លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនៈរបស់ព្រះចំពោះស្រា

ទស្សនៈរបស់ព្រះចំពោះស្រា

ទស្សនៈ​របស់​ព្រះ​ចំពោះ​ស្រា

ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ចង់​ឲ្យ​យើង​ទទួល​អ្វី​ៗ​ដែល​ល្អ លោក​មិន​ហាមឃាត់​យើង​មិន​ឲ្យ​ផឹក​ស្រា​ដោយ​ចេះ​ប្រមាណ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ផ្ដល់​ឲ្យ«មាន​ស្រា​ទំពាំង​បាយ​ជូរ​ផឹក​អោយ​សប្បាយ​ចិត្ត មាន​ប្រេង​សំរាប់​លាប​មុខ​អោយ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​អោយ​មាន​កម្លាំង»។ (ទំនុក​តម្កើង ១០៤:១៥, ខ.ស.) នៅ​ពេល​មួយ លោក​យេស៊ូ​គ្រិស្ត​បាន​ជួយ​ធ្វើ​ឲ្យ​ពិធី​មង្គល​ការ​បាន​សប្បាយ​ដោយ​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា«ស្រា​ល្អ»។—យ៉ូហាន ២:៣​-​១០

ដូច្នេះ គឺ​សម​ហេតុ​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​ជ្រាប​យ៉ាង​ច្បាស់​ថា​ស្រា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ដំណើរ​ការ​នៃ​រូប​កាយ​និង​ខួរ​ក្បាល។ តាម​រយៈ​គម្ពីរ បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង‹បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍› ហើយ​លោក​ព្រមាន​យើង​យ៉ាង​ខ្លាំង​អំពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ។ (អេសាយ ៤៨:១៧) សូម​កត់​សម្គាល់​ការ​ព្រមាន​ដ៏​ចំ​ៗ​ដូច​ត​ទៅ​នេះ៖

«កុំ​ស្រវឹង​ស្រា​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ»។ (អេភេសូរ ៥:១៨) «ពួក​ប្រមឹក . . . មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ (កូរិនថូស​ទី​១ ៦:៩​-​១១, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ) បណ្ដាំ​របស់​ព្រះ​ផ្ដន្ទា​ទោស«ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ហើយ​អ្វី​ៗ​ដែល​ស្រដៀង​នឹង​ការ​ទាំង​នេះ»។—កាឡាទី ៥:១៩​-​២១

ឥឡូវ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​គ្រោះ​ថ្នាក់​ខ្លះ​ៗ​ដែល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​ជ្រុល។

ផល​វិបាក​ដែល​បណ្ដាល​មក​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ

ទោះ​ជា​ស្រា​អាច​មាន​ប្រយោជន៍​ខ្លះ​ក៏​ដោយ តែ​ស្រា​មាន​សារជាតិ​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ខួរ​ក្បាល​និង​រូប​កាយ​ផ្លាស់​ប្ដូរ។ ការ​ផឹក​ស្រា​ច្រើន​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​ត​ទៅ​នេះ៖

ការ​ផឹក​ស្រា​ហួស​ប្រមាណ​ធ្វើ​ឲ្យ​សមត្ថភាព​គិត​ពិចារណា​របស់​អ្នក​ផឹក​ចុះ​ខ្សោយ​រហូត​ដល់​គាត់«និយាយ​ឥត​ដឹង​ខុស​ត្រូវ»។ (សុភាសិត ២៣:៣៣, ខ.ស.) សំអឿន​ដែល​ជា​អ្នក​ផឹក​ស្រា​ច្រើន​ជ្រុល​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​មុន ពន្យល់​ថា៖ «ការ​ញៀន​ស្រា​មិន​មែន​ជា​ជំងឺ​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ តែ​ជា​ជំងឺ​ដែល​ប៉ះ​ពាល់​ដល់​គំនិត​និង​អាកប្បកិរិយា។ អ្នក​ញៀន​មិន​ខ្វល់​ថា​ការ​ផឹក​ស្រា​ច្រើន​ជ្រុល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ទេ»។

ការ​ផឹក​ស្រា​ច្រើន​ពេក​អាច​នាំ​ឲ្យ​មនុស្ស​ហ៊ាន​និយាយ​និង​ហ៊ាន​ធ្វើ​អ្វី​ដែល​ធម្មតា​គាត់​មិន​ហ៊ាន​ទេ។ បទ​គម្ពីរ​ព្រមាន​ថា៖ «ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់​និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​អោយ​វង្វេង»។ (ហូសេ ៤:១១, ខ.ស.) តើ​យ៉ាង​ដូច​ម្ដេច? ក្រោម​ឥទ្ធិពល​នៃ​ស្រា គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ធម្មតា​យើង​ទប់ អាច​ចាប់​ផ្ដើម​មើល​ទៅ​ជា​អ្វី​ដែល​អាច​ធ្វើ​បាន ឬ​ក៏​គួរ​ឲ្យ​ចង់​ធ្វើ​ដែរ។ ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​កាន់​ខ្ជាប់​អ្វី​ដែល​ត្រឹម​ត្រូវ​អាច​ទៅ​ជា​ខ្សោយ​វិញ។ ស្រា​អាច​ពង្រេច​ពង្រឹល​សីលធម៌​របស់​យើង ហើយ​អាច​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។

ជា​ឧទាហរណ៍ យ៉ូន​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធ​គាត់ ហើយ​ដោយ​ខឹង​នឹង​ប្រពន្ធ គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​បារ។ នៅ​ទី​នោះ​គាត់​បាន​ផឹក​ស្រា​ពីរ​បី​កែវ​ដើម្បី​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត កាល​ដែល​ស្ត្រី​ម្នាក់​មក​ជួប​គាត់។ ក្រោយ​ពី​បាន​ផឹក​ស្រា​ពីរ​បី​កែវ​ថែម​ទៀត យ៉ូន​បាន​ចេញ​ពី​បារ​ជា​មួយ​ស្ត្រី​នោះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ក្រោយ​មក យ៉ូន​បាន​ស្ដាយ​ខ្លាំង​ណាស់ ពី​ព្រោះ​ស្រា​បាន​នាំ​ឲ្យ​គាត់​ហ៊ាន​ធ្វើ​អ្វី​មួយ​ដែល​គាត់​មិន​ដែល​គិត​ធ្វើ​សោះ។

ការ​ផឹក​ស្រា​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​គ្រប់​គ្រង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ គម្ពីរ​សួរ​ថា៖ «តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​មាន​សេចក្ដី​ទាស់​ទែង​គ្នា? . . . គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង»។ (សុភាសិត ២៣:២៩, ៣០) ការ​ផឹក​ស្រា​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​លោក​អ្នក«ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ»។ (សុភាសិត ២៣:៣៤, ខ.ស.) ពេល​បុគ្គល​ដែល​ផឹក​ស្រា​ហួស​ប្រមាណ​ភ្ញាក់​ឡើង នោះ​សូម្បី​តែ​គេ​បាន‹សំពង​គាត់​ក៏​ដោយ គាត់​មិន​ដឹង​ទេ›។—សុភាសិត ២៣:៣៥

ការ​ផឹក​ស្រា​ហួស​ប្រមាណ​អាច​បណ្ដាល​ឲ្យ​ខូច​សុខភាព។ «នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់ ដូច​ពស់​អាសិរពិស​ចឹក»។ (សុភាសិត ២៣:៣២, ខ.ស.) វិទ្យា​សាស្ត្រ​ខាង​វិទ្យា​ពេទ្យ​បាន​បញ្ជាក់​ពី​សច្ចភាព​នៃ​សុភាសិត​បុរាណ​នោះ។ ការ​ពិសា​ស្រា​ច្រើន​ពេក​អាច​នាំ​ឲ្យ​មាន​ជាតិ​ពុល​ក្នុង​រូប​កាយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដូច​ជា​ជំងឺ​មហា​រីក​ផ្សេង​ៗ រោគ​ហើម​ថ្លើម រោគ​រលាក​លំពែង ជំងឺ​ទឹក​នោម​ផ្អែម អាការរោគ​ដែល​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ស្បូន ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ឬ​បេះ​ដូង​ឈប់​ដើរ​ជា​ដើម។ មួយ​វិញ​ទៀត សូម្បី​តែ​ការ​ផឹក​ស្រា​ហួស​ប្រមាណ​តែ​មួយ​ដង​ក៏​ដោយ​អាច​នាំ​ឲ្យ​អ្នក​ផឹក​បាត់​ស្មារតី​ឬ​ស្លាប់។ ប៉ុន្តែ ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ដែល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​ជ្រុល​គឺ​មិន​បាន​ត្រូវ​ពណ៌នា​ក្នុង​សៀវភៅ​ខាង​វិទ្យា​ពេទ្យ​ទេ។

គ្រោះ​ថ្នាក់​ធំ​បំផុត។ ទោះ​ជា​បុគ្គល​ម្នាក់​មិន​ស្រវឹង​ស្រា​ក៏​ដោយ តែ​ការ​ផឹក​ស្រា​មិន​ចេះ​ប្រមាណ​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គោរព​ប្រណិប័តន៍​ព្រះ។ គម្ពីរ​ចែង​យ៉ាង​ចំ​ៗ​ថា៖ «វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល​រាល ដោយ​សារ​ស្រា​ទំពាំង​បាយ​ជូរ»។ ហេតុ​អ្វី? អេសាយ​ពន្យល់​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ​ដែល​ប៉ះ​ពាល់​ដល់​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​និយាយ​ថា៖ «គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្នា​ដៃ​ព្រះ​យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​ដែរ»។—អេសាយ ៥:១១, ១២

បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​មិន​ឲ្យ​ស្ថិត‹នៅ​ក្នុង​ចំណោម​ពួក​អ្នក​ប្រមឹក​ស្រា›។ (សុភាសិត ២៣:២០) ស្ត្រី​វ័យ​ចាស់​បាន​ត្រូវ​ព្រមាន​មិន​ឲ្យ«ញៀន​ស្រា»។ (ទីតុស ២:៣) ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​ចាប់​ផ្ដើម​ផឹក​ស្រា​ម្ដង​ច្រើន​បន្ដិច​ៗ​ជា​ច្រើន​ដង​ដោយ​មិន​ដឹង​ខ្លួន។ នៅ​ទី​បំផុត អ្នក​ផឹក​ប្រហែល​ជា«ពោល​ថា៖ . . . ‹ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត›»។ (សុភាសិត ២៣:៣៥, ខ.ស.) អ្នក​ផឹក​ចូល​ដល់​ដំណាក់​កាល​មួយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ពេល​ពួក​គេ​ត្រូវ​ការ​ផឹក​ស្រា​នៅ​ពេល​ព្រលឹម ដើម្បី​ជួយ​ឲ្យ​ស្រឡះ​មុខ​មាត់​ដោយ​សារ​យប់​មិញ​ពួក​គេ​បាន​ផឹក​ស្រា​ច្រើន​ជ្រុល។

គម្ពីរ​ព្រមាន​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង«ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​ប្រកួត​គ្នា​ផឹក​ស្រា . . . [ពួក​គេ]នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​លោក​ដែល​បាន​ប្រុង​ប្រៀប​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់»។ (ពេត្រុស​ទី​១ ៤:៣,) ម្យ៉ាង​ទៀត ស្តី​អំពី​គ្រា​ដ៏​សំខាន់​ដែល​យើង​រស់​នៅ លោក​យេស៊ូ​បាន​ព្រមាន​ថា៖ «កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា ស្រាប់​តែ​ថ្ងៃ[របស់​ព្រះ​យេហូវ៉ា]មក​ដល់​ភ្លាម​មួយ​រំពេច ដូច​ជា​លប់»។—លូកា ២១:៣៤, ៣៥

ក៏​ប៉ុន្តែ តើ​អ្នក​ដែល​ផឹក​ច្រើន​ជ្រុល​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ‹ការ​ផឹក​ហួស​ប្រមាណ​ពង្វក់​ចិត្ត›?

[រូប​ភាព​នៅ​ទំព័រ​៤]

ការ​ផឹក​ស្រា​ច្រើន​ជ្រុល នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ណាស់