លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រើ«ដាវនៃសកម្មពល»ដោយប៉ិនប្រសប់

ចូរប្រើ«ដាវនៃសកម្មពល»ដោយប៉ិនប្រសប់

ចូរ​ប្រើ«ដាវ​នៃ​សកម្មពល»ដោយ​ប៉ិន​ប្រសប់

«ចូរ​ទទួល​យក . . . ដាវ​នៃ​សកម្មពល ពោល​គឺ​បណ្ដាំ​របស់​ព្រះ»។—អេភ. ៦:១៧

១, ២. ដោយ​ឃើញ​ថា​ត្រូវ​ការ​អ្នក​ប្រកាស​រាជាណាចក្រ​ព្រះ​ថែម​ទៀត តើ​យើង​គួរ​ធ្វើ​អ្វី?

ពេល​លោក​យេស៊ូ​ឃើញ​ថា​បណ្ដា​ជន​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ នោះ​លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ​ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ការ​របស់​លោក»។ ក្រោយ​ពី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដូច្នេះ លោក​បាន«ហៅ​អ្នក​កាន់​តាម​ទាំង​ដប់​ពីរ​នាក់​មក​ឯ​លោក» ហើយ​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ ឬ​ទៅ«ប្រមូល​ផល​ដំណាំ»។ (ម៉ាថ. ៩:៣៥​-​៣៨; ១០:១,) ក្រោយ​មក លោក​យេស៊ូ​បាន«រើស​ចិតសិប​នាក់​ទៀត ក៏​ចាត់​គេ​ជា​គូ​ៗ»ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដែរ។—លូក. ១០:១, ២

សព្វ​ថ្ងៃ​នេះ​ក៏​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​នូវ​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​ព្រះ​ថែម​ទៀត​ដែរ។ ក្នុង​ឆ្នាំ​កិច្ច​បម្រើ​២០០៩ នៅ​ទូទាំង​ពិភព​លោក មាន​មនុស្ស​១៨.១៦៨.៣២៣​នាក់​បាន​ចូល​រួម​ពិធី​រំលឹក​មរណភាព​លោក​យេស៊ូ។ ចំនួន​នេះ​គឺ​លើស​ចំនួន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​១០​លាន។ នេះ​បង្ហាញ​ថា វាល​ស្រូវ​ពិត​ជា​ទុំ​ល្មម​ច្រូត​ហើយ។ (យ៉ូន. ៤:៣៤, ៣៥) ដូច្នេះ គប្បី​ឲ្យ​យើង​អធិដ្ឋាន​សុំ​ព្រះ​នូវ​អ្នក​ធ្វើ​ការ​ថែម​ទៀត។ ប៉ុន្តែ តើ​យើង​អាច​ប្រព្រឹត្ត​ស្រប​តាម​សំណូម​ពរ​បែប​នេះ​យ៉ាង​ដូច​ម្ដេច? យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ជាង កាល​ដែល​យើង​ខ្នះ​ខ្នែង​ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​និង​បង្រៀន​មនុស្ស​ឲ្យ​កាន់​តាម​លោក​យេស៊ូ។—ម៉ាថ. ២៨:១៩, ២០; ម៉ាក. ១៣:១០

៣. តើ​សកម្មពល​របស់​ព្រះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ជាង?

អត្ថបទ​មុន​បាន​ពិគ្រោះ​ថា ការ​ទទួល​ការ​ដឹក​នាំ​ពី​សកម្មពល​ព្រះ​គឺ​ជា​អ្វី​ដែល​ជួយ​យើង​ឲ្យ«ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន»។ (សកម្ម. ៤:៣១) សកម្មពល​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ប៉ិន​ប្រសប់​ដែរ។ វិធី​មួយ​ដែល​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ គឺ​ឲ្យ​យើង​ពូកែ​ប្រើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ឧបករណ៍​មួយ​ដ៏​ប្រសើរ​ដែល​លោក​ផ្ដល់​ឲ្យ​យើង។ គម្ពីរ​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​សកម្មពល​បរិសុទ្ធ។ (២ធី. ៣:១៦) សារ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ហេតុ​នេះ ពេល​យើង​ប្រើ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន​របស់​យើង នោះ​យើង​កំពុង​ទទួល​ការ​ដឹក​នាំ​ពី​សកម្មពល​បរិសុទ្ធ។ មុន​យើង​ពិចារណា​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ សូម​ឲ្យ​យើង​សញ្ជឹង​គិត​ថា​ឫទ្ធានុភាព​របស់​គម្ពីរ​គឺ​ខ្លាំង​ប៉ុណ្ណា។

‹បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព›

៤. តើ​គម្ពីរ​អាច​នាំ​ឲ្យ​មនុស្ស​កែ​ប្រែ​អ្វី​ខ្លះ?

បណ្ដាំ​ឬ​សារ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ណាស់! (ហេ. ៤:១២) ក្នុង​ន័យ​ធៀប សារ​គម្ពីរ​គឺ​មុត​ជាង​ដាវ​ណា​ដែល​មនុស្ស​ផលិត ព្រោះ​ក្នុង​ន័យ​ធៀប សារ​គម្ពីរ​ទម្លុះ​សន្លាក់​ឆ្អឹង​ចេញ​ពី​ខួរ​ឆ្អឹង។ សេចក្ដី​ពិត​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​បុគ្គល​ម្នាក់ ហើយ​អាច​ជ្រាប​ចូល​ក្នុង​គំនិត​និង​អារម្មណ៍​របស់​គាត់ ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិត​របស់​គាត់។ សេចក្ដី​ពិត​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​មនុស្ស ហើយ​អាច​ធ្វើ​ឲ្យ​ពួក​គេ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​យ៉ាង​ពិត​ប្រាកដ។ (សូម​អាន កូឡុស ៣:១០) ពិត​មែន បណ្ដាំ​របស់​ព្រះ​អាច​កែ​ប្រែ​ជីវិត​មនុស្ស!

៥. តើ​គម្ពីរ​អាច​ណែនាំ​យើង​តាម​របៀប​ណា​ខ្លះ? តើ​មាន​លទ្ធផល​អ្វី​ខ្លះ?

មួយ​វិញ​ទៀត ស្តី​អំពី​ប្រាជ្ញា គម្ពីរ​គឺ​ជា​សៀវភៅ​មួយ​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន។ គម្ពីរ​មាន​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដែល​អាច​បង្ហាញ​មនុស្ស​នូវ​របៀប​ដែល​ពួក​គេ​មាន​ជោគ​ជ័យ ពេល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក។ បណ្ដាំ​របស់​ព្រះ​មិន​ត្រឹម​តែ​បំភ្លឺ​ជើង​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​បំភ្លឺ​ផ្លូវ​ដែរ។ (ទំនុក. ១១៩:១០៥) គម្ពីរ​ជួយ​យើង​ច្រើន​ណាស់ ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ ឬ​ពេល​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​មិត្ត​ភក្ដិ ការ​កម្សាន្ត ការងារ សម្លៀក​បំពាក់ និង​អ្វី​ៗ​ផ្សេង​ទៀត។ (ទំនុក. ៣៧:២៥; សុភ. ១៣:២០; យ៉ូន. ១៥:១៤; ១ធី. ២:៩) ការ​អនុវត្ត​តាម​គោល​ការណ៍​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ (ម៉ាថ. ៧:១២; ភី. ២:៣, ៤) ពេល​យើង​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​បំភ្លឺ​ផ្លូវ​នៅ​ខាង​មុខ​យើង នោះ​យើង​អាច​ឃើញ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​នៅ​ពេល​អនាគត។ (១ធី. ៦:៩) បទ​គម្ពីរ​ក៏​ទាយ​ទុក​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​អនាគត ហើយ​ដោយ​ដឹង​អំពី​អ្វី​នេះ អាច​ជួយ​យើង​ឲ្យ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​សម​ស្រប​នឹង​គោល​បំណង​នោះ។ (ម៉ាថ. ៦:៣៣; ១យ៉ូន. ២:១៧, ១៨) បើ​បុគ្គល​ម្នាក់​ឲ្យ​គោល​ការណ៍​របស់​ព្រះ​ណែនាំ​ជីវិត គាត់​ពិត​ជា​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ!

៦. តើ​គម្ពីរ​ជា​អា​វុ​ឌ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការ​ប្រយុទ្ធ​របស់​យើង​ប្រឆាំង​នឹង​សាថាន?

សូម​កុំ​ភ្លេច​ដែរ​ថា គម្ពីរ​ជា​អា​វុ​ឌ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ប្រយុទ្ធ​នឹង​សាថាន។ ប៉ូល​បាន​ហៅ​បណ្ដាំ​របស់​ព្រះ​ថា«ដាវ​នៃ​សកម្មពល»។ (សូម​អាន អេភេសូរ ៦:១២, ១៧) កាល​ណា​សារ​គម្ពីរ​បាន​ត្រូវ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព សារ​នោះ​អាច​រំដោះ​មនុស្ស​ចេញ​ពី​អំណាច​របស់​សាថាន។ សារ​គម្ពីរ​ជា​ដាវ​ដែល​កំពុង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ជាង​បំផ្លាញ​ជីវិត​ពួក​គេ។ យើង​គួរ​ប្រើ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់ មែន​ទេ?

បង្រៀន​និង​ពន្យល់​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ

៧. ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​រៀន​ប្រើ«ដាវ​នៃ​សកម្មពល»ឲ្យ​បាន​ល្អ?

ពេល​ធ្វើ​សង្គ្រាម ទាហាន​ម្នាក់​អាច​ប្រើ​អា​វុ​ឌ​របស់​គាត់​ដោយ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​គាត់​បាន​ហាត់​និង​រៀន​ប្រើ​វា​ឲ្យ​បាន​ល្អ។ ការ​ប្រើ«ដាវ​នៃ​សកម្មពល»ក្នុង​ការ​ប្រយុទ្ធ​នឹង​សាថាន​ក៏​ដូច​គ្នា​ដែរ។ ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស និង​ជា​អ្នក​ដែល​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។—២ធី. ២:១៥

៨, ៩. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យល់​ច្បាស់​នូវ​អ្វី​ដែល​គម្ពីរ​រៀប​រាប់? សូម​លើក​ឧទាហរណ៍​មួយ។

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ«បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង? មុន​យើង​អាច​ពន្យល់​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់ យើង​ត្រូវ​យល់​ច្បាស់​ដោយ​ខ្លួន​យើង​សិន។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​មើល​បរិបទ។ យោង​ទៅ​តាម​វចនានុក្រម​មួយ«បរិបទ​នៃ​ពាក្យ​ឬ​បរិបទ​នៃ​ឃ្លា​មួយ​គឺ​ពាក្យ​ឬ​ឃ្លា​មុន​និង​ក្រោយ​ពាក្យ​ឬ​ឃ្លា​នោះ ដែល​អាច​ធ្វើ​ឲ្យ​អត្ថន័យ​ច្បាស់​លាស់»។

ដើម្បី​យល់​បទ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ពិចារណា​ខ​មុន​និង​ខ​ក្រោយ។ ពាក្យ​របស់​ប៉ូល​នៅ​កាឡាទី ៥:១៣ បញ្ជាក់​ពី​ចំណុច​នេះ។ គាត់​បាន​សរសេរ​ថា៖ «ពិត​មែន​តែ​បង​ប្អូន​បាន​ត្រូវ​ហៅ​មក​ដើម្បី​ឲ្យ​មាន​សេរី​ភាព ប៉ុន្តែ​កុំ​ប្រើ​សេរី​ភាព​នេះ​ជា​ឱកាស​ដើម្បី​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ តែ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់»។ តើ​ប៉ូល​ចង់​បញ្ជាក់​សេរី​ភាព​បែប​ណា? តើ​គាត់​សំដៅ​ទៅ​សេរី​ភាព​ពី​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ សេរី​ភាព​ពី​ជំនឿ​មិន​ត្រឹម​ត្រូវ ឬ​ពី​អ្វី​ផ្សេង​ទៀត​ឬ? បរិបទ​បង្ហាញ​ថា​ប៉ូល​និយាយ​អំពី​សេរី​ភាព​ដែល​បាន​មក​ពី​ការ‹រំដោះ​ឲ្យ​រួច​ពី​បណ្ដាសា​នៃ​ច្បាប់›។ (កាឡ. ៣:១៣, ១៩​-​២៤; ៤:១​-​៥) គាត់​សំដៅ​ទៅ​សេរី​ភាព​ថ្មី​មួយ​ដែល​បាន​មក​ពី​ការ​កាន់​តាម​គ្រិស្ត។ ពួក​អ្នក​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សេរី​ភាព​នោះ បាន​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ ពួក​អ្នក​ដែល​មិន​មាន​សេចក្ដី​ស្រឡាញ់ និយាយ​ដើម​គ្នា ហើយ​ឈ្លោះ​ប្រកែក​គ្នា។—កាឡ. ៥:១៥

១០. ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ តើ​ព័ត៌មាន​បែប​ណា​ដែល​យើង​គួរ​ពិចារណា? ហើយ​តើ​យើង​អាច​បាន​ព័ត៌មាន​នោះ​ដោយ​របៀប​ណា?

១០ ពាក្យ«បរិបទ»មាន​អត្ថន័យ​មួយ​ទៀត។ សទិសន័យ​នៃ​ពាក្យ«បរិបទ»រួម​បញ្ចូល«ប្រវត្ដិ ស្ថានភាព . . . កាលៈទេសៈ»។ ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ពិចារណា​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ប្រវត្ដិ​នោះ​នៃ​បទ​គម្ពីរ ដូច​ជា នរណា​ជា​អ្នក​សរសេរ​សៀវភៅ​គម្ពីរ​នោះ សរសេរ​នៅ​ពេល​ណា ហើយ​បាន​ត្រូវ​សរសេរ​ក្រោម​កាលៈទេសៈ​ណា។ មួយ​វិញ​ទៀត ជា​ការ​ល្អ​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ​ដែល​សៀវភៅ​នោះ​បាន​ត្រូវ​សរសេរ ហើយ​បើ​អាច​ធ្វើ​បាន ជា​ការ​ល្អ​ឲ្យ​យើង​ដឹង​អំពី​ទំនៀម​ទម្លាប់ ការ​ប្រព្រឹត្ត គោល​ការណ៍ និង​ការ​គោរព​បូជា​របស់​មនុស្ស​នៅ​សម័យ​នោះ។ *

១១. ពេល​យើង​ពន្យល់​បទ​គម្ពីរ តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី?

១១ ការ«បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»មិន​មាន​ន័យ​ថា​យើង​គ្រាន់​តែ​ពន្យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ។ យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​ប្រើ​គម្ពីរ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច​ឡើយ។ ទោះ​បី​យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​និយាយ​ការ​ពារ​សេចក្ដី​ពិត​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ពេល​មេ​កំណាច​ល្បួង​លោក​ក៏​ដោយ តែ​យើង​មិន​គួរ​ប្រើ​គម្ពីរ​ដើម្បី​បំភ័យ​អ្នក​ឯ​ទៀត​ទេ។ (ចោ. ៦:១៦; ៨:៣; ១០:២០; ម៉ាថ. ៤:៤, ៧, ១០) យើង​គួរ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​សាវ័ក​ពេត្រុស​ដែល​ថា៖ «ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​សេចក្ដី​សង្ឃឹម​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ»។—១ពេ. ៣:១៥

១២, ១៣. តើ«អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ»ដែល​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​អាច​រំលើង​គឺ​ជា​អ្វី​ខ្លះ? សូម​លើក​ឧទាហរណ៍​មួយ។

១២ ពេល​យើង​ប្រើ​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ តើ​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ​អាច​សម្រេច​ការ​អ្វី? (សូម​អាន កូរិនថូស​ទី​២ ១០:៤, ៥) សេចក្ដី​ពិត​ក្នុង​គម្ពីរ​អាច​រំលើង«អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ» ពោល​គឺ​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​អន្តរាយ និង​ទស្សនវិជ្ជា​ដែល​បង្ហាញ​ប្រាជ្ញា​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​កម្ចាត់​គំនិត​ណា​ក៏​ដោយ​ដែល«ប្រឆាំង​ចំណេះ​អំពី​ព្រះ»។ យើង​ក៏​អាច​ប្រើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ឲ្យ​សម​ស្រប​នឹង​សេចក្ដី​ពិត​ដែរ។

១៣ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ៊ំ​ស្រី​ម្នាក់​អាយុ​៩៣​ឆ្នាំ​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា។ តាំង​ពី​ក្មេង​មក គេ​បាន​បង្រៀន​អ៊ំ​ឲ្យ​ជឿ​អំពី​ការ​ចាប់​ជាតិ។ ពេល​ដែល​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​តាម​សំបុត្រ​ជា​មួយ​កូន​ប្រុស​ដែល​រស់​នៅ​ប្រទេស​ក្រៅ នោះ​គាត់​ជឿ​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក។ ក៏​ប៉ុន្តែ​សេចក្ដី​បង្រៀន​អំពី​ការ​ចាប់​ជាតិ​បាន​ចាក់​ឫស​ជ្រៅ​ក្នុង​គំនិត​របស់​គាត់​ដល់​ម្ល៉េះ បាន​ជា​គាត់​ជំទាស់​ពេល​កូន​ប្រុស​សរសេរ​ប្រាប់​គាត់​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់។ គាត់​បាន​និយាយ​ថា៖ «ម៉ែ​មិន​អាច​ជឿថា​សេចក្ដី​បង្រៀន​នេះ​ជា​រឿង​ពិត​ទេ។ សាសនា​ទាំង​អស់​បង្រៀន​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​យើង​ដែល​មិន​ចេះ​ស្លាប់។ រហូត​ដល់​ឥឡូវ ម៉ែ​ជឿ​ថា​រូប​កាយ​ស្លាប់ ហើយ​អ្វី​មួយ​ដែល​យើង​មើល​មិន​ឃើញ​ចាប់​ជាតិ​ជា​ថ្មី​ក្នុង​រូប​កាយ​ឯ​ទៀត ម្ដង​ហើយ​ម្ដង​ទៀត​ជាង​៨.៤០០.០០០​ដង។ ម៉េច​បាន​ទៅ​ជា​មិន​ពិត​វិញ? តើ​សាសនា​ភាគ​ច្រើន​គឺ​ខុស​ឬ?»។ តើ«ដាវ​នៃ​សកម្មពល»អាច​រំលើង​ជំនឿ​ដែល​ចាក់​ឫស​ជ្រៅ​ដូច​នេះ​បាន​ទេ? ក្រោយ​ពី​បាន​ពិភាក្សា​អំពី​គម្ពីរ​ជា​មួយ​កូន​ស្តី​អំពី​រឿង​នេះ គាត់​បាន​សរសេរ​ពីរ​បី​សប្ដាហ៍​ក្រោយ​មក​ថា៖ «ឥឡូវ​ម៉ែ​ចាប់​ផ្ដើម​យល់​សេចក្ដី​ពិត​អំពី​សេចក្ដី​ស្លាប់។ ម៉ែ​មាន​អំណរ​ក្រៃ​លែង​ដោយ​ដឹង​ថា ពេល​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យើង​នឹង​អាច​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង។ ម៉ែ​សង្ឃឹម​ថា រាជាណាចក្រ​ព្រះ​នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ»។

ប្រើ​គម្ពីរ​ដោយ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ

១៤. តើ​ការ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ជឿ​មាន​ន័យ​យ៉ាង​ណា?

១៤ ការ​ដក​ស្រង់​បទ​គម្ពីរ​តែ​ប៉ុណ្ណោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​មាន​ន័យ​ថា​យើង​ប្រើ​គម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព​ទេ។ ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដោយ​ខំ‹បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ› ហើយ​គប្បី​ឲ្យ​យើង​ធ្វើ​ដូច្នោះ​ដែរ។ (សូម​អាន សកម្មភាព ១៩:៨, ៩; ២៨:២៣) បុគ្គល​ដែល​ជឿ​អ្វី​មួយ​ទុក​ចិត្ត​លើ​អ្វី​នោះ។ ពេល​យើង​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​នាំ​ឲ្យ​បុគ្គល​ម្នាក់​ជឿ​សេចក្ដី​បង្រៀន​មួយ​ក្នុង​គម្ពីរ នោះ​យើង​នាំ​ឲ្យ​គាត់​ទុក​ចិត្ត​លើ​សេចក្ដី​បង្រៀន​នោះ។ ដើម្បី​ធ្វើ​អ្វី​នេះ យើង​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ជាក់​ថា​អ្វី​ដែល​យើង​ផ្សាយ​គឺ​ជា​រឿង​ពិត។ យើង​អាច​ធ្វើ​ដូច្នេះ​តាម​វិធី​ដូច​ត​ទៅ​នេះ។

១៥. តើ​អ្នក​អាច​លើក​បញ្ជាក់​អំពី​បណ្ដាំ​របស់​ព្រះ​តាម​វិធី​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​គោរព​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​លើក​បញ្ជាក់​អំពី​បណ្ដាំ​របស់​ព្រះ​តាម​វិធី​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​គោរព​គម្ពីរ។ ពេល​អ្នក​លើក​បទ​គម្ពីរ​មួយ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​ស្តី​អំពី​រឿង​នោះ។ បន្ទាប់​ពី​បាន​សួរ​សំណួរ ហើយ​ទទួល​ចម្លើយ​ពី​ម្ចាស់​ផ្ទះ អ្នក​ប្រហែល​ជា​អាច​និយាយ​ថា‹ចូរ​យើង​ពិនិត្យ​មើល​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​នេះ›។ ឬ​អ្នក​អាច​សួរ​ថា‹តើ​ព្រះ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​រឿង​នេះ?›។ ការ​លើក​បទ​គម្ពីរ​តាម​របៀប​នេះ បញ្ជាក់​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ជួយ​ឲ្យ​អ្នក​ស្ដាប់​គោរព​គម្ពីរ​យ៉ាង​ជ្រាល​ជ្រៅ។ ការ​ធ្វើ​ដូច្នេះ គឺ​សំខាន់ ជា​ពិសេស​ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ម្នាក់​ដែល​ជឿ​ព្រះ តែ​មិន​សូវ​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន។—ទំនុក. ១៩:៧​-​១០

១៦. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ពន្យល់​បទ​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ?

១៦ ចូរ​អាន​បទ​គម្ពីរ ថែម​ទាំង​ពន្យល់។ ប៉ូល​មាន​ទម្លាប់​បង្រៀន​ដោយ«ពន្យល់​និង​បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ»។ (សកម្ម. ១៧:៣) ជា​ញឹក​ញយ បទ​គម្ពីរ​មាន​ចំណុច​ច្រើន ហើយ​អ្នក​ប្រហែល​ជា​ត្រូវ​បញ្ជាក់​ពាក្យ​សំខាន់​ក្នុង​ឃ្លា​ដែល​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​ពិភាក្សា។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​និយាយ​ឡើង​វិញ​ពាក្យ​ដែល​បញ្ជាក់​ចំណុច​សំខាន់​នោះ ឬ​ដោយ​សួរ​សំណួរ​ដែល​នឹង​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​កត់​សម្គាល់​ពាក្យ​នោះ។ បន្ទាប់​មក ចូរ​ពន្យល់​ឃ្លា​នោះ​នៃ​បទ​គម្ពីរ។ ក្រោយ​មក ចូរ​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ថា​បទ​គម្ពីរ​នោះ​ទាក់​ទង​នឹង​ខ្លួន​គាត់​ផ្ទាល់​យ៉ាង​ដូច​ម្ដេច។

១៧. តើ​អ្នក​អាច​វែក​ញែក​បទ​គម្ពីរ​តាម​របៀប​ដែល​នាំ​ឲ្យ​ជឿ​យ៉ាង​ដូច​ម្ដេច?

១៧ ចូរ​វែក​ញែក​បទ​គម្ពីរ​តាម​របៀប​ដែល​នាំ​ឲ្យ​ជឿ។ ដោយ​បាន​អង្វរ​យ៉ាង​ស្មោះ​ហើយ​បាន​ធ្វើ​ការ​វែក​ញែក​យ៉ាង​សម​ហេតុ​ផល ប៉ូល​បាន‹យក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត›តាម​របៀប​ដែល​នាំ​ឲ្យ​ពួក​គេ​ជឿ។ (សកម្ម. ១៧:២,) ដូច​ប៉ូល ចូរ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដោយ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​អ្នក​ស្ដាប់។ ចូរ«ដង​ឡើង»អ្វី​ៗ​ដែល​មាន​ក្នុង​ចិត្ត​របស់​គាត់​ដោយ​ប្រើ​សំណួរ​សម​រម្យ​ដែល​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​គាត់។ (សុភ. ២០:៥) សូម​ជៀស​វាង​ពី​ការ​និយាយ​ខ្វះ​ការ​គួរ​សម។ លើក​បញ្ជាក់​ចំណុច​តាម​របៀប​ដែល​ច្បាស់​និង​សម​ហេតុ​ផល។ ចំណុច​នោះ​គួរ​មាន​ទី​សំអាង​ជាក់​លាក់។ ចំណុច​ដែល​អ្នក​លើក​ឡើង​គួរ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ ជា​ការ​ប្រសើរជាង​ឲ្យ​អ្នក​ចេះ​ប្រើ​បទ​គម្ពីរ​ឲ្យ​បាន​ល្អ​ដោយ​ពន្យល់ ហើយ​បញ្ជាក់​អំពី​ចំណុច​នោះ ជា​ជាង​អាន​បទ​គម្ពីរ​ពីរ​បី​បន្ត​បន្ទាប់​គ្នា។ ដោយ​លើក​ភ័ស្តុតាង​ដែល​គាំទ្រ​ចំណុច​នោះ នេះ​អាច​ជួយ«បង្កើន​បបូរ​មាត់​មាន​ចំណេះ[ឬ​ដែល​បញ្ជាក់​ហេតុ​ផល​ដែល​នាំ​ឲ្យ​ជឿ]កាន់​តែ​ច្រើន​ឡើង»។ (សុភ. ១៦:២៣; ព.ថ.) ជួន​កាល ប្រហែល​ជា​ចាំ​បាច់​ឲ្យ​អ្នក​ស្រាវ​ជ្រាវ ហើយ​ផ្ដល់​ព័ត៌មាន​បន្ថែម។ អ៊ំ​ស្រី​វ័យ​ចាស់​អាយុ​៩៣​ឆ្នាំ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​ចង់​ដឹង​ពី​មូលហេតុ​ដែល​សេចក្ដី​បង្រៀន​អំពី​ព្រលឹង(ឬ​វិញ្ញាណ)អមតៈ​មាន​ជា​ទូទៅ​ម្ល៉េះ។ ការ​ដែល​គាត់​យល់​ដឹង​អំពី​ដើម​កំណើត​នៃ​សេចក្ដី​បង្រៀន​នោះ និង​អំពី​របៀប​ដែល​សេចក្ដី​បង្រៀន​នោះ​បាន​ជ្រាប​ចូល​ក្នុង​សាសនា​ភាគ​ច្រើន គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​គាត់​ជឿ​លើ​អ្វី​ដែល​គម្ពីរ​បង្រៀន​ស្តី​អំពី​រឿង​នេះ។ *

បន្ត​ប្រើ​បណ្ដាំ​របស់​ព្រះ​ដោយ​ប៉ិន​ប្រសប់

១៨, ១៩. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​បន្ត​ប្រើ«ដាវ​នៃ​សកម្មពល»យ៉ាង​ប៉ិន​ប្រសប់?

១៨ គម្ពីរ​ចែង​ថា៖ «ស្ថានភាព​ពិភព​លោក​កំពុង​ប្រែ​ប្រួល»។ មនុស្ស​ទុច្ចរិត​គឺ​កាន់​តែ​អាក្រក់​ទៅ​ៗ។ (១កូ. ៧:៣១; ២ធី. ៣:១៣) ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​បន្ត​រំលើង«អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ»ដោយ​ប្រើ«ដាវ​នៃ​សកម្មពល ពោល​គឺ​បណ្ដាំ​របស់​ព្រះ»។

១៩ យើង​ពិត​ជា​ត្រេក​អរ​ណាស់! ដែល​យើង​មាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ប្រើ​សារ​គម្ពីរ​ដែល​មាន​ឫទ្ធានុភាព​ដើម្បី​រំលើង​សេចក្ដី​បង្រៀន​មិន​ពិត និង​ដើម្បី​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។ គ្មាន​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ​មាន​ឫទ្ធានុភាព​ស្មើ​នឹង​សារ​គម្ពីរ​ទេ។ ដូច្នេះ ក្នុង​កិច្ច​ការ​ប្រកាស​រាជាណាចក្រ​របស់​ព្រះ​ដែល​លោក​បាន​ប្រគល់​ឲ្យ​យើង​ធ្វើ នោះ​សូម​ឲ្យ​យើង​ខំ​ប្រឹង​ប្រើ«ដាវ​នៃ​សកម្មពល»យ៉ាង​ប៉ិន​ប្រសប់។

[កំណត់​សម្គាល់]

^ វគ្គ 10 អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ដែល​មាន​ចំណង​ជើង«ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ» «សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ» និង​សៀវភៅ​ស្តើង«គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី?» មាន​ព័ត៌មាន​ល្អ​ៗ​អំពី​ប្រវត្ដិ​នៃ​សៀវភៅ​នី​មួយ​ៗ​ក្នុង​គម្ពីរ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• តើ​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ប៉ុណ្ណា?

• តើ​យើង​អាច«បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»យ៉ាង​ដូច​ម្ដេច?

• ស្តី​អំពី«អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ» តើ​សារ​គម្ពីរ​អាច​ធ្វើ​អ្វី?

• ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​បញ្ជាក់​ហេតុ​ផល​ឲ្យ​បាន​ប្រសើរ​ជាង​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​២០]

របៀប​ប្រើ​គម្ពីរ​ដោយ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ

▪ ចូរ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​គោរព​គម្ពីរ

▪ ចូរ​ពន្យល់​បទ​គម្ពីរ

▪ ចូរ​វែក​ញែក​តាម​របៀប​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ដើម្បី​មាន​ឥទ្ធិពល ទៅ​លើ​ចិត្ត​ពួក​គេ

[រូប​ភាព​នៅ​ទំព័រ​១៩]

អ្នក​ត្រូវ​ចេះ​ប្រើ«ដាវ​នៃ​សកម្មពល»ដោយ​មាន​ប្រសិទ្ធភាព