្ដាំ​របស់​លោក​យ៉ាង​ទៀង​ទាត់ នោះ​យើង​អាច​មាន​សុភមង្គល​បាន។ (​ទំនុក. ១:១, ២; យ៉ា. ១:២៥​) តាម​រយៈ​គម្ពីរ​បរិសុទ្ធ​និង​កិច្ច​ប្រជុំ យើង​ទទួល​​«​ពាក្យ​សំ​ដី​ពីរោះ​»​ដែល​អាច​លើក​ទឹក​ចិត្ត​យើង ថែម​ទាំង​ធ្វើ​ឲ្យ​យើង​រីករាយ​ផង​ដែរ។—សុភ. ១២:២៥; ១៦:២៤

១៤​. តើ​ព្រះ​យេហូវ៉ា​បាន​ធានា​យើង​អំពី​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​នៅ​ពេល​ឥឡូវ​នេះ?

១៤ ព្រះ​ផ្ដល់​ឲ្យ​យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​មាន​អំណរ។ សេចក្ដី​សង្គ្រោះ​ដែល​លោក​បាន​សន្យា ពិត​ជា​អ្វី​សំខាន់​មួយ​ដែល​នាំ​ឲ្យ​យើង​សប្បាយ​រីករាយ។ (​ទំនុក. ១៣:៥​) ទោះ​ជា​មាន​អ្វី​កើត​ឡើង​ដល់​យើង​នៅ​ពេល​ឥឡូវ​នេះ​ក៏​ដោយ យើង​ដឹង​ថា​នៅ​ទី​បំផុត ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដែល​ស្វែងរក​លោក​អស់ពី​ចិត្ត។ (​សូម​អាន សាស្ដា ៨:​១២​) ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​ការ​ជឿ​ជាក់​ដូច​នេះ ពេល​គាត់​សរសេរ​ថា​៖ ​«​ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំ​ការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់តែ​ខ្ញុំ​នឹង​រីករាយ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ​»។—ហាប. ៣:១៧, ១៨

«​សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ​»​

១៥, ១៦​. សូម​រៀប​រាប់​អំណោយ​ខ្លះ​ៗ​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ កាល​ដែល​យើង​រង់​ចាំ​ពរ​នៅ​អនាគត​កាល។

១៥ កាល​ដែល​យើង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ​នោះ បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺ​ចង់​ឲ្យ​យើង​សប្បាយ​នឹង​របស់​ល្អ​ៗ​ដែល​លោក​ផ្ដល់​ឲ្យ។ គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្វី​សំ​រាប់​[​មនុស្ស​ជាតិ​]​ដែល​វិសេស​ជាង​មាន​ចិត្ត​រីក​រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ។ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីក​រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​»។ (​សាស្ដ. ៣:១២, ១៣​) ការ​​«​រក​បាន​សេចក្ដី​ល្អ​»​រួម​បញ្ចូល​ការ​ធ្វើ​អំពើ​ល្អ​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ទទួល។ ការ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ប្ដី​ឬ​ប្រពន្ធ​របស់​យើង កូន មាតាបិតា និង​ញាតិ​សន្ដាន​ឯ​ទៀត​នាំ​ឲ្យ​យើង​មាន​ចិត្ត​ស្កប់​ស្កល់​យ៉ាង​ខ្លាំង។ (​សុភ. ៣:២៧​) ដោយ​ចេះ​ថែ​រក្សា​គ្នា ទទួល​ដោយ​រាក់​ទាក់ និង​អភ័យទោស​បង​ប្អូន​រួម​ជំនឿ​របស់​យើង ក៏​នាំ​ឲ្យ​មាន​អំណរ​ជា​ច្រើន ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដែរ។ (​កាឡ. ៦:១០; កូឡ. ៣:១២​-​១៤; ១ពេ. ៤:៨, ៩​) ម្យ៉ាង​ទៀត ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ដោយ​មាន​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន នោះ​ពិត​ជា​នាំ​ឲ្យ​យើង​ទទួល​ពរ​មែន។

១៦ ពាក្យ​ខាង​លើ​ដែល​មាន​នៅ​សៀវភៅ​សាស្ដា​រៀប​រាប់​អំពី​អ្វី​ៗ​ធម្មតា​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ​ក្នុង​ជីវិត ដូច​ជា​ការ​ពិសា​អាហារ​ជា​ដើម។ ត្រូវ​ហើយ ទោះ​ជា​យើង​រង​ទុក្ខ​លំបាក​ក៏​ពិត​មែន តែ​យើង​ក៏​អាច​មាន​អំណរ​ពី​របស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ ម្យ៉ាង​ទៀត យើង​អាច​គយ​គន់​មើល​ថ្ងៃ​លិច​ដ៏​សែន​ស្អាត ទេសភាព​អស្ចារ្យ មើល​កូន​សត្វ​ប្រឡែង​គ្នា និង​របស់​អស្ចារ្យ​ឯ​ទៀត​ក្នុង​ធម្មជាតិ​ដោយ​ឥត​គិត​ថ្លៃ ហើយ​របស់​ទាំង​អស់​នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​និង​កោត​សរសើរ​ព្រះ។ កាល​ដែល​យើង​សញ្ជឹង​គិត​អំពី​អ្វី​ទាំង​នោះ នេះ​នាំ​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន ព្រោះ​លោក​ជា​អ្នក​ដែល​ផ្ដល់​របស់​ល្អ​ៗ​ទាំង​អស់។

១៧​. តើ​អ្វី​នឹង​នាំ​ឲ្យ​យើង​លែង​មាន​ទុក្ខ​លំបាក? ហើយ​ទម្រាំ​ដល់​ពេល​នោះ តើ​អ្វី​នឹង​សម្រាល​ទុក្ខ​យើង?

១៧ បើ​យើង​ស្រឡាញ់​ព្រះ ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក និង​ជឿ​ទៅ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ នោះ​នៅ​ទី​បំផុត​នឹង​នាំ​ឲ្យ​យើង​លែង​មាន​ទុក្ខ​លំបាក​ដែល​មក​ពី​ជីវិត​មិន​ល្អ​ឥត​ខ្ចោះ ហើយ​នាំ​ឲ្យ​យើង​មាន​អំណរ​ជា​រៀង​រហូត។ (​១យ៉ូន. ៥:៣​) ទម្រាំ​ដល់​ពេល​នោះ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​យើង​មាន​ទុក្ខ។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​នឹង​មាន​ចិត្ត​អំណរ​ហើយ​រីករាយ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូល​បង្គំ​ហើយ ក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូល​បង្គំ​ដែរ​»។ (​ទំនុក. ៣១:៧​) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​នឹង​សង្គ្រោះ​យើង​ពី​ទុក្ខ​លំបាក។—ទំនុក. ៣៤:១៩

១៨​. ហេតុ​អ្វី​អំណរ​គួរ​ជា​លក្ខណៈ​ដែល​លេច​ធ្លោ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ?

១៨ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​សម្រេច​សេចក្ដី​សន្យា​របស់​លោក សូម​ឲ្យ​យើង​យក​តម្រាប់​តាម​លោក ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ។ សូម​កុំ​ឲ្យ​អារម្មណ៍​មិន​ល្អ​បញ្ឈប់​យើង​ពី​ការ​បន្ត​បម្រើ​ព្រះ។ ពេល​មាន​បញ្ហា សូម​ឲ្យ​សមត្ថភាព​រិះ​គិត​និង​ប្រាជ្ញា​ដឹក​នាំ​យើង។ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​យើង ហើយ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ៗ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កាត់​បន្ថយ​បញ្ហា​ដែល​មក​ពី​ទុក្ខ​លំបាក។ សូម​ឲ្យ​យើង​រីករាយ​នឹង​របស់​ល្អ​ៗ​ដែល​លោក​ផ្ដល់​ឲ្យ ដូច​ជា​អ្វី​ដែល​លោក​បាន​បង្កើត​ព្រម​ទាំង​ចំណង​មិត្តភាព​ជា​មួយ​លោក​ផង​ដែរ។ បើ​យើង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ នោះ​យើង​នឹង​រីករាយ ពីព្រោះ​​«​សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ​»​!—ទំនុក. ១៤៤:១៥

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

ពេល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

បើ​យើង​បង្ហាញ​ថា​យើង​ជា​មនុស្ស​សម​ហេតុ​ផល តើ​នេះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យ៉ាង​ដូច​ម្ដេច?

ពេល​មាន​ទុក្ខ​ព្រួយ តើ​យើង​អាច​រីករាយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​​]

[​រូបភាព​នៅ​ទំព័រ​១៩​]

ព្រះ​យេហូវ៉ា​ព្រួយ​ចិត្ត​ណាស់​ពេល​មាន​អ្វី​អាក្រក់​កើត​ឡើង

[អ្នក​ផ្ដល់​សិទ្ធិ]

© G.M.B. Akash/Panos Pictures

[​រូបភាព​នៅ​ទំព័រ​២១​]

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​អំណរ