លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បញ្ហាមួយដែលមានទូទាំងពិភពលោក ដំណោះស្រាយសម្រាប់បញ្ហានោះ

បញ្ហាមួយដែលមានទូទាំងពិភពលោក ដំណោះស្រាយសម្រាប់បញ្ហានោះ

បញ្ហា​មួយ​ដែល​មាន​ទូទាំង​ពិភព​លោក ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នោះ

សេចក្ដី វេទនា​មាន​គ្រប់​ទី​កន្លែង ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ជួយ​ដោយ​ចិត្ត​មេត្ដា​ពួក​អ្នក​ដែល​រង​ទុក្ខ។ ជា​ឧទាហរណ៍ បុគ្គលិក​ពេទ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ឈឺ​ឬ​របួស។ អ្នក​ពន្លត់​អគ្គិភ័យ ប៉ូលិស អ្នក​ច្បាប់ និង​បុគ្គលិក​ខាង​ការ​ជួយ​សង្គ្រោះ​ព្យាយាម​សម្រាល​ឬ​បង្ការ​សេចក្ដី​វេទនា​របស់​អ្នក​ឯ​ទៀត។ ការ​ព្យាយាម​បែប​នេះ​ជួយ​ច្រើន​ណាស់​ដល់​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ តែ​គ្មាន​បុគ្គល​ណា​ម្នាក់​ឬ​អង្គការ​ណា​មួយ​មាន​លទ្ធភាព​បំបាត់​ចោល​សេចក្ដី​វេទនា​នៅ​ទូទាំង​ផែនដី​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អាច​ផ្ដល់​ដំណោះ​ស្រាយ​សម្រាប់​ផែនដី​ទាំង​មូល ហើយ​លោក​នឹង​ធ្វើ​ដូច្នោះ​មែន។

សៀវភៅ​គម្ពីរ​ចុង​ក្រោយ​បង្អស់​បាន​បង្កើន​ទំនុក​ចិត្ត​យើង។ សៀវភៅ​នោះ​ចែង​ថា៖ «[ព្រះ]នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។ (ការ​បើក​បង្ហាញ ២១:៤) សូម​ពិចារណា​ថា សេចក្ដី​សន្យា​នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើមនុស្ស​ច្រើន​ប៉ុណ្ណា។ សេចក្ដី​សន្យា​នេះ​សង្ខេប​គោល​បំណង​របស់​ព្រះ​ដែល​ថា លោក​នឹង​បំបាត់​ចោល​សេចក្ដី​វេទនា​ទាំង​អស់។ លោក​នឹង​ធ្វើ​ដូច្នេះ​ដោយ​ធ្វើ​ឲ្យ​ផែនដី​លែង​មាន​សង្គ្រាម ការ​អត់​ឃ្លាន ជំងឺ និង​អំពើ​អយុត្ដិធម៌ ព្រម​ទាំង​មនុស្ស​ទុច្ចរិត​ទាំង​អស់។ គ្មាន​មនុស្ស​ណា​អាច​សម្រេច​ការ​នេះ​បាន​ទេ។

តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ?

ព្រះ​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​លោក​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ បន្ទាប់​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក។ មិន​យូរ​ទៀត លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ជា​ស្តេច​លើ​ផែនដី​ទាំង​មូល​ដោយ​គ្មាន​អ្នក​ប្រឆាំង។ មនុស្សជាតិ​នឹង​លែង​មាន​ស្តេច​ដែល​ជា​មនុស្ស ប្រធានាធិបតី ឬ​អ្នក​នយោបាយ​ទៀត។ ផ្ទុយ​ទៅ​វិញ មនុស្សជាតិ​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​ស្តេច​តែ​មួយ​និង​រដ្ឋាភិបាល​តែ​មួយ ពោល​គឺ​រាជាណាចក្រ​របស់​ព្រះ។

រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស​លែង​មាន​ទៀត។ ជា​យូរ​ណាស់​មក​ហើយ គម្ពីរ​បាន​ទាយ​ទុក​ថា៖ «ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ (ដានីយ៉ែល ២:៤៤) មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​ត្រូវ​បង្រួប​បង្រួម​ក្រោម​រដ្ឋាភិបាល​ដ៏​សុចរិត​មួយ ពោល​គឺ​រាជាណាចក្រ​របស់​ព្រះ។

ពេល​លោក​យេស៊ូ​រស់​នៅ​ផែនដី​ជា​មនុស្ស លោក​បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​អំពី​រាជាណាចក្រ​នោះ។ លោក​បាន​សំដៅ​ទៅ​លើ​រាជាណាចក្រ​នោះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​គំរូ ដោយ​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ដូច្នេះ​ថា៖ «សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:១០) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​បាន​បញ្ជាក់​ថា រាជាណាចក្រ​ព្រះ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​សម្រេច​នៃ​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ផែនដី ហើយ​បំណង​ប្រាថ្នា​នោះ​របស់​ព្រះ​គឺ​បំបាត់​ចោល​សេចក្ដី​វេទនា​នៅ​ផែនដី​ទាំង​មូល។

គ្មាន​រដ្ឋាភិបាល​ណា​របស់​មនុស្ស​អាច​នាំ​ឲ្យ​មាន​ពរ​ដូច​រដ្ឋាភិបាល​ដ៏​សុចរិត​របស់​ព្រះ​ទេ។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ផ្ដល់​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​ដើម្បី​ឲ្យ​មនុស្ស​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ក្រោម​ការ​គ្រប់​គ្រង​ដ៏​សប្បុរស​និង​យុត្ដិធម៌​របស់​រាជាណាចក្រ​ព្រះ នោះ​មនុស្ស​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​បន្ដិច​ម្ដង​ៗ។ តើ​នឹង​មាន​លទ្ធផល​អ្វី? ព្រះ​យេហូវ៉ា«នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់»។—អេសាយ ២៥:៨

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា ‹ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​ទាន់​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​សាប​សូន្យ​ទៅ? តើ​លោក​រង់​ចាំ​អ្វី?›។ ព្រះ​យេហូវ៉ា​ពិត​ជា​អាច​បំបាត់​ចោល​ឬ​បង្ការ​សេចក្ដី​វេទនា​ទាំង​អស់​បាន​តាំង​ពី​យូរ​មក​ហើយ។ ក៏​ប៉ុន្តែ លោក​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​វេទនា​ដើម្បី​ជា​ប្រយោជន៍​យូរ​អង្វែង​ដល់​កូន​ចៅ​លោក​នៅ​ផែនដី មិន​មែន​ដោយ​គិត​ពី​ប្រយោជន៍​របស់​លោក​ទេ។ មាតា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​អនុញ្ញាត​ឲ្យ​កូន​ឆ្លង​កាត់​ការ​លំបាក បើ​ពួក​គេ​ដឹង​ថា​នេះ​នឹង​នាំ​ឲ្យ​កូន​ទទួល​ប្រយោជន៍​យូរ​អង្វែង។ ស្រដៀង​គ្នា​ដែរ មាន​មូលហេតុ​ល្អ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​មនុស្សជាតិ​រង​ទុក្ខ​ជា​បណ្ដោះ​អាសន្ន ហើយ​មូលហេតុ​ទាំង​នេះ​ត្រូវ​បាន​ពន្យល់​ក្នុង​គម្ពីរ។ មូលហេតុ​នោះ​ទាក់​ទង​នឹង​ចិត្ត​សេរី អំពើ​ខុស​ឆ្គង និង​រឿង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ក៏​ពន្យល់​ថា ព្រះ​អនុញ្ញាត​ឲ្យ​បុគ្គល​វិញ្ញាណ​អាក្រក់​មួយ​គ្រប់​គ្រង​លើ​ពិភព​លោក​មួយ​រយៈ​ពេល។ *

ទោះ​បី​យើង​មិន​អាច​ពន្យល់​មូលហេតុ​ទាំង​អស់​នោះ​ក្នុង​ពីរ​បី​ទំព័រ​ក៏​ដោយ តែ​មាន​ការ​ពិត​ពីរ​យ៉ាង​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​និង​ការ​លើក​ទឹក​ចិត្ត។ ការ​ពិត​ទី​១​គឺ ពរ​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​គឺ​លើស​ជាង​ឆ្ងាយ​ណាស់​សេចក្ដី​វេទនា​ណា​ដែល​យើង​ប្រហែល​ជា​ឆ្លង​កាត់។ ម្យ៉ាង​ទៀត ព្រះ​ធានា​ចំពោះ​យើង​ថា៖ «របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ»។ (អេសាយ ៦៥:១៧) ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជា​បណ្ដោះ​អាសន្ន តែ​លោក​នឹង​បំបាត់​ចោល​ទាំង​ស្រុង​និង​ជា​រៀង​រហូត​នូវ​ទុក្ខ​លំបាក​និង​សេចក្ដី​វេទនា​ដែល​មក​ពី​ការ​អនុញ្ញាត​នោះ។

ការ​ពិត​ទី​២​គឺ ព្រះ​បាន​កំណត់​ពេល​ដែល​មិន​អាច​កែ​ប្រែ​បាន​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​សាប​សូន្យ​ទៅ។ សូម​ចាំ​ថា អ្នក​ប្រកាស​ទំនាយ​ហាបាគុក​បាន​សួរ​ព្រះ​យេហូវ៉ា តើ​លោក​នឹង​អនុញ្ញាត​ឲ្យ​មាន​អំពើ​ឃោរឃៅ​និង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ថា៖ «ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ . . . ឥត​រា​រង់​ឡើយ»។ (ហាបាគុក ២:៣) ដូច​យើង​នឹង​ឃើញ​នៅ​អត្ថបទ​បន្ទាប់ «វេលា​កំណត់»នោះ​គឺ​ជិត​ដល់​ហើយ។

[កំណត់​សម្គាល់]

^ វគ្គ 9 ដើម្បី​ទទួល​ព័ត៌មាន​ល្អិត​ល្អន់​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​វេទនា សូម​មើល​ជំពូក​ទី​១១ នៅ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ប្រអប់​នៅ​ទំព័រ​៧]

បទ​គម្ពីរ​ដែល​បង្ហាញ​ប្រាប់ អំពី​អនាគត​ដ៏​ត្រចះ​ត្រចង់

លែង​មាន​សង្គ្រាម:

«ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​ហិន​វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី។ ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែនដី»។—ទំនុក​តម្កើង ៤៦:៨, ៩

បុគ្គល​ជា​ទី​ស្រឡាញ់​នឹង​រស់​ឡើង​វិញ:

«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។—សកម្មភាព ២៤:១៥

មាន​អាហារ​សម្រាប់​មនុស្ស​ទាំង​អស់:

«នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ»។—ទំនុក​តម្កើង ៧២:១៦

ជំងឺ​នឹង​លែង​មាន​ទៀត:

«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ»។—អេសាយ ៣៣:២៤

មនុស្ស​អាក្រក់​នឹង​លែង​មាន​ទៀត:

«មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។—សុភាសិត ២:២២

យុត្ដិធម៌​នឹង​មាន​នៅ​គ្រប់​កន្លែង:

«មើល! នឹង​មាន​ស្តេច​១​អង្គ[គ្រិស្ត​យេស៊ូ]សោយ​រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់​គ្រង​ដោយ​យុត្ដិធម៌»។—អេសាយ ៣២:១

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​៧]

រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល សេចក្ដី​វេទនា​ណា​ដែល​យើង​ប្រហែល​ជា​បាន​ឆ្លង​កាត់