ថែមស្រាតែមួយកែវទៀតប៉ុណ្ណោះ
ថែមស្រាតែមួយកែវទៀតប៉ុណ្ណោះ
សំអឿនចាប់ផ្ដើមពិសាស្រាហួសប្រមាណកាលដែលគាត់មានអាយុ១១ឆ្នាំ។ * គាត់និងមិត្តភក្ដិគាត់លេងនៅក្នុងព្រៃ ហើយធ្វើតាមតួកុនដែលពួកគេបានឃើញនៅក្នុងភាពយន្ត។ តួកុនដែលពួកគេធ្វើតាមគឺជាតួដែលបានត្រូវប្រឌិតឡើង តែស្រាដែលសំអឿននិងមិត្តភក្ដិគាត់ផឹកនោះ គឺជាស្រាពិតប្រាកដមែន។
ឫទ្ធីមានអាយុប្រហែលជា៤០ឆ្នាំកាលដែលគាត់បានបង្កើនផឹកស្រាបន្ដិចម្ដងៗរាល់ល្ងាច ពីមួយឬពីរកែវ ទៅប្រាំឬប្រាំមួយកែវ។ នៅទីបំផុត គាត់លែងដឹងថាខ្លួនគាត់បានផឹកស្រាប៉ុន្មានកែវក្នុងមួយថ្ងៃ។
ដោយសារសំអឿនមានបញ្ហាផឹកស្រាហួសប្រមាណ គាត់រកវិធីដោះស្រាយ។ រីឯឫទ្ធីវិញ គាត់មានក្រុមគ្រួសារនិងមិត្តភក្ដិដែលយកចិត្តទុកដាក់ចង់ជួយគាត់ តែគាត់មិនព្រមឲ្យពួកគេជួយឡើយ។ សព្វថ្ងៃ សំអឿននៅរស់ហើយអាចប្រាប់ពីពិសោធន៍របស់គាត់ តែប៉ុន្មានឆ្នាំមុន ឫទ្ធីបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដោយសារគាត់បានផឹកស្រាច្រើនពេក។
សូម្បីតែពេលបុគ្គលម្នាក់ផឹកស្រាច្រើនជ្រុលពេលនៅម្នាក់ឯងក៏ដោយ តែនេះនៅតែប៉ះពាល់ដល់ជីវិតរបស់អ្នកឯទៀត ហើយច្រើនតែនាំឲ្យមានផលវិបាកដ៏ខ្លោចផ្សា។ ការផឹកស្រាហួសប្រមាណច្រើនតែបណ្ដាលឲ្យមានពាក្យសម្ដីអសុរោះនិងការបំពានលើរូបកាយអ្នកឯទៀត ការវាយដំនិងឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍និងមានរបួសនៅកន្លែងធ្វើការ ព្រមទាំងបញ្ហាសុខភាពជាច្រើន។ ការផឹកស្រាហួសប្រមាណនាំឲ្យសង្គមមនុស្សបាត់បង់រាប់ពាន់លានដុល្លាររាល់ឆ្នាំ ថែមទាំងនាំឲ្យមានការខូចបង់ខាងរូបកាយនិងខាងផ្លូវចិត្តដល់បុគ្គល ក្រុមគ្រួសារ និងកូន។
ទោះជាយ៉ាងណាក៏ដោយ វិទ្យាស្ថានជាតិខាងសុខភាពនៅសហរដ្ឋអាម៉េរិកចែងថា៖ «មិនមែនមនុស្សទាំងអស់ដែលផឹកស្រាយ៉ាងទៀងទាត់មានបញ្ហាញៀនស្រាទេ ហើយមិនមែនមនុស្សទាំងអស់ដែលមានបញ្ហាញៀនស្រា ជាអ្នកដែលផឹកស្រារាល់ថ្ងៃឡើយ» (U.S. NationalInstitutes of Health)។ មនុស្សជាច្រើនដែលមិនមែនជាអ្នកប្រមឹក បានបង្កើតទម្លាប់ផឹកស្រាច្រើនពេកដោយមិនដឹងខ្លួន។ អ្នកឯទៀតផឹកស្រាយូរៗម្ដង តែនៅពេលដែលពួកគេផឹកស្រា ពួកគេផឹកច្រើនជាងប្រាំកែវ។
ប្រសិនបើលោកអ្នកសម្រេចចិត្តពិសាស្រា តើស្រាប៉ុន្មានកែវគឺច្រើនពេក? តើលោកអ្នកអាចដឹងយ៉ាងដូចម្ដេចថា លោកអ្នកមិនត្រូវផឹកស្រាមួយកែវទៀត? (សុភាសិត ២៣:២៩, ៣០) អត្ថបទបន្តបន្ទាប់នឹងពិចារណាព័ត៌មានដែលអាចជួយលោកអ្នកអំពីរឿងនេះ។
[កំណត់សម្គាល់]
^ វគ្គ 2 ឈ្មោះខ្លះបានត្រូវប្ដូរ។