លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹តើត្រូវឲ្យខ្ញុំអំពាវនាវដល់កាលណាទៀត?›

‹តើត្រូវឲ្យខ្ញុំអំពាវនាវដល់កាលណាទៀត?›

‹តើ​ត្រូវ​ឲ្យ​ខ្ញុំ​អំពាវ​នាវ​ដល់​កាល​ណា​ទៀត?›

ជេន​មាន​ជំងឺ​មហា​រីក​ដែល​រាល​ដាល​ពេញ​ខ្លួន​នាង។ នាង​ស្រក់​ទឹក​ភ្នែក​ដោយ​ពោល​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ការ​ឈឺ​ចាប់​បាត់​ទៅ!»។ ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​នាង​ពិត​ជា​ចង់​បំបាត់​ជំងឺ​និង​ការ​ឈឺ​ចាប់​របស់​នាង​ណាស់! ពួក​គាត់​បាន​អធិដ្ឋាន​សុំ​ព្រះ​ជួយ​នាង។ តើ​ព្រះ​នឹង​ស្ដាប់​ការ​អធិដ្ឋាន​របស់​ពួក​គាត់​ឬ​ទេ? តើ​ព្រះ​ខ្វល់​ខ្វាយ​អំពី​នាង​ឬ​ទេ?

ព្រះ​ជ្រាប​អំពី​ស្ថានភាព​នៃ​មនុស្សជាតិ។ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​ចែង​ថា៖ «អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់»។ (រ៉ូម ៨:២២) ព្រះ​ដឹង​ថា​មាន​មនុស្ស​រាប់​លាន​នាក់​ដូច​ជេន ដែល​មាន​ការ​ឈឺ​ចាប់​រាល់​ថ្ងៃ ទោះ​ជា​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​ខាង​អារម្មណ៍​ក្ដី។ ព្រះ​ឃើញ​មនុស្ស​ចំនួន​៨០០​លាន​នាក់​ដែល​ចូល​ដំណេក​រាល់​យប់​ដោយ​ក្រពះ​ទទេ មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​រង​ទុក្ខ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ថែម​ទាំង​មាតា​បិតា​ជា​ច្រើន​ដែល​ព្រួយ​បារម្ភ​អំពី​អនាគត​និង​សុខមាលភាព​របស់​កូន។ តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ថា​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឬ​ទេ? យើង​ជា​មនុស្ស​យើង​មាន​ចិត្ត​ចង់​ជួយ​បង​ប្អូន​ញាតិ​មិត្ត​របស់​យើង ចុះ​ទម្រាំ​ព្រះ​វិញ លោក​ក៏​ចង់​ជួយ​មនុស្សជាតិ​ដែល​ជា​ការ​បង្កើត​របស់​លោក​ដែរ មែន​ទេ?

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​អំពី​សំណួរ​បែប​នេះ នោះ​មិន​មាន​តែ​លោក​អ្នក​ប៉ុណ្ណោះ​ទេ​ដែល​ធ្លាប់​ឆ្ងល់។ ជាង​២.៦០០​ឆ្នាំ​មុន បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ហាបាគុក មាន​អារម្មណ៍​ដូច​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​គាត់​បាន​សួរ​ព្រះ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវ​នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូល​បង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់​ទែង​គ្នា​កើត​ឡើង»។ (ហាបាគុក ១:២, ៣) ហាបាគុក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​ជន​ជាតិ​ហេប្រឺ​ម្នាក់ គាត់​បាន​ឃើញ​មនុស្ស​នៅ​សម័យ​គាត់​ប្រព្រឹត្ត​ដោយ​ឥត​មេត្ដា​នូវ​អំពើ​ឃោរឃៅ​និង​អំពើ​ហិង្សា​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម។ សព្វ​ថ្ងៃ​នេះ អំពើ​បែប​នោះ​មាន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​អាណិត​អាសូរ​ទើស​ចិត្ត​ខ្លាំង​ណាស់។

តើ​ព្រះ​មើល​ស្រាល​ការ​ព្រួយ​បារម្ភ​របស់​ហាបាគុក​ឬ? ទេ។ លោក​បាន​ស្ដាប់​សំណួរ​ដ៏​ស្មោះ​របស់​ហាបាគុក ហើយ​បន្ទាប់​មក​លោក​បាន​សម្រាល​ទុក្ខ ហើយ​លើក​ទឹក​ចិត្ត​ហាបាគុក​ដែល​កំពុង​កើត​ទុក្ខ។ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ជំនឿ​របស់​ហាបាគុក​ដោយ​សន្យា​ថា លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​អស់​សាប​សូន្យ​ទៅ។ សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ផ្ដល់​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ក៏​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​លោក​អ្នក​ដែរ ដូច​បាន​ជួយ​ជេន​និង​ក្រុម​គ្រួសារ​របស់​នាង។ អត្ថបទ​បន្ត​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ៖ តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថា​ព្រះ​ពិត​ជា​គិត​អំពី​យើង? តើ​ព្រះ​នឹង​បំបាត់​ចោល​សេចក្ដី​វេទនា​យ៉ាង​ដូច​ម្ដេច? ហើយ​នៅ​ពេល​ណា?