លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញឲ្យគេឃើញថាអ្នកមានជំនឿន

ចូរបង្ហាញឲ្យគេឃើញថាអ្នកមានជំនឿន

ចូរ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​មាន​ជំនឿន

​​«​ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​»។—១ធី. ៤:១៥

១, ២​. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ធីម៉ូថេ​ពេល​គាត់​នៅ​វ័យ​កុមារ និង​ការ​ផ្លាស់​ប្ដូរ​ដែល​កើត​ឡើង​ពេល​គាត់​មាន​អាយុ​ប្រហែលជា​២០​ឆ្នាំ?

ពេល​ធីម៉ូថេ​នៅ​វ័យ​កុមារ គាត់​រស់​នៅ​តំបន់​កាឡាទី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​រ៉ូម ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​តួគី។ នៅ​ទី​នោះ មាន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពីរ​បី​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ច្រើន​ឆ្នាំ​ក្រោយ​ពី​មរណភាព​របស់​លោក​យេស៊ូ។ ក្នុង​រយៈ​ពេល​នោះ ធីម៉ូថេ ម្ដាយ​និង​យាយ​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ហើយ​ជា​សមាជិក​ដែល​សកម្ម​ក្នុង​ក្រុម​ជំនុំ។ (​២ធី. ១:៥; ៣:១៤, ១៥​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​វ័យ​ក្មេង ធីម៉ូថេ​ពិត​ជា​សប្បាយ​នឹង​ជីវិត​របស់​គាត់ នៅ​កន្លែង​ដែល​គាត់​ធំ​ឡើង។ ក៏​ប៉ុន្តែ ស្រាប់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​កើត​ឡើង។

ការ​ផ្លាស់​ប្ដូរ​នេះ​ចាប់​ផ្ដើម​ពេល​សាវ័ក​ប៉ូល​មក​លេង​តំបន់​នោះ​ជា​លើក​ទី​២។ នៅ​ពេល​នោះ ធីម៉ូថេ​ប្រហែលជា​មាន​អាយុ​ជិត​២០​ឆ្នាំ​ឬ​២០​ជាង។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប៉ូល ដែល​ទំនង​ជា​នៅ​ក្រុង​លីស្ដ្រា គាត់​បាន​កត់​សម្គាល់​ការ​ពិត​ដែល​ថា បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​តែង​​«​និយាយ​ល្អ​»​អំពី​ធីម៉ូថេ។ (​សកម្ម. ១៦:២​) ពេល​ធីម៉ូថេ​នៅ​ក្មេង គាត់​ពិត​ជា​មាន​ភាព​ចាស់​ទុំ​ច្រើន​ណាស់។ ក្រោយ​មក ក្រោម​ការ​ដឹក​នាំ​របស់​សកម្ម​ពល​ព្រះ នោះ​ប៉ូល​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ធីម៉ូថេ បាន​​«​ដាក់​ដៃ​លើ​»​គាត់ ដោយ​ឲ្យ​គាត់​មាន​ភារកិច្ច​ពិសេស​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។—១ធី. ៤:១៤; ២ធី. ១:៦

៣​. តើ​ធីម៉ូថេ​ទទួល​ការ​អញ្ជើញ​ដ៏​ចម្លែក​អ្វី?

ធីម៉ូថេ​ទទួល​ការ​អញ្ជើញ​ដ៏​ចម្លែក​មួយ គឺ​រួម​ការងារ​ជា​មួយ​សាវ័ក​ប៉ូល! (​សកម្ម. ១៦:៣​) សូម​ស្រមៃ​គិត​ថា ធីម៉ូថេ​ភ្ញាក់​ផ្អើល​និង​រំភើប​ចិត្ត​ប៉ុណ្ណា​ទៅ​ហ្ន៎! ធីម៉ូថេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​ប៉ូល ហើយ​ជួនកាល​ជា​មួយ​អ្នក​ឯ​ទៀត ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ដែល​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​ចាត់​ឲ្យ​គាត់​ធ្វើ។ ប៉ូល​និង​ធីម៉ូថេ​បាន​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​នានា ហើយ​នេះ​បាន​ជួយ​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ទាំង​ឡាយ។ (​សូម​អាន សកម្មភាព ១៦:៤, ៥​) អាស្រ័យ​ហេតុ​នេះ ពួក​គ្រិស្ត​សាសនិក​ជា​ច្រើន​ស្គាល់​ធីម៉ូថេ​ដោយ​សារ​គាត់​មាន​ជំនឿន​ក្នុង​កិច្ច​បម្រើ​ព្រះ។ ក្រោយ​ពី​បាន​ធ្វើ​កិច្ច​ការ​ជា​មួយ​ធីម៉ូថេ​អស់​ជាង​១០​ឆ្នាំ នោះ​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​ក្រុម​ជំនុំ​ភីលីព​ថា​៖ ​«​ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ដែល​មាន​ចិត្ត​គំនិត​ដូច​[​ធីម៉ូថេ​] ដែល​ពិត​ជា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា . . . ប៉ុន្តែ​អ្នក​រាល់​គ្នា​ដឹង​របៀប​ដែល​គាត់​បាន​ស​ឲ្យ​ឃើញ​អំពី​លក្ខណៈ​របស់​គាត់ គឺ​ដូច​កូន​ធ្វើ​ការ​ជា​មួយ​នឹង​ឪពុក គាត់​បាន​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ខ្ញុំ​បម្រើ ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​»។—ភី. ២:​២០​-​២២

៤​. (​ក​) តើ​ប៉ូល​បាន​ប្រគល់​ភារកិច្ច​ធ្ងន់​អ្វី​ឲ្យ​ធីម៉ូថេ? (​ខ​) តើ​យើង​អាច​សួរ​សំណួរ​អ្វី​ស្តី​អំពី​ពាក្យ​របស់​ប៉ូល​នៅ​សៀវភៅ​ធីម៉ូថេទី១ ៤:១៥?

នៅ​ដំណាល​គ្នា​ដែល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​ភីលីព គាត់​បាន​ប្រគល់​ភារកិច្ច​ធ្ងន់​មួយ​ឲ្យ​ធីម៉ូថេ ពោល​គឺ​ភារកិច្ច​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ (​១ធី. ៣:១; ៥:២២​) ច្បាស់​ហើយ ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ដែល​អាច​ពឹង​ពាក់​បាន​និង​គួរ​ឲ្យ​ទុក​ចិត្ត។ ប៉ុន្តែ ក្នុង​សំបុត្រ​ដដែល​នោះ ប៉ូល​បាន​បំផុស​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​‹មនុស្ស​ទាំង​អស់​ឃើញ​ថា​គាត់​មាន​ជំនឿន›។ (​១ធី. ៤:១៥​) ប៉ុន្តែ ធីម៉ូថេ​បាន​បង្ហាញ​ថា​គាត់​បាន​ជឿន​ទៅ​មុខ​យ៉ាង​ប្រសើរ​រួច​ទៅ​ហើយ មែន​ទេ? បើ​ដូច្នេះ តើ​ប៉ូល​ចង់​បញ្ជាក់​អ្វី​តាម​ពាក្យ​ទាំង​នេះ? ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ដំបូន្មាន​របស់​គាត់?

បង្ហាញ​ឲ្យ​គេ​ឃើញ​គុណ​សម្បត្ដិ​គ្រិស្ត​សាសនិក

៥, ៦​. តើ​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ជំនុំ​អេភេសូរ​បាន​ត្រូវ​យាយី​យ៉ាង​ដូច​ម្ដេច? តើ​ធីម៉ូថេ​អាច​ការពារ​ក្រុម​ជំនុំ​យ៉ាង​ណា?

សូម​ឲ្យ​យើង​ពិនិត្យ​មើល​ខ​មុន​និង​ខ​ក្រោយ​ក្នុង​សៀវភៅ​ធីម៉ូថេទី១ ៤:១៥។ (​សូម​អាន ធីម៉ូថេទី១ ៤:១១​-​១៦​) មុន​ប៉ូល​សរសេរ​ពាក្យ​ទាំង​នោះ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ម៉ាសេដូន តែ​ឲ្យ​ធីម៉ូថេ​នៅ​ក្នុង​ក្រុង​អេភេសូរ​វិញ។ ហេតុ​អ្វី? មនុស្ស​ខ្លះ​ក្នុង​ក្រុង​នោះ​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ក្នុង​ក្រុម​ជំនុំ​ដោយ​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​បង្រៀន​មិន​ពិត។ ធីម៉ូថេ​ត្រូវ​នៅ​ទី​នោះ​ដើម្បី​ការពារ​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ជំនុំ។ តើ​គាត់​នឹង​ការពារ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​ទុក​គំរូ​ល្អ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​តាម។

ប៉ូល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា​៖ ​«​ក្នុង​ការ​និយាយ ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ស្មោះ​ត្រង់​»។ ប៉ូល​បន្ថែម​ថា​៖ ​«​ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​»។ (​១ធី. ៤:១២, ១៥​) ជំនឿន​នេះ​មិន​មែន​ជា​ជំនឿន​ខាង​ឋានៈ​បុណ្យស័ក្ដិ​ទេ តែ​ខាង​គុណ​សម្បត្ដិ​របស់​ធីម៉ូថេ​ជា​គ្រិស្ត​សាសនិក​វិញ។ គ្រិស្ត​សាសនិក​ទាំង​ឡាយ​គួរ​ចង់​បង្ហាញ​ជំនឿន​នេះ។

៧​. តើ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ធ្វើ​អ្វី?

ដូច​នៅ​សម័យ​ធីម៉ូថេ សព្វ​ថ្ងៃ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ក៏​មាន​ភារកិច្ច​ផ្សេង​ៗ​ដែរ។ បង​ប្អូន​ខ្លះ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ខ្លះ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ ខ្លះ​ទៀត​មាន​ភារកិច្ច​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ធ្វើ​ការ​នៅ​បេតអែល ឬ​ធ្វើ​ជា​សាសនទូត។ ពួក​អ្នក​ចាស់​ទុំ​ចូល​រួម​ក្នុង​កម្មវិធី​បង្រៀន​ផ្សេង​ៗ ដូច​ជា​នៅ​ឯ​សន្និបាត​និង​មហាសន្និបាត។ ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​ទាំង​ឡាយ ទាំង​ប្រុស​ទាំង​ស្រី​ទាំង​ក្មេង​ៗ មាន​លទ្ធភាព​បង្ហាញ​ការ​ជឿន​ទៅ​មុខ​របស់​ខ្លួន​ជា​គ្រិស្ត​សាសនិក។ (​ម៉ាថ. ៥:១៦​) តាម​ពិត ដូច​ករណី​របស់​ធីម៉ូថេ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​មាន​ភារកិច្ច​ពិសេស​ក៏​ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ជំនឿន​របស់​ខ្លួន​ដែរ។

ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​និយាយ​ស្តី

៨​. តើ​ពាក្យ​សម្ដី​របស់​យើង​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

ចំណុច​មួយ​ដែល​ធីម៉ូថេ​គួរ​ទុក​គំរូ​ល្អ​ឲ្យ​អ្នក​ឯ​ទៀត​គឺ​ក្នុង​ការ​និយាយ​ស្តី។ តើ​យើង​អាច​បង្ហាញ​ការ​ជឿន​ទៅ​មុខ​ស្តី​អំពី​រឿង​នេះ​យ៉ាង​ដូច​ម្ដេច? ពាក្យ​សម្ដី​ស​ឲ្យ​ឃើញ​ថា​យើង​ជា​មនុស្ស​ប្រភេទ​ណា។ លោក​យេស៊ូ​បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។ (​ម៉ាថ. ១២:៣៤​) យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ ក៏​បាន​កត់​សម្គាល់​នូវ​ឥទ្ធិពល​ដែល​ពាក្យ​សម្ដី​អាច​មាន​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្តែ​ចេះ​តែ​បញ្ឆោត​ចិត្ត​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ​»។—យ៉ា. ១:២៦

៩​. តើ​យើង​គួរ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​និយាយ​តាម​វិធី​ណាខ្លះ?

ពាក្យ​សម្ដី​របស់​យើង​អាច​បង្ហាញ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ថា យើង​បាន​ជឿន​ទៅ​មុខ​ប៉ុណ្ណា​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ ជា​ជាង​និយាយ​ស្តី​ដោយ​គ្មាន​ភាព​ថ្លៃ​ថ្នូរ តែង​លើក​ឡើង​ចំណុច​មិន​ល្អ រិះ​គន់​ឬ​បញ្ឈឺ​ចិត្ត នោះ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ព្យាយាម​ពង្រឹង​កម្លាំង​ចិត្ត សម្រាល​ទុក្ខ លួង​លោម និង​លើក​ទឹក​ចិត្ត​វិញ។ (​សុភ. ១២:១៨; អេភ. ៤:២៩; ១ធី. ៦:៣​-​៥, ២០​) ការ​ត្រៀម​ខ្លួន​និយាយ​ការពារ​ខ្នាត​តម្រា​ដ៏​ខ្ពស់​របស់​ព្រះ និង​និយាយ​អំពី​ក្ដី​ប្រាថ្នា​របស់​យើង​ដែល​ចង់​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​នោះ អាច​បង្ហាញ​ថា​យើង​មាន​ភក្ដីភាព​ចំពោះ​ព្រះ។ (​រ៉ូម ១:១៥, ១៦​) មនុស្ស​ដែល​មាន​ចិត្ត​ត្រង់​នឹង​ពិត​ជា​ឃើញ​របៀប​ដែល​យើង​ប្រើ​អំណោយ​នៃ​ការ​និយាយ ហើយ​ប្រហែលជា​ធ្វើ​តាម​គំរូ​របស់​យើង​ដែរ។—ភី. ៤:៨, ៩

ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ប្រព្រឹត្ត​និង​សេចក្ដី​បរិសុទ្ធ

១០​. ដើម្បី​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក ហេតុ​អ្វី​សំខាន់​ចាំ​បាច់​ឲ្យ​យើង​មាន​ជំនឿ​ដែល​ប្រាសចាក​ពុត​ត្បុត?

១០ ដើម្បី​ឲ្យ​គ្រិស្ត​សាសនិក​ទុក​គំរូ​ល្អ​ឲ្យ​អ្នក​ឯ​ទៀត នោះ​ពាក្យ​សម្ដី​របស់​គាត់​មិន​គ្រាន់តែ​ពង្រឹង​កម្លាំង​ចិត្ត​ប៉ុណ្ណោះ​ទេ។ បុគ្គល​ដែល​និយាយ​ល្អ តែ​មិន​ធ្វើ​ល្អ នោះ​ជា​មនុស្ស​លាក់​ពុត។ ប៉ូល​ដឹង​ច្បាស់​អំពី​ភាព​ពុត​ត្បុត​របស់​ពួក​ផារិស៊ី និង​លទ្ធផល​អាក្រក់​ដែល​កើត​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់។ គាត់​បាន​ព្រមាន​ធីម៉ូថេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា កុំ​ឲ្យ​មាន​ចិត្ត​មិន​ស្មោះ​និង​ធ្វើ​ពុត​ដូច​នោះ។ (​១ធី. ១:៥; ៤:១,២​) ប៉ុន្តែ​ធីម៉ូថេ​មិន​មែន​ជា​មនុស្ស​លាក់​ពុត​ឡើយ។ ប៉ូល​បាន​សរសេរ​ក្នុង​សំបុត្រ​ទី​២​របស់​គាត់​ទៅ​កាន់​ធីម៉ូថេ​ថា​៖ ​«​ខ្ញុំ​ចាំ​អំពី​ជំនឿ​របស់​អ្នក​ដែល​ប្រាសចាក​ពុត​ត្បុត​»។ (​២ធី. ១:៥​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ធីម៉ូថេ​ត្រូវ​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា គាត់​ប្រាកដជា​គ្រិស្ត​សាសនិក​ពិត​មែន។ គាត់​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ប្រព្រឹត្ត។

១១​. តើ​ប៉ូល​បាន​សរសេរ​អ្វី​ទៅ​ធីម៉ូថេ​ស្តី​អំពី​ប្រាក់?

១១ ក្នុង​សំបុត្រ​ទាំង​ពីរ​ទៅ​ធីម៉ូថេ ប៉ូល​បាន​ដាស់​តឿន​ធីម៉ូថេ​អំពី​ចំណុច​ពីរ​បី​ដែល​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត។ ជា​ឧទាហរណ៍ ប៉ូល​បាន​ដាស់​តឿន​ធីម៉ូថេ​កុំ​ឲ្យ​ប្រមូល​ប្រាក់។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ដោយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នោះ អ្នក​ខ្លះ​បាន​ត្រូវ​បង្វែរ​ចេញ​ពី​ជំនឿ ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខវេទនា​ជា​ច្រើន​»។ (​១ធី. ៦:១០​) ការ​ស្រឡាញ់​ប្រាក់​ជា​ទី​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា បុគ្គល​ម្នាក់​មាន​ចំណង​មេត្រី​ភាព​មិន​រឹង​មាំ​ជា​មួយ​ព្រះ។ ផ្ទុយ​ទៅ​វិញ គ្រិស្ត​សាសនិក​ណា​ដែល​ស្កប់​ចិត្ត​នឹង​ជីវិត​សាមញ្ញ ដោយ​មាន​​«​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»​ នោះ​បង្ហាញ​ថា​ខ្លួន​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក។—១ធី. ៦:៦​-​៨; ភី. ៤:​១១​-​១៣

១២​. ស្តី​អំពី​រឿង​ផ្សេង​ៗ​ក្នុង​ជីវិត តើ​យើង​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​យើង​មាន​ជំនឿន?

១២ ប៉ូល​បាន​រៀប​រាប់​ប្រាប់​ធីម៉ូថេ​ថា គឺ​សំខាន់​ណាស់​ឲ្យ​ស្ត្រី​ដែល​ជា​គ្រិស្ត​សាសនិក​​«​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​រៀប​រយ បែប​រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»។ (​១ធី. ២:៩​) ស្ត្រី​ណា​ដែល​រមទម​និង​មាន​គំនិត​សម​ហេតុ​សម​ផល​ក្នុង​ការ​ស្លៀក​ពាក់ ថែម​ទាំង​ក្នុង​រឿង​ផ្សេង​ៗ​ឯ​ទៀត​ក្នុង​ជីវិត​ខ្លួន នោះ​ពួក​គាត់​ទុក​គំរូ​ល្អ​ប្រសើរ​ឲ្យ​អ្នក​ឯ​ទៀត។ (​១ធី. ៣:១១​) បុរស​ដែល​ជា​គ្រិស្ត​សាសនិក​ក៏​ត្រូវ​ធ្វើ​តាម​គោលការណ៍​នេះ​ដែរ។ ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ត្រួត​ពិនិត្យ​ឲ្យ​​«​ប្រព្រឹត្ត​ដោយ​មាន​តុល្យ​ភាព ដឹង​ខុស​ត្រូវ មាន​សណ្ដាប់​ធ្នាប់​»។ (​១ធី. ៣:២​) ពេល​យើង​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ក្នុង​ការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា​យើង​មាន​ជំនឿន។

១៣​. ដូច​ធីម៉ូថេ តើ​យើង​អាច​ធ្វើ​ជា​គំរូ​ក្នុង​សេចក្ដី​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

១៣ ធីម៉ូថេ​ក៏​ត្រូវ​ធ្វើ​គំរូ​ល្អ​ក្នុង​សេចក្ដី​បរិសុទ្ធ​ដែរ។ ពេល​ប៉ូល​ប្រើ​ពាក្យ​បរិសុទ្ធ គាត់​សំដៅ​ទៅ​លើ​ផ្នែក​មួយ​នៃ​ការ​ប្រព្រឹត្ត គឺ​សីលធម៌​ខាង​ផ្លូវ​ភេទ។ ជា​ពិសេស ធីម៉ូថេ​មិន​ត្រូវ​ឲ្យ​អ្នក​ឯ​ទៀត​តិះ​ដៀល​គាត់​ស្តី​អំពី​ការ​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី។ គាត់​ត្រូវ​តែ​​«​អង្វរ​ស្ត្រី​វ័យ​ចាស់​ដូច​អង្វរ​ម្ដាយ អង្វរ​ស្ត្រី​វ័យ​ក្មេង​ដូច​អង្វរ​បង​ស្រី ដោយ​សេចក្ដី​បរិសុទ្ធ​គ្រប់​ជំពូក​»។ (​១ធី. ៤:១២; ៥:២​) ទោះ​ជា​អំពើ​ប្រាសចាក​សីលធម៌​មើល​ទៅ​ដូច​ជា​អាច​លាក់​បាំង​បាន តែ​តាម​ពិត​ព្រះ​ជ្រាប​រឿង​ទាំង​អស់ ហើយ​នៅ​ទី​បំផុត​មនុស្ស​ឯ​ទៀត​ក៏​នឹង​ដឹង​ដែរ។ ប៉ុន្តែ ការ​ល្អ​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ក៏​មិន​អាច​លាក់​បាន​រហូត​ដែរ។ (​១ធី. ៥:២៤, ២៥​) ដូច្នេះ បង​ប្អូន​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​មាន​ឱកាស​បង្ហាញ​ឲ្យ​គេ​ឃើញ​ជំនឿន​របស់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​និង​សេចក្ដី​បរិសុទ្ធ។

សេចក្ដី​ស្រឡាញ់​និង​ជំនឿ​គឺ​សំខាន់​ចាំ​បាច់

១៤​. តើ​បទ​គម្ពីរ​ដៅ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​យើង​ត្រូវ​ស្រឡាញ់​គ្នា?

១៤ លក្ខណៈ​សំខាន់​មួយ​នៃ​គ្រិស្ត​សាសនា​ពិត​គឺ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៥​) តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច? បណ្ដាំ​របស់​ព្រះ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ទ្រាំទ្រ​​«​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»​ ​«​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​ ថែម​ទាំង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ (​អេភ. ៤:២, ៣២; ហេ. ១៣:១, ២​) សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​»។—រ៉ូម ១២:១០

១៥​. ហេតុ​អ្វី​បង​ប្អូន​ទាំង​អស់​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ជា​ពិសេស​ពួក​អ្នក​ត្រួត​ពិនិត្យ?

១៥ ប្រសិនបើ​ធីម៉ូថេ​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ​ដោយ​កាច​សាហាវ​ឬ​គ្មាន​មេត្ដា នេះ​ធ្វើ​ឲ្យ​គាត់​លែង​មាន​ប្រសិទ្ធភាព​ជា​អ្នក​បង្រៀន​និង​អ្នក​ត្រួត​ពិនិត្យ។ (​សូម​អាន កូរិនថូសទី១ ១៣:១​-​៣​) ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​របស់​ធីម៉ូថេ​ដែល​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​បង​ប្អូន រួម​ទាំង​ធ្វើ​ល្អ​ចំពោះ​ពួក​គាត់ និង​ទទួល​ពួក​គាត់​ដោយ​រាក់​ទាក់ នោះ​ពិត​ជាស​ឲ្យ​ឃើញ​ថា គាត់​មាន​ជំនឿន​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ គឺ​សម​ហេតុ​ផល​ណាស់​ដែល​ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​ធីម៉ូថេ គាត់​បាន​រៀប​រាប់​យ៉ាង​ចំ​ៗ​ថា ធីម៉ូថេ​គួរ​ធ្វើ​ជា​គំរូ​ល្អ​ឲ្យ​អ្នក​ឯ​ទៀត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។

១៦​. ហេតុ​អ្វី​បាន​ជា​ធីម៉ូថេ​ត្រូវ​ការ​ជំនឿ​រឹង​មាំ?

១៦ ក្នុង​អំឡុង​ពេល​ធីម៉ូថេ​ស្នាក់​នៅ​ក្រុង​អេភេសូរ ជំនឿ​របស់​គាត់​បាន​ត្រូវ​ល្បង​ល។ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​លើក​ស្ទួយ​សេចក្ដី​បង្រៀន​ដែល​មិន​ស្រប​នឹង​សេចក្ដី​ពិត។ ខ្លះ​ទៀត​បាន​លើក​​«​រឿង​មិន​ពិត​»​ឬ​ស្រាវជ្រាវ​ព័ត៌មាន​ដែល​មិន​ជួយ​ក្រុម​ជំនុំ​គោរព​ប្រណិប័តន៍​ព្រះ។ (​សូម​អាន ធីម៉ូថេទី១ ១:៣, ៤​) ប៉ូល​បាន​និយាយ​សំដៅ​ទៅ​បុគ្គល​បែប​នោះ​ថា ជា​អ្នក​​«​ក្រអឺតក្រអោង​ហើយ​មិន​យល់​អ្វី​សោះ តែ​អ្នក​នោះ​ឆ្កួត​នឹង​សំណួរ​និង​ការ​ជជែក​តវ៉ា​អំពី​ពាក្យ​»។ (​១ធី. ៦:៣, ៤​) តើ​ធីម៉ូថេ​សុខ​ចិត្ត​ប្រថុយ​យក​យោបល់​ដែល​ជា​យោបល់​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ហើយ​បាន​ជ្រៀត​ចូល​ក្នុង​ក្រុម​ជំនុំ មក​ពិចារណា​ឬ​ទេ? ទេ ពី​ព្រោះ​ប៉ូល​បាន​ជំរុញ​ធីម៉ូថេ​ឲ្យ​​«​តស៊ូ​យ៉ាង​ប្រសើរ​ដើម្បី​ជំនឿ​»​ ហើយ​ជៀស​ចេញ​ពី​​«​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ ហើយ​ពី​ភាព​មិន​ស្រប​គ្នា​នៃ​អ្វី​ដែល​គេ​ហៅ​ខុស​ថា​‹ចំណេះ›​»។ (​១ធី. ៦:​១២, ២០, ២១​) គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ ថា​ធីម៉ូថេ​ធ្វើ​តាម​យោបល់​ល្អ​ៗ​របស់​ប៉ូល។—១កូ. ១០:១២

១៧​. សព្វ​ថ្ងៃ តើ​មាន​អ្វី​ដែល​អាច​ល្បង​ល​ជំនឿ​របស់​យើង?

១៧ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា ​«​នៅ​អនាគត​ប្រាកដជា​មាន​គ្រា​ដែល​អ្នក​ខ្លះ​នឹង​បោះបង់​ជំនឿ ដោយ​ស្ដាប់​តាម​បណ្ដាំ​មិន​ពិត​ដែល​ហាក់​ដូច​ជាម​ក​ពី​ព្រះ ព្រម​ទាំង​ស្ដាប់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​វិញ្ញាណ​កំណាច​»។ (​១ធី. ៤:១​) បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ រួម​ទាំង​បង​ប្អូន​ដែល​មាន​ភារកិច្ច ត្រូវ​ធ្វើ​ដូច​ធីម៉ូថេ​ក្នុង​ការ​បង្ហាញ​ជំនឿ​រឹង​មាំ​ដែល​មិន​រង្គោះរង្គើ។ ដោយ​ប្រកាន់​ជំហរ​រឹង​មាំ​ហើយ​បដិសេធ​ការ​ក្បត់​ជំនឿ​យ៉ាង​ម៉ឺង​ម៉ាត់ នោះ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​យើង​មាន​ជំនឿន ថែម​ទាំង​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ជំនឿ។

ចូរ​បង្ហាញ​ថា​អ្នក​ខំ​ប្រឹង​ជឿន​ទៅ​មុខ

១៨, ១៩​. (​ក​) តើ​អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​យ៉ាង​ដូច​ម្ដេច? (​ខ​)​ ក្នុង​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

១៨ ពិត​មែន​ហើយ ការ​ជឿន​ទៅ​មុខ​របស់​គ្រិស្ត​សាសនិក​ពិត គឺ​មិន​ទាក់​ទង​នឹង​អាការ​ក្រៅ សមត្ថភាព ឬ​ការ​មាន​មុខ​មាត់​ទេ។ ម្យ៉ាង​ទៀត រយៈ​ពេល​ដែល​យើង​បម្រើ​ព្រះ​ក៏​ប្រហែលជា​មិន​បង្ហាញ​ឲ្យ​ឃើញ​ជំនឿន​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​ជំនឿន​ពិត​របស់​យើង​ជា​គ្រិស្ត​សាសនិក ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​ចិត្ត​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត។ (​រ៉ូម ១៦:១៩​) គប្បី​ឲ្យ​យើង​ធ្វើ​តាម​បង្គាប់​ដែល​ថា​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ ត្រូវ​ហើយ សូម​ឲ្យ​យើង​សញ្ជឹង​គិត​អំពី​ពាក្យ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​ធីម៉ូថេ ហើយ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​យើង​មាន​ជំនឿន។

១៩ ពេល​យើង​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក​ហើយ​មាន​ភាព​ចាស់​ទុំ នោះ​យើង​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​គុណ​សម្បត្ដិ​មួយ​ទៀត​ដែល​រួម​ចំណែក​ក្នុង​ផល​ដែល​បង្កើត​ដោយ​សកម្ម​ពល​របស់​ព្រះ ពោល​គឺ​អំណរ។ (​កាឡ. ៥:២២, ២៣​) អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​នូវ​របៀប​ដែល​យើង​អាច​បណ្ដុះ​និង​រក្សា​ឲ្យ​មាន​អំណរ​ពេល​មាន​ទុក្ខ​លំបាក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តាម​ពាក្យ​សម្ដី​របស់​យើង តើ​អ្នក​ឯ​ទៀត​អាច​រៀន​អ្វី​អំពី​យើង?

តើ​យើង​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា យើង​មាន​ជំនឿន​ក្នុង​ការ​ប្រព្រឹត្ត​និង​សេចក្ដី​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ពួក​គ្រិស្ត​សាសនិក​គួរ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​សេចក្ដី​ស្រឡាញ់​និង​ជំនឿ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​​]

[​រូបភាព​នៅ​ទំព័រ​១៤​]

ពេល​ធីម៉ូថេ​នៅ​ក្មេង គាត់​មាន​ភាព​ចាស់​ទុំ​ច្រើន​ណាស់

[​រូបភាព​នៅ​ទំព័រ​១៦​]

តើ​អ្នក​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​មាន​ជំនឿន​ឬ​ទេ?