ចូរបង្ហាញថាអ្នកជាអ្នកកាន់តាមពិតប្រាកដរបស់គ្រិស្ត
ចូរបង្ហាញថាអ្នកជាអ្នកកាន់តាមពិតប្រាកដរបស់គ្រិស្ត
«ដើមឈើល្អ បង្កើតផលល្អ ប៉ុន្តែដើមឈើមិនល្អ បង្កើតផលមិនល្អ»។—ម៉ាថ. ៧:១៧
១, ២. តើគ្រិស្តសាសនិកពិតខុសគ្នាពីគ្រិស្តសាសនិកមិនពិតយ៉ាងណា ជាពិសេសក្នុងគ្រាចុងបញ្ចប់នេះ?
លោកយេស៊ូមានប្រសាសន៍ថា គេអាចសម្គាល់ភាពខុសគ្នារវាងពួកអ្នកដែលអះអាងដោយមិនត្រឹមត្រូវថាបម្រើលោក និងពួកអ្នកកាន់តាមពិតប្រាកដរបស់លោក ដោយសារផលផ្លែដែលពួកគេបង្កើត ពោលគឺសេចក្ដីបង្រៀននិងការប្រព្រឹត្តរបស់ពួកគេ។ (ម៉ាថ. ៧:១៥-១៧, ២០) ពិតមែន មនុស្សទទួលឥទ្ធិពលដោយចៀសមិនផុតពីអ្វីដែលពួកគេបញ្ចូលក្នុងចិត្តនិងគំនិតរបស់ពួកគេ។ (ម៉ាថ. ១៥:១៨, ១៩) ពួកអ្នកដែលទទួលសេចក្ដីបង្រៀនមិនត្រឹមត្រូវ បង្កើត«ផលមិនល្អ» រីឯពួកអ្នកដែលបានត្រូវបង្រៀនសេចក្ដីពិតក្នុងគម្ពីរ បង្កើត«ផលល្អ»។
២ នៅគ្រាចុងបញ្ចប់នេះ មានផលផ្លែពីរប្រភេទដែលបានត្រូវសឲ្យឃើញយ៉ាងជាក់ច្បាស់។ (សូមអាន ដានីយ៉ែល ១២:៣, ១០) គ្រិស្តសាសនិកមិនពិតមានការយល់ដឹងមិនត្រឹមត្រូវអំពីព្រះ ហើយភក្ដីភាពចំពោះព្រះដែលពួកគេបង្ហាញច្រើនតែជាការលាក់ពុត តែពួកអ្នកដែលមានការយល់ដឹងត្រឹមត្រូវអំពីព្រះ គោរពប្រណិប័តន៍លោក «ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូន. ៤:២៤; ២ធី. ៣:១-៥) ពួកគេខំបង្ហាញគុណសម្បត្ដិដូចគ្រិស្ត។ ចុះចំពោះយើងម្នាក់ៗវិញ? កាលដែលអ្នកពិចារណាអំពីសញ្ញាសម្គាល់ទាំងប្រាំរបស់គ្រិស្តសាសនិកពិតដែលមានដូចតទៅនេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំបង្ហាញច្បាស់ថាការប្រព្រឹត្តនិងសេចក្ដីបង្រៀនរបស់ខ្ញុំគឺសមស្របនឹងបណ្ដាំរបស់ព្រះឬ? តើការប្រព្រឹត្តនិងសេចក្ដីបង្រៀនរបស់ខ្ញុំទាក់ទាញចិត្តពួកអ្នកដែលខំស្វែងរកសេចក្ដីពិតឬទេ?›។
ធ្វើតាមបណ្ដាំរបស់ព្រះក្នុងជីវភាពរស់នៅ
៣. តើអ្វីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត? ហើយចំពោះពួកគ្រិស្តសាសនិកពិត តើនេះទាក់ទងនឹងអ្វីខ្លះ?
៣ លោកយេស៊ូមានប្រសាសន៍ថា៖ «មិនមែនអស់អ្នកដែលនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់!› នឹងចូលក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ តែគឺអ្នកណាដែលធ្វើតាមបំណងប្រាថ្នានៃបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌វិញ»។ (ម៉ាថ. ៧:២១) ត្រូវហើយ មិនមែនការអះអាងថាខ្លួនជាគ្រិស្តសាសនិកធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តទេ តែគឺជាការប្រព្រឹត្តវិញ។ ចំពោះពួកអ្នកកាន់តាមពិតរបស់គ្រិស្ត នេះទាក់ទងនឹងជីវភាពរស់នៅទាំងមូលរបស់ពួកគេ ដែលក្នុងនោះរួមបញ្ចូលចិត្តគំនិតចំពោះលុយកាក់ ការងារ ការកម្សាន្ត ទំនៀមទម្លាប់និងបុណ្យផ្សេងៗរបស់ពិភពលោក ព្រមទាំងចំពោះអាពាហ៍ពិពាហ៍ និងទំនាក់ទំនងជាមួយមនុស្សឯទៀតដែរ។ ប៉ុន្តែ ពួកគ្រិស្តសាសនិកមិនពិតធ្វើតាមមនុស្សក្នុងពិភពលោកដែលមានគំនិតនិងការប្រព្រឹត្ត ដែលកាន់តែអាក្រក់ទៅៗក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។—ទំនុក. ៩២:៧
៤, ៥. តើតាមរបៀបណាយើងអាចអនុវត្តតាមប្រសាសន៍របស់ព្រះយេហូវ៉ាដែលមាននៅក្នុងម៉ាឡាគី ៣:១៨ ក្នុងជីវិតយើង?
៤ ហេតុនេះ ម៉ាឡាគីដែលជាអ្នកប្រកាសទំនាយបានសរសេរថា៖ «អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិតនិងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបំរើព្រះជាម្ចាស់និងអ្នកមិនគោរពបំរើ ខុសគ្នាយ៉ាងណា»។ (ម៉ាឡ. ៣:១៨; ខ.ស.) កាលដែលអ្នកសញ្ជឹងគិតអំពីពាក្យទាំងនោះ សូមសួរខ្លួនអ្នកថា‹តើខ្ញុំដូចឬខុសប្លែកពីមនុស្សក្នុងពិភពលោកឬ? តើខ្ញុំតែងតែខំធ្វើតាមមិត្តនៅសាលារៀនឬកន្លែងធ្វើការឬទេ? ឬតើខ្ញុំប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នឹងគោលការណ៍ក្នុងគម្ពីរ ហើយហ៊ានប្រាប់អ្នកឯទៀតនៅពេលដែលសមគួរឬទេ?›។ (សូមអាន ពេត្រុសទី១ ៣:១៦) ពិតមែន យើងមិនចង់ឲ្យអ្នកឯទៀតគិតថាយើងជឿជាក់ថាយើងជាមនុស្សសុចរិតទេ តែគប្បីឲ្យគេឃើញថាយើងខុសប្លែកពីមនុស្សដែលមិនស្រឡាញ់និងមិនបម្រើព្រះយេហូវ៉ា។
៥ ប្រសិនបើអ្នកឃើញថា អ្នកត្រូវធ្វើឲ្យការប្រព្រឹត្តរបស់អ្នកបានល្អប្រសើរជាង សូមអធិដ្ឋានទៅព្រះចំពោះរឿងនេះ ហើយខំឲ្យបានកម្លាំងចិត្តតាមរយៈការសិក្សាគម្ពីរ ការអធិដ្ឋាន និងការទៅប្រជុំជាទៀងទាត់។ ពេលអ្នកអនុវត្តតាមបណ្ដាំរបស់ព្រះកាន់តែច្រើន នោះអ្នកនឹងបង្កើត«ផលល្អ»កាន់តែច្រើន រួមទាំង«ផលនៃបបូរមាត់ ដែលប្រកាសប្រាប់នាមរបស់[ព្រះ]ដល់អ្នកឯទៀត»។—ហេ. ១៣:១៥
ផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ
៦, ៧. ស្តីអំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ តើពួកគ្រិស្តសាសនិកពិតនិងមិនពិតមានភាពខុសគ្នាយ៉ាងណា?
៦ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូក. ៤:៤៣) ហេតុអ្វីបានជាលោកយេស៊ូយករាជាណាចក្ររបស់ព្រះជាប្រធានបទចម្បងនៃការផ្សព្វផ្សាយរបស់លោក? ពីព្រោះលោកជ្រាបថាលោកជាស្តេចនៃ រាជាណាចក្រនោះ ហើយលោកនិងបងប្អូនរបស់លោកដែលបានត្រូវតែងតាំងដោយសកម្មពលរបស់ព្រះ ព្រមទាំងបានត្រូវប្រោសឲ្យរស់ឡើងវិញ នឹងបំបាត់ចោលប្រភពនៃសេចក្ដីវេទនារបស់មនុស្ស ពោលគឺភាពខុសឆ្គងនិងមេកំណាច។ (រ៉ូម ៥:១២; បប. ២០:១០) អាស្រ័យហេតុនេះ លោកបានបង្គាប់ពួកអ្នកកាន់តាមរបស់លោកឲ្យប្រកាសរាជាណាចក្រនោះរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៤:១៤) មនុស្សដែលគ្រាន់តែអះអាងថាជាអ្នកកាន់តាមគ្រិស្តមិនធ្វើកិច្ចការនេះទេ តាមពិតពួកគាត់មិនអាចធ្វើបានឡើយ។ ហេតុអ្វី? យ៉ាងហោចណាស់ មានមូលហេតុបី។ ទី១ ពួកគេមិនអាចផ្សាយអ្វីដែលពួកគេមិនយល់ទេ។ ទី២ ពួកគេភាគច្រើនខ្វះចិត្តរាបទាបនិងសេចក្ដីក្លាហានដែលត្រូវមានដើម្បីប្រឈមមុខនឹងការមើលងាយ ការបៀតបៀនដែលអាចបណ្ដាលមកពីការផ្សព្វផ្សាយដំណឹងល្អដល់អ្នកជិតខាង។ (ម៉ាថ. ២៤:៩; ១ពេ. ២:២៣) ទី៣ ព្រះមិនឲ្យសកម្មពលបរិសុទ្ធរបស់លោកដល់ពួកគ្រិស្តសាសនិកមិនពិតឡើយ។—យ៉ូន. ១៤:១៦, ១៧
៧ ផ្ទុយទៅវិញ ពួកអ្នកកាន់តាមពិតរបស់គ្រិស្តយល់ថារាជាណាចក្រព្រះជាអ្វី ហើយនឹងសម្រេចអ្វី។ មួយវិញទៀត ពួកគេចាត់ទុកប្រយោជន៍នៃរាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត ហើយដោយមានជំនួយពីសកម្មពលរបស់ព្រះយេហូវ៉ា ពួកគេផ្សព្វផ្សាយអំពីរាជាណាចក្រនោះនៅទូទាំងពិភពលោក។ (សាក. ៤:៦) តើអ្នកចូលរួមយ៉ាងទៀងទាត់ក្នុងកិច្ចការនេះឬទេ? ជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ តើអ្នកខំធ្វើឲ្យប្រសើរជាង ប្រហែលដោយចំណាយពេលច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយឬដោយមានប្រសិទ្ធភាពច្រើនជាងឬទេ? បងប្អូនខ្លះបានខំធ្វើឲ្យកិច្ចបម្រើផ្សាយល្អប្រសើរជាងដោយប្រើគម្ពីរតាមរបៀបដែលមានប្រសិទ្ធភាពជាង។ សាវ័កប៉ូលដែលមានទម្លាប់វែកញែកពីបទគម្ពីរបានសរសេរថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។—ហេ. ៤:១២; សកម្ម. ១៧:២, ៣
៨, ៩. (ក) តើបទពិសោធន៍អ្វីបង្ហាញពីប្រយោជន៍នៃការប្រើគម្ពីរក្នុងកិច្ចបម្រើផ្សាយរបស់យើង? (ខ) តើយើងអាចកាន់តែប៉ិនប្រសប់ឡើងយ៉ាងដូចម្ដេចក្នុងការប្រើបណ្ដាំរបស់ព្រះ?
៨ ពេលបងប្រុសម្នាក់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ គាត់បានអានដានីយ៉ែល ២:៤៤ ឲ្យបុរសម្នាក់ដែលកាន់តាមសាសនាកាតូលិកស្ដាប់ ហើយពន្យល់របៀបដែលរាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានសន្ដិភាពនិងសន្ដិសុខពិតប្រាកដ។ បុរសនោះបានតបឆ្លើយថា៖ «ខ្ញុំអបអរដែលបងបានបើកគម្ពីរបង្ហាញខ្ញុំជាជាងប្រាប់ខ្ញុំតែប៉ុណ្ណោះ»។ ពេលបងប្រុសម្នាក់អានបទគម្ពីរមួយឲ្យស្ត្រីម្នាក់ដែលកាន់តាមសាសនាក្រិចអូធូដុក្សស្ដាប់ នាងបានសួរសំណួរល្អៗជាច្រើន។ ក្នុងករណីនេះដែរ បងប្រុសនោះនិងប្រពន្ធរបស់គាត់ បានផ្ដល់ចម្លើយចំពោះសំណួរទាំងនោះពីគម្ពីរ។ ក្រោយមក ស្ត្រីនោះបានពោលថា៖ «តើបងដឹងមូលហេតុដែលខ្ញុំសុខចិត្តនិយាយជាមួយបងទេ? គឺពីព្រោះបងបានមកផ្ទះខ្ញុំដោយមានគម្ពីរ ហើយបងបានអានពីគម្ពីរតែម្ដង»។
៩ សៀវភៅរបស់អង្គការយើងគឺសំខាន់មែន ហើយយើងគួរស្នើផ្ដល់ឲ្យម្ចាស់ផ្ទះ។ ប៉ុន្តែ គម្ពីរជាសៀវភៅសំខាន់បំផុតរបស់យើង។ ដូច្នេះ បើអ្នកមិនមានទម្លាប់ប្រើគម្ពីរក្នុងកិច្ចបម្រើផ្សាយរបស់អ្នកទេ ជាការល្អឲ្យអ្នកមានគោលដៅធ្វើដូច្នេះ។ ប្រហែលអ្នកអាចរើសបទគម្ពីរខ្លះៗដែលពន្យល់អំពីរាជាណាចក្ររបស់ព្រះនិងរបៀបដែល
រាជាណាចក្រនោះនឹងដោះស្រាយបញ្ហាដែលមនុស្សក្នុងតំបន់អ្នកព្រួយបារម្ភ។ ក្រោយមក ចូរត្រៀមខ្លួនអានបទគម្ពីរនោះពេលអ្នកផ្សាយពីផ្ទះមួយទៅផ្ទះមួយ។មានមោទនភាពដោយសារជាតំណាងនាមរបស់ព្រះ
១០, ១១. ស្តីអំពីការប្រើនាមរបស់ព្រះ តើលោកយេស៊ូនិងពួកអ្នកដែលអះអាងថាជាអ្នកកាន់តាមលោកខុសគ្នាយ៉ាងណា?
១០ «ឯងរាល់គ្នាជាស្មរបន្ទាល់[សាក្សី]របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (អេ. ៤៣:១២) លោកយេស៊ូគ្រិស្តជាសាក្សីដ៏សំខាន់បំផុតរបស់ព្រះយេហូវ៉ា ហើយលោកមានទស្សនៈថា លោកមានកិត្ដិយសតំណាងនាមរបស់ព្រះនិងធ្វើឲ្យគេស្គាល់នាមនោះ។ (សូមអាន និក្ខមនំ ៣:១៥; យ៉ូហាន ១៧:៦; ហេប្រឺ ២:១២) តាមពិត ដោយសារលោកយេស៊ូបានប្រកាសនាមបិតារបស់លោក នោះលោកបានត្រូវហៅថាជា«សាក្សីដ៏ស្មោះត្រង់»។—បប. ១:៥; ម៉ាថ. ៦:៩
១១ ផ្ទុយទៅវិញ មនុស្សជាច្រើនដែលអះអាងថាតំណាងព្រះនិងបុត្ររបស់លោក គ្មានការគោរពចំពោះនាមរបស់ព្រះ រហូតដល់ដកនាមរបស់លោកចេញពីគម្ពីររបស់ពួកគេ។ ការបង្គាប់ថ្មីមួយពីសាសនាកាតូលិកជូនទៅអេវ៉ែក (ពួកអ្នកដែលមានឋានៈខ្ពស់ក្នុងសាសនានោះ) ក៏មានគំនិតដូចគ្នាដែរ។ ការបង្គាប់នោះបានចែងថា ក្នុងការគោរពប្រណិប័តន៍ព្រះ ពួកគេ«មិនត្រូវប្រើឬនិយាយនាមរបស់ព្រះដែលមានក្នុងតេត្រាក្រាម ដែលតំណាងដោយអក្សរបួនតួគឺយហវហឡើយ»។ * នេះពិតជាគំនិតមួយដែលខុសឆ្គងធ្ងន់ធ្ងរណាស់!
១២. នៅឆ្នាំ១៩៣១ តើមានអ្វីកើតឡើងដែលធ្វើឲ្យអ្នកឯទៀតឃើញកាន់តែច្បាស់ថា ពួកគ្រិស្តសាសនិកពិតគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
១២ ដោយយកតម្រាប់តាមគ្រិស្តនិង«សាក្សីមួយក្រុមធំ»ដែលរស់នៅមុនលោកយេស៊ូមកផែនដី នោះពួកគ្រិស្តសាសនិកពិតមានមោទនភាពប្រើនាមរបស់ព្រះ។ (ហេ. ១២:១) តាមពិត នៅឆ្នាំ១៩៣១ ពួកអ្នកបម្រើរបស់ព្រះបានសម្រេចយកឈ្មោះជាសាក្សីព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យអ្នកឯទៀតឃើញកាន់តែច្បាស់ថាពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (សូមអាន អេសាយ ៤៣:១០-១២) យ៉ាងនេះ ក្នុងន័យពិសេសម្យ៉ាង ពួកអ្នកកាន់តាមពិតរបស់គ្រិស្តបានក្លាយទៅជារាស្ត្រមួយ«ដែលបានត្រូវហៅដោយឈ្មោះរបស់[ព្រះ]»។—សកម្ម. ១៥:១៤, ១៧
១៣. តើយើងអាចប្រាកដយ៉ាងដូចម្ដេចថាយើងធ្វើអ្វីដែលសមនឹងរាស្ត្រដែលបានត្រូវហៅដោយនាមព្រះ?
១៣ តើយើងម្នាក់ៗអាចប្រាកដយ៉ាងដូចម្ដេចថាយើងធ្វើអ្វីដែលសមនឹងរាស្ត្រដែលបានត្រូវហៅដោយនាមព្រះ? យើងត្រូវផ្សព្វផ្សាយយ៉ាងស្មោះត្រង់អំពីព្រះ។ ប៉ូលបានសរសេរថា៖ «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ។ ក៏ប៉ុន្តែ តើពួកគេនឹងហៅរកនាមរបស់លោកយ៉ាងដូចម្ដេច ប្រសិនបើមិនមានជំនឿ? ហើយតើពួកគេនឹងមានជំនឿលើលោកយ៉ាងដូចម្ដេច ប្រសិនបើមិនបានឮអំពីលោក? ហើយតើពួកគេនឹងឮយ៉ាងដូចម្ដេច ប្រសិនបើគ្មានអ្នកណាផ្សព្វផ្សាយ? ហើយតើពួកគេនឹងផ្សព្វផ្សាយយ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនបានត្រូវចាត់ឲ្យទៅ?»។ (រ៉ូម ១០:១៣-១៥) ម្យ៉ាងទៀត គប្បីឲ្យយើងលាតត្រដាងយ៉ាងប៉ិនប្រសប់នូវសេចក្ដីបង្រៀនមិនពិតដែលបង្ខូចនាមរបស់ព្រះដែលជាអ្នកបង្កើត ដូចជាសេចក្ដីបង្រៀនអំពីភ្លើងនរក ដែលនេះនាំឲ្យគេគិតថាព្រះនៃសេចក្ដីស្រឡាញ់មានលក្ខណៈដ៏គ្មានមេត្ដា ដែលតាមពិតជាលក្ខណៈរបស់មេកំណាចវិញ។—យេ. ៧:៣១; ១យ៉ូន. ៤:៨; សូមពិនិត្យបន្ថែម ម៉ាកុស ៩:១៧-២៧
១៤. ពេលដឹងអំពីនាមរបស់ព្រះ តើមនុស្សខ្លះមានអារម្មណ៍យ៉ាងណា?
១៤ តើអ្នកមានមោទនភាពតំណាងនាមបិតានៅស្ថានសួគ៌របស់អ្នកឬទេ? តើអ្នកជួយអ្នកឯទៀតឲ្យស្គាល់នាមដ៏បរិសុទ្ធនោះឬ? ស្ត្រីម្នាក់នៅទីក្រុងបារីស ប្រទេសបារាំង បានឮថាសាក្សីព្រះយេហូវ៉ាដឹងនាមរបស់ព្រះ ក្រោយមកពេលជួបសាក្សីព្រះយេហូវ៉ា គាត់សុំពួកគេឲ្យបង្ហាញនាមនោះក្នុងគម្ពីររបស់គាត់ផ្ទាល់។ ពេលគាត់អានទំនុកតម្កើង ៨៣:១៨ នេះមានឥទ្ធិពលខ្លាំងណាស់ទៅលើគាត់។ គាត់ចាប់ផ្ដើមរៀនគម្ពីរ ហើយឥឡូវជាបងស្រីស្មោះត្រង់ម្នាក់ដែលកំពុងបម្រើនៅប្រទេសផ្សេង។ នៅប្រទេសអូស្ដ្រាលី ពេលស្ត្រីម្នាក់ដែលកាន់តាមសាសនាកាតូលិកឃើញនាមរបស់ព្រះជាលើកដំបូងក្នុងគម្ពីរ គាត់សប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែក។ គាត់បានបម្រើជាអ្នកត្រួសត្រាយពេញពេលអស់រយៈពេលច្រើនឆ្នាំមកហើយ។ នៅពេលថ្មីៗនេះ ពេលសាក្សីព្រះយេហូវ៉ានៅប្រទេសហ្សាម៉ៃកាបង្ហាញស្ត្រីម្នាក់នូវនាមរបស់ព្រះក្នុងគម្ពីររបស់គាត់ផ្ទាល់ គាត់ក៏មានអំណររហូតដល់ស្រក់ទឹកភ្នែកដែរ។ ដូច្នេះ ចូរមានមោទនភាពតំណាងនាមរបស់ព្រះ ហើយ ដោយយកតម្រាប់តាមលោកយេស៊ូ ចូរធ្វើឲ្យមនុស្សទាំងអស់ស្គាល់នាមដ៏មានតម្លៃនោះ។
«កុំស្រឡាញ់ពិភពលោកនេះ»
១៥, ១៦. តើគ្រិស្តសាសនិកពិតមានទស្សនៈយ៉ាងណាអំពីពិភពលោក? តើគប្បីឲ្យយើងសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១៥ «កុំស្រឡាញ់ពិភពលោកនេះ ឬអ្វីៗក្នុងពិភពលោកនេះឡើយ។ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោកនេះ អ្នកនោះមិនស្រឡាញ់បិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ»។ (១យ៉ូន. ២:១៥) មនុស្សក្នុងពិភពលោកនិងចិត្តគំនិតដែលខុសឆ្គងរបស់ពួកគេប្រឆាំងព្រះយេហូវ៉ានិងសកម្មពលបរិសុទ្ធរបស់លោក។ ហេតុនេះ ពួកអ្នកកាន់តាមពិតរបស់គ្រិស្តមិនគ្រាន់តែមិនរួមចំណែកក្នុងពិភពលោកប៉ុណ្ណោះទេ តែពួកគេមិនព្រមស្រឡាញ់ពិភពលោកនេះឡើយ។ ពួកគេដឹងដូចយ៉ាកុបដែលបានសរសេរថា៖ «ការធ្វើជាមិត្តរបស់ពិភពលោកនេះ មានន័យថាធ្វើជាសត្រូវរបស់ព្រះ»។—យ៉ា. ៤:៤
១៦ គឺពិបាកឲ្យយើងធ្វើតាមពាក្យរបស់យ៉ាកុបពេលយើងរស់នៅក្នុងពិភពលោកដែលមានអ្វីៗច្រើនណាស់ដែលទាក់ទាញចិត្តយើង។ (២ធី. ៤:១០) ដូច្នេះ លោកយេស៊ូបានអធិដ្ឋានឲ្យពួកអ្នកកាន់តាមលោកថា៖ «ខ្ញុំមិនសុំលោកយកពួកគាត់ចេញពីពិភពលោកទេ ប៉ុន្តែខ្ញុំសុំលោកការពារពួកគាត់ ឲ្យរួចពីមេកំណាច។ ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូន. ១៧:១៥, ១៦) សូមសួរខ្លួនអ្នកថា‹តើខ្ញុំព្យាយាមមិនរួមចំណែកក្នុងពិភពលោកឬទេ? តើអ្នកឯទៀតដឹងឬទេអំពីជំហររបស់ខ្ញុំស្តីអំពីបុណ្យនិងទំនៀមទម្លាប់ផ្សេងៗដែលខុសគោលការណ៍គម្ពីរ ព្រមទាំងបុណ្យនិងទំនៀមទម្លាប់ឯទៀតដែលប្រហែលជាមិនទាក់ទងនឹងសាសនាមិនពិតក៏ដោយ តែបង្ហាញចិត្តគំនិតរបស់ពិភពលោក?›។—២កូ. ៦:១៧; ១ពេ. ៤:៣, ៤
១៧. តើអ្វីប្រហែលជាជំរុញទឹកចិត្តរបស់មនុស្សដែលមានចិត្តស្មោះឲ្យកាន់ខាងព្រះយេហូវ៉ា?
១៧ ប្រាកដហើយ ពេលយើងកាន់ជំហរតាមគម្ពីរ នោះមនុស្សក្នុងពិភពលោកមិនពេញចិត្តនឹងយើងទេ តែប្រហែលជានេះធ្វើឲ្យពួកអ្នកដែលមានចិត្តស្មោះ ឆ្ងល់ចង់ដឹងថែមទៀត។ ពេលមនុស្សបែបនោះឃើញថាជំនឿរបស់យើងមានមូលដ្ឋានរឹងមាំលើគម្ពីរ ហើយជាប់ទាក់ទងនឹងជីវិតរស់នៅរបស់យើងទាំងមូល នោះហាក់ដូចជាពួកគេតបឆ្លើយនឹងពួកអ្នកដែលបានត្រូវរើសតាំងថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាក. ៨:២៣
បង្ហាញសេចក្ដីស្រឡាញ់ពិតក្នុងនាមជាគ្រិស្តសាសនិក
១៨. តើការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងអ្នកជិតខាងរួមបញ្ចូលអ្វីខ្លះ?
១៨ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត» ហើយ«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ម៉ាថ. ២២:៣៧, ៣៩) សេចក្ដីស្រឡាញ់នោះ (ភាសាក្រិចជាអាហ្គាប៉េ) ជាសេចក្ដីស្រឡាញ់ដែលផ្អែកលើអ្វីដែលត្រឹមត្រូវ យល់ដឹងអំពីភារកិច្ចរបស់ខ្លួន ថែមទាំងធ្វើតាមគោលការណ៍និងរបៀបប្រព្រឹត្តដែលសមរម្យ។ ប៉ុន្តែ សេចក្ដីស្រឡាញ់នេះក៏អាចរួមបញ្ចូលមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែរ។ (១ពេ. ១:២២) សេចក្ដីស្រឡាញ់នេះគឺខុសស្រឡះពីចិត្តគំនិតគិតតែពីប្រយោជន៍ខ្លួន ព្រោះសេចក្ដីស្រឡាញ់នេះបានត្រូវសឲ្យឃើញក្នុងពាក្យសម្ដីនិងការប្រព្រឹត្តដែលគិតពីប្រយោជន៍របស់អ្នកឯទៀតវិញ។—សូមអាន កូរិនថូសទី១ ១៣:៤-៧
១៩, ២០. សូមរៀបរាប់បទពិសោធន៍ខ្លះដែលបង្ហាញពីឫទ្ធានុភាពនៃការបង្ហាញសេចក្ដីស្រឡាញ់។
១៩ ដោយសារសេចក្ដីស្រឡាញ់ជាផលមួយដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ នេះជួយគ្រិស្តសាសនិកពិតឲ្យយកឈ្នះអ្វីដែលអ្នកឯទៀតមិនអាចយកឈ្នះបាន ដូចជាការប្រកាន់ពូជសាសន៍ វប្បធម៌ ឬនយោបាយជាដើម។ (សូមអាន យ៉ូហាន ១៣:៣៤, ៣៥; កាឡ. ៥:២២) ពេលមនុស្សដែលមានលក្ខណៈដូចចៀមឃើញសេចក្ដីស្រឡាញ់បែបនេះ ពួកគេបានត្រូវជំរុញទឹកចិត្ត។ ជាឧទាហរណ៍ នៅ ប្រទេសអ៊ីស្រាអែល ពេលយុវបុរសម្នាក់ដែលកាន់តាមសាសនាយូដាបានទៅកិច្ចប្រជុំគ្រិស្តសាសនិកជាលើកដំបូង នោះគាត់ភ្ញាក់ផ្អើលដោយឃើញបងប្អូនជនជាតិយូដានិងជនជាតិអារ៉ាប់គោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ ជាលទ្ធផល គាត់ចាប់ផ្ដើមទៅកិច្ចប្រជុំយ៉ាងទៀងទាត់ ហើយព្រមសិក្សាគម្ពីរ។ តើអ្នកបង្ហាញសេចក្ដីស្រឡាញ់ដែលផុសចេញពីចិត្តចំពោះបងប្អូនរួមជំនឿឬទេ? ហើយតើអ្នកខំប្រឹងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកថ្មីនៅសាលប្រជុំ ទោះជាគាត់មានសញ្ជាតិ ពណ៌សម្បុរអ្វី ឬឋានៈណាក្នុងសង្គមក៏ដោយឬទេ?
២០ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់។ នៅប្រទេសអែលសាវ៉ាឌរ អ្នកផ្សព្វផ្សាយវ័យក្មេងម្នាក់សិក្សាគម្ពីរជាមួយអ៊ំស្រីម្នាក់អាយុ៨៧ឆ្នាំដែលកាន់ខ្ជាប់តាមសាសនាកាតូលិក។ នៅថ្ងៃមួយ អ៊ំស្រីនោះឈឺធ្ងន់ហើយត្រូវសម្រាន្តនៅមន្ទីរពេទ្យ។ ពេលគាត់ត្រឡប់មកផ្ទះវិញ សាក្សីព្រះយេហូវ៉ាទៅលេងសួរសុខទុក្ខគាត់ ថែមទាំងយកអាហារជូនគាត់ផង។ ពួកសាក្សីបានធ្វើដូចនេះប្រហែលអស់មួយខែ។ គ្មាននរណាម្នាក់ពីវិហាររបស់អ៊ំស្រីនោះមកលេងគាត់សោះ។ តើមានលទ្ធផលអ្វី? អ៊ំស្រីបានបោះចោលរូបព្រះ លែងធ្វើជាសមាជិកក្នុងវិហាររបស់គាត់ ហើយចាប់ផ្ដើមសិក្សាគម្ពីរឡើងវិញ។ សេចក្ដីស្រឡាញ់របស់គ្រិស្តសាសនិកមានឫទ្ធានុភាពខ្លាំងណាស់! បើយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស នេះអាចមានឥទ្ធិពលលើពួកគេ ខ្លាំងជាងគ្រាន់តែផ្សព្វផ្សាយដល់ពួកគេប៉ុណ្ណោះ។
២១. តើយើងអាចធ្វើឲ្យមានអនាគតល្អយ៉ាងដូចម្ដេច?
២១ មិនយូរទៀត ចំពោះអស់អ្នកដែលអះអាងដោយមិនត្រឹមត្រូវថាបម្រើលោក លោកយេស៊ូនឹងមានប្រសាសន៍ទៅពួកគេថា៖ «នែ! មនុស្សប្រព្រឹត្តល្មើសច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរទៅឆ្ងាយពីខ្ញុំទៅ!»។ (ម៉ាថ. ៧:២៣) ដូច្នេះ សូមឲ្យយើងបង្កើតផលដែលលើកកិត្ដិយសទាំងបិតានៅស្ថានសួគ៌និងបុត្ររបស់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលឮសម្ដីរបស់ខ្ញុំហើយធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សចេះពិចារណា ដែលសង់ផ្ទះលើផ្ទាំងថ្ម»។ (ម៉ាថ. ៧:២៤) ពិតមែន បើយើងបង្ហាញថាយើងជាអ្នកកាន់តាមពិតប្រាកដរបស់គ្រិស្ត យើងធ្វើឲ្យព្រះពេញចិត្តនឹងយើង ហើយយើងនឹងមានអនាគតល្អ ដែលហាក់ដូចជាមានមូលដ្ឋានលើផ្ទាំងថ្ម!
[កំណត់សម្គាល់]
^ វគ្គ 11 សៀវភៅទំនើបខ្លះៗរបស់សាសនាកាតូលិកជាភាសាអង់គ្លេស រួមទាំងគម្ពីរយេរូសាឡិម (The Jerusalem Bible) បានបកប្រែពាក្យតេត្រាក្រាមដែលតំណាងដោយអក្សរបួនតួ ជា«យ៉ាវ៉េ»។
តើអ្នកចាំឬទេ?
• តើអ្នកកាន់តាមពិតរបស់គ្រិស្តខុសគ្នាយ៉ាងណាពីអ្នកកាន់តាមមិនពិត?
• សូមរៀបរាប់«ផល»ខ្លះៗដែលសម្គាល់គ្រិស្តសាសនិកពិត។
• ក្នុងការបង្កើតផលរបស់គ្រិស្តសាសនិក តើអ្នកមានគោលដៅអ្វីខ្លះ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៩]
តើអ្នកមានទម្លាប់ប្រើគម្ពីរយ៉ាងទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយឬទេ?
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២០]
តើអ្នកឯទៀតដឹងអំពីជំហររបស់អ្នកស្តីអំពីបុណ្យផ្សេងៗដែលខុសគោលការណ៍គម្ពីឬទេ?