លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើជារបស់ព្រះយេហូវ៉ាជាគុណដ៏វិសេសលើសលប់សម្រាប់យើង

ការធ្វើជារបស់ព្រះយេហូវ៉ាជាគុណដ៏វិសេសលើសលប់សម្រាប់យើង

ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ជា​គុណ​ដ៏​វិសេស​លើស​លប់​សម្រាប់​យើង

«យើង​ជា​របស់​ព្រះ​យេហូវ៉ា»។—រ៉ូម ១៤:៨

១, ២. (ក) តើ​យើង​មាន​ឯកសិទ្ធិ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ដល់​ប្រជាជាតិ​អ៊ីស្រាអែល ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍»។ (និក្ខ. ១៩:៥) សព្វ​ថ្ងៃ សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ក៏​មាន​ឯកសិទ្ធិ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ដែរ។ (១ពេ. ២:៩; បប. ៧:៩, ១៤, ១៥) នេះ​ជា​ឯកសិទ្ធិ​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង​ជា​រៀង​រហូត។

ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ក៏​នាំ​ឲ្យ​យើង​មាន​ភារកិច្ច​ដែរ មិន​គ្រាន់​តែ​ជា​ឯកសិទ្ធិ​ប៉ុណ្ណោះ​ទេ។ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹តើ​ខ្ញុំ​នឹង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឬ​ទេ? បើ​ខ្ញុំ​ធ្វើ​ខុស តើ​លោក​នឹង​លែង​ទទួល​ស្គាល់​ខ្ញុំ​ជា​រាស្ត្រ​របស់​លោក​ឬ? តើ​ការ​ធ្វើ​ជារបស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ខ្ញុំ​លែង​មាន​សេរី​ភាព​ឬ?›។ ការ​បារម្ភ​បែប​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​យក​មក​ពិចារណា។ ប៉ុន្តែ​មុន​ដំបូង យើង​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​សំណួរ​មួយ​ទៀត​គឺ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា?

ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សុភមង្គល

៣. ពេល​រ៉ាហាប​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា តើ​នេះ​បាន​នាំ​ឲ្យ​នាង​ទទួល​ពរ​អ្វី​ខ្លះ?

តើ​ពួក​អ្នក​ដែល​ជា​របស់​ព្រះ​យេហូវ៉ា​ទទួល​ប្រយោជន៍​ឬ​ទេ? សូម​គិត​អំពី​រ៉ាហាប​ដែល​ជា​ស្ត្រី​ពេស្យា​ម្នាក់​រស់​នៅ​ក្រុង​យេរីខូ​ពី​បុរាណ។ នាង​ពិត​ជា​បាន​ត្រូវ​បង្រៀន​តាំង​ពី​ក្មេង​មក​ឲ្យ​គោរព​បូជា​ព្រះ​របស់​ស្រុក​កាណាន ដែល​ជា​ការ​គោរព​បូជា​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ប៉ុន្តែ ពេល​នាង​ឮ​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​ប្រជាជាតិ​អ៊ីស្រាអែល​ឲ្យ​មាន​ជ័យ​ជម្នះ នាង​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត។ ដូច្នេះ​នាង​បាន​ប្រថុយ​ជីវិត​ដើម្បី​ការ​ពារ​រាស្ត្រ​ដែល​ព្រះ​បាន​ជ្រើស​រើស ហើយ​បាន​ទុក​ឲ្យ​ពួក​គាត់​សម្រេច​អនាគត​របស់​នាង។ គម្ពីរ​ចែង​ថា៖ «រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​នាង​បាន​ទទួល​អ្នក​នាំ​សារ​យ៉ាង​រាក់​ទាក់ រួច​បាន​ឲ្យ​ពួក​គេ​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង មែន​ទេ?»។ (យ៉ា. ២:២៥) សូម​គិត​អំពី​ពរ​ដែល​នាង​ទទួល​ពេល​នាង​មាន​ចំណែក​ក្នុង​រាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ព្រះ ជា​រាស្ត្រ​ដែល​លោក​បាន​អប់រំ​តាម​រយៈ​ច្បាប់​របស់​លោក​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌។ នាង​ពិត​ជា​សប្បាយ​ណាស់​ដែល​នាង​បាន​លះ​ចោល​របៀប​រស់​នៅ​ចាស់! នាង​បាន​រៀប​ការ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ ហើយ​បាន​ចិញ្ចឹម​អប់រំ​កូន​ឈ្មោះ​បូអូស ឲ្យ​ក្លាយ​ទៅ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​របស់​ព្រះ។—យ៉ូស. ៦:២៥; រស់. ២:៤​-​១២; ម៉ាថ. ១:៥, ៦

៤. តើ​នាង​រូថ​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា?

នាង​រូថ​ពី​ស្រុក​ម៉ូអាប់​ក៏​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ ពេល​នាង​នៅ​ក្មេង​នៅ​ឡើយ នាង​ប្រហែល​ជា​គោរព​បូជា​ព្រះកេម៉ូស​និង​ព្រះ​ឯ​ទៀត​របស់​ស្រុក​ម៉ូអាប់។ ប៉ុន្តែ ពេល​នាង​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត នាង​បាន​រៀប​ការ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​របស់​នាង។ (សូម​អាន នាង​រស់ ១:១​-​៦) ក្រោយ​មក ពេល​នាង​រូថ​និង​ប្អូន​ថ្លៃ​ឈ្មោះ​អ័រប៉ា​បាន​ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម​ជា​មួយ​ម្ដាយ​ក្មេក​របស់​ពួក​គាត់​ឈ្មោះ​ន៉ាអូមី នោះ​ន៉ាអូមី​បាន​បង្ខំ​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ គឺ​មិន​ងាយ​ស្រួល​ឲ្យ​ពួក​គាត់​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ។ អ័រប៉ា​បាន«ត្រឡប់​ទៅ​ឯ​សាសន៍​ហើយ​នឹង​ព្រះ»របស់​គាត់​វិញ តែ​នាង​រូថ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ នាង​បាន​ប្រព្រឹត្ត​តាម​ជំនឿ​របស់​នាង ហើយ​ដឹង​ថា​នាង​ចង់​ធ្វើ​ជា​របស់​ព្រះ​ណា។ នាង​បាន​ប្រាប់​ន៉ាអូមី​ថា៖ «សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្ដាយ នឹង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្ដាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ»។ (រស់. ១:១៥, ១៦) ដោយ​សារ​នាង​រូថ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា នាង​ទទួល​ប្រយោជន៍​ពី​ច្បាប់​របស់​ព្រះ ដែល​មាន​ការ​រៀបចំ​ពិសេស​សម្រាប់​ស្ត្រី​មេម៉ាយ ជន​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ដី​ធ្លី។ ក្រោម​ការ​ការ​ពារ​របស់​ព្រះ​យេហូវ៉ា នាង​ទទួល​សុភមង្គល និង​សេចក្ដី​សុខ​សាន្ត។

៥. ចំពោះ​មនុស្ស​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ តើ​អ្នក​បាន​សង្កេត​ឃើញ​អ្វី?

អ្នក​ប្រហែល​ជា​ស្គាល់​បង​ប្អូន​ខ្លះ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​អស់​ច្រើន​ទសវត្សរ៍។ សូម​សួរ​ពួក​គាត់​ថា​ពួក​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យើង​ទាំង​អស់​គ្នា​មាន​បញ្ហា​ក៏​ដោយ តែ​មាន​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បញ្ជាក់​ពី​សច្ចភាព​នៃ​ពាក្យ​របស់​អ្នក​តែង​ទំនុក​តម្កើង​ដែល​ថា៖ «សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!»។—ទំនុក. ១៤៤:១៥

អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​គឺ​សម​ហេតុ​ផល

៦. ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​ថា​យើង​មិន​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ?

អ្នក​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ថា អ្នក​នឹង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ​ឬ​ទេ។ គឺ​ស្រួល​ឲ្យ​យើង​គិត​ថា​ជា​ការ​ពិបាក​ពេក​ឲ្យ​យើង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ រស់​នៅ​តាម​ច្បាប់​លោក ហើយ​ធ្វើ​ជា​តំណាង​របស់​លោក។ ជា​ឧទាហរណ៍ ម៉ូសេ​មាន​អារម្មណ៍​ថា​គាត់​គ្មាន​សមត្ថភាព​ពេល​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​និយាយ​ប្រាប់​ពួក​អ៊ីស្រាអែល និង​ស្តេច​អេស៊ីប។ ប៉ុន្តែ ព្រះ​មិន​ចង់​ឲ្យ​ម៉ូសេ​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​គាត់​ទេ។ ព្រះ​យេហូវ៉ា​បាន‹បង្រៀន​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ›។ (សូម​អាន និក្ខមនំ ៣:១១; ៤:១, ១០, ១៣​-​១៥) ដោយ​សារ​ម៉ូសេ​ព្រម​ទទួល​ជំនួយ​ពី​ព្រះ គាត់​មាន​អំណរ​ដែល​មក​ពី​ការ​បំពេញ​បំណង​ប្រាថ្នា​របស់​លោក។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យយើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ទេ។ លោក​ដឹង​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​ចង់​ជួយ​យើង​ដែរ។ (ទំនុក. ១០៣:១៤) ការ​បម្រើ​ព្រះ​ដោយ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត មិន​មែន​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ទេ ព្រោះ​វិថី​ជីវិត​នេះ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង»។—ម៉ាថ. ១១:២៨, ២៩

៧. ហេតុ​អ្វី​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ធ្វើ?

ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​តាម​ដែល​យើង​ត្រូវ​ការ ដរាប​ណា​យើង​ពឹង​ផ្អែក​លើ​លោក​ដើម្បី​បាន​កម្លាំង​ចិត្ត។ ជា​ឧទាហរណ៍ តាម​មើល​ទៅ យេរេមា​មាន​លក្ខណៈ​ធម្មជាតិ​ជា​មនុស្ស​ខ្វះ​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ដោយ​ចំហ។ ពេល​ព្រះ​យេហូវ៉ា​តែង​តាំង​គាត់​ជា​អ្នក​ប្រកាស​ទំនាយ គាត់​បាន​និយាយ​ថា៖ «ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ មើល! ទូល​បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។ ក្រោយ​មក គាត់​បាន​និយាយ​ទៀត​ថា៖ «ទូល​បង្គំ​សំរេច​ថា មិន . . . និយាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទៀត​ឡើយ»។ (យេ. ១:៦; ២០:៩) ក៏​ប៉ុន្តែ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះ​យេហូវ៉ា យេរេមា​អាច​ផ្សាយ​អស់​រយៈ​ពេល​៤០​ឆ្នាំ​នូវ​ដំណឹង​ដែល​មនុស្ស​មិន​ចង់​ស្ដាប់។ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «អញ​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​ឯង​ឲ្យ​រួច»។—យេ. ១:៨, ១៩; ១៥:២០

៨. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

សព្វ​ថ្ងៃ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គ្រិស្ត​សាសនិក​ធ្វើ ដូច​លោក​បាន​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​ម៉ូសេ​និង​យេរេមា​ដែរ។ កត្ដា​សំខាន់​គឺ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​លោក។ គម្ពីរ​ចែង​ថា៖ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភ. ៣:៥, ៦) យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ពេល​យើង​ទទួល​យក​ជំនួយ​ដែល​លោក​ផ្ដល់​តាម​រយៈ​បណ្ដាំ​របស់​លោក​និង​តាម​រយៈ​ក្រុម​ជំនុំ។ បើ​យើង​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​យើង​ក្នុង​ដំណើរ​ជីវិត នោះ​គ្មាន​អ្វី​អាច​រា​រាំង​យើង​មិន​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក​ឡើយ។

ព្រះ​យេហូវ៉ា​រមែង​គិត​អំពី​រាស្ត្រ​ម្នាក់​ៗ​របស់​លោក

៩, ១០. តើ​ការ​ការ​ពារ​ដែល​បាន​ត្រូវ​សន្យា​នៅ​ទំនុក​តម្កើង​ទី​៩១ ជា​ការ​ការ​ពារ​បែប​ណា?

ពេល​អ្នក​ខ្លះ​កំពុង​គិត​អំពី​ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ពួក​គាត់​ប្រហែល​ជា​ឆ្ងល់​ថា​នឹង​មាន​អ្វី​កើត​ឡើង​បើ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ពួក​គាត់​ជា​រាស្ត្រ បើ​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​បើ​ពួក​គាត់​មិន​សម​នឹង​ទទួល​ពរ​ពី​លោក។ គួរ​ឲ្យ​សប្បាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការ​ពារ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​ការ​ពារ​ចំណង​មេត្រី​ភាព​ដ៏​មាន​តម្លៃ​របស់​យើង​ជា​មួយ​លោក។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​ការ​ការ​ពារ​នោះ​បាន​ត្រូវ​រៀប​រាប់​នៅ​ទំនុក​តម្កើង​ទី​៩១។

១០ ទំនុក​ច្រៀង​នោះ​ចាប់​ផ្ដើម​ថា៖ «អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា។ ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះ​យេហូវ៉ា​ថា ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​លប់​របស់​នាយ​ព្រាន»។ (ទំនុក. ៩១:១​-​៣) សូម​កត់​សម្គាល់​ថា​ព្រះ​សន្យា​ថា​លោក​ការ​ពារ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​ទុក​ចិត្ត​លោក។ (សូម​អាន ទំនុក​តម្កើង ៩១:៩, ១៤) តើ​លោក​ចង់​សំដៅ​ទៅ​លើ​ការ​ការ​ពារ​បែប​ណា? ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ជីវិត​របស់​អ្នក​បម្រើ​លោក​នៅ​សម័យ​បុរាណ ហើយ​ក្នុង​ករណី​ខ្លះ លោក​បាន​ការ​ពារ​វង្ស​ត្រកូល​ដែល​មេស្ស៊ី​ត្រូវ​លេច​មក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​ស្មោះ​ត្រង់​ឯ​ទៀត​ជា​ច្រើន​នាក់​ត្រូវ​ជាប់​គុក ត្រូវ​គេ​ធ្វើ​ទារុណកម្ម ហើយ​ត្រូវ​គេ​សម្លាប់។ អ្វី​ៗ​ទាំង​អស់​នេះ​កើត​ឡើង​ដោយ​សារ​សាថាន​មាន​បំណង​ឲ្យ​ពួក​គាត់​លែង​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ។ (ហេ. ១១:៣៤​-​៣៩) ពួក​គាត់​មាន​សេចក្ដី​ក្លាហាន​ដោយ​សារ​ព្រះ​យេហូវ៉ា​ការ​ពារ​ពួក​គាត់​ពី​អ្វី​ដែល​បំផ្លាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ពួក​គាត់។ ហេតុ​នេះ យើង​អាច​យល់​ថា​ការ​ការ​ពារ​ដែល​បាន​ត្រូវ​សន្យា​នៅ​ទំនុក​តម្កើង​ទី​៩១ គឺ​ជា​ការ​ការ​ពារ​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១១. តើ«ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត»ជា​អ្វី? ហើយ​តើ​ព្រះ​ការ​ពារ​នរណា​នៅ​កន្លែង​នោះ?

១១ ដូច្នេះ ពេល​អ្នក​តែង​ទំនុក​តម្កើង​បាន​រៀប​រាប់​អំពី«ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត» នេះ​ជា​កន្លែង​មួយ​ក្នុង​ន័យ​ធៀប​ដែល​ការ​ពារ​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នៅ​កន្លែង​នោះ ពួក​អ្នក​ដែល​ជា​ភ្ញៀវ​របស់​ព្រះ​មិន​មាន​អ្វី​ឬ​នរណា​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គាត់​លែង​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ (ទំនុក. ១៥:១, ២; ១២១:៥) កន្លែង​នោះ​ជា​ទី​កំបាំង​ពី​ព្រោះ​មនុស្ស​ដែល​មិន​ជឿ​មិន​អាច​យល់​ដឹង​បាន​ទេ។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក ហើយ​ពួក​គាត់​ហាក់​ដូច​ជា​និយាយ​ថា៖ ‹លោក​ជា​ព្រះ​របស់​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​នឹង​លោក›។ បើ​យើង​ស្ថិត​នៅ​ក្នុង​ជម្រក​នេះ យើង​មិន​ចាំ​បាច់​ព្រួយ​ហួស​ហេតុ​ពេក​ថា​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​លែង​ពេញ​ចិត្ត ដោយ​សារ​លោក​នឹង​ការ​ពារ​យើង​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​សាថាន​ដែល​ជា«នាយ​ព្រាន»ឡើយ។

១២. តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ?

១២ តើ​មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​ចំណង​មេត្រី​ភាព​ដ៏​មាន​តម្លៃ​ជា​មួយ​ព្រះ? អ្នក​តែង​ទំនុក​តម្កើង​បាន​រៀប​រាប់​អ្វី​ជា​ច្រើន ដែល​ក្នុង​នោះ​មាន«សេចក្ដី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត . . . [និង]សេចក្ដី​ហិន​វិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់»។ (ទំនុក. ៩១:៥, ៦) «នាយ​ព្រាន»បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​វា​ដោយ​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្នុង​បំណង​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួន​ឯង។ (២កូ. ១១:៣) រីឯ​អ្នក​ឯ​ទៀត វា​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដោយ​ជំរុញ​ឲ្យ​មាន​ចិត្ត​លោភ​លន់ ចិត្ត​អំណួត និង​ការ​ចង់​បាន​វត្ថុ​ទ្រព្យ។ វា​បំភាន់​មនុស្ស​ខ្លះ​ទៀត​ដោយ​ប្រើ​ទស្សនវិជ្ជា​ដូច​ជា​ការ​ស្នេហា​ជាតិ ការ​វិវត្តន៍ និង​សាសនា​មិន​ពិត។ (កូឡ. ២:៨) ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​ចូល​ក្នុង​អន្ទាក់​មួយ​ទៀត​គឺ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ អ្វី​ៗ​ទាំង​អស់​នេះ​ប្រៀប​ដូច​ជា​រោគ​រាត​ត្បាត​មួយ​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។—សូម​អាន ទំនុក​តម្កើង ៩១:៧​-​១០; ម៉ាថ. ២៤:១២

របៀប​ការ​ពារ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ

១៣. តើ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​យ៉ាង​ដូច​ម្ដេច​ពី​អ្វី​ៗ​ដែល​អាច​បង្ក​ឲ្យ​យើង​លែង​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​លោក?

១៣ តើ​ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច​ពី​អ្វី​ៗ​ដែល​អាច​បង្ក​ឲ្យ​ពួក​គាត់​លែង​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក? បទ​ទំនុក​តម្កើង​ចែង​ថា៖ «ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់​ពីដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង»។ (ទំនុក. ៩១:១១) បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​ណែនាំ​និង​ការ​ពារ​យើង​ដើម្បី​យើង​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (បប. ១៤:៦) ក្រៅ​ពី​ពួក​ទេវតា ពួក​អ្នក​ចាស់​ទុំ​ការ​ពារ​មិន​ឲ្យ​ការ​វែក​ញែក​មិន​ត្រឹម​ត្រូវ​បំភាន់​យើង ដោយ​ពួក​គាត់​ផ្អែក​យ៉ាង​រឹង​មាំ​លើ​បទ​គម្ពីរ​ក្នុង​ការ​បង្រៀន។ ពួក​គាត់​អាច​ជួយ​បង​ប្អូន​ណា​ដែល​ពិបាក​យក​ឈ្នះ​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ពិភព​លោក។ (ទីត. ១:៩; ១ពេ. ៥:២) ម្យ៉ាង​ទៀត «ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា» ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដើម្បី​ការ​ពារ​យើង​ពី​ការ​បង្រៀន​អំពី​ការ​វិវត្តន៍ ការ​ទាក់​ទាញ​ចិត្ត​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រាស​ចាក​សីលធម៌ ការ​ស្វះ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​និង​ការ​ចង់​បាន​មុខ​មាត់​ក្នុង​សង្គម ព្រម​ទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​និង​ឥទ្ធិពល​ជា​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​អន្តរាយ។ (ម៉ាថ. ២៤:៤៥) តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​ទប់​ទល់​នឹង​អ្វី​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ?

១៤. តើ​យើង​អាច​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​ការ​ពារ​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ បើ​យើង​ចង់​ស្ថិត​ក្នុង«ទី​កំបាំង»របស់​ព្រះ​ដើម្បី​ទទួល​ការ​ការ​ពារ​ពី​លោក តើ​យើង​ត្រូវ​ធ្វើ​អ្វី? ដូច​យើង​ត្រូវ​ការ​ពារ​ជីវិត​យើង​ជា​និច្ច​ពី​គ្រោះ​ថ្នាក់ ឧក្រិដ្ឋ​ជន ឬ​ជំងឺ​ជា​ដើម នោះ​យើង​ក៏​ត្រូវ​ការ​ពារ​ខ្លួន​ជា​ដរាប​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជំនឿ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គប្បី​ឲ្យ​យើង​ឆ្លៀត​យក​ប្រយោជន៍​ជា​ទៀង​ទាត់​ពី​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​តាម​រយៈ​សៀវភៅ​របស់​អង្គការ​យើង កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​សន្និបាត​ផ្សេង​ៗ។ យើង​ក៏​សុំ​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ដែរ ហើយ​យើង​ក៏​ទទួល​ប្រយោជន៍​ពី​គុណសម្បត្ដិ​ផ្សេង​ៗ​របស់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ មែន​ទេ? ពិត​មែន ការ​សេព​គប់​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជួយ​ឲ្យ​យើង​មាន​ប្រាជ្ញា។—សុភ. ១៣:២០; សូម​អាន ពេត្រុស​ទី​១ ៤:១០

១៥. ហេតុ​អ្វី​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អាច​ការ​ពារ​អ្នក​ពី​អ្វី​ៗ​ក៏​ដោយ ដែល​អាច​នាំ​ឲ្យ​លោក​លែង​ពេញ​ចិត្ត​នឹង​អ្នក?

១៥ ព្រះ​យេហូវ៉ា​អាច​ការ​ពារ​យើង​ពី​អ្វី​ៗ​ក៏​ដោយ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​លែង​ពេញ​ចិត្ត​នឹង​យើង។ យើង​ពិត​ជា​គ្មាន​ហេតុ​សង្ស័យ​ថា​លោក​មិន​អាច​ធ្វើ​ដូច្នោះ​ឡើយ។ (រ៉ូម ៨:៣៨, ៣៩) លោក​បាន​ការ​ពារ​ក្រុម​ជំនុំ​ពី​សត្រូវ​ដ៏​ខ្លាំង​ក្លា​ខាង​សាសនា​និង​ខាង​នយោបាយ​ដែល​តាម​ធម្មតា​មិន​មាន​បំណង​សម្លាប់​យើង​ទេ តែ​មាន​បំណង​បំបែក​យើង​ចេញ​ពី​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​វិញ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា៖ «ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ»។ សេចក្ដី​សន្យា​នេះ​គឺ​ជា​ការ​ពិត​មែន។—អេ. ៥៤:១៧

តើ​នរណា​ឲ្យ​សេរី​ភាព​ដល់​យើង?

១៦. ហេតុ​អ្វី​បាន​ជា​ពិភព​លោក​នេះ​មិន​អាច​ផ្ដល់​ឲ្យ​យើង​នូវ​សេរី​ភាព?

១៦ តើ​ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​លែង​មាន​សេរី​ភាព​ឬ? មិន​មែន​ទេ គឺ​ការ​ធ្វើ​ជា​របស់​ពិភព​លោក​វិញ​ដែល​នឹង​នាំ​ឲ្យ​យើង​លែង​មាន​សេរី​ភាព។ ពិភព​លោក​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា ហើយ​មាន​ព្រះ​ដ៏​គ្មាន​មេត្ដា​ជា​អ្នក​គ្រប់​គ្រង ជា​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​ខ្ញុំ​បម្រើ។ (យ៉ូន. ១៤:៣០) ជា​ឧទាហរណ៍​របៀប​របប​ពិភព​លោក​របស់​សាថាន​ប្រើ​បញ្ហា​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​លែង​មាន​សេរី​ភាព។ (សូម​ពិនិត្យ​បន្ថែម ការ​បើក​បង្ហាញ ១៣:១៦, ១៧) ភាព​ខុស​ឆ្គង​ក៏​អាច​ល្បួង​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ។ (យ៉ូន. ៨:៣៤; ហេ. ៣:១៣) ដូច្នេះ ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​លើក​ស្ទួយ​របៀប​រស់​នៅ​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​របស់​លោក ហើយ​ថា​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​សេរី​ភាព។ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ធ្វើ​តាម​យោបល់​របស់​ពួក​គេ​នឹង​ដឹង​ភ្លាម​ៗ​ថា ខ្លួន​គេ​ជាប់​ជា​ខ្ញុំ​បម្រើ​នៃ​គន្លង​ជីវិត​មួយ​ដែល​មាន​អំពើ​ខុស​ឆ្គង​និង​ដែល​ថោក​ទាប។—រ៉ូម ១:២៤​-​៣២

១៧. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​សេរី​ភាព​អ្វី​ឲ្យ​យើង?

១៧ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រគល់​ជីវិត​យើង​ជូន​ព្រះ​យេហូវ៉ា លោក​នឹង​រំដោះ​យើង​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់។ ស្ថានភាព​របស់​យើង​គឺ​ដូច​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​គាត់​បាន​ប្រគល់​ជីវិត​ខ្លួន​ទៅ​គ្រូ​ពេទ្យ​វះ​កាត់​ជំនាញ​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ជា​ពី​ជំងឺ​នោះ។ យើង​ទាំង​អស់​គ្នា​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ស្លាប់ ពោល​គឺ​ភាព​ខុស​ឆ្គង​ដែលយើង​ឆ្លង​ពី​ជីដូន​ជីតា​ដំបូង​របស់​យើង។ ដោយ​ផ្អែក​លើ​គ្រឿង​បូជា​របស់​គ្រិស្ត យើង​អាច​មាន​សេចក្ដី​សង្ឃឹម​រួច​ផុត​ពី​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង ហើយ​អាច​រស់​នៅ​ជា​រៀង​រហូត​បាន លុះ​ត្រា​តែ​យើង​ប្រគល់​ជីវិត​យើង​ជូន​ព្រះ​យេហូវ៉ា។ (យ៉ូន. ៣:៣៦) យើង​ពិត​ជា​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​គ្រូ​ពេទ្យ​វះ​កាត់ ពេល​យើង​ឮ​អំពី​កេរ្ដិ៍​ឈ្មោះ​របស់​គាត់។ ដូច​គ្នា​ដែរ កាល​ដែល​យើង​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា យើង​នឹង​ទុក​ចិត្ត​ទៅ​លើ​លោក​រឹត​តែ​ច្រើន​ឡើង។ អាស្រ័យ​ហេតុ​នេះ យើង​បន្ត​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដិត​ដល់ ពី​ព្រោះ​យើង​ដឹង​ថា​នេះ​នឹង​ជួយ​ឲ្យ​យើង​ស្រឡាញ់​លោក ហើយ​នេះ​នឹង​ជួយ​យើង​ឲ្យ​បំបាត់​ចោល​ការ​ភ័យ​ខ្លាច​ណា​ក៏​ដោយ​ដែល​មក​ពី​ការ​ធ្វើ​ជា​របស់​លោក។—១យ៉ូន. ៤:១៨

១៨. តើ​ពួក​អ្នក​ដែល​ជា​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​អ្វី?

១៨ ព្រះ​យេហូវ៉ា​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សេរី​ភាព​សម្រេច​ចិត្ត។ បណ្ដាំ​របស់​លោក​ចែង​ថា៖ «ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»។ (ចោ. ៣០:១៩, ២០) លោក​ចង់​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ផ្ទាល់​បម្រើ​លោក ហើយ​នេះ​ជា​វិធី​ដែល​លោក​ចង់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ ដូច្នេះ ជា​ជាង​ធ្វើ​ឲ្យ​យើង​លែង​មាន​សេរី​ភាព ការ​ធ្វើ​ជា​របស់​ព្រះ​ដែល​យើង​ស្រឡាញ់​ពិត​ជា​នឹង​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​រហូត។

១៩. ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា ជា​គុណ​ដ៏​វិសេស​លើស​លប់​សម្រាប់​យើង?

១៩ ដោយ​សារ​យើង​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង យើង​មិន​សម​ជា​របស់​ព្រះ​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ មាន​តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ។ (២ធី. ១:៩) ហេតុ​នេះ ប៉ូល​បាន​សរសេរ​ថា៖ «ប្រសិន​បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​បើ​យើង​ស្លាប់ យើង​ស្លាប់​ដើម្បី​ព្រះ​យេហូវ៉ា។ ដូច្នេះ ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក្ដី យើង​ជា​របស់​ព្រះ​យេហូវ៉ា»។ (រ៉ូម ១៤:៨) ប្រាកដ​ហើយ ការ​សម្រេច​ចិត្ត​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា?

• ហេតុ​អ្វី​បាន​ជា​យើង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ?

• តើ​ព្រះ​យេហូវ៉ា​ការ​ពារ​អ្នក​បម្រើ​លោក​តាម​របៀប​ណា?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​១៥]

ចូរ​សួរ​អ្នក​ឯ​ទៀត​ថា​ពួក​គេ​ទទួល​ប្រយោជន៍​យ៉ាង​ណា ពី​ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​១៦]

តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការ​ពារ​តាម​របៀប​ណា​ខ្លះ?