លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះពិតជាគិតអំពីយើងមែន ម្ដេចបានជាយើងដឹង?

ព្រះពិតជាគិតអំពីយើងមែន ម្ដេចបានជាយើងដឹង?

ព្រះ​ពិត​ជា​គិត​អំពី​យើង​មែន ម្ដេច​បាន​ជា​យើង​ដឹង?

មនុស្ស​បាន​ឆ្ងល់​រាប់​ពាន់​ឆ្នាំ​អំពី​សំណួរ​សំខាន់​មួយ​ដែល​គេ​ធ្លាប់​សួរ​តាំង​ពី​យូរ​ណាស់​មក​ហើយ ពោល​គឺ​បើ​ព្រះ​ស្រឡាញ់​យើង ហេតុ​អ្វី​មាន​សេចក្ដី​វេទនា​ច្រើន​ម្ល៉េះ? លោក​អ្នក​ទំនង​ជា​យល់​ព្រម​ថា បើ​លោក​អ្នក​ស្រឡាញ់​បុគ្គល​ម្នាក់ លោក​អ្នក​មិន​ចង់​ឲ្យ​បុគ្គល​នោះ​រង​ទុក្ខ​ឡើយ ហើយ​បើ​គាត់​មាន​ការ​ពិបាក​ណា​មួយ លោក​អ្នក​នឹង​ខំ​ជួយ​គាត់។ ដូច្នេះ ដោយ​សារ​មាន​សេចក្ដី​វេទនា​ច្រើន​ពេក មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ព្រះ​មិន​ខ្វល់​អំពី​យើង​ទេ។ អាស្រ័យ​ហេតុ​នេះ មុន​ដំបូង​គឺ​សំខាន់​ឲ្យ​យើង​ពិចារណា​ទី​សំអាង​ដែល​បញ្ជាក់​ថា ព្រះ​ពិត​ជា​ស្រឡាញ់​និង​គិត​អំពី​យើង​មែន។

អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​លោក

ព្រះ​យេហូវ៉ា​ជា«អ្នក​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ»។ (សកម្មភាព ៤:២៤) កាល​ដែល​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត យើង​ពិត​ជា​អាច​សន្និដ្ឋាន​ថា​លោក​គិត​អំពី​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​សប្បាយ​រីករាយ។ តើ​លោក​អ្នក​ចូល​ចិត្ត​អាហារ​ឆ្ងាញ់​ឬ? ព្រះ​យេហូវ៉ា​អាច​ផ្ដល់​អាហារ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​របស់​យើង។ ប៉ុន្តែ លោក​បាន​បង្កើត​អាហារ​ច្រើន​ប្រភេទ​ឥត​គណនា​ដើម្បី​ធ្វើ​ឲ្យ​យើង​ឆ្ងាញ់​មាត់។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ឲ្យ​មាន​ទេសភាព ដើម​ឈើ និង​ផ្កា​ដ៏​ល្អ​គ្រប់​មុខ​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ដែល​គួរ​ឲ្យ​សប្បាយ​និង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត។

ម្យ៉ាង​ទៀត សូម​ពិចារណា​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត។ មនុស្ស​យើង​ចេះ​សើច​ចេះ​សប្បាយ ចេះ​ពេញ​ចិត្ត​នឹង​បទ​ភ្លេង​និង​អ្វី​ៗ​ដែល​មាន​លម្អ ហើយ​អ្វី​ទាំង​នេះ​យើង​មិន​ចាំ​បាច់​មាន​ដើម្បី​ទ្រ​ទ្រង់​ជីវិត​យើង​ទេ តែ​ជា​អំណោយ​ពី​ព្រះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ប្រសើរ​ជាង។ មួយ​វិញ​ទៀត សូម​គិត​អំពី​ទំនាក់​ទំនង​របស់​លោក​អ្នក​ជា​មួយ​អ្នក​ឯ​ទៀត។ យើង​ទាំង​អស់​គ្នា​ពិត​ជា​សប្បាយ​ពេល​សេព​គប់​ជា​មួយ​មិត្ត​ល្អ ហើយ​សប្បាយ​នឹង​ឱប​បុគ្គល​ដែល​យើង​ស្រឡាញ់​ខ្លាំង មែន​ទេ? តាម​ពិត ការ​ចេះ​ស្រឡាញ់​ជា​អំណោយ​មួយ​ពី​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់! ដោយ​សារ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ចេះ​ស្រឡាញ់ នោះ​ព្រះ​ក៏​ត្រូវ​មាន​គុណសម្បត្ដិ​នោះ​ដែរ។

គម្ពីរ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​មាន​សេចក្ដី​ស្រឡាញ់

គម្ពីរ​រៀប​រាប់​ឲ្យ​យើង​ដឹង​ថា​ព្រះ​ជា​សេចក្ដី​ស្រឡាញ់។ (យ៉ូហាន​ទី​១ ៤:៨) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មិន​គ្រាន់​តែ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ប៉ុណ្ណោះ​ទេ តែ​ក៏​ស​ឲ្យ​ឃើញ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ចេះ​ប្រមាណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ព្រមាន​អំពី​ការ​ប្រមឹក​ស្រា​និង​ការ​ល្មោភ​ស៊ី។—កូរិនថូស​ទី​១ ៦:៩, ១០

គម្ពីរ​ក៏​ផ្ដល់​ដំបូន្មាន​ល្អ​អំពី​ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត ហើយ​ដាស់​តឿន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ថែម​ទាំង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​ការ​គោរព សេចក្ដី​ថ្លៃ​ថ្នូរ និង​សេចក្ដី​សប្បុរស។ (ម៉ាថាយ ៧:១២) គម្ពីរ​ផ្ដន្ទា​ទោស​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា ដូច​ជា​ការ​លោភ​លន់ ការ​និយាយ​ដើម​គេ ការ​ច្រណែន ការ​ផិត​ក្បត់ និង​ឃាតកម្ម។ បើ​មនុស្ស​ទាំង​អស់​ខំ​ប្រឹង​រស់​នៅ​ស្រប​តាម​ដំបូន្មាន​ល្អ​ៗ​ដែល​មាន​ក្នុង​បទ​គម្ពីរ នោះ​ក្នុង​ពិភព​លោក​ទាំង​មូល នឹង​ពិត​ជា​មាន​សេចក្ដី​វេទនា​តិច​ជាង​ឆ្ងាយ​ណាស់។

ក៏​ប៉ុន្តែ ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត​របស់​ព្រះ​គឺ​ការ​ផ្ដល់​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក ទុក​ជា​ថ្លៃ​លោះ​មនុស្សជាតិ។ សៀវភៅ​យ៉ូហាន ៣:១៦ ចែង​ថា៖ «ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​រួច​ហើយ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ស្លាប់​និង​សេចក្ដី​វេទនា​គ្រប់​ប្រភេទ​លែង​មាន​ជា​រៀង​រហូត។—យ៉ូហាន​ទី​១ ៣:៨

ច្បាស់​ហើយ មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ ដូច្នេះ គឺ​សម​ហេតុ​ផល​ដែល​ព្រះ​មិន​ចង់​ឃើញ​យើង​រង​ទុក្ខ។ លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​សាប​សូន្យ​ទៅ។ យើង​មិន​ចាំ​បាច់​ប៉ាន់​ស្មាន​អំពី​រឿង​នេះ​ឡើយ ព្រោះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ចំ​ៗ​នូវ​របៀប​ដែល​ព្រះ​នឹង​បំបាត់​ចោល​សេចក្ដី​វេទនា។

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​៤]

ការ​ចេះ​ស្រឡាញ់ ជា​អំណោយ​មួយ​ពី​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់